Jump to content

សមាគម​យុវជន​ខ្មែរ

ពីវិគីភីឌា
សមាគម​យុវជន​ខ្មែរ
ឯកសារ:Khmer Youth Association.jpg
Khmer Youth Association

ជំពូក​ទី​១ អំពី​ ការ​កកើត

[កែប្រែ]

មាត្រា​ ១.-

យុវជន​ខ្មែរ​ទាំងពីរ​ភេទ​បាន​រួបរួម​គ្នា​បង្កើត​សមាគម​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ឈ្មោះ​ថា : "សមាគម​យុវជន​ខ្មែរ "​ សរសេរ​ជា​អក្សរ​កាត់​ថា​ "ស.យ.ខ " ។

មាត្រា​ ២.-

សមាគម​យុវជន​ខ្មែរ​ចាប់​កំណើត​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ១៩៩២​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ "អ៊ុនតាក់" ចុះ​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ១៩៩២​ និង​ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដែល​មាន​លិខិត​ឆ្លើយ​តប​លេខ​ ១០៩​ស.ជ.ប​ ចុះ​ថ្ងៃ​ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៩៩៤ ។

មាត្រា​ ៣.-

សមាគម​យុវជន​ខ្មែរ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ផ្ទះ​លេខ​ ១៣៥​អា ផ្លូវ​លេខ​ ២៥៩​ សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។​ ទីស្នាក់ការ​អាច​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ផ្សេង​បាន​ក្នុង​ករណី​ចាំបាច់​ណា​ មួយ​ តែ​ត្រូវ​មាន​សេចក្ដី​សម្រេច​ពី​ គណៈកម្មាធិការ​ប្រតិបត្តិ។


ជំពូក​ទី​២ អំពី​ ចក្ខុវិស័យ​ បេសកកម្ម​ គោលបំណង​ និង​ ទិសដៅ

[កែប្រែ]

មាត្រា​ ៤.-

សមាគម​យុវជន​ខ្មែរ​មាន​ចក្ខុវិស័យ​ បេសកកម្ម​ គោលបំណង​ និង​ ទិសដៅ​ដូច​ខាងក្រោម៖

ក. ចក្ខុវិស័យ

ចក្ខុវិស័យ​របស់​យើង​ គឺ​ចង់​ឃើញ​យុវជន​ខ្មែរ​ដែល​ប្រកប​ទៅ​ដោយ​សក្ដានុពល​ភាព​ ហើយ​យើង​ធ្វើ​ការ​ជា​មួយ​ និង​ដើម្បី​យុវជន​សម្រាប់​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង ​សង្គម។

ខ. បេសកកម្ម

បេសកកម្ម​របស់​យើង​ គឺ​ដើម្បី​ជំរុញ​ និង​​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ ការ​កសាង​សន្តិភាព​ សុខភាព​ ការ​អប់រំ​ សមភាព​យេនឌ័រ​ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ក្នុង​ប្រទេស​កម្ពុជា។​ សមាគម​យុវជន​ខ្មែរ​ខិតខំ​ពុះពារ​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ក្របខ័ណ្ឌ​ជា​ មូលដ្ឋាន​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​ ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​យុវជន​ពី​សំណាក់​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​លើក​ទឹកចិត្ត​ដល់​ ការ​ចូលរួម​របស់​យុវជន​ ព្រម​ទាំង​ការ​ទទួល​ស្គាល់​នូវ​តួនាទី​ និង​ ការងារ​របស់​យុវជន។

គ. គោល​បំណង

លើក​កម្ពស់​យុវជន​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម។

ឃ. ទិសដៅ

ដើម្បី​អោយ​សម្រេច​បាន​នូវ​គោលបំណង​ខាង​លើ​ សមាគម​យុវជន​ខ្មែរ​មាន​ទិសដៅ​ដូចតទៅ៖

  • កាត់បន្ថយ​អត្រា​អនក្ខរជន​តាម​រយៈ​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ជំនាញ​ផ្សេងៗ​ ដល់​យុវជន​នៅ​ជនបទ​ ខេត្ត/ក្រុង​ និង​ តាម​ពន្ធនាគារ។
  • ជំរុញ​ និង​ លើក​តម្កើង​យុវជន​ខ្មែរ​ឲ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ ​ ថែរក្សា​ការពារ​និរន្តរភាព​សន្តិភាព​ បរិស្ថាន​ធម្មជាតិ​ សង្គម​ និង​វប្បធម៌​ ព្រមទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា។
  • លើក​តម្កើង​សមភាព​ និង​សមធម៌​យេនឌ័រ​ក្នុង​ចំណោម​យុវជន​ខ្មែរ​ ជាពិសេស​ជំរុញ​ និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​អោយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​នយោបាយ​ សង្គម​ និង​ វប្បធម៌។
  • ពង្រឹង​ការងារ​ទំនាក់ទំនង​ និង​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ​ អន្តរជាតិ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ដូចជា​ពិភពលោក​ដើម្បី​លើក​កម្ពស់​ស្ថានភាព​យុវជន​ និង​ គោលនយោបាយ​សម្រាប់​យុវជន​ខ្មែរ។
  • លើក​កម្ពស់​យុវជន​ក្នុង​ការ​ចូលរួម​បង្ការ​ និង​ការ​ការពារ​សុខភាព​ ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ជំពូក​ទី​៣ អំពី​ ផ្លាក​សញ្ញា

[កែប្រែ]

មាត្រា​ ៥.-

ផ្លាក​សញ្ញា​របស់​សមាគម​យុវជន​ខ្មែរ​ មាន​ដូចតទៅ ៖

  • មាន​រូប​សញ្ញា​រាង​ផ្កា​ឈូក​ក្រពុំ​ដោយ​មាន​សរសេរ​អក្សរ​ព័ទ្ធជុំវិញ​ផ្នែក​ខាង​លើ​ថា​ " សមាគម​យុវជន​ខ្មែរ " និង​ ខាង​ក្រោម​ថា​ " Khmer Youth Association "។
  • កួរ​ស្រូវ​ព័ទ្ធ​ជុំវិញ​តំណាង​ឲ្យ​ភោគផល​កសិកម្ម។
  • ស្លឹក​ពណ៌​បៃតង​ស្រទាប់​ទី​១​ តំណាង​ឲ្យ​ការ​រីកចម្រើន​លូតលាស់​នៃ​ដំណាំ​កសិកម្ម​ និង​ឧស្សាហកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • នៅ​ចន្លោះ​កួរ​ស្រូវ​ទាំង​សងខាង​មាន​សរសេរ​អក្សរ​ថា​ " យុវជន​ខ្មែរ "​ តំណាង​ឲ្យ​ថាមពល​ និង​ សក្ដានុពល​ភាព​របស់​យុវជន​ខ្មែរ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ ថែរក្សា​ ការពារ​សន្តិភាព​ និង​ អធិបតេយ្យភាព​ទឹកដី។
  • ដៃ​ទាំង​ពីរ​ទ្រ​ជើងពាន​ តំណាង​ឲ្យ​យុវជន​ខ្មែរ​ទាំងពីរ​ភេទ​លើក​ស្ទួយ​វប្បធម៌​ និង​ អរិយធម៌​ជាតិ​ខ្មែរ។
  • ពន្លឺ​ឆព្វណ្ណរង្សី​តំណាង​ឲ្យ​ភាព​ចម្រុងចម្រើន​នៃ​សាសនា​ព្រះពុទ្ធ​នៅ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជាង​ ៩០​ ភាគរយ​គោរព​ប្រណិប័តន៍។
  • ជើង​ពាន​មាន​ក្បាច់​ពី​សម័យ​អង្គរ​ តំណាង​ភាព​រុងរឿង​នៃ​ខឿន​អរិយធម៌​ខ្មែរ​នា​សម័យ​អង្គរ។
  • សៀវភៅ​ តំណាង​ឲ្យ​សិក្សាធិការ​អប់រំ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង​របស់​យុវជន។
  • ស្លាប​មាន់​ តំណាង​ឲ្យ​ស្លាប​ប៉ាកា។
  • វិមាន​ឯករាជ្យ​ តំណាង​ឲ្យ​ឯករាជ្យ​ភាព​ជាតិ​ព្រលឹង​ជាតិ​ខ្មែរ​យើង។


