អ្នកប្រើប្រាស់:តាំង ប៊ុនហុង/ប្រអប់ខ្សាច់/Article 5
អ្នកស្រី ផ្លេក ភិរុណជាអតីតប្រធានកាកបាទក្រហមកម្ពុជា (១៩៧៣~៧៥) និងជាបុគ្គលចម្បងម្នាក់ក្នុងការស្ថាបនាកាកបាទក្រហមកម្ពុជាឡើងវិញក្រោយរបបប៉ុលពតដែលរលំ។ អ្នកស្រីកើតនៅថ្ងៃទី៣១ខែធ្នូឆ្នាំ១៩២១។ សព្វថ្ងៃអ្នកស្រីស្នាក់នៅផ្ទះលេខ២៤ មហាវិថីព្រះមុនីវង្ស។
ជីវប្រវត្តិ
[កែប្រែ]ការសិក្សាកុមារភាព និងយុវវ័យ
[កែប្រែ]កុមារី ផ្លេក ភិរុណ សិក្សានៅសាលាកុមារីព្រះសុធារស។ សិក្សាចប់បានបីថ្នាក់ក៏បន្តការសិក្សានៅសាលាកុមារីព្រះនរោត្ដម នៅខាងលិចវត្តភ្នំខាងកើតស្ថានីយ៍រថភ្លើង។ ពេលបញ្ចប់ការសិក្សានៅសាលាព្រះនរោត្ដមក៏បន្តទៅវិទ្យាល័យព្រះស៊ីសុវត្ថិអស់រយៈពេល៤ឆ្នាំ។ នាឆ្នាំ១៩៤១ គឺជិតដល់ពេលដែលយុវតីភិរុណប្រលងយកសញ្ញាប័ត្រ ឪពុករបស់គាត់ក៏បានចែកឋាន។ យុវតីភិរុណបានប្រលងជាប់ ហើយក៏ចេញធ្វើការនៅឆ្នាំ១៩៤១តែម្ដង។
ការងារ
[កែប្រែ]១៩៤១~១៩៤៧
[កែប្រែ]កញ្ញាភិរុណ ចូលធ្វើការដំបូងនៅការិយាល័យឃោសនាការ និងពត៌មានរបស់ទីស្ដីការអគ្គទេសាភិបាលបារាំង (Résident Supérieur)។ កញ្ញាមាននាទីបកប្រែពត៌មានដើម្បីយកទៅផ្សាយនៅវិទ្យុជាតិ។ ក្នុងឆ្នាំ១៩៤១ដដែល កញ្ញាត្រូវចាត់តាំងអោយនិយាយតាមវិទ្យុជាតិ។ ចាងហ្វាងការិយាល័យដែលកញ្ញាធ្វើការជាអតីត Résident ប្រចាំខេត្តព្រៃវែង។ លោកមានអត្តចរិតម៉ឺងម៉ាត់ក្នុងការងារ។ តាមការសរសេររបស់លោកស្រីភិរុណផ្ទាល់ លោកនេះហើយដែលជាអ្នកបង្ហាត់លោកស្រី(និងអ្នកធ្វើការរួមគ្នា)អោយ"ចេះធ្វើការកុំ[អោយ]មានការខ្ជិលច្រអូស"។
ក្នុងឆ្នាំ១៩៤៣ កញ្ញាភិរុណនិងមិត្តនារីច្រើននាក់ រដ្ឋបានចាត់តាំងអោយទៅរៀននៅ"សាលាហ្វឹកហ្វឺនយុវនារី នៃប្រទេសទាំងប្រាំក្នុងឥណ្ឌូចិននៅក្រុងដាឡាត់នៃប្រទេសអាណាម" រយៈពេលមួយខែកន្លះ។ ក្រោយបញ្ចប់ការសិក្សា អ្នកទាំងអស់គ្នាត្រឡប់មកវិញ ហើយកញ្ញាភិរុណក៏ត្រឡប់ទៅធ្វើការនៅការិយាល័យឃោសនាការ និងពត៌មានដដែល ដែលពេលនោះមានចាងហ្វាងថ្មីហើយ។ កញ្ញាមានតួនាតីបកប្រែអត្ថបទខ្លះ និងសរសេរអត្ថបទខ្លះសម្រាប់ផ្សាយតាមវិទ្យុ។
ក្នុងឆ្នាំ១៩៤៤ គេចាត់តាំងកញ្ញាភិរុណអោយទៅធ្វើការនៅទីក្រុងព្រៃនគរមួយរយៈពេលខ្លី ជំនួសលោកស្រីដែលធ្វើការនៅវិទ្យុផ្សាយសំឡេងនៅទីនោះ។ ជួនពេលនោះ រដ្ឋកំពុងសាកល្បងការសរសេរជាអក្សរឡាតាំង (Romanization) ហើយពត៌មានក្នុងស្រុក(កម្ពុជា) គេផ្ញើទៅកញ្ញាភិរុណពីភ្នំពេលអោយអាន។ ដូច្នេះកញ្ញាព្រួយបារម្ភខ្លាចអានខុស ហើយហាត់អានច្រើនដងមុននឹងប្រកាសផ្សាយ។ ការផ្សាយសំឡេងនោះ គឺជាភាសាខ្មែរពីវិទ្យុព្រៃនគរ នៅម៉ោង៦ល្ងាច។
បានប្រហែលជាមួយខែ កញ្ញាភិរុណចប់បេសកកម្ម ហើយត្រឡប់មកកម្ពុជាវិញ។ ពេលនេះ កញ្ញាមាននាទីសរសេរអត្ថបទដាក់កាសែតកម្ពុជា។ ដោយសារយល់ថាខ្លួនមិនសូវចេះដឹង ទើបកញ្ញា"មានវបត្តិខ្លះៗ ខាងផ្លូវចិត្ត" ហើយចង់រៀនវិជ្ជាបន្ថែម។ នៅខែតុលា ១៩៤៧ រដ្ឋបានអនុញ្ញាតអោយកញ្ញាទៅសិក្សាផ្នែកសង្គមកិច្ចនៅប្រទេសបារាំង។