វុឌ្ឍិធម៌
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើនហៅថា "វុឌ្ឍិធម៌" ។ វុឌ្ឍិធម៌មាន ៤ ប្រការ ពោលគឺ ៖
១- សេពគប់ជាមួយសប្បុរស
សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត ជាអ្នកគោរពច្បាប់ មានភូមិធម៌ មានភូមិបញ្ញា គួរដល់ការគោរពរាប់អាន។ មនុស្សដែលមិនរឹងត្អឹង មិនចចេសមុខរឹង បានជ្រើសរើសយកសប្បុរសជាកល្យាណមិត្ត សេពគប់ជិតដិត ។ មនុស្សមិនរឹងត្អឹងមានបំណងកសាងខ្លួនឲ្យបានជាមនុស្សល្អ រមែងស្វែងរកសប្បុរសសម្រាប់រំលឹកដាស់តឿនខ្លួនរកទីប្រឹក្សាល្អ មិត្តល្អ សៀវភៅល្អ រហូតដល់បរិយាកាសសង្គមជុំវិញខ្លួនក៏ល្អទៀតផង ដើម្បីជាឧបការៈឲ្យមានបញ្ញាស្មារតី ។
២- ស្តាប់ធម៌របស់សប្បុរស
ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបានប្រយោជន៍ គឺត្រូវស្តាប់ព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក ទាំងស្តាប់ពីបុគ្គលផ្ទាល់ ទាំងអានសៀវភៅ តាំងចិត្តរៀន ស្រាវជ្រាវសន្ទនាសាកសួរ នាំឲ្យមានការចេះដឹងពិតប្រាកដ ។
៣- ធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនង
បានឃើញបានឮ បានអាន បានស្តាប់ រួចហើយក៏ចេះគិតពិចារណាដោយខ្លួនឯង វែកញែករកហេតុផលថា វត្ថុឬរឿងនោះគឺអ្វី? កើតឡើងបានយ៉ាងណា? ដូចម្តេចបានជាយ៉ាងនោះ? តើហេតុផលនេះវាសមគ្នាដែរឬទេ? ដូចនេះជាដើម ។
៤- បដិបត្តិធម៌ដ៏សមគួរដល់ធម៌
ការបដិបត្តិត្រឹមត្រូវតាមគោលធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។ ការបដិបត្តិជាការងារនាំមកនូវផល ដែលផលរមែងសមស្របទៅតាមការងារជាហេតុដោយពិត។