សឺង ង៉ុកថាញ់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស៊ឹង ង៉ុកថាញ់)
Jump to navigation Jump to search
សឺង ង៉ុកថាញ់
សឺង ង៉ុកថាញ់
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សឺង ង៉ុកថាញ់
ថ្ងៃកំនើត ថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨
ស្រុកកំណើត​ ភូមិគគីរក្រៅ​ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង(បច្ចុប្បន្នយួន)
ឪពុក សឺង ណែវ អភិបាលខេត្តព្រះត្រពាំង
ម្តាយ ថាច់ ធីតុប
បង​ប្អូន​ ប្រុសស្រី​7នាក់ និង​ 3នាក់​ទៀត​កូន​​ម្តាយ​ដើម​
ភរិយា ឡាំ ធីអ៊ុក(កូនស្រីទី១០)
ឪពុក​ភរិយា​ ឡាំ ទន់ មហាសេដ្ឋី
ម្តាយ​ភរិយា​ ត្រឹង ធី ស៊ុក
កូន​ប្រុស​ស្រី​​ 4នាក់
ស្លាប់​​​ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧វេលាម៉ោងៈ១១ និង ៤០ នាទី(អាយុៈ៦៩ ឆ្នាំ)
កន្លែង​ស្លាប់​​​ ក្នុងគុកជីវ៉ា

វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនាយករដ្ឋមន្រី្តខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។

ប្រវត្តិ[កែប្រែ]

បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)

សម្ព័ន្ធភាពគ្រួសារ[កែប្រែ]

បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖

  1. លោក សឺង ថាយ ស៊ុន (បងប្រុស)
  2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
  3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
  4. អ្នកស្រី សឺង ធី សឹម (បងស្រី)
  5. បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
  6. លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
  7. អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
លោកយាយ សឺង ធីថែម កើតឆ្នាំ ១៩១១ ត្រូវជាប្អូនស្រីរបស់បណ្ឌិត សឺង ង៉ុក ថាញ់​ សព្វថ្ងៃកំពុងរស់នៅនាទីក្រុងភ្នំពេញ។

ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមានបងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវបានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជាម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀបអាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធី អ៊ុក (អក្សរយួនៈLâm Thị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣ - ១៩៣៩)(ភាសាយួនៈ Lâm Tòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក (ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។

លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ - ១៩៣៩) និង លោកយាយ ត្រឹង ធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រីចំនួន ១២ នាក់គឺ៖

  1. ឡាំ ធី សែន (ស្រី)
  2. ឡាំ ធី ឡែន (ស្រី)
  3. ឡាំ និញ (ប្រុស
  4. ឡាំ ធី យឿន (ស្រី)
  5. ឡាំ សឹម (ប្រុស)
  6. ឡាំ ធី ញ៉ី (ស្រី)
  7. ឡាំ ធី តូ (ស្រី)
  8. ឡាំ ធី ទ្រឿង (ស្រី)
  9. ឡាំ ធី ហាក (ស្រី)
  10. ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
  11. ឡាំ ធី លន់ (ស្រី)
  12. ឡាំ ថាញ់ វិញ (ប្រុស)

បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធី​អ៊ុក មានបុត្រប្រុសស្រីចំនួន ៤ នាក់ គឺ៖

  1. សឺង ហ្វា យ៉ិន (ស្រី)
  2. សឺង សេរីវុធ (ប្រុស)
  3. សឺង ទី ឡាយ (ប្រុស)
  4. សឺង ង៉ុក ម៉ាយ (ស្រី)

ការសិក្សាអប់រំ[កែប្រែ]

បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់​ចោលទុកឲ្យនៅក្រោមការបីបាច់ថែរក្សាពីអ្នកម្តាយ​ឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារ លោកបានរៀនអក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ ធំ ខេត្តព្រះត្រពាំង។ ក្រោយមក លោកយាយ ថាច់ ធី តុប បានបញ្ជូនលោកឲ្យទៅរៀននៅសាលាបឋម​សិក្សាជាន់ដំបូងនៅទីរួមខេត្តព្រះត្រពាំង និងទៅបន្ត​ការសិក្សាថ្នាក់បឋមសិក្សាបំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សានៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យ លោកបានទៅបន្តការសិក្សានាទីក្រុងប៉ារិស ប្រទេស​បារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោក ក៏បានទៅបន្តការសិក្សានៅប្រទេសបារាំងជាមួយលោកផងដែរ។

ការបង្កើតសារព័ត៌មាន «នគរវត្ត» ពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២[កែប្រែ]

ឆ្នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ លោក ប៉ាច ឈឹន និង​លោក សឹម វ៉ា បាន​រួម​គ្នា​បង្កើត​សារព័ត៌មាន​ជាភាសា​ខ្មែរ​លើក​ដំ​បូងនៅ​ស្រុក​ខ្មែរ​ ឈ្មោះ «នគរវត្ត» ដែល​មាន​លោក ប៉ាច ឈឺន ជា​ចាងហ្វាង​នយោបាយ​សារព័ត៌មាន​មួយ​នេះ។ រដ្ឋបុរស​ទាំងបី​រូប​នេះ កាលនោះមាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ បាន​ធ្វើការ​ទាក់​ទងយ៉ាង​ជិត​ស្និទ្ធ​ជាមួយពុទ្ធសាសនបណ្ឌិត្យ និង​ក្រោយ​មក គេ​បាន​តែង​តាំង​បណ្ឌិត សឺង ង៉ុក​ថាញ់ ជា​បណ្ណាគារក្ស​នៃពុទ្ធសាសនបណ្ឌិត្យ ។

គោល​ជំហរ​របស់​កាសែត «នគរ​វត្ត» ពេលនោះ​គឺសរសេរ​គាំទ្រ​ខ្មែរ ដោយ​មិន​ប្រឆាំង​បារាំងសែស។​ កាសែត​នេះ​បាន​សរសេរ​ប្រឆាំង​នឹង​ការ​គ្រប​សង្កត់​របស់​ជន​ជាតិ​យួន​មក​លើ​រាជការ​នៃ​ប្រទេស​កម្ពុជា ការ​គ្រប​សង្កត់​របស់​ចិន​មក​លើ​ពាណិជ្ជកម្ម ព្រម​ទាំង​និយាយ​អំពី​កង្វះ​ខាត​ការ​ងារសម​រម្យ​សម្រាប់​បញ្ញវន្ត​ខ្មែរ​។

បទ​និពន្ធ​ក៏​បាន​បន្ទោស​ឈ្មួញ​ចិន​នៅ​តាម​ជនបទ​ ដែល​ប្រកប​របរ​ឲ្យ​ខ្ចី​ប្រាក់​ ដោយ​យក​ការ​ប្រាក់​ខ្ពស់​ បាន បន្ទោស​ការ​យឺត​យ៉ាវរបស់​បារាំងសែស​ ក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសិក្សា​អប់​រំ បាន​បន្ទោស​ការ​ខ្វះ​ខាត​ឥណទាន​សម្រាប់​កសិករ​ខ្មែរ​ខ្ចី​ និង​បន្ទោស​ការ​បើក​ប្រាក់​បៀវត្ស​តិច​ដល់​អ្នក​រាជការ​ខ្មែរ​ទាំង​ឡាយ​ផង​ដែរ។ ការសំខាន់ជាងនេះទៅទៀត កាសែត នគរ​វត្ត​ បាន​ប្រឹង​ប្រែង​បង្ហាញ​ថា ប្រវត្កិសាស្ត្រ​និង​ការ​ប៉ង​ប្រាថ្នា​ផ្សេងៗ របស់​ខ្មែរ​ ខុស​ប្លែក​គ្នា​ពី​ប្រវត្តិសាស្ត្រ និង​ការ​ប៉ង​ប្រាថ្នា​របស់​យួន ។ មាន​វិចារណកថា​មួយ​ ក៏បានប្រៀបធៀបការវាតទីទឹកដីរបស់ហ៊ីត្លែរ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ ទៅនឹងការពង្រីកទឹកដីរបស់ប្រទេសយួន មក​លើ​កម្ពុជា​ក្នុង​សតវត្ស​ទី ១៩។ គំនិត​​ប្រឆាំង​យួន​លេច​ឡើង​ជា​បណ្តើរៗ នៅ​ក្នុង​អត្ថបទ​កាសែត នគរ​វត្ត ដែល​ជា​គំនិត​មួយ​បាន​ហូរ​ចូល​ទៅ​ក្នុង​មនោគមវិជ្ជា​នៃ​គ្រប់​រដ្ឋាភិបាល​ខ្មែរ​ទាំង​ឡាយ ក្រោយ​ឯករាជ្យ​រហូត​ដល់​ការ​ឈ្លាន​​ពាន​របស់យួន​នៅ​ចន្លោះ​ឆ្នាំ ១៩៧៨ - ១៩៧៩។ ប៉ុន្តែ នៅ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ផ្ទាល់ អ្វី​ដែល​សំខាន់​ពីកាសែត នគរវត្ត នោះគឺ​ថា ជា​លើក​ដំបូង​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៨៦៣ មក ដែល​មាន​ការ​សាសង​ទាក់​ទង​គ្នា​រវាង «មេ​កម្លាំង» បារាំងសែល​ជាមួយ​នឹង «កូន​ក្មួយ» ខ្មែរ ដែល​បារាំងសែស​ប្រកាន់​ចោទ​ថា «ដេកសំងំ» ព្រម​ទាំង​វរជន​ខ្មែរ​ផង​ដែរ។ នៅ​ដើម​ឆ្នាំ ១៩៣៧ កាសែត​នេះ​មួយលេខៗ មាន​បោះ​ពុម្ព​ចេញ​ផ្សាយ​ឲ្យ​ច្រើន​លើស​ពី​ ៥០០០ ច្បាប់ ហើយ​អ្នក​អាន​ប្រាកដ​ជា​មាន​ចំនួន​ច្រើន​លើសពី​នោះ​ទៅ​ទៀត ។

តើ​អ្នក​ណា​ជា​អ្នក​អាន​កាសែត​នេះ? អ្នក​ណា​ជា​វរជន​ថ្មី? ភាគ​ច្រើន​ហាក់​ដូច​ជា​បុរស​ខ្មែរ​ក្មេងៗ ​ដែល​ធ្លាប់​មាន​តួ​នាទី​ទាប​នៅ​ក្នុង​រាជការ​ ដែល​បាន​សិក្សា​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយៈ​ពេល​ដែរ តាម​ប្រព័ន្ធ​សិក្សាបារាំងសែស។ ពួក​អ្នក​ទាំង​នោះ​ភាគ​ច្រើន សុទ្ធ​សឹង​តែ​ជា​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ។ នៅ​ក្នុង​កំណត់​ប្រវត្តិរូប​អំពី​សម័យ​នោះ លោកប៊ុណ្ណ​ចន្ទ ម៉ុល ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​បានថ្លែង​ថា កាសែត​នេះ ទុក​ខ្លួន​ថា មាន​បេសកកម្ម​ដាស់​តឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ភ្ញាក់​រឭក​។ រូបភាព​នេះ​ឋិត​នៅ​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​លោក សឺង ង៉ុក​ថាញ់ ត្រឡប់​មក​ពី​​ការ​និរទេស​វិញ ក៏​បាន​បង្កើត​កាសែត​ជាតិ​និយម​មួយ​ផ្សេង​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា ខ្មែរ​ក្រោក។​ កាសែត នគរ​វត្ត មាន​សារៈ​សំខាន់​ណាស់ ដោយសារ​បាន​ផ្តល់​ឱកាសដល់ខ្មែររាប់ពាន់នាក់ឲ្យអានព័ត៌មាន​ផ្សេងៗ ស្តី​ពី​ពិភព​លោក​ខាង​ក្រៅ ដែល​តែង​ជាភាសា​ខ្មែរ​ជា​លើក​ដំបូង​ក្នុង​សម័យ​នោះ។

ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន[កែប្រែ]

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤២ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋានព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនានាទូទាប្រទេសកម្ពុជាមានការរំជើបរំជួលយ៉ាងខ្លាំង។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក)ក៏ត្រូវបារាំងចាប់ខ្លួនទៀត។ ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ទិសទី ។

ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារឲ្យបារាំងដោះលែងព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ។ នេះគឺជាមហាបាតុកម្មជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជាពលរដ្ឋជាង៥០០ នាក់។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំងនិងពួកបរិវារបង្ក្រាបយ៉ាងចាស់ដៃ ព្រមទាំងបានរកចាប់ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់គុករួចនិរទេសទៅកោះត្រឡាច រហូតដល់បានបាត់បង់ជីវិតដូចជាព្រះអាចារ្យ ហែម ចៀវ ថែមទៀត។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុកម្មមិនបានសម្រេច «ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យ ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក​ក៏បានភៀសខ្លួនទៅទីក្រុងបាងកក ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រក កោននយោបាយនៅប្រទេសជប៉ុន។

ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា[កែប្រែ]

នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបាន​ធ្វើរដ្ឋប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុក ព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត​ សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូលមកត្រួតត្រាឥណ្ឌូចិនម្តងទៀត ហើយក៏បានចាប់ខ្លួននាយក រដ្ឋមន្ត្រី​ សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយមក បារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ទៅបង្ខាំងទុក​នៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បាន​ឆ្លៀតរៀនបន្ត រហូតដល់បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់។

ការបង្កើតសារព័ត៌មាន​«ខ្មែរក្រោក»[កែប្រែ]

នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈពេល ៦ ឆ្នាំ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដោយបានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយដំបូងថា « យើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំសណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ... ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅមុខបានឡើយ »។

ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនាពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ ១៩៥២។

ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»[កែប្រែ]

នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧ នៃពលប្រហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់ បានភៀសខ្លួនចេញពីរាជធានី ដោយបានយកទៅជាមួយវិទ្យុទាក់ទងមួយគ្រឿង និងរត់ទៅជាមួយបក្សពួកមួយចំនួនតូច ដែលនៅក្នុងនោះមានបញ្ញវន្តឆ្វេង និយមដ៏ល្បីម្នាក់គឺលោក អៀ ស៊ីចូវ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប ដែលចូលកម្លាំងជាមួយ «ខ្មែរឥស្សរៈ» មួយក្រុមដែលដឹក​នាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។


នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទ​ក្រុង ហ្សឺណែវបានប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ដែលមានកម្ពុជាកណ្តាល លាវ និង យួន ចំណែកកូសាំងស៊ីន(កម្ពុជាក្រោម) ត្រូវរាប់ជា ដីខាងត្បូង (Nam Kỳ)។ ពេលនោះ ប្រទេសយួនត្រូវចែកជាពីរភាគដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ ពីខ្សែស្របទី ១៧ ទៅទិសខាងជើង ត្រូវឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួន (Việt Nam DânChủ Cộng Hòa) ដែលមាន ហូ ជី ម៉ិញ ជាមេដឹកនាំ ឯភាគខាងត្បូងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងដែលមានដែនដីចម្ប៉ា​ និងដែនដីកម្ពុជា ក្រោម ត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល សាធារណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េម (Ngô Đình Diệm) ជាប្រធានាធិបតី។

នៅក្នុងឆ្នាំនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ និងក្រុម «ចលនាខ្មែរឥស្សរៈ» បានធ្វើបុណ្យឯករាជ្យជាតិនៅភ្នំដងរែក។ ក្នុងពិធីនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ បានផ្តែផ្តាំថា « ពេលការតស៊ូរបស់យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជ្យហើយ តែបេសកកម្មកូនខ្មែរនៅមិនទាន់ចប់នៅឡើយទេ ក្នុងការការពារទឹកដីខ្មែរឲ្យបានគង់វង្ស និងជាពិសេស គឺការទាមទារទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់មកវិញ»។ ក្រោយមកកងទ័ព«ចលនាខ្មែរឥស្សរៈ» ក៏បានដាក់អាវុធចុះចូលរួមរស់ក្នុងសង្គមជាតិវិញ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ ពេលនោះ បម្រុងនឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរ តែសម្តេច នរោត្តម សីហនុ បាន ជំទាស់ដំណើររបស់លោក ។

ការបង្កើត«ចលនាខ្មែរសេរី»[កែប្រែ]

ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង បណ្ឌិតសឺង ង៉ុក ថាញ់បានត្រឡប់ទៅកម្ពុជាក្រោមវិញនាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់នូវកេរមត៌កផ្តាល់ខ្លួន ដើម្បីបង្កើតចលនាមួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូដើម្បីសេរីភាពខ្មែរក្រោម» ដែលត្រូវបានកំពុងឋិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួន ង៉ូ ដិញ យ៉េម នៃរបបសាធារណរដ្ឋយួន និងការ ឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម។ «ចលនាខ្មែរសេរី» នេះ ត្រូវបានបង្កើតនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៥៨ជាលើកដំបូងនៅភូមិធំ សង្កាត់ឡុក និញ(Lộc Ninh) ខេត្តនាគគរី(Bình Long) កម្ពុជាក្រោម ដោយមានសមាជិកចូលរួមប្រមាណជា ១៤០ អង្គ និង រូប។

កងទ័ព «ចលនាខ្មែរសេរី» ភាគច្រើនសុទ្ធតែជាខ្មែរក្រោមដែលមានគំនិតជាតិសាសន៍ខ្ពស់ មានសតិ សម្បជញ្ញៈស្នេហាជាតិយ៉ាងមុះមុត មានចរិតរឹងប៉ឹងអង់អាចក្លាហាន និងមានការអត់់ធ្មត់ក្នុងការលំបាក គ្រប់បែបយ៉ាង។

ក្នុងចំណោមកងទ័ពនេះ ក៏មានបង​ប្អូនកូនក្មួយជាច្រើននាក់របស់បណ្ឌិត សឺង ង៉ុក ថាញ់ ទាំងខាងត្រកូលសឺងនិងទាំងខាងត្រកូល ឡាំ ដែលបានចូលរួមនិងពលកម្មក្នុងការតស៊ូនេះដែរ ។

អំពីយុទ្ធសាស្ត្ររបស់ «ចលនាខ្មែរសេរី»[កែប្រែ]

ប្រាំខែក្រោយពីបានបង្កើត«ចលនាខ្មែរសេរី» បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី ២ ហៅថា មូលដ្ឋាន ខូវណាម សម្រាប់រៀនអំពី គោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ច ឃោសនា និង សេដ្ឋកិច្ច។ល។ មូលដ្ឋាននេះមានចម្ងាយពីមូលដ្ឋានភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រនៅខាងទិសពាយព្យ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែលបានស្លាប់បាត់ជីវិតដោយជម្ងឺគ្រុនចាញ់ នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបានរៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម។ បណ្ឌិត​សឺង ង៉ុកថាញ់ បានប្រសិទ្ធិនាមយុវជនតស៊ូជំនាន់​នោះថាសិស្សជំនាន់ខូវណាម និងមូលដ្ឋាន នោះថា មូលដ្ឋានខូវណាម។ ក្រោយមកបណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារកិច្ច ឃោសនាអប់រំ និងបណ្តុះបណ្តាលកម្លាំងស្នូលនៃ«ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០ រូបដែលស្ម័គ្រចិត្តចូលរៀន។ ក្នុងចំណោមសិស្សទាំងនេះមានសិស្សនារីម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញសកម្មភាពខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះ បានប្រសិទ្ធិនាមដល់មូលដ្ឋាននេះថា​មូលដ្ឋាន គឹម សេដ្ឋា​ និងសិស្សជំនាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា។មូលដ្ឋាន គឹម សេដ្ឋា គឺជាមូលដ្ឋាននយោបាយខាងធ្វើសង្គ្រាម ដែលបុគ្គលិកជំនាន់នោះបានចុះទៅគ្រប់ខេត្តទាំងអស់នៅដែនដីកម្ពុជាក្រោម ជាពិសេស នៅតំបន់តាមបណ្តោយជាយដែនកម្ពុជា និងកម្ពុជាក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំងចលនាខ្មែរសេរីស្នូល។ ចលនាខ្មែរសេរីមានសកម្មភាពរីក​ឆាប់រហ័ស ណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនពាសពេញកម្ពុជាក្រោម រហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅកម្ពុជាមួយចំនួនធំ ភាគច្រើនជាមិត្តភក្តិរបស់លោក បានភៀសខ្លួនពីកម្ពុជាទៅកម្ពុជាក្រោម ដើម្បីរួមសហការជាមួយលោក ក្នុងការជួយបង្រៀនវិជ្ជាភូមិសាស្រ្ត ប្រវត្តិសាស្ត្រប្រវត្តិតស៊ូ និងអប់រំវិន័យទ័ព។ល។

អំពីសង្រ្គាមនៅវៀតណាម[កែប្រែ]

ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ គឺជារយៈពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរ ត្រូវបានឋិតនៅក្នុងភ្លើងសង្គ្រាម។ នេះគឺជាសង្គ្រាម ដែលបានកើតឡើងដោយភាគីទាំងពីរ ដែលមានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa) និងសហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រទេសមួយចំនួនផ្សេងទៀតមានដូចជាអូស្ត្រាលី New Zealand កូរ៉េ ថៃឡង់ និងភីលីភីន ដែលបានចូលរួមផ្ទាល់ ភភាគីម្ខាងទៀតគឺ សាធារណរដ្ឋប្រជាធិបតេយ្យយួន (Việt Nam Dân Chủ Công Hòa) នៅវៀតណាមខាងជើង ក្រោមការដឹកនាំរបស់គណៈបក្ស ពលកម្មវៀតណាម (ឈ្មោះ បក្សកុម្មុយនិស្តយួន ក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួម​ជាមួយក្រុមបក្សកុម្មុយនិស្តនៅខាងវវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិសេសគឺ សូវៀត និងចិន ។ សង្គ្រាមនេះ ពិតមែនតែ​គេហៅថា «សង្គ្រាមនៅវៀតណាម» តែវាត្រូវបានរាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះ ប្រទេសលាវ និងកម្ពុជា ត្រូវបានចូលរួមនៅក្នុងសង្គ្រាមនេះដែរ ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាម​នេះ គឺជាសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។

នៅវៀតណាម សារព័ត៌មាន និងសៀវភៅ យួន បានសរសេរព័ណ៌នាពីសង្គ្រាមនេះ ដោយដាក់ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និងដើម្បីកំណត់សំគាល់ឲ្យបានច្បាស់ រវាងសង្គ្រាមដទៃៗទៀតដែលបានកើតឡើងនៅប្រទេសយួន ដូចជាសង្រ្គាម​ប្រឆាំងបារាំង ប្រឆាំងជប៉ុន និងប្រឆាំងចិន របស់ជនជាតិយួន។ ក្រុមមនុស្សមួយចំនួនបានចាត់ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាពសត្យានុម័ត ព្រោះនៅមានកត្តាសង្គា្រមផ្ទៃក្នុង ។

មតិមួយចំនួនផ្សេងទៀត បានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលនិយមហៅ ចំពោះតែអ្នកនៅក្រៅប្រទេស ឬនៅអ៊ឺរុប។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀតណាម» ព្រោះវាមានភាពសត្យានុម័តជាង។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេលដែលប្រធានាធិបតីយួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធារណរដ្ឋយួន (Việt Nam Cộng Hòa) សុំចុះចាញ់រណសិរ្សប្រជាជនរំដោះវៀតណាម​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មក រដ្ឋាភិបាលបណ្តោះអាសន្នមួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវបានកើតឡើង។ ក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួនខាងជើង និងរដ្ឋាភិបាសាធារណរដ្ឋវៀតណាមខាងត្បូង បានរួបរួមគ្នា នៅឆ្នាំ ១៩៧៦ ហើយដាក់​ឈ្មោះថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់បច្ចុប្បន្ន។

ការបង្កើតកងកម្លាំងពិសេសខ្មែរ[កែប្រែ]

ក្នុងពេលដែលឥណ្ឌូចិនកំពុងតែឋិតនៅក្នុងភ្លើងសង្គ្រាម លើកទី ២ ដែនដីកម្ពុជាក្រោមត្រូវបានឋិតនៅក្រោមការត្រួរត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ហើយមានការប្រទាញប្រទង់សង្គ្រាមផ្ទៃក្នុងនៃជនជាតិយួន (សេរី និង កុម្មុយនិស្ត) ខណៈនោះ ខ្មែរក្រោម ម្ចាស់ស្រុកជាច្រើនរួមទាំង ព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋវៀតណាម ចាប់ផ្សឹកឲ្យទៅធ្វើជាទាហានកំណែន ខ្មែរក្រោមខ្លះចាញ់បោកយួនកម្មុយនិស្ត ក៏ចូលទៅបំរើឲ្យកងទ័ពរបស់យៀកកុង ដើម្បីប្រឆាំងរបបសាធារណរដ្ឋយួន និងអាមេរិកកាំង។​ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហ ការីរបស់លោក បានបង្កើតកងកម្លាំងពិសេសខ្មែរនៅមណ្ឌលឡុកនិញ។បន្ទាប់មក កងទ័ពនៃកងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយ​នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងកម្ពុជាក្រោម (វៀតណាម ខាងត្បូង) សហការជាមួយកង​កម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារពួកកងទ័ពយៀង​កុងចូលទឹកដីកម្ពុជា។ កងកម្លាំងពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហាន កំណែនរបស់យួនសេរី នៃរដ្ឋការសាធារណរដ្ឋយួនឡើយ។ គោលជំហររបស់កងកម្លាំងពិសេសខ្មែរ គឺប្រឆាំងនឹងយួនកុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាក្រោម និងកម្ពុជាកណ្តាល មិនមែនប្រឆាំងសម្តេច នរោត្តម​​ សីហនុ ឡើយ (សម័យនោះ សម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួកយៀកកុង យកទឹកដីកម្ពុជា ធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និងបានផ្តល់ស្បៀងអាហារជាដើម ដល់កងទ័ពយៀកកុង)។

ទាហានរបស់កងកម្លាំងពិសេសខ្មែរដែលបានពលីជីវិតរួមមាន[កែប្រែ]

ដោយជម្ងឺ[កែប្រែ]

  1. យុវជន ខូវ ណាម
  2. កញ្ញា គឺម សេដ្ឋា
  3. លោក ញ៉ឹក ញ៉ុក
  4. លោក ថាច់ ធ្វឹង សាវី
  5. លោក គឹម តុង
  6. លោក សឺង យឹម
  7. លោក ថា សី
  8. អ្នកស្រី ថាច់ ធី សោន ។ល។

ដោយប្រយុទ្ធជាមួយកងទ័ពយួន[កែប្រែ]

លិខិត​ជូន​តំណឹង​មរណៈ ពី​ក្រសួង​មហា​ផ្ទៃ​បក្ស​កុម្មុយនិស្ត​​យួន​ជូន​ក្រុម​គ្រួសារ បណ្ឌិត សឺងញ់ ង៉ុកថា ឆ្នាំ នា ១៩៧៧
  1. លោក សឺង សុវណ្ណ ( កូនប្រុស សឺង ង៉ុក ថាញ់ )
  2. លោក ឡាំ ថាញ់ ស៊ឺ
  3. លោក ថាច់ សួន
  4. លោក ថាច់ ដូប
  5. លោក ថាច់ សិក្សា
  6. លោក ថាច់ សុខ
  7. លោក ថាច់ លឿង
  8. លោក ថាច់ នេ
  9. លោក តោ ត្រាន់
  10. លោក ថាច់ សឹម
  11. លោក ថាច់ ខ្លាំង
  12. លោក ថាច់ ស៊ីវត្ថា
  13. លោក គឹម វង់
  14. លោក ថាច់ សាយ
  15. លោក ថាច់ ញៀន
  16. លោក ថាច់ ឃ្លាំង
  17. លោក គឹម វែន
  18. លោក គង់ សូត្រ ។ល។

ដោយខ្មាំងលបសម្លាប់[កែប្រែ]

  1. លោក ថាច់ តួង
  2. លោក ឡាំ លី
  3. លោក ថាច់ ចាន់
  4. លោក សម ហ៊ឹម
  5. លោក ថាច់ សូរី
  6. លោក ថាច់ ជាយ
  7. លោក ត្រឹង ហឹម
  8. លោក គឹម ចក់
  9. លោក គឹម វៀង ។ល។

យុទ្ធជនដែលបានពលីជីវិតនៅប្រ​ទេសកម្ពុជា[កែប្រែ]

  1. លោក ព្រាប ឥន្ទ
  2. លោក ថាច់ យ៉ាំង
  3. លោក សៅ ង៉ុយ
  4. លោក ចៅ បរី
  5. លោក មធុរា
  6. លោក ថាច់ សីហា
  7. លោក ថាច់ ញើង
  8. លោក សំសាវ៉ាត
  9. លោក សាម សមេធ
  10. អាចាសរ្យ ប្រុក
  11. លោក ទាវ
  12. លោក សាន ។ល។

យុទ្ធជនដែលបានបាត់ខ្លួន[កែប្រែ]

  1. ថាច់ សុផល
  2. លោក ថាច់ វឿង ។ល។

ក្រៅពីនេះនៅមានយុទ្ធជនចលនាពិសេស​ខ្មែរជាច្រើនរូបទៀត ដែលត្រូវ បានពលីជីវិតក្នុងពេល បំពេញបេសកម្មបំរើជាតិ ។


ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា​លើកទី ២[កែប្រែ]

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ទីក្រុងភ្នំពេញ សភាទាំងពីរ និងរដ្ឋាភិបាលស្រោចស្រង់ជាតិ បាន​សម្រេចជាឯកច្ឆន្ទទម្លាក់ស្តេចសីហនុចេញ​ពីតំណែង ប្រមុខរដ្ឋខ្មែរ ដោយលោកសេនាប្រមុខលន់នល់ ។ ការទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែងសម័យនោះ ត្រូវបានគេមើល​ឃើញថា ដោយស្តេចសីហនុ បានគាំទ្រវៀតកុងុង និងចិនប៉ែកាំង ដោយឲ្យយួនកម្មុយនិស្តយកទឹកដីប្រទេសកម្ពុជា ធ្វើជាទីតាំងសមរភូមិប្រយុទ្ធ ជាមួយយួនខាងត្បូង និងអាមេរិកកាំង។

ក្រោយពីទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែងប្រទេសកម្ពុជាបានប្តូរឈ្មោះទៅជាសាធារណរដ្ឋខ្មែរ​ ហើយរបបថ្មីមួយនេះ ត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។

ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រីម្តងទៀតនៅ​ក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេសកម្ពុជា។ សមសភាពរដ្ឋាភិបាលរបស់លោក នាពេល​នោះ រួមមាន រដ្ឋមន្ត្រីទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូប​រដ្ឋមន្ត្រី ១១ ហើយរូបលោកផ្ទាល់ត្រូវបានបំពេញតួ​នាទីជារដ្ឋមន្ត្រីទី ១ ផង និង រដ្ឋមន្ត្រីក្រសួងការបរទេសផង។

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានសុំលាចេញពីតំណែងនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយបានវិលត្រឡប់មករស់នៅ កម្ពុជាក្រោមវិញ។

អវសានជីវិត[កែប្រែ]

អវសានជីវិតរបស់ បណ្ឌិត សឺង ង៉ុក ថាញ់ គឺនៅក្នុងគុកបក្សកុម្មុយនិស្តយួន។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ យួនកុម្មុយនិស្ត​ខាងជើងបានទទួលជ័យជំនះ លើរបប​យួនសេរី​ភាគខាងត្បូង ពួកគេបានចូលធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោម ជំនួសយួនសេរីវិញ ។

យោងតាម លិខិតជូនដំណឹងមរណៈ មួយ ច្បាប់ចេញពីក្រសួងមហាផ្ទៃបក្សកុម្មុយនិស្តយួន ជូនដល់ក្រុមគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ចុះថ្ងៃទី ០៨ ខែកក្ដដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺង ង៉ុក ថាញ់ត្រូវបានចាប់ខ្លួនថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទពីទោសធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា ស្លាប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោង ១១ និង ៤០ នាទី ក្នុងគុកជីវ៉ា ( Trại Cải Tạo Chí Hòa ) នៅអាយុ ៦៩ ឆ្នាំ។

សូមបញ្ជាក់ថា បណ្ឌិត សឺង ង៉ុក ថាញ់ កើតក្នុងឆ្នាំ ១៩០៥ តែថ្ងៃខែឆ្នាំជាផ្លូវការគឺថ្ងៃទី ០៧ ខែធ្នូ ១៩០៨៕

ឯកសារ​យោង​[កែប្រែ]