Jump to content

ប៊ែនហាដ រីម៉ាន

ពីវិគីភីឌា
ប៊ែនហាដ រីម៉ាន

ប៊ែនហាដ រីម៉ាន ឆ្នាំ១៨៦៣
កើតនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៨២៦
Breselenz អាល្លឺម៉ង់
មរណភាព ២០ កក្តដា ១៨៦៦ (អាយុ ៣៩ឆ្នាំ)
សេឡាស្កា អ៊ីតាលី
សញ្ញាតិ  អាល្លឺម៉ង់
ស្នាដៃ សម្មតិកម្មរីម៉ាន (Riemann hypothesis)
អាំងតេក្រាលរីម៉ាន
ស្វ៊ែររីម៉ាន
សមីការឌីផេរ៉ង់ស្យែលរីម៉ាន
ផលបូករីម៉ាន
។ល។

ប៊ែនហាដ រីម៉ាន (Bernhard Riemann) (១៧ កញ្ញា ១៨២៦ - ២០ កក្តដា ១៨៦៦) ជា​គណិតវិទូអាល្លឺម៉ង់​ដែល​បាន​ចូលរួម​ចំនែក​យ៉ាង​ចំបង​ក្នុង​គណិតវិទ្យាវិភាគ និង ធរណីមាត្រឌីផេរ៉ង់ស្យែល

ជីវប្រវត្តិ

[កែប្រែ]

រីម៉ានកើតនៅ​ប្រេសេឡេន (Breselenz) ដែលជាភូមិមួយនៅជិតក្រុង​ដានេនបឺក (Dannenberg )​ ក្នុងព្រះរាជាណាចក្រហាណូវើ (Hanover) ដែលជាប្រទេសអាល្លឺម៉ង់​នា​ពេល​បច្ចុប្បន្ននេះ។ រីម៉ាន​ជា​កូន​ទី២​ក្នុង​ចំណោម​បងប្អូន​៦​នាក់។ ឪពុករបស់គាត់ឈ្មោះ ហ្វ្រេនដ្រិច ប៊ែនហាដ រីម៉ាន (Friedrich Bernhard Riemann) មេ​ដឹកនាំ​និកាយនិយមក្រីក្រមា្នក់ក្នុងការកែទំរង់​និកាយ​ប្រូតេស្តង់​ដើម្បី​យក​ចេញ​ពី​និកាយ​កាតូលីក នៅ​ប្រេសេឡេនដែលបានតស៊ូប្រយុទ្ធក្នុងសង្គ្រាមណាប៉ូលេអុង (Napoleonic Wars) ។ រីឯម្តាយ​របស់​គាត់​បាន​ទទួល​អនិច្ចកម្ម​​ទាំង​កូន​ៗ​នៅ​វ័យ​ក្មេង​នៅ​ឡើយ​។​ ទាំង​នៅ​វ័យ​ក្មេង​នៅឡើយ រីម៉ាន់​បាន​បង្ហាញ​ជំនាញ​គណិតវិទ្យា​មិន​ធម្មតា​​ជា​ច្រើន​​ដូចជា​​ការ​ប៉ិនប្រសព្វ​ខាង​គណនា​ដ៏អស្ចារ្យ ប៉ុន្តែ​គាត់​បាន​ទទួលរងភាពខ្មាសអៀន និង​ភ័យ​ក្លាយ​ក្នុង​ការ​និយាយ​ជា​សាធារណះ​។

នៅវិទ្យាល័យ​រីម៉ាន​បាន​រៀន​បាន​សិក្សាគម្ពីសាសនាគ្រឹស្តទាំងបង្ខំ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​គាត់​ផ្តោត​ទៅ​លើ​តែ​​គណិតវិទ្យា​ប៉ុណ្ណោះ​។ គ្រូរ​​បស់​គាត់​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នូវ​ទេពកោសល្យ និង សម្ថតភាព​របស់​​គាត់​ដែល​អាច​ដោះស្រាយ​ប្រមាណវិធី​គណិតវិទ្យាស៊ាំញាំបាន​។ នៅឆ្នាំ១៨៤០ គាត់​បាន​ទៅ​រស់​នៅ​ជាមួយជីដូន​របស់​គាត់​នៅ​ហាណូវើ និង បាន​ចូល​រៀន​​អនុវិទ្យាល័យ​ទីនោះ។ បន្ទាប់ពីជីដូន​របស់​គាត់​បានទទួល​អនិច្ចកម្ម​នៅឆ្នាំ​១៨៤២ គាត់បានទៅ​រស់នៅ Lüneburg និង បានចូលរៀនវិទ្យាល័យនៅទីនោះ។ នៅឆ្នាំ​១៨៤៦ ក្នុងវ័យ១៩ឆ្នាំ គាត់បានសិក្សាទស្សនៈវិជ្ជា និង ទេវវិទ្យា (វិជ្ជាខាងសាសនា) ដើម្បីក្លាយជាភិក្ខុ និង ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​គាត់។ នៅឆ្នាំ​១៨៤៧ ឪពុករបស់គាត់ បន្ទាប់​ពី​បាន​ប្រមូល​ប្រាក់​គ្រប់គ្រាន់​ដើម្បីបញ្ជូន​ទៅ​អោយ​គាត់​ចូល​មហាវិទ្យាល័យ​ រីម៉ាន​បានឈប់រៀនទេវវិទ្យា និង ចាប់ផ្តើមរៀនគណិតវិទ្យា​។​ គាត់បានចូលរៀននៅ​សាកលវិទ្យាល័យហ្គូតទីនហ្គេន (University of Göttingen) ដែល​បានជួប ខាល ហ្វ្រេនដ្រិច ហ្គូស (Carl Friedrich Gauss) ដំបូងនៅទីនោះ។ ក្នុងឆ្នាំ​១៨៤៧ គាត់បានប្តូរទៅនៅប៊ែឡាំង ដែលយ៉ាកូបី (Jacobi) ឌីរីចឡេ (Dirichlet) និង ស្តេណើ (Steiner ) បង្រៀន​នៅ​ទី​នោះ​។ គាត់​បាន​ស្នាក់​នៅប៊ែឡាំងរយៈពេល​២ឆ្នាំ និង​ បាន​ត្រលប់​ទៅកាន់​ហ្គូតទីនហ្គេន​​វិញ​នៅ​ឆ្នាំ​​១៨៤៩​។

រីម៉ាន​បាន​​បង្រៀន​មេរៀន​ដំបូង​នៅ​ឆ្នាំ​​១៨៥៤ ដែល​មិន​ត្រឹមតែបាន​​រក​ឃើញ​ធរណីមាត្ររីម៉ានប៉ុណ្ណោះទេ​ថែមទាំងបានរកឃើញ​សំនុំ​ចំពោះ រ៉ឺឡាទីវីតេអាំងស្តែនទូទៅ (Einstein's general relativity) ទៀតផង។ ក្នុង​ឆ្នាំ​១៨៥៧ មាន​កិច្ច​ខំ​ប្រឹងប្រែង​តំឡើង​គាត់​អោយ​ក្លាយ​ជា​សាស្ត្រាចារ្យ​វិសាមញ្ញ​​នៅ​​សាកលវិទ្យាល័យហ្គូតទីនហ្គេន​ ប៉ុន្តែ​ការព្យាយាម​នេះ​មិន​បាន​សំរេច​ទេ។ តែ​ទីបំផុត​គាត់​បាន​ទទួល​ប្រាក់ខែ​ជា​ប្រចាំ​។ ក្នុងឆ្នាំ​១៨៥៩ ដោយសារឌីរីចឡេបានទទួលអនិច្ចកម្ម គាត់ត្រូវបានតំឡើងជាប្រធានដេប៉ាតឺម៉ង់គណិតវិទ្យានៅ​សាកល​វិទ្យាល័យ​ហ្គូតទីនហ្គេន។ នៅឆ្នាំ​១៨៦២​គាត់​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ អេលីស កូច (Elise Koch) និង មានកូនស្រីម្នាក់​។ គាត់​បាន​ទទួល​អនិច្ចកម្ម​ដោយ​សារ​ជំងឺរបេង​ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​​ក្នុង​ក្រុងសេឡាស្កា (Selasca បច្ចុប្បន្នជាក្រុងវែរបានី) ​សព​របស់គាត់​បាន​បញ្ចុះ​នៅ Biganzolo (Verbania)។

ឥទ្ធិពល​រីម៉ាន​ក្នុង​គណិតវិទ្យា

[កែប្រែ]

នៅ​ក្នុង​និក្ខេបបទ​របស់​គាត់​ដែល​បាន​សរសេរ​ឡើង​នៅ​ឆ្នាំ​១៨៥៧ រីម៉ាន​បានអភិវឌ្ឍ​ទ្រឹស្តីនៃអនុគមន៍ដែលមានអថេរជាចំនួនកុំផ្លិច ដែល​បង្ហាញ​ពី​គំនិតអំពីផ្ទៃដោយបានដាក់ឈ្មោះរបស់គាត់ (ផ្ទៃរីម៉ាន) និង បាន​បង្ហាញ​អំពី​ស្វ៊ែររីម៉ាន។ ការ​ស្រាវជ្រាវ​របស់​គាត់​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ទ្រឹស្តីបទធរណីមាត្ររីម៉ាន ធរណីមាត្រពិជគណិត និង complex manifold នា​គ្រាបន្ត​បន្ទាប់​មក​។ ទ្រឹស្តី​អំពី​ផ្ទៃរីម៉ាន​ត្រូវ​បាន​រៀបរាប់​លំអិត​ដោយ Felix Klein និង អាដុល្ហ្វ ហឺវីត (Adolf Hurwitz) ។ រីម៉ាន​បាន​ចូលរួម​យ៉ាងចំបង​ក្នុង​ការវិភាគលើចំនួនពិត​។ គាត់បាន​កំនត់​អាំងតេក្រាលរីម៉ាន​ដោយប្រើ​មធ្យមនៃ​ផលបូករីម៉ាន​ និង បានអភិវឌ្ឃទ្រឹស្តីនៃ​ស៊េរីត្រីកោណមាត្រ​ដែល​មិនមែនជា​ស៊េរីហ្វួរា និង បានសិក្សា​អំពី​ឌីផេរ៉ង់ស្យែលរីម៉ាន–លីអ៊ូវីល (Riemann–Liouville differintegral) ។ គាត់បានចូលរួមចំនែកដ៏អស្ចារ្យមួយចំនួនចំពោះទ្រឹស្តីចំនួនវិភាគ (analytic number theory)​។ នៅក្នុងឯកសារដ៏ខ្លី គាត់បានបង្ហាញពី​អនុគមន៍ហ្សេតារីម៉ាន និង​បានបង្កើត​នូវសារសំខាន់របស់វា​សំរាប់​ស្វែងយល់​ពី​របាយ​នៃចំនួនបឋម​។

សូមមើលផងដែរ

[កែប្រែ]