ឪព្រហ្មលិខិតនៃបងប្អូន១០នាក់

ពីវិគីភីឌា

ឪព្រហ្មលិខិតនៃបងប្អូន១០នាក់ (បទ កាកគតិ)

ឪព្រហ្មលិខិតនៃបងប្អូន១០នាក់ (បទ កាកគតិ)

(១) ឪព្រហ្មលិខិត        សូមអ្នកអាណិត        ឆ្លើយប្រាប់ខ្ញុំផង

ហេតុម្តេចគេល្អ           ខ្ញុំក្រសៅហ្មង             វេលាកន្លង

ជួបតែទុក្ខព្រួយ។


(២) មានពុកនឹងគេ        ប្រមឹកវាយជេរ        ប្រពន្ធកូនក្មួយ

មិនគិតរកស៊ី                  ជាទីលើកស្ទួយ        គ្រួសារនេះមួយ

អោយល្អផូផង់។


(៣) ទៅទីឆ្ងាយជិត        ដបស្រាជាមិត្ត        ល្បែងជាចំណង់

លេងមិនដែលឈ្នះ       ប្រទះតែបង់           តែមិនលះចង់

សង្ឃឹមស្រង់ដើម។


(៤) ល្បែងតែងមានរេ        ម្តងគេម្តងមេ        ពុកចងចិញ្ចើម

ដឹងថាគេឈ្នះ                     មានះសំបើម        ញានគ្រប់ដង្ហើម

ចងការលក់ស្រែ។


(៥) ទីចុងបញ្ចប់        អ្នកភូមិជេរស្អប់        លែងហ៊ាននៅក្បែរ

ដើរជំពាក់គេ             គ្មានទេថ្ងៃកែ            លក់ផ្ទះនៅតែ

សងគេមិនគ្រប់។


(៦) អស់លុយកាលណា    គំនិតបាបសា        ចរិយាដូចធ្មប់

ខ្មោចព្រាយបិសាច            កំណាចចូលស៊ប់        លួចឆក់ប្លន់ងប់

ជំរិតសំលាប់។


(៧) ពេលមានលុយភ្លាម    ចិត្តមិននៅស្ងៀម        ដំណើរស្វាហាប់

បនល្បែងស្វាគមន៍             ចាក់ធំហិនឆាប់        ចាញ់អស់ដេកផ្កាប់

គិតចេញប្លន់ទៀត។


(៨) ថ្ងៃមួយអស់លក្ខ        ប៉ូលីសចាំស្ទាក់        លើកដៃអស់ស្នៀត

ដេកលេងក្នុងគុក             បែរមុខរកញាតិ        ម្តេចមិនឃើញឈ្លាត

យកអីមកអោយ។


(៩) ឯម្តាយនៅផ្ទះ        ដេកក្រៀមក្រពះ        មិនស្វះស្វែងឡើយ

ការងារគ្មានធ្វើ              ទីទើបង់បោយ            សង្ឃឹមកូនអោយ

សងគុណម៉ែឳ។


(១០) កូនចៅទាំងអស់        គ្មានមួយណាសោះ    វិជ្ជាជ្រាលជ្រៅ

កើតមកមួយជាតិ                នៅឈ្លាតល្ងង់ខ្លៅ        ធ្វើការតាមផ្លូវ

ដោយកំលាំងបាយ។


(១១) បងស្រីរូបល្អ        ជ្រើសគូរស្រករ        លះបង់ចិត្តកាយ

អនិកជនចាស់             ចំណាស់ហុកផ្លាយ        គេសើចសប្បាយ

ខ្លួនស្រក់ទឹកភ្នែក។


(១២) ដើម្បីគ្រួសារ        ប្អូនគ្រប់អត្មា        ឆ្លងផុតសង្វេគ

ខ្លួនសុខចិត្តទៅ            បើនៅយំយែក        ទុក្ខសោកអនេក

វាចាមិនចេញ។


(១៣) បងស្រីទីពីរ        មិននៅញ៉ាំញី        គ្រួសារទោម្នេញ

ទៅលក់ស្រាបៀរ        នាក្រុងភ្នំពេញ        គេគេងចំណេញ

បំពានគេខ្មាស់។


(១៤) សុខភាពទន់ខ្សោយ    តែត្រូវបណ្ដោយ        តាមទំលាប់ចាស់

លើកដាច់លើកដាច់              ប្រកាច់ស្អាតណាស់    គេលូកស្ទាបប៉ះ

គ្រប់ទីកន្លែង។


(១៥) បងស្រីទីបី        ខិតខំឃ្មាតខ្មី        ចាកផ្ទះសំបែង

ធ្វើការរោងចក្រ        ដេរប៉ាក់តុបតែង        ព្យាយាមខ្នះខ្នែង

គ្មានថ្ងៃគ្មានយប់។


(១៦) មេការរោងចក្រ        លួចកេងបិទប្រាក់        មិនចេញអោយគ្រប់

ធ្វើការថែមម៉ោង                 បន្តោងមុខងប់              កាត់គ្មានថ្ងៃឈប់

ស្រក់ញើសស្រក់ឈាម។


(១៧) បងប្រុសបន្ទាប់        វាសនាអភព្វ        ទៅធ្វើអ្នកយាម

ព្យាយាមឈរធ្មឹង              ខំប្រឹងនៅស្ងៀម        មិនអាចរវាម

និយាយលេងបាន។


(១៨) ពេលដល់ម៉ោងបាយ    រោយអស់សព្វកាយ    ណាយអស់សព្វប្រាណ

ធ្វើម្តេចខ្លួនក្រ                         ត្រដរកុំខាន                     ថ្ងៃមួយសុខសាន្ត

ល្អដូចគេឯង។


(១៩) បងប្រុសម្នាក់ទៀត        ចរិយាមាយាទ        ប្រពៃជាក់ស្តែង

ទៅធ្វើកម្មករ                               រត់ឈរលីសែង        កំដៅក្តៅហែង

ឆ្នេរកំពង់ផែ។


(២០) ប្រើកំលាំងសុទ្ធ        នឿយហត់បំផុត        ឥតមានងាកបែរ

ធ្វើបាក់កំលាំង                     ស្លេកស្លាំងឥតល្ហែ        ថ្ងៃណាបានប្រែ

មុខមាត់ជាថ្មី។


(២១) ប្អូនស្រីខ្ញុំវិញ        ចិត្តសែនទោម្នេញ        មិនចេញស្រដី

គំនិតចាស់ទុំ                    ខិតខំលកឡី                   បំរើម្ចាស់ថ្មី

ធ្វើការសព្វគ្រប់។


(២២) បោសផ្ទះបោកគួក        ហាលព្យួរគាបធ្ពួក        ចៀនឆាស្លស៊ុប

ហូមមិនដែលឆ្អែត                  ដូចប្រែតពេលយប់        ដូចរស់ក្នុងភព

គ្មានសេរីភាព។


(២៣) ប្អូនប្រុសទី៨        មិននៅលេងដី        លាងឡានជូតលាប

ខ្លួនប្រាណទទឹក            ឡានញឹកពេញប្រៀប    ទោះជាខ្លួនទាប

ខំកល់តោងឡើង។


(២៤) ប្អូនស្រីទី៩        ក៏មិនបិទពួន        ជួយគ្រួសារថ្កើង

ទៅលក់ផ្កាម្លិះ            ខំរិះថែផើង        ពេលផ្កាដុះឡើង

បេះភួងខ្លួនឯង។


(២៥) រីឯរូបខ្ញុំ            មិននៅសំងំ        ខំប្រឹងតាក់តែង

ឃ្លោងឃ្លាកំណាព្យ        ចាប់តួសំដែង        ចងក្រងខំបែង

ការងារអ្នកក្រ។


(២៦) សូមធ្វើតួម្នាក់        កូនទី៦ជាក់        បងប្អូនកសិករ

បងប្អូនច្រើនក្រៃ        ថ្លាថ្លៃដោយធម៌        ធ្វើការងារល្អ

សុច្ចរិតត្រឹមត្រូវ។


(២៧) ខ្ញុំលក់កាសែត        នៅច្រកប៉ោយប៉ែត        តាមស្តុបដងផ្លូវ

ពេលដឹកឥវ៉ាន់                    យួរកាន់ដាក់នៅ        អ្នកមានខ្ជិលទៅ

ជិះលើរទេះ។


(២៨) ប្អូនប្រុសពៅគេ        ទុកអោយទំនេរ        ស្វែងរកចំណេះ

គ្រប់បងទាំងអស់                ស្ម័គ្រស្មោះក្តៅឆេះ        អោយតែប្អូនចេះ

ទទួលវិជ្ជា។


(២៩) ចូលរៀនសាលា        គ្រូបាអាចារ្យ        មិត្តភក្តិគ្នីគ្នា

ជីវភាពសប្បាយ                មិនណាយវេទនា        បងខំពុះពារ

ដើម្បីប្អូនពៅ។


(៣០) សូមប្អូនឧស្សាហ៍        ព្យាយាមសិក្សា        ពីថ្ងៃនេះទៅ

រៀនអោយពូកែ                     បង្វែផ្លូវត្រូវ                  កុំអោយអាស្រូវ

ល្ងង់ខ្លៅមួយពូជ។


(៣១) កូនគេអ្នកមាន        ញ៉ាំភ្លៅមាន់ចៀន        ប្អូនកុំទទូច

ខ្លួនយើងអ្នកក្រ                   សំឡត្រីស្ទូច        ខំប្រឹងហែលមុជ

ទំរាំតែបាន។


(៣២) គេមានរបស់លេង        ប្អូនកុំចង់ជែង        នាំតែរំខាន

ឈ្លាតពេលទំនេរ                     សរសេរសូត្រអាន        រិះគិតតាមដាន

ស្តាប់គ្រូពន្យល់។


(៣៣) ការងារសព្វមុខ        ត្រូវចេះដាក់ទុក        ធ្វើខ្លួនរវល់

កុំចាំពឹងគេ                              គ្មានទេអ្នកខ្វល់        ពឹងខ្លួនឯងផ្ទាល់

ជាការប្រសើរ។


(៣៤) គេគេចសាលា        កុំទៅតាមណា        ក្រែងគេបណ្ដើរ

ទៅជក់គ្រឿងញាន        អាភៀនហោះហើរ        សក់បះក្រហមឆ្អើរ

ខោខ្លីម៉ូតូហោះ។


(៣៥) នេះជាបណ្តាំ        គួរតែចងចាំ        កូនខ្មែរទាំងអស់

ទោះមានឬក្រ                  យល់ល្អកុំបោះ        ចំណេះខ្ពង់ខ្ពស់

រុងរឿងថ្លៃថ្លា។

និពន្ធដោយ សុខគឹមហេង ២៩ កក្កដា​ ២០០៩