ជំពូក​ទី​៤ អំពី​ សមាជិកភាព

[កែប្រែ]

មាត្រា​ ៦.-

យុវជន​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​ចាប់​ពី​ ១៦​ឆ្នាំ​ រហូត​ដល់​ ៣៥​ឆ្នាំ​ ទោះ​ជា​ខ្មែរ​នៅ​ក្នុង​ប្រទេស​ ឬ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូល​ជា​សមាជិក​សមាគម​យុវជន​ខ្មែរ​បាន។

មាត្រា​ ៧.-

យុវជន​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​ដាក់​ពាក្យ​ចូល​ជា​សមាជិក​សមាគម​យុវជន​ខ្មែរ​ត្រូវ​បង់​ថវិកា​ ៣០០០​រៀល​ (បី​ពាន់​រៀល​គត់)។

មាត្រា​ ៨.-

យុវជន​ខ្មែរ​ទាំង​ពីរ​ភេទ​ អាច​ចូល​ជា​សមាជិក​សមាគម​យុវជន​ខ្មែរ​បាន​លុះ​ត្រា​តែ​បំពេញ​លក្ខខណ្ឌ​ ដូច​ខាងក្រោម ៖

-ពាក្យ​សុំ​ចូល​ជា​សមាជិក​ ចំនួន​ ០១​ច្បាប់

-រូបថត​ទំហំ​ ៣​ គុណ​ ៤​ ចំនួន​ ០១​សន្លឹក​ និង

-រូបថត​ទំហំ​ ៤​ គុណ​ ៦​ ចំនួន​ ០២​សន្លឹក

មាត្រា​ ៩.-

សមាជិក​របស់​សមាគម​យុវជន​ខ្មែរ​ ចែក​ចេញ​ជា​ បួន​ប្រភេទ​គឺ ៖

  • សមាជិក​ស្ថាបនិក : ជា​សមាជិក​ដែល​ផ្ដួចផ្ដើម​បង្កើត​សមាគម​នេះ​ឡើង។
  • សមាជិក​សកម្ម : ជា​សមាជិក​ដែល​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ សកម្មភាព​របស់​សមាគម​ដោយ​ស្ម័គ្រចិត្ត​ តែ​មិន​ អចិន្ត្រៃយ៍។
  • សមាជិក​កិត្តិយស : ជា​ឥស្សរជន​ ឬ​អ្នក​ដែល​បាន​ឧបត្ថម្ភ​ជា​រៀងរាល់​ខែ​ ឬ​ ឆ្នាំ​ដល់​ដំណើរ​ការ​ សកម្មភាព​សមាគម។
  • សមាជិក​គាំទ្រ : ជា​សមាជិក​ដែល​មាន​សមាន​ចិត្ត​ផ្ដល់​ជា​អំណោយ​ ឬ​ចូលរួម​សកម្មភាព​ផ្សេងៗ​ជាមួយ​សមាគម​ តែ​គ្មាន​ពេល​កំណត់។

ក. យុវជន​ខ្មែរ​ទាំងពីរ​ភេទ​ បន្ទាប់​ពី​បាន​ចូល​ជា​សមាជិក​របស់​សមាគម​យុវជន​ខ្មែរ​ ទោះ​ជា​ទៅ​ថ្ងៃ​អនាគត​ខ្លួន​មាន​អាយុ​លើស​ពី​ ៣៥​ឆ្នាំ​ក៏​ដោយ​ក៏​នៅ​ជា​សមាជិក​សមាគម​យុវជន​ខ្មែរ​ដដែល។

ខ. ការ​បាត់បង់​សមាជិកភាព​ទៅ​បាន​លុះ​ត្រា​តែ ៖

  • ការ​សុំ​លា​ឈប់​ពី​សមាជិកភាព
  • ​ ទទួល​មរណៈ​ភាព
  • ការ​ដក​សិទ្ធិ​សមាជិកភាព​ដោយ​ក្រុមប្រឹក្សាភិបាល​សមាគម

មាត្រា ១០.-

សមាជិក​ សមាជិកា​យុវជន​ខ្មែរ​មាន​សិទ្ធិ​ និង​ ករណីយកិច្ច​ដូចតទៅ​នេះ ៖

  • ចូលរួម​សកម្មភាព​របស់​សមាគម​យុវជន​ខ្មែរ​ដោយ​ស្ម័គ្រចិត្ត។
  • ចូល​រួម​ផ្ដល់​យោបល់​ដើម្បី​រៀបចំ​សកម្មភាព​ការងារ​របស់​សមាគម។
  • មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​ប្រធាន​សមាគម​ និង​ ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម។
  • មាន​សិទ្ធិ​ចូលរួម​មហាសន្និបាត​ និង​ ធ្វើការ​សំរេច​ចិត្ត​ដើម្បី​វឌ្ឍនភាព​របស់​សមាគម។
  • យុវជន​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​ចូល​ជា​សមាជិក​របស់​សមាគម​យុវជន​ខ្មែរ​ត្រូវ​តែ​គោរព​បទបញ្ជា​ផ្ទៃក្នុង​ និង​លក្ខន្តិកៈ​របស់​សមាគម។
  • ចូលរួម​សកម្មភាព​របស់​សមាគម​ទាំង​កំលាំង​កាយ​ និង​ កំលាំង​ចិត្ត។

មាត្រា​ ១១.-

សមាជិក​ សមាជិកា​របស់​សមាគម​ត្រូវ​មាន​ផ្លាក​សញ្ញា​ ឬ​ប័ណ្ណ​កាន់​ជា​សំគាល់។

មាត្រា​ ១២.-

ចូល​ជា​សមាជិក​របស់​សមាគម​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ ជួយ​សំរួល​ដល់​ការ​រក​ការងារ​ធ្វើ​ និង​ ជួយ​ឧបត្ថម្ភ​ផ្សេងៗ​តាម​លទ្ធភាព​របស់​សមាគម។


ជំពូក​ទី​៥ អំពី​ តួនាទី​ និង​ភារកិច្ច​របស់​សមាជិក​ស្ថាបនិក

[កែប្រែ]

មាត្រា​ ១៣.-

សមាជិក​ស្ថាបនិក​មាន​តួនាទី​ដោះស្រាយ​ និង​ សំរប​សំរួល​វិវាទ​ផ្សេងៗ​ដែល​កើត​ឡើង​រវាង​ក្រុមប្រឹក្សាភិបាល​ និង​ គណកម្មាធិការ​ប្រតិបត្តិ។​ សមាជិក​ស្ថាបនិក​ដើរ​តួនាទី​ក្នុង​ការ​បង្រួបបង្រួម​អោយ​មាន​ឯកភាព​ និង​សាមគ្គីភាព​នៅ​ក្នុង​សមាគម។

មាត្រា ១៤.-

សមាជិក​ស្ថាបនិក​ត្រូវ​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​សមាជិក​យ៉ាង​តិច​ ៥​ រូប​ ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ ក្រុមប្រឹក្សាភិបាល​ និង​គណកម្មាធិការ​ប្រតិបត្តិ។​ គណៈកម្មការ​នេះ​មាន​តួនាទី​ និង​ កាតព្វកិច្ច​កោះ​ហៅ​ក្រុមប្រឹក្សាភិបាល​ និង​ គណៈកម្មាធិការ​ប្រតិបត្តិ​មក​សាកសួរ​ និង​ បំភ្លឺ​ពាក់ព័ន្ធ​តែ​នឹង​ការ​ប្រេះឆា​ និង​ វិវាទ​ក្នុង​ការ​ដឹកនាំ​ដែល​មិន​អាច​ស្វែង​រក​ដំណោះស្រាយ​បាន​ក្នុង​ចំណោម​ គណៈកម្មាធិការ​ទាំងពីរ​ខាង​លើ។​ សមាជិក​គណៈកម្មការ​ស្ថាបនិក​យ៉ាង​តិច​បី​រូប​អាច​កោះ​ហៅ​ក្រុមប្រឹក្សាភិបាល ​ ឬ​គណៈកម្មាធិការ​ប្រតិបត្តិ​មក​សាកសួរ​ និង​បំភ្លឺ​ពី​បញ្ហា​ផ្សេង​ៗ​បាន។

មាត្រា​ ១៥.-

ក្នុង​ករណី​ពិសេស​ដោយ​មើល​ឃើញ​ថា​ សមាគម​ត្រូវ​ឈាន​ទៅ​រក​វិបត្តិ​ហើយ​ តែ​ក្រុមប្រឹក្សាភិបាល​ និង​ គណៈកម្មាធិការ​ប្រតិបត្តិ​មិន​ព្រម​រិះរក​វិធានការណ៍​ ឬ​ដំណោះ​ស្រាយ​ដើម្បី​បញ្ចៀស​គ្រោះ​អាសន្ន​ទេ​នោះ​នឹង​តម្រូវ​ឲ្យ​មាន​ ចំណាត់​ការ​ភ្លាមៗ​ រួច​ហើយ​ត្រូវ​រាយការណ៍​ជូន​សមាជិក​ស្ថាបនិក​វិញ​មិន​លើស​ពី​មួយ​សប្ដាហ៍។

មាត្រា​ ១៦.-

ករណី​មិន​ព្រម​ស្ដាប់​តាម​ការ​ណែនាំ​របស់​សមាជិក​ស្ថាបនិក​ នោះ​សមាជិក​ស្ថាបនិក​មាន​សិទ្ធិ​នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ដោះស្រាយ ​វិបត្តិ​ ហើយ​បើ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ទៀត​គណៈកម្មការ​ដែល​បង្កើត​ឡើង​ដោយ​ សមាជិក​ស្ថាបនិក​នេះ​នឹង​កោះ​ឲ្យ​មាន​មហាសន្និបាត​វិសាមញ្ញ​ភ្លាម​ដោយ​ ប្រើប្រាស់​ធនធាន​របស់​សមាគម។

មាត្រា​ ១៧.-

សមាជិក​ស្ថាបនិក​ជា​អ្នក​ពិនិត្យ​មើល​ភាព​ស្របច្បាប់​របស់​សមាគម​យុវជន​ ខ្មែរ។​ ក្នុង​ករណី​មាន​វិវាទ​លើ​លក្ខន្តិកៈ​ និង​ សេចក្ដី​សំរេច​ និង​ បទប្បញ្ញត្តិ​ផ្សេងៗ​ ដែល​ប្រើ​នៅ​សមាគម​យុវជន​ខ្មែរ​ត្រូវ​ប្ដឹង​ទៅ​គណៈកម្មាធិការ​សមាជិក​ ស្ថាបនិក។​ សមាជិក​ស្ថាបនិក​ដែល​មាន​តួនាទី​ខាង​លើ​នេះ​គឺ​សំដៅ​ទៅ​លើ​សមាជិក​ស្ថាបនិក​ ទាំងឡាយ​ណា​ដែល​បាន​ប្រឹងប្រែង​សង្គ្រោះ​សមាគម​យុវជន​ខ្មែរ​ឲ្យ​មាន​ជីវិត​ ថ្មី​នៅ​ចុង​ឆ្នាំ​១៩៩៤​ និង​សមាជិក​ដែល​បាន​ជួយ​សមាគម​តាំងពី​ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ទើប​អាច​ចូល​ជា​សមាជិក​គណៈកម្មការ​ខាង​លើ​ បាន។

ជំពូក​ទី​៦ អំពី​ រចនា​សម្ព័ន្ធ

[កែប្រែ]

មាត្រា​ ១៨.-

សមាគម​យុវជន​ខ្មែរ​មាន​រចនា​សម្ព័ន្ធ​ទាក់ទង​ដូច​ខាង​ក្រោម ៖

  • មហាសន្និបាត
  • ក្រុមប្រឹក្សាភិបាល
  • គណៈកម្មាធិការ​ប្រតិបត្តិ

មហាសន្និបាត

[កែប្រែ]

មហាសន្និបាត​គឺ​ជា​អង្គការ​សំរេច​ចិត្ត​ថ្នាក់​កំពូល​របស់​សមាគម។​ មហាសន្និបាត​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ :

១. មហាសន្និបាត​សាមញ្ញ : គឺ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​ទៀងទាត់​ទៅ​តាម​ការ​កំណត់​ដែល​មាន​ចែង​ នៅ​ក្នុង​លក្ខន្តិកៈ។​ មហាសន្និបាត​សាមញ្ញ​គឺ​សំដៅ​ជ្រើសរើស​ប្រធាន​សមាគម​រាយការណ៍​ពី​សកម្មភាព​ ការងារ​រយៈ​ពេល​បី​ឆ្នាំ​ របាយការណ៍​ថវិកា​ ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ក្នុង​ករណី​ចាំបាច់​ អនុម័ត​គម្រោង​សកម្មភាព​មេ​ និង​ការ​ចោទ​ឆ្លើយ​ក្នុង​ករណី​មាន​ការ​សង្ស័យ​ ឬ​យល់​មិន​ច្បាស់​ណា​មួយ។​ មហាសន្និបាត​សាមញ្ញ​ត្រូវ​តែ​បាន​រៀបចំ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​ទី​ ២២​ ខែ​ វិច្ឆិកា​ នៃ​ឆ្នាំ​ទី​៣​ក្នុង​អណត្តិ​នីមួយៗ​ ប៉ុន្តែ​កាល​បរិច្ឆេទ​នេះ​អាច​ផ្លាស់ប្ដូរ​បាន​ក្នុង​ករណី​ប្រធាន​ស័ក្ដិ។

២. មហាសន្និបាត​វិសាមញ្ញ : គឺ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​កាល​បរិច្ឆេទ​កំណត់​ច្បាស់លាស់ ​នៅ​ក្នុង​លក្ខន្តិកៈ។​ មហាសន្និបាត​វិសាមញ្ញ​គឺ​សំដៅ​ជ្រើសរើស​ប្រធាន​សមាគម​ក្នុង​ករណី​ប្រធាន​ លាលែង​ពី​តំណែង​មុន​អណត្តិ​ មរណភាព​ ឬ​ បាត់បង់​សុពលភាព​ការងារ​ តែ​មហាសន្និបាត​វិសាមញ្ញ​នឹង​ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​តែ​មាន​សំលេង​៥០%+១​ នៃ​សមាជិក​ក្រុមប្រឹក្សាភិបាល។​ ក្នុង​ករណី​ក្រុមប្រឹក្សាភិបាល​អសកម្ម​មិន​ព្រម​ដោះស្រាយ​វិបត្តិ​នេះ​ទេ​ គណៈកម្មការ​ចម្រុះ​មួយ​ ដែល​មាន​សមាសភាព​យ៉ាង​តិច​៧​រូប​ ដែល​បង្កើត​ឡើង​ដោយ​សមាជិក​ស្ថាបនិក​ដើម្បី​រៀបចំ​ឲ្យ​មាន​មហាសន្និបាត​នេះ​ ឡើង​ដោយ​ឈរ​លើ​សំលេង​ ៥០​ភាគរយ​បូក​ ១។

៣. ដំណើរ​ការ​រៀបចំ​មហាសន្និបាត
៣-១-គណកម្មការ​រៀបចំ​មហាសន្និបាត
មុន​នឹង​រៀបចំ​មហាសន្និបាត​ គណកម្មាធិការ​ប្រតិបត្តិ​ត្រូវ​តែ​រៀបចំ​ ជ្រើសរើស​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​រៀបចំ​ដំណើរ​ការ​ មហាសន្និបាត។​ គណៈកម្មការ​ឯករាជ្យ​ត្រូវ​មាន​សមាសភាព​យ៉ាង​ច្រើន​ ០៥​ រូប​ និង​បំពេញ​ភារកិច្ច​មុន​ មហាសន្និបាត​រយៈ​ពេល​១០​ថ្ងៃ​ ហើយ​ចប់​ភារកិច្ច​ ក្រោយ​មហាសន្និបាត​រយៈ ពេល​ ០៣​ថ្ងៃ។​ ប្រធាន​ និង​សមាជិក​របស់​ គណៈកម្មការ​នេះ​ត្រូវ​រើស​ចេញ​ពី​សមាជិក​សកម្ម​ ឬ​ សមាជិក​ស្ថាបនិក​ របស់​សមាគម​ លើក​លែង​តែ​អ្នក​កាន់​កិច្ចការ​រដ្ឋបាល​ដែល​ត្រូវ​យក​ចេញ​ពី​ បុគ្គលិក​របស់​សមាគម។​ ប្រធាន​ និង​ សមាជិក​គណៈកម្មការ​រៀបចំ​ មហាសន្និបាត​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​ និង​សមាជិក​ ក្រុមប្រឹក្សាភិបាល​សមាគម​បាន​ឡើយ។​ រៀងរាល់​មហាសន្និបាត​ គណៈកម្មការ​រៀបចំ​មហាសន្និបាត​ត្រូវ​តែ​អញ្ជើញ​អ្នក​សង្កេតការណ៍​យ៉ាង​ តិច​ចំនួន​ ០៣​នាក់​ ឲ្យ​ចូលរួម​សង្កេតការណ៍។​ អ្នក​សង្កេតការណ៍​ទាំងអស់​ គ្មាន​សិទ្ធិ​បោះឆ្នោត​ឡើយ​ តែ​មាន​សិទ្ធិ​ចូលរួម​ជា​យោបល់​ចំពោះ​ មហាសន្និបាត។
៣-២-លក្ខខ័ណ្ឌ​គោល​នៃ​ការ​ឈរ​ឈ្មោះ
បេក្ខជន​ប្រធាន​សមាគម​ និង​ សមាជិក​ក្រុមប្រឹក្សាភិបាល​ដែល​កំពុង​ ប្រតិបត្តិ​ក្នុង​រចនាសម្ព័ន្ធ​សមាគម​ត្រូវ​លាលែង​រយៈ​ពេល​ ០៣​ថ្ងៃ​ មុន​ពេល​ រៀបចំ​មហាសន្និបាត។​ ក្នុង​ករណី​ដែល​ប្រធាន​សមាគម​បន្ត​ឈរ​ជា​បេក្ខជន​ ហើយ​លាលែង​ពី​តំណែង​របស់​ប្រធាន​រយៈ​ពេល​០៣​ថ្ងៃ​ នោះ​រចនាសម្ព័ន្ធ​សមាគម​ ទាំង​មូល​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណៈកម្មការ​រៀបចំ​ មហាសន្និបាត​ របស់​សមាគម។​ ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​គឺ​ត្រូវ​ដាក់​ពាក្យ​សុំ​ជា​ លាយលក្ខណ៍​អក្សរ​ និង​ បំពេញ​បែបបទ​ទៅ​តាម​ទម្រង់​ និង​កាល​បរិច្ឆេទ​ដែល​ គណៈកម្មការ​រៀបចំ​មហាសន្និបាត​បាន​កំណត់។
៣-៣-សមាជិក​ចូលរួម​មហាសន្និបាត
សមាជិក​ សមាជិកា​ទាំងអស់​របស់​សមាគម​យុវជន​ខ្មែរ​អាច​ចូលរួម​ក្នុង​ មហាសន្និបាត​ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​មហាសន្និបាត​មាន​សិទ្ធិ​កំណត់​ចំនួន​នៃ​ អ្នក​ចូល​រួម​មហាសន្និបាត​អាស្រ័យ​ទៅ​តាម​ធនធាន​របស់​ខ្លួន។
៣-៤-ធនធាន​និង​ថវិកា​សម្រាប់​រៀបចំ​មហាសន្និបាត
ធនធាន​ និង​ថវិកា​សម្រាប់​រៀបចំ​មហាសន្និបាត​គឺ​ជា​ធនធាន​ និង​ថវិកា​របស់​ សមាគម​យុវជន​ខ្មែរ។​ គណកម្មាធិការ​ប្រតិបត្តិ​ និង​ក្រុមប្រឹក្សាភិបាល​ត្រូវ​មាន​ ភារកិច្ច​ធានា​រ៉ាប់រង​ក្នុង​ការ​ស្វែងរក​ធនធាន​ និង​ថវិកា​ទាំងអស់​នេះ។

ក្រុមប្រឹក្សាភិបាល

[កែប្រែ]

