រឿងចោរចិត្ដជា
រឿងចោរចិត្ដជា ជារឿងព្រេងនិទាន និយាយតៗគ្នា ដែលចាស់ៗខ្មែរខ្លះ តែងតែលើកមកនិទានកំប្លែងលេង ប្រាប់ដល់កូនចៅរបស់ខ្លូន ហើយអ្នកសិក្សាអក្សរសាស្រ្ដទាំងឡាយក៏បានលើកយករឿងនេះ មកធ្វើជាបទរៀនផងដែរ។ ក្នុងសាច់រឿង អ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានអោយឃើញថា ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត គេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រអ្វីអោយច្រើននោះទេ យើងឃើញក្មេងកំព្រាឪពុកម្នាក់ ដែលមិនព្រមធ្វើការសិក្សារៀនសូត្រ ស្វែងរកចំនេះវិជ្ជាអ្វីទេគេជ្រើសយកមុខរបរជា «ចោរ» ដើរលួចទ្រព្យសម្បត្ដិអ្នកដទៃទៅវិញ។
ម្យ៉ាងវិញមួយទៀត យើងឃើញស្ដេចប្រើអំនាចផ្ដាច់ការ ក្នុងការជ្រើសរើស មន្រ្ដីរាជការអោយឡើងកាន់អំនាច ជាអ្នកធំជាអ្នកដឹកនាំគ្រប់គ្រងលើអានាប្រជារាស្រ្ដ ទ្រង់មិនចាំបាច់ រើសរកយកអ្នករៀនសូត្រ អ្នកមានចំនេះវិជ្ជាចេះដឹង អ្នកមានសមត្ថភាពអីទេ របៀបជ្រើសរើស ស្ដេចត្រូវការប្រាក់ បើនរណាមានប្រាក់ច្រើន យកទៅដាក់បញ្ចូលក្នុងឃ្លាំងរបស់ស្ដេច អ្នកនោះនិងបានឡើងជាមន្រ្ដីធំ ធ្វើជាអ្នកគ្រប់គ្រង ធ្វើជាអ្នកដឹកនាំ បើទោះជាអ្នកនោះ គ្មានសមត្ថភាព ជាជនពុករលួយ ជាអ្នកបោកប្រាស់ ជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ជាអ្នកដែលមានលុយកាក់ច្រើនដោយអំពើរកស៊ីខុសច្បាប់ រឺ ជាអ្នកគ្មានចំនេះចេះដឹងយ៉ាងណាក៏ដោយ ស្ដេចអិតត្រូវការការសមត្ថភាពនេះទេ គឺព្រះអង្គត្រូវការតែលុយប៉ុណ្ណោះ។
អានក្នុងសាច់រឿងបន្ដទៀត យើងឃើញអ្នកនិពន្ធបានបង្កប់ក្នុងសាច់រឿង នូវអបិយជំនឿមួយ ដែលសង្គមខ្មែរតែងតែ ជួបប្រទះ ហើយដែលការពិតវាហាក់ដូចជាស្រពិចស្រពិលគ្រប់កាលៈទេសៈ នោះគឺ ការបន់ស្រន់សុំអោយទេវតាប្រទាន មាស ប្រាក់ បុណ្យសក្ដិជាដើម ។ ក្នុងសាច់រឿង «ចោរចិត្ដជា» មន្រ្ដីម្នាក់ចង់ធ្វើជាចៅហ្វាយខេត្ដ បន់ស្រន់ព្រះ សំពះទេវតាសុំលុយ ៤០កហាបនៈ យកទៅសូកស្ដេច ចោរស្ដាប់លឺការបន់ស្រន់ ហើយមានចិត្ដមេត្ដា ក្លែងខ្លូនជាទេវតា វេចលុយចំនួន ៤០កហាបនៈ លបយកទៅដាក់អោយមន្រ្ដីនោះ តើនេះ ពិតជាទេវតាប្រោសប្រទានមែនរឺ.?...។
អំពើអយុត្ដិធម៌ ក្នុងរឿងចោរចិត្ដជាមួយទៀត គឺមន្រ្ដីរាជការ ប្រើអំនាចរបស់ខ្លួន ដោះលែងចោរ ដោយគ្មានការជំនំជំរះរកហេតុផលខុសត្រូវអ្វីទាំងអស់ ចោរជាបក្សពួករបស់ខ្លួនជាកូនចៅ ជាអ្នកដែលខ្លួនស្គាល់ ទោះដឹងថា ជាចោរពិតប្រាកដហើយក្ដី ក៏ជនជាប់ចោទ អាចគេចផុតពីសំនាញ់ច្បាប់បាន ម៉្លោះហើយភាពអិតមានទោស ក្លាយជាអំពើអយុត្ដិធម៌ ហើយវាជាដំបៅមហារីកដ៏មហាសែនរាំរៃ ស៊ីរូងនៅក្នុងសង្គមមនុស្សអោយឈឺផ្សាគ្រប់ទិវារាត្រី។
ចោរចិត្ដជា ជាចោរដែលមានចិត្ដជាទេវតា ក្លែងខ្លួនជាទេវតា មានចិត្ដអានិត ហ៊ានចំនាយទ្រព្យសម្បត្ដិ លុយកាក់របស់ខ្លួនធ្វើប្រយោជន៍អោយដល់អ្នកដទៃ។ ការយល់ដឹងឧបកា្ករៈគុណដល់បុគ្គលដែលធ្វើប្រយោជន៍ដល់ខ្លួន ទោះជាបុគ្គលនោះតូចថោកទាបយ៉ាងណាក្ដី ក៏មិនបោះបង់ចោល។ គតិបណ្ឌិតទាំងពីរខាងលើ បើស្ថិតនៅលើបុគ្គលណានិមួយ បុគ្គលនោះរមែងបានប្រកបដោយសេចក្ដីសុខចំរើននិច្ច។ ដូច្នេះ មនុស្សត្រូវប្រើ សតិបញ្ញាស្មារតីរបស់ខ្លួន ពិចារណាគ្រប់ហេតុផល ទៅលើអបិយជំនឿទាំងឡាយ មានខ្មោចព្រាយបីសាច រឺ ទេវតាជាដើមថាជាអ្នកជួយខ្លូនអោយរួចពីទុក្ខភ័យ ដែលវាគឺជាជំនឿមួយ ទំនាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាទៀតផង។ បុរសក្រីក្រពីរនាក់ប្ដីប្រពន្ធ ក្នុងរឿងចោរចិត្ដជា បោះបង់ជំនឿរបស់ខ្លួនទៅលើទេវតា ហើយបែរមកជឿតាមពាក្យរបស់ចោរ ដែលខ្លួនកំពុងចាប់ដាក់គុកច្រវាក់ទៅវិញ ថាជាអ្នកផ្ដល់លុយកាក់ដល់ខ្លួនធ្វើអោយខ្លួនបានក្លាយជាចៅហ្វាយស្រុក។ ដោយជំនឿ និង សេចក្ដីដឹងគុណដ៏ជ្រាលជ្រៅ បុរសនោះហ៊ានដោះលែងចោរនោះអោយមានសេរីភាពឡើងវិញ ទាំងខុសច្បាប់ទៀតផង។
ដំនើររឿង
[កែប្រែ]កាលនេះមានក្មេងