Jump to content

វេរញ្ជសូត្រ​

ពីវិគីភីឌា

[១១] ខ្ញុំ​បាន​ស្ដាប់មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅក្បែរ​ដើម​ស្ដៅ ​ជា​លំនៅ​របស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ។ គ្រា​នោះ​ វេរញ្ជព្រាហ្មណ៍ ​ចូល​សំដៅ​ទៅ​ត្រង់​ទី ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់ លុះ​ចូល​ទៅ​ដល់​ហើយ​ ធ្វើ​សេចក្ដី​រីករាយ ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ​កាល​ដែល​វេរញ្ជព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ខ្ញុំ​បាន​ឮ​ពាក្យ​ថា​ ​ព្រះ​សមណ​គោតម ​មិន​សំពះ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំង​ឡាយ ​ដែល​ចាស់ជរា ជា​ព្រឹទ្ធាចារ្យ​មាន​អាយុ​ច្រើន រស់នៅ​បាន​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​ជ្រុល​ចូល​ក្នុង​បច្ឆិម​វ័យ​ហើយ​ ទោះបី​គ្រាន់តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំង​នោះ ឲ្យ​អង្គុយ​លើអាសនៈ (​ព្រះ​អង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​មក​នោះ ជា​ប្រាកដ​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​មិន​សំពះ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំង​ឡាយ ​ដែល​ចាស់ជរា ​ជា​ព្រឹទ្ធាចារ្យ​មាន​អាយុ​ច្រើន រស់នៅ​បាន​យូរ​ឆ្នាំមក​ហើយ មាន​អាយុ​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ ថា​សូម្បី​ត្រឹមតែអញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំង​នោះ​ដោយ​អាសនៈ (​ព្រះ​អង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ កិច្ច ​មាន​មិន​សំពះ​ជា​ដើម​នោះ ជា​ទំនង​ពុំសមគួរ​ឡើយ ។ ​

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ​ក្នុង​លោក​ ព្រម​ទាំង​ទេវ​លោក​ មារ​លោក​ ព្រហ្ម​លោក ក្នុង​ព​ពួក​សត្វ​ ព្រម​ទាំង​សមណព្រាហ្មណ៍ ​ទាំង​មនុស្ស​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ​តថាគត មិន​ឃើញ​អ្នក​ណា​មួយ​ ល្មម​ឲ្យ​តថាគត​សំពះ ​ឬ​ក្រោក​ទទួល ឬ​អញ្ជើញ​ហៅ​រក​ឲ្យ​អង្គុយ​លើអាសនៈ​ឡើយ ​ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​ បើ​តថាគត​សំពះ​អ្នក​ណា ​ឬ​ក្រោក​ទទួល​អ្នក​ណា ​ឬ​ក៏​អញ្ជើញ​ហៅ​រក​ដោយ​អាសនៈ ក្បាល​របស់​អ្នក​នោះ នឹង​ដាច់​ធ្លាក់​ចេញ​ចាក​ក ។

វេរញ្ជព្រាហ្មណ៍ ក៏​ពោល​ពាក្យ​ច្រឡោះបោះ ​ទៅ​រក​ព្រះ​សាស្ដា​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​មនុស្ស​សោះកក្រោះ ឥត​រស​ជា​តិ​ទេ​តើ​ ។ ​

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​សោះ​កក្រោះ ឥតរស​ជា​តិ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រស​ជា​តិ ​គឺ​ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ​ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់​រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ ជា​ធម៌​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​សោះ​កក្រោះ ឥត​មាន​រស​ជា​តិ​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​ព្រាហ្មណ៍​ឯង​ និយាយ​ដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ គ្មានគ្រឿង​ប្រើ​ការ​ទេ​តើ​ ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ប្រើការ​មិន​កើត ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​ប្រើការ ​គឺ​រូប សំឡេង ក្លិន រស ផោដ្ឋព្វ ​ទាំង​ប៉ុន្មាន​នោះ តថាគត បាន​លះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិលឫសគល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូច​ជា​ដើម​ត្នោត​ដែល​គេ​គាស់​រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ ជា​ធម៌​លែង​មាន​បែប​ភាព​ត​ទៅ​ទៀត​ហើយ ជា​ធម៌​មិន​មាន​កំណើត​ត​ទៅ​ខាង​មុខ​ទៀតទេ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ប្រើការ​មិន​កើត​នោះ គឺ​ជា​សម្តី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អកិរិយវាទ​ទេ​តើ​ ។

ព្រះ​សាស្ដា​ទ្រង់​ត្រាស់តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​ ប្រកាន់​និយាយ​ហាមឃាត់​ថា មិន​ត្រូវ​អ្នក​ណា​មួយ​ ធ្វើកាយទុច្ចរិត​ វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តែង​និយាយ​ហាមឃាត់​ថា មិន​ត្រូវ​អ្នក​ណា​មួយ ធ្វើ​នូវ​ធម៌​ទាំង​ឡាយ ​ជា​អកុសល​អាក្រក់​ច្រើនប្រការ​នោះ​ឡើយ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ​នោះ គឺ​ជា​សម្តី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា ​ព្រះ​គោតម​ដ៏​ចម្រើន ជា​ឧច្ឆេទវាទទេ​តើ​ ។

ព្រះ​សាស្ដា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍​ ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ឲ្យ​សត្វ​កាត់ផ្ដាច់ផ្ដិល​នូវ​រាគៈ ទោសៈ មោហៈ ​តថាគត​ តែងនិយាយ​ថា ឲ្យ​សត្វ​កាត់ផ្ដាច់ផ្ដិល​នូវ​ធម៌​ទាំង​ឡាយ ​ជា​អកុសល​អាក្រក់​ច្រើនយ៉ាង​នេះ​ចេញ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ​នោះ គឺ​ត្រូវ​ត្រង់ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយសំ​ដៅ​នោះ​ទេ​ ។

ព្រាហ្មណ៍​ពោល​ថា ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អ្នក​ខ្ពើមរអើម (​ណាស់​) ទេ​តើ​ ។

ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើមរអើម ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​តែងនិយាយ​ថា​ គួរខ្ពើម​រអើម​សេចក្ដី​ប្រព្រឹត្តិអាក្រក់​ដោយ​កាយ ​វាចា ​ចិត្ត តថាគត​តែងនិយាយ​ថា​ គួរខ្ពើមរអើម​សេចក្ដី​ប្រកប​ចិត្ត​ ផ្ដេកផ្ដិត​ទៅ​រក​អកុសល​ធម៌​ទាំង​ឡាយ​ដ៏​អាក្រក់​ច្រើន​ប្រការ ​ម្នាល​ព្រាហណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើមរអើម​នោះ គឺ​ត្រូវ​ត្រង់ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​ ។

ព្រាហ្មណ៍​ពោល​ថា ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អ្នក​បំផ្លាញ​ទេ​តើ​ ។

ព្រះ​លោក​នាថ​ជា​ម្ចាស់ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង ​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ ​ដែល​គេ​ថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​បំផ្លាញ​បង់​នូវ​រាគៈ ​ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ​ដែល​រំលាយ​បង់​នូវ​អកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់​ច្រើនប្រការ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អ្នក​ដុតកំដៅ​ទេ​តើ​ ។ ​

ព្រះ​សព្វញ្ញូ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុត​កំដៅ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា​ ការប្រព្រឹត្តិអាក្រក់​ដោយ​កាយ វាចា ​ចិត្ត ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ​ជា​អកុសល​ធម៌​ដ៏​អាក្រក់ អកុសល​ធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ (​នោះ​) បើ​អ្នក​ណា​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិលឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត​ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់​រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ខាង​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ដុត​កំដៅ ​ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ​ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ​តថាគត​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់​រំលើង ​ឲ្យ​លែង​ដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ខាង​មុខទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុតកំដៅ​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​មនុស្សឥត​កំណើត​ទេ​តើ​ ។ ​

ព្រះ​ដ៏​មាន​ជោគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនងគួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ឥត​កំណើត ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​កិរិយាដេក​ក្នុង​គភ៌ត​ទៅ​ទៀត​ ដំណើរ​កើត​ក្នុង​ភពត​ទៅ​ទៀត បើ​អ្នក​ណា​បាន​លះ​បង់ស្រឡះ​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ដើម​ត្នោត​ដែល​គេគាស់​រំលើង​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ឥតកំណើត ​ម្នាល​ព្រាហ្មណ៍ កិរិយាដេក​ក្នុង​គភ៌​ត​ទៅ​ទៀត ដំណើរ​កើត​ក្នុង​ភព​ត​ទៅ​មុខទៀត ​តថាគត​បាន​លះបង់ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត​ ដូច​ជា​ដើម​ត្នោត​ដែល​គេ​គាស់​រំលើង ​ឲ្យ​លែង​ដុះត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ទៅ​ខាង​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណគោតម ​ជា​មនុស្ស​ឥតកំណើត​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។ ​ម្នាល​ព្រាហ្មណ៍ ដូច​ជា​ស៊ុត​មាន់​ទាំង​ឡាយ ៨ក្ដី ១០ក្ដី ១២ក្ដី ស៊ុត​មាន់​ទាំង​នោះ គឺ​មេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ​ ធ្វើ​ឲ្យ​កក់ក្ដៅ ​ដោយ​ប្រពៃ​ហើយ ឲ្យ​ចាប់​ក្លិនមេ ​ដោយ​ប្រពៃ​ហើយ​ (លុះ​ដល់​វេលា​ញាស់) ក៏បណ្ដាកូនមាន់​ទាំង​នោះ​ កូនមាន់​ណា ទំលាយ​សម្បកស៊ុត ​ដោយ​ចុង​ក្រចកជើង ​ឬ​ដោយ​ចុង​ចំពុះ ​ហើយ​ញាស់ចេញមក​ដោយ​ស្រួល​មុនគេ​បំផុត បើដូច្នេះ ​តើ​អ្នក​ផង​គួរ​ហៅ​កូន​មាន់​នោះ​ថា​ កូនច្បង ​ឬ​កូន​ពៅហៈ! ។

ព្រាហ្មណ៍​ក្រាប​ទូល​ថា​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ (កូនមាន់​នោះ​) គេគួរ​ហៅ​ថា​ កូន​ច្បង បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ពីព្រោះ​វា​ជា​បងគេ​បំផុត ។

ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ​កាល​បើ​ព​ពួក​សត្វ​ ដូច​ជា​ស៊ុត (មាន់) ​មាន​អវិជ្ជា ​គឺ​សេចក្ដី​ល្ងង់ ដូច​ជា​សម្បកស៊ុត កំពុង​រួបរឹត ​ក្នុង​លោក​មាន​តែ​តថាគត​ម្នាក់​ឯង ដែល​ទំលាយ​សម្បក​ស៊ុត ​គឺ​សេចក្ដី​ល្ងង់ ​ហើយ​ត្រាស់​ដឹង​ខ្លួន​ឯង ដោយ​ប្រពៃ ​នូវ​សម្មាសម្ពោធិញ្ញាណ ​ដែល​មិន​មាន​គុណ​ជា​ត​ឯទៀត​ប្រសើរ​ជា​ង​ឡើយ ​ម្នាល​ព្រាហ្មណ៍ ​តថាគត​ឯង ជា​ចម្បង ​ជា​បុគ្គល​ប្រសើរបំផុត​ជា​ង​សត្វ​លោក ម្នាល​ព្រាហ្មណ៍ ព្យាយាម ​តថាគត​បាន​តាំង​ផ្ដើម​ហើយ មិន​បន្ធូរ​បន្ថយ​ឡើយ ​ទាំង​ស្មារតី ​តថាគត​ក៏ប្រុង​មិន​ឲ្យ​មាន​ភ្លាត់ កាយសោត ក៏ស្ងប់​រម្ងាប់ ​មិន​ក្រវល់​ក្រវាយ ​ចិត្ត​ក៏​នឹង​ល្អ ​ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ ម្នាល​ព្រាហ្មណ៍ ​តថាគត​នោះ លុះ​ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាក​ធម៌​ទាំង​ឡាយ​ជា​អកុសល​ហើយ​ ក៏​ចូល​បឋមជ្ឈាន ​ដែល​ប្រកប​ដោយ​វិតក្កវិចារៈ ​មាន​បីតិ ​និង​សុខ ​ដែល​កើត​អំពើ​សេចក្ដី​ស្ងប់ស្ងាត់ ព្រោះ​រម្ងាប់វិតក្កវិចារៈ ​តថាគត បាន​ចូល​ដល់​ទុតិយជ្ឈាន ​ជា​ធម្ម​ជា​ត​កើត​មាន​ក្នុង​សន្ដាន ​ចិត្ត​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក ​មិន​មាន​វិតក្កៈ ​មិន​មាន​វិចារៈ ​មាន​តែបីតិ ​និង​សុខ កើត​អំពី​សមាធិ ព្រោះ​លះបង់​បីតិ​ចេញ​ហើយ តថាគត ជា​បុគ្គល​ព្រងើយ​ផង មាន​សតិ សម្បជញ្ញៈ​ផង​ សោយសុខ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយ​ទាំង​ឡាយ តែងសរសើរ​នូវ​បុគ្គល ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ បុគ្គល​អ្នក​បាន​តតិយជ្ឈាន ​មាន​ចិត្ត​ព្រងើយ ​មាន​ស្មារតី ​មាន​ប្រក្រតី​នៅ​ជា​សុខ ព្រោះ​តតិយជ្ឈាន​ណា ​តថាគត​ ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ព្រោះលះបង់​នូវ​សេចក្ដី​សុខ​ផង​ ព្រោះលះបង់​នូវ​សេចក្ដី​ទុក្ខ​ផង​ ព្រោះ​រំលត់​នូវ​សោមនស្ស ​និង​ទោមនស្ស​អំពី​មុន​ផង តថាគត​បាន​ចូល​ដល់​ចតុត្ថជ្ឈាន ​ដែល​ឥតទុក្ខ ឥតសុខ ​មាន​សតិ​ដ៏​ស្អាត ប្រាកដ​ចំពោះ​ត្រង់​ឧបេក្ខា ​កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ ​មិន​មាន​កិលេស ប្រាស​ចាក​សេចក្ដី​សៅហ្មង ​ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ​ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​យ៉ាង​នេះ​ហើយ តថាគត​ ក៏​បាន​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​បុព្វេនិវាសានុស្សតិញ្ញាណ ​តថាគត​ ក៏រលឹក​ជា​តិ ​ដែល​បាន​អាស្រ័យ​នៅ​អំពី​មុន ​ជា​អនេក​ជា​តិ ​គឺ​រលឹក​បាន​ ១​ជា​តិ ​២​ជា​តិ ៣​ជា​តិ ៤​ជា​តិ ៥​ជា​តិ ១០​ជា​តិ ២០​ជា​តិ ៣០​ជា​តិ ៤០​ជា​តិ ៥០​ជា​តិ ១០០​ជា​តិ ១ពាន់​ជា​តិ ១សែន​ជា​តិ​ក៏​បាន​ រលឹក​បាន​ច្រើន​សំវដ្ដកប្ប ច្រើន​វិវដ្ដកប្ប ច្រើន​សំវដ្ដវិវដ្ដកប្ប​ក៏​បាន​ ដូច្នេះ​ថា តថាគត​បាន​កើត​ក្នុង​ភព​ឯណោះ ​មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្ត​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ​ សោយសុខ​ទុក្ខយ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ ​តថាគត​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​ទៅ​កើត​ក្នុង​ភពឯណោះ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ តថាគត មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្ត​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារយ៉ាង​នេះ បាន​សោយសុខ ទុក្ខយ៉ាង​នេះ មាន​កំណត់អាយុ​ប៉ុណ្ណេះ ​តថាគត​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ មកកើត​ក្នុង​ភព​នេះ​ ។ ​តថាគត​រលឹក​តាម​នូវ​ជា​តិ ​ដែល​អាស្រ័យ​នៅពីមុន​បាន​ច្រើន​ជា​តិ ព្រម​ទាំង​អាការ ព្រម​ទាំង​ឧទ្ទេស​យ៉ាង​នេះ​ ។ ​ម្នាល​ព្រាហ្មណ៍ បឋមវិជ្ជា​នេះ​ហើយ ដែល​តថាគត បាន​ក្នុង​យាម​ជា​ដំបូង​នៃ​រាត្រី អវិជ្ជា​ខ្ចាត់បាត់​ទៅ​ វិជ្ជា​ក៏កើតឡើង ងងឹត​ខ្ចាត់បាត់​ទៅ​ ពន្លឺក៏​កើតឡើង ​ដល់​តថាគត​ ដូច​ជា​បុគ្គល​ដែល​មិន​ប្រហែសធ្វេស ខំប្រឹងដុត​បំផ្លាញ​កិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ជា​ការ​ញាស់​ចេញ​ជា​ដំបូង ​របស់​តថាគត​ ដូច​ជា​កូនមាន់​ញាស់ចេញ​ចាក​សម្បក​ស៊ុត ។ ​

កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ​មិន​មាន​កិលេស ប្រាស​ចាក​សេចក្ដី​សៅហ្មង ​ជា​ចិត្ត​ទន់​ សមគួរ​ដល់​កម្ម ​ជា​ចិត្ត​នឹង​ធឹង ​មិន​ញាប់ញ័រ​យ៉ាង​នេះ​ហើយ តថាគត​ ទើបបង្អោន​ចិត្ត​ ដើម្បី​ដឹង​នូវ​ចុតិ ​និង​បដិសន្ធិ​នៃ​សត្វ​ទាំង​ឡាយ (ចុតូបបាតញ្ញាណ) ។ ​តថាគត​ពិចារណា​មើល​នូវ​សត្វ​ទាំង​ឡាយ ​ដែល​ច្យុត ​និង​ចាប់​បដិសន្ធិ ថោកទាប ​និង​ឧត្ដម ​មាន​សណ្ឋានល្អ ​និង​អាក្រក់ ​ទៅ​កាន់​សុគតិ ​និង​ទុគ្គតិ ​ដោយ​ចក្ខុ​ដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ ក្រៃលែង​ជា​ងចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ​ដែល​អន្ទោល​ទៅ​តាម​កម្ម​ថា​ អើហ្ន៎! ​សត្វ​ទាំង​ឡាយ​អម្បាល​នេះ ប្រកប​ដោយ​កិរិយា​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ​ដោយ​វាចា ​ដោយ​ចិត្ត​ និយាយ​តិះដៀល​អរិយបុគ្គល​ទាំង​ឡាយ ​ជា​មិច្ឆាទិដ្ឋិ ប្រកាន់មាំ​នូវ​កម្ម ​ជា​មិច្ឆាទិដ្ឋិ ​សត្វ​ទាំង​នោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ​មួយ​សោត ឱហ្ន៎‌! ​សត្វ​ទាំង​ឡាយ​នេះ ប្រកប​ដោយ​កិរិយា​ប្រព្រឹត្តល្អ ​ដោយ​កាយ ​ដោយ​វាចា ​ដោយ​ចិត្ត មិន​តិះ​ដៀល​អរិយបុគ្គល​ទាំង​ឡាយ ​ជា​សម្មាទិដ្ឋិ ប្រកាន់មាំ​នូវ​កម្ម​ជា​សម្មាទិដ្ឋិ ​សត្វ​ទាំង​នោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ឯឋាន​សុគតិ សួគ៌ ទេវ​លោក​ ។ ​តថាគត​ពិចារណា​មើល​សត្វ​ទាំង​ឡាយ ​ដែល​ច្យុត ​និង​ចាប់​បដិសន្ធិ ថោកទាប ​និង​ឧត្ដម ​មាន​សណ្ឋានល្អ ​និង​អាក្រក់ ​ទៅ​កាន់សុគតិ ​និង​ទុគ្គតិ ​ដោយ​ចក្ខុដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ​ក្រៃលែង​ជា​ង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ​ដែល​អន្ទោល​ទៅ​តាម​កម្ម ​ដោយ​ប្រការ​ដូច្នេះ ។ ​ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២ ​នេះ​ហើយ ដែល​តថាគត​បាន​ក្នុង​យាម​ជា​កណ្ដាល​នៃ​រាត្រី អវិជ្ជាខ្ចាត់​បាត់​ទៅ​ វិជ្ជា ក៏កើតឡើង ងងឹត​ខ្ចាត់បាត់​ទៅ​ ពន្លឺ​ក៏កើតឡើង ​ដល់​តថាគត​ ដូច​ជា​បុគ្គល​មិន​ប្រហែស​ធ្វេស ខំប្រឹងដុត​បំផ្លាញកិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ជា​ការ​ញាស់ចេញ ​ជា​គម្រប់​ ២ ​របស់​តថាគត​ ដូច​ជា​កូនមាន់ ​ដែល​ញាស់ចេញ​ចាក​សម្បកស៊ុត ។ ​កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ​មិន​មាន​កិលេស ប្រាស​ចាក​សេចក្ដី​សៅហ្មង ​ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ​ជា​ចិត្ត​នឹង​ធឹង ​មិន​ញាប់ញ័រ យ៉ាង​នេះ​ហើយ តថាគត​ ទើប​បង្អោន​ចិត្ត​ទៅ​ ដើម្បី​ដឹង​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ (​អាសវក្ខយញ្ញាណ) ។ ​តថាគត​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រំលត់ទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ឧបាយ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់ទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា​ ធម៌​ប៉ុណ្ណេះ​ជា​អាសវៈ ​ដឹង​ប្រាកដ​តាម​ពិត​ថា​ ធម៌​នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​អាសវៈ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​នៃ​អាសវៈ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ឧបាយ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់​នៃ​អាសវៈ ​កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ​ ឃើញ​យ៉ាង​នេះ ចិត្ត​នៃ​តថាគត​ក៏ផុត​ចាក​គ្រឿង​ត្រាំង ​គឺ​កាម​ផង គឺ​ភព​ផង គឺ​អវិជ្ជា​ផង កាល​បើ​ចិត្ត​នៃ​តថាគត បាន​រួចផុត​ស្រឡះ​ហើយ​ សេចក្ដី​ដឹង​ថា​ចិត្ត​ផុត​ស្រឡះ ក៏កើត​ប្រាកដ​ឡើង ​តថាគត ដឹង​ច្បាស់​ថា​ កំណើត​របស់​អញ​អស់​ហើយ​ ព្រហ្មចរិយធម៌ ​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ សោឡសកិច្ច ​អញ​ក៏​បាន​ធ្វើស្រេច​ហើយ​ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡកិច្ច​នេះ​ទៀត​មិន​មាន​ឡើយ ។ ​ម្នាល​ព្រាហ្មណ៍ វិជ្ជា​ទី៣ ​នេះ​ហើយ ដែល​តថាគត​បាន​ក្នុង​យាម​ជា​បំផុត​នៃ​រាត្រី អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ វិជ្ជា​ក៏កើត​ឡើង ងងឹត​ខ្ចាត់បាត់​ទៅ​ ពន្លឺ​ក៏កើតឡើង ​ដល់​តថាគត​ ដូច​ជា​បុគ្គល​មិន​ប្រហែស​ធ្វេស ខំប្រឹង​ដុត​បំផ្លាញ​កិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ជា​ការ​ញាស់​ជា​គម្រប់​ ៣ ​របស់​តថាគត​ ដូចគ្នា​នឹង​ការ​ញាស់ចេញ​របស់​កូន​មាន់​អំពី​សម្បកស៊ុត ។ ​

កាល​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់យ៉ាង​នេះ​ហើយ​ វេរញ្ជព្រាហ្មណ៍ ​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ព្រះ​អង្គ​ជា​ចម្បង​ជា​ងមនុស្ស ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ព្រះ​អង្គ​ប្រសើរ​បំផុត​ជា​ងមនុស្ស បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ច្បាស់ពេក​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ច្បាស់ពេក​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះ​គោតម​ដ៏​ចម្រើន​សំដែង​ហើយ ដោយ​អនេកបរិយាយ​យ៉ាង​នេះ​ (ភ្លឺច្បាស់​ណាស់​) គួរនា​ដូច​ជា​មនុស្ស​ចាប់​របស់​ដែល​គេផ្កាប់ចុះ ​ឲ្យ​ផ្ងារឡើង ពុំ​នោះ​ ដូចមនុស្ស​បើក​បង្ហាញ​របស់​ដែល​គេលាក់​បិទបាំង ពុំ​នោះ​សោត ដូច​ជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ទិស ឬ​ក៏ដូច​ជា​មនុស្ស​កាន់ប្រទីប​ទ្រោល​បំភ្លឺ​ក្នុង​ទីងងឹត ​ដោយ​គិត​ថា​ មនុស្ស​អ្នក​មាន​ភ្នែក ​នឹង​ឃើញ​នូវ​រូប​ទាំង​ឡាយ​បាន​ ខ្ញុំ​ព្រះ​អង្គនុ៎ះ សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចម្រើន​ផង​ ​ព្រះ​ធម៌​ផង​ ​ព្រះ​ភិក្ខុ​សង្ឃ​ផង ជា​ទីពឹង​ទីរលឹក ចាប់​ដើម​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ជ្រាប​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជា​ឧបាសក ​អ្នក​ដល់​សរណៈ​ស្មើ​ដោយ​ជីវិត ។

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > អដ្ឋកនិបាត > នវភាគ > បឋមបណ្ណាសក > មហាវគ្គ​ទី ២ > វេរញ្ជសូត្រ​ទី ១ (បិដក​ភាគ​៤៨ ទំព័រ​ទី ៤១)