សេដ្ឋកិច្ចគ្រប់គ្រាន់
ទ្រឹស្ដីសេដ្ឋកិច្ចគ្រប់គ្រាន់
[កែប្រែ]ចំណុចចាប់ផ្ដើមនៃគោលគំនិតសេដ្ឋកិច្ចគ្រប់គ្រាន់
[កែប្រែ]លទ្ធផលដែលកើតពីការប្រើគោលគំនិតអភិវឌ្ឍប្រទេសឆ្ពោះទៅរកភាពទាន់សម័យ បានបង្កឲ្យកើតការផ្លាស់ប្ដូរនូវស្ថានភាពសង្គមយ៉ាងច្រើនគ្រប់ផ្នែក មិនថាក្នុងផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងបរិស្ថានឡើយ។ ដំណើរការនៃការផ្លាស់ប្ដូរមានសភាពស្មុគស្មាញពិបាកនឹងអធិប្បាយពីមូលហេតុនិងផលវិបាករបស់វា ព្ដោយសារការផ្លាស់ប្ដូរនីមួយៗ ជាបច្ច័យពាក់ព័ន្ធគ្នាទាំងអស់។ ចំពោះលទ្ធផលនៃការអភិវឌ្ឍក្នុងផ្នែកវិជ្ជមានវិញមានដូចជា ការកើតឡើងនូវអត្រាកំណើនសេដ្ឋកិច្ច ការរីកចម្រើនខាងផ្នែកវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រព័ន្ធទំនាក់ទំនងទាន់សម័យ ការពង្រីកខ្លួននៃប្រព័ន្ធសិក្សាអប់រំ ។ល។ តែលទ្ធផលវិជ្ជមានទាំងអស់នេះមួយសាយភាយទៅដល់អ្នកនៅជនបទឬអ្នកគ្មានឱកាសក្នុងសង្គមតិចណាស់។ ប៉ុន្ដែចរន្ដនៃការផ្លាស់ប្ដូរសង្គមក៏មានផលអវិជ្ជមានតាមមកជាមួយដែរ ដូចជា បញ្ហាទីផ្សារលក់កសិផល បញ្ហាឈ្មួញកណ្ដាល បញ្ហាការបាត់បង់ធនធានធម្មជាតិ ។ល។ ការរួមក្រុមគ្នាជាលក្ខណៈប្រព័ន្ធរបស់កសិករនៅទីជនបទអាចជួយទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិដែលនៅសេសសល់។ អ្វីដែលសំខាន់នោះគឺ ភាពគ្រប់គ្រាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករ ដែលជាលក្ខខ័ណ្ឌមូលដ្ឋានធ្វើឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯង និងតម្រង់ដំណើរជីវិតប្រកបដោយកិត្ដិយស និងសេរីភាពក្នុងការកំណត់ជោគជតាជីវិតរបស់ខ្លួន។ មានសមត្ថភាពក្នុងការគ្រប់គ្រងនិងរៀបចំខ្លួនឯងដើម្បីទទួលបាននូវការឆ្លើយតបចំពោះតម្រូវការផ្សេងៗ រួមទាំងសមត្ថភាពក្នុងការគ្រប់គ្រងបញ្ហាផ្សេងៗ បានដោយខ្លួនឯង។ ប្រការទាំងអស់នេះចាត់ទុកជាសក្ដានុពលមូលដ្ឋានដែលមនុស្សក្នុងសង្គមធ្លាប់មានពីមុនមក តែត្រូវរង្គោះរង្គើរ ដោយសារវិបត្ដិសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ ទៀតគួបផ្សំ។ សេដ្ឋកិច្ចគ្រប់គ្រាន់ “សេដ្ឋកិច្ចគ្រប់គ្រាន់” ជាទស្សនវិជ្ជាដែលព្រះបាទសម្ដេចព្រះចៅភូមិពលអាប់ឌុលយ៉ាដេតទ្រង់បានចង្អុលបង្ហាញផ្លូវ តម្រង់ទិសដំណើរជីវិតប្រជារាស្ដ្ររបស់ព្រះអង្គអស់រយៈពេលជា ២៥ ឆ្នាំមកហើយ ពោសគឺតាំងពីមុនពេលកើតវិបត្ដិសេដ្ឋកិច្ច ហើយពេលក្រោយមកទ្រង់បានផ្ដោតលើគោលការណ៍ការដោះស្រាយដើម្បីការរួចផុត និងការអាចរស់នៅបានយ៉ាងគង់វង្សនិងស្ថេរភាពក្រោមចរន្ដសាកលភាវូបនីយកម្មនិងចរន្ដនៃការប្រែប្រួលផ្សេងៗ។
ប្រស្នាសេដ្ឋកិច្ចគ្រប់គ្រាន់
[កែប្រែ]សេដ្ឋកិច្ចគ្រប់គ្រាន់ ជាទស្សនាទានចង្អុលបង្ហាញពីគោលការណ៍តម្រង់ដំណើរជីវិតរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ រាប់តាំងពីកម្រិតគ្រួសារ កម្រិតសហគមន៍ រហូតដល់កម្រិតថ្នាក់ជាតិ ទាំងក្នុងការអភិវឌ្ឍនិងគ្រប់គ្រងប្រទេសឲ្យឈានទៅរកផ្លូវកណ្ដាល ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បី ដើរឲ្យទាន់សាកលភាវូបនីយកម្ម។ ភាពគ្រប់គ្រាន់ សំដៅលើភាពសមរម្យ ភាពមានហេតុផល រួមទាំងភាពចាំបាច់ដែលត្រូវមានប្រព័ន្ធការពារក្នុងខ្លួនដែលល្អសមរម្យ ចំពោះផលប៉ះពាល់ផ្សេងៗ ដែលកើតពីការផ្លាស់ប្ដូរទាំងខាងក្នុងនិងខាងក្រៅ។ ទាំងអស់នេះ កសិករត្រូវពឹងលើចំណេះដឹង ភាពសព្វជ្រុងជ្រោយ និងភាពប្រយ័ត្នប្រយែងយ៉ាងខ្លាំងក្នុងការនាំយកចំណេះដឹងផ្សេងៗ មកប្រើក្នុងការធ្វើផែនការនិងការអនុវត្ដគ្រប់ដំណាក់កាល។ ក្នុងពេលជាមួយគ្នាដែរ កសិករត្រូវកសាងមូលដ្ឋានចិត្ដគំនិតរបស់ប្រជាជនក្នុងសង្គម ដោយមានជំនួយពីអជ្ញាធរ អ្នកជំនាញ និងអ្នកជំនួញគ្រប់កម្រិតថ្នាក់ ឲ្យមានការនឹកឃើញនូវគុណធម៌ ភាពស្មោះត្រង់ សុច្ចរិត និងឲ្យមានការយល់ដឹងសព្វជ្រុងជ្រោយដែលសមស្រប តម្រង់ដំណើរជីវិតប្រកបដោយភាពអត់ធ្មត់ ព្យាយាម បង្កើនសតិបញ្ញា និងភាពល្អិតល្អន់ ដើម្បីឲ្យមានសមភាពនិងត្រៀមរួចស្រេចចំពោះការប្រែប្រួលយ៉ាងទាន់ហន់ ទាំងផ្នែកសម្ភារៈ សង្គម បរិស្ថាន និងវប្បធម៌ពីខាងក្រៅបានយ៉ាងល្អ។ អត្ថន័យរបស់សេដ្ឋកិច្ចគ្រប់គ្រាន់ ប្រកបដោយគុណសម្បត្ដិ ដូចខាងក្រោម៖
១. ភាពសមរម្យ សំដៅលើ ភាពសមល្មមដែលមិនតិចពេក ឬច្រើនពេក ដោយមិនបៀតបៀនខ្លួនឯងនិងអ្នកដទៃ ដូចជា ការផលិតនិងការប្រើប្រាស់ដែលនៅក្នុងកម្រិតសមស្រប។
២. ភាពមានហេតុផល សំដៅលើ ការសម្រេចចិត្ដទាក់ទងនឹងកម្រិតភាពគ្រប់គ្រាន់។ កសិករត្រូវតម្រង់ដំណើរជីវិតរបស់ខ្លួនប្រកបដោយហេតុផល ដោយពិចារណាតាមរយៈហេតុបច្ច័យដែលពាក់ព័ន្ធ រួមទាំងការគិតឲ្យឃើញពីផលដែលព្យាករណ៍ថានឹងកើតឡើងតាមរយៈទង្វើទាំងអស់នោះ យ៉ាងល្អិតល្អន់។
៣. ប្រព័ន្ធការពារ សំដៅលើ ការត្រៀមខ្លួនឲ្យបានរួចជាស្រេចក្នុងការទប់ទល់នឹងផលប៉ះពាល់និងការផ្លាស់ប្ដូរលើផ្នែកផ្សេងៗ ដែលនឹងកើតឡើង ដោយគិតឲ្យឃើញពីដំណើរនៃស្ថានការណ៍ផ្សេងៗ ដែលព្យាករណ៍ថានឹងកើតឡើងនាពេលអនាគត។ ដោយមាន លក្ខខ័ណ្ឌនៃការសម្រេចចិត្ដនិងការអនុវត្ដការងារផ្សេងៗ ឲ្យស្ថិតនៅក្នុងកម្រិតសមរម្យ ២ ប្រការ ដូចខាងក្រោម៖
១. លក្ខខ័ណ្ឌនៃចំណេះដឹង ប្រកបដោយ ការចេះដឹងសព្វជ្រុងជ្រោយនៃជំនាញផ្សេងៗ ដែលទាក់ទងគ្រប់ផ្នែក ភាពល្អិតល្អន់ដែលអាចនាំមកនូវចំណេះដឹង មកពិចារណាឲ្យមានលក្ខណៈស៊ីសង្វាក់គ្នា ដើម្បីជាជំនួយក្នុងការធ្វើផែនការនិងភាពប្រយ័ត្នប្រយែងក្នុងការអនុវត្ដផែនការ។
២. លក្ខខ័ណ្ឌនៃគុណធម៌ ដែលត្រូវពង្រឹងបន្ថែមមានដូចជា មានភាពជឿជាក់លើគុណធម៌ ភាពស្មោះត្រង់សុច្ចរិត និងភាពអត់ធ្មត់ ភាពឧស្សាហ៍ព្យាយាម ប្រើសតិបញ្ញាក្នុងការតម្រង់ដំណើរជីវិត។
ប្រទេសថៃនិងសេដ្ឋកិច្ចគ្រប់គ្រាន់
[កែប្រែ]សេដ្ឋកិច្ចគ្រប់គ្រាន់ សំដៅឲ្យអ្នកផលិត ឬអ្នកប្រើប្រាស់ ព្យាយាមចាប់ផ្ដើមផលិត ឬប្រើប្រាស់ក្រោមព្រំដែនកំណត់នៃប្រាក់ចំណូល ឬធនធានដែលមានស្រាប់ជាមុន ពោលគឺជា មូលដ្ឋាននៃការកាត់បន្ថយការពឹងពាក់ បន្ថែមព្រំដែនសមត្ថភាពក្នុងការគ្រប់គ្រងការផលិតបានដោយខ្លួនឯង និងកាត់បន្ថយសភាពប្រថុយប្រថានដោយសារការមិនអាចគ្រប់គ្រងប្រព័ន្ធទីផ្សារបានយ៉ាងមានប្រសិទ្ធិភាព។ សេដ្ឋកិច្ចគ្រប់គ្រាន់មិនមែនមានន័យថា ជាការសន្សំសំចៃហួសតម្រានោះទេ តែអាចខ្ចីខ្ជាបានម្ដងម្កាលតាមភាពជាក់ស្ដែង តែមនុស្សភាគច្រើនក្នុងប្រទេស តែងតែចាយលើសសមត្ថភាព លើសឋានៈដែលខ្លួនមាន។ សេដ្ឋកិច្ចគ្រប់គ្រាន់ អាចនាំទៅរកគោលដៅនៃការបង្កើតស្ថេរភាពក្នុងផ្នែកសេដ្ឋកិច្ចបាន ដូចជា ប្រទេសយើងជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មជាមូលដ្ឋាន។ សេដ្ឋកិច្ចរបស់ប្រទេសគួរផ្ដោតលើសេដ្ឋកិច្ចផ្នែកកសិកម្ម ផ្ដោតលើស្ថេរភាពចំណីអាហារជាសំខាន់។ ការបង្កើតស្ថេរភាពសេដ្ឋកិច្ចលើផ្នែកកសិកម្មជាអាទិភាពលំដាប់ទីមួយ។ អាទិភាពនេះអាចធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចមានស្ថេរភាព ពោលគឺជួយកាត់បន្ថយភាពប្រថុយប្រថាន ឬភាពគ្មានស្ថេរភាពខាងសេដ្ឋកិច្ចក្នុងកម្រិតរយៈពេលវែងបាន។ សេដ្ឋកិច្ចគ្រប់គ្រាន់ អាចយកទៅអនុវត្ដបានក្នុងគ្រប់កម្រិត គ្រប់សាខា និងគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនចាំបាច់ត្រូវកំណត់តែចំពោះផ្នែកកសិកម្ម ឬផ្នែកជនបទនោះទេ សូម្បីតែខាងផ្នែកហិរញ្ញវត្ថុ ផ្នែកចលនទ្រព្យ និងផ្នែកជំនួញក៏អាចយកទៅគួបផ្សំប្រើបានដែរ។
ផ្នែកផ្សេងៗ ទាំងនេះមានគោលការណ៍ស្រដៀងគ្នាគឺ ផ្ដោតលើជម្រើអនុវត្ដបែបសន្សំសំចៃ មានហេតុផល និងបង្កើតប្រព័ន្ធការពារឲ្យដល់ខ្លួនឯងនិងសង្គម។
ការអនុវត្ដតាមគន្លងព្រះរាជតម្រិះគ្រប់គ្រាន់
[កែប្រែ]ព្រះបាទសម្ដេចព្រះចៅភូមិពលអាប់ឌុលយ៉ាដេត ទ្រង់យល់ស៊ីជម្រៅពីសភាពនៃសង្គមនៃប្រទេសរបស់ព្រះអង្គ ដូច្នេះហើយ ពេលបានព្រះរាជទានព្រះរាជតម្រិះ ឬព្រះបរមរាជឱវាទក្នុងផ្នែកផ្សេងៗ ទ្រង់តែងនឹកដល់ដំណើរជីវិត សភាពសង្គមរបស់ប្រជាជនក្នុងពេលតំណាលគ្នា ដើម្បីកុំឲ្យកើតភាពខ្វែងគ្នានៃគំនិត ដែលអាចនាំទៅរកភាពខ្វែងគ្នានៃការប្រតិបត្ដិបាន។
ព្រះរាជតម្រិះក្នុងការដំណើរជីវិតបែបគ្រប់គ្រាន់
[កែប្រែ]១. ប្រកាន់គោលការណ៍សន្សំសំចៃ កាត់បន្ថយការចំណាយក្នុងគ្រប់ផ្នែក កាត់បន្ថយភាពខ្ជះខ្ជាយក្នុងការរស់នៅ។
២. ប្រកាន់គោលការណ៍ការប្រកបអាជីពដោយសុច្ចរិត ស្មោះត្រង់។
៣. លះបង់ការដណ្ដើមផលប្រយោជន៍និងប្រកួតគ្នាខាងផ្នែកជំនួញបែបប្រឈមដាក់គ្នាជាលក្ខណៈធ្ងន់ធ្ងរ។
៤. មិនអាក់ដំណើរក្នុងការរកផ្លូវសម្រាប់ជីវិតឲ្យរួចផុតចាកទុក្ខលំបាក ដោយការខ្វល់ខ្វាយស្វែងរកចំណេះដឹងឲ្យមានចំណូលបន្ថែមច្រើនជាងមុន រហូតដល់ដំណាក់កាលគ្រប់គ្រាន់ជាគោលដៅសំខាន់។
៥. ប្រព្រឹត្តិប្រតិបត្ដិខ្លួនក្នុងផ្លូវល្អ វៀរចាកសេចក្ដីអាក្រក់ ប្រតិបត្ដិតាមគោលការណ៍សាសនា។
ឧទាហរណ៍សេដ្ឋកិច្ចគ្រប់គ្រាន់
ទ្រឹស្ដីថ្មី
[កែប្រែ]ទ្រឹស្ដីថ្មី គឺគំរូដែលជារូបធម៌នៃការសំយោគប្រើសេដ្ឋកិច្ចគ្រប់គ្រាន់ដែលលេចធ្លោបំផុត ដែលព្រះបាទភូមិពលអាប់ឌុលយ៉ាដេតទ្រង់បានព្រះរាជទានព្រះរាជតម្រិះនេះ ដើម្បីជាការជួយសង្គ្រោះកសិករដែលតែងតែជួបប្រទះគ្រោះធម្មជាតិនិងកត្ដាខាងក្រៅដែលជះឥទ្ធិពលដល់ការងារកសិកម្ម ឲ្យអាចឆ្លងផុតនូវដំណាក់កាលគ្រោះថ្នាក់ ជាពិសេសការខ្វះខាតទឹកប្រើសម្រាប់ស្រោចស្រពបានដោយគ្មានក្ដីកង្វល់ឬផលរំខានខ្លាំង។ ភាពប្រថុយប្រថានដែលកសិករតែងតែជួបប្រទះជាប្រចាំ មានដូចជា៖
១. ភាពប្រថុយប្រថានលើផ្នែកតម្លៃផលិតផលកសិកម្ម
២. ភាពប្រថុយប្រថានលើផ្នែកតម្លៃនិងការពឹងពាក់ឧបករណ៍និងបច្ចេកទេសការផលិតបែបសម័យថ្មីពីបរទេស
៣. ភាពប្រថុយប្រថានលើផ្នែកបរិមាណទឹក ពេលរាំង ពេលភ្លៀង
៤. គ្រោះធម្មជាតិផ្សេង ៗ និងជំងឺរាតត្បាត
៥. ភាពប្រថុយប្រថានលើផ្នែកផែនការផលិត
-ភាពប្រថុយប្រថានលើផ្នែកជំងឺនិងសត្រូវរុក្ខជាតិ
-ភាពប្រថុយប្រថានលើផ្នែកកង្វះកម្លាំងពលកម្ម
-ភាពប្រថុយប្រថានលើផ្នែកបំណុលនិងការបាត់បង់ដីធ្លី
ដូច្នេះហើយទើបបានជាទ្រឹស្ដីថ្មី ក្លាយជាចក្ខុវិស័យឬមូលដ្ឋានក្នុងគ្រប់គ្រងដីធ្លីនិងបរិមាណទឹកដើម្បីកសិកម្មចំពោះដីធ្លីទំហំតូចឲ្យកើតជាប្រយោជន៍ខ្ពស់បំផុត។
សារៈសំខាន់របស់ទ្រឹស្ដីថ្មី
[កែប្រែ]១. មានការគ្រប់គ្រងនិងរៀបចំបែងចែកដីធ្លីទំហំតូចនិងមធ្យមចេញជាចំណែកច្បាស់លាស់ ដើម្បីទទួលបានប្រយោជន៍ខ្ពស់បំផុតលើការងារកសិកម្ម។
២. មានការគណនាដោយប្រើគោលការណ៍ជាលក្ខណៈជំនាញទាក់ទងនឹងបរិមាណទឹកដែលត្រូវរក្សាទុកឲ្យគ្រប់គ្រាន់ចំពោះការដាំដុះបានយ៉ាងសមស្របក្នុងរយៈពេលពេញមួយឆ្នាំ។
៣. មានការធ្វើផែនការដ៏សម្បូរបែបសម្រាប់ការងារកសិកម្មថ្នាក់លម្អិត ដោយមានដល់ទៅ ៣ ដំណាក់កាល៖
ទ្រឹស្ដីថ្មីដំណាក់កាលទីមួយ
[កែប្រែ]តម្រូវឲ្យបែងចែកផ្ទៃដីកសិកម្មជា ៤ ផ្នែក តាមអត្រា ៣០:៣០:៣០:១០ ដែលមានន័យថា៖
- ផ្ទៃដីផ្នែកទីមួយ ប្រមាណ ៣០% តម្រូវឲ្យជីកស្រះរក្សាទឹកទុកដើម្បីរក្សាទឹកភ្លៀងរដូវវស្សា និងប្រើប្រាស់បន្ថែមសម្រាប់ដំាដំណាំក្នុងរដូវប្រាំង រួមទាំងការចិញ្ចឹមសត្វនិងដាំរុក្ខជាតិទឹកផ្សេងៗ។
- ផ្ទៃដីផ្នែកទីពីរ ប្រមាណ ៣០% តម្រូវឲ្យដាំស្រូវក្នុងរដូវភ្លៀងដើម្បីប្រើជាអាហារប្រចាំថ្ងៃសម្រាប់គ្រួសារឲ្យគ្រប់គ្រាន់ពេញមួយឆ្នាំ ដើម្បីកាត់បន្ថយថ្លៃចំណាយនិងអាចពឹងខ្លួនឯងបាន។
- ផ្ទៃដីផ្នែកទីបី ប្រមាណ ៣០% តម្រូវឲ្យដាំឈើហូបផ្លែ ឈើប្រើប្រាស់ រុក្ខជាតិបន្លែ រុក្ខជាតិចម្ការ រុក្ខជាឱសថ ។ល។ ដើម្បីប្រើជាអាហារប្រចាំថ្ងៃ បើសល់ពីបរិភោគអាចយកទៅលក់បាន។
- ផ្ទៃដីផ្នែកទីបួន ប្រមាណ ១០% តម្រូវឲ្យធ្វើជាទីស្នាក់អាស្រ័យ ក្រោលឬទ្រុងសត្វ ផ្លូវដើរ និងរោងផ្ទុកសម្ភារៈផ្សេងៗ
ការបែងចែកផ្ទៃដីកសិកម្មជា ៤ ផ្នែក
ទ្រឹស្ដីថ្មីដំណាក់កាលទីពីរ
[កែប្រែ]ពេលកសិករយល់អំពីគោលការណ៍និងបានអនុវត្ដលើដីធ្លីរបស់ខ្លួនរហូតបានលទ្ធផលហើយ ត្រូវចាប់ផ្ដើមដំណាក់កាលទីពីរ គឺតម្រូវឲ្យកសិកររួមកម្លាំងគ្នាក្នុងទម្រង់ជាក្រុម ឬសហករ រួមកម្លាំងរួមចិត្ដគ្នាអនុវត្ដកម្មវិធីលើផ្នែក៖
(១) ការផលិត (ពូជដំណាំ ការត្រៀមដី ប្រព័ន្ធទឹកស្រោចស្រព ។ល។)
- កសិករត្រូវសហការរួមដៃគ្នាក្នុងការផលិត ដោយចាប់ផ្ដើមពីដំណាក់កាលនៃការត្រៀមដី ការត្រៀមពូជ ជី ការបម្រុងទឹកសម្រាប់ស្រោចស្រពនិងផ្សេងៗ ទៀតដើម្បីការដំាដុះ។
(២) ទីផ្សារ (ទីធ្លាហាលស្រូវ ជង្រុកស្រូវ ម៉ាស៊ីនកិនស្រូវ ការលក់ផលិតផលកសិកម្ម)
- ពេលមានផលិតផលកសិកម្មហើយ កសិករត្រូវត្រៀមការផ្សេងៗ ដើម្បីឲ្យការលក់ផលិតផលកសិកម្មទទួលបានកម្រៃខ្ពស់បំផុត ដូចជា ការត្រៀមទីធ្លាហាលស្រូវរួមគ្នា ការធ្វើជង្រុកស្រូវរួមគ្នា ការត្រូវម៉ាស៊ីនកិនស្រូវ រួមទាំងការរួមគ្នាលក់ផលិតផលកសិកម្មឲ្យបានកម្រៃខ្ពស់និងការកាត់បន្ថយថ្លៃចំណាយផងដែរ។
(៣) ជីវភាពរស់នៅ (កាពិ ទឹកត្រី អាហារ សម្លៀងបំពាក់ ។ល។)
- ក្នុងពេលជាមួយគ្នាដែរ កសិករត្រូវមានជីវភាពរស់នៅដែលល្អសមរម្យ ដោយមានបច្ច័យមូលដ្ឋានក្នុងការរស់នៅ ដូចជា អាហារហូបចុកផ្សេងៗ កាពិ ទឹកត្រី សម្លៀកបំពាក់ដែលសមរម្យ។
(៤) សេវាសង្គមកិច្ច (សុខភាព ប្រាក់កម្ចី)
- សហគមន៍នីមួយៗ គួរមានសេវាសង្គមកិច្ចដែលចាំបាច់ ដូចជា មានមណ្ឌលសុខភាពពេលមានជំងឺឈឺថ្កាត់ ឬមានប្រាក់មូលនិធិទុកសម្រាប់ខ្ចីបុលដើម្បីជាប្រយោជន៍ក្នុងការអនុវត្ដការងារផ្សេងៗ របស់សហគមន៍។
(៥) ការសិក្សា (សាលារៀន ទុនអាហាររូបករណ៍)
- សហគមន៍គួរមានការគាំទ្រលើវិស័យសិក្សាអប់រំ ដូចជា មានប្រាក់បម្រុងដើម្បីការសិក្សាអប់រំចំពោះយុវជនក្នុងសហគមន៍របស់ខ្លួន។
(៦) សង្គមនិងសាសនា
- សហគមន៍គួរប្រែក្លាយខ្លួនឲ្យក្លាយទៅជាមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍន៍សង្គមនិងសីលធម៌ ដោយមានសាសនាជាទីពឹងពំនាក់។
កិច្ចការទាំងអស់ដូចដែលបានរៀបរាប់ខាងលើនេះ តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន រួមទាំងសមាជិកម្នាក់ៗ ក្នុងសហគមន៍ជាតួអង្គសំខាន់។
ទ្រឹស្ដីថ្មីដំណាក់កាលទីបី
[កែប្រែ]ពេលអនុវត្ដដំណាក់កាលទីពីររួចហើយ កសិករឬក្រុមកសិករត្រូវអភិវឌ្ឍឈានទៅរកដំណាក់កាលទីបីជាបន្ដទៀត គឺត្រូវទាក់ទងការងារ ដើម្បីស្វែងរកដើមទុន ឬប្រភពថវិកា ដូចជា ធនាគារ ឬក្រុមហ៊ុន ភោជនីយដ្ឋាន ហាងទំនិញផ្សេងៗ ឲ្យជួយបោះទុនវិនិយោគនិងអភិវឌ្ឍគុណភាពជីវិតកសិករ។ ប្រការទាំងអស់នេះ ទាំងខាងកសិករនិងខាងធនាគារ ឬក្រុមហ៊ុនឯកជននឹងទទួលបានប្រយោជន៍រួមគា្ន ពោលគឺ៖
- កសិករលក់ផលិតផលកសិកម្មបានតម្លៃខ្ពស់ (មិនត្រូវបានកៀបតម្លៃ)។
- ធនាគារឬក្រុមហ៊ុនឯកជនអាទិញផលិតផលកសិកម្មបានក្នុងតម្លៃទាប (ទិញផលិតផលកសិកម្មពីកសិករនិងយកមកកែច្នៃដោយខ្លួនឯង)។
- កសិករទិញគ្រឿងឧបភោគបរិភោគបានក្នុងតម្លៃទាប ព្រោះរួមគ្នាទិញក្នុងបរិមាណច្រើន (ជាផ្សារកសិករតម្លៃលក់ដុំ)។
- ធនាគារឬក្រុមហ៊ុនឯកជន អាចពង្រាយបុគ្គលិករបស់ខ្លួនដើម្បីអនុវត្ដកិច្ចការផ្សេងៗ ឲ្យកើតបានជាលទ្ធផលល្អជាងមុន។
គោលការណ៍និងចក្ខុវិស័យសំខាន់ៗ
[កែប្រែ]១. ជាប្រព័ន្ធការផលិតប្រភេទសេដ្ឋកិច្ចគ្រប់គ្រាន់ដែលកសិករអាចចិញ្ចឹមខ្លួនឯងបានក្នុងកម្រិតសន្សំសំចៃជាមុន។ ប្រការនេះ សហករណ៍ត្រូវសាមគ្គី រួមកម្លាំងរួមចិត្ដគ្នាជួយសង្គ្រោះគ្នាទៅវិញទៅមក ក្នុងលំនាំនៃការ “ប្រវ៉ាស់ដៃ” បែបសម័យមុនដើម្បីកាត់បន្ថយការចំណាយក្នុងការជួលកម្លាំងពលកម្ម។
២. ដោយសារស្រូវ(បាយ)ជាបច្ច័យមូលដ្ឋានដែលគ្រប់ក្រុមគ្រួសារត្រូវបរិភោគរាល់ថ្ងៃ ដូច្នេះហើយទើបមានការគណនាឃើញថាគ្រួសារមួយគ្រួសារត្រូវធ្វើស្រែប្រមាណ ៥ រ៉ៃ(១ រ៉ៃ=១៦០០ ម២) ទើបអាចមានស្រូវគ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ ដោយពុំចាំបាច់ទិញដូរក្នុងតម្លៃថ្លៃ ដើម្បីប្រកាន់នូវគោលការណ៍ពឹងពាក់ខ្លួនឯងបានយ៉ាងពេញលេញ។
៣. ត្រូវមានទឹកបម្រុងទុកឲ្យបានគ្រប់គ្រាន់ដើម្បីការដាំដុះក្នុងរដូវប្រាំង ឬក្នុងពេលមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ដូច្នេះហើយទើបតម្រូវឲ្យកសិករបែងចែកដីមួយភាគសម្រាប់ជីកស្រះ ដោយមានគោលការណ៍ទឹកគ្រប់គ្រាន់សម្រាប់ដាំដុះក្នុងរយៈពេលពេញមួយឆ្នាំ។ ទាំងអស់នេះព្រះអង្គបានព្រះរាជទានព្រះរាជតម្រិះជាចក្ខុវិស័យថា ត្រូវមានទឹក ១០០០ ម៉ែត្រគូបសម្រាប់ការដាំដុះលើផ្ទៃដី ១ រ៉ៃដោយប្រមាណ។ ហេតុដូច្នេះបើធ្វើស្រែក្នុងទំហំផ្ទៃដី ៥ រ៉ៃ ធ្វើចំការឬដំាដំណាហូបផ្លែ ៥ រ៉ៃទៀត (សរុប ១០ រ៉ៃ) តម្រូវឲ្យមានទឹក ១០០០០ ម៉ែត្រគូបក្នុងរយៈពេលមួយឆ្នាំ។
ហេតុដូច្នេះ បើយើងសន្មត់ថា មានផ្ទៃដី ១៥ រ៉ៃ យើងអាចកំណត់រូបមន្ដត្រួសៗ បានដូចខាងក្រោម
- ស្រែស្រូវ ៥ រ៉ៃ
- ដំណាំចម្ការ ដំណាំសួន ៥ រ៉ៃ
- ស្រះទឹក ៣ រ៉ៃ ជម្រៅ ៤ ម៉ែត្រ ផ្ទុកទឹកបានប្រហែល ១៩០០០ ម៉ែត្រគូប ដែលជាបរិមាណគ្រប់គ្រាន់សម្រាប់បម្រុងទុកក្នុងរដូវប្រាំង។
- ផ្ទៃដីសាងសង់និងផ្សេងៗ ២ រ៉ៃ
រួមទាំងអស់ ១៥ រ៉ៃ
តែទាំងអស់នេះទំហំស្រះផ្ទុកទឹកអាស្រ័យលើសភាពទីតាំងភូមិសាស្រ្ដដូចខាងក្រោម៖
- បើសិនជាតំបន់កសិកម្មពឹងទឹកភ្លៀង ស្រះទឹកគួរមានជម្រៅជ្រៅ ដើម្បីការពារកុំឲ្យទឹកហួតច្រើនពេក ទើបអាចមានទឹកប្រើពេញមួយឆ្នាំ។
- បើសិនជាតំបន់កសិកម្មមានប្រព័ន្ធធារាសាស្ដ្រ ស្រះទឹកអាចមានជម្រៅជ្រៅឬរាក់ និងតូចឬធំទូលាយក៏បាន ត្រូវពិចារណាលើភាពសមស្រប ព្រោះមានទឹកបង្ហូរបន្ថែមជាប្រចាំ។
ការមានស្រះទឹកគឺដើម្បីឲ្យកសិករមានទឹកប្រើជាប្រចាំពេញមួយឆ្នាំ (ទ្រង់ហៅថា Regulator មានន័យថាការគ្រប់គ្រងឲ្យល្អ មានប្រព័ន្ធទឹកវិលជុំប្រើដើម្បីការងារកសិកម្មគ្រប់ពេលវេលានិងជាបន្ដបន្ទាប់) ជាពិសេសជានេះទៀតគឺក្នុងរដូវប្រាំងនិងពេលមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ តែមិនបានមានន័យថា កសិករអាចធ្វើស្រែប្រាំងបាននោះទេ ព្រោះប្រសិនបើទឹកក្នុងស្រះមិនគ្រប់គ្រាន់ ក្នុងករណីមានទំនប់ទឹកនៅបរិវេណជិតនោះដែរគឺអាចបូមទឹកពីទំនប់ ដែលអាចធ្វើឲ្យទឹកក្នុងទំនប់រីងអស់ តែកសិករគួរធ្វើស្រែក្នុងរដូវភ្លៀង ហើយពេលដល់រដូវប្រាំង ឬភ្លៀងធ្លាក់មិនគ្រប់គ្រាន់តម្រូវឲ្យកសិករប្រើទឹកស្រះបម្រុងទុកនោះឲ្យកើតជាប្រយោជន៍លើផ្នែកកសិកម្មខ្ពស់បំផុត ដោយពិចារណាដាំបន្លែឬដំណាំឲ្យសមស្របតាមរដូវកាល ដើម្បីទទួលបានផលិតផលកសិកម្មផ្សេងៗ ទុកបរិភោគនិងអាចយកទៅលក់បានពេញមួយឆ្នាំ។
៤. ការរៀបចំបែងចែកផ្ទៃដីដើម្បីឲ្យកើតជាប្រយោជន៍ខ្ពស់បំផុតនេះ ព្រះបាទសម្ដេចព្រះចៅភូមិពលអាប់ឌុលយ៉ាដេតទ្រង់គណនានិងប៉ាន់ស្មានតាមរយៈអត្រាគ្រប់គ្រងផ្ទៃដីជាមធ្យមសម្រាប់មួយគ្រួសារ ១៥ រ៉ៃ។ ទោះជាយ៉ាងណាក៏ដោយ បើកសិករមានផ្ទៃដីតូចជាងនេះ ឬច្រើនជាងនេះ ក៏អាចប្រើតាមរូបមន្ដ ៣០:៣០:៣០:១០ ជាគោលកំណត់បាន ពោលគឺ៖
៣០% ទីមួយ ជីកស្រះទឹក (អាចចិញ្ចឹមត្រី ដាំដំណាំរុក្ខជាតិទឹក ដូចជា ត្រកួន កញ្ឆែត ។ល។ បានដែរ) លើស្រះអាចសង់ទ្រុងមាន់ លើមាត់ស្រះអាចដាំដើមឈើប្រើប្រាស់ដែលមិនស៊ីទឹកច្រើននៅជុំវិញបាន។
៣០% ទីពីរ ធ្វើស្រែ
៣០% ទីបី ដាំដំណាំចំការ ដំណាំសួន (ឈើហូបផ្លែ ឈើប្រើប្រាស់ ឈើអុស ឈើសាងសង់ ដំណាំចម្ការ រុក្ខជាតិបន្លែ រុក្ខជាតិឱសថ ជាដើម)
១០% ចុងក្រោយ ជាផ្ទៃសម្រាប់សង់ជម្រកនិងផ្សេងៗ (ផ្លូវដើរ ទំនប់ដី គំនរចំបើង ធ្លាហាលផលដំណាំ គំនរជី រោងខ្ទម រោងបណ្ដុះផ្សិត ក្រោលឬទ្រុងសត្វ ឈើផ្កា ឈើលម្អ បន្លែគ្រួសារក្រោយផ្ទះ ជាដើម)។
ទោះជាយ៉ាងណាក៏ដោយ រូបមន្ដខាងលើជារូបមន្ដឬគោលការណ៍ដោយប្រមាណតែប៉ុណ្ណោះ កសិករអាចកែសម្រួល កែច្នៃបានតាមភាពសមស្រប ដោយអាស្រ័យលើសភាពទីតាំងភូមិសាស្ដ្រ បរិមាណទឹកភ្លៀង និងបរិស្ថានជុំវិញ ដូចជា ក្នុងករណីតំបន់មានភ្លៀងធ្លាក់ជោកជាំ ឬតំបន់ដែលមានទឹកមកបន្ថែមក្នុងស្រះបានជាប្រចាំ ក៏អាចកាត់បន្ថយទំហំនៃស្រះទឹកឲ្យតូចជាងមុន ដើម្បីរក្សាទឹកទុកប្រើជាប្រយោជន៍ផ្សេងទៀតបាន។
៥. ការអនុវត្ដតាមទ្រឹស្ដីថ្មី មានបច្ច័យគួបផ្សំច្រើនប្រការ អាស្រ័យលើទីតាំងភូមិសាស្ដ្រ សភាពបរិស្ថាននៃតំបន់នីមួយៗ ។ ដូច្នេះកសិករគួរពិចារណាតាមការណែនាំរបស់អ្នកបច្ចេកទេសផងដែរ ហើយអ្វីដែលសំខាន់នោះគឺ តម្លៃការបោះទុនសុទ្ធសឹងខ្ពស់ ជាពិសេសគឺទុនក្នុងការជីកស្រះ។ កសិករត្រូវទទួលជំនួយពីរដ្ឋាភិបាល មូលនិធិ និងក្រុមហ៊ុនឯងជនទើបប្រសើរ។
៦. ក្នុងកំឡុងពេលជីកស្រះ នឹងមានអាចម៍ដីដែលត្រូវបានជីកឡើងមកបរិមាណច្រើន។ ដីស្រទាប់លើដែលជាដីមានជីជាតិល្អ គួរយកទៅគរទុកដោយឡែកដើម្បីយកមកប្រើជាប្រយោជន៍ក្នុងការដាំរុក្ខជាតិផ្សេងៗ នាពេលក្រោយ ដោយយកមកដាក់ពីលើស្រទាប់ដីដែលគ្មានជីជាតិ ឬអាចយកមកលុបពីលើដីទំនប់មានស្រះ ឬលើករងសម្រាប់ដាំឈើហូបផ្លែផ្សេងៗ ក៏ទទួលបានប្រយោជន៍ដូចគ្នា។
ឧទាហរណ៍រុក្ខជាតិដែលត្រូវដាំនិងសត្វដែលត្រូវចិញ្ចឹម៖
ឈើហូបផ្លែនិងបន្លែឈើធំ : ស្វាយ ដូង អំពិល ខ្នុរ ល្មុត ក្រូច ចេក ទៀប ម្កាក់ កំពីងរាជ អង្គារដី ម្រុំ ស្ដៅ អង្កាញ់ កន្ថុំថេត ។ល។
រុក្ខជាតិតូចនិងផ្កា : ដំឡូងជ្វា ត្រាវ សណ្ដែកកួរ ត្រប់ ផ្កាម្លិះ ផ្កាស្បៃរឿង ផ្កាឡេវអាវ ផ្កាកុលាប ផ្កាសិរមាន់ និងផ្កាចេកទេស ជាដើម។
ផ្សិត : ផ្សិតម្ជុល ផ្សិតចំបើង ផ្សិតប៉ៅហ៊ឺ ជាដើម។
ឱសថរុក្ខជាតិនិងគ្រឿងទេស : ស្លា ម្លូ ម្ទេស ម្រេច ទាល់ ស្លឹកត្រចៀកក្រាញ់ ម៉ាក់ក្លឿ កង្ហឹត ស្បូវ និងរុក្ខជាតិប្រភេទខ្លះដូចជា ជីរម្រះព្រៅ ជីរនាងវង ជីរអង្កាម ជីរនាងល័ក្ខ និងស្លឹកគ្រៃ ជាដើម។
ឈើប្រើប្រាស់និងឈើអុស : ឬស្សី ដូង ត្នោត អាកាស្យា អំពិលទឹក សង្កែ អំពិលបារំាង កន្ថុំថេត ស្ដៅ អង្កាញ់ គ ធ្នង់ នាងនួន បេង គគីរ និងឈើទាល ជាដើម។
ដំណាំចម្ការ : ពោត សណ្ដែងសៀង សណ្ដែកដី ពពាយ ល្ង ដំឡូងមី អំពៅ ល្ហុងសៀម ជាដើម ដំណាំចម្ការជាច្រើនប្រភេទប្រមូលផលពេលផ្លែវានៅខ្ចី និងលក់ជាបន្លែបាន ហើយមានតម្លៃល្អជាងពេលវាទុំ ដូចជា ពោត សណ្ដែកសៀង សណ្ដែកដី សណ្ដែកកួរ ពពាយ អំពៅ និងដំឡូងមី។
រុក្ខជាតិបម្រុងដីនិងរុក្ខជាតិទប់ដី : សណ្ដែកដី សណ្ដែកបាយ សណ្ដែសៀង ស្នោ ស្នោគោក អង្កាញ់ កន្ថុំថេត ជាដើម ហើយពេលប្រមូលផលរួចរាល់ភ្ជួរលប់ក្នុងដីដើម្បីបម្រុងដីរក្សាគុណភាពដី។
សម្គាល់ : រុក្ខជាតិជាច្រើនប្រភេទប្រើជាប្រយោជន៍បានច្រើនយ៉ាង ហើយការជ្រើសរើសដាំគួរផ្ដោតលើរុក្ខជាតិធំផង ព្រោះការមើលថែកក្នុងដំណាក់កាលក្រោយ ៗ មកនឹងត្រូវបានកាត់បន្ថយ ទទួលបានផលជាបន្ដបន្ទាប់ពេញមួយឆ្នាំ គួរជ្រើសរើសរុក្ខជាតិធំប្រភេទផ្សេងៗ គ្នា ផ្ដល់ម្លប់ត្រជាក់នៅនឹងកន្លែងស្នាក់នៅនិងបរិស្ថានជុំវិញ ហើយគួរជ្រើសរើសដើមឈើឲ្យសមស្របនឹងបរិស្ថានជុំវិញនៃតំបន់ ដូចជា មិនគួរដាំដើមអាកាស្យាឬដើមប្រេងខ្យលនៅតាមមាត់ស្រះ គួរដាំដើមឈើហូបផ្លែជំនួសវិញ ជាដើម។
ចិញ្ចឹមសត្វផ្សេងៗ ដូចជា៖
សត្វទឹក : ត្រីទីឡាព្យា ត្រីគល់រាំង ត្រីឆ្ពិន ត្រីអណ្ដែង ដើម្បីធ្វើជាអាហារបន្ថែមប្រភេទប្រូតេអ៊ីន និងអាចយកទៅលក់បានជាប្រាក់ចំណូលបន្ថែមទៀតផង ក្នុងកន្លែងខ្លះអាចចិញ្ចឹមកង្កែបបានដែរ។
ជ្រូកឬមាន់ : ចិញ្ចឹមលើជុំវិញខ្នងស្រះ ព្រោះអាចម៌ជ្រូកនិងអាចម៌មាន់អាចក្លាយជាអាហារត្រី កន្លែងខ្លះអាចចិញ្ចឹមទាបានទៀតផង។
ប្រយោជន៍របស់ទ្រឹស្ដីថ្មី
[កែប្រែ]១. ឲ្យប្រជាជនអាចរស់នៅមានហូបចុកល្មមសមរម្យក្នុងកម្រិតសន្សំសំចៃ មិនមានពេក មិនខ្វះខាតពេក និងចិញ្ចឹមខ្លួនឯងបានតាមមូលដ្ឋាននៃទស្សនៈ “សេដ្ឋកិច្ចគ្រប់គ្រាន់” ។
២. នៅរដូវប្រាំងមានទឹកតិច ក៏អាចយកទឹកដែលបម្រុងទុកក្នុងស្រះមកដាំរុក្ខជាតិបន្លែផ្សេងៗ ដែលប្រើទឹកតិចបាន ដោយមិនចាំបាច់ទៅរំខានដល់ប្រព័ន្ធធារាសាស្ដ្រធំៗ។
៣. ក្នុងឆ្នាំដែលមានភ្លៀងធ្លាក់ត្រូវតាមរដូវកាលដោយមានទឹកល្អពេញមួយឆ្នាំ ទ្រឹស្ដីថ្មីក៏អាចបង្កើតប្រាក់ចំណូលឲ្យដល់កសិករបាន ដោយមិនក្ដៅក្រហាយរឿងតម្លៃការចំណាយផ្សេងៗ។
៤. ក្នុងករណីដែលកើតគ្រោះធម្មជាតិ កសិករអាចងើបនិងជួយខ្លួនឯងបានក្នុងមួយកម្រិត ដោយខាងរដ្ឋាភិបាលមិនចាំបាច់ជួយច្រើនពេក ដែលជាការសន្សំថវិកាជាតិផងដែរ។
ឯកសារយោង
[កែប្រែ]ឯកសារបន្ថែម
[កែប្រែ]- ทฤษฎีใหม่ ทฤษฎีในการจัดสรรที่ดินทำกิน
- พุทธเศรษฐศาสตร์ ทฤษฎีเศรษฐกิจแนวพุทธ