Jump to content

មហាសមុទ្រអាកទិក

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Arctic Ocean)
មហាសមុទ្រអាកទិក

មហាសមុទ្រអាកទិក (ជា​ភាសាអង់គ្លេស​៖ Arctic Ocean, ភាសាបារាំង​៖ Océan Arctique) មាន​ទីតាំង​ស្ថិតនៅ​អឌ្ឍគោល​ខាងជើង និង ខាងចុង​បំផុត​នៅ​តំបន់​អាកទិក នៃ​ប៉ូលខាងជើង គឺជា​មហាសមុទ្រ​ដែល​តូចជាងគេ និង រាក់​ជាងគេ​បង្អស់​ក្នុង​ចំណោម​មហាសមុទ្រ​ទាំង​០៥​។ អង្គការ​ទឹក​អន្តរជាតិ បាន​ទទួលស្គាល់​ថា វា​ជា​មហាសមុទ្រ​មួយ បើទោះជា​អ្នកសាគរសាស្ត្រ​មួយចំនួន បាន​សន្មត​ថា​វា​គឺជា "សមុទ្រមេឌីទែរ៉ានេ​អាកទិក" ឬ ហៅ​យ៉ាង​សាមញ្ញ​ថា "សមុទ្រអាកទិក" ដោយ​ចាត់ថ្នាក់​ថា​ជា "សមុទ្រមេឌីទែរ៉ានេ" នៃ​មហាសមុទ្រអាត្លង់ទិក​។

មហាសមុទ្រអាកទិក ត្រូវ​បាន​ព័ន្ធ​ស្ទើរតែ​ជុំវិញ​ដោយ "អឺរ៉ាស៊ី" និង "អាមេរិកខាងជើង" ។ មហាសមុទ្រអាកទិក ត្រូវ​បាន​គ្របដណ្ដប់​មួយភាគធំ​ដោយ​ទឹកកក​សមុទ្រ​ពេញ​មួយ​ឆ្នាំ​។ សីតុណ្ហភាព និង​កំហាប់អំបិល​នៃ​មហាសមុទ្រអាកទិក ប្រែប្រួល​ទៅតាម​រដូវកាល ដូចជា​ការកក និង​រលាយ​នៃ​ទឹកកក ហើយ​កំហាប់អំបិល​របស់​វា មាន​កម្រិត​ទាបជាង​កំហាប់អំបិល​មធ្យម​នៃ​មហាសមុទ្រ​ទាំង​០៥ ដោយសារតែ "រំហួត" មាន​កម្រិត​ទាប ទឹកសាប​មាន​បរិមាណ​ច្រើន​ហូរចាក់​ពី​ទន្លេ និង​ប្រភពទឹក​ជាច្រើន ព្រមទាំង​តំណភ្ជាប់ និង​លំហូរចេញ​ទៅ​ផ្ទៃទឹក​នៃ​មហាសមុទ្រ​ខាងក្រៅ ដែល​មាន​កំហាប់អំបិល​ខ្ពស់​ជាង​មាន​កម្រិត​។ នា​រដូវក្ដៅ ទឹកកក​ត្រូវ​បាន​ថយ​ចុះ​ប្រមាណ​៥០%​។ "មជ្ឈមណ្ឌល​ទិន្នន័យ​ព្រិល និង​ទឹកកក​ជាតិ" (National Snow and Ice Data Center) បាន​ប្រើប្រាស់​ផ្កាយរណប​ដើម្បី​ទាញយក​ទិន្នន័យ​ប្រចាំថ្ងៃ អំពី​ផ្ទៃទឹកកក​នៃ​មហាសមុទ្រអាកទិក និង​អត្រា​រលាយ ដើម្បី​ធ្វើការ​ប្រៀបធៀប​ទៅនឹង​អត្រា​មធ្យម និង អត្រា​នៃ​ឆ្នាំ​ណាមួយ​។

ភូមិសាស្ត្រ

[កែប្រែ]

មហាសមុទ្រអាកទិក ត្រូវ​បាន​កំណត់​រាង​ជា​រង្វង់មូល និង​គ្របដណ្ដប់​លើ​ក្រឡាផ្ទៃ​ប្រហែល ១៤,០៥៦,០០០ គីឡូម៉ែត្រការ៉េ ដែល​ស្ទើរតែ​ប៉ុន​ប្រទេស​រុស្ស៊ី​។ មហាសមុទ្រ​នេះ មាន​ឆ្នេរ​ប្រវែង ៤៥,៣៩០ គីឡូម៉ែត្រ​។ មហាសមុទ្រអាកទិក មាន​លក្ខណៈ​ស្ទើរតែ​បិទ វា​ត្រូវ​ព័ន្ធ​ជុំវិញ​ដោយ​ផ្ទាំងទ្វីប "អឺរ៉ាស៊ី" "អាមេរិកខាងជើង" "កោះហ្គ្រីនឡែន" និង បណ្ដា​កោះ​ជាច្រើន​ទៀត​។ មហាសមុទ្រអាកទិក ត្រូវ​រួមបញ្ចូល​ដោយ​៖ ឈូងសមុទ្របាហ្វីន (Baffin Bay), សមុទ្របារ៉េន (Barents Sea), សមុទ្រព្យូហ្វត (Beaufort Sea), សមុទ្រឆុកឈី (Chukchi Sea), សមុទ្រស៊ីបេរីខាងកើត (East Siberian Sea), សមុទ្រហ្គ្រីនឡែន (Greenland Sea), ឈូងសមុទ្រហុតសុន (Hudson Bay), ច្រកសមុទ្រហុតសុន (Hudson Strait), សមុទ្រការ៉ា (Kara Sea), សមុទ្រឡាប់តែវ (Laptev Sea), សមុទ្រស ( White Sea) និង ផ្ទៃទឹក​មួយចំនួន​ទៀត​។ មហាសមុទ្រ​នេះ ត្រូវ​បាន​ភ្ជាប់​ទៅកាន់ មហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈ "ច្រកសមុទ្រប៊េរីង" (Bering Strait) និង ភ្ជាប់​ទៅកាន់ មហាសមុទ្រអាត្លង់ទិក តាមរយៈ សមុទ្រហ្គ្រីឡែន និង​សមុទ្រឡាប្រាឌ័រ (Labrador Sea) ។