Jump to content

វេជ្ជសាស្រ្តបូរាណខ្មែរ

ពីវិគីភីឌា

ឯកសារជាច្រើនបានបញ្ជាក់ពីការរៀបចំថែទាំសុខភាពរបស់ប្រជាពលរដ្ឋខ្មែរតាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរ។ ពលរដ្ឋខ្មែរតែងតែលើកតំកើងនិងឲ្យតំលៃទៅលើបព្វជិតជាគ្រូពេទ្យព្យាបាលដោយលើកពីលក្ខណៈសម្បត្តិ​ និងទឹកចិត្តជួយសង្គ្រោះជីវិតមនុស្សនិងសត្វ រហូតដល់គេសាងរូបសំរាប់គោរពបូជា ដូចជារូបសំណាកឥសីនៅភ្នំសន្ទុកខេត្តកំពង់ធំ និងសង់អាស្រមឬវិហារឧទ្ទិសដល់គ្រូពេទ្យទាំងនោះផង ដូចជាអាស្រមមហាឫសីនៅភ្នំដា និងកសាងសិវលឺង្គតំំណាងព្រះឥសូរតំកល់ក្នុងប្រាសាទសំខាន់នានានៅពាសពេញផ្ទៃប្រទេសខ្មែរយើង។ សិសាចារិកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១បានបញ្ជាក់ពីមុខងារបស់បងប្អូនប្រុសពីរនាក់ជាគ្រូពេទ្យព្យាបាលបំរើព្រះបាទរុទ្រ្ទវរ្ម័ន

បន្តមកទៀតធម៌ទេវៈនិងសឹម្ហទត្តជាមន្ត្រីរបស់ព្រះបាទភវរ្ម័ននិងព្រះបាទមហេន្ទ្រវរ្ម័នសឹម្ហទត្តជាគ្រូពេទ្យព្យាបាលរបស់ព្រះបាទជ័យវរ្ម័នទី១ និងជាអភិបាលក្រុងវ្យាធបុរៈផងដែរ។ នៅសម្បូរព្រៃគុក៍ ប្រាសាទជ្រៃ​ និងប្រាសាទលេខ៨ ជាមន្ទីរផ្សំថ្នាំសំរាប់ព្យាបាលដោយមានប្រើប្រាស់នូវវត្ថុធាតុដើមជាឱសថធម្មជាតិ ដូចជាតិណជាតិមានឫស ដើម ស្លឹក ដែលគេកិនឬបុកឲ្យម៉ដ្ឋរួចលាយជាមួយនឹងទឹកស្អាត ហើយយកមកស្រោចលើសិវលឺង្គដែលតំណាងអនុភាពបង្កើតនិងថែរក្សាលោករបស់ទេវៈ ហើយចាក់បង្ហូរតាមទដែលគេចោះបញ្ចេញតាមជញ្ជាំងខាងជើងនៃប្រាសាទ។ ប្រជាពលរដ្ឋនាំគ្នាត្រងទឹកឱសថនោះយកទៅព្យាបាលជំងឺផ្សេងៗតាមប្រភេទជំងឺរបស់ខ្លួន។ សិលាចារិកតាព្រហ្មនិងសិលាចារិកសាយហ្វុងបានបញ្ជាក់ពីការកសាងសំណង់សំខាន់ៗទាក់ទងនិងសាសនាផងនិងជាមន្ទីរពេទ្យផង។ គេរកឃើញថារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានមន្ទីរពេទ្យចំនួន១០២ ដែលកសាងពាសពេញផ្ទៃប្រទេសកម្ពុជា។

​ បញ្ជីរាយឈ្មោះប្រាសាទដែលជាមន្ទីរពេទ្យនៃព្រះបាទជ័យវរ្ម័នទី៧

[កែប្រែ]

តាមសិសាចារិកខ្មែរ អ្នកស្រាវជ្រាវ ហ្សក សឺដេស (George Cœdès) បានបញ្ជាក់ពីមន្ទីរពេទ្យចំនួន១៥ក្នុងបណ្តាមន្ទីរពេទ្យទាំង១០២ដែលព្រះបាទជ័យវរ្ម័នទី៧បានស្ថាបនាពង្រាយទូទាំងប្រទេសកម្ពុជា។ ទីតាំងនៃមន្ទីរពេទ្យទាំង១៥នោះមាន ៖

ប្រាសាទនាគព័ន្ធ
ប្រាសាទតាព្រហ្មកិល
  1. ជាន់ជំុ Can Cum (K-11 Inv.I p.3)
  2. ប្រាសាទខ្នា Prasat Kh'na (K-160 p.240)
  3. គោករកា Kok Roka (K-435 BEFEO, XIII p.34, XV p.108)
  4. ប្រាសាទបន្ទាយថ្លែង Prasat Banteay Thleng (K-667 BEEFEO, XXX, p.222, 224)
  5. សាយហ្វុង Sai Fong (K-368 Inv.II p.96)
  6. ប្រាសាទតាមាន់តូច Prasat Ta Man Toch (K-375 Inv.II p.132)
  7. វត្តផ្គាំ Wat Pak'am (K.386 Inv.II p.223)
  8. គន់បូរី Konburi (K.387 Inv.II p.238)
  9. នំរ័ន Nom Van (K-395 Inv.II p.265)
  10. វត្តគុ Wat Ku (K-402 Inv,II p.310)
  11. គោបុរៈខាងលិចអង្គរធំ (K-602 BEFEO, XXVI, p.512)
  12. ប្រាសាទតាព្រហ្មកិល Prasat Ta Prohm Kel (K-614 Inv.III, p.116)
  13. ប្រាសាទតាកែវ Takeo, Temple de l'hopital (K-537 BCA1, 1917-30)
  14. ប្រាសាទតាកេពង់ Prasat Ta Ke Pon (K-209 Inv,III p.438)
  15. វត្តស្វាយ Wat Svay (K-912, EFEO No 22, p.8)

សិសាចារិកនៅតាមមន្ទីរពេទ្យខាងលើបានរៀបរាប់ពីចំនួនមនុស្សដែលបំពេញមុខងារជាគ្រូពេទ្យព្យាបាល អ្នកគ្រប់គ្រងមន្ទីរពេទ្យ អ្នកផ្សំថ្នាំ អ្នកដាំទឹក អ្នកកិនថ្នាំ និងអ្នកផ្តល់ថ្នាំឲ្យអ្នកជំងឺផឹកឬលេប។

តាមការសិក្សាស្រាវជ្រាវ យើងមានទិន្នន័យខ្លះបញ្ជាក់ពីមន្ទីរថែទាំសុខភាពដូចមានរូបចំលាក់នៅតាមបរិវេណប្រាសាទដែលកសាងក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ជាពិសេសរូបចំលាក់នៅហោជាងប្រាសាទតូចៗទាំងបួនទិសនៃប្រាសាទនាគព័ន្ធ ដូចជារូបលោកេស្វរៈកំពុងធ្វើការសង្គ្រោះមនុស្សក្រីក្រ មនុស្សឈឺចាប់ និងកំពុងប្រទានថ្នាំសំរាប់ព្យាបាល។ លោក ល្វី ហ្វីំណូ និង វ. ហ្គោឡូបេវ បានលើកខ្លឹមសារសិលាចារិកប្រាសាទភិមានអាកាសដែលបានបញ្ចាក់ថា ពោធិសត្វលោកេស្វរៈតំណែងជាសេះពលាហកៈ ហោះទៅស្រោចស្រង់មហាជនប្រុសស្រីដែលធ្លាយសំពៅនៅមហាសមុទ្រ ហើយបាននាំយកនូវបណ្តាជនទាំងនោះមកកាន់ជម្ពូទ្វីបប្រកបដោយសេចក្តីសុខសប្បាយ។ ដូចនេះយើងអាចសន្និដ្ឋានបានថា នៅតាមបរិវេណប្រាសាទសំខាន់ៗតែងមានអាស្រមដែលជាមន្ទីរព្យាបាលជំងឺតាមរយៈឱសថបុរាណ ឬតាមចិត្តសាស្រ្ត។

មើលបន្ថែម

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅប្រវត្តិសាស្រ្តពេទ្យ ដោយសាស្រ្តចារ្យបណ្ឌិត អ៊ីវ ច័ន បោះពុម្ពផ្សាយក្នុងឆ្នាំ២០១០ ទំព័រទី៧០ដល់៧៧