១-អំពី​សមាសភាព

  • ក្រុមប្រឹក្សាភិបាល​មាន​សមាសភាព​ពី​ ៧​ ទៅ​ ៩​រូប​ ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ឥស្សរជន​ ឬ​ ពី​ប្រធាន​អង្គការ​ សមាគម​នានា​ និង​ពី​សមាជិក​សមាគម​យុវជន​ខ្មែរ​ដែល​មាន​បទពិសោធន៍​ការងារ​ល្អ​ និង​មាន​ជំហរ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ។
  • ក្រុមប្រឹក្សាភិបាល​មាន​អណត្តិ​បី​ឆ្នាំ​ស្មើ​នឹង​អណត្តិ​របស់​ប្រធាន​ សមាគម​ដែរ។​ សមាជិក​របស់​ក្រុមប្រឹក្សាភិបាល​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាមរយៈ ៖
1. ការ​បោះឆ្នោត​ដោយ​មហាសន្និបាត​ ចំនួន​យ៉ាង​តិច​ ២​ រូប
2. ពី​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ ចំនួន​មិន​លើស​ពី​២​រូប​ ដែល​មិនមែន​ជា​ប្រធាន​ អនុប្រធាន​ អគ្គលេខាធិការ​ ប្រធាន​គណនេយ្យ​ និង​ រដ្ឋបាល​ឡើយ។
3. ចំពោះ​បុគ្គលិក​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រូវលាលែង​ពី​មុខ​តំណែង​សព្វថ្ងៃ​របស់​ខ្លួន​រយៈ​ពេល​បី​ថ្ងៃ​មុន​មហាសន្និបាត​ ហើយ​ត្រូវ​ចាត់​ទុក​ថា​ បាន​លាឈប់​ពី​បុគ្គលិក​ដោយ​ស្វ័យប្រវត្តិ​ បន្ទាប់​ពី​ខ្លួន​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ពី​មហាសន្និបាត។

២-អំពី​ការ​ប្រជុំ

កិច្ច​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សាភិបាល​ គឺ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ ៤​ដង​ ក្នុង​មួយ​ឆ្នាំ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​សមាគម​ អនុប្រធាន​ ប្រធាន​គណនេយ្យ​ និង​រដ្ឋបាល​ដើម្បី​រាយការណ៍​ជូន​ពី​សកម្មភាព​ការងារ​ និង​ ថវិកា​របស់​សមាគម។​ ចំពោះ​ការ​ប្រជុំ​វិសាមញ្ញ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចាំ​បាច់​របស់​សមាគម។

៣-​ អំពី​ភារកិច្ច

  • ក្រុមប្រឹក្សាភិបាល​គឺ​ជា​អ្នក​ធានា​និរន្តរភាព​ការងារ​របស់​សមាគម​ និង​ធ្វើ​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​មហាសន្និបាត។
  • ក្រុមប្រឹក្សាភិបាល​មាន​ភារកិច្ច​ ជួយ​តំរែតម្រង់​គោលនយោបាយ​ដឹកនាំ​សមាគម​ និង​ផ្ដល់​យោបល់​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​ក្នុង​ការ​ដំណើរ​ការ​សមាគម​ ទំនាក់​ទំនង​ជាមួយ​ម្ចាស់​មូលនិធិ​ និង​ ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចាយវាយ​ថវិកា​របស់​សមាគម។
  • ក្រុមប្រឹក្សាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាមដាន​យ៉ាង​ដិតដល់​ នូវ​រាល់​សកម្មភាព​របស់​សមាគម​ និង​ អនុម័ត​ច្បាប់​នានា​របស់​សមាគម​យុវជន​ខ្មែរ។
  • ក្រុមប្រឹក្សាភិបាល​ជា​អ្នក​ធ្វើ​ការ​អនុម័ត​ទៅ​លើ​គម្រោង​ផែនការ​សកម្មភាព​មេ​របស់​សមាគម។
  • ក្រុមប្រឹក្សាភិបាល​មាន​សិទ្ធិ​យ៉ាង​គ្រប់គ្រាន់​ក្នុង​ការ​កោះ​អញ្ជើញ​ ប្រធាន​សមាគម​ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​អង្គប្រជុំ​សាមញ្ញ​ ឬ​ វិសាមញ្ញ​នូវ​អ្វី​ដែល​ខ្លួន​មាន​ការ​សង្ស័យ​ស្នើ​ឡើង​ដោយ​សំលេង​១/៣​នៃ​ សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងអស់។
  • ក្នុង​ករណី​រក​ឃើញ​នូវ​ភស្តុតាង​គ្រប់គ្រាន់​ពី​ប្រធាន​សមាគម​ ដែល​យក​សមាគម​ធ្វើ​អាជីវកម្ម​ ឬ​ធ្វើ​អោយ​ខូច​ប្រយោជន៍​ណា​មួយ​ដោយ​ចេតនា​ និង​អចេតនា​ធ្ងន់ធ្ងរ​ក្រុមប្រឹក្សាភិបាល​មាន​សិទ្ធិ​ផ្ដួចផ្ដើម​ឲ្យ​មាន​ មហាសន្និបាត​វិសាមញ្ញ​ជា​បន្ទាន់​យ៉ាង​យូរ​មួយ​សប្ដាហ៍​បន្ទាប់​ពី​កសាង​ សំណុំ​រឿង​បាន​គ្រប់គ្រាន់។
  • ក្រុមប្រឹក្សាភិបាល​មាន​សិទ្ធិ​ព្រមាន​ និង​សម្រេច​ព្យួរ​មុខ​តំណែង​ការងារ​របស់​ប្រធាន​សមាគម​ក្នុង​ខណៈ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នាំ​យក​សមាគម​ទៅ​បម្រើ​អោយ​ផល​ប្រយោជន៍​ គណបក្ស​នយោបាយ​ណា​មួយ​ និង​អសមត្ថភាព​ការងារ។
  • ក្រុមប្រឹក្សាភិបាល​មាន​សិទ្ធិ​ដកហូត​ ឬ​ តែងតាំង​ចាប់​ពី​អនុប្រធាន​ អគ្គលេខាធិការ​ប្រធាន​ផ្នែក​គណនេយ្យ​ ប្រធាន​រដ្ឋបាល​ និង​ ប្រធាន​ផ្នែក​នានា​ ព្រម​ទាំង​ប្រធាន​សាខា​ខេត្ត/ក្រុង។
  • រាល់​ការ​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ការ​ តែងតាំង​ ឬ​ ដកហូត​នូវ​តំណែង​ទាំង​ឡាយ​ខាង​លើ​ត្រូវ​ឈរ​លើ​សំលេង​ពីរ​ភាគ​បី​ដាច់​ខាត​នៃ ​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងមូល។
  • ក្រុមប្រឹក្សាភិបាល​មាន​សិទ្ធិ​ចុះ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​ការ​ចំណាយ​ថវិកា​នៅ​ផ្នែក​គណនេយ្យ​ និង​សកម្មភាព​ការងារ​ផ្សេងៗ។
  • បន្ទាប់​ពី​មហាសន្និបាត​ក្រុមប្រឹក្សាភិបាល​ត្រូវ​រៀបចំ​ប្រជុំ​ជា​លើក​ ដំបូង​របស់​ខ្លួន​យ៉ាង​យូរ​មុន​ថ្ងៃ​៣១​ ខែ​មករា​ ដើម្បី​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​របស់​ខ្លួន។

ក្នុង​ករណី​ប្រព្រឹត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ​សមាជិក​ក្រុមប្រឹក្សាភិបាល​ ត្រូវ​ដកហូត​ ដោយ​សំលេង​ ២/៣(ពីរ​ភាគ​បី)​ នៃ​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងមូល​ចំពោះ​ សមាជិក​ដែល​ធ្វើ​ការ​ជ្រើសតាំង​ឡើង​ដោយ​មហាសន្និបាត​ត្រូវ​តែ​ដក​ហូត​វិញ​ ដោយ​មហាសន្និបាត។

គណៈកម្មាធិការ​ប្រតិបត្តិ

[កែប្រែ]

គណៈកម្មាធិការ​ប្រតិបត្តិ​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ក្រុមប្រឹក្សាភិបាល។
១.សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សមាគម​យុវជន​ខ្មែរ​រួម​មាន ៖

  • ប្រធាន​ ០១​រូប
  • អនុប្រធាន ០១​រូប
  • អគ្គលេខាធិការ ០១​រូប
  • ប្រធាន​គណនេយ្យ ០១​រូប
  • ប្រធាន​រដ្ឋបាល ០១​រូប
  • ប្រធាន​ផ្នែក​ជំនាញ​នានា​ និង​ ប្រធាន​សាខា​ខេត្ត/ក្រុង

២.តួនាទី​គណៈកម្មាធិការ​ប្រតិបត្តិ​ គឺ​ដើម្បី​អនុវត្ត​អោយ​បាន​សម្រេច​នូវ​ ផែនការ​ និង​ កម្មវិធី​របស់​សមាគម​ ហើយ​មាន​តែ​គណៈកម្មាធិការ​ប្រតិបត្តិ​ ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​គ្រប់គ្រង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត/ក្រុង​ របស់​ សមាគម​យុវជន​ខ្មែរ​ និង​ មាន​សិទ្ធិ​ស្នើ​សុំ​ដាក់​របៀបវារៈ​ស្ដីពី​ការ​ដកហូត​ ឬ​ តែងតាំង​បុគ្គល​ណា​ម្នាក់​អោយ​កាន់​កិច្ចការ​ណា​មួយ​ទៅ​តាម​សេចក្ដី​ត្រូវ​ ការ​ របស់​ខ្លួន​ជូន​ក្រុមប្រឹក្សាភិបាល​សម្រេច​ ហើយ​ប្រធាន​សមាគម​ត្រូវ​ឆ្លើយ​ បំភ្លឺ​នូវ​រាល់​ការ​សួរ​ដេញដោល​នានា​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​នូវ​ ហេតុផល​ផ្សេងៗ។

៣.ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ គឺ​ជា​ប្រធាន​សមាគម​ដែល​មាន​សិទ្ធិ​ គ្រប់គ្រង​ក្នុង​មួយ​អណត្តិ​រយៈ​ពេល​៣​ឆ្នាំ​ ហើយ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ បេក្ខជន​ប្រធាន​សមាគម​តែ​ក្នុង​រយៈ​ពេល​ពី​អណត្តិ​ជាប់ៗ​គ្នា​តែ​ប៉ុណ្ណោះ។

៤.អនុប្រធាន​ អគ្គលេខាធិការ​ ប្រធាន​គណនេយ្យ​ ប្រធាន​រដ្ឋបាល​ និង​ ផ្នែក​ ជំនាញ​នានា​ ព្រម​ទាំង​ប្រធាន​សាខា​ខេត្ត/ក្រុង​ ត្រូវ​បាន​តែងតាំង​ដោយ​ សេចក្ដី​សម្រេច​របស់​ប្រធាន​សមាគម​បន្ទាប់​ពី​មាន​ការ​យល់ព្រម​ភាគ​ច្រើន​ ពីរ​ភាគ​បី​ពី​សមាជិក​ សមាជិកា​ របស់​ក្រុមប្រឹក្សាភិបាល។

៥.ក្នុង​ករណី​ប្រធាន​លាលែង​ពី​ការងារ​មុន​អណត្តិ​ ឬ​បាត់បង់​សុពលភាព​ ដោយ​ប្រការ​ណាមួយ​អនុប្រធាន​ត្រូវ​ដឹកនាំ​ការងារ​ជំនួស​ជា​ប្រធាន​ស្ដីទី​ ដោយ​មាន​ការ​យល់ព្រម​ដោយ​សំលេង​ពីរ​ភាគ​បី​នៃ​ក្រុមប្រឹក្សាភិបាល​រហូត​ ដល់​មាន​ការ​រៀបចំ​មហាសន្និបាត​ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី​ត្រូវ​បាន​ធ្វើ ​ ឡើង។

៦.ត្រូវ​ផ្ញើ​របាយការណ៍​សកម្មភាព​ និង​ ថវិកា​ ព្រមទាំង​ផែនការ​សកម្មភាពមេ​​ ជូន​ក្រុមប្រឹក្សាភិបាល​ស្របតាម​របាយការណ៍​ និង​ផែនការ​ដែល​ផ្ញើ​ជូន​ ម្ចាស់​មូលនិធិ។

៧.ពិធី​ផ្ទេរ​តំណែង​ និង​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​ប្រធាន​សមាគម : ពិធី​ផ្ទេរ​ និង​ស្បថ​ចូល​កាន់​មុខតំណែង​ និង​ ផ្ទេរ​តំណែង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ ត្រឹម​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ នៅ​ក្នុង​អណត្តិ​នីមួយៗ។

៨.រាល់​សេចក្ដី​សម្រេច​ចិត្ត​នានា​ដែល​ធ្វើ​ឡើង​ក្នុង​នាម​ សមាគម​ត្រូវ​ផ្ញើ​ទៅ​ ជូន​ក្រុមប្រឹក្សាភិបាល​ និង​គណៈកម្មការ​សមាជិក​ស្ថាបនិក​ជា​កំហិត។


ជំពូក​ទី​៧ អំពី​ លក្ខខណ្ឌ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សាភិបាល

[កែប្រែ]

មាត្រា​ ១៩.-

ក. លក្ខខណ្ឌ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន

  • មាន​សញ្ជាតិ​ខ្មែរ។
  • ជា​សមាជិក​សមាគម​ដែល​មាន​អាយុ​ពី​ ១៨​ ដល់​ ៣៥​ឆ្នាំ។
  • ចូល​ជា​សមាជិក​សមាគម​យុវជន​ខ្មែរ​យ៉ាង​តិច​បី​ឆ្នាំ។
  • ពុំ​មែន​ជា​សកម្មជន​គណបក្ស​នយោបាយ​ ឬ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឡើយ។
  • សមាជិក​សមាគម​ ដែល​កំពុង​មាន​តួនាទី​ជា​មន្ត្រី​រាជការ​ត្រូវ​ដាក់​ពាក្យ​សុំ​ព្យួរ​ការងារ ​ពី​ស្ថាប័ន​ ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​សេចក្ដី​សម្រេច​ឲ្យ​ ព្យួរ​ការងារ​ផង​នៅ​ពេល​ដែល​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​សមាគម។
  • ត្រូវ​មាន​សញ្ញាប័ត្រ​យ៉ាង​ទាប​ត្រឹម​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ។
  • ជា​ជន​ដែល​គ្មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឬ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ។
  • យ៉ាង​ហោច​ណាស់​ធ្លាប់​ធ្វើ​ជា​អ្នក​ដឹកនាំ​ ឬ​គ្រប់គ្រង​ ឬ​អ្នក​សម្របសម្រួល​គម្រោង​កម្មវិធី​អ្វី​មួយ​ក្នុង​អង្គការ​ជាតិ​ ឬ​អន្តរជាតិ។

ខ. លក្ខខណ្ឌ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាភិបាល

  • មាន​សញ្ជាតិ​ខ្មែរ
  • ជា​សមាជិក​សមាគម​ដែល​មាន​អាយុ​ពី​ ១៨​ ដល់​ ៣៥​ឆ្នាំ។
  • ចូល​ជា​សមាជិក​សមាគម​យុវជន​ខ្មែរ​យ៉ាង​តិច​១​ឆ្នាំ។
  • ជា​អ្នក​មាន​បទពិសោធន៍​ការងារ​ជាមួយ​យុវជន​ ឬ​ មាន​ចំណេះដឹង​ពី​ការងារ​យុវជន​ ឬ​វិស័យ​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​សមាគម​យុវជន​ខ្មែរ។
  • ជា​ជន​ដែល​គ្មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ឬ​ ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ។


ជំពូក​ទី​៨ អំពី​ បទ​វិន័យ

[កែប្រែ]

មាត្រា​ ២០.-

ក្រុមប្រឹក្សាភិបាល​របស់​សមាគម​នឹង​ដាក់​វិន័យ​ដល់​សមាជិក​ណា​ដែល​មិន​គោរព​ លក្ខន្តិកៈ​ និង​លិខិត​បទដ្ឋាន​នានា​របស់​សមាគម​ដោយ​ប្រការ :

១. ការ​ណែនាំ​លើក​ទី​១​ លើក​ទី​២​ និង​ លើក​ចុង​ក្រោយ

២. ដក​សិទ្ធិ​សមាជិកភាព

៣. ការ​លួច​ទ្រព្យសម្បត្តិ​របស់​សមាគម​ ការ​ធ្វើ​អោយ​ខូច​កេរ្តិ៍​ឈ្មោះ​ និង​ខូច​ ប្រយោជន៍​របស់​សមាគម​ដោយ​ចេតនា​នឹង​ត្រូវ​កោះ​មក​សាកសួរ​នៅ​ចំពោះ​មុខ​ ក្រុមប្រឹក្សាភិបាល។​ ក្នុង​ករណី​មិន​អាច​សម្រុះសម្រួល​បាន​នឹង​ត្រូវ​ប្ដឹង​ទៅ​តុលាការ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ២១.-

សមាជិក​គ្រប់រូប​របស់​សមាគម​យុវជន​ខ្មែរ​មិន​អាច​យក​ឈ្មោះ​ ទង់​ ផ្លាក​សញ្ញា​ និង​ ត្រា​ របស់​សមាគម​ទៅ​ប្រើប្រាស់​ក្នុង​ន័យ​បម្រើ​គណបក្ស​នយោបាយ​ និង​បុគ្គល​ខ្លួន​ជា​ដាច់​ខាត។​ ប៉ុន្តែ​សមាជិក​ជា​បុគ្គល​អាច​ចូល​រួម​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ​ដោយ​ សេរី។

មាត្រា​ ២២.-

លទ្ធិប្រជាធិបតេយ្យ​ និង​ ការ​គោរព​សិទ្ធិ​មនុស្ស​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​ដឹកនាំ​ និង​ អភិវឌ្ឍន៍​សមាគម​យុវជន​ខ្មែរ។

មាត្រា​ ២៣.-

បុគ្គលិក​គ្រប់រូប​រួម​ទាំង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រប់​លំដាប់​ ថ្នាក់​របស់​សមាគម​យុវជន​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​ យោបល់​រិះគន់​ស្ថាបនា​ដោយ​សេរី​នៅ​ក្នុង​អង្គប្រជុំ​ដោយ​គ្មាន​ការ​រារាំង​ ឬ​គំរាម​កំហែង​ពី​ជន​ណា​ម្នាក់​ឡើយ។​ ការ​និយាយ​បរិហារកេរ្តិ៍​សមាគម​ រឺ​បុគ្គលិក​ ត្រូវ​ធ្វើ​ការ​ព្រមាន​ រឺ​ក៏​បញ្ឈប់​ពី​ការងារ​ក្នុង​ករណី​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ។


ជំពូក​ទី​៩ អំពី​ ប្រភព​មូលនិធិ​ និង​ ការ​ប្រើប្រាស់

[កែប្រែ]

មាត្រា​ ២៤.-

មូលនិធិ​របស់​សមាគម​យុវជន​ខ្មែរ​បាន​មក​ពី ៖

  • ការ​បង់​វិភាគទាន​របស់​សមាជិក​ សមាជិកា​ របស់​សមាគម។
  • អំណោយ​ផ្សេងៗ​ជា​អំណោយ​សប្បុរសធម៌​ពី​អង្គការ​ជាតិ​ និង​ អន្តរជាតិ​នានា។
  • ជំនួយ​ផ្សេងៗ​ ដែល​អង្គការ​មូលនិធិ​ផ្ដល់​អោយ​តាម​កិច្ច​ព្រមព្រៀង​លើ​កម្មវិធី​នានា​របស់​សមាគម។
  • ជំនួយ​ផ្សេងៗ​ដែល​ជា​លក្ខណៈ​ជំនួយ​គ្មាន​សំណង។

មាត្រា​ ២៥.-

រាល់​ការ​ចាយ​វាយ​ និង​ ការ​ប្រើប្រាស់​ថវិកា​របស់​សមាគម​ត្រូវ​មាន​ផែនការ​ និង​ គោលការណ៍​ច្បាស់លាស់​ និង​ មាន​តម្លាភាព​ ដែល​ប្រកប​ទៅ​ដោយ​ស្មារតី​សន្សំសំចៃ​ និង​មាន​ផលប្រយោជន៍​ចំពោះ​សមាគម​ ហើយ​រាល់​ការ​ចាយវាយ​នានា​ត្រូវ​រាយការណ៍​ជូន​មហាសន្និបាត​ អង្គប្រជុំ​ប្រចាំ​ខែ​ និង​ សន្និបាត​ប្រចាំ​ឆ្នាំ។

មាត្រា​ ២៦.-

ប្រធាន​គណនេយ្យ​មាន​តួនាទី​គ្រប់គ្រង​ចំនួន​ទឹកប្រាក់​ និង​សាច់ប្រាក់​ដោយ​ផ្ទាល់​ តែ​គ្មាន​សិទ្ធិ​បញ្ជា​ចំណាយ​ទេ។​ មាន​តែ​អាណាប័ក​ ឬ​អាណាប័ក​ផ្ទេរ​សិទ្ធិ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បញ្ជា​ចំណាយ។​ ចំពោះ​ចំណាយ​ដែល​មាន​ករណី​ប្រធាន​ស័ក្ដិ​ត្រូវ​សុំ​ការ​អនុម័ត​ពី​ ក្រុមប្រឹក្សាភិបាល។


ជំពូក​ទី​១០ អំពី​ អធិបតេយ្យភាព

[កែប្រែ]

មាត្រា​ ២៧.-

សមាគម​យុវជន​ខ្មែរ​ជា​អង្គការ​ មិនមែន​រដ្ឋាភិបាល​ ឯករាជ្យ​ មិន​បម្រើ​គណបក្ស​នយោបាយ​ និង​មិន​រក​កំរៃ។​ ដូចនេះ​សមាជិក​ នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រធាន​សាខា​ខេត្ត/ក្រុង​ ដែល​កំពុង​ប្រតិបត្តិ​ និង​ បំពេញ​មុខ​នាទី​ក្នុង​សមាគម​យុវជន​ខ្មែរ​មិន​អាច​ជា​សមាជិក​សកម្ម​នៃ​គណបក្ស ​នយោបាយ​ ឬ​ជា​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ដែល​កំពុង​កាន់​អំណាច​ឡើយ។

មាត្រា​ ២៨.-

ការិយាល័យ​ដែល​តាំង​នៅ​រាជធានី​ភ្នំពេញ​ ជា​ទីស្នាក់ការ​កណ្ដាល​របស់​សមាគម​យុវជន​ខ្មែរ។​ ទង់​ និង​ផ្លាក​សញ្ញា​របស់​សមាគម​យុវជន​ខ្មែរ​មាន​កំណត់​នៅ​ក្នុង​ឧបសម្ពន្ធ​ ១​ និង​ ឧបសម្ព័ន្ធ​ ២។

ជំពូក​ទី​១០ អំពី​ ការ​រំលាយ​សមាគម

[កែប្រែ]

មាត្រា​ ២៩.-

មាន​តែ​មហាសន្និបាត​របស់​សមាគម​យុវជន​ខ្មែរ​តែ​មួយ​គត់​ ដែល​មាន​សិទ្ធិ​រំលាយ​សមាគម​បាន​ដោយ​ឈរ​លើ​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ពីរ​ ភាគ​បី។​ ក្នុង​ករណី​មាន​សមាជិក​មហាសន្និបាត​ ចាប់​ពី​សាមសិប​ភាគរយ​ឡើង​ទៅ​មាន​សិទ្ធិ​សុំ​បន្ត​សកម្មភាព​របស់​សមាគម​បាន​ តែ​ត្រូវ​កំណត់​រយៈ​ពេល​មួយ​ឆ្នាំ​ បើ​គ្មាន​ការ​រីកចម្រើន​ត្រូវ​បញ្ចប់​សកម្មភាព​ជា​ស្វ័យប្រវត្តិ។

មាត្រា​ ៣០.-

បន្ទាប់​ពី​ត្រូវ​បាន​រំលាយ​ ទ្រព្យសម្បត្តិ​ និង​ សារពើភ័ណ្ឌ​របស់​សមាគម​ទាំងអស់​ត្រូវ​ធ្វើ​ជា​អំណោយ​ដល់​សមាគម​ឬ​អង្គការ​ នានា​ដែល​មាន​អព្យាក្រិតភាព​ និង​ ឯករាជ្យ​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។


ជំពូក​ទី​១១ អំពី​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ

[កែប្រែ]

មាត្រា​ ៣១.-

មាន​តែ​មហាសន្និបាត​របស់​សមាគម​យុវជន​ខ្មែរ​ទេ​ ដែល​អាច​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់​សមាគម​យុវជន​ខ្មែរ​បាន​ តែ​ត្រូវ​ឈរ​លើ​សំលេង​យល់ព្រម​ ៥០​បូក​ ១​ នៃ​សមាជិក​ចូលរួម​មហាសន្និបាត។

មាត្រា​ ៣២.-

ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ដែល​ប៉ះពាល់​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​សមាជិក​ ឬ​ បុគ្គលិក​ត្រូវ​ហាម​ឃាត់​ជា​ដាច់ខាត។


ជំពូក​ទី​១២ អំពី​ អន្តរ​បញ្ញត្តិ

[កែប្រែ]

មាត្រា​ ៣៣.-

លក្ខន្តិកៈ​នេះ​ ក្រោយ​ពី​បាន​ធ្វើ​ការ​អនុម័ត​ត្រូវ​ប្រកាស​អោយ​ចូល​ជា​ធរមាន​ភ្លាម​ដោយ​ អង្គ​មហាសន្និបាត​ និង​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សមាគម​ដែល​កំពុង​មាន​សុពលភាព។

មាត្រា​ ៣៤.-

លក្ខន្តិកៈ​ និង​លិខិត​បទដ្ឋាន​ទាំងឡាយ​នៅ​សមាគម​យុវជន​ខ្មែរ​ ដែល​ធានា​ការពារ​នូវ​ទ្រព្យសម្បត្តិ​សមាគម​សិទ្ធិ​ សេរីភាព​ និង​ផលប្រយោជន៍​ត្រឹមត្រូវ​តាម​ច្បាប់​របស់​សមាជិក​ត្រូវ​មាន​អានុភាព​ អនុវត្ត​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​មាន​អត្ថបទ​ថ្មី​មក​កែប្រែ​ឬ​លុប​ចោល។​ លើក​លែង​តែ​បទបញ្ញត្តិ​ណា​ដែល​ផ្ទុយ​នឹង​ស្មារតី​នៃ​លក្ខន្តិកៈ​នេះ។

កំណត់​ចំណាំ

[កែប្រែ]

ការ​កែប្រែ​ និង​ វិសោធនកម្ម​លក្ខន្តិកៈ
(មហាសន្និបាត​ របស់​សមាគម​យុវជន​ខ្មែរ​ បាន​ធ្វើ​វិសោធនកម្ម​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៥) ការ​ធ្វើ​វិសោធនកម្ម​ និង​ កែប្រែ​លក្ខន្តិកៈ​ ទៅ​លើ៖

  • ជំពូក​ទី​ ១ : មាត្រា​៣
  • ជំពូក​ទី​ ២ : មាត្រា​៤
  • ជំពូក​ទី​ ៤ : មាត្រា​ ៥ មាត្រា​ ៨​ មាត្រា​ ៩​ មាត្រា​ ១១
  • ជំពូក​ទី​ ៥ : (បន្ថែម​ថ្មី)១
  • ជំពូក​ទី​ ៦ : មាត្រា​ ១៨
  • ជំពូក​ទី​ ៧ : (បន្ថែម​ថ្មី)២
  • ជំពូក​ទី​ ៨ : មាត្រា​ ២០​ មាត្រា​ ២២​ មាត្រា​ ២៣
  • ជំពូក​ទី​ ៩ : មាត្រា​ ២៦
  • ជំពួក​ទី​ ១០ : មាត្រា​ ២៧​ មាត្រា​ ២៨
  • ជំពូក​ទី​ ១១ : មាត្រា​ ២៩
  • ជំពូក​ទី​ ១២ : (បន្ថែម​ថ្មី)៣


ប្រភពពត៌មាន

[កែប្រែ]