ប្រាសាទអាស្រមមហាឥសី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ​ប្រាសាទ​អាស្រម​មហា​ឥសី)
Jump to navigation Jump to search

​ប្រាសាទ​អាស្រម​មហា​ឥសី​ស្ថិត​នៅ​ប៉ែក​និរតី​ប្រមាណ​ជា ២៥០ ម៉ែត្រ ពី​ប្រាសាទភ្នំដា ក្នុងទឹក​ដី​នៃ​ខេត្តតាកែវ ដែល​ត្រូវបាន​សាងសង់​ឡើង​នា ស​.​ត​ទី​១១ លើ​ខឿន​ប្រាសាទ​ឥដ្ឋ​នា​សម័យ​នគរ​ភ្នំ ប្រាសាទ​អាស្រម​មហា​ឥសី ជា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ដែល​មាន​ចំណាស់​ជាងគេ ធ្វើ​តាម​លំនាំ​នៃ​ប្រាសាទ​ឥណ្ឌា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។ ​បូជនីយដ្ឋាន​នេះ ធ្វើ​អំពី​ថ្ម​ពពុះ បែរមុខ​ទៅ​ទិស​ខាងជើង ហើយ​មាន​ទ្វារ​ចូល​ធំ​មួយ​និង​បង្អួច​តូចៗ តែ​គ្មាន​ទ្វារបញ្ឆោត​ដូច​សម័យ​ក្រោយៗ​ទេ ។ លក្ខណៈ​ពិសេស​មួយទៀត​គឺ កំពូល​ប្រាសាទ​នេះ លំអរ​ដោយ​ក្បាច់​ជា​ផ្កាឈូក​ក្តោប​មួយ ព្រមទាំង​វត្តមាន​របស់​មណ្ឌប​មួយ​រាង ៤ ជ្រុង​ស្មើ ស្ថិតនៅ​ផ្នែក​ខាងក្នុង​នៃ​ប្រាសាទ ដែល​ជុំវិញ​មាន​ផ្លូវ​ដើរ​ភាវនា​ធម៌ ។ នៅ​អម​តាម​សងខាង​នៃ​ទ្វារ​មណ្ឌប យើង​ឃើញ​មាន​សសរ​ពេជ្រ​ពីរ ប្រហាក់ប្រហែល​នឹង​សសរ​ពេជ្រ​ពីរ​នៃ​ទ្វារ​ខាងក្រោម​នៃ​ប្រាសាទ ។​ នៅ​ចំ​កណ្តាល​នៃ​មណ្ឌប​មាន​អាសនៈ​មួយ ជាទី​គោរព​បូជា​ដែល​ពី​ដើម​មាន​តម្កល់​ចម្លាក់​មួយ តំណាង​ឲ្យ​ព្រះ​ហរិះ​ហរៈ តែ​សព្វថ្ងៃនេះ ត្រូវបាន​បារាំង​យក​ទៅ​តម្កល់​នៅ​សារមន្ទីរ​ហ្គី​មេ នៅ​ទីក្រុង​ប៉ារីស ។​ប្រាសាទ​អាស្រម​មហា​ឥសី ដែល​មាន​ទំហំ​ប្រមាណ​ជា ៥,៥ ម៉ែត្រ x ៥,៥ ម៉ែត្រ ដោយ​មាន​កំពស់ ៧ ម៉ែត្រ ត្រូវបាន​ទទួល​ការជួសជុល​ដោយ​អ្នកឯកទេស​បារាំង​ឈ្មោះ ម៉ូ​ហ្សេ រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៣៥ តែ​មិន​បាន​សព្វ​គ្រប់ ១០០​ភាគរយ​នោះ​ទេ ។​ ​ការស្រាវជ្រាវ​ថ្មី​បានឲ្យដឹងថា ប្រាសាទ​នេះ​ស្ថិតនៅ​ក្នុង​អន្តរកាល រវាង​សម័យ​នគរ​ភ្នំ​និង​ចេនឡា ពោល​គឺ​ស្ថិត​ក្នុង​អម្លុង​ចុង ស​.​ត​ទី​៥ ដើម​ស​.​ត​ទី​៦ ហើយ​បាន​ទទួល​ឥទ្ធិពល​ពី​សាលា​វិចិត្រសិល្បៈ​អ​ជ​ន្តា ។​

ស្ថាបត្យកម្ម​[កែប្រែ]

  • ទ្វារ​៖ទ្វារ​ចូល​មានតែ​មួយ ហើយ​នៅ​លើ​ស៊ុមទ្វារ​យើង​មិនឃើញ​មាន ការ​ឆ្លាក់​ជា​ក្បាច់ក្បូរ​អ្វី​ទេ ។ លក្ខណៈ​មួយ​ទៀត​គឺ​ទ្វារ​នេះ មាន​លក្ខណៈ​តូច​ល្មម​សមស្រប​តាម​ទំហំ​នៃ​ប្រាសាទ ។​
  • សសរ​ពេជ្រ៖​ជា​ការពិត​ណាស់ ដែល​តួនាទី​ចម្បង​របស់​សសរ​ពេជ្រ គឺ​ការ​ទ្រ​ផ្ទាំង​ចម្លាក់​ផ្តែរ​ដ៏​ធ្ងន់ ក៏ប៉ុន្តែ​លើសពីនេះ​ទៀត ក៏​មាន​តួនាទី​លំអ​សោភ័ណ្ឌភាព​ប្រាសាទ​ដែរ ។ ទោះ​ជា​ទី​នេះ សសរ​ពេជ្រ ដែល​គេ​ដាក់​បញ្ឈរ​នៅ​អម​សងខាង​ទ្វារ​ចូល ហើយ​ទ្រ​ផ្ទាំង​ផ្តែរ​នោះ លំអរ​ដោយ​ក្បាច់​លំអង​ផ្ការំយោល តែ​នៅ​ផ្នែក​កណ្តាល​ក៏​មាន​ការ​ឆ្លាក់​ក្បាច់​ចិញ្ចៀន​ដែរ ។​
  • សសរ​ផ្អោប​៖ ​នេះ​ជា​លើក​ដំបូង​បង្អស់ ក្នុង​ប្រវត្តិ​ស្ថាបត្យកម្ម​ខ្មែរ​ដែល​យើង​ឃើញ​មាន​វត្តមាន របស់​សសរ​ផ្អោប​អម​សសរ​ពេជ្រ ទាំងសងខាង ដែល​ជា​កត្តា​មួយ​យ៉ាងសំខាន់ ដើម្បី​ទ្រ​ហោជាង ។ ដូចនេះ មុខងារ​របស់​សសរ​ផ្អោប​គឺ ការ​លំអ​ប្រាសាទ​ផង និង​ធានា​សុវត្ថិភាព របស់​សំណង់​ផង ។​
  • ផ្តែ​រ​៖ ​នេះ​ជា​លើកដំបូង​ហើយ ដែល​យើង​បាន​ជួប​នូវ​ផ្តែរ ដែល​មាន​រាង​ជា​អង្កត់​ពី​កំណាត់ ដែល​មាន​ក្បាច់​ផ្ការំយោល​តាម​លំនាំ​ឥណ្ឌា ។ ម្យ៉ាងវិញទៀត ស្ថិតនៅ​លើ​ក្លោងទ្វារ​ចូល ផ្តែរ​នេះ​បញ្ចេញ​មុខងារ​មួយ​យ៉ាង​សំខាន់ គឺ​ការស្វាគមន៍​ដល់​សាសនិកជន ដោយ​ផ្តល់​នូវ​ភាព​រីករាយ សប្បាយ តាមរយៈ​កម្រងផ្កា​ដែល​ស្ថិត​លើ​ក្បាល​របស់​ខ្លួន ។​
  • ហោ​ជាង​៖ ​ហោជាង​មាន​ទ្រង់ទ្រាយ​ជា​អក្សរ​អ៊ុយ​បញ្ច្រាស ឬ​ដូច​ក្រចកសេះ ហើយ​រីក​នៅ​ខាងចុង ។ យើង​អាច​សន្មត់​ថា វា​ជា​គម្រូ​នៃ​ហោជាង​នា​សម័យ​ក្រោយៗ ថ្វីត្បិតតែ​មាន​លក្ខណៈសាមញ្ញ​ជាង​ក៏​ដោយ ។ ក្បាច់ក្បូរ​ដែល​លំអរ​តុបតែង​ហោជាង​នេះ ត្រូវ​បានរ​លុះ​បែកបាក់​ជ្រុះ​អស់ គ្រាន់តែ​បន្សល់​នូវ​ចម្លាក់​ជា​រាង​ប្រាសាទអណ្តែត​តែប៉ុណ្ណោះ ។​
  • បង្អួច​៖ ​នៅ​តាម​ជញ្ជាំង នៃ​ប្រាសាទ​អាស្រម​មហាឥសី​មាន​បង្អួច​ចំនួន​ប្រាំបី ពោល​គឺ​ខាងកើត​និង​ខាងលិច ព្រម​ទាំង​ពីរ​ទៀត​នៅ​ផ្នែក​ខាង​មុខ​ទ្វារ​ចូល ។ បង្អួច​ទាំងនោះ​មាន​លក្ខណៈ​ជា​ប្រាសាទ​អណ្តែត ហើយ​ស៊ីមេទ្រី​គ្នា​គួរឲ្យ​ចាប់អារម្មណ៍​ជា​អនេក ។​ ​ម្យ៉ាងវិញទៀត នៅលើ​បង្អួច​សិប្បនិម្មិត​នីមួយៗ គេ​ឃើញ​មាន​ស៊ុម​លៀន​មក​ក្រៅ ហើយ​មាន​សសរ​ពេជ្រ​ពីរ​ទ្រ​ផ្តែរ​និង​ហោជាង ដែល​គ្មាន​ចម្លាក់ ។ ក្បាច់​សសរ​ពេជ្រ​ទាំងនោះ ដែល​ជា​ក្បាច់​ផ្កា​រំយោល មាន​លក្ខណៈ​ដូច​ក្បាច់​សសរ​នៃ​ក្លោងទ្វារ តែ​លក្ខណៈ​តូច ។ ហោជាង​និង​ផ្ទាំង​ផ្តែរ​នៃ​ប្រាសាទតូចៗ​ទាំងនោះ គ្មាន​ក្បាច់ក្បូរ​ឡើយ ។​
  • វិមាន​អាកាស​៖ ក្រៅពី​បង្អួច​ទាំង​បួន​ខាងលើនេះ នៅ​ឯ​ខាង​មុខ​ប្រាសាទ​វិញ យើង​ក៏​ឃើញ​បង្អួច​ពីរ​ទៀត​អម​សងខាង​ទ្វារ​ចេញ​ចូល ដែល​មាន​លក្ខណៈ​ជា​វិមាន​អាកាស ។ សារៈសំខាន់​របស់​បង្អួច ដែល​មាន​រូបរាង​ជា​ប្រាសាទ ឬ​វិមាន​តូចៗ បង្ហាញ​ឲ្យដឹងថា យើង​កំពុង​ស្ថិត​លើ​ទេវស្ថាន​យ៉ាង​ប្រាកដ ដោយហេតុ​ថា វិមានអាកាស​ទាំងនោះ ជា​និមិត្តរូប​នៃ​ភាព​អវកាស ឬ​លំហរ ។​

​ជារួម ប្រាសាទ​អាស្រម​មហា​ឥសី គឺជា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ដែល​មាន​ចំណាស់ ចាស់​ជាងគេ​បំផុត ក្នុង​ទឹកដី​ខ្មែរ​សព្វថ្ងៃនេះ ។ ថ្វី​ត្បិត​តែ​ប្រាសាទ​នេះ បាន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្កាំងក្លា​ពី​ឥណ្ឌា ក៏​មែនពិត ក៏ប៉ុន្តែ យើង​ពុំ​អាចនិយាយបាន​ថា សំណង់​ស្ថាបត្យកម្ម​នេះ​គឺជា​ការចំលង​ទាំង​ដុល​នៃ​រូបមន្ត​ឥណ្ឌា​បានទេ ។ ព្រោះថា នៅ​ប្រទេស​ឥណ្ឌា គេ​ពុំ​ដែល​ជួបប្រទះ​ប្រាសាទ​ណាមួយ ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទាំងស្រុង នឹង​សំណង់​ប្រាសាទ​របស់​យើង​នោះទេ។

ឯកសារ[កែប្រែ]