Jump to content

ប្រាសាទនាគព័ន្ធ

ពីវិគីភីឌា
ប្រាសាទនាគព័ន្ធ

ឈ្មោះ: ប្រាសាទនាគព័ន្ធ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សទី១២ ឆ្នាំ១១៩១
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤ ។ គេ​ពិនិត្យឃើញមានចម្លាក់សេះថ្មមួយ​ក្បាល ដែល​មាន​មនុស្សជាច្រើនឱបព័ទ្ធ ។ មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។

ការធ្វើកំណាយ

[កែប្រែ]

ប្រាសាទនាគព័ន្ធត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវស្ថាបត្យកម្មកម្ពុជាមក គឺនៅមុនឆ្នាំ ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទដោយលោក ហ្វារុត (Farut) នៅចន្លោះឆ្នាំ ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តំថ្មឡើងវិញដោយលោក ហង់រី ម៉ាហ្សាល់ ពីឆ្នាំ ១៩២២-១៩២៤ និងលោក M. Glaize ពីឆ្នាំ ១៩៣៨-១៩៣៩ ។ កាលពីមុនមានដើមជ្រៃធំមួយយដើមដុះព័ន្ធជុំវិញប្រាង្គកណ្តាល ប៉ុន្តែត្រូវខ្យល់បក់វាយបំបាក់បំផ្លាញឱ្យដួលនៅឆ្នាំ ១៩៣៥[] ។ នៅឆ្នាំ ១៩១១ លោកលុយណេដឺឡាស្ហុងគីយែរបាននិយាយថា មានតែរូបសំណាក់ពីរប៉ុណ្ណោះដែលប្រទះឃើញនៅទីនោះ គឺក្បាលមនុស្សនៅបន្ទប់ខាងកើត និងក្បាលដំរីនៅបន្ទប់ខាងជើង ។ ប៉ុន្តែរូបក្បាលសេះត្រូវបានរកឃើញដោយលោក J-de Mecquenem នៅខែឧសភា ឆ្នាំ ១៩១២ រីឯក្បាលតោត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩២២ ដោយលោក ហង់រី ម៉ាហ្សាល់ ហើយធ្វើកំណាយនាំឱ្យលោករកឃើញរូបមួយទៀតគឺព្រះពោធិសត្វលោកេស្វរៈ ។

លក្ខណៈទូទៅ

[កែប្រែ]

ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ នៃចុងសតវត្ស ទី ១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត[] ។ នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ ៥ លី មានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា[] ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើងឈ្មោះ ជយតដាត ឬវាលរាជតដាក ។ បារាយណ៍នេះមានទំហំ ៣៥០០ ម៉ែត្រគុណ ៩០០ ម៉ែត្រ ។ សព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង ។

Neak Poan Temple from the right front angle
Neak Poan Temple from the right front angle

សិលាចារឹក

[កែប្រែ]

តាមសិលាចារឹកលេខ K-៩០៨ ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា រាជស្រី ជាភាសាបាលី ឬសំស្រ្កឹត ដែលមកពីពាក្យ រាជ+ស្រី មានន័យថា វត្ថុជាមង្គលរបស់ស្តេច ដែលត្រូវបានស្ថាបនានៅក្នុងចុងសតវត្សរ៍ ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧[]

អាងស្តុកទឹកប្រាសាទនាគព័ន្ធ

[កែប្រែ]

នាគព័ន្ធគឺជាប្រាសាទនៅលើកូនកោះតូចមួយ ចំកណ្តាលបារាយណ៍ខាងជើង ប្រៀបដូចជាប្រាសាទមេបុណ្យនៅក្នុងបារាយណ៍ផ្សេងទៀតដែរ ប៉ុន្តែនៅសម័យបុរាណ នាគព័ន្ធមានមុខងារមួយផ្សេងទៀតគឺជា រាជាមន្ទីរពេទ្យ ដែលប្រើប្រាស់រុក្ខជាតិជាឱសថបុរាណ។ នៅជុំវិញប្រាសាទនេះមានអាំងចំនួនប្រាំ ដែលនៅក្នុងសម័យក្រោយមកមានការរីងស្ងួតអស់ពេញមួយឆ្នាំ លើកលែងតែអាងកណ្តាលដែលមានទឹក តែរយៈពេលប៉ុន្មានខែប៉ុណ្ណោះក្នុងមួយឆ្នាំក្នុងរដូវវស្សា។ ប៉ុន្តែចាប់ទាំងពីបារាយណ៍ខាងជើងមានទឹកសារជាថ្មី ឡើងវិញមក អាងទាំងប្រាំ៥នេះមានទឹកពេញឡើងវិញគ្រប់រដូវដែរ។ អាងទាំងនេះដែរភ្ជាប់ទៅបារាយណ៍ខាងជើង គឺជាការឆ្លុះបញ្ចាំងយ៉ាងល្អជាងគេអំពីប្រព័ន្ធធារាសាស្រ្តនៅក្នុងឧទ្យានអង្គរ ដែលបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក[]

ឯកសារយោង

[កែប្រែ]
  1. Mourice Glaize 1963
  2. លោក ហ្សក សឺដែស្ត ឆ្នាំ១៩៤៧ ទំព័រទី៦៧។
  3. ឯកសារ ជីវ តាក្វាន់ ឆ្នាំ១៩៧៣ ទំព័រទី១២។
  4. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១២។
  5. អាជ្ញាអរជាតិអប្សរា ឆ្នាំ២០១៨ សមិទ្ធផលអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍនីប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ទំព័រទី៩៩