អៀវ កើស

ពីវិគីភីឌា
អៀវ កើស

អៀវ កើស (កើត​ឆ្នាំ ១៩០៦ - ១៤ ខែ​មករា ឆ្នាំ​១៩៥០)​ គឺជា​អ្នក​ស្រាវជ្រាវ​ភាសា​ខ្មែរ , ជា​កវីនិពន្ធ , អ្នកនិពន្ធ​សារព័ត៌មាន​ខ្មែរ​-​បារាំង និង​អ្នក​រៀបរៀង​សៀវភៅភាសា​ខ្មែរ​, ជា​សហគ្រិន , ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ , ជា​សមាជិក​សភា​តំណាងរាស្ត្រ , ជា​ឧ​ប​រដ្ឋមន្ត្រី និង​ជា​ប្រធានរដ្ឋសភា​។​ លោក អៀ​វ កើ​ស កើត​នៅ​ឆ្នាំ​១៩០៥ នៅ​ឃុំ​សង្កែ ខេត្ត​បាត់ដំបង ជា​បុត្រ​ទោល​របស់លោក អៀ​វ ហេង និង អ្នកស្រី ទឹក ។

ការសិក្សា[កែប្រែ]

លោក​បាន​រៀន​នៅ​វត្ត​កណ្តាល និង​សាលាបឋមសិក្សា​ខេត្ត​បាត់ដំបង នៅ​អនុវិទ្យាល័យ​ព្រះស៊ីសុវត្ថិក្រុងភ្នំពេញ និង​សាលា​ពាណិជ្ជកម្ម​ក្រុង​ហាណូយ រហូត​ប្រឡង​ជាប់​លេខ​១ នៅ​ឆ្នាំ​១៩២៧។ គ្រឹះស្ថាន ដឺ​នី​ហ្វ្រែរ នៅ​ភ្នំពេញ និង​​ចម្ការកៅស៊ូ​មេមត់ បាន​ទទួល​លោក​ជា​និយោជិក ដល់​ដើមឆ្នាំ​១៩២៨ មុន​នឹង​លោក​ចាប់ផ្តើម​អាជីវកម្មជា​សហគ្រិន​ស្ថាបនា​នៅ​មេមត់ ​ទៅ​ទល់នឹង​ឆ្នាំ​១៩៣២។ នៅ​តុលាការ​កំពង់ចាម ក្នុង​ឆ្នាំ​១៩២៨ លោក​បាន​ប្តឹង​ឈ្នះក្តី​លើ​ចាងហ្វាង​ចម្ការកៅស៊ូ​ចាឡាង សញ្ជាតិ​​បារាំង​ដែលបាន​ប្រើ​អំណាច​ប្រមាថ​រូបលោក។ ជំនាន់​នោះ ខ្មែរ​ដែល​អាច​ឈ្នះក្តី​លើ​បារាំង ជាពិសេស​បារាំង​ដែល​​មាន​ឋានៈ​ខ្ពង់ខ្ពស់​បែបនេះ​ ពិត​ជា​ព្រឹត្តិការណ៍​មាន​ដោយ​កម្រ​ពេក​ណាស់ ។

ជីវិតផ្ទាល់ខ្លួន[កែប្រែ]

ឆ្នាំ​១៩២៩ លោក​បាន​រៀបការ​ជាមួយ​អ្នក​គ្រូ​ គិម ស៊ិរី ហៅ ពាញ ។ លោក​មាន​កូនប្រុស​២​នាក់ ។ ទោះបី​លោក​កំពុង​ប្រកប​អាជីវកម្ម និង មានគ្រួសារ​ហើយ​ក្តី ក៏​លោក​នៅតែ​ខំ​ឆ្លៀត​រៀន​រហូត​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នា​ឆ្នាំ​១៩៣២ ដើម្បី​បាន​ទៅ​បន្ត​វិជ្ជា​នៅ​វិទ្យាស្ថាន​គីមី​ ឯ​ក្រុង​ប៊រដូ នា​ប្រទេស​បារាំង ។ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​នៅ​ឥណ្ឌូចិន មិន​អនុញ្ញាត​ឱ្យ​លោក​ចេញ​ទៅ​សិក្សា​ឡើយ ។​ ​ឆ្នាំ​១៩៤២-១៩៤៦ លោក​បាន​ធ្វើ​ជា​សហគ្រិន​សាធារណការ​នៅ​ខេត្ត​បាត់ដំបង ។ ក្នុងពេលនោះ​លោក​បាន​ចូល​ជា​សមាជិក​សភា​តំណាងរាស្ត្រ​ខ្មែរ រួច​ជា​សមាជិក​រង​នៅ​គណៈកម្មការ​ចម្រុះ នៃក្រុម​មហា​ប្រឹក្សា​សម្រាប់​ការពារ​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ប្រទេស​ឥណ្ឌូចិន និង បាន​ធ្វើ​ជា​សមាជិក​នៃ​គណៈកម្មការ​ចម្រុះ​នៅ​អម​រដ្ឋាភិបាល​ខ្មែរ ។ ឆ្នាំ​១៩៤១-៤៥ លោក​បាន​ប្រកប​មុខរបរ​លក់​ថ្នាំពេទ្យ និង​ធ្វើ​ឧស្សាហកម្ម​សាប៊ូ នៅ​បាត់ដំបង ។​ក្នុង​ឆ្នាំ​១៩៤៥ លោក​បាន​មក​ភ្នំពេញ កាន់តំណែង​ជា​ឧ​ប​រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច ។ ឆ្នាំ​ក្រោយមក លោក​បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ និង បាន​ធ្វើ​ជា​ប្រធានរដ្ឋសភា​ព្រាង​រដ្ឋធម្មនុញ្ញ ។ ឆ្នាំ​១៩៤៧ លោក​បាន​ធ្វើ​ប្រធានរដ្ឋសភា​ម្តង​ទៀត ​រហូតដល់​ឆ្នាំ​១៩៤៩។ លោក​បាន​ចូល​ជា​សមាជិក​សមាគម​មិត្ត​សិស្ស​ចាស់ និង​មិត្ត​អនុវិទ្យាល័យ និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ , សមាគម​គិលាន​ សង្គ្រោះ​ចំពោះ​ព្រះសង្ឃ និង គណៈកម្មការ​វប្បធម៌​ ​ដែលមាន​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ជា​ប្រធាន​ ព្រមទាំង​បាន​ធ្វើ​ជា​ទីប្រឹក្សា​សមាគម​មិត្ត​សាលា​បាលី ។ លោក​បាន​រៀបចំ​ក្បួនជវលេខ និងអង្គុលីលេខ​ខ្មែរ​។ ជាមួយ​នឹង​គណៈកម្មកា​រ​វប្បធម៌ លោក​បាន​កែសម្រួល​អក្សរ​ខ្មែរ​សម្រាប់​អង្គុលីលេខ​។ លោក​ជា​អ្នកស្រាវជ្រាវ​ភាសា​ខ្មែរ , ជា​កវីនិពន្ធ , អ្នកនិពន្ធ​សារព័ត៌មាន​ខ្មែរ​-​បារាំង និង​អ្នក​រៀបរៀង​សៀវភៅ «ភាសា​ខ្មែរ»​។ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ បាន​ព្រះ​រាជទាន​ គ្រឿង​​ឥស្សរិយយស មេដាយ​​មាស​ព្រះ​ករុណា​ទ្រង់រាជ្យ​​​ និង មេដាយ​វរ​សេនា​អាណាច​ក្រ​កម្ពុជា ។ នៅ​ចុងឆ្នាំ​១៩៤៩ លោក​បាន​ដង្ហែព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​​ទៅ​​ប្រទេស​បារាំង ។ លុះ​បាន​ឆ្លៀត​ព្យាបាល​រោគ រួច​ត្រឡប់មក​ប្រទេស​យើង​​វិញ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ស្រាប់​តែ​គ្រាប់បែកដៃ​១​ បាន​ផ្ទុះ​ឡើង​ប្រហារ​ជីវិត​លោក​ ក្រោយពេល​ដែល​លោក​ទើបនឹង​​បាន​បិទ​សម័យប្រជុំ​គណៈ​កម្មការ​ធិ​ការនាយក នៃគណបក្ស​ប្រជាធិបតេយ្យ ​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩៥០ វេលា​ម៉ោង​៦ ល្ងាច។ ពាក្យ​បណ្តាំ​មុន​ផុត​ដង្ហើម​របស់​លោក​ជាពាក្យ​ជ្រាប​ដោយ​ធម៌​អហិង្សា​។ ​សព​លោក​ បាន​បូជា​នៅ​វត្ត​បទុម​វតី​រាជ​វរាម​។ ធាតុ​លោក​ បាន​បញ្ចុះ​នៅ​វត្ត​កែវព្រះ​ភ្លើង​​ ក្រុង​ភ្នំពេញ៕

ឯកសារយោង[កែប្រែ]

  • សៀវភៅ​ ភាសា​ខ្មែរ៖ ការល្បងពិនិត្យដោយរកហេតុផល ដោយ​លោក​ អៀវ​ កើស​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥
  • ខេមបូឌាអេចបេ្រសញូស៍ ចេញ​ផ្សាយ​ថ្ងៃទី ៩ តុលា ២០១១