នួន ឌួង

ពីវិគីភីឌា

នួន ឌួង

នួន ឌួង

ឯកសារ:លោក នួន ឌួង.jpg
រូបភាពលោក នួន ឌួង
ជីវប្រវត្តិសង្ខេប
នាម​ពេញ នួន ឌួង រឺ ហ៊ុល ឌួង
រហស្សនាម
សញ្ជាតិ  កម្ពុជា
សាសនា ព្រះពុទ្ធសាសនា
អាជីព អ្នកនយោបាយ
ជំនាញ
ថ្ងៃខែឆ្នាំកំណើត
ថ្ងៃទទួលមរណភាព
ស្រុកកំណើត ភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ស្រុកក្រចេះ ខេត្តក្រចេះ
ឪពុក មាស ហ៊ុល
ម្តាយ ប៉ែន ទុន
ភរិយា
បុត្រ
ហត្ថលេខា

នួន ឌួង ១៩១០-១៩៦៦ លោក នួន ឌួង មានដើមកំណើតនៅភូមិរកាកណ្ដាលស្រុកក្រចេះខេត្តក្រចេះ ឪពុកឈ្មោះ មាស ហ៊ុល និង ម្ដាយឈ្មោះ ប៉ែនទុន ។ លោកមានបងប្រុសម្នាក់ឈ្មោះលោក ហ៊ុល ដេន។ លោកកើតក្នុងឆ្នាំ ១៩១០ ហើយកាលពីកុមារ បានរៀនអក្សរ និងបួសនៅវត្តរកាកណ្ដាល ។ កាលណោះលោកនៅមាននាមត្រកូលជាហ៊ុលនៅឡើយ ។ ក្រោយមក លោកបានមក បន្តការសិក្សានៅទីក្រុងភ្នំពេញ ។ នៅពេលនោះលោកបានជួបនឹងលោកតានួន ដែលបានបួសរៀនជាមួយគ្នាហើយបាន រាប់អានគ្នាជាឪពុកនិងកូនធម៌ទៅ ។ ឪពុកបង្កើត, មាស ហ៊ុល, និងបងប្រុស, ហ៊ុល ដេន, របស់លោក ជាអ្នកប្រឆាំង យ៉ាងប្ដូរផ្ដាច់នឹងអាណានិគមបារាំង ។ ដោយអាណានិគមនេះ រកចាប់គ្រួសារទាំងអស់ទៅធ្វើទោស លោកក៏បានដូរ នាមត្រកូល មកនួនវិញ ហើយក៏មានឈ្មោះនួន ឌួងរហូតមក ។ បន្ទាប់មកលោកក៏បានទៅបន្តការ សិក្សាភាសាបាលី ភាសាបារាំងនិងឡាតាំងនៅ វត្តពោធិវាលក្រុងបាត់ដំបង ។ ដល់រៀនចប់ក្នុងជន្មាយុ២៧ឆ្នាំ លោកត្រឡប់មកវត្តឧណ្ណាលោមវិញ លោកក៏បានលាចាកសិក្ខាបទពីព្រះសង្ឃ (រូបថតទី១) ហើយលោកបង្រៀនភាសាបាលីនៅទីវត្តនោះទៅ ។ លោកបានរៀបការជាមួយលោកស្រីម៉ិញ សំយីន (រូបថតទី២) ដែលមានដើមកំណើតនៅខេត្តកំពង់ធំ ។ លោកស្រី ជាបុត្រីរបស់លោកសាស្ត្រាចារ្យម៉ិញ សារី និង លោកស្រីប៊ុត ប្រកប ហើយដែលនៅក្នុងវង្សត្រកូលអ្នកស្នេហាជាតិមួយ របស់លោកតេជោម៉ិញ ។ លោកស្រីមានជាប់ខ្សែស្រឡាយជាមួយនឹងអ្នកម្នាងប៉្លង់ដែលជាមេដោះរបស់សម្ដេចសីហនុ ។ លោកនួន ឌួងជាកូនសិស្សជំនិតរបស់ព្រះអាចារ្យហែមជៀវ ហើយក៏ធ្វើការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ជា មួយគ្នានឹងព្រះអាចារ្យ ហែម ចៀវ ព្រមជាមួយនឹងព្រះអាចារ្យ ប៉ាង ខាត់, លោកប៉ាច ឈឺន, លោកស៊ឹង ង៉ុកថាញ់, ព្រះអាចារ្យ សូរ ហាយ, អ៊ុក ជា, ខៀវ ជុំ, លោកប៊ុណ្ណច័ន្ទ ម៉ុល, លោកជុំ មួង និង អ្នកផ្សេងដ៏ទៃទៀតមក ។ បន្ទាប់មក, នៅថ្ងៃ ១៧ កក្កដា ១៩៤២ (សូមអញ្ជើញអានសៀវភៅ គុកនយោបាយ របស់លោកប៊ុណ្ណ ច័ន្ទម៉ុល), បារាំងបានបញ្ជាឲ្យគេចាប់ ព្រះអាចារ្យ ហែមចៀវ និងលោកនួន ឌួង ដោយចោទថាជាអ្នកបំបះបំបោររាស្ត្រប្រឆាំងនឹងបារាំង ។ បន្ទាប់ពីនោះមក, នៅថ្ងៃទី ២០ កក្កដា, ខ្មែរនិងព្រះសង្ឃផ្សេងទៀត នាំគ្នាធ្វើបាតុកម្មជាសន្តិភាពដើម្បីទាមទារឲ្យបារាំងដោះលែងលោកទាំងពីរមកវិញ ។ នៅពេលនោះបារាំងបានចាប់លោកប៉ាច ឈឺនទៅបាត់ ហើយបាតុកម្មជាសន្តិភាពក៏បានក្លាយទៅជាមានការប្រយុទ្ធគ្នា រវាងប៉ូលីសនិងបាតុករ ធ្វើឲ្យបារាំងបានលេសដើររកចាប់អ្នកផ្សេងទៀតមាន លោកប៊ុណ្ណច័ន្ទ ម៉ុល, ព្រះអាចារ្យប៉ាង ខាត់ ជាដើម ។ បែរមកលោកនួន ឌួងវិញ គេធ្វើទារុណកម្មលោកជាខ្លាំងក្នុងគុកធំ នៅភ្នំពេញជាមួយព្រះអាចារ្យហែមចៀវ ដោយវាយបញ្ច្រកទឹកត្រី តាមមាត់តាមច្រមុះចងជើងឡើងលើ, សន្លប់ច្រើនដងរហូតដល់គ្រាំគ្រាជាខ្លាំង ។ បន្ទាប់មកគេ បានបញ្ជូនលោកព្រមទាំងព្រះអាចារ្យ ហែមចៀវនិងអ្នកផ្សេងទៀតទៅគុកនៅព្រៃនគរ ដើម្បីកាត់ទោស ។ នៅទីនោះ គេកាត់ទោសលោកប្រហារជីវិតជាមួយព្រះអាចារ្យហែមចៀវនិងលោកប៉ាចឈឺន ប៉ុន្តែក្រោយ មក ម៉ារេហ្សាល់ ប៉េតាំងបាន លើកទោសឲ្យមកនៅត្រឹមនៅជាប់គុកមួយជីវិតវិញ ។ ក្រោយពីការកាត់ទោសរួចហើយ គេក៏បានបញ្ជូនអ្នកទាំងអស់ទៅ គុកកោះត្រឡាច នៅខែមិថុនា១៩៤៣។ លោករងទុក្ខវេទនានៅកោះត្រឡាចមានជំងឺស្ពឹកដៃស្ពឹកជើងហើយ ព្រះអាចារ្យ ហែមចៀវមានប្រឈួនជំងឺមួលជាទម្ងន់ រហូតដល់សុគតលើភ្លៅលោកនៅក្នុងមន្ទីពេទ្យគួរឲ្យអណោចអធម្មក្រៃលែង ។ ក្រោយមក, ដោយជប៉ុនបានវាយឈ្នះបារាំងនៅចុងឆ្នាំ១៩៤៤, ដល់ខែកុម្ភៈ១៩៤៥ ទាហានជប៉ុន បានយក សំបុត្រពីភ្នំពេញឲ្យនាំយកអ្នកទាំងបួននាក់គឺ ព្រះអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាចឈឺននិងលោកប៊ុណ្ណច័ន្ទ ម៉ុល ទៅស្រុកវិញ ។ ដោយព្រះអាចារ្យ ហែម ចៀវ សុគតទៅហើយ, គេក៏បានយកតែលោកទាំងបីនាក់មកព្រៃនគរ រួចមក ភ្នំពេញឲ្យមានសេរីភាពឡើងវិញ ។

ក្រោយពីបានមកដល់ភ្នំពេញលោកបានបន្តធ្វើនយោបាយនៅក្នុង គណបក្សប្រជាធិបតេយ្យក្បាលដំរី ប្រឆាំងនឹងសម្ដេច នរោត្តម សីហនុ ហើយឈរឈ្មោះជា បេក្ខជនតំណាងរាស្ត្រនៅដំបន់ក្រចេះក្នុងឆ្នាំ១៩៥៥ ។ ដោយលោកមានធ្វើការប្រឆាំងនឹង សម្ដេចសីហនុ ទើបបាន សម្ដេចអង្គនេះឲ្យគេទៅចាប់ខ្លួនលោក ទើបលោកភៀសខ្លួនចូលទៅក្នុងស្រុកលាវហើយរត់ទៅ ស្រុកសៀមចូលទៅសុរិនតែម្ដង ។ នៅទីនោះលោកធ្វើការតស៊ូជាខ្មែរឥស្សរៈ (រូបថតទី៣) ជាមួយវីរជនមានលោកប៉ក់ កែវ លោកតក់ ថាវនិងលោកសុង សាក់ជាដើម ។ ក្រោយមកទៀត, លោកស្រីសំយីនជាភរិយាបានទៅពឹង ម្ដាយមីង, អ្នកម្នាងប៉្លង់ជាមេដោះរបស់សម្ដេចសីហនុ, ឲ្យទៅទូលមហាក្សត្រីយានីឲ្យលោកជួយលើកលែងទោសលោកនួន ឌួងឲ្យ បានត្រឡប់ចូលស្រុកជួបជុំភរិយានិងបុត្រាបុត្រីវិញ ។ ដើម្បីឲ្យសម្ដេចសីហនុយល់ព្រម, លោកក៏បានចុះខសន្យាថាឈប់ លែងធ្វើនយោបាយរហូតទៅ ។ លោកបានចូលធ្វើការប្រកបចិញ្ចឹមជីវិតនៅធនាគារជាមួយលោក សុង សាក់រហូតមក ។ លោករស់នៅជាមួយភរិយានិងបុត្រាបុត្រីដែលមានគ្នាទាំងអស់៧នាក់ ។ ដោយលោកបានទទួលការគ្រាំគ្រាជាដំណំអំពី ទារុណកម្មកាលនៅក្នុងគុកជាច្រើនលើកច្រើនគ្រា, លោកក៏មានជំងឺហើយទទួលអនិច្ចកម្មទៅនៅឆ្នាំ១៩៦៦ ។ នៅក្រោម សាធារណរដ្ឋរបស់លោកលន់ ណុល, គេបានជូនកិត្តិយសលោកដោយដាក់នាមវិថីមួយ ដែលនៅជិតវិមានឯករាជ្យ (ហួសមួយផ្លូវ) តរហូតដល់មាត់ទន្លេជិតប៊ុលឌិញចាស់ ហៅថាវិថីនួនឌួង ។ ប៉ុន្តែក្រោយមក, ដល់សម្ដេច សីហនុ ចូលមកស្រុកវិញក្រោយពីរបបខ្មែរក្រហម, ក៏សម្ដេចអង្គនេះយក ឈ្មោះសុរាម្រិតមកដាក់ឈ្មោះវិថីនេះជំនួសវិញ ។

ជីវប្រវត្តិនេះ បានរៀបចំឡើងអំពីសេចក្ដីសម្ភាសជាមួយលោកហ៊ុល ស៊ីចាន់ណា ដែលជាបុត្រារបស់លោកនួន ឌួង ដែល រស់នៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះ និងអំពីសៀវភៅគុកនយោបាយរបស់លោកប៊ុណ្ណ ច័ន្ទម៉ុល ដែលលោកបានសរសេរ នៅឆ្នាំ១៩៧១។