Jump to content

ហាំង ង៉ោ

This is a good article. Click here for more information.
ពីវិគីភីឌា

វេជ្ជ.
ហាំង ង៉ោ
តឧងប ោ
កើតហាំង សំណាង ង៉ោ
(1940-03-22)22 មីនា 1940
សំរោងយ៉ោង កម្ពុជា
ស្លាប់25 កុម្ភៈ 1996(1996-02-25) (អាយុ 55 ឆ្នាំ)
ឡូស​អាន់​ជ័រ​លេស រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក
អាជីពតួ​សម្ដែង វេជ្ជបណ្ឌិត អ្នក​និពន្ធ
ឆ្នាំដែលសម្តែង1984–1996 (សម្ដែង)
ពន្ធភាពម៉ី ហួយ ង៉ោ

ហាំង សំណាង ង៉ោ (អង់គ្លេស: Haing Somnang Ngor; ចិន: 吳漢潤; ភិងអ៊ិង: Wú Hànrùn,[] ២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬ​ហៅ​យ៉ាង​ខ្លី​ថា ហាំង ង៉ោ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក "តួ​សម្ដែង​រង​ល្អ​បំផុត" សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​ "​រឿង​វាលពិឃាត" (The Killing Fields) ដែល​ស្ដី​អំពី​ជីវិត​របស់​អ្នក​សារព័ត៌មាន លោក ឌិត ប្រន[] លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ពានរង្វាន់អូស្ការ (Oscar) ក្នុង​ផ្នែក​សម្ដែង ។ ម្តាយ​របស់​គាត់​គឺ​ជា​ជនជាតិខ្មែរ​ រី​ឯ​​ឪពុក​របស់​គាត់​គឺ​ជនជាតិ​ចិនតឺជីវ​ ។[] លោក​ហាំង ង៉ោ ​និង ​ហា​រ៉ូ​លត៍ ​រ៉ូស្សេល (Harold Russell)​ គឺ​ជា​តារា​សម្តែង​មិន​មាន​ជំនាញ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ក្នុង​ផ្នែក​សម្ដែង ។ []

ជីវិត​ក្រោម​របប​ខ្មែរ​ក្រហម

[កែប្រែ]

កើត​នៅ​សំរោង​យ៉ោង ប្រទេស​​កម្ពុជា​ លោក​ហាំង ង៉ោ​​ បាន​ទទួល​ការ​បណ្តុះបណ្តាល​ជា​គ្រូពេទ្យ​វះកាត់​​និង​ជំនាញរោគ​ស្ត្រី​ ។ លោក​បាន​ចុះអនុ​វត្ត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ 1975 នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ដ​ណ្តើ​ម​បាន​អំណាច ​ហើយ​បាន​ប្រកាស​ថា​​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​[] គាត់​ត្រូវ​បង្ខំ​ចិត្ត​លាក់​បាំង​ប្រវត្តិ​សិក្សា ជំនាញ​វេជ្ជសាស្ត្រ ហើយ​សូម្បី​តែ​ការ​ពាក់​វ៉ែនតា​ក៏​គាត់​ត្រូវ​លាក់​ដែរ ដើម្បី​ជៀសវាង​ពី​ការ​រង្គាស​ចិត្ត និង​ចង​សត្រូវ​របស់​របប​ថ្មី​ទៅ​លើ​អ្នក​ជំនាញ និង​បញ្ញវន្ត ។ គាត់​ត្រូវ​គេជន្លៀស​ចេញ​ពី​រាជធានី​ភ្នំពេញ រួម​ជាមួយ​ប្រជាជន​ជាង​ពីរ​លាន​នាក់​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​សង្គម "ឆ្នាំ​សូន្យ" របស់​ខ្មែរក្រហម ។ លោក​ហាំង ង៉ោ ក៏​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរុំ​មួយ​ជាមួយ​ប្រពន្ធ​របស់​គាត់ គឺ​លោក​ស្រី ម៉ី ហួយ ដែល​ក្រោយ​មក​បាន​ស្លាប់​ដោយ​សារ​ការ​សម្រាល​កូន ។ បើ​ទោះ​បី​ជាគាត់​មាន​ជំនាញ​​រោគ​ស្ត្រី​ គាត់​នៅ​តែ​​មិន​អាច​ព្យាបាល​ប្រពន្ធ​របស់​គាត់​ដែល​តម្រូវ​ឱ្យ​មាន​ការវះកាត់​ផ្នែក​ណាមួយ​ទេ ព្រោះ​គាត់​គិត​ថា​​អាច​នឹងមាន​ផល​ប៉ះពាល់​ចំពោះ​ខ្លួន​ឯង​និង​ប្រពន្ធ​របស់​គាត់ (រួមទាំង​កូន​របស់​គាត់​) ហើយ​អាច​នឹង​ត្រូវ​គេ​សម្លាប់​ថែម​ទៀតផង ។[] បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហមនៅ​ឆ្នាំ១៩៧៩ លោក​ហាំង ង៉ោ ​បាន​ធ្វើ​ការ​ជា​គ្រូ​ពេទ្យ​មួយ​រូបនៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ចាក​ចេញ​ជាមួយ​នឹង​ក្មួយ​ស្រី​របស់គាត់​​ទៅ​​សហរដ្ឋអាមេរិក​ កាល​នៅ​ថ្ងៃ៣០ ខែ​សីហា ​ឆ្នាំ១៩៨០ ។ នៅ​សហរដ្ឋអាមេរិក លោក​ហាំង ង៉ោ មិន​អាច​បន្ត​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​របស់​គាត់​បាន​ទេ[] ហើយ​គាត់​ក៏​មិន​បាន​រៀបការ​ជា​ថ្មី​ទៀត​ដែរ ។

នៅ​ឆ្នាំ១៩៨៨ លោក​បាន​សរសេរសៀវភៅ​មួយ​ដោយ​ដាក់​ចំណងជើង​ថា "​ហាំង ង៉ោ​ ៖ ដំណើរ​ផ្សងព្រេង​នៃ​ជនជាតិ​ខ្មែរ​ម្នាក់" (Haing Ngor: A Cambodian Odyssey) ដែល​ពណ៌នា​អំពី​ជីវិត​របស់​គាត់​ក្រោម​របប​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​ការ​រៀបរៀង​លើក​ទីពីរ​នៃ​រឿង ការ​រួច​ជីវិត​ក្នុង​វាល​ពិឃាដ លោក Roger Warner ដែល​ជា​សហ​អ្នក​និពន្ធ​ជាមួយ​លោក​ហាំង ង៉ោ បាន​បន្ថែម​សេចក្ដី​បញ្ចប់​ដោយ​រៀបរាប់​ដំណើរ​ជីវិត​របស់​លោក​ហាំង ង៉ោ ក្រោយ​ឈ្នះ​ពាន​រង្វាន់ ។

លោកហាំ​ង​ ង៉ោ​​ បាន​បង្កើត​មូលនិធិ​មួយ​នៅ​ឆ្នាំ​១៩៨៧ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​ប្រទេស​កម្ពុជា ។ ក្នុង​ការ​រួម​ចំណែក​ផ្នែក​មនុស្សធម៌ លោក​ហាំង ង៉ោ បាន​សាងសង់​សាលា​បឋម​សិក្សា​មួយ និង​បើក​ដំណើរ​ការ​រោង​​ឈើ​តូច​មួយ ដើម្បី​ផ្ដល់​ការងារ​និង​ចំណូល​ដល់​គ្រួសារ​នៅ​មូលដ្ឋាន ។ ក្មួយ​ស្រី​របស់​លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី (Ngor Sophia Demetri) ជា​សាក្សី​មួយ​រូប​នៅ​សវនាការ​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លោក ហាំង ង៉ោ។ បច្ចុប្បន្ន​នាង​គឺ​ជា​ប្រធាន​មូលនិធិ។[]

អាជីព​សម្ដែង

[កែប្រែ]

លោក​ហាំង ង៉ោ បាន​សម្ដែង​ជា​តួអង្គ ឌិត ប្រន នៅ​ក្នុង​ភាពយន្ត "វាល​ពិឃាដ" បើ​ទោះបី​ជា​លោក​គ្មាន​បទពិសោធ​សម្ដែង​ពី​មុន​មក​ក្ដី ។ ហើយ​បន្ទាប់​ពី​នោះ​មក លោក​បាន​ពាន​រង្វាន់​ចំនួន​បី​ដោយ​រួម​មាន Golden Globe Award និង​ពាន​រង្វាន់ Academy Award ក្នុង​ផ្នែក Best Supporting Actor ផង​ដែរ ។ [] បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត "វាល​ពិឃាដ" មក លោក​បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី People ថា "ខ្ញុំ​ចង់​បង្ហាញ​ទៅ​ពិភព​លោក​អំពី​ភាព​ស្រេកឃ្លាន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា និង​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្រោម​របប​កុម្មុយនីស្ត​មួយ​នេះ ​។ បេះដូង​របស់​ខ្ញុំ​ស្កប់​ស្កល់​ហើយ ។ ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ដែល​ល្អ​រួច​ហើយ" (អង់គ្លេស ៖ "I wanted to show the world how deep starvation is in Cambodia, how many people die under communist regime. My heart is satisfied. I have done something perfect.") ។[]

លោក​ហាំង ង៉ោ ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ផ្សេងៗ​ទៀត ព្រម​ទាំង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ដែរ ដូច​ជា Heaven & Earth របស់ Oliver Stone និង​រឿងភាគ​ខ្លី Vanishing Son ។ លោក​ក៏​មាន​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ហុងកុង​ចំណង​ជើង "សត្វ​ត្មាត​ភាគ​ខាង​កើត" (Eastern Condors) ដែល​បាន​ដឹកនាំ​និង​សម្ដែង​ដោយ Sammo Hung ។

លោក​ក៏​បាន​សម្ដែង​ជា​តួ​រង​នៅ​ក្នុង​រឿងភាគ​វៀតណាម​ឆ្នាំ​១៩៨៩ ចំណង​ជើង "The Iron Triangle" ។ លោក​ក៏​ធ្លាប់​បាន​សម្ដែង​ជា​តារា​កិត្តិយស (guest-starred) នៅ​ក្នុង​សាច់​រឿង​ពីរ​ភាគ​នៃ​ខ្សែ​ភាពយន្ត ឆ្នេរ​សមុទ្រ​ចិន (ក្នុង​ភាគ "How to Stay Alive in Vietname 1 & 2") ដោយ​ដើរ​តួ​ជា​ឈ្លើយ​សង្គ្រាម​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​របួស ហើយ​បាន​ជួយ​នាង Collen McMurphy ពេល​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​នាង ។ គាត់​ក៏​បាន​សម្ដែង​ជា​តារា​កិត្តិយស​ក្នុង​ខ្សែភាពយន្ត Miami Vice មួយ​ភាគ​ចំណង​ជើង "The Savage / Duty and Hornor" ។ លោក​ក៏​បាន​ដើរតួ​នៅ​ក្នុង​រឿង My Life បន្ទាប់​ពី​លោក Michael Keaton ។

មូលនិធិ​និង​មត៌ក

[កែប្រែ]

មូលនិធិ​វេជ្ជបណ្ឌិត ហាំង ង៉ោ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ​១៩៩០ ដោយ​លោក​ហាំង ង៉ោ និង Jack Ong ។ តារា​សម្ដែង​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ឆ្នាំ​១៩៨៩ ពេល​ថត​រឿង "The Iron Triangle" ហើយ​ក្រោយ​មក ព្រះ​វិហារ​របស់​អ្នក​គង្វាល Ong (សមាគម​គ្រិស្ត​បរិស័ទ​នៅ Venice, CA) បាន​ចាប់​ផ្ដើម គម្រោង​កម្ពុជា ស្វែងរក​ថវិកា​ដើម្បី​ថែទាំ​កុមារ​កំព្រា និង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ប្រទេស​កម្ពុជា ។ គម្រោង​កម្ពុជា (Project of Cambodia) គឺ​ជា​មូលនិធិ​ដើម​នៃ​មូលនិធិ​របស់​លោក​ហាំង ង៉ោ ដែល​បាន​ដាក់​បញ្ចូល​ជា​អង្គការ​សប្បុរសធម៌​នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ឃាតកម្ម​របស់​លោក​ហាំង ង៉ោ (ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦)។ គោលដៅ​នៃ​មូលនិធិ​នេះ​រួម​មាន​ការ​ថែរក្សា​ការ​សម្រេច (សមិទ្ធផល) របស់​លោក​ហាំង ង៉ោ និង​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្ត​និង​វប្បធម៌​កម្ពុជា​តាមរយៈ​ការ​អប់រំ សកម្មភាព និង​សិល្បៈ។ ក្មួយ​ស្រី​របស់​លោក​ហាំង ង៉ោ គឺ សុភីយ៉ា ង៉ោ ឌីមេទ្រី (Sophia Ngor Demetri) ដែល​ជា​អ្នក​ផ្ដល់​ភស្តុតាង​នៅ​ក្នុង​សវនាការ​ឃាតកម្ម​របស់​លោក និង​ជា​អ្នក​ដែល​លោក​បាន​យក​មក​នៅ​អាមេរិក​ជាមួយ បច្ចុប្បន្ន​នេះ​នាង​គឺ​ប្រធាន​មូលនិធិ ហើយ​លោក Ong គឺ​ជា​នាយក​ប្រតិបត្តិ ។

ឃាតកម្ម

[កែប្រែ]

នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ លោក​ហាំង ង៉ោ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្រោយ​ផ្ទះ​គាត់ នៅ សង្កាត់​ចិន ក្នុង​ទី​ប្រជុំជន ឡូសអាន់ជើឡេស រដ្ឋកាលីហ្វញ៉ា ។ ជនជាតិ​ខ្មែរ​ជា​ច្រើន​បាន​អះអាង​ថា​ពួក​គេ​មាន​ជាប់​ជំពាក់​នៅ​ក្នុង​អចលទ្រព្យ​របស់​គាត់ ហើយ​មាន​ស្ត្រី​ម្នាក់​ទៀត​ថា លោក​បាន​រៀបការ​ជាមួយ​នាង​ក្រោយ​ពេល​មក​ដល់​សហរដ្ឋ​អាមេរិក ។ ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​លោក​ហាំង ង៉ោ បាន​ទៅ​ប្អូន​របស់​គាត់​គឺ​លោក ចាន់ សារុន(ចិន: 吳和顺 or 吴汉顺; ភិងអ៊ិង: Wú Hànshùn, (ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៅ​កម្ពុជា) ខណៈ​ពេល​ដែល​ទ្រព្យ​សម្បត្តិ​អាមេរិក​របស់​គាត់​ត្រូវ​បាន​ប្រើ​ក្នុង​ថ្លៃ​សេវា​ច្បាប់​នៃ​ការ​ពន្យារ​ពាក្យ​បណ្ដឹង​ចំពោះ​អចលនទ្រព្យ​របស់​គាត់។[១០] គេ​បាន​បញ្ចុះ​សព​របស់​គាត់​នៅ Rose Hills Memorial Park នៅឯ Whittier រដ្ឋកាលីហ្វញ៉ា ។

សមាជិក​បី​នាក់​នៃ​ក្រុម "Oriental Lazy Boyz" ដែល​ជា​ក្រុម​ពាល​តាម​ផ្លូវ ត្រូវ​បាន​ចោទ​ពីបទ​ឃាតកម្ម ហើយ​ក៏​ធ្លាប់​បាន​ចាប់​ខ្លួន​ពី​មុន​មក​ដែរ​ក្នុង​បទ​ឆក់​កាបូប​អលង្ការ ។ ពួក​គេ​ត្រូវ​បាន​កាត់​ទោស​រួម​គ្នា​នៅ​ក្នុង​តុលាការ​កំពូល​នៃ​រដ្ឋ​ឡូសអាន់ជើឡេស ទោះ​បី​ជា​រឿង​ក្ដី​របស់​ពួក​គេ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​តុលាការ​ដឹង​ដាច់​ដោយឡែក​ពី​គ្នា​ក៏​ដោយ ។ ព្រះ​រាជ​អាជ្ញា​បាន​អះអាង​ថា ពួក​គេ​បាន​សម្លាប់​លោក​ហាំង ង៉ោ ក្រោយ​ពេល​ប្រគល់​នាឡិកា​ដៃ​មាស​ម៉ាក Rolex របស់​លោក​ឲ្យ​គេ ប៉ុន្តែ​បដិសេធ​មិន​ឲ្យ​បន្តោង​ខ្សែ​ក​ដែល​មាន​រូប​ប្រពន្ធ​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ គឺ​លោក​ស្រី ម៉ី ហួយ។ មេធាវី​ការពារ​ក្ដី​បាន​លើក​ឡើង​ថា​ឃាតកម្ម​នេះ​ទាក់ទង​នឹង​រឿង​នយោបាយ ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណា​មួយ​គាំទ្រ​ទស្សនៈ​នេះ​ទេ ។[១១] កាំង ហ្គេកអ៊ាវ ដែល​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម ហើយ​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​នៅ​កម្ពុជា បាន​អះអាង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ថា​ការ​សម្លាប់​លោក​ហាំង ង៉ោ គឺ​ជា​បញ្ជា​ពី​ប៉ុលពត ។ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​អាមេរិក​រក​មិន​ឃើញ​ថា​គាត់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទេ ។[១១]

មនុស្ស​មួយ​ចំនួន​បាន​រិះគន់​មតិ​ដែល​ថា​លោក​ហាំង ង៉ោ ត្រូវ​បាន​គេ​សម្លាប់​ក្នុង​អំពើ​ប្លន់​មិន​បាន​សម្រេច ដោយ​ផ្អែក​ទៅ​លើ​សាច់​ប្រាក់ ២៩០០ដុល្លារ​អាមេរិក ដែល​បាន​បន្សល់​ទុក ហើយ​ការ​ពិត​នោះ ចោរ​មិន​បាន​រើ​កកាយ​កាបបូប​លុយ​របស់​គាត់​ទេ។ មក​ទល់​ពេល​នេះ គ្មាន​ចម្លើយ​ពីមូលហេតុ​ដែល​ចោរ​ទាមទារ​បន្តោង​ខ្សែ​ក​របស់​គាត់​នោះ​ទេ ហើយ​ជា​ធម្មតា លោក​ហាំង ង៉ោ តែង​ពាក់​បន្តោង​ខ្សែ​ក​នោះ​នៅ​ខាង​ក្នុង​សម្លៀក​បំពាក់ ហើយ​ពិបាក​នឹង​មើល​ដឹង​ណាស់។ នៅ​ឆ្នាំ​២០០៣ បន្តោង​ខ្សែ​ក​នោះ​នៅ​តែ​មិន​ទាន់​រក​ឃើញ។[១២]

អ្នក​ទាំង​បី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​នៅ​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​១៩៩៨ នៅ​ចំ​ថ្ងៃ​ដែល​គេ​បាន​បញ្ជាក់​អំពី​ការ​ស្លាប់​របស់ ប៉ុល ពត នៅ​កម្ពុជា​ដែរ ។[១៣] Tak Sun Tan ត្រូវ​បាន​ផ្ដន្ទាទោស​ចាប់​ពី ៥៦​ឆ្នាំ ដល់​មួយ​ជីវិត, Indra Lim ពី ២៦​ឆ្នាំ ដល់​មួយ​ជីវិត ចំណែក​ឯ Jason Chan គឺ​ជាប់​ទោស​មួយ​ជីវិត​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះ​លែង ។ នៅ​ឆ្នាំ​២០០៤ តុលាការ​សង្កាត់​អាមេរិក​នៃ​សង្កាត់​កណ្ដាល​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ចេញ​ដីកាលើក​លែង​ទោស ជា​សេចក្ដី​សម្រេច​ដែល​ព្រះ​រាជ​អាជ្ញា​បាន​ប្រើ​ការ​អាណិត​អាសូរ​របស់​ក្រុម​ប្រឹក្សា​តាមរយៈ​ការ​បង្ហាញ​ភស្តុតាង​មិន​ពិត ការ​សម្រេច​នេះ​ត្រូវ​បាន​បដិសេធ ។ ហើយ​ជា​ចុង​ក្រោយ ការ​ផ្ដន្ទាទោស​នៅ​តែ​បន្ត​តម្កល់​ទុក​ដោយ តុលាការ​សហរដ្ឋ​អាមេរិក​នៃ​បណ្ដឹង​ឧទ្ធរណ៍​សម្រាប់​មណ្ឌល​ទី​ប្រាំ​បួន នៅ​ឆ្នាំ​២០០៥​ ។

ក្រោយ​ពេល​ចេញ​ផ្សាយ​ខ្សែ​ភាព​យន្ត វាល​ពិឃាត លោក​ហាំង ង៉ោ បាន​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាន New York Times ថា "ប្រសិន​បើ​ខ្ញុំ​ស្លាប់​នៅ​ពេល​ឥឡូវ គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​ភាពយន្ត​នេះ​នឹង​ស្ថិត​នៅ​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត" ។ (អង់គ្លេស៖ "If I die from now on, OK! This film will go on for a hundred years.") [១៤]

លោក​ឌិត ប្រន ដែល​លោក​ហាំង ង៉ោ បាន​ដើរ​តួ​នៅ​ក្នុង​រឿងវាល​ពិឃាត បាន​ថ្លែង​ចំពោះ​ការ​ស្លាប់​របស់​លោក​ហាំង ង៉ោ ថា "គាត់​ប្រៀប​ដូច​ជា​កូន​ភ្លោះ​ជាមួយ​ខ្ញុំ ។ គាត់​ប្រៀប​បាន​ជា​អ្នក​ផ្ញើ​សារ​ជាមួយ​ខ្ញុំ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ហើយ" ។ (អង់គ្លេស៖ "He is like a twin with me. He is like a co-messenger to me, but now I am alone.")[១៥]

ការ​ថត​ខ្សែ​ភាពយន្ត

[កែប្រែ]
ឆ្នាំ ចំណង​ជើង សម្ដែងជាង ចំណាំ
1984 វាលពិឃាដ ឌិត ប្រន
1986 Eastern Condors Yeung Lung
1987 In Love and War Major Bui
1989 Vietnam War Story: The Last Days Major Huyen segment "The Last Outpost"
The Iron Triangle Colonel Tuong, NVA
1990 Vietnam, Texas Wong
1990 Last Flight Out Pham Van Minh
1991 Ambition Tatay
1993 My Life Mr. Ho
1993 Heaven & Earth Papa
1993 Fortunes of War Khoy Thuon
1994 The Dragon Gate Sensei
1996 Hit Me Billy Tungpet

ឯកសារ​យោង

[កែប្រែ]
  1. "Haing S. Ngor footston". Find A Grave. 1999-11-06. Retrieved 2013-08-05.
  2. "Ngor, Haing S.". Encyclopædia Britannica. http://www.britannica.com/eb/article-9113310/Ngor,%20Haing%20S។ បានយកមក 2007-10-06. 
  3. Hyung-chan Kim, Stephen Fugita, Dorothy C. L. Cordova (1999). Distinguished Asian Americans: A Biographical Dictionary. Greenwood Publishing Group. pp. 264–5. ល.ស.ប.អ. 0-313-28902-6. 
  4. "Information about the actor". Archived from the original on 2008-07-24. Retrieved 2014-03-11.
  5. "Biography". Dr. Haing S. Ngor Foundation. http://www.haingngorfoundation.org/។ បានយកមក 2007-10-06. 
  6. "Court Revives Convictions in Murder of 'Killing Fields' Survivor". Metropolitan News. 2005-07-08. http://www.metnews.com/articles/2005/tanx070805.htm។ បានយកមក 2007-10-06. 
  7. ៧,០ ៧,១ "Famous Chinese-Americans in Entertainment: Acting; Haing S. Ngor". Yellow Bridge. http://www.yellowbridge.com/people/actingM.html។ បានយកមក 2007-10-06. 
  8. "Foundation". Dr. Haing S. Ngor Foundation. http://www.haingngorfoundation.org/។ បានយកមក 2007-10-06. 
  9. Donahue, Deirdre. "Cambodian Doctor Haing Ngor Turns Actor in the Killing Fields, and Relives His Grisly Past". People.com. Archived from the original on 2016-03-03. Retrieved 2013-08-05.
  10. Ngor, Haing; Roger Warner (2003). Survival in the Killing Fields. New York: Carroll & Graf. pp. 512–513. ល.ស.ប.អ. 0786713151. 
  11. ១១,០ ១១,១ My-Thuan Tran, Revisiting Haing Ngor's murder: 'Killing Fields' theory won't die, Los Angeles Times, January 21, 2010
  12. Ngor & Warner, p. 515.
  13. Daniel Yi, Greg Krikorian, Three Men Convicted of Killing Ngor, Los Angeles Times, April 17, 1998
  14. "Haing S. Ngor". Find a grave. Retrieved 2013-08-05.
  15. Jim Hill (February 27, 1996). "Actor Haing Ngor found gunned down outside L.A. home". CNN. http://www.cnn.com/US/9602/haing_ngor/។ បានយកមក 2007-09-06. 

គួរ​អាន​បន្ត

[កែប្រែ]
  • Ngor, Haing with Roger Warner. A Cambodian Odyssey. Macmillian Publishing Company, 1987. ISBN 0-02-589330-0.
  • Ngor, Haing with Roger Warner. Survival in the Killing Fields. Carroll & Graf Publishers, 2003. ISBN 0-7867-1315-1.

តំណ​ខាង​ក្រៅ

[កែប្រែ]

}