ព្រឹទ្ធសភាកម្ពុជា
ព្រឹទ្ធសភា Senate | |
---|---|
និតិកាលទី៥ | |
ប្រភេទ | |
ប្រភេទ | សភាជាន់ខ្ពស់ |
ថ្នាក់ដឹកនាំ | |
ប្រធាន | ហ៊ុន សែន, គបក ចាប់តាំងពី ៣ មេសា ២០២៤ |
អនុប្រធានទី១ | ប្រាក់ សុខុន, គបក ចាប់តាំងពី ៣ មេសា ២០២៤ |
អនុប្រធានទី២ | អ៊ុច បូររិទ្ធ, គបក ចាប់តាំងពី ៣ មេសា ២០២៤ |
រចនាសម្ព័ន្ធ | |
អសនៈ | ៦២ |
ក្រុមនយោបាយ | សមាជិកជាប់ឆ្នោត (៥៨)
សមាជិកជ្រើសតាំង (៤)
|
ការបោះឆ្នោត | |
ការបោះឆ្នោតចុងក្រោយ | ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ |
ការបោះឆ្នោតបន្ទាប់ | នៅ ឬមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០៣០ |
ទីប្រជុំ | |
គេហទំព័រ | |
www.senate.gov.kh |
ព្រឹទ្ធសភាកម្ពុជា គឺជាសភាជាន់ខ្ពស់នៃសភាតំណាងរាស្ត្រកម្ពុជា។ ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិដែលមានសមាជិកចំនួន ៦២ រូប ដោយក្នុងនោះមានសមាជិកចំនួន ៥៨ រូបត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ ៦ ឆ្នាំម្តង ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ មកពី ២៤ ខេត្តនៃប្រទេសកម្ពុជា និងសមាជិករដ្ឋសភា។ ចំពោះសមាជិកជ្រើសតាំងវិញគឺត្រូវបានព្រះមហាក្សត្រតែងតាំងសមាជិកចំនួនពីររូប ខណៈរដ្ឋសភាជ្រើសតាំងសមាជិកពីររូបបន្ថែមទៀត ដែលនាំឱ្យចំនួនសមាជិកព្រឹទ្ធសភាសរុបមានចំនួន ៦២ រូប។ ព្រឹទ្ធសភាបំពេញតួនាទីរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ព្រឹទ្ធសភាត្រូវបានដឹកនាំដោយប្រធានព្រឹទ្ធសភាម្នាក់ ដែលបច្ចុប្បន្នកាន់ដោយសម្ដេចហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជា និងមានអនុប្រធានពីររូបទៀតជាជំនួយការ។
សម័យប្រជុំព្រឹទ្ធសភាលើកទី១ បានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ហើយការបោះឆ្នោតលើកទី១ បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។ ព្រឹទ្ធសភានីតិកាលទីប្រាំ និងបច្ចុប្បន្ន ត្រូវបានព្រះករុណា ព្រះបាទសម្ដេចនរោត្តម សីហមុនី បើកសម័យប្រជុំនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។[១]
ការបោះឆ្នោតព្រឹទ្ធសភាបន្ទាប់នឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០៣០។
ប្រវត្តិសង្ខេប
[កែប្រែ]ប្រព័ន្ធសភាពីរថ្នាក់ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីពេលដែល រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកកើតឡើងជាលើកដំបូង នាឆ្នាំ ១៩៤៧។ ប៉ុន្តែអាស្រ័យដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់ លើសកលលោក បានធ្វើ ឱ្យប្រទេសកម្ពុជា ត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាងពីរទសវត្សរ៍ ដែលបានធ្វើឱ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គម ត្រូវបំផ្លាញខ្ទេចខ្ទី និងបាត់បង់ទាំងស្រុងធ្លាក់ដល់កម្រិតសូន្យ នាសម័យកាលដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានកំណត់ឱ្យមានការបោះឆ្នោតជាសកល ដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជាហៅកាត់ថា (UNTAC) ដើម្បីបញ្ចប់ជម្លោះ បង្កើតស្ថាប័នគ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។
បន្ទាប់ពីការបោះឆ្នោតជាសកលលើកដំបូង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនោះ ត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលជាធរមាន នាថ្ងៃទី២៤ ខែឆ្នាំដដែល។ រដ្ឋធម្មនុញ្ញនោះ បានកំណត់ឱ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
អំណាចក្នុងការគ្រប់គ្រងរដ្ឋ ត្រូវបានបែងចែកដាច់ពីគ្នាជាបី គឺអំណាច នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ នៅពេលរដ្ឋធម្មនុញ្ញបានចូលជាធរមាន សភាធម្មនុញ្ញបានក្លាយទៅជារដ្ឋសភានីតិកាលទី១ ហើយបានដំណើរការក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជាពេញមួយ នីតិកាល។
ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយ ផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សនយោបាយធំទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារឰឡើងពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលនៅពេលនោះ ព្រះអង្គទ្រង់ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើង និងក្លាយជាចំណែកមួយនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលមានពីរថ្នាក់ បន្ទាប់ពីរដ្ឋធម្មនុញ្ញនីតិកាលទី២ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំង និងមានអាណត្តិ៥ឆ្នាំ។ សមាជិកចំនួន៦១រូប ត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់ នៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី២។
ព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភានីតិកាលទី២ កើតឡើងដោយការបោះឆ្នោតជាអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ក្នុងចំណោម សមាជិក៦១រូប មាន៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង០២រូបតែងតាំងដោយព្រះមហាក្សត្រ។
ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ក្នុងចំណោមសមាជិក ៦១រូប មាន ៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង០២រូបតែងតាំងដោយព្រះមហាក្សត្រ។
ព្រឹទ្ធសភានីតិកាលទី៣ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១២ ដោយមានអាណត្តិ ៦ឆ្នាំ ដូចព្រឹទ្ធសភា នីតិកាលទី២ ដែរ ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់ មាន ៦១រូប មាន ៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង ០២រូបទៀតតែងតាំងដោយព្រះមហាក្សត្រ ។
(ចូលរួមកែសម្រួលដោយលោក ពៅ ថារី អនុប្រធាននាយកដ្ឋាននីតិវិធី នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ) ។
ពិនិត្យអោយយោបល់លើសេចក្តីព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ ព្រឹទ្ធសភាគឺការពិនិត្យឡើងវិញរាល់អត្ថបទច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបានអនុម័តរួចហើយអោយព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសអោយប្រើជាផ្លូវការមុនពេលដាក់ ឆ្លងអោយ ព្រឹទ្ធសភាពិនិត្យបានឡើយ។ ព្រឹទ្ធសភាមានអំណាចត្រួត ពិនិត្យព្រមទាំងធ្វើអនុសាសន៍ទៅ លើពង្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលត្រូវបាន អនុម័តដោយរដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាអាចធ្វើការបដិសេធ ឬស្នើអោយ ធ្វើវិសោធន កម្មទៅលើអត្ថបទច្បាប់ ព្រឹទ្ធសភាពុំមានអំណាចចាប់បង្ខំអោយ រដ្ឋសភាទទួលយកអនុសាសន៍របស់ខ្លួនឡើយ។ ចំណែកឯរដ្ឋសភាវិញ អាចបដិសេធ មិនទទួលអនុសាសន៍របស់ ព្រឹទ្ធសភា ហើយនឹងអាចអនុម័តអោយចេញនូវច្បាប់ដែលព្រឹទ្ធសភាបានបដិសេធ។ច្បាប់ណាក៏ដោយ បើទោះបីជាព្រឹទ្ធសភាបដិសេធតែទីបំផុតនៅតែត្រូវបានរដ្ឋសភាអនុម័ត ហើយដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្តលេខា និងប្រកាសអោយប្រើ។ រដ្ឋធម្មនុញ្ញ មិនបានផ្តល់អោយ ព្រឹទ្ធសភា នូវអំណាច អនុម័តនូវច្បាប់ ឬអំណាចជំទាស់អត្ថបទច្បាប់ ឡើយប៉ុន្តែផ្តល់អោយនូវ តួនាទីប្រឹក្សា ឬអំណាច ធ្វើអនុសាសន៍ ដែលរដ្ឋសភា បានអនុម័ត។
ព្រឹទ្ធសភាសហការជាមួយរដ្ឋសភានិងរាជរដ្ឋាភិបាលដើម្បីរៀបចំអោយបានចេញជារូបរាងនូវកម្មវិធីនិងប្រតិទិននៃការ កសាងច្បាប់ សម្រាប់ ឆ្នាំនីមួយៗ។
ព្រឹទ្ធសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ក្នុងរយៈពេលមួយខែយ៉ាងយូរដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំង លើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់បើជាការប្រញាប់ អោយពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះ ត្រូវ បន្ថយមកនៅត្រឹម តែប្រាំថ្ងៃ។
បើព្រឹទ្ធសភាអោយយោបល់ព្រមឬពុំបានអោយយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេច្បាប់ ដែល រដ្ឋសភាបាន អនុម័ត យល់ព្រមហើយនោះ នឹងត្រូវបាន យកទៅប្រកាសអោយប្រើ។
ព្រឹទ្ធសភាមានអំណាចចំពោះការផ្តួចផ្តើមធ្វើច្បាប់និងអនុម័តប៉ុន្តែមិនមានអំណាចសម្រេចជាចុងក្រោយថាតើច្បាប់ទាំងនោះ ចូលជាធរមានឬអត់នោះទេ។ មានតែរដ្ឋសភាមួយគត់ ដែលមានអំណាចនោះ។ មាត្រា៩១ថ្មីនៃរដ្ឋធម្មនុញ្ញ ផ្តល់អំណាចនេះ អោយ ទៅព្រឹទ្ធសភា ដោយចែងថា «សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្រ្តីមាន សិទ្ធិផ្តួចផ្តើមគំនិតធ្វើ ច្បាប់»។
ចំពោះការកែសម្រួល ឬបដិសេធច្បាប់ព្រឹទ្ធសភាមានសិទ្ធិសុំអោយកែសម្រួល ឬបដិសេធ អត្ថបទច្បាប់នោះ ក្នុងករណី នេះ រដ្ឋសភា ត្រូវយក មកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុច ណា ដែលព្រឹទ្ធសភាសុំអោយកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
ព្រឹទ្ធសភាអាចតាមដានត្រួតពិនិត្យការងារ និងការអនុវត្តន៍គោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលជាពិសេសត្រួត ពិនិត្យការប្រើប្រាស់ ថវិកាជាតិរបស់ រាជរដ្ឋាភិបាល។ ១-១៥ ររាច
កម្មវត្ថុនៃការត្រួតពិនិត្យ
[កែប្រែ]- ការអនុវត្តន៍ច្បាប់៖ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានដំណើរការការងាររបស់ស្ថាប័នរដ្ឋ និងត្រួតពិនិត្យយ៉ាងទៀងទាត់ អំពីការ អនុវត្តន៍ច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ។
- ការអនុវត្តន៍កម្មវិធីនិងផែនការរបស់រាជរដ្ឋាភិបាល៖ ព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់ក្នុងការអនុវត្តន៍នូវកម្មវិធីនិងផែនការរបស់រាជរដ្ឋភិបាលលើការងារប្រជាធិបតេយ្យ នីតិរដ្ឋ ការងារ កែទម្រង់រដ្ឋ ការងារកាត់បន្ថយភាពក្រីក្រ ការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច…។
វិធីត្រួតពិនិត្យ
[កែប្រែ]- ចុះរកព័ត៌មានតាមមូលដ្ឋានក្រសួង៖ព្រឹទ្ធសភាប្រមូលបញ្ហារសើបពីប្រភពផ្សេងៗតាមរយៈឯកសារអនាមិកជួប សម្ភាសន៍អ្នកឯកទេស ពាក់ព័ន្ធ សិក្សាវិភាគលើទិដ្ឋ ភាពផ្សេងៗ ឯកសារយោងបទដ្ឋានគតិយុតិ្ត ឬសំណុំរឿងប្រហាក់ - ប្រហែល សហការជាមួយ អាជ្ញាធរ មូលដ្ឋាន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដល់ទីកន្លែង។
- អញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ៖
ប្រសិនបើឃើញថាមានការខ្វះខាតលើអត្ថបទច្បាប់ណាមួយព្រឹទ្ធសភាអាចស្នើសុំអោយ រាជរដ្ឋាភិបាល ឬរដ្ឋមន្រ្តី ពាក់ព័ន្ធ មកបំភ្លឺ និងអាច ផ្តល់ជាអនុសាសន៍កែលំអរឡើងវិញក្នុង ន័យស្ថាបនា។
- ពិនិត្យលើរបាយការណ៍សកម្មភាពដែលរាជរដ្ឋាភិបាល ឬក្រសួងផ្ញើមក៖
ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានលើ របាយការណ៍សកម្មភាពរបស់រាជរដ្ឋាភិ បាល ឬរបស់ក្រសួងដើម្បី ទទួល បាននូវព័ត៌មានដ៏ សំខាន់។ ករណីនេះបើសិនជាព្រឹទ្ធសភា ពិនិត្យលើរបាយការណ៍ឃើញថាមានការខ្វះចន្លោះ ឬចំណុច ខ្សោយ ត្រង់ណានោះ ព្រឹទ្ធសភា អាច ធ្វើជារបាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី ផ្តល់ជាយោបល់កែលំអរ និងជា ការរួម ចំណែកក្នុង យន្តការស្ថាបនាចំណុចខ្វះខាតនោះ អោយមាន លក្ខណៈល្អឡើងវិញ។
មុខងារជាតំណាង
[កែប្រែ]តំណាងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់)
[កែប្រែ]ព្រឹទ្ធសភាតំណាងអោយភូមិភាគ និងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់) មាត្រា៩ និង មាត្រា១១ នៃច្បាប់ស្តីពីការ បោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា បានបង្ហាញច្បាស់ អំពីអត្តសញ្ញាណរបស់សមាជិក ព្រឹទ្ធសភា។
ក្នុងតួនាទីជាអ្នកតំណាងអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាស្ពានតភ្ជាប់នូវកិច្ចទំនាក់ទំនងរវាងមូលដ្ឋានដែនដី និង រាជរដ្ឋាភិបាល ព្រឹទ្ធសភាចាំបាច់ត្រូវតែផ្តោតការយកចិត្តទុក ដាក់ជាពិសេសទៅលើផលប្រយោជន៍របស់ ក្រុមប្រឹក្សា ឃុំ‑សង្កាត់ និង ភូមិភាគ។
បន្ទាប់ពីការបោះឆ្នោតជាអសកលលើកដំបូងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៦ មកព្រឹទ្ធសភាមានទម្ងន់នយោបាយមួយតាមរយៈ ការពង្រឹងដំណើរការពិនិត្យ តាមដានការអនុវត្តន៍គោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន ក្នុងចំនួនប្រជាជនសរុបជាង ១៤លាននាក់ ត្រូវតំណាង អោយ ឃុំសង្កាត់ ចំនួន ១៦២១ ក្នុងនោះមានសមាជិកក្រុម ប្រឹក្សាឃុំ‑សង្កាត់ សរុបចំនួន ១១៣៥៣នាក់ ដែលត្រូវបានប្រជាជនផ្តល់នូវជំនឿទុកចិត្ត និងសេចក្តីសង្ឃឹមជឿជាក់។ ដូច្នេះ ព្រឹទ្ធសភាគឺជាចំណុច ប្រសព្វនៃដំណើរការជ្រើសរើស សម្រិតសម្រាំង និងភាពជំរុញ ដោយ ហេតុផល។
តំណាងស្ថាប័នជាតិ
[កែប្រែ]សមាជិក ០២រូប តែងតាំងដោយព្រះមហាក្សត្រ និង ០២រូបទៀតតែងតាំងដោយរដ្ឋសភា។ ព្រឹទ្ធសភាក៏ តំណាងអោយ ព្រះមហាក្សត្រ និងរដ្ឋ សភា ហើយក៏ជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលមាត្រា ១១២ បញ្ជាក់ថា «ព្រឹទ្ធសភាមានភារកិច្ចសម្រប សម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល»។ នេះបើតាមទ្រឹស្តី ជាតួនាទីមួយដែល សំខាន់បំផុត ដែលអនុញ្ញាតអោយព្រឹទ្ធសភា អនុវត្តនូវឥទ្ធិពលមួយសំខាន់លើការងាររបស់ស្ថាប័ន ទាំងពីរ គឺរាជរដ្ឋាភិបាល និង រដ្ឋសភា។
ប៉ុន្តែតួនាទីនេះមិនត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពទេ។ មាត្រា១១២ចែងតែគោលការណ៍ដោយមិនបញ្ជាក់ពី សារធាតុ ដែលមាននៅក្នុងនោះទេ។ ក្រុមប្រឹក្សាធម្មនុញ្ញក៏មិន បានបញ្ជាក់អោយច្បាស់ជាងនេះដែរ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះគ្រាន់ តែបញ្ជាក់ ថាវាគ្រាន់តែជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា ដែលមិនអាចកំណត់ បាន ដោយអត្ថបទច្បាប់ ឬបទបញ្ជាណាមួយបានទេ។ ព្រឹទ្ធសភា ត្រូវតែប្រើប្រាស់គ្រប់ មធ្យោបាយ និងអាចធ្វើអន្តរាគមន៍បាន គ្រប់ពេលវេលា ដើម្បីដោះស្រាយវិបត្តិនយោបាយ តូច ឬធំ រវាងស្ថាប័នទាំងពីរ។ ព្រឹទ្ធសភាមិនអាចបង្ខំទស្សនៈរបស់ ខ្លួនអោយរដ្ឋសភា និងរាជរដ្ឋាភិបាលគោរពតាមដោយ ឆន្ទានុសិទ្ធិបានទេ។ និយាយផ្សេងពីនេះ ទៀតតួនាទី នេះមិនចង ស្ថាប័នទាំងពីរនេះទេ។ ចុងបញ្ចប់សេចក្តីសម្រេចក្រុម ប្រឹក្សាធម្មនុញ្ញនេះ បញ្ជាក់ថា តួនាទីនេះ ចាត់ទុកថាមាន លទ្ធផល វិជ្ជមាន នៅពេលដែលមានការស្រុះស្រួលគ្នា រវាងស្ថាប័នទាំងពីរ។
តំណាងប្រជាជាតិទាំងមូល
[កែប្រែ]សមាជិកព្រឹទ្ធសភាភាគច្រើន ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាអសកលមិនចំពោះ និងតាមវិធីជ្រើសរើស បោះឆ្នោតជាសម្ងាត់ តំណាងអោយក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលប្រមូលផ្តុំនៅក្នុងភូមិភាគទាំង៨។ ព្រឹទ្ធសភាមាន កាតព្វកិច្ច ចូលរួម ចំណែកយ៉ាងខ្ជាប់ខ្ជួនក្នុង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជួយផ្តល់អនុសាសន៍ ដើម្បីតម្រង់ទិស លើការ អនុវត្តន៍ ជាក់ស្តែងអោយបានប្រកបដោយ លទ្ធផលផ្លែផ្កាពិតប្រាកដដល់ឃុំសង្កាត់ទូទាំង ប្រទេស និងភូមិភាគ។ ប្រការនេះមានការពាក់ព័ន្ធ ដល់ការដ្ឋានដ៏ធំដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ក្នុង ការកែទម្រង់ការគ្រប់គ្រង រដ្ឋបាលសាធារណៈ និងការបង្ខិត ប្រជាធិបតេយ្យ អោយទៅដល់ថ្នាក់មូលដ្ឋានជិត ប្រជាជន នោះគឺជាការអនុវត្តន៍គោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការកាត់ បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ។
ភាពជាតំណាងបែបនេះមានចរិតពិសេសត្រង់ថា សមាជិកព្រឹទ្ធសភា គឺជាអ្នកជាប់ឆ្នោត តាមការជ្រើសតាំងដោយអ្នក ជាប់ ឆ្នោតទទួល បន្ទុក គ្រប់គ្រងដឹកនាំឃុំ‑សង្កាត់ទូទាំងប្រទេស និងតំណាងរាស្រ្តក្នុងតំណែង។ ក្នុងភាពជាអ្នក តំណាង ក្រុមប្រឹក្សាឃុំ‑សង្កាត់នាំអោយព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួនក្នុងលក្ខណៈពិសេសមួយដោយត្រូវ ផ្សាភ្ជាប់ការងាររបស់ខ្លួនទៅនឹងកិច្ចការពារនិងជំរុញផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងប្រទេសរួមទាំង ភូមិភាគទាំង ៨ទៀតផង។ ការជំរុញផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំសង្កាត់ ទូទាំងប្រទេសនេះ គឺជាការជំរុញ ផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំង ប្រទេស។
ឯកសារយោង
[កែប្រែ]- ↑ "(In Khmer) ព្រឹកនេះព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ". Fresh News. 2024-04-03. Retrieved 2024-04-03.
{{cite web}}
: zero width space character in|title=
at position 91 (help)