ស្ពាននាគ

ដោយវិគីភីឌា
ជាទូទៅស្ពានថ្មបុរាណខ្មែរភាគច្រើនមានការរចនាលម្អរចម្លាក់នាគធ្វើ ជាបង្កាន់ដៃ ធ្វើពីថ្មភក់ដែលមានទំហំ និងប្រវែងមិនទៀងទាត់ទៅតាមខ្នាតរបស់សំណង់ស្ពាននីមួយៗ ម្យ៉ាងវិញទៀត បង្កាន់ដៃនាគបានបង្ហាញពីសោភ័ណ្ឌភាពខុសៗគ្នា ទៅតាមសម័យកាលនិយម និងមាន ភាពរីកចម្រើនអាស្រ័យលើការវិវត្តន៍នៃបច្ចេកទេស បទពិសោធន៍ និងទេពកោសល្យរបស់សិល្បករខ្មែរ ក្នុងជំនាន់នីមួយៗ។
  • ក្បាលនាគ
សំណង់បង្កាន់ដៃនាគរបស់ស្ពាននីមួយៗ មានក្បាលនាគពីរអមសងខាងក្បាល ស្ពាន មានរាងដូចផ្លិតងើបឡើងឆ្ពោះឡើងលើ។ ក្បាលនាគនីមួយៗមានលំអរដោយចម្លាក់ក្បាលពស់ ពីក្បាលបី ទៅក្បាលប្រាំបួន។ ក្បាលពស់នីមួយៗមានលក្ខណៈសមាមាត្រគ្នា (ឆ្លុះគ្នា) និងមានការតុប តែងលម្អដោយក្បាច់ស្រកាពស់ និងមានក្បាច់ចម្លាក់អលង្ការផ្សេងៗជាច្រើននៅលើ កពស់ និងក្បាល ពស់ ហើយមានបង្ហាញចម្លាក់ធ្មេញ និងចង្កូមពស់មានលក្ខណៈដូចសត្វពស់ដែលមាននៅក្នុង ធម្មជាតិពិតៗ។ នៅចំកណ្តាលក្បាលនាគខាងមុខ មានលម្អដោយចម្លាក់ត្រាធំមួយមានរាងដូចរង្វង់ សម្រាប់បង្ហាញពីអំណាចរបស់ចម្លាក់នាគ។ នៅចំពីក្រោមរង្វង់នេះបន្តិចមានរចនលម្អដោយចម្លាក់ ក្បាច់ស្លឹកឈូករាងផ្ងា និងផ្កាប់មួយជួរ រាងលយចេញមកមុខក្បាលនាគបន្តិច ហើយនៅពីលើក្បាច់ ត្របកឈូកនេះក៏មានការរចនាដោយចម្លាក់ក្បាលពស់មានចំនួនប្រាំទៀត ដែលមានទម្រង់ចម្លាក់ ប្រហាក់ប្រហែលគ្នា នឹងចម្លាក់ក្បាលនាគខាងលើដែរ។
  • ជើងទម្រនាគ
ផ្តើមចេញពីចម្លាក់ក្បាលពស់ទាំងប្រាំនេះ មាន ដាប់ថ្មមួយរាងលយចេញមកមុខបន្តិច ហើយនៅពីខាងក្រោមមានទ្រដោយជើងទម្រនាគមួយដែលមាន បង្ហាញចម្លាក់រូបមនុស្សម្នាក់កំពុងតែអង្គុយលត់ជង្គង់សំពះ។ ជើងទម្រនាគនីមួយៗ មានការរចនាលម្អ ចែកជាផ្នែកសំខាន់ៗ ផ្នែកខាងលើមើលពីចំហៀងលើជ្រុងជួរផ្នែកខាងក្រៅ មានលម្អដោយចម្លាក់ក្បាល ពស់ប្រាំ ផ្នែកកណ្តាលលម្អដោយក្បាច់ពេជ្រស្រួច និងផ្នែកខាងក្រោមលម្អដោយក្បាច់ត្របកឈូកហ៊ាន ផ្កាប់។ ជើងទម្រនាគនីមួយៗមានទំហំប្រហាក់ប្រហែលគ្នាមានកម្ពស់ប្រវែង ០.៥០ម៉ែត្រ ជ្រុងនីមួយៗមានប្រវែងប្រែប្រួលពី ០.៧០ម៉ែត្រទៅ០.៨០ម៉ែត្រ និងចម្ងាយចន្លោះពីជើង ទម្រមួយទៅជើងទម្រមួយ មានប្រវែង១.៦០ម៉ែត្រ។
  • ផ្នែកខាងក្រោយនៃក្បាលនាគ
នៅផ្នែកខាងក្រោយក៏មានបង្ហាញចម្លាក់ក្បាលពស់ចំនួនដូចខាងមុខដែរ តែទម្រង់ចម្លាក់ពុំសូវ មានលក្ខណៈលេចធ្លោប៉ុន្មានទេ។
