អង្គកែវ (មន្ត្រី)

ពីវិគីភីឌា

អង្គកែវ គឺជាមន្ត្រីមួយរូបក្នុងរជ្ជកាលរបស់ព្រះកេតុមាលា។ ព្រះ​កេតុមាលា​បាន​មាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​បទុមមាលា​អាយុ​ ១៦​ ឆ្នាំ​ ​ព្រះ​នាង​ត្រូវ​បាន​រៀបចំ​អភិសេក​ជាមួយ​នឹង​ព្រះ​អង្គ​ធនញ្ជ័យ​ ​ដែល​ជា​កូន​របស់​ព្រះ​អង្គ​កែវ​ (ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​របស់​ព្រះ​ កេតុមាលា មាន​ក្សត្រ​មួយ​អង្គ​ព្រះ​នាមអង្គកែវ​ដែរ)។

តែបើ​តាម​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​ព្រះ​សង្ឃរាជ​ទៀង​ ​គឺ​ព្រះ​អង្គធនញ្ជ័យគោរពរាជ្យ ​ដែល​បាន​ឡើង​សោយរាជ្យ​បន្ទាប់​ពី​ព្រះ​កេតុមាលា។​ ​គ្រានោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ១៦​ វស្សា​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​ ២៤​ឆ្នាំ។​ ​ក៏​ប៉ុន្តែ​ពង្សាវតារ​វត្ដ​ទឹក​វិល​បាន​បញ្ចា​ក់ថា​ ​ព្រះ​អង្គ​ធនញ្ជ័យ​គោរពរាជ្យ​ ​ជា​បុត្រ​របស់​ព្រះ​អង្គ​កែវ​ ​ព្រះ​អង្គ​ក៏​ត្រូវជា​ស្វាមី​ព្រះ​នាង​បទុមមាលា​ ​បុត្រី​ព្រះ​កេតុមាលា​ដែរ។​ ​ព្រះ​ធនញ្ជ័យ​បាន​មក​បម្រើ​ព្រះមហាក្សត្រ​ ​ក្នុង​ឋានៈ​ជា​អ្នកត្រួតត្រា​គ្រប់គ្រង​កងទ័ព។​ ​ដោយសារ​កូន​ទាំង​ប៉ុន្មាន​របស់​ព្រះ​កេតុមាលា​ ​គ្មាន​វត្ដមាន​នៅ​ក្នុង​ព្រះ​នគរ​ ​ដោយ​ត្រូវ​បាន​តែងតាំង​ឲ្យទៅ​គ្រប់គ្រង​ប្រទេស​ជិត​ឆ្ងាយ​ ​ហើយ​និង​ដោយសារ​ស្វាមីភរិយា​ទាំង​ពីរ​អង្គ​មាន​នាម៉ឺន​រាជការ​ ​មេទ័ព​ជា​ច្រើន​គាំទ្រ​ ​ស្រឡាញ់​គោរព​កោតខ្លាច​ ​ទើបបាន​ជានា​ម៉ឺន​មុខមន្ត្រី​តូច​ធំ​ទាំងអស់​នាំ​គ្នា​មូលមតិ​សុំ​អញ្ជើញ​ ព្រះ​ធនញ្ជ័យ​ឲ្យ​ឡើង​សោយរាជសម្បត្ដិ។​ ​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​ ​និង​ទៅ​តាម​ឋានៈ​ព្រះ​អង្គ​ជា​អ្នក​ការពារ​ថែរក្សា​ព្រះ​រាជបល្ល័ង្ក​ ​ទើប​បានជា​ព្រះ​អង្គ​ដាក់​ព្រះ​បរមនាម​ថា​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ។​