សោណទណ្ឌសូត្រ
សោណទណ្ឌសូត្រ ទី ៤
[កែប្រែ][១៧៨] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប បានស្តេចទៅដល់ក្រុងចម្បា [ ដីកាពន្យល់ថា នគរនោះ បានជាឈ្មោះដូច្នោះ ព្រោះមានដើមចម្បាដុះជាច្រើន តាំងពីកាលដែលសាងនគរនោះមក ។ ] ។ ព្រះមានព្រះភាគ ទ្រង់គង់ទៀបឆ្នេរនៃស្រះបោក្ខរណី ឈ្មោះគគ្គរា [ អដ្ឋកថា ពន្យល់ថា ស្រះនោះ បានជាឈ្មោះដូច្នោះ ព្រោះព្រះរាជមហេសីព្រះនាម គគ្គរា ឲ្យជីកជិតក្រុងចម្បានោះ នៅជុំវិញឆ្នេរស្រះនោះ មានព្រៃចម្បាដ៏ធំ ប្រដាប់ដោយដើមឈើមានផ្កា ៥ ពណ៌ មានពណ៌ខៀវជាដើម ។ ] ជិតក្រុងចម្បានោះ ។
ពុទ្ធគុណកថា
[កែប្រែ][១៧៩] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍អាស្រ័យនៅក្នុងក្រុងចម្បា ដែលជាក្រុងកុះករ ដោយមនុស្សសត្វ បរិបូណ៌ដោយស្មៅ ឈើ និងទឹក ព្រមទាំងធញ្ញជាតិ ជាព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រទាន ជារាជរង្វាន់ដ៏ប្រសើរ ។ ព្រាហ្មណ៍ និងគហបតិទាំងឡាយអ្នកក្រុងចម្បា បានឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួសហើយ ទ្រង់ពុទ្ធដំណើរមកកាន់ចារិកក្នុងដែនអង្គៈ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប ទ្រង់ពុទ្ធដំណើរ មកដល់ក្រុងចម្បាហើយ គង់នៅទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា កិត្តិសព្ទ ដ៏ពីរោះ សរសើរព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងប្រជាជន ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែងធម៌ មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបប្រទះព្រះអរហន្តទាំងឡាយ មានសភាពដូច្នេះ ជាការប្រពៃណាស់ ។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បា នាំគ្នាចេញពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរានោះ ។
និយាយអំពីគុណរបស់សោណទណ្ឌព្រាហ្មណ៍
[កែប្រែ][១៨០] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍ ចូលទៅកាន់ដំណេកក្នុងវេលាថ្ងៃ ក្នុងប្រាសាទជាន់ខាងលើ ។ សោណទណ្ឌព្រាហ្មណ៍ បានឃើញពួកព្រាហ្មណ៍ គហបតីអ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា លុះឃើញហើយ ទើបហៅខត្តមហាមាត្យ [ អដ្ឋកថាពន្យល់ថា អាមាត្យនេះ ជាអាមាត្យធំ អាចដោះសា អាថ៌ប្រស្នា ដែលសោណទណ្ឌព្រាហ្មណ៍សួរបាន ។ ដីកាពន្យល់ថា បុរសណា ដែលជាអ្នកប្រាជ្ញ ក្នុងអាជ្ញារបស់ឥស្សរជនទាំងឡាយ មានស្តេចទ្រង់រាជ្យ និងស្តេចដែលមិនបានអភិសេកជាដើម ជាអ្នករក្សាអង្គនៃឥស្សរជនទាំងនោះ បុរសនោះ ហៅថា ខត្តៈ ។ បុរសនោះ បើឥស្សរជន មានការប្រើឲ្យទៅទីណាៗ ចេះការពារទោស របស់ឥស្សរជនទាំងនោះ ក្នុងទីនោះៗ ។ (ហៅខ្លីថា អាមាត្យទូលឆ្លង) ] មកសួរថា នែខត្តៈដ៏ចម្រើន ដូចម្តេចហ្ន៎ ក៏បានជាពួកព្រាហ្មណ៍ គហបតីអ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា ។ ខត្តមហាមាត្យឆ្លើយថា បពិត្រលោកដ៏ចម្រើន ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនអង្គៈ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប ឥឡូវ ទ្រង់ពុទ្ធដំណើរមកដល់ក្រុងចម្បាហើយ ព្រះអង្គ គង់សម្រាន្តព្រះឥរិយាបថនៅក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា កិត្តិសព្ទ ដ៏ពីរោះ សរសើរព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ គហបតីទាំងនោះ ក៏នាំគ្នាទៅគាល់ព្រះគោតមដ៏ចម្រើនអង្គនោះ ។ សោណទណ្ឌព្រាហ្មណ៍ ប្រើខត្តមហាមាត្យថា នែខត្តៈដ៏ចម្រើន បើដូច្នោះ អ្នកចូលទៅរកពួកព្រាហ្មណ៍ គហបតីអ្នកក្រុងចម្បា លុះចូលទៅដល់ហើយ ប្រាប់ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បាយ៉ាងនេះថា នែអ្នកទាំងឡាយដ៏ចម្រើន សោណទណ្ឌព្រាហ្មណ៍ និយាយយ៉ាងនេះថា ឲ្យពួកអ្នកដ៏ចម្រើនបង្អង់ចាំមួយរំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតមដែរ ។ ខត្តមហាមាត្យនោះ ក៏ទទួលពាក្យរបស់សោណទណ្ឌព្រាហ្មណ៍ថា បពិត្រលោកដ៏ចម្រើន យ៉ាងហ្នឹងហើយ រួចក៏ចូលសំដៅទៅ ត្រង់ទីដែលពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បានៅ លុះចូលទៅដល់ហើយ ក៏បានប្រាប់ដំណើរនុ៎ះ ចំពោះពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បាថា នែអ្នកទាំងឡាយដ៏ចម្រើន សោណទណ្ឌព្រាហ្មណ៍ និយាយយ៉ាងនេះថា ឲ្យពួកអ្នកដ៏ចម្រើន បង្អង់ចាំមួយរំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតមដែរ ។
[១៨១] ជួនជាសម័យនោះឯង ព្រាហ្មណ៍ទាំងឡាយ ដែលមកអំពីរជ្ជសីមា ផ្សេងៗគ្នា (មានដែនកាសី និងដែនកោសលជាដើម) ចំនួន៥០០នាក់ មកនៅអាស្រ័យក្នុងក្រុងចម្បា ដោយករណីកិច្ច [អដ្ឋកថា ថា ពួកព្រាហ្មណ៍ដែលមកប្រជុំគ្នានៅនគរនោះ ដោយមានករណីកិច្ច ២ យ៉ាង គឺដើម្បីបរិភោគនូវគ្រឿងបូជាយញ្ញ និង ដើម្បីស្វាធ្យាយនូវមន្ត ។ ឯក្នុងនគរនោះ នៅវេលានោះ ឥតមានគ្រឿងបូជាយញ្ញទេ តែព្រាហ្មណ៍ទាំងនោះ ទៅប្រជុំគ្នា បម្រុងនឹងស្វាធ្យាយមន្ត ។ ព្រោះលោកសំដៅយកកិច្ចទាំង ២ យ៉ាងនោះ ទើបពោលថា ដោយមានករណីកិច្ចឯណានីមួយ ។] ឯណានីមួយ ។ ពួកព្រាហ្មណ៍ទាំងនោះ បានឮថា សោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតម ។ លំដាប់នោះ ពួកព្រាហ្មណ៍ទាំងនោះ ក៏នាំគ្នាចូលសំដៅទៅត្រង់ទី ដែលសោណទណ្ឌព្រាហ្មណ៍នៅ លុះចូលទៅដល់ហើយ ក៏បានសួរសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា បានឮថា សោណទណ្ឌដ៏ចម្រើន នឹងទៅគាល់ព្រះសមណគោតម ពិតមែនឬ ?
សោណទណ្ឌព្រាហ្មណ៍ឆ្លើយថា (អើ អ្នកទាំងឡាយដ៏ចម្រើន) ខ្ញុំមានសេចក្តីត្រិះរិះយ៉ាងហ្នឹងមែន ខ្ញុំនឹងចូលទៅគាល់ព្រះសមណគោតមដែរ ។
ពួកព្រាហ្មណ៍ទាំងនោះ ក៏ឃាត់ថា សោណទណ្ឌដ៏ចម្រើន កុំចូលទៅជួបនឹងព្រះសមណគោតមឡើយ សោណទណ្ឌដ៏ចម្រើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមទេ ប្រសិនបើសោណទណ្ឌដ៏ចម្រើនចចេសតែចូលទៅជួបនឹងព្រះសមណគោតម សោណទណ្ឌដ៏ចម្រើន នឹងសាបសូន្យយស ឯព្រះសមណគោតម រឹងរឹតតែចម្រើនយសឡើង សោណទណ្ឌដ៏ចម្រើន នឹងសាបសូន្យយស ព្រះសមណគោតម នឹងរឹងរឹតតែចម្រើនយសឡើង ហេតុនេះ បានជាសោណទណ្ឌដ៏ចម្រើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមទេ ព្រះសមណគោតមទេតើ ទើបគួរចូលមកជួបនឹងសោណទណ្ឌដ៏ចម្រើនវិញ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាឧភតោសុជាត (មានជាតិដ៏ល្អទាំងពីរចំណែក) គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា ៧ ជួរ [ អដ្ឋកថា ថា មាតា ជីដូន ជីដូនទួត ជាព្រាហ្មណី បិតា ជីតា ជីតាទួត ជាព្រាហ្មណ៍ ជា ៦ (ជាគម្រប់ ៧ ជួរនឹងខ្លួន) ហៅថា ឧភតោសុជាត ។ ]មក មិនដែលនរណាមួយ ពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតឡើយ ក៏ឯសោណទណ្ឌដ៏ចម្រើន ជាឧភតោសុជាត ខាងមាតា និងខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា ៧ ជួរមក មិនដែលមាននរណាមួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ហេតុនេះ បានជាសោណទណ្ឌដ៏ចម្រើន មិនគួរចូលទៅជួប នឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរចូលមកជួបសោណទណ្ឌដ៏ចម្រើនវិញ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿងប្រើប្រាស់ច្រើន ។បេ។ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់ ៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺជាអ្នកបច្ចេកទេស ស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន មានរូបល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាអ្នកមានសីលធម៌ មានសីលធម៌ដ៏ចម្រើន ប្រកបដោយសីលធម៌ដ៏ចម្រើន ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន មានវាចាសុភាព មានពាក្យពីរោះក្បោះក្បាយ ប្រកបដោយសំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស ជាវាចាអាចញុំាងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីបានជាក់លាក់ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាអាចារ្យ ធំជាងអាចារ្យរបស់ជនជាច្រើន បានបង្រៀនមន្តមាណព ៣០០ នាក់ មាណពជាច្រើន ដែលមានសេចក្តីត្រូវការដោយមន្ត មានប្រាថ្នានឹងរៀនមន្តក្នុងសំណាក់នៃសោណទណ្ឌដ៏ចម្រើន ហើយនាំគ្នាមកអំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាមនុស្សចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ឯព្រះសមណគោតម នៅក្មេងផង ទើបនឹងបួសថ្មីៗផង ប្រការមួយទៀត សោណទណ្ឌ ជាមនុស្ស ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាមនុស្សដែលបោក្ខរសាតិព្រាហ្មណ៍បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជន និងសត្វ សម្បូណ៌ដោយស្មៅ ឈើ និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យ ជាព្រះរាជបំណាច់ដ៏ប្រសើរ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជន និងសត្វ ព្រមទាំងស្មៅ ឈើ ទឹក បរិបូណ៌ដោយធញ្ញាហារ ជាព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យ ជាព្រះរាជបំណាច់ដ៏ប្រសើរ ព្រោះហេតុនេះ ទើបថា សោណទណ្ឌដ៏ចម្រើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរចូលមកជួបនឹងសោណទណ្ឌដ៏ចម្រើនវិញ ។
ពុទ្ធគុណកថា
[កែប្រែ][១៨២] កាលដែលពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍ទាំងនោះដូច្នេះថា នែអ្នកទាំងឡាយដ៏ចម្រើន បើដូច្នោះ ចូរអ្នកទាំងឡាយស្តាប់ខ្ញុំសិន ដូចយ៉ាងយើង គួរនឹងចូលទៅជួបនឹងព្រះគោតមដ៏ចម្រើននោះដោយពិត ឯព្រះគោតមដ៏ចម្រើននោះ មិនគួរនឹងចូលមកជួបនឹងយើងទេ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាឧភតោសុជាត អំពីខាងព្រះមាតា និងខាងព្រះបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា ៧ ជួរមកដែរ មិនដែលមាននរណាមួយ ពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតឡើយ ព្រះសមណគោតមដ៏ចម្រើន ជាឧភតោសុជាត អំពីខាងព្រះមាតា និងខាងព្រះបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា ៧ ជួរមកដែរ មិនដែលមាននរណាមួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ព្រោះហេតុនេះ បានជាព្រះគោតមដ៏ចម្រើននោះ មិនគួរស្តេចចូលមកជួបនឹងយើងទេ តាមដែលពិតនោះ មានតែយើងទេតើ ទើបគួរចូលទៅជួបនឹងព្រះគោតមដ៏ចម្រើននោះវិញ បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់លះបង់ពពួកញាតិដ៏ច្រើន ហើយ (ចេញទៅ) ទ្រង់ព្រះផ្នួស ។បេ។ បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់លះបង់ប្រាក់ និងមាសដ៏ច្រើន ដែលឋិតនៅក្នុងផែនដី ឋិតនៅឯអាកាស (ប្រាសាទជាន់លើ) ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់នៅក្មេងកម្លោះ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយវ័យដ៏ចម្រើន តាំងនៅក្នុងបឋមវ័យនៅឡើយ ទ្រង់ស្តេចចេញចាកគេហដ្ឋាន ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចម្រើន កាលដែលព្រះមាតា និងព្រះបិតាមិនពេញព្រះទ័យ (នឹងឲ្យទៅទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គក៏ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ហើយទ្រង់ព្រះពស្ត្រជ្រលក់ទឹកអម្ចត់ ទ្រង់ចេញចាកគេហដ្ឋានទៅទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតម មានព្រះរូបឆោមល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីដ៏ល្អក្រៃលែង មានព្រះឆវីដ៏ប្រសើរ មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង បានឮថា ព្រះសមណគោតមដ៏ចម្រើនមានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ព្រះអង្គប្រកបដោយសីលជាកុសល បានឮថា ព្រះសមណគោតមដ៏ចម្រើន មានព្រះវាចាសុភាព មានពាក្យពីរោះក្បោះក្បាយ ព្រះអង្គប្រកបដោយសំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ប្រាសចាកទោស ជាវាចាអាចញុំាងអ្នកស្តាប់ឲ្យចូលចិត្ត សេចក្តីបានជាក់លាក់ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាអាចារ្យធំជាងអាចារ្យរបស់ជនជាច្រើន បានឮថា ព្រះសមណគោតមដ៏ចម្រើន អស់កាមរាគៈហើយ ប្រាសចាកសេចក្តីស្រើបស្រាលហើយ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាកម្មវាទី ជាកិរិយវាទី ធ្វើនូវលោកុត្តរធម៌ឲ្យជាប្រធានដល់ប្រជាជនអ្នកដ៏ប្រសើរ បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ ដែលមិនបានលាយច្រឡំដោយត្រកូលដទៃ មកទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មំាមួនមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មកទ្រង់ព្រះផ្នួស បានឮថា ពួកមនុស្សដែលនៅក្នុងដែនដទៃ ក្នុងជនបទដទៃ នាំគ្នាមកសាកសួរ (ប្រស្នា) នឹងព្រះសមណគោតម បានឮថា ពួកទេវតាច្រើនពាន់ បានដល់នូវព្រះសមណគោតម ជាសរណៈស្មើដោយជីវិត បានឮថា កិត្តិសព្ទដ៏ពីរោះ សរសើរព្រះគោតម ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងត្រឡប់មកកាន់ភពថ្មីទៀត បានឮថា ព្រះសមណគោតមដ៏ចម្រើន ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ បានឮថា ព្រះសមណគោតមដ៏ចម្រើន រមែងមានព្រះវាចារាក់ទាក់ថា អ្នកចូរមកចុះ មកល្អហើយ ទ្រង់មានព្រះវាចាទន់ ទ្រង់ឈ្លាសវៃក្នុងការទទួលរាក់ទាក់ ទ្រង់មានព្រះភក្ត្ររីករាយ ទ្រង់មានព្រះឱស្ឋរួសរាយ ទ្រង់មានព្រះវាចាមុនគេ (តែក្នុងកាលគួរ) បានឮថា ព្រះសមណគោតមដ៏ចម្រើន មានបរិសទ្យទាំង៤ពួក ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានឮថា ពួកទេវតា និងមនុស្សជាច្រើន ជ្រះថ្លានឹងព្រះសមណគោតម បានឮថា (បើ) ព្រះសមណគោតមដ៏ចម្រើន នៅអាស្រ័យក្នុងស្រុកណា ឬនិគមណា ពួកអមនុស្សមិនហ៊ានបៀតបៀន ដល់មនុស្សទាំងឡាយក្នុងស្រុក ឬនិគមនោះឡើយ បានឮថា ព្រះសមណគោតម មានពួក មានក្រុម និងអាចារ្យនៃពួកក្រុម (ជាច្រើន) ប្រជុំជន តែងពោលថា ព្រះអង្គប្រសើរជាងពួកតិរ្ថិយដ៏ច្រើន នែអ្នកទាំងឡាយដ៏ចម្រើន ក៏យសរបស់សមណព្រាហ្មណ៍ទាំងនេះ តែចម្រើនរុងរឿងឡើង ដោយហេតុតាមតែបាន យ៉ាងណាមិញ ឯយសរបស់ព្រះសមណគោតម មិនមែនចម្រើន រុងរឿងឡើងយ៉ាងនោះទេ តាមដែលពិតនោះ យសរបស់ព្រះសមណគោតម ចម្រើនរុងរឿងឡើង ព្រោះការបរិបូណ៌ ដោយវិជ្ជា និងចរណៈដ៏ប្រសើរ បានឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី រាជបរិសទ្យ និងរាជអាមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត បានឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី រាជបរិសទ្យ និងរាជអាមាត្យ បានដល់នូវព្រះសមណគោតមដ៏ចម្រើន ជាសរណៈ ស្មើដោយជីវិត បានឮថា បោក្ខរសាតិព្រាហ្មណ៍ ព្រមទាំងបុត្រ ភរិយា បរិសទ្យ និងអាមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត បានឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតម បានឮថា ព្រះបាទបសេនទិកោសល ទ្រង់បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតម បានឮថា បោក្ខរសាតិព្រាហ្មណ៍ បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតម បានឮថា ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់ក្រុងចម្បាហើយ ឥឡូវទ្រង់គង់ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា នែគ្នាយើងដ៏ចម្រើន ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមកដល់គាមក្ខេត្តរបស់យើងហើយ ពួកសមណព្រាហ្មណ៍អម្បាលនោះ សុទ្ធតែជាភ្ញៀវរបស់យើង ធម្មតា ភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង នែគ្នាយើងដ៏ចម្រើន ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់ក្រុងចម្បាហើយ ឥឡូវទ្រង់គង់ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ព្រះសមណគោតម ឈ្មោះថាជាភ្ញៀវរបស់យើងហើយ ធម្មតាភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រោះហេតុនេះ ព្រះសមណគោតមដ៏ចម្រើននោះ មិនគួរចូលមកជួបនឹងយើងទេ តាមដែលពិតនោះ យើងទេតើ ទើបគួរចូលទៅគាល់ព្រះសមណគោតមដ៏ចម្រើននោះវិញ ខ្ញុំរៀបរាប់គុណរបស់ព្រះគោតមដ៏ចម្រើនបានតែប៉ុណ្ណេះ ឯព្រះគោតមដ៏ចម្រើននោះ មិនមែនមានគុណត្រឹមប៉ុណ្ណេះទេ ព្រោះថា ព្រះគោតមដ៏ចម្រើននោះ មានគុណ នឹងប្រមាណពុំបាន ។
[១៨៣] កាលដែលសោណទណ្ឌព្រាហ្មណ៍និយាយយ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ បាននិយាយទៅនឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា អម្បាលយ៉ាងសោណទណ្ឌព្រាហ្មណ៍ដ៏ចម្រើន ម្តេចគង់ពោលសរសើរគុណព្រះសមណគោតមទៅហើយ ព្រោះហេតុនោះ បើទុកជាព្រះសមណគោតមដ៏ចម្រើននោះ គង់នៅក្នុងទីឆ្ងាយមួយរយយោជន៍ អំពីទីនេះក្តី កុលបុត្រដែលមានសទ្ធា គួរណាស់តែរកស្បៀងយកទៅ ដើម្បីនឹងចូលទៅគាល់ឲ្យបាន ។ សោណទណ្ឌព្រាហ្មណ៍និយាយថា នែអ្នកទាំងឡាយដ៏ចម្រើន បើដូច្នោះ យើងទាំងអស់គ្នា នឹងចូលទៅគាល់ព្រះសមណគោតម ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ជាច្រើន បានចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា ។ លុះសោណទណ្ឌព្រាហ្មណ៍ ចូលទៅដល់ខាងក្រៅដងព្រៃ [បើតាមអដ្ឋកថាពន្យល់ថា ខាងក្នុង គឺព្រៃដែលនៅត្រង់ចន្លោះទីដែលព្រះអង្គគង់ ។] ក៏កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា ប្រសិនជាអាត្មាអញ សួរប្រស្នាចំពោះព្រះសមណគោតម បើព្រះសមណគោតម ពោលយ៉ាងនេះ នឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតាប្រស្នាបែបនុ៎ះ គេគួរសួរយ៉ាងនេះវិញ (បើដូច្នោះ) បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះ ថាសោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីនឹងសួរប្រស្នាចំពោះព្រះសមណគោតម ដោយយោបល់បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា ដែលសាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយទៀត បើព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ៗ មុខជានឹងធ្វើព្រះទ័យរបស់ព្រះអង្គ ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍នោះមិនបានទេ បើព្រះសមណគោតម ពោលនឹងអាត្មាអញក្នុងប្រស្នានោះ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវឆ្លើយយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយយ៉ាងនេះវិញទេតើ (បើដូច្នេះ) បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះ ថាសោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីធ្វើព្រះទ័យរបស់ព្រះសមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍ទេ បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើអាត្មាអញ បានទៅដល់ទីជិតយ៉ាងនេះហើយ តែមិនទាន់បានឃើញព្រះសមណគោតមនៅឡើយ ក៏ស្រាប់តែត្រឡប់មកវិញ បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះ ថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មានមានះរឹងត្អឹង ខ្លាច មិនហ៊ានចូលទៅគាល់ព្រះសមណគោតមទេ មិនសមបើសោណទណ្ឌព្រាហ្មណ៍ ចូលមកដល់ទីជិតយ៉ាងនេះហើយ មិនទាន់បានឃើញព្រះសមណគោតមនៅឡើយ ក៏ស្រាប់តែត្រឡប់មកវិញសោះ បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស ។
[១៨៤] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ដើរចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ ចំណែកខាងព្រាហ្មណ៍ គហបតីទាំងឡាយអ្នកក្រុងចម្បា ពួកខ្លះក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រកាសនាម និងគោត្រ (របស់ខ្លួន) ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ ។ សោណទណ្ឌព្រាហ្មណ៍ អង្គុយត្រិះរិះនូវហេតុមានប្រមាណច្រើន ក្នុងទីនោះ ដូច្នេះថា ប្រសិនបើអាត្មាអញ សួរប្រស្នានឹងព្រះសមណគោតម បើព្រះសមណគោតម ពោលយ៉ាងនេះ នឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតាប្រស្នាបែបនុ៎ះ គេគួរសួរយ៉ាងនេះវិញទេតើ បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចនឹងសួរប្រស្នានឹងព្រះសមណគោតម ដោយយោបល់បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ៗ មុខជាធ្វើព្រះទ័យរបស់ព្រះអង្គ ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍មិនបានឡើយ បើព្រះសមណគោតម ពោលនឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវឆ្លើយយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយយ៉ាងនេះវិញទេតើ បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចធ្វើព្រះទ័យរបស់ព្រះសមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស ឱធ្វើម្តេចហ្ន៎ នឹងបានព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួនអេះ អាត្មាអញ មុខជានឹងធ្វើព្រះទ័យនៃព្រះសមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍បានដោយពិត ។
[១៨៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីត្រិះរិះក្នុងចិត្តរបស់សោណទណ្ឌព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ក៏ទ្រង់ព្រះតម្រិះយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍នេះ ចង្អៀតចង្អល់ ព្រោះតែគំនិតរបស់ខ្លួន បើដូច្នោះ គួរតថាគត សួរប្រស្នានឹងសោណទណ្ឌព្រាហ្មណ៍ត្រង់ត្រៃវេទ ដែលគាត់បានសិក្សា មកអំពីសំណាក់អាចារ្យ របស់ខ្លួន (ឲ្យត្រូវតាមបំណងចុះ) ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរសោណទណ្ឌព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍បញ្ញត្តមនុស្សប្រកបដោយអង្គប៉ុន្មាន ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គប៉ុន្មាន) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។ គ្រានោះ សោណទណ្ឌព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ អាត្មាអញ មានសេចក្តីប្រាថ្នា សេចក្តីប៉ុនប៉ង សេចក្តីពេញចិត្ត សេចក្តីប្រុងទុកណា រួចមកហើយថា ឱធ្វើម្តេចហ្ន៎ នឹងបានព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួន អាត្មាអញ នឹងធ្វើព្រះទ័យនៃព្រះសមណគោតម ឲ្យត្រេកអរ ដោយបញ្ហាវេយ្យាករណ៍បានដោយពិត ក៏ឥឡូវនេះ ព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួន ត្រូវចំសេចក្តីប្រាថ្នាអញនោះហើយ អាត្មាអញ មុខជាធ្វើព្រះទ័យនៃព្រះសមណគោតម ឲ្យត្រេកអរ ដោយបញ្ហាវេយ្យាករណ៍បានដោយពិត ។
បញ្ញត្តិរបស់ព្រាហ្មណ៍
[កែប្រែ][១៨៦] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ក៏បង្ហើបខ្លួន អើតមើលបរិសទ្យ ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គ ៥ ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៥ នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង អង្គទាំង ៥ នោះ តើដូចម្តេច ? បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្នុងលោកនេះ
១. មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគម្រប់ ៧ មក មិនដែលមាននរណាពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើត
២. ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់ ៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ
៣. ជាអ្នកមានរូបល្អ គួរឲ្យពិតពិល រមិលមើល គួរឲ្យជ្រះថ្លា ប្រកបដោយសម្បុរដ៏ស្អាតក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយគួរឲ្យចង់មើលមិនលែង
៤. ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន
៥. ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា
បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គទាំង ៥ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៥ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។
[១៨៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង ៥ ប្រការនេះ អ្នកអាចលើកអង្គមួយចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ ៤ ថាជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយអង្គ ៤ នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ? សោណទណ្ឌព្រាហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ចម្រើន ក៏បណ្តាអង្គទាំង ៥ យើងលើកអង្គ គឺសម្បុរចេញ ដ្បិតសម្បុរ នឹងយកជាការពុំបាន បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គត្រឹមតែ ៤ នោះ) គឺជា
១. អ្នកមានជាតិដ៏ល្អ ទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគម្រប់ ៧ មក មិនដែលមាននរណាពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើតបាន
២. ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់ ៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ
៣. ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន
៤. ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២ របស់ពួកព្រាហ្មណ៍ អ្នកទទួលនូវគ្រឿងបូជា
បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ បញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ ៤ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៤ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។
[១៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង ៤ នេះ អ្នកអាចលើកអង្គមួយចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ៣ ថាជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយអង្គ៣នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ? សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ចម្រើន ក៏បណ្តាអង្គទាំង ៤ នេះ យើងលើកអង្គ គឺមន្តចេញ ដ្បិតមន្ត នឹងធ្វើអ្វីកើត បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គត្រឹមតែ ៣ នោះ) គឺជា
១. អ្នកមានជាតិដ៏ល្អ ទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគម្រប់ ៧ មក មិនដែលមាននរណាពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើតបាន
២. ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន
៣. ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា
បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ ៣ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៣ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។
[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង ៣ នេះ អ្នកអាចលើកអង្គមួយចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ ២ ថាជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយអង្គ ២ នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ? សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ចម្រើន ក៏បណ្តាអង្គទាំង ៣ នេះ យើងលើកអង្គ គឺជាតិចេញ ដ្បិតជាតិនឹងធ្វើអ្វីកើត បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គត្រឹមតែ ២ នោះ) គឺជា
១. អ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន
២. ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា
បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ ២ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ២ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។
[១៩០] កាលដែលសោណទណ្ឌព្រាហ្មណ៍ពោលយ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ ក៏បាននិយាយនឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា សោណទណ្ឌដ៏ចម្រើន កុំនិយាយយ៉ាងនេះ សោណទណ្ឌដ៏ចម្រើន កុំនិយាយយ៉ាងនេះឡើយ សោណទណ្ឌដ៏ចម្រើន និយាយបង្អាប់សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌដ៏ចម្រើន បណ្តោយតាមវាទៈរបស់ព្រះសមណគោតម ដោយចំណែកមួយហើយតើ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា បើអ្នកទាំងឡាយជាព្រាហ្មណ៍ មានសេចក្តីយល់ឃើញថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងតិចផង សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យមិនពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នកឥតប្រាជ្ញាផង សោណទណ្ឌព្រាហ្មណ៍ មិនល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹងព្រះសមណគោតមបានផង សោណទណ្ឌព្រាហ្មណ៍ ចូរឈប់ចុះ អ្នកទាំងឡាយ ចូរនិយាយឆ្លើយឆ្លងជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយ ជាព្រាហ្មណ៍ មានសេចក្តីយល់ឃើញយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងច្រើនផង សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នកប្រាជ្ញផង សោណទណ្ឌព្រាហ្មណ៍ ល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹងព្រះសមណគោតមបានផង អ្នកទាំងឡាយ ចូរឈប់ចុះ ចូរឲ្យសោណទណ្ឌព្រាហ្មណ៍ និយាយឆ្លើយឆ្លងជាមួយនឹងតថាគតវិញ ។
[១៩១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា សូមព្រះគោតមដ៏ចម្រើន បង្អង់សិនចុះ សូមព្រះគោតមដ៏ចម្រើនគង់ស្ងៀមចុះ ខ្ញុំព្រះអង្គ នឹងធ្វើនូវពាក្យតបត ប្រកបដោយហេតុ ដល់ព្រាហ្មណ៍ទាំងនោះវិញ ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍ទាំងនោះដូច្នេះថា នែអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយកុំពោលយ៉ាងនេះឡើយ នែអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយកុំពោលយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ដ៏ចម្រើន និយាយបង្អាប់សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌព្រាហ្មណ៍ដ៏ចម្រើន បណ្តោយតាមវាទៈរបស់ព្រះសមណគោតម ដោយចំណែកមួយដូច្នេះឡើយ ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំមិនមែននិយាយបង្អាប់សម្បុរ ឬមន្ត និងជាតិទេ ។
គុណសម្បត្តិរបស់អង្គកៈ
[កែប្រែ][១៩២] សម័យនោះឯង មានមាណព (មនុស្សជំទង់) ម្នាក់ឈ្មោះអង្គកៈ ត្រូវជាក្មួយសោណទណ្ឌព្រាហ្មណ៍ អង្គុយក្នុងពួកបរិសទ្យនោះដែរ ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា អ្នកដ៏ចម្រើនទាំងឡាយ បានឃើញមាណព ឈ្មោះអង្គកៈនេះ ជាក្មួយយើងដែរឬទេ ។ ព្រាហ្មណ៍ទាំងនោះ ក៏ឆ្លើយថា បពិត្រលោកដ៏ចម្រើន បានឃើញដែរ បពិត្រលោកដ៏ចម្រើន អង្គកមាណព មានរូបល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង ក្នុងបរិសទ្យនេះ រកអ្នកណាឲ្យមានសម្បុរស្មើនឹងអង្គកមាណពនេះ គ្មានឡើយ លើកលែងតែព្រះសមណគោតមចេញ ។ សោណទណ្ឌព្រាហ្មណ៍ពោលថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន អង្គកមាណព ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់ ៥ ជាអ្នកចាំស្ទាត់នូវបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ឯខ្ញុំជាអ្នកបង្រៀនមន្ត ដល់វា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ឯអង្គកមាណព មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតាជាគម្រប់ ៧ មក មិនដែលមាននរណាមួយពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតបាន ខ្ញុំក៏ស្គាល់មាតាបិតារបស់វា ម្នាលអ្នកទាំងឡាយដ៏ចម្រើន តែអង្គកមាណពសម្លាប់សត្វខ្លះ យកទ្រព្យដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុសក្នុងភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ផឹកទឹកស្រវឹងខ្លះ ឥឡូវ បើលើកយកសេចក្តីនេះមកនិយាយ វណ្ណៈ នឹងយកជាការអ្វីបាន មន្ត នឹងយកជាការអ្វីបាន ជាតិ នឹងយកជាការអ្វីបាន ម្នាលអ្នកទាំងឡាយដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គ ២) គឺជា
១. អ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន
២. ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២ របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា
ម្នាលអ្នកទាំងឡាយដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ ២ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ២ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។
[១៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង ២ នេះ អ្នកអាចលើកអង្គមួយចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែមួយ ថាជាព្រាហ្មណ៍វិញ (ទាំងមនុស្សដែលប្រកបដោយអង្គតែមួយនោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ?
សោណទណ្ឌព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន អង្គទាំង ២ នេះ នឹងលើកអង្គណាមួយចេញមិនបានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ដ្បិតប្រាជ្ញា រមែងជំរះសីលឲ្យបរិសុទ្ធ សីលសោតក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ ។ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ ។ អ្នកមានសីល ក៏មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ។ ឯសីលនិងប្រាជ្ញាប្រាកដ ជាគុណធម៌ប្រសើរក្នុងលោក ។ បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលលាងដៃ ដោយដៃក្តី លាងជើង ដោយជើងក្តី សេចក្តីនេះ មានឧបមាយ៉ាងណាមិញ បពិត្រព្រះគោតមដ៏ចម្រើន មាឧបមេយ្យដូចជា ប្រាជ្ញារមែងជំរះសីលឲ្យបរិសុទ្ធ សីលសោតក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ ។ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ ។ អ្នកមានសីល ក៏មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ។ ឯសីលនិងប្រាជ្ញានេះ អ្នកប្រាជ្ញតែងពោលថាជាគុណធម៌ដ៏ប្រសើរក្នុងលោក ។
[១៩៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ ដ្បិតប្រាជ្ញា រមែងជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីលនិងប្រាជ្ញា អ្នកប្រាជ្ញ តែងពោលថាជាគុណធម៌ដ៏ប្រសើរក្នុងលោក ម្នាលព្រាហ្មណ៍ បុគ្គលលាងដៃដោយដៃក្តី លាងជើងដោយជើងក្តី សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មានឧបមេយ្យដូចជាប្រាជ្ញា រមែងជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីលនិងប្រាជ្ញា អ្នកប្រាជ្ញ តែងពោលថាជាគុណធម៌ដ៏ប្រសើរក្នុងលោក ម្នាលព្រាហ្មណ៍ ចុះសីលនោះដូចម្តេច ប្រាជ្ញានោះដូចម្តេច ។ សោណទណ្ឌព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គគ្រាន់តែបានដឹងថា សីល និងប្រាជ្ញាប៉ុណ្ណេះ ឯត្រង់សេចក្តីអធិប្បាយ (មិនដឹងថា) ដូចម្តេចទេ សូមព្រះគោតមដ៏ចម្រើន ទ្រង់ត្រាស់បំភ្លឺសេចក្តីអធិប្បាយ នៃភាសិតនុ៎ះឲ្យទាន ។
[១៩៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរអ្នកយកចិត្តទុកដាក់ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់ ។ សោណទណ្ឌព្រាហ្មណ៍ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយ ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលព្រាហ្មណ៍ ព្រះតថាគតបានកើតឡើង ក្នុងលោកនេះ ជាបុគ្គលឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ដោយព្រះអង្គឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ។ ព្រះអង្គទ្រង់សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធបរិបូណ៌គ្រប់គ្រាន់ទាំងអស់ ។ បុគ្គលជាគហបតិក្តី ជាបុត្តនៃគហបតិក្តី បុគ្គលដែលមកកើតខាងក្រោយ ក្នុងត្រកូលឯណានីមួយក្តី រមែងស្តាប់នូវធម៌នោះ ។ លុះបុគ្គលនោះ បានស្តាប់នូវធម៌នោះហើយ រមែងបានចំពោះនូវជំនឿក្នុងព្រះតថាគត ។ លុះបុគ្គលនោះ ប្រកបដោយកិរិយាបានចំពោះនូវជំនឿដូច្នោះហើយ រមែងពិចារណាថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលី គឺរាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេលទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ សម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់នូវគំនរនៃភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ លុះបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមតាមបាតិមោក្ខសំវរៈ គ្រប់ឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌ដោយសីល រក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិ និងសម្បជញ្ញៈ ជាអ្នកសន្តោស ។
ចូឡសីល
[កែប្រែ]ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ ?
បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាមនុស្សល្មួច ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌របស់អ្នកស្រុក ។ នេះជាសីលរបស់ភិក្ខុនោះ ។
ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេគប្បីជឿ មិនបានពោលបំភ្លាត់សត្វលោក ។ នេះជាសីលរបស់ភិក្ខុនោះ ។
ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយកទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបានយកមកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះ ជាអ្នកផ្សះផ្សានូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែមដល់ពួកជន ដែលជានឹងគ្នាហើយ មានសេចក្តីព្រមព្រៀងគ្នាជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែវាចាដែលជាគ្រឿងធ្វើនូវសេចក្តីព្រមព្រៀងគ្នា ។ នេះជាសីលរបស់ភិក្ខុនោះ ។
ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រឡាញ់ ជាពាក្យគួរតម្កល់ទុកក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទីគាប់ចិត្តនៃជនច្រើនគ្នា តែងពោលនូវវាចាមានសភាពដូច្នោះ ។ នេះជាសីលរបស់ភិក្ខុនោះ ។
ភិក្ខុលះបង់សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យក្នុងកាលគួរ ពោលនូវពាក្យពិត ពោលនូវអត្ថ ពោលនូវធម៌ ពោលនូវវិន័យ ពោលនូវពាក្យគួរតម្កល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍ តាមកាលដ៏គួរ ។ នេះជាសីលរបស់ភិក្ខុនោះ ។
ភិក្ខុវៀរស្រឡះចាកការធ្វើពីជគាម និងភូតគាម [វត្ថុដែលមានពូជដុះឡើងបាន តែមិនដុះជាប់នឹងផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម, ឈើ ស្មៅជាដើម ដែលដុះជាប់នឹងផែនដី ហៅថា ភូតគាម ។] ឲ្យវិនាស ។ ជាអ្នកបរិភោគភត្តតែ១ពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស ។ វៀរចាកការមើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ ។ វៀរចាកការទ្រទ្រង់និងការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ ។ វៀរចាកការទទួលនូវមាស និងប្រាក់ ។ វៀរចាកការទទួលនូវធញ្ញជាតិឆៅ ។ វៀរចាកការទទួលនូវសាច់ឆៅ ។ វៀរចាកការទទួលនូវស្រី និងកុមារី ។ វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស ។ វៀរចាកការទទួលនូវពពែ និងចៀម ។ វៀរចាកការទទួលនូវមាន់ និងជ្រូក ។ វៀរចាកការទទួលនូវដំរី គោ សេះឈ្មោលញី ។ វៀរចាកការទទួលនូវស្រែ និងចម្ការ ។ វៀរចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ ។ វៀរចាកការទិញ និងលក់ ។ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោតដោយរង្វាល់រង្វាស់ ។ វៀរចាកការប្រកបនូវអំពើវៀច គឺបង្ខុសបំភាន់ [បានខាងចៅក្រមស៊ីសំណូកគេ ហើយកាត់ក្តីវៀច ធ្វើអ្នកចាញ់ឲ្យទៅជាឈ្នះ អ្នកឈ្នះឲ្យទៅជាចាញ់វិញ ។] និងបញ្ឆោតបោកប្រាស និងបន្លំដោយរបស់ក្លែង ។ វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំធ្វើអំពើអាក្រក់ និងការប្លន់ការកំហែងយកទ្រព្យ ។ នេះជាសីលរបស់ភិក្ខុនោះ ។
ចប់ ចូឡសីល ។
មជ្ឈិមសូត្រ
[កែប្រែ]មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ ។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ ? គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥ ។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ ។ ការសន្សំទុកនោះ តើដូចម្តេច ? គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំគ្រឿងក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១ ។ ភិក្ខុជាអ្នកវៀរចាកការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះ ។ ល្បែងជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច ? គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហាភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង ៤ ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មានជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើលពួកសេនាដែលប្រកបដោយអង្គ ៤ ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ? គឺបាស្កាមានក្រឡា៨ [ចត្រង្គមានក្រឡា៨ ។]ខ្លះ បាស្កាមានក្រឡា១០ [ចត្រង្គមានក្រឡា១០ ន័យខ្លះថា បាយខុំ ។]ខ្លះ បាស្កាដែលលេងឰដ៏អាកាស [ចត្រង្គឥតក្តារ លេងតែមាត់ទទេ ។]ខ្លះ ល្បែងវាងផ្លូវដែលគួរវាង [ប្រហែលជាបិទមុខ បិទពួន ។]ខ្លះ ល្បែងផ្ទាត់គ្រាប់មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងផ្លុំប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ ។ ឯភិក្ខុជាអ្នកវៀរចាកល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ) មានសភាពដូច្នេះ ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច ? គឺអាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលធ្វើដោយរោម វិចិត្រដោយរូបសត្វសាហាវខ្លះ កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ មានសីហៈ និងខ្លាធំជាដើមខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ក្រាលលើរថខ្លះ កម្រាលដែលធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុសខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហមខ្លះ ។ ភិក្ខុជាអ្នកវៀរចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះ ។ វត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច ? គឺការដុសខាត់ បំបាត់ក្លិនអាក្រក់ (គ្រឿងអប់)ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់ប្រោះមុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខ(ស្នៀតសក់)ខ្លះ កែវមណីខ្លះ ផ្លិតធ្វើដោយរោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវតិរច្ឆានកថា (ពាក្យនិយាយទទឹងផ្លូវសួគ៌ និងផ្លូវព្រះនិព្វាន) មានសភាពយ៉ាងនេះ ។ តិរច្ឆានកថានោះ តើដូចម្តេច ? គឺការនិយាយអំពីស្តេចខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនាទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពីបាយម្ហូបចំណីខ្លះ និយាយអំពីទឹកផឹកខ្លះ និយាយអំពីសំពត់ខ្លះ និយាយអំពីទីដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពីជនបទខ្លះ និយាយអំពីស្ត្រីខ្លះ និយាយអំពីបុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិ (ដែលទៅកាន់បរលោកហើយ)ខ្លះ និយាយអំពីពាក្យឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោកខ្លះ និយាយអំពីសមុទ្រខ្លះ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើនខ្លះ ។ ភិក្ខុជាអ្នកវៀរចាកតិរច្ឆានកថា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវពាក្យប្រណាំងប្រជែង មានសភាពដូច្នេះ ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេចខ្លះ ? គឺនិយាយថា អ្នកមិនមែនចេះដឹងនូវធម៌ និងវិន័យនេះទេ ខ្ញុំទើបដឹងនូវធម៌ និងវិន័យនេះ អ្នកនឹងបានឈ្មោះថាចេះដឹង នូវធម៌ និងវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រូវល្អ ពាក្យរបស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ សំដីដែលគេត្រូវនិយាយមុន អ្នកត្រឡប់ជានិយាយក្រោយវិញ សំដីដែលគេត្រូវនិយាយក្រោយ អ្នកត្រឡប់ជានិយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ ។ ភិក្ខុជាអ្នកវៀរចាកពាក្យប្រណាំងប្រជែង មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពយ៉ាងនេះ ។ ទូតកម្មជាដើមនោះ តើដូចម្តេចខ្លះ ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ក្សត្រិយ៍ ព្រាហ្មណ៍ គហបតិ ឬកុមារក្តី បញ្ជូនទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយករបស់នេះទៅ ដូច្នេះក្តី លោកចូរនាំយករបស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី ។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហក គឺញុំាងសត្វលោកឲ្យកោត ឲ្យស្ងើច (ឲ្យជ្រះថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នកនិយាយរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកនូវលាភ ដោយលាភខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការកុហក និងការនិយាយរាក់ទាក់ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ចប់ មជ្ឈិមសីល ។
មហាសីល
[កែប្រែ]ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្ត គឺហេតុខ្លះ ឧត្បាត គឺការធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុ ដែលកណ្តុរកាត់ (មានសំពត់ជាដើម)ខ្លះ និយាយអំពីការបូជាដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែកខ្លះ និយាយអំពីការបូជាដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយអំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃជាដើម យកទៅដាក់ក្នុងភ្លើង ឬសូត្ររបៀនបូជាដោយមាត់ ។] ខ្លះ និយាយអំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់ទាយនូវអវយវៈខ្លះ វិជ្ជាសម្រាប់ទាយភូមិឋានខ្លះ វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់ [វិជ្ជាមើលសត្វដែលពស់ខាំ ឬហៅពស់ ។]ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាបខ្លះ វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់ទាយអាយុខ្លះ វិជ្ជាសម្រាប់រារាំងនូវសរខ្លះ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺការទាយលក្ខណៈកែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈដម្បង ឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈបុរសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួចខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបអណ្តើកខ្លះ ទាយលក្ខណៈម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ? គឺការទាយអំពីការលើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជា គួរស្តេចត្រឡប់មកវិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុង នឹងរុករានចូលទៅ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក ព្រះរាជាខាងក្នុង នឹងថយចេញទៅ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ ព្រះរាជាខាងក្រៅ នឹងបរាជ័យ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ព្រះរាជាខាងក្នុង នឹងបរាជ័យ ព្រះរាជាអង្គនេះ នឹងមានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទគ្រាស នឹងមានសូរ្យគ្រាស នឹងមាននក្សត្រគ្រាស គឺផ្កាយព្រះគ្រោះ ដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យ ព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ព្រះចន្ទ ព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា ព្រះចន្ទ ព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា ផ្កាយទាំងឡាយ នឹងដើរតាមផ្លូវត្រូវគ្នា ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា នឹងមានឧក្កាបាត [ក្នុងលីនត្ថប្បកាសនាដីកាថា កាលបើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមានពន្លឺរស្មី ដូចជាពន្លឺប្រទីប ធ្លាក់ចុះមកអំពីអាកាស ហៅថា ឧក្កាបាត ។] នឹងកើតមានកំដៅក្នុងទិស នឹងមានកម្រើកផែនដី នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ព្រះចន្ទ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មង ឬផូរផង់ ចន្ទគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ សូរ្យគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ កំដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬលិចទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺការទាយថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀងធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយសម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តីក្សេមក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នេះ បើស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញដើមឈើ ក៏អាចនឹងដឹងថា ឈើនេះ មានស្លឹកប៉ុណ្ណេះៗបាន ។] កាព្យឃ្លោង គម្ពីរលោកាយតៈ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺវិធីរៀបអាវាហមង្គលខ្លះ វិធីរៀបវិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង)ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតា ក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើមហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ? គឺការបន់ស្រន់ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាបុរសខ្លះ ធ្វើបុរសឲ្យដូចជាខ្ទើយខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីដែលសង់ផ្ទះខ្លះ ជំរះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ បង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ធ្វើថ្នាំសម្រាប់ឲ្យក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសខាងលើខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសខាងក្រោមខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ធ្វើថ្នាំសម្រាប់ស្អំភ្នែកខ្លះ ធ្វើថ្នាំសម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យរក្សាក្មេងខ្លះ ដាក់ថ្នាំក្រោយឲ្យជួយកំឡាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ [អដ្ឋកថា ថា កាលបើមានដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ ។] ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
ម្នាលព្រាហ្មណ៍ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុនោះឯងបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាភ័យណា ដែលគប្បីកើតអំពីសត្រូវ ក្សត្រិយ៍ដែលបានមុទ្ធាភិសេក [ព្រះរាជាដែលគេបានអភិសេកស្រោចទឹកលើព្រះសិរ្ស ឲ្យសោយរាជ្យរួចហើយ ។] ហើយកំចាត់បង់នូវពួកសត្រូវអស់ហើយ រមែងមិនបានឃើញភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ ម្នាលព្រាហ្មណ៍ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុអ្នកបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ដូច្នោះឯង ។ ភិក្ខុនោះ បើបានប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តានចិត្តនៃខ្លួន ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង ។
ចប់ មហាសីល ។
ឥន្ទ្រិយសំវរៈ
[កែប្រែ]ម្នាលព្រាហ្មណ៍ ភិក្ខុដែលជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេចខ្លះ ? ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ។ ឮសម្លេងដោយត្រចៀកហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមនូវសោតិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវសោតិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវសោតិន្ទ្រិយនោះ រក្សានូវសោតិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងសោតិន្ទ្រិយ ។ បានធំក្លិនដោយច្រមុះហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវឃានិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវឃានិន្ទ្រិយនោះ រក្សានូវឃានិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងឃានិន្ទ្រិយ ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវជិវ្ហិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវជិវ្ហិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវជិវ្ហិន្ទ្រិយនោះ រក្សានូវជិវ្ហិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងជិវ្ហិន្ទ្រិយ ។ បានពាល់ត្រូវនូវសម្ផ័ស្ស ដោយកាយហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវកាយិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវកាយិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវកាយិន្ទ្រិយនោះ រក្សានូវកាយិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងកាយិន្ទ្រិយ ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ ។ ភិក្ខុនោះ បានប្រកបព្រមដោយឥន្ទ្រិយសំវរៈ ជារបស់អរិយៈនេះហើយ រមែងទទួលចំពោះនូវសុខ ដែលមិនច្រឡូកច្រឡំដោយកិលេសជាខាងក្នុង ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង ។
សតិសម្បជញ្ញៈ
[កែប្រែ]ម្នាលព្រាហ្មណ៍ ឯភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈនោះ តើដូចម្តេចខ្លះ ? ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ កាលឈានដើរទៅមុខ ឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង ។
សន្តោស
[កែប្រែ]ម្នាលព្រាហ្មណ៍ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះបច្ច័យតាមមានតាមបាន) តើដូចម្តេចខ្លះ ? ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ កាលបើចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក(នូវបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចសត្វសកុណជាតិ មានស្លាប ទោះហើរទៅក្នុងទិសណាៗ រមែងមានស្លាបរបស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ ទោះបីចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក(នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ដូច្នោះឯង ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នេះឯង ។
ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសេចក្តីសន្តោស ជារបស់ព្រះអរិយៈនេះផង ត្រូវការទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទីគំនរចំបើង ។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះ រមែងលះបង់នូវអភិជ្ឈាក្នុងលោក នៅដោយចិត្តគ្មានអភិជ្ឈា ជំរះចិត្តឲ្យស្អាត ចាកអភិជ្ឈា រមែងលះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត នៅដោយចិត្តមិនមានព្យាបាទ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកអកុសលធម៌ ជាគ្រឿងប្រទូស្ត គឺព្យាបាទ រមែងលះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយចិត្តប្រាសចាកថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជំរះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ រមែងលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត នៅដោយចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ខាងក្នុង ជំរះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់ នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ នៅដោយចិត្តផុតវិចិកិច្ឆា ជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា ។
ឧបមានីវរណៈ
[កែប្រែ]ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅប្រកបការងារទាំងឡាយ ការងារទាំងនោះ របស់បុរសនោះក៏សម្រេច បុរសនោះ ក៏ចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលអស់ទៅ ទ្រព្យចំណេញរបស់បុរសនោះ ក៏មានសល់នៅច្រើន ល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម យកទ្រព្យជាបំណុលគេ ទៅប្រកបការងារ ៗទាំងអម្បាលនោះ របស់អាត្មាអញ ក៏បានសម្រេចហើយ អាត្មាអញ បានចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលដើមរួចអស់ហើយ ទ្រព្យចំណេញរបស់អាត្មាអញ ក៏មានសល់នៅជាច្រើន ល្មមនឹងចិញ្ចឹមភរិយាបានដែរ ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ (សេចក្តីរីករាយ) គប្បីបាននូវសេចក្តីសោមនស្ស ដែលមានទ្រព្យចំណេញនោះជាហេតុ ។ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ហើយបុរសនោះ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មិនមានផង ។ សម័យខាងក្រោយមក បុរសនោះក៏សះស្បើយ អំពីអាពាធនោះ បុរសនោះ បានបរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មានផង ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ អាត្មាអញ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មិនមានផង ឥឡូវនេះ អាត្មាអញ បានសះស្បើយ អំពីអាពាធនោះហើយ អាត្មាអញ បានបរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មានផង ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការសះស្បើយ អំពីអាពាធនោះជាហេតុ ។ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសដែលជាប់នៅក្នុងផ្ទះឃុំខាំង សម័យខាងក្រោយមក បុរសនោះក៏រួចអំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម បានជាប់នៅក្នុងផ្ទះឃុំខាំង ឥឡូវនេះ អាត្មាអញបានរួចអំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យហើយ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមានឡើយ ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីផ្ទះឃុំខាំងនោះ ជាហេតុ ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសដែលជាទាសៈគេ រមែងមិនបានធ្វើកិច្ចការនីមួយតាមអំពើចិត្តខ្លួន រមែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ លុះសម័យខាងក្រោយមក បុរសនោះ ក៏បានរួចអំពីភាវៈជាទាសៈនោះ ជាអ្នកបានធ្វើនូវអំពើតាមគាប់ចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាទាសៈគេ មិនបានធ្វើកិច្ចការនីមួយតាមអំពើចិត្តរបស់ខ្លួន តែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ ឥឡូវនេះ អាត្មាអញ បានរួចអំពីភាវៈជាទាសៈគេនោះហើយ ជាអ្នកបានធ្វើកិច្ចការនីមួយ តាមអំពើចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីភាវៈជាទាសៈគេនោះ ជាហេតុ ។បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យចំពោះមុខ សម័យខាងក្រោយមក បុរសនោះ ក៏បានឆ្លងផុត អំពីផ្លូវឆ្ងាយដាច់ស្រយាលនោះ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាអ្នកមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យចំពោះមុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុតផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ។បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការបានដល់នូវស្រុកភូមិ ជាទីក្សេមនោះ ជាហេតុ ។បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលមិនទាន់លះបង់ យ៉ាងនេះ ថាដូចជាបំណុល ដូចជារោគ ដូចជាផ្ទះសម្រាប់ឃុំខាំង ដូចជាភាវៈជាទាសៈ ឬថាដូចជាផ្លូវឆ្ងាយដាច់ស្រយាល យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ ដូចបុគ្គលពិចារណាឃើញ នូវការមិនចំពាក់បំណុលគេយ៉ាងណា នូវការមិនមានរោគយ៉ាងណា នូវការរួចអំពីផ្ទះសម្រាប់ឃុំខាំងយ៉ាងណា នូវភាពជាអ្នកជាយ៉ាងណា នូវទីដ៏ក្សេមក្សាន្តយ៉ាងណា បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ ៥ នេះក្នុងខ្លួន ដែលបានលះបង់ហើយ ក៏យ៉ាងនោះឯង ។
រូបជ្ឈាន ៤
[កែប្រែ]កាលបើភិក្ខុនោះ បានពិចារណាឃើញច្បាស់ នូវនីវរណៈទាំង ៥ នេះក្នុងខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីករាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយហើយ បីតិក៏កើត កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់ស្ងាត់ ភិក្ខុដែលមាននាមកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសុខ តែងតម្កល់មាំបាន ។ ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង ៤ ) ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាអ្នកផ្ងូតទឹកក្តីបុគ្គលអ្នកជំនួយការនៃជនអ្នកផ្ងូតទឹកក្តី ដែលឈ្លាស រោយនូវលំអិតសម្រាប់ងូតទាំងឡាយ ក្នុងភាជន៍សំរិទ្ធ៍ ប្រោះព្រំដោយទឹក ហើយសូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ (លាប) ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នា ស្អិតល្មួតទាំងខាងក្នុង ទាំងខាងក្រៅ មិនបានរាត់រាយ ខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ម្នាលព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុបានចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯង មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់នូវវិតក្ក និងវិចារៈ ក៏សម្រេចសម្រាន្តនៅ ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងកើត នៃអន្លង់ទឹកនោះមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងត្បូងមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងលិចមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងជើង ក៏មិនមាន ទាំងភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើងអំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយញុំាងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតដ៏បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ទីប្រទេសបន្តិចបន្តួចនៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចពោលមកខាងដើម ។
ម្នាលព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ហើយប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន បានទទួលនូវសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គលអ្នកបានតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន (នោះ) ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចម្រើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចនៅក្នុងទឹក រស់នៅអាស្រ័យនឹងទឹក បទុមជាតិ [ពួកឈូកព្រលិតផ្សេងៗ ហៅថា បទុមជាតិ ឬឧប្បលជាតិក៏បាន ។] ទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ទីប្រទេសបន្តិចបន្តួចនៃវារិជាតិទាំងអស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ម្នាលព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុនោះរមែងញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសដែលយកសំពត់សស្អាត ទៅដណ្តប់កាយ ព្រមទាំងក្បាល ហើយអង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់បុរសនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
វិជ្ជា ៨
[កែប្រែ]វិបស្សនាញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ [ បានដល់ មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និងវិបស្សនាញាណ ] គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះ មានរូបប្រកបដោយមហាភូតរូប ៤ [បានដល់ធាតុ ៤ គឺ ដី ទឹក ភ្លើង ខ្យល់] កើតអំពីមាតា និងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើមានចេស គេដោតទៅនឹងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី បុរសដែលមានភ្នែក (ភ្លឺ) គប្បីយកកែវនោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយអាការទាំងពួង នេះជាចេសដែលគេដោតទៅក្នុងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី (ពិតមែន) យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវៈជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏ទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប ៤ កើតអំពីមាតា និងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
មនោមយិទ្ធិញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត ។ ភិក្ខុនោះ ក៏និម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសចាក់បញ្ចេញនូវបណ្តូល អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក តែជាបណ្តូលដែលអាត្មាអញចាក់បញ្ចេញមកអំពីស្មៅយាប្លងហ្នឹងឯង យ៉ាងណា យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជាដាវដែលអាត្មាអញហូតចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់ផ្សេង ស្រោមផ្សេង តែជាពស់ដែលអាត្មាអញ ទាញចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់នូវភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង ។ ភិក្ខុនោះ រមែងនិម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ឥទ្ធិវិធញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិ ភិក្ខុនោះ ទទួលនូវការតាក់តែងឫទ្ធិជាច្រើនប្រការបាន គឺជាមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង ឲ្យទៅជាទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះនិងងើបឡើងក្នុងផែនដី ដូចមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនោះ ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ម្នាលព្រាហ្មណ៍ ប្រៀបដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិតដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចទៅជាភាជន៍នោះៗបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយទៀត ជាងភ្លុកក្តី អន្តេវាសិករបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកនោះៗបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកនោះៗបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងនូវឫទ្ធិបាន យ៉ាងនោះឯង ។ ភិក្ខុនោះ រមែងទទួលចំពោះនូវការតាក់តែងឫទ្ធិ មានប្រការច្រើនបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ធ្វើទីកំបាំង ឲ្យទៅជាទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះនិងការងើបឡើងក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ទិព្វសោតញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ ។ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជារបស់មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេងមនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តីបាន ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរស ដែលដើរទៅកាន់ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាសម្លេងស្គរធំ នេះជាសម្លេងសំភោរ នេះជាសម្លេងស័ង្ខ នេះជាសម្លេងស្គរជ័យ នេះជាសម្លេងស្គរតូច យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជារបស់មនុស្សធម្មតាហើយ រមែងឮសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេងមនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ចេតោបរិយញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ (ប្រាជ្ញាជាគ្រឿងកំណត់ដឹងនូវចិត្តសត្វដទៃ) ។ ភិក្ខុនោះ ក៏កំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយ [អដ្ឋកថា ថា ចិត្តដែលត្រូវថីនមិទ្ធគ្របសង្កត់ ។] ក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយ [ចិត្តដែលប្រកបដោយឧទ្ធច្ចៈ ។]ក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវភាវៈជាធំ (បានដល់រូបាវចរ និងអរូបាវចរ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាង គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ [ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ ។] ចិត្តដែលមិនបានតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនបានតាំងមាំចិត្តដែលរួចស្រឡះ [ចិត្តដែលរួចដោយតទង្គវិមុត្តិ និងវិក្ខម្ភនវិមុត្តិ ។] ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេង ជាក្រមុំ កម្លោះ ដែលនៅកំពុងតែចូលចិត្តនឹងប្រដាប់តាក់តែងរាងកាយ កាលឆ្លុះមើលនូវស្រមោល នៃមុខរបស់ខ្លួនក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាតក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលនៃមុខប្រកបដោយទោស មានមុនជាដើម ក៏ដឹងថា មុខប្រកបដោយទោស បើស្រមោលនៃមុខមិនប្រកបដោយទោសក្តី ក៏ដឹងថា មុខមិនប្រកបដោយទោស យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាងក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាងក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ ចិត្តដែលមិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំចិត្តដែលរួចស្រឡះហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
បុព្វេនិវាសានុស្សតិញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅ ក្នុងភពមុន) ។ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាស គឺខន្ធដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុនជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច ? គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អនេកវិវដ្តកប្ប គឺកប្បដែលចម្រើនជាច្រើនខ្លះ អនេកសំវដ្តវិវដ្តកប្បខ្លះ [កប្បមាន ៤ គឺគិតតាំងពីថ្ងៃដែលកប្បវិនាស ទៅទល់គ្នានឹងភ្លើងឆេះអស់រលីង ហៅថា សំវដ្តកប្ប១ តាំងពីភ្លើងឆេះអស់ នៅសល់តែអាកាសសូន្យទទេ ហៅថា សំវដ្តដ្ឋាយិកប្ប១ តាំងអំពីកកើតដីឡើងជាថ្មី ទៅទល់នឹងកាលដែលកើតមានព្រះអាទិត្យ ព្រះចន្ទ ហៅថា វិវដ្តកប្ប១ តាំងអំពីព្រះអាទិត្យ ព្រះចន្ទកើតឡើង ទៅទល់នឹងវិនាសវិញ ហៅថា វិវដ្តដ្ឋាយិកប្ប១ រួមកប្បទាំង ៤ នេះចូលជាមួយគ្នា ហៅថា សំវិវដ្តកប្ប ឬហៅថា មហាកប្ប សំវិវដ្តកប្បដែលច្រើន ហៅថា អនេកសំវដ្តវិវដ្តកប្ប ។]ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានទៅកើតក្នុងភពនេះ ។ ភិក្ខុនោះ រលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រត្រកូល ដោយប្រការដូច្នេះឯង ។ បពិត្រមហារាជ ប្រៀបដូចបុរស ដែលចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ រួចចេញអំពីស្រុកនោះ ហើយទៅកាន់ស្រុកដទៃទៀត បុរសនោះ ចេញអំពីស្រុកនោះហើយ ទើបត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកឯណោះ ក្នុងស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ បានទៅកាន់ស្រុកឯណោះទៀត ក៏ក្នុងស្រុកនោះឯង អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ អាត្មាអញ ចេញអំពីស្រុកនោះហើយ ក៏បានត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ អនេកសំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានទៅកើតក្នុងភពនេះ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ចុតូប្បាតញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ប្រាជ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ) នៃពួកសត្វ គឺ ទិព្វចក្ខុញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយខាងនាយអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយខាងនាយអំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាប្រាសាទ ដែលតាំងនៅក្បែរផ្លូវបែកជា៣ [សព្ទនេះ ប្រែថា ផ្លូវបែកជា ៤ ក៏បាន ។] នាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅលើប្រាសាទនោះ ក៏គប្បីឃើញនូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់ទៅមកអំពីច្រកផ្លូវ ទៅកាន់ថ្នល់ក្តី អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុងក្តី បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្សទាំងនុ៎ះ ចូលទៅកាន់ផ្ទះ មនុស្សទាំងនុ៎ះចេញអំពីផ្ទះ មនុស្សទាំងនុ៎ះដើរទៅមកអំពីច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបញ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ នៃពួកសត្វ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយទៅខាងនាយអំពីសេចក្តីស្លាប់ រមែងចូលទៅកើតក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនបានតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយទៅខាងនាយអំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ផូរផង់ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
អាសវក្ខយញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ប្រាជ្ញាដឹងនូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ) ។ ភិក្ខុនោះ រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌ [សេចក្តីកើតនៃអវិជ្ជាជាហេតុ នាំឲ្យកើតអាសវៈ ។] នេះ ជាទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃអាសវៈ ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈ [សេចក្តីត្រេកត្រអាល ត្រាំនៅក្នុងកាម ហៅថា កាមាសវៈ ។]ផង ចិត្តក៏ផុតស្រឡះចាកភវាសវៈ [សេចក្តីត្រេកត្រអាលត្រាំនៅក្នុងភពទាំង៣ ហៅថា ភវាសវៈ ។] ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ [សេចក្តីមិនដឹងក្នុងសច្ចៈទាំង ៤ ទាំងមិនដឹងនូវចំណែកនៃខន្ធខាងដើម ខាងចុង ទាំងខាងដើម ខាងចុង និងបដិច្ចសមុប្បាទធម៌ ហៅថា អវិជ្ជាសវៈ ។] ផង ។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជារអាងទឹក លើកំពូលភ្នំ ជាទឹកដ៏ថ្លាស្អាត មិនល្អក់ បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅមាត់នៃរអាងទឹកនោះ ក៏គប្បីឃើញនូវខ្យង និងខ្ចៅផង នូវក្រួស និងដុំថ្មផង នូវហ្វូងនៃត្រីផង កំពុងត្រាច់ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា រអាងទឹកនេះឯង ថ្លាស្អាត មិនល្អក់ ខ្យង និងខ្ចៅទាំងឡាយក្តី ក្រួស និងដុំថ្មក្តី ហ្វូងនៃត្រីទាំងនេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះឯង រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃអាសវៈ យ៉ាងនោះឯង ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។ ម្នាលព្រាហ្មណ៍ មួយវិញទៀត ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងដទៃទៀត ដ៏លើសលុបដោយវិសេសក្តី ថ្លៃថ្លាដោយវិសេសក្តី ជាងផលនៃសមណប្បដិបត្តិដែលឃើញច្បាស់ដោយខ្លួនឯងនេះទៅទៀត មិនមានឡើយ ។ នេះឯង (ជាសេចក្តីអធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុនោះ ។ ម្នាលព្រាហ្មណ៍ នេះឯងដែលហៅថា ប្រាជ្ញានោះ ។
សោណទណ្ឌព្រាហ្មណ៍សំដែងខ្លួនសុំជាឧបាសក
[កែប្រែ][១៩៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បានក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែង ដោយអនេកបរិយាយ (នេះ) គួរនាដូចជាមនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស កាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក (ភ្លឺ) មើលឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់ព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចម្រើន ជ្រាបថា ខ្ញុំព្រះអង្គ ជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ មួយទៀត សូមព្រះគោតមដ៏ចម្រើន ព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព ។ លុះសោណទណ្ឌព្រាហ្មណ៍ ដឹងច្បាស់ថា ព្រះអង្គទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ ។
អធិប្បាយរបស់សោណទណ្ឌព្រាហ្មណ៍
[កែប្រែ][១៩៧] លុះដល់វេលាព្រឹកឡើង សោណទណ្ឌព្រាហ្មណ៍ បង្គាប់ជនទាំងឡាយ ឲ្យចាត់ចែងធ្វើខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ក្នុងលំនៅរបស់ខ្លួនស្រេចហើយ ទើបចាត់បម្រើឲ្យទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ភត្តកាលដល់ហើយ ចង្ហាន់ក៏បានរៀបចំស្រេចហើយ ។ លំដាប់នោះ លុះដល់បុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់បាត្រ និងចីវរហើយ ស្តេចចូលទៅកាន់លំនៅនៃសោណទណ្ឌព្រាហ្មណ៍ ព្រមដោយព្រះភិក្ខុសង្ឃ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ។ វេលានោះ សោណទណ្ឌព្រាហ្មណ៍ បានអង្គាសខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ប្រគេនភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែប្រកែកលែងទទួលទៀត ។
[១៩៨] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះសោណទណ្ឌព្រាហ្មណ៍ អង្គុយស៊ប់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បើខ្ញុំព្រះអង្គកំពុងនៅក្នុងបរិសទ្យ ហើយនឹងក្រោកចាកអាសនៈ ថ្វាយបង្គំព្រះគោតមដ៏ចម្រើន បរិសទ្យនោះ មុខជានឹងមើលងាយខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ)មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង (បើ) យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង ដ្បិតភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមកដោយសារយសតែប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចម្រើន តែបើខ្ញុំព្រះអង្គ កំពុងនៅក្នុងបរិសទ្យ គួរប្រណម្យអញ្ជលីបាន សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវការប្រណម្យអញ្ជលីនោះ ថាជាការក្រោកអំពីអាសនៈរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត (បើ) ខ្ញុំព្រះអង្គ កំពុងនៅក្នុងបរិសទ្យ គួរដោះឈ្នួតក្បាលបាន សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវការដោះឈ្នួតក្បាលនោះ ថាជាការថ្វាយបង្គំដោយសិរ្សៈរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចម្រើន (បើ) ខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ ចុះពីលើយាន មកថ្វាយបង្គំព្រះគោតមដ៏ចម្រើន បរិសទ្យនោះ មុខជានឹងមើលងាយខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ)មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង ដ្បិតភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមកដោយសារតែយសប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត បើខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ នឹងលើកដងជន្លួញឡើង សូមព្រះគោតមដ៏ចម្រើន ទ្រង់ចាំទុកនូវកិរិយាលើកដងជន្លួញនោះ ថាជាកិរិយាចុះអំពីយានរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត (បើ) ខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ គួរតម្លោះឆត្របាន សូមព្រះគោតមដ៏ចម្រើន ទ្រង់ចាំទុកនូវការតម្លោះឆត្រនោះ ថាជាកិរិយាថ្វាយបង្គំដោយសិរ្សៈ របស់ខ្ញុំព្រះអង្គចុះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់សោណទណ្ឌព្រាហ្មណ៍ (ឲ្យយល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យសង្វាតធ្វើការកុសល ឲ្យរីករាយ (ដោយគុណដែលមានក្នុងខ្លួន) ដោយធម្មីកថា រួចទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់ពុទ្ធដំណើរចេញទៅ ។
ចប់ សោណទណ្ឌសូត្រ ទី៤ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > សីលក្ខន្ធវគ្គ > សោណទណ្ឌសូត្រ (សៀវភៅភាគ១៤ ទំព័រទី ២៦៤)
พระไตรปิฎก เล่มที่ ๙ > พระสุตตันตปิฎก เล่มที่ ๑ > ทีฆนิกาย > สีลขันธวรรค > โสณทัณฑสูตร