  • ខ្លួននាគ
សំណង់ជើងទម្រនាគនីមួយៗ គឺជាចំណុចតំណ របស់កំណាត់ថ្មខ្នងនាគនីមួយៗ។ ខ្លួននាគ តភ្ជាប់ដោយថ្មមួយកំណាត់ៗដោយមានការរចនាលម្អបន្តិច បន្តួចនៅពីលើខ្លួននាគត្រង់មុខតំណរ ដោយក្បាច់ស្លឹកឈើផ្សេងៗមានរាងដូចជាចតុកោណស្មើរមួយ ហើយក្នុងនោះមានរំលេចដោយចម្លាក់រូបរាហ៊ូ នៅចំពាក់កណ្តាលរបស់តំណថ្ម។ចម្លាក់រូបរាហ៊ូនេះ ហាក់ដូចជាបានបង្ហាញនូវលក្ខណៈមួយខំប្រឹងទាញ ឬទប់មុខតំណនេះ មិនឲ្យឃ្លាត ឬរង្កិលដាច់ចេញ ពីគ្នាបានឡើយ។ គួរឲ្យកត់សម្គាល់ផងដែរថា មានស្ពានថ្មមួយចំនួនបានរចនាលម្អដោយបង្កាន់ដៃនាគ ទ្រដោយទេវរូបជាច្រើន។ ឧទាហរណ៍ ស្ពានថ្មចូលទៅក្នុងបរិវេណអង្គរធំ មានបង្កាន់ដៃនាគពីរដែល នាគនីមួយៗមានទ្រដោយទេវរូបចំនួន៥៤ ម្ខាងជារូបទេវ និងម្ខាងទៀតជារូបអសុរៈ ដោយទេវរូបទាំង ៥៤អង្គនោះ សុទ្ធតែយកដៃចាប់ទាញខ្លួននាគយ៉ាងណែនក្នុងចលនារស់រើកហើយម្យ៉ាងទៀតរូបចម្លាក់ ទាំងអស់នេះ ប្រហែលជានិមិត្តរូបចម្លាក់រឿង “កូរសមុទ្រទឹកដោះ”។
  • គុណតម្លៃនៃស្ពាននាគ
ដូចដែលបានរៀបរាប់មកនេះ ស្ថាបត្យករខ្មែរឲ្យតម្លៃខ្លាំងណាស់ទៅលើការរចនាលម្អក្បាលនាគ ដោយច្រើនតែឈរលើទស្សនៈ ដែលបានប្រតិបត្តិតាមលំដាប់នៃចំនួនលេខ “សេស” ជានិច្ចដូចជាមានក្បាល ៣.៥.៧.៩ ជាដើម។ ស្ពាននាគនៃប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃឥន្ធូ នាគបានភ្ជាប់មកផែនដីជា ឋានរស់នៅរបស់មនុស្ស លោកហើយ មានភារកិច្ចជួយចម្លងមនុស្សលោកឆ្ពោះទៅកាន់ឋានសួគ៌ ជាឋានរបស់ពពួកអាទិទេព និងទេវតា។ ស្ពានថ្មភាគច្រើន ត្រូវបានគេសាងសង់ឡើងសម្រាប់បំរើឲ្យវិស័យពាណិជ្ជកម្ម និងទំនាក់ ទំនងទូទៅ តួយ៉ាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេប្រទះឃើញមានស្ពានទិព្វ ស្ពានប្រាប់ទិស... នៅតាមដងផ្លូវពីអង្គរទៅកាន់ភិម៉ៃ និងទៅកាន់រាជធានីវិជ័យ។ ឯការដាក់បន្ថែមនូវបង្កាន់ដៃនាគសម្រាប់ ធ្វើឲ្យមានសោភណភាពនៃសំណង់ និងដើម្បីបណ្តុះទឹកចិត្តស្រលាញ់ពីអ្នកទស្សនាទាំងឡាយ ហើយ ក្នុងជំនឿខ្មែរ បង្កាន់ដៃនាគបង្ហាញពីលិទ្ធិជីវចល។ ស្ពាននីមួយៗសុទ្ធតែបង្កប់នូវព្រលឹងសំងាត់ណា មួយនៅចាំថែរក្សា ជាពិសេសស្ពាននាគដែលមានទាក់ទងទៅនឹងឈ្មោះនៃព្រលឹងបុព្វការីជនណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ។