អរជូនកែ

ពីវិគីភីឌា
Jump to navigation Jump to search
អរជូនកែ

កាន់តំណែង
គ.ស. ១៥២៥ – ប្រ.១៥៦៧
អង្គក្សត្រ ចន្ទរាជា
អ្នកស្នង ចៅពញាអរជូនជ័យ

កាន់តំណែង
តំណែងបានកាន់​ 
ប្រ.គស.១៥១៩
អង្គក្សត្រ ចន្ទរាជា
ព័ត៌មានលំអិត
កើត កែ
សាសនា ពុទ្ធសាសនាថេរវាទ

ចៅពញាអរជូនកែ (កាន់.គស.១៥២៥-ប្រ.១៥៦៧) ជាចៅហ្វាយស្រុកខែត្រត្បូងឃ្មុំ ពីដើមជាមេគយខែត្រត្បូងឃ្មុំ មានយសសក្ដិជា ពញាមន្ត្រីអរជូន

ចាប់បានស្ដេចកន[កែប្រែ]

ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាជាកែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ៅ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខែត្រត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។

គិតពីស្ដេចកន សោយរាជ្យជាសុខ ជាសម្ដេចព្រះស្រីជេដ្ឋាមកដល់ ព.ស. ២០៦០ គ.ស. ​១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័ក ត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទ ពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀត ត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំ សុវណ្ណគុតដោយអាវុធ។

  • ១. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ព ទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តម្រិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទម្លាយចូលកាប់សម្លាប់អាក្បត់​ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សម្លាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទម្លាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង​ ត្រូវដើមដៃស្ដេចកន ដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។" ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសម្លាប់ស្ដេច កនបាននោះនៅក្នុងឆ្នាំរកាសប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជ្យសម្បត្តិស្ដេចកន បាន១៤ឆ្នាំ ព្រះជន្ម ៤២ឆ្នាំសុគត។
  • ២. "សាស្ត្រាដទៃទៀត ក៏និយាយថា : ស្ដេចកន បរាជ័យ ដោយសារចាញ់សង្គ្រាមរបស់ព្រះអង្គចន្ទរាជា ប៉ុន្តែជាឧបាយកល ប្លែកពីខាងលើនេះទៅទៀត"។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជា ជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុក ឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យាតាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា២៩ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។
  • ៣. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យោនេះ មានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នពស័ក ព.ស. ២០៧១, គ.ស.១៥២៧។ ចំណែកឯសាស្ត្រាវត្តសិទ្ធបូរ និងវត្តកោកាក មិនបាននិយាយដល់ ព្រះអង្គយសរាជានេះទេ។
  • ៤. ប៉ុន្តែមានសៀវភៅមួយទៀត របស់លោកតាឌុច លោកយាយពិន ដែលជាបិតា មាតាលោកឌុចស៊ីឌឹម និយាយថា : ព្រះយសរាជា ស្ដេចសុវណ្ណគតក្នុងសង្គ្រាម ក្នុងពេលដែលព្រះអង្គ ស្ទាក់វាយចៅហ្វា កៅ"។ សម្ដេចព្រះរាជបិតុលា ស្ដេចទ្រង់ស្ដាយពន់ប្រមាណណាស់ ទ្រង់ត្រាស់ឱ្យលើកព្រះសព តម្កល់ ក្នុងព្រះកោដ្ឋ ហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេចព្រះឝ្រីឝៅគន្ធបទ អំពីស្រុកសំរោងសែន ខែត្រអាសន្ទុកមកហើយ ទ្រង់ត្រាស់ឱ្យសាងព្រះមេរុថ្វាយព្រះភ្លើង រំលាយព្រះបរមសពតាមរាជប្រវេណី។

[១]

ឯកសារយោង[កែប្រែ]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ចៅពញាអរជូននៃកម្ពុជាធិបតី
គស.១៥២៥-ប្រ.១៥៦៧
តដោយ
អរជូនជ័យ
មុនដោយ
មិនស្គាល់
ពញាមន្ត្រីអរជូននៃក្រុងមានជ័យ
ប្រ.គស.១៥១៩
តដោយ
មិនស្គាល់
  1. វិគីសៀវភៅ