ខេត្តបាត់ដំបង
ខេត្តបាត់ដំបង (អង់គ្លេស : Battambang Province) គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ទីរួមខេត្តរបស់ខេត្តបាត់ដំបងគឺក្រុងបាត់ដំបង។ខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យខាងកើតជាប់នឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់និងខាងលិចជាប់នឹងខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី។
| ខេត្តបាត់ដំបង Battambang Province | |
|---|---|
| ខេត្ត | |
| ប្រទេស | |
| ទីរួមខេត្ត | ក្រុងបាត់ដំបង |
| រដ្ឋបាល | ក្រុង ០១ និង ១៣ ស្រុក |
| រដ្ឋាភិបាល | |
| • គណៈអភិបាលខេត្ត | សុខ លូ |
| ផ្ទៃក្រឡា | |
| • សរុប | ១១៧០២ គម2 (៤៥១៨ ម៉ាយ ការ) |
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ០៥ |
| ប្រជាជន (២០២៤)[១] | |
| • សរុប | ១ ១៣២ ០១៧ នាក់ |
| • ចំណាត់ថ្នាក់ | ០៤ |
| • សន្ទភាព | ៩៣/km2 (២៤០/sq mi) |
| • ចំណាត់ថ្នាក់សន្ទភាព | ១៦ |
| ល្វែងម៉ោង | ICT (ម.ស.ស.+០៧:០០) |
| លេខកូដប្រៃសណីយ៍ | ០២០១០០-០២១៤១០ |
| លេខកូដតំបន់ | ៥៣ |
| ក្រមអ.ម.អ. ៣១៦៦ | KH-2 |
| គេហទំព័រ | battambang.gov.kh |

ឈ្មោះនៃខេត្ត
[កែប្រែ]បើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាននិងបានរកឃើញរហូតមកដល់សព្វថ្ងៃនេះនៅក្នុងសម័យមុនអង្គរនិងសម័យអង្គរគេពុំបានឃើញចែងឲ្យយើងដឹងថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានឈ្មោះបាត់ដំបងនោះទេ។ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងនេះមានប្រើឬមិនប្រើនៅក្នុងសម័យនោះដែរ។ប៉ុន្តែនៅក្នុងសម័យអង្គរនិងសម័យក្រោយអង្គរតាមឯកសារមហាបុរសខ្មែរមានប្រើឈ្មោះស្រុកបាត់ដំបង។ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង?ប្រវត្តិសាស្ត្រសរសេរនៅលើសិលាចារឹកមិនបានឆ្លើយឲ្យដឹងឡើយគឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរយើងយល់ថាគឺជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុដែលនាំឲ្យយើងហៅឈ្មោះបាត់ដំបងឬអូរដំបង។ឯឈ្មោះព្រះដំបងគឺស្តេចរាមាទី ០១ កំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជាព្រះដំបង។[២]
ប្រវត្តិសាស្ត្រ
[កែប្រែ]
កាលពីសម័យមុនអង្គរនិងសម័យអង្គរភាគខាងលិចនិងភាគពាយ័ព្យនៃបឹងទន្លេសាបគឺជាដែនដីអមោឃបុរៈនិងជាដែនដីភិមបុរៈ។នៅក្នុងសម័យអង្គរដែនដីឬភូមិភាគអមោឃបុរៈមានការរីកចម្រើនខ្លាំងដោយសារដីមានជីវជាតិល្អអាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបានប្រកបទៅដោយទិន្នផលល្អប្រសើរ។ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅក្នុងភូមិភាគនេះច្រើនដែលជាភស្តុតាងបង្ហាញគឺមានប្រាសាទបុរាណជាច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់នេះ។ប៉ុន្តែប្រាសាទបុរាណទាំងនោះត្រូវបានរលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់លើកលែងតែតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្នឹងខាងកើត ប្រាសាទស្នឹងខាងលិច ប្រាសាទដូនទ្រី។ល។ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើងសម្រាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងព្រះពោធិសត្វផ្សេងៗខាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។នៅសតវត្សរ៍ក្រោយៗមកទៀតដែនដីខេត្តបាត់ដំបងត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចម្បាំងរាំងជល់ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្សរ៍ ១៥-១៦-១៧-១៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនខេត្តបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស់និរាសគ្រួសារទ្រព្យសម្បត្តិផ្ទះសម្បែងគួរឲ្យខ្លោចផ្សាក្រៃលែង។
នៅចុងសតវត្សរ៍ទី ១៨ ដល់ដើមសតវត្សរ៍ទី ២០ ខេត្តបាត់ដំបងក៏ធ្លាក់ស្ថិតនៅក្រោមអំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាង ០១ សតវត្សរ៍ដែលគ្រប់គ្រងដោយអំណាចគ្រួសារចៅពញាអភ័យធីបែស(បែន)ក្រោយមកគេដាក់ឈ្មោះថាត្រកូលអភ័យវង្សអស់ ០៦ តំណរហូតដល់ឆ្នាំ ១៩០៧ ។

តាមសន្ធិសញ្ញាបារាំង-សៀមចុះនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកឲ្យខ្មែរវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាង ០១ សតវត្សរ៍នោះគឺបាត់ដំបង សៀមរាប-អង្គរ សិរីសោភ័ណ្ឌនិងចុងកាល់ដោយប្តូរនិងខេត្តត្រាចនិងតំបន់ប៉ាក់សេ(ដែនដីលាវ)ប៉ែកខាងលើនៃទន្លេមេគង្គ។ប៉ុន្មានខែក្រោយមកព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះរាជប្រកាសលេខ ៦៦ ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ១៩០៧ កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា ០៣ ខេត្តគឺខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តសិរីសោភ័ណ្ឌ។

នៅក្នុងឆ្នាំ ១៩២៥ ទឹកដីខេត្តបាត់ដំបងត្រូវបានបែងចែកសាជាថ្មីឲ្យទៅជាខេត្តបាត់ដំបងនិងខេត្តសៀមរាបនៅក្នុងនោះខេត្តបាត់ដំបងមានស្រុកចំនួន ០២ គឺស្រុកបាត់ដំបងនិងស្រុកសិរីសោភ័ណ្ឌ។នៅក្នុងឆ្នាំ ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន ០៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកមង្គលបូរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ្ឌ និង ស្រុកបិត្បូង។
នៅខែឧសភា ឆ្នាំ ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះឲ្យស្រុកសិរីសោភ័ណ្ឌ។នៅខែកក្កដា ឆ្នាំ ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា ០២ ស្រុកគឺ ស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុក។ស្រុកសិរីសោភ័ណ្ឌត្រូវបានបែងចែកទៅជា ០២ ស្រុកដែរគឺស្រុកសិរីសោភ័ណ្ឌនិងស្រុកបន្ទាយឆ្មារ។នៅខែមីនា ឆ្នាំ ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថាស្រុកអូរជ្រៅ។នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សី(ស្រុកមោងឬស្សី)មួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ក្រឡ(ស្រុកគាស់ក្រឡ)។នៅខែមីនា ឆ្នាំ ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកដែលមានទីតាំងនៅថ្មពួក។ជាមួយគ្នានោះស្រុកបន្ទាយឆ្មារត្រូវបានដកចេញពីខេត្តបាត់ដំបងឲ្យចំណុះខេត្តឧត្តរមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន ០២ បានបង្កើតឡើងគឺស្រុកបាណន់និងស្រុកគាស់ក្រឡ។សរុបមកដល់ត្រឹមនេះខេត្តបាត់ដំបងមានស្រុកចំនួន ០៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ្ឌ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ក្រឡនិងតំបន់រដ្ឋបាលចំនួន ០២ គឺតំបន់រដ្ឋបាលបាក់ព្រានិងតំបន់រដ្ឋបាលល្វា។នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ០៣ ឆ្នាំ ០៨ ខែ ២០ ថ្ងៃនៅក្នុងខេត្តបាត់ដំបងក៏ដូចជាខេត្តនានាទូទាំងប្រទេសកម្ពុជាដែរប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងៗពិសេសពីតំបន់ទីក្រុងទីប្រជុំជនទៅកាន់ទីជនបទនិងតំបន់ព្រៃភ្នំ។ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅជាតំបន់ទទួលទារុណកម្មកាប់សម្លាប់និងបង្អត់អាហារពេលនោះខេត្តពុំមានព្រំប្រទល់ច្បាស់លាស់នោះទេដោយសារអង្គការដឹកនាំពេលនោះបានដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគពាយ័ព្យហើយមានតំបន់ ០១ តំបន់ ០៣ តំបន់ ០៤ និង តំបន់ ០៥ ។ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង ស្រុកមង្គលបូរី ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុក ៤១-ស្រុក ៤២។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះចេញជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧៩។ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍(ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់)។គណៈកម្មាធិការប្រជាជនឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅក្នុងឆ្នាំ ១៩៨៣។ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន ០៩ និងទីរួមខេត្តចំនួន ០១។
នៅក្នុងឆ្នាំ ១៩៨៦ ស្រុកថ្មីចំនួន ០៣ ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់ ស្រុកបវេល និង ស្រុកឯកភ្នំ។ត្រឹមដំណាក់កាលនេះខេត្តបាត់ដំបងមានស្រុកចំនួន ១២ និងទីរួមខេត្តចំនួន ០១ គឺស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកបាត់ដំបង ស្រុករតនៈមណ្ឌល ស្រុកមង្គលបូរី ស្រុកសិរិសោភ័ណ្ឌ ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកភ្នំស្រុក និង ស្រុកបវេល។
នៅក្នុងឆ្នាំ ១៩៨៨ ស្រុកចំនួន ០៥ គឺស្រុកមង្គលបូរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយទៀតគឺខេត្តបន្ទាយមានជ័យ។ចាប់ពីពេលនោះរហូតដល់ឆ្នាំ ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន ០៧ ទីរួមខេត្តចំនួន ០១ ឃុំចំនួន ៥៣ និង សង្កាត់ចំនួន ១០។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរឈ្មោះមកជាស្រុកស្វាយប៉ោវិញ។ចំណែកសង្កាត់ទាំង ១០ ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបងមានស្រុកចំនួន ០៨ និងឃុំចំនួន ៤៧។
នៅក្នុងឆ្នាំ ១៩៩៨ ក្រោយសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើតក្រុងប៉ៃលិនហើយស្រុកចំនួន ០៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។នៅក្នុងឆ្នាំ ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ក្រឡដែលមានឃុំចំនួន ០៦។ចំណែកឯស្រុកស្វាយប៉ោត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ។រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជាស្រុកថ្មគោលវិញ។[៣]
សាសនា
[កែប្រែ]សាសនានៅក្នុងខេត្តបាត់ដំបង(ជំរឿនឆ្នាំ ២០១៩)[១]
សាសនារបស់រដ្ឋគឺសាសនាព្រះពុទ្ធថេរវាទ។ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងជាង ៩៨.៣% ជាអ្នកកាន់សាសនាព្រះពុទ្ធ។សាសនាអុីស្លាមដែលភាគច្រើនកាន់ដោយជនជាតិចាមរាប់រយឆ្នាំមកហើយមាន ១.៤%។សាសនាគ្រិស្តមានអ្នកកាន់ចំនួនតិចតួចប្រមាណជា ០.៣%។
ប្រាសាទ
[កែប្រែ]លក្ខណៈភូមិសាស្ត្រ
[កែប្រែ]
ខេត្តបាត់ដំបង គឺជាខេត្តមួយស្ថិតនៅតំបន់ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងលិចជាប់នឹងខេត្តប៉ៃលិននិងខេត្តច័ន្ទបុរីខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យនិងខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់។នៅភាគខាងលិចមានព្រំប្រទល់ប្រវែង ១៤៤.៨ គីឡូម៉ែត្រជាប់នឹងខេត្តច័ន្ទបុរី ខេត្តត្រាច និង ខេត្តស្រះកែវ។ខេត្តបាត់ដំបងមានផ្ទៃដីចំនួន ១១៧០២ គីឡូម៉ែត្រការ៉េមានក្រុងចំនួន ០១ ស្រុកចំនួន ១៣ ឃុំចំនួន ៩៣ សង្កាត់ ១០ និង ភូមិចំនួន ៨១០។ខេត្តនេះមានច្រកទ្វារព្រំដែនអន្តរជាតិ ០១ គឺច្រកដូងនៅក្នុងស្រុកកំរៀងនិងច្រកទ្វារតំបន់ព្រំដែន ០៤ ទៀតគឺច្រកទ្វារគីឡូ ១៣(ភ្នំដី)នៅក្នុងស្រុកសំពៅលូន ច្រកទ្វារអូររំដួលនៅក្នុងស្រុកភ្នំព្រឹក ច្រកទ្វារអូរអន្លក់(សួនស៊ុំ)នៅក្នុងស្រុកកំរៀង និង ច្រកទ្វារឆករកា(៤០០)នៅក្នុងស្រុកសំឡូត។
រដ្ឋបាល
[កែប្រែ]ខេត្តបាត់ដំបង ចែកចេញជា ១៤ ក្រុង/ស្រុក ១០៣ សង្កាត់/ឃុំ និង ៨១០ ភូមិ[៤][៥]៖
| លេខកូដ(ISO code) | ក្រុងនិងស្រុក | អក្សរឡាតាំង | ផែនទីក្រុងនិងស្រុក |
|---|---|---|---|
| ០២០១ | ស្រុកបាណន់ | Banan | |
| ០២០២ | ស្រុកថ្មគោល | Thma Koul | |
| ០២០៣ | ក្រុងបាត់ដំបង | Battambang | |
| ០២០៤ | ស្រុកបវេល | Bavel | |
| ០២០៥ | ស្រុកឯកភ្នំ | Aek Phnum | |
| ០២០៦ | ស្រុកមោងឬស្សី | Moung Ruessei | |
| ០២០៧ | ស្រុករតនៈមណ្ឌល | Rotanak Mondol | |
| ០២០៨ | ស្រុកសង្កែ | Sangkae | |
| ០២០៩ | ស្រុកសំឡូត | Samlout | |
| ០២១០ | ស្រុកសំពៅលូន | Sampov Lun | |
| ០២១១ | ស្រុកភ្នំព្រឹក | Phnum Proek | |
| ០២១២ | ស្រុកកំរៀង | Kamrieng | |
| ០២១៣ | ស្រុកគាស់ក្រឡ | Koas Krala | |
| ០២១៤ | ស្រុករុក្ខគិរី | Rukhakiri |
ឯកសារពិគ្រោះ
[កែប្រែ]- គេហទំព័ររដ្ឋាភិបាលខ្មែរ http://www.cambodia.gov.kh/unisql1/egov/english/province/battambang.html Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន. (ភាសាអង់គ្លេស)
- http://www.cambodia.gov.kh/unisql1/egov/khmer/province/battambang.html Archived 2009-02-26 at the វេយប៊ែខ ម៉ាស៊ីន. (ភាសាខ្មែរ)
- វិផតថលរបស់ស្រុកបាត់ដំបង http://www.battambang-town.gov.kh/ Archived 2007-10-18 at the វេយប៊ែខ ម៉ាស៊ីន.
- ប្លក់បាត់ដំបង http://battambanglife.wordpress.com/ (ភាសាខ្មែរ)
- ↑ ១,០ ១,១ "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Archived from the original (PDF) on 26 តុលា 2022. Retrieved 3 February 2021.
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2020-08-09. Retrieved 2025-11-09.
- ↑ Radio, VAYO FM. "ប្រវត្តិខេត្តបាត់ដំបងរបស់កម្ពុជា - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2025-11-09.
- ↑ "www.cambodia.gov.kh". Archived from the original on 2009-02-26. Retrieved 2008-07-25.
- ↑ "Battambang Province postcodes - Cambodia Postal Code". www.cambodiapostalcode.com (in American English). Retrieved 2026-01-10.














