សិង្គាលកសូត្រ

ពីវិគីភីឌា

សិង្គាលកសូត្រ

[៤៣] ខ្ញុំ​បាន​ស្តាប់មក​យ៉ាង​នេះ​ ។ សម័យ​មួយ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ក្នុង​វត្តវេឡុវន ជាកលន្ទកនិវាប​ស្ថាន​ ជិតក្រុងរាជគ្រឹះ ។ សម័យ​នោះ​ឯង ​កូន​គហបតីឈ្មោះសិង្គាលកៈ [ហៅថា សិគាលកៈ ​ក៏​មាន​ ​ដូច​គ្នា​នឹង​ពាក្យ​ថា មហឹសៈ ​និង​មហិសៈ សិរឹសបៈ ​នឹង​សិរិសបៈ​ជា​ដើម​ ឃើញថាហៅថា​ដូច​គ្នា​ទាំង​ ២ ​យ៉ាង​ ។] ​ក្រោក​ឡើង​អំពីព្រឹក ​មាន​សំពត់ស្លៀកដណ្តប់ទទឹក ​និង​សក់ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំ​ទិស​ទាំង​ឡាយច្រើន ​គឺ​ទិស​ខាង​កើត​ ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម ​និង​ទិស​ខាងលើ ។

[៤៤] លំដាប់​នោះ​ឯង ​ព្រះ​មាន​ព្រះ​ភាគ ស្តេច​ទ្រង់​ស្បង់ ​និង​បាត្រចីវរ​ក្នុង​បុព្វណ្ហសម័យ ​ហើយ​ស្តេចចូល​ទៅ​កាន់​ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត្រ ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ទតឃើញសិង្គាលកគហបតិបុត្ត ​ក្រោក​ឡើង​អំពីព្រឹក ​មាន​សំពត់ស្លៀកដណ្តប់ទទឹក ​និង​សក់ទទឹក ចេញពីក្រុងរាជគ្រឹះ កំពុងផ្គងអញ្ជលី ថ្វាយបង្គំ​ទិស​ទាំង​ឡាយច្រើន ​គឺ​ទិស​ខាង​កើត​ ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម ​និង​ទិស​ខាងលើ លុះ​ទ្រង់​ឃើញ​ហើយ​ ​ទើប​ទ្រង់​ត្រាស់សួរសិង្គាលកគហបតិបុត្ត​ដូច្នេះ​ថា នែគហបតិបុត្ត ​ហេតុ​អ្វី​ ​ទើប​អ្នក​ក្រោក​អំពីព្រឹក ​មាន​សំពត់ស្លៀកដណ្តប់ទទឹក ​និង​សក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំ​ទិស​ទាំង​ឡាយច្រើន ​គឺ​ទិស​ខាង​កើត​ ។បេ។ ​ទិស​ខាងលើ ។ សិង្គាលកគហបតិបុត្ត ក្រាបបង្គំទូលថា បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ កាលបិតា​របស់​ខ្ញុំជិត​នឹង​ធ្វើ​មរណភាព ​បាន​ផ្តាំ​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ថា ហៃបា ​អ្នក​ត្រូវ​តែថ្វាយបង្គំ​ទិស​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​នោះ​ ​ធ្វើ​សក្ការៈគោរព រាប់អាន បូជា​នូវ​ពាក្យ​របស់​បិតា ​បាន​ជា​ក្រោក​ឡើង​អំពីព្រឹក ​មាន​សំពត់ស្លៀកដណ្តប់ទទឹក ​និង​សក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលី ថ្វាយបង្គំ​ទិស​ទាំង​ឡាយដ៏ច្រើន ​គឺ​ទិស​ខាង​កើត​ ។បេ។ ​ទិស​ខាងលើ ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់ថា នែគហបតិបុត្ត ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ គេ​មិន​ត្រូវ​ថ្វាយបង្គំ​ទិស​ទាំង​ ៦ ​យ៉ាង​ ​ដូច្នេះ​ទេ ។ សិង្គាលកគហបតិបុត្ត ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ​ចំណែក​ក្នុង​អរិយវិន័យ គេគប្បីថ្វាយបង្គំ​ទិស​ទាំង​ ៦ ​ដូច​ម្តេច បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ បើ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ គេគប្បីថ្វាយបង្គំ ​ចំពោះ​ទិស​ទាំង​ ៦ ​យ៉ាង​ណា សូម​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ធម៌​ ដល់ខ្ញុំ​ព្រះ​អង្គដូច្នោះចុះ ។

[៤៥] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់ថា នែគហបតិបុត្ត បើដូច្នោះ ​អ្នក​ចូរស្តាប់ចុះ ចូរកំណត់​ទុក​ក្នុង​ចិត្ត​ឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង​ប្រាប់ ។ សិង្គាលកគហបតិបុត្ត ​ក៏​ទទួល​ស្តាប់​ព្រះ​ពុទ្ធដីកា​ព្រះ​មាន​ព្រះ​ភាគថា បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ​យ៉ាង​ហ្នឹង​ហើយ​ ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ​ម្នាល​គហបតិបុត្ត អរិយសាវ័ក លះបង់​នូវ​កម្មក្កិលេស (​អំពើ​ដ៏សៅហ្មង) ៤ ប្រការផង ​មិន​ធ្វើ​នូវ​បាបកម្ម (​អំពើ​អាក្រក់​) ​ព្រោះ​ហេតុ​ ៤ ​យ៉ាង​ផង ​មិន​សេព​នូវ​អបាយមុខ (​គឺ​ប្រធាន​នៃ​សេចក្តី​វិនាស​) ​នៃ​ភោគៈ ៦ ​យ៉ាង​ផង អរិយសាវ័ក​នោះ​ លោកវៀរ​ចាក​បាប​ធម៌​ទាំង​ ១៤ ​យ៉ាង​នេះ​ ឈ្មោះថា ជា​អ្នក​បិទ​បាំង​ទិស​ទាំង​ ៦ ប្រតិបត្តិដើម្បីជំនះ​ក្នុង​លោក​ទាំង​ ២ ​គឺ​លោក​នេះ​ ​ក៏​អរិយសាវ័ក​នោះ​ ​បាន​ប្រារព្ធ ​គឺ​ថា​បាន​ពេញចិត្ត​ហើយ​ លោកខាងមុខ​ក៏​ពេញចិត្តទៀត ។ លុះអរិយសាវ័ក​នោះ​ ទម្លាយរាងកាយ​ទៅ​ ​រមែង​កើត​ក្នុង​មនុស្ស​សុគតិសួគ៌ទេវលោក ។ កម្មក្កិលេស ៤ ប្រការ ​ដែល​អរិយសាវ័ក​នោះ​ លះបង់​ហើយ​ដូច​ម្តេច ? ​ម្នាល​គហបតិបុត្ត [1] ការ​ធ្វើ​សត្វ​មាន​ជីវិត ​ឲ្យ​ធ្លាក់ចុះកន្លង (​សម្លាប់​សត្វ) ជា កម្មក្កិលេស; [2] ការ​កាន់​យក​ទ្រព្យ ​ដែល​ម្ចាស់គេ​មិន​ឲ្យ​ ជាកម្មក្កិលេស; [3] ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំង​ឡាយ ជាកម្មក្កិលេស; [4] ការ​និយាយ​ពាក្យ​កុហក ជាកម្មក្កិលេស ។ កម្មក្កិលេស ៤ ប្រការ​នេះ​ ​ដែល​អរិយសាវ័ក​នោះ​ ​បាន​លះបង់​ហើយ​ ។ ​ព្រះ​មាន​ព្រះ​ភាគ ​បាន​សំដែង​ពាក្យ​នេះ​ហើយ​ ​ព្រះ​សុគតជា​សាស្តា​ លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ​ ​ទើប​សំដែង​គាថា​ព័ន្ធ​នេះ​ ត​ទៅ​ទៀតថា ៖

[៤៦] [1] ការ​សម្លាប់​សត្វ, [2] លួចទ្រព្យគេ, [3] ​និយាយ​កុហក, [4] សេពភរិយាបុគ្គលដទៃ ហៅថា ( កម្មក្កិលេស ) បណ្ឌិត​ទាំង​ឡាយ ​មិន​សរសើរ​ឡើយ ។

[៤៧] អរិយសាវ័ក​មិន​ធ្វើ​នូវ​បាបកម្ម ​ព្រោះ​ហេតុ​ ៤ ​យ៉ាង​ ​ដូច​ម្តេចខ្លះ​? បុថុជ្ជន លុះអគតិ​ព្រោះ​ស្រឡាញ់ ​ក៏​ធ្វើ​បាបកម្ម លុះអគតិ​ព្រោះ​ស្អប់ ​ក៏​ធ្វើ​បាបកម្ម លុះអគតិ​ព្រោះ​ល្ងង់ ​ក៏​ធ្វើ​បាបកម្ម លុះអគតិ​ព្រោះ​ខ្លាច ​ក៏​ធ្វើ​បាបកម្ម ។ ​ម្នាល​គហបតិបុត្ត អរិយសាវ័ក ​មិន​លុះអគតិ​ព្រោះ​ស្រឡាញ់ ​មិន​លុះអគតិ​ព្រោះ​ស្អប់ ​មិន​លុះអគតិ​ព្រោះ​ល្ងង់ ​មិន​លុះអគតិ​ព្រោះ​ខ្លាច ​ព្រោះ​ហេតុ​ទាំង​ ៤ ណា ។ អរិយសាវ័ក​នោះ​ ឈ្មោះថា ​មិន​ធ្វើ​បាបកម្ម ​ព្រោះ​ហេតុ​ ៤ ​យ៉ាង​នេះ​ ។ ​ព្រះ​មាន​ព្រះ​ភាគ ​បាន​សំដែង​ពាក្យ​នេះ​ហើយ​ ​ព្រះ​សុគត ជា​សាស្តា​ លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ​ ​ទើប​សំដែង​គាថា​ព័ន្ធ​នេះ​ ត​ទៅ​ទៀតថា

[៤៨] ​អ្នក​ណា ប្រព្រឹត្តកន្លង​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់ ​ព្រោះ​សេចក្តី​ស្អប់ ​ព្រោះ​សេចក្តី​ខ្លាច ​ព្រោះ​សេចក្តី​វង្វេង យស​របស់​អ្នក​នោះ​ ​រមែង​សាបសូន្យ​ទៅ​ ​ដូច​ព្រះ​ចន្ទខាងរនោច ។ ​អ្នក​ណា​មិន​ប្រព្រឹត្តកន្លង​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់ ​ព្រោះ​សេចក្តី​ស្អប់ ​ព្រោះ​សេចក្តី​ខ្លាច ​ព្រោះ​សេចក្តី​វង្វេង យស​របស់​អ្នក​នោះ​ ​រមែង​ពេញបរិបូណ៌ ​ដូច​ព្រះ​ចន្ទខាងខ្នើត ។

[៤៩] អរិយសាវ័ក ​មិន​សេព​នូវ​ធម៌​ ជាប្រធាន​នៃ​សេចក្តី​វិនាស​ភោគ ៦ ​យ៉ាង​ ​ដូច​ម្តេចខ្លះ ? ​ម្នាល​គហបតិបុត្ត ​[1] កិរិយា​ប្រកប​រឿយៗ ​នូវ​ការ​ផឹក​ទឹកស្រវឹង ​គឺ​សុរា ​និង​មេរ័យ ​ដែល​ជា​ហេតុ​ ជាទីតាំង​នៃ​សេចក្តី​ប្រមាទ ជាប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ; [2] ​បាន​ប្រកប​រឿយៗ ​នូវ​ការត្រាច់​ទៅ​តាម​ច្រកល្ហក​ខុស​កាល ជាប្រធាន​នៃ​សេចក្តី​វិនាស​ភោគ; [3] ការ​ដើរ​មើល​មហោស្រពជាប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ; [4] ការ​ប្រកប​រឿយៗ ​នូវ​ហេតុ​ជាទីតាំង ​នៃ​សេចក្តី​ប្រមាទ ​គឺ​លេង​ល្បែង​ភ្នាល់ ជាប្រធាន ​នៃ​សេចក្តី​វិនាស​ភោគៈ; [5] ការសេព​នូវ​បាប​មិត្ត​ ជាប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ; [6] ការ​ប្រកប​រឿយៗ ​នូវ​សេចក្តី​ខ្ជិល​ ជាប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ។

[៥០] ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​កិរិយា​ប្រកប​រឿយៗ ​នូវ​ការ​ផឹក​ទឹកស្រវឹង ​គឺ​សុរា​និង​មេរ័យ ​ដែល​ជា​ហេតុ​ ជាទីតាំង​នៃ​សេចក្តី​ប្រមាទ​នេះ​មាន​ ៦ ​យ៉ាង​ ​គឺ​ [1] ​វិនាស​ទ្រព្យ​ដែល​ឃើញជាក់ស្តែង​ខ្លួន​ឯង, [2] ការក​ឲ្យ​កើត​ជម្លោះ, [3] ​ហេតុ​នាំ​ឲ្យ​កើត​រោគ​ទាំង​ឡាយ, [4] ការនាំ​ឲ្យ​ខូចឈ្មោះ, [5] ការបង្ហាញកេរ្តិ៍ខ្មាស, ហេតុ​ជាគម្រប់ ៦ ​គឺ​ [6] ធ្វើ​បញ្ញា​ឲ្យ​មាន​កម្លាំង​ថយ ។ ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​ការ​ផឹក​ទឹកស្រវឹង ​គឺ​សុរា ​និង​មេរ័យ ​ដែល​ជា​ហេតុ​ ជាទីតាំង ​នៃ​សេចក្តី​ប្រមាទ​មាន​ ៦ ​យ៉ាង​នេះ​ឯង ។

[៥១] ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​ការ​ដើរ​ទៅ​តាម​ច្រកល្ហក​ខុស​កាល​នេះ​មាន​ ៦ ​យ៉ាង​ ​គឺ [1] ​អ្នក​នោះ​ឈ្មោះថា ​មិន​គ្រប់គ្រង ​មិន​រក្សា​ខ្លួន​, [2] ​អ្នក​នោះ​ឈ្មោះថា ​មិន​គ្រប់គ្រង ​មិន​រក្សា​កូន​ប្រពន្ធ, [3] ​អ្នក​នោះ​ឈ្មោះថា ​មិន​គ្រប់គ្រង ​មិន​រក្សា​ទ្រព្យសម្បត្តិ, ​[4] សេចក្តី​រង្កៀស ​តែង​កើត​មាន​ក្នុង​កន្លែង (​ដែល​ខ្លួន​ទៅ​ដល់) ​នោះ​ៗ, [5] ​ពាក្យ​មិន​ពិត ​តែង​ធ្លាក់មក​ត្រូវ​លើបុគ្គល​នោះ ​[​រមែង​ត្រូវ​គេចោទបង្កាច់ ​ក្នុង​អំពើ​ដែល​ខ្លួន​មិន​បាន​ធ្វើ​សោះ ​ព្រោះ​ជាន់​ដាន​ចោរ], [6] បុគ្គល​នោះ​ឈ្មោះថា បំពេញ​នូវ​ធម៌​ទុក្ខ​ច្រើន ។ ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​កិរិយា​ត្រាច់​ទៅ​ ​តាម​ច្រកល្ហក​ខុស​កាល ​មាន​ ៦ ​យ៉ាង​នេះ​ឯង ។

[៥២] ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ដើរ​មើល​ល្បែង​ មហោស្រព​នេះ​ ៦ ​យ៉ាង​ ​គឺ [1] ​របាំ​ក្នុង​ទីណា ​ក៏​ទៅ​ក្នុង​ទី​នោះ​, [2] ចម្រៀង​ក្នុង​ទីណា ​ក៏​ទៅ​ក្នុង​ទី​នោះ​, [3] ការប្រគំ​ក្នុង​ទីណា ​ក៏​ទៅ​ក្នុង​ទី​នោះ​, [4] គេប្រជុំ​និយាយ​រឿង​ព្រេងឥត​ប្រយោជន៍​ (​មាន​រឿង​ចម្បាំង​នៃ​មហាភារតៈ ​និង​រឿង​នាង​សិតា​ជា​ដើម​) ​ក្នុង​ទីណា ​ក៏​ទៅ​ក្នុង​ទី​នោះ​, [5] ​ល្បែង​វាយ​គង [បើ​តាម​ព្យញ្ជនៈ គួរប្រែថា ​ល្បែង​លេង​ទះទៃ ​គឺ​ច្រៀប្របកៃ] ក្នុង​ទីណា ​ក៏​ទៅ​ក្នុង​ទី​នោះ​​, ​[6] ល្បែង​វាយ​រនាត​ក្នុង​ទីណា ​ក៏​ទៅ​ក្នុង​ទី​នោះ​ ។ ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​កិរិយា​ដើរ​មើល​ល្បែង​ មហោស្រព ​មាន​ ៦ ​យ៉ាង​នេះ​ឯង ។

[៥៣] ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​ការ​លេង​ល្បែង​ភ្នាល់ ​ដែល​ជា​ហេតុ​ ជាទីតាំង ​នៃ​សេចក្តី​ប្រមាទ​នេះ​ ​មាន​ ៦ ​យ៉ាង​ ​គឺ​ [1] បុគ្គល​នោះ​ បើឈ្នះគេ ​តែង​បាន​ពៀរ, [2] បើចាញ់គេ ​តែង​សោកស្តាយទ្រព្យសម្បត្តិ, [3] ​វិនាស​ទ្រព្យសម្បត្តិ ​ដែល​ឃើញជាក់ស្តែង ទាន់ភ្នែក, [4] ​កាលបើ​ទៅ​សាលាវិនិច្ឆ័យ គេ​មិន​ជឿស្តាប់​ពាក្យ​, [5] ពួក​មិត្ត​អាមាត្យ ​តែង​បោះបង់ចោល, [6] ជាបុគ្គល​ដែល​គេ​មិន​ត្រូវ​ការដណ្តឹង ​ឬ​ឲ្យ​កូន​ស្រី ​ព្រោះ​គេគិតថា ​បុរស​បុគ្គល​អ្នក​លេង​ល្បែង​ភ្នាល់ ​មិន​អាចចិញ្ចឹមប្រពន្ធ​បាន​ទេ ។ ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​ការ​លេង​ល្បែង​ភ្នាល់ ​ដែល​ជា​ហេតុ​ ជាទីតាំង​នៃ​សេចក្តី​ប្រមាទ ​មាន​ ៦ ​យ៉ាង​នេះ​ឯង ។

[៥៤] ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការសេពគប់ ​នូវ​បាប​មិត្ត​នេះ​ ​មាន​ ៦ ​យ៉ាង​ ​គឺ​ [1] ពួកជន​ដែល​ជា​អ្នក​លេង​ល្បែង​ភ្នាល់, [2] ជន​ដែល​ជា​អ្នក​លេង[​អ្នក​លេង​ ​មាន​ ៤ ​យ៉ាង​ ​គឺ [1] ​អ្នក​លេង​ស្រី, ​[2] អ្នក​លេង​ភត្ត, [3] ​អ្នក​លេង​ផឹក​ស្រា, [4] ​អ្នក​លេង​មើមឈើ ​មាន​ស៊ីមើមដំឡូង​ជា​ដើម​ ។ ] ស្រី, [2] ជន​ដែល​ជា​អ្នក​លេង​ផឹក​សុរា, [3] ជន​ដែល​ជា​អ្នក​បោកប្រាស បញ្ឆោត​អ្នក​ដទៃ ​ដោយ​របស់​ក្លែង, [4] ជន​ដែល​ជា​អ្នក​បំបាត់​ប្រវ័ញ្ចន៍​អ្នក​ដទៃ ​ក្នុង​ទី​ចំពោះ​មុខ, [5] ជន​ដែល​ជា​អ្នក​ឆក់​ដណ្តើម​ទ្រព្យ​អ្នក​ដទៃ; ជន​ទាំង​នោះ​ជា​មិត្ត​ជា​សំឡាញ់​របស់​ជន​នោះ​ ។ ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការសេពគប់​នូវ​បាប​មិត្ត​ ​មាន​ ៦ ​យ៉ាង​នេះ​ឯង ។

[៥៥] ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​សេចក្តី​ខ្ជិល​នេះ​ ​មាន​ ៦ ​យ៉ាង​ ​គឺ​ [1] មិន​ធ្វើ​ការងារ​ដោយ​អាង​ថា ត្រជាក់​ណាស់​, [2] ​មិន​ធ្វើ​ការងារ ​ដោយ​អាង​ថា​ក្តៅ​ណាស់​, [3] ​មិន​ធ្វើ​ការងារ ​ដោយ​អាង​ថា​ល្ងាច​ណាស់​, [4] ​មិន​ធ្វើ​ការងារ ​ដោយ​អាង​ថាព្រឹក​ណាស់​, [5] ​មិន​ធ្វើ​ការងារ ​ដោយ​អាង​ថាឃ្លាន​ណាស់​, [6] ​មិន​ធ្វើ​ការងារ ​ដោយ​អាង​ថាស្រេក​ណាស់​ ​កាលបើ​ជន​អ្នក​ខ្ជិល​ច្រអូស​នោះ​ ច្រើន​ដោយ​ការ​ពោល​អាង​កិច្ច​យ៉ាង​នេះ​ ភោគ​ទាំង​ឡាយ ​ដែល​មិន​ទាន់​កើត​ ​ក៏​ខាន​កើត​ឡើង​ផង ភោគៈ​ទាំង​ឡាយ ​ដែល​កើត​ឡើង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​រេចរឹល​ទៅ​វិញផង ។ ​ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​សេចក្តី​ខ្ជិល​ ​មាន​ ៦ ​យ៉ាង​នេះ​ឯង ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​បាន​សំដែង​ធម៌​នេះ​ហើយ​ ​ព្រះ​សុគត ជា​សាស្តា​ លុះ​សំដែង​ធម៌​នេះ​ហើយ​ ​ទ្រង់​សំដែង​គាថា​ព័ន្ធ​នេះ​ ត​ទៅ​ទៀតថា

[៥៦] បុគ្គលខ្លះជា​មិត្ត​សំឡាញ់​​បាន​តែ​ក្នុង​រោងសុរា​ក៏​មាន;​ បុគ្គលខ្លះថា ​សំឡាញ់​ៗ តែនៅ​ចំពោះ​មុខ​ក៏​មាន;​ បុគ្គលណា ​កាលបើ​ប្រយោជន៍​ (​ខ្លួន​) ​កើត​ឡើង​ទើប​ធ្វើ​ជា​សំឡាញ់​បុគ្គល​នោះ​ មកជា​សំឡាញ់​នឹង​ខ្លួន​ក៏​មាន​ ។ ​កិរិយា​ដេកដល់ថ្ងៃ, ​ធ្វើ​សេវន​កិច្ច​នឹង​ប្រពន្ធ​អ្នក​ដទៃ, ភាវៈជា​អ្នក​មាន​ពៀរច្រើន, ភាវៈជា​អ្នក​ធ្វើ​អំពើ​ឥត​ប្រយោជន៍​, បាប​មិត្ត​, ភាវៈជា​អ្នក​កំណាញ់ស្វិតស្វាញ, ​ហេតុ​ទាំង​ ៦ នុ៎ះ ​រមែង​បំផ្លាញ​បុរស​ (​ឲ្យ​វិនាស​) ។ នរជន ​ដែល​មាន​មិត្ត​អាក្រក់​ ​មាន​សំឡាញ់​អាក្រក់​ ​មាន​មារយាទ ​និង​គោចរ​អាក្រក់​ ​តែង​វិនាស​ចាក​លោក​ទាំង​ ២ ​គឺ​លោក​នេះ​ ​និង​លោកខាងមុខ ។ ​ល្បែង​ភ្នាល់ ​ល្បែង​ស្រី ​និង​ល្បែង​សុរា; របាំ ​និង​ចម្រៀង; ការដេកថ្ងៃ; ការ​ឲ្យ​គេ​បម្រើ​ខ្លួន​ ​ក្នុង​កាល​មិន​គួរ; ពួក​មិត្ត​អាក្រក់​; ភាវៈជា​អ្នក​មាន​សេចក្តី​កំណាញ់ស្វិតស្វាញ; ​ហេតុ​ទាំង​ ៦ ​នេះ​ ​តែង​បំផ្លាញ​បុរស​ឲ្យ​វិនាស​ ។ ពួកជន​លេង​ល្បែង​ភ្នាល់ ​ផឹក​សុរា ​ធ្វើ​សេវន​កិច្ច​នឹង​ស្រី ​ដែល​ស្មើ​ដោយ​ជីវិត​របស់​បុរស​ដទៃ សេពគប់​នឹង​បុគ្គលថោកទាប (ខាតលក្ខណ៍)​មិន​សេពគប់​នឹង​បុគ្គល ​ដែល​មាន​សេចក្តី​ចម្រើន​ (គ្រប់លក្ខណ៍) យស​របស់​ពួកជន​នោះ​ឯង ​តែង​សាបសូន្យ ​ដូច​ព្រះ​ចន្ទខាងរនោច ។ ជន​ដែល​ជា​អ្នក​ផឹក​សុរា ជា​អ្នក​ខ្សត់ទ្រព្យ ជា​អ្នក​ឥត​មាន​កង្វល់ ​ដោយ​ការងារចិញ្ចឹមជីវិត ​មាន​តែស្រវឹងជានិច្ច ប្រាស​ចាក​សេចក្តី​ចម្រើន​ លិចចុះ​ក្នុង​បំណុល ​ដូច​ដុំថ្មលិចចុះ​ទៅ​ក្នុង​ទឹក បុគ្គល​នោះ​ ​តែង​ធ្វើ​ការងារ​ឲ្យ​វឹកវរ ដល់​ខ្លួន​ដោយ​ឆាប់ ។ បុគ្គលដេក​ក្នុង​វេលាថ្ងៃ ជាប្រក្រតី ​មិន​ក្រោក​ឡើង​ពីយប់ ជាប្រក្រតី ជា​អ្នក​ស្រវឹងជានិច្ច ជា​អ្នក​លេង​ល្បែង​ ​មិន​អាច​នឹង​គ្រប់គ្រងផ្ទះសម្បែង​បាន​ ។ ​ប្រយោជន៍​ទាំង​ឡាយ ​តែង​កន្លងហួស​មនុស្ស​ដែល​លះបង់ចោល​នូវ​ការងារ ​ដោយ​ពោល​អាង​ថា វេលា​នេះ​ ត្រជាក់​ណាស់​ ​ក្តៅ​ណាស់​ ​ល្ងាច​ណាស់​ ។ ជនណា​មួយ​ ​ធ្វើ​នូវ​កិច្ច​ការ​របស់​បុរស​ ​មិន​អើពើ​នូវ​ត្រជាក់ ​និង​ក្តៅ​ ក្រៃលែង​ជាង​ស្មៅ (​ទៅ​ទៀត) ជន​នោះ​ ​រមែង​មិន​សាបសូន្យ​ចាក​សេចក្តី​សុខឡើយ ។

[៥៧] ​ម្នាល​គហបតិបុត្ត ​អ្នក​ត្រូវ​ស្គាល់​ពួក​មនុស្ស​ ​ដែល​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម ៤ ពួក​នេះ​គឺ​ ​[1] អ្នក​ត្រូវ​ស្គាល់​ពួក​មនុស្ស​ ​ដែល​គិត​យក​តែ​ប្រយោជន៍​ខ្លួន​ថា ​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម; [2] ​អ្នក​ត្រូវ​ស្គាល់​ពួក​មនុស្ស​ ល្អតែ​សំដី​ថា ​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម; [3] ​អ្នក​ត្រូវ​ស្គាល់​មនុស្ស​ ​ដែល​និយាយ​ចាក់​បណ្តោយ ​ឲ្យ​គាប់​ចិត្តថា ​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម; [4] ​អ្នក​ត្រូវ​ស្គាល់​មនុស្ស​ ជា​សំឡាញ់​ ​ក្នុង​ការ​វិនាស​ភោគៈ​ទាំង​ឡាយថា ​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម ។

[៥៨] ​ម្នាល​គហបតិបុត្ត ​មនុស្ស​គិត​យក​តែ​ប្រយោជន៍​ខ្លួន​ ​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម (​នោះ​) ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​ ​គឺ​ [1] ​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​, [2] ​មិត្ត​ប្រាថ្នា​យក​របស់​ច្រើន ​ដោយ​(​ឲ្យ​)​ របស់​តិចតួច, [3] ទាល់តែ​មាន​ភ័យ ​ទើប​ជួយ​ធ្វើ​កិច្ច​របស់​មិត្ត​, [4] សេពគប់​មិត្ត​ ​ព្រោះ​ហេតុ​តែ​ប្រយោជន៍​ ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​ ​មិន​មែនជា​មិត្ត​ទេ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។

[៥៩] ​ម្នាល​គហបតិបុត្ត ​មិត្ត​ល្អតែ​សំដី​ ​មិន​មែនជា​មិត្ត​ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​គឺ​ [1] មិត្ត​ទទួល​រាក់ទាក់​ដោយ​របស់​ដែល​កន្លង​ហើយ​, [2] ​ទទួល​រាក់ទាក់​ដោយ​របស់​ដែល​មិន​ទាន់​មាន​មក, [3] សង្គ្រោះ​ដោយ​អំពើ​ឥត​ប្រយោជន៍​, [4] កាល​កិច្ច​ទាំង​ឡាយ ​កើត​ឡើង​ភ្លាមៗ ​ក៏​សំដែង​អាង​របស់​ខូចខាត [ពឹងការ​អ្វី​មិន​បាន​ បើ​ត្រូវ​ពឹងរក​អ្វី​ៗ ​ក៏​ប្រាប់ថា​របស់​នោះ​ ខូច​នេះ​ បាត់​នោះ​ជា​ដើម​ ។] ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​ល្អតែ​សំដី​ ​មិន​មែនជា​មិត្ត​ទេ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។

[៦០] ​ម្នាល​គហបតិបុត្ត ​មិត្ត​និយាយ​ចាក់​បណ្តោយ ​ឲ្យ​គាប់​ចិត្ត ​មិន​មែនជា​មិត្ត​ទេ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​ ​គឺ​ [1] ​បើ​មិត្ត​ធ្វើ​អំពើ​អាក្រក់​ ​ក៏​យល់ព្រម​តាម​, [2] ​មិត្ត​ធ្វើ​អំពើ​ល្អ ​ក៏​យល់ព្រម​តាម​, [3] ពណ៌នាគុណ​មិត្ត​ តែ​ក្នុង​ទី​ចំពោះ​មុខ, [4] ​ពោល​ទោស​មិត្ត​ ​ក្នុង​ទី​កំបាំង​មុខ ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​និយាយ​ចាក់​បណ្តោយ ​ឲ្យ​គាប់​ចិត្ត ​មិន​មែនជា​មិត្ត​ទេ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។

[៦១] ​ម្នាល​គហបតិបុត្ត ​មនុស្ស​ជា​សំឡាញ់​ ​ក្នុង​ផ្លូវ​វិនាស​ ​មិន​មែនជា​មិត្ត​ទេ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​ ​គឺ [1] ​ជា​សំឡាញ់​ក្នុង​កិរិយា​ប្រកប​រឿយៗ ​នូវ​ការ​ផឹក​ទឹកស្រវឹង ​គឺ​សុរាមេរ័យ ​ដែល​ជាទីតាំង​នៃ​សេចក្តី​ប្រមាទ, [2] ជា​សំឡាញ់​ក្នុង​ការ​ប្រកប​រឿយៗ ​នូវ​ការត្រាច់​ទៅ​តាម​ច្រកល្ហក ​ខុស​កាល, [3] ជា​សំឡាញ់​ក្នុង​កិរិយា​ដើរ​មើល​ល្បែង​ មហោស្រព, [4] ជា​សំឡាញ់​ក្នុង​កិរិយា​ប្រកប​រឿយៗ ​នូវ​ល្បែង​ភ្នាល់ ​ដែល​ជា​ហេតុ​ ជាទីតាំង​នៃ​សេចក្តី​ប្រមាទ ។ ​ម្នាល​គហបតិបុត្ត ​មនុស្ស​ជា​សំឡាញ់​ ​ក្នុង​ផ្លូវ​វិនាស​ ​មិន​មែនជា​មិត្ត​ទេ ​គ្រាន់​តែជា​មិត្ត​ប្លម ​អ្នក​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​បាន​សំដែង​សេចក្តី​នេះ​ លុះ​ព្រះ​សុគត ជា​សាស្តា​ ​សំដែង​សេចក្តី​នេះ​ហើយ​ ​ទើប​ទ្រង់​សំដែង​ពាក្យ​គាថា​ព័ន្ធ ត​ទៅ​ទៀតថា

[៦២] [1] បុគ្គល​ដែល​ជា​មិត្ត​ គិត​យក​តែ​ប្រយោជន៍​ខ្លួន​, [2] បុគ្គល​ដែល​ជា​មិត្ត​ ល្អតែ​សំដី​, [3] បុគ្គល​ដែល​និយាយ​ចាក់​បណ្តោយ ​ឲ្យ​គាប់​ចិត្ត, [4] បុគ្គល​ដែល​ជា​សំឡាញ់​ ​ក្នុង​ផ្លូវ​វិនាស​, បណ្ឌិត ​ដឹង​ថាបុគ្គល​ទាំង​ ៤ ពួកនុ៎ះ ​មិន​មែនជា​មិត្ត​ហើយ​ គប្បី​ចៀស​វាង​ឲ្យ​ឆ្ងាយ ​ដូច​ជា​អ្នក​ដំណើរ ​ចៀស​វាងផ្លូវ​ដែល​ប្រកប​ដោយ​ភ័យ ដូច្នោះ ។

[៦៣] ​ម្នាល​គហបតិបុត្រ ​មនុស្ស​ ៤ ពួក​នេះ​ ​អ្នក​ត្រូវ​ដឹង​ថា ជា​មិត្ត​ ​មាន​សន្តាន​ល្អ ​គឺ [1] ​មិត្ត​មាន​ឧបការៈ ​អ្នក​ត្រូវ​ដឹង​ថា ជា​មិត្ត​មាន​សន្តាន​ល្អ, [2] ​មិត្ត​រួមសុខ​ទុក្ខ​ ​អ្នក​ត្រូវ​ដឹង​ថា ជា​មិត្ត​មាន​សន្តាន​ល្អ, [3] ​មិត្ត​ប្រាប់​ប្រយោជន៍​ ​អ្នក​ត្រូវ​ដឹង​ថា ជា​មិត្ត​មាន​សន្តាន​ល្អ, [4] ​មិត្ត​មាន​សេចក្តី​ឈឺ​ឆ្អាល ​អ្នក​ត្រូវ​ដឹង​ថា ជា​មិត្ត​មាន​សន្តាន​ល្អ ។

[៦៤] ​ម្នាល​គហបតិបុត្រ ​មិត្ត​មាន​ឧបការៈ ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​គឺ​ ​[1] រក្សា​មិត្ត​ដែល​ធ្វេស​ប្រហែស, [2] ​រក្សា​សម្បត្តិ​របស់​មិត្ត​ ​ដែល​ធ្វេស​ប្រហែស, [3] ជាទីពឹងពំនាក់​នៃ​មិត្ត​ដែល​មាន​សេចក្តី​ភិតភ័យ, [4] ​កាលបើ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​កើត​ឡើង​ហើយ​ ​តែង​ជួយ​ផ្តល់ភោគៈ ជាទ្វិគុណ ​ជាង​ទ្រព្យ​ដែល​មិត្ត​ត្រូវ​ការ​នោះ​ ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​មាន​ឧបការៈ ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។

[៦៥] ​ម្នាល​គហបតិបុត្រ ​មិត្ត​រួមសុខ​ទុក្ខ​ ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​គឺ​ [1] ប្រាប់​នូវ​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​មិត្ត​, [2] ​ជួយ​បិទ​បាំង​នូវ​អាថ៌​កំបាំង​របស់​មិត្ត​, [3] ​មិន​បោះបង់គ្នា ​ក្នុង​គ្រា​មាន​វិបត្តិ, [4] សូម្បីជីវិត ​ក៏​ហ៊ានលះបង់ ដើម្បី​ប្រយោជន៍​ដល់​មិត្ត​ (ស៊ូប្តូរជីវិត) ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​រួមសុខ​ទុក្ខ​ ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។

[៦៦] ​ម្នាល​គហបតិបុត្រ ​មិត្ត​ប្រាប់​ប្រយោជន៍​ ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​គឺ​ [1] ហាម​មិត្ត​ឲ្យ​ឃ្លាត​ចាក​អំពើ​អាក្រក់​, [2] ដឹកនាំ​ឲ្យ​មិត្ត​តម្កល់​នៅតែ​ក្នុង​អំពើ​ល្អ, [3] ​ឲ្យ​បាន​ឮ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ឮ, [4] ប្រាប់ផ្លូវឋានសួគ៌ ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​ប្រាប់​ប្រយោជន៍​ ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។

[៦៧] ​ម្នាល​គហបតិបុត្រ ​មិត្ត​មាន​សេចក្តី​ឈឺ​ឆ្អាល ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ដោយ​ស្ថាន​ ៤ ​យ៉ាង​គឺ​ [1] ​ជួយ​ព្រួយចិត្ត ពី​ព្រោះ​មិត្ត​បាន​សេចក្តី​វិនាស​, [2] ​ជួយ​ត្រេកអរ ​ព្រោះ​មិត្ត​បាន​សេចក្តី​ចម្រើន​, [3] ទទឹងទាស់​នឹង​មនុស្ស​ ​ដែល​ពោល​ទោស​មិត្ត​, [4] ​សរសើរ​តែ​មនុស្ស​ ​ដែល​ពណ៌នាគុណ​មិត្ត​ ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​មាន​សេចក្តី​ឈឺ​ឆ្អាល ជា​មិត្ត​មាន​សន្តាន​ល្អ ​អ្នក​ត្រូវ​ដឹង​ ​ដោយ​ស្ថាន​ ៤ ​យ៉ាង​នេះ​ឯង ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​បាន​សំដែង​សេចក្តី​នេះ​ លុះ​ព្រះ​សុគត ជា​សាស្តា​ ត្រាស់​សេចក្តី​នេះ​ហើយ​ ​ទើប​ទ្រង់​សំដែង​ពាក្យ​ជា​គាថា​ព័ន្ធ ត​ទៅ​ទៀតថា

[៦៨] ​មិត្ត​ដែល​មាន​ឧបការៈ ​សំឡាញ់​ដែល​រួមសុខ​ទុក្ខ​ ​មិត្ត​ដែល​ប្រាប់​ប្រយោជន៍​ ​មិត្ត​ដែល​មាន​សេចក្តី​ឈឺ​ឆ្អាល បណ្ឌិត​ស្គាល់​ជាក់ ​នូវ​បុគ្គល​ទាំង​ ៤ ពួកនុ៎ះថា ជា​មិត្ត​មែនទែន ​ហើយ​គប្បីចូល​ទៅ​អង្គុយជិតស្និទ្ធស្នាល ​ដូច​ជាមាតា ​និង​បុត្ត ​ដែល​កើត​ពីទ្រូង ។ ​អ្នក​ប្រាជ្ញបរិបូណ៌​ដោយ​សីល ​តែង​រុង​រឿង​ ​ដូច​ជាភ្លើង​ដែល​ភ្លឺ​ដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ ​រមែង​ធ្វើ​ទ្រព្យ ​ឲ្យ​ជាគំនរ ​ដូច​ជាឃ្មុំដូច្នោះឯង ។ ភោគៈ​ទាំង​ឡាយ ​តែង​ដល់​នូវ​ការពូនជាគំនរ ​ដូច​ជាដំបូក ​ដែល​កណ្តៀរ កពូន ដូច្នោះឯង ។ គ្រហស្ថ​ក្នុង​ត្រូកូល ​បាន​សន្សំភោគៈ​ទាំង​ឡាយ ​យ៉ាង​នេះ​ហើយ​ ​ទើប​អាច (តាំង​ខ្លួន​) កុលបុត្រ​ដែល​ចែកភោគៈ​ទាំង​ឡាយជា ៤ ​ចំណែក​ ​គឺ​ [1] បរិភោគភោគៈ​ទាំង​ឡាយ​មួយ​​ចំណែក, [2]​ ​ប្រកប​ការងារពីរ​ចំណែក, [3]​ ​ទាំង​តម្កល់​ទុក​នូវ​ចំណែក​ទី​បួន​​ដោយ​ក្រែង​មាន​អន្តរាយ​ទាំង​ឡាយ (​ទៅ​ខាងមុខ) កុលបុត្រ​នោះ​ ​ទើប​ឈ្មោះថា ចងបាច់​មិត្ត​ទាំង​ឡាយ​បាន​ [​ចំណែក​ទី​មួយ​ បរិភោគ ប្រើប្រាស់ ចាយ​វាយ​ ​ចំណែក​ទីពីរ ទីបី ​ប្រកប​ការងារ ​គឺ​ប្រកប​កសិកម្ម ​និង​ពាណិជ្ជកម្មផ្សេងៗ ​ចំណែក​ជាគម្រប់ ៤ ​ទុក​សម្រាប់​ការពារ​អន្តរាយ​ផ្សេងៗ ​មាន​អន្តរាយ​អំពីស្តេច​ជា​ដើម​ ។ ម្យ៉ាងទៀត ​ឲ្យ​រំលែកអំពី​ចំណែក​ទាំង​ ៤ ​នោះ​ ​ធ្វើ​កុសល ​ឬ​ឲ្យ​ជាថ្លៃ​គ្រឿង​ស្លៀកពាក់ ​និង​ឈ្នួល​កោរកាត់ (អដ្ឋកថា) ។ ] ។

[៦៩] ​ម្នាល​គហបតិ អរិយសាវ័ក ​បិទ​បាំង​ទិស​ទាំង​ ៦ ​ដូច​ម្តេច ? ​ម្នាល​គហបតិបុត្ត ​អ្នក​ត្រូវ​ដឹង​ទិស​ទាំង​ ៦ ​ដូច្នេះ​គឺ​ [1] មាតាបិតា ​អ្នក​ត្រូវ​ដឹង​ថា ​ទិស​ខាង​កើត​, [2] អាចារ្យ ​អ្នក​ត្រូវ​ដឹង​ថា ​ទិស​ខាងត្បូង, [3] ​កូន​និង​ប្រពន្ធ ​អ្នក​ត្រូវ​ដឹង​ថា ​ទិស​ខាងលិច, [4] ​មិត្ត​អាមាត្រ ​អ្នក​ត្រូវ​ដឹង​ថា ​ទិស​ខាងជើង, [5] ទាសៈ ​និង​កម្មករ [ខ្ញុំកំដរ ​និង​អ្នក​ធ្វើ​ការស៊ី​ឈ្នួល​ ។] ​អ្នក​ត្រូវ​ដឹង​ថា ​ទិស​ខាងក្រោម, [6] សមណព្រាហ្មណ៍ ​អ្នក​ត្រូវ​ដឹង​ថា ​ទិស​ខាងលើ ។

[៧០] ​ម្នាល​គហបតិបុត្ត មាតាបិតា ជា​ទិស​ខាង​កើត​ ​កូន​ត្រូវ​ទំនុក​បម្រុង​ ​ដោយ​ស្ថាន​ទាំង​ឡាយ ៥ ​យ៉ាង​ ​គឺ​ [1] កូន​ត្រូវ​តាំងចិត្តថា ​អាត្មា​អញ​ មាតាបិតា​បាន​ចិញ្ចឹម​រក្សា​មក​ហើយ​ ​នឹង​ចិញ្ចឹមមាតាបិតាវិញ, [2] ​នឹង​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា, [3] ​ទាំង​តម្កល់​វង្សត្រកូល, [4] ប្រតិបត្តិ​ឲ្យ​ជា​អ្នក​សមគួរ​ទទួល​ទ្រព្យមត៌ក​បាន​, [5] ​មួយ​ទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតា ​ដែល​ធ្វើ​កាល​កិរិយា​ ​ទៅ​កាន់​បរលោក​ហើយ​ ។ ​ម្នាល​គហបតិបុត្ត មាតាបិតា ជា​ទិស​ខាង​កើត​ ​ដែល​កូន​ទំនុក​បម្រុង​ ​ដោយ​ស្ថាន​ទាំង​ឡាយ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​កូន​ ​ដោយ​ស្ថាន​ទាំង​ឡាយ ៥ ​យ៉ាង​ វិញ​ដូច្នេះ​ ​គឺ​ [1] ហាមឃាត់​កូន​ ​ចាក​អំពើ​អាក្រក់​, [2] ​ឲ្យ​កូន​តម្កល់​នៅតែ​ក្នុង​អំពើ​ល្អ, [3] ​ឲ្យ​កូន​រៀនសូត្រសិល្បសាស្ត្រ, [4] ដណ្តឹងភរិយាស្វាមីសមគួរ​ឲ្យ​, [5] ចែកទ្រព្យ​ឲ្យ​កូន​ក្នុង​សម័យគួរ ។ ​ម្នាល​គហបតិបុត្ត មាតាបិតា ជា​ទិស​ខាង​កើត​ ​ដែល​កូន​ទំនុក​បម្រុង​ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​កូន​ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ ​ទិស​ខាង​កើត​នោះ​ ​ដែល​កូន​បាន​បិទ​បាំង​ហើយ​ ជា​ទិស​មាន​សេចក្តី​ក្សេម ​ឥត​មាន​ភយន្តរាយ​យ៉ាង​នេះ​ ។

[៧១] ​ម្នាល​គហបតិបុត្ត អាចារ្យជា​ទិស​ខាងត្បូង សិស្ស​ត្រូវ​ប្រតិបត្តិ​ដោយ​ស្ថាន​ ៥ ​យ៉ាង​គឺ​ [1] ​ដោយ​ការ​ក្រោក​ឡើង​ទទួល​, [2] ​ដោយ​ការគាល់​បម្រើ​, [3] ​ដោយ​ការជឿស្តាប់ឱវាទ, [4] ​ដោយ​ការ​បម្រើ​តូចៗ (​មាន​ឲ្យ​ទឹកលុបមុខ ​និង​ឈើស្ទន់​ជា​ដើម​), [5] ​ដោយ​ការរៀនសិល្បសាស្ត្រ​ដោយ​គោរព ។ ​ម្នាល​គហបតិបុត្ត អាចារ្យជា​ទិស​ខាងត្បូង ​ដែល​សិស្សប្រតិបត្តិ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះសិស្ស ​ដោយ​ស្ថាន​ ៥ ​យ៉ាង​វិញ ​គឺ​ [1] ដឹកនាំល្អ, [2] ​ឲ្យ​រៀនល្អ, [3] ប្រៀនប្រដៅសិស្ស ​ឲ្យ​ចេះត្រឹម​ត្រូវ​ ​ក្នុង​សិល្បសាស្ត្រសព្វគ្រប់, [4] ​តែង​លើកតម្កើង ​ក្នុង​ទីប្រជុំ​មិត្ត​អាមាត្យ, [5] ​ធ្វើ​សេចក្តី​ការពារ ​ក្នុង​ទិស​ទាំង​ឡាយ ។ ​ម្នាល​គហបតិបុត្ត ពួកអាចារ្យ ជា​ទិស​ខាងត្បូង ​ដែល​សិស្សប្រតិបត្តិ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះសិស្ស ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ ​ទិស​ខាងត្បូង​នោះ​ ​ដែល​សិស្ស​បាន​បិទ​បាំង​ហើយ​ ជា​ទិស​មាន​សេចក្តី​ក្សេម ​ឥត​មាន​ភយន្តរាយ​យ៉ាង​នេះ​ ។

[៧២] ​ម្នាល​គហបតិបុត្ត ភរិយាជា​ទិស​ខាងលិច ស្វាមី​ត្រូវ​ទំនុកបម្រុង ​ដោយ​ស្ថាន​ ៥ ​យ៉ាង​គឺ​ ​[1] ដោយ​ការរាប់អាន ជាភរិយាពេញទី, [2] ​ដោយ​មិន​មើល​ងាយ, [3] ​ដោយ​មិន​ប្រព្រឹត្តក្បត់ចិត្ត, [4] ​ដោយ​ប្រគល់​ឲ្យ​ជាធំ (​ក្នុង​ការផ្ទះ), [5] ​ដោយ​ការ​ឲ្យ​គ្រឿង​តែង​ខ្លួន​ ។ ​ម្នាល​គហបតិបុត្ត ភរិយាជា​ទិស​ខាងលិច ​ដែល​ស្វាមីទំនុកបម្រុង ​ដោយ​ស្ថាន​ទាំង​ឡាយ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះស្វាមី ​ដោយ​ស្ថាន​ទាំង​ឡាយ ៥ ​យ៉ាង​វិញ ​គឺ​ [1] ចាត់ចែងការងារ​ដោយ​ល្អ, [2] សង្គ្រោះជនជាញាតិ​ទាំង​ ២ ខាង​ដោយ​ល្អ, [3] ​មិន​ប្រព្រឹត្តក្បត់, [4] ថែទាំទ្រព្យ​ដែល​ស្វាមីរក​បាន​មក, [5] ឈ្លាស ​មិន​ខ្ជិល​ច្រអូស ​ក្នុង​កិច្ច​ការសព្វគ្រប់ ។ ​ម្នាល​គហបតិបុត្ត ភរិយាជា​ទិស​ខាងលិច ​ដែល​ស្វាមីទំនុកបម្រុង​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះស្វាមី​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ ​ទិស​ខាងលិច​នោះ​ ​ដែល​ស្វាមី​បិទ​បាំង​ហើយ​ ជា​ទិស​មាន​សេចក្តី​ក្សេម ​ឥត​មាន​ភយន្តរាយ​យ៉ាង​នេះ​ ។

[៧៣] ​ម្នាល​គហបតិបុត្ត ​មិត្ត​អាមាត្យជា​ទិស​ខាងជើង កុលបុត្ត ​ត្រូវ​ប្រតិបត្តិ​ដោយ​ស្ថាន​ ៥ ​យ៉ាង​គឺ​ [1] ​ដោយ​ការ​ឲ្យ​របស់​, [2] ​ដោយ​ការ​និយាយ​តែ​ពាក្យ​គាប់​ចិត្ត, [3] ​ដោយ​ការប្រព្រឹត្តិ ​ឲ្យ​ជា​ប្រយោជន៍​, [4] ​ដោយ​ការប្រព្រឹត្តិ​ខ្លួន​ស្មើ, [5] ​ដោយ​ការ​មិន​កុហកបញ្ឆោត ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​អាមាត្យជា​ទិស​ខាងជើង ​ដែល​កុលបុត្តប្រតិបត្តិ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះកុលបុត្ត ​ដោយ​ស្ថាន​ ៥ ​យ៉ាង​ ​គឺ​ ​[1] រក្សា​មិត្ត​ដែល​ធ្វេស​ប្រហែស, [2] ​ជួយ​ថែទាំទ្រព្យសម្បត្តិ ​របស់​មិត្ត​ដែល​ធ្វេស​ប្រហែស, [3] ជាទីពឹង​របស់​មិត្ត​ដែល​មាន​ភ័យ, [4] ​មិន​បោះបង់គ្នា​ក្នុង​គ្រាវិបត្តិ, [5] រាប់អានរហូតដល់ផៅពង្ស​របស់​មិត្ត​ ។ ​ម្នាល​គហបតិបុត្ត ​មិត្ត​អាមាត្យ ជា​ទិស​ខាងជើង ​ដែល​កុលបុត្តប្រតិបត្តិ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះកុលបុត្ត ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ ​ទិស​ខាងជើង​នោះ​ ​ដែល​កុលបុត្ត​បាន​បិទ​បាំង​ហើយ​ ជា​ទិស​មាន​សេចក្តី​ក្សេម ​ឥត​មាន​ភយន្តរាយ​យ៉ាង​នេះ​ ។

[៧៤] ​ម្នាល​គហបតិបុត្ត ទាសៈ ​និង​កម្មករ ជា​ទិស​ខាងក្រោម ចៅហ្វាយនាយ ​ត្រូវ​ទំនុកបម្រុង ​ដោយ​ស្ថាន​ ៥ ​យ៉ាង​គឺ​ ​[1] ដោយ​ការចាត់ចែងការងារសមគួរ ​តាម​កម្លាំង​, [2] ​ដោយ​ការ​ឲ្យ​នូវ​ភត្តាហារ ​និង​ថ្លៃ​ឈ្នួល​, [3] ​ដោយ​ការព្យាបាល ​ក្នុង​វេលា​ឈឺ​ថ្កាត់, [4] ​ដោយ​ការចែករំលែក​នូវ​របស់​ ​មាន​រសត្រកាលចម្លែក, [5] ​ដោយ​ការ​ឲ្យ​ឈប់សម្រាក​ក្នុង​សម័យគួរ ។ ​ម្នាល​គហបតិបុត្ត ទាសៈ ​និង​កម្មករ ជា​ទិស​ខាងក្រោម ​ដែល​ចៅហ្វាយនាយទំនុកបម្រុង ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះចៅហ្វាយនាយ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​ ​គឺ​ ​[1] ក្រោក​ឡើង​ធ្វើ​ការងារមុនចៅហ្វាយនាយ, [2] ឈប់​ធ្វើ​ការងារក្រោយចៅហ្វាយនាយ, [3] ​កាន់​យក​តែ​របស់​ដែល​ចៅហ្វាយនាយ​ឲ្យ​, [4] ​ធ្វើ​ការងារ​របស់​ចៅហ្វាយនាយ ​ដោយ​យក​ចិត្ត​ទុក​ដាក់, [5] នាំកិត្តិគុណ​របស់​ចៅហ្វាយនាយ ​ទៅ​ថ្លែង​ក្នុង​ទី​នោះ​ៗ ។ ​ម្នាល​គហបតិបុត្ត ទាសៈ ​និង​កម្មករ ជា​ទិស​ខាងក្រោម ​ដែល​ចៅហ្វាយនាយទំនុកបម្រុង ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះចៅហ្វាយនាយ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ ​ទិស​ខាងក្រោមនុ៎ះ ​ដែល​ចៅហ្វាយនាយ ​បាន​បិទ​បាំង​ហើយ​ ជា​ទិស​មាន​សេចក្តី​ក្សេម ​ឥត​មាន​ភយន្តរាយ​យ៉ាង​នេះ​ ។

[៧៥] ​ម្នាល​គហបតិបុត្ត សមណព្រាហ្មណ៍ ជា​ទិស​ខាងលើ កុលបុត្ត​ត្រូវ​ផ្គត់ផ្គង់ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​គឺ​ [1] ​ដោយ​កា​យក​ម្ម ​ប្រកប​ដោយ​មេត្តា, [2] ​ដោយ​វចីកម្ម ​ប្រកប​ដោយ​មេត្តា, [3]​ដោយ​មនោកម្ម ​ប្រកប​ដោយ​មេត្តា, [4] ជា​អ្នក​មិន​បិទ​ទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើក​ទាំង​អស់ក្តី ​បិទ​ទាំង​អស់ក្តី បើ​មិន​ឲ្យ​អ្វី​ ​ឬ​ធ្វើ​ល្អ​អ្វី​ ដល់​អ្នក​មាន​សីលសោះ ​ក៏​ឈ្មោះថា ​បិទ​ទ្វារដែរ បើ​ឲ្យ​ ​ឬ​ធ្វើ​ល្អ​អ្វី​ ដល់​អ្នក​មាន​សីល ​ក៏​ឈ្មោះថា បើក​ហើយ​ ។] ផ្ទះ, [5] ​ដោយ​កិរិយា​ឲ្យ​អាមិសទាន ។ ​ម្នាល​គហបតិបុត្ត សមណព្រាហ្មណ៍ ជា​ទិស​ខាងលើ ​ដែល​កុលបុត្ត ទំនុកបម្រុង ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះកុលបុត្ត ​ដោយ​ស្ថាន​ ៦ ​យ៉ាង​ ​គឺ​ [1] ហាមឃាត់កុលបុត្ត ​ចាក​អំពើ​អាក្រក់​, [2] ​ឲ្យ​តាំងនៅតែ​ក្នុង​អំពើ​ល្អ, [3] អនុគ្រោះ​ដោយ​ចិត្តដ៏ល្អ, [4] ​ឲ្យ​បាន​ស្តាប់​ពាក្យ​ ​ដែល​មិន​ធ្លាប់ស្តាប់, [5] បំ​ភ្លឺ​សេចក្តី​ ​ដែល​ធ្លាប់ស្តាប់​ហើយ​, [6] ប្រាប់ផ្លូវសួគ៌ ។ ​ម្នាល​គហបតិបុត្ត សមណព្រាហ្មណ៍ ជា​ទិស​ខាងលើ ​ដែល​កុលបុត្តផ្គត់ផ្គង់ ​ដោយ​ស្ថាន​ ៥ ​យ៉ាង​នេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះកុលបុត្ត ​ដោយ​ស្ថាន​ ៦ ​យ៉ាង​នេះ​ ​ទិស​ខាងលើនុ៎ះ ​ដែល​កុលបុត្ត​បាន​បិទ​បាំង​ហើយ​ ជា​ទិស​មាន​សេចក្តី​ក្សេម ​ឥត​មាន​ភយន្តរាយ​យ៉ាង​នេះ​ ។ ​ព្រះ​មាន​ព្រះ​ភាគ ​បាន​សំដែង​សេចក្តី​នេះ​ ​ព្រះ​សុគត ជា​សាស្តា​ លុះ​សំដែង​សេចក្តី​នេះ​ហើយ​ ​ទ្រង់​ត្រាស់​ពាក្យ​ជា​គាថា​ព័ន្ធ ត​ទៅ​ទៀតថា ៖

[៧៦] មាតាបិតា ជា​ទិស​ខាង​កើត​ អាចារ្យ ជា​ទិស​ខាងត្បូង ​កូន​ប្រពន្ធ ជា​ទិស​ខាងលិច ​មិត្ត​អាមាត្យ ជា​ទិស​ខាងជើង ទាសៈ ​និង​កម្មករ ជា​ទិស​ខាងក្រោម សមណព្រាហ្មណ៍ ជា​ទិស​ខាងលើ គ្រហស្ថ​ក្នុង​ត្រកូល ​ដែល​អាចគ្រប់គ្រងផ្ទះ គប្បីនមស្ការ​ទិស​ទាំង​ឡាយនុ៎ះ ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិត​មាន​ប្រាជ្ញាវៃ ​ក្នុង​ស្ថាន​ជាទីសំពះ​ទិស​ ។ ] បរិបូណ៌​ដោយ​សីល ​មាន​វាចាដ៏ពីរោះ ​មាន​ប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិត​មាន​ប្រាជ្ញាវៃ ​ក្នុង​ស្ថាន​ជាទីសំពះ​ទិស​ ។ ] ​មាន​កិរិយា​ប្រព្រឹត្តឱនលំទោន ជាប្រក្រតី ​មិន​រឹងត្អឹង បុគ្គល​មាន​សភាពដូច្នោះ ​រមែង​បាន​យស បុគ្គល​មាន​ព្យាយាម រវៀសរវៃ ​មិន​ខ្ជិល​ច្រអូស ​រមែង​មិន​ញាប់ញ័រ​ក្នុង​អន្តរាយ​ទាំង​ឡាយ បុគ្គល​មាន​កិរិយា​ប្រព្រឹត្ត​ឥត​ចន្លោះ ​មាន​ប្រាជ្ញាវាងវៃ បុគ្គល​មាន​សភាពដូច្នោះ ​រមែង​បាន​យស ។ បុគ្គល​មាន​សេចក្តី​សង្គ្រោះ ជា​អ្នក​ចង​មិត្ត​ ជា​អ្នក​ដឹង​ដំណើរ​ពាក្យ​ [សំដៅ​យក​មនុស្ស​នាំ​ពាក្យ​ខ្លួន​ ​ដែល​បាន​ថា​ឲ្យ​របស់​អ្វី​ ដល់​សំឡាញ់​ហើយ​ ​ក៏​ឲ្យ​ទាល់តែ​បាន​ ​ដឹង​ចិត្ត​សំឡាញ់​ថា ចង់​បាន​អ្វី​ ​ក៏​ឲ្យ​របស់​នោះ​ ​ឬ​ដឹង​ថា ​សំឡាញ់​ខ្វះខាត​អ្វី​ ​ក៏​ឲ្យ​របស់​នោះ​ ។ ] ជា​អ្នក​ប្រាស​ចាក​សេចក្តី​កំណាញ់ ជា​អ្នក​ដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជា​អ្នក​ណែនាំរឿយៗ បុគ្គល​មាន​សភាពដូច្នោះ ​រមែង​បាន​យស ។ [1] ទាន, [2] ​ពាក្យ​ពីរោះ, [3] ​សេចក្តី​ប្រព្រឹត្ត ជា​ប្រយោជន៍​ក្នុង​លោក​នេះ​, [4] ភាវៈជា​អ្នក​មាន​ចិត្តស្មើ ​ក្នុង​ធម៌​ទាំង​ឡាយ ​និង​ក្នុង​បុគ្គល​នោះ​ៗ ​តាម​សមគួរ, សង្គហ​ធម៌​ ​ទាំង​នេះ​ (​មាន​ក្នុង​លោក ​ទើប​លោកប្រព្រឹត្ត​ទៅ​បាន​) ​ដូច​ជារថ​មាន​ប្រែកទប់ ​ទើប​ប្រព្រឹត្ត​ទៅ​បាន​ ។​​ ដូច្នោះឯង បើសង្គហ​ធម៌​ទាំង​នេះ​មិន​មាន​ហើយ​ មាតាក្តី បិតាក្តី ​ក៏​មិន​បាន​នូវ​សេចក្តី​រាប់អាន ​និង​ការបូជា អំពី​កិច្ច​ដែល​កូន​ត្រូវ​ធ្វើ​ ។ ​ព្រោះ​ហេតុ​តែ​អ្នក​ប្រាជ្ញា​ទាំង​ឡាយ សម្លឹងឃើញ សង្គហ​ធម៌​ ​ទាំង​នោះ​ដោយ​ប្រពៃ ​ហេតុ​នោះ​ ​បាន​ជាលោកដល់​នូវ​ភាវៈជាធំផង គួរគេ​សរសើរ​ផង ។

[៧៧] ​កាលបើ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ សិង្គាលកគហបតិបុត្ត ​បាន​ក្រាបបង្គំទូល ​ព្រះ​មាន​ព្រះ​ភាគ ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ពីរោះ​ណាស់​ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ពីរោះ​ណាស់​ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ​ធម៌​ដែល​ព្រះ​អង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ ​យ៉ាង​នេះ​ (​ភ្លឺ​ច្បាស់​ណាស់​) ​ដូច​ជា​មនុស្ស​ ផ្ងារ​របស់​ដែល​គេផ្កាប់ ​ឬ​ដូច​គេបើកបង្ហាញ ​របស់​ដែល​បិទ​បាំង ​ឬ​ក៏​ដូច​គេប្រាប់ផ្លូវ ដល់​អ្នក​វង្វេង​ទិស​ ពុំ​នោះ​សោត ​ដូច​ជាគេទ្រោលប្រទីប ​ក្នុង​ទីងងឹត ​ដោយ​គិតថា ​មនុស្ស​អ្នក​មាន​ចក្ខុ​ទាំង​ឡាយ ​រមែង​ឃើញ ​នូវ​រូប​ទាំង​ឡាយ ខ្ញុំ​ព្រះ​អង្គ​នោះ​ សូមដល់​នូវ​ព្រះ​មាន​ព្រះ​ភាគផង ​ព្រះ​ធម៌​ផង ​ព្រះ​សង្ឃផង ថាជាសរណៈ ចាប់ដើមតាំងពីថ្ងៃ​នេះ​ទៅ​ សូម​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះ​អង្គថា ជាឧបាសក ដល់​នូវ​សរណៈស្មើ​ដោយ​ជីវិត ចាប់ដើមតាំងពីថ្ងៃ​នេះ​រៀង​ទៅ​ ។

ចប់ សិង្គាលកសូត្រ ទី ៨ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > ឆដ្ឋភាគ > បាដិកវគ្គ > សិង្គាលកសូត្រ (សៀវភៅ​ភាគ១៩ ទំព័រ​ទី ៦៩)

พระไตรปิฎก เล่มที่ ๑๑  >​ พระสุตตันตปิฎก เล่มที่ ๓ > ทีฆนิกาย > ปาฏิกวรรค > สิงคาลกสูตร

Sigalovada Sutta: The Discourse to Sigala​ (The Layperson's Code of Discipline) (DN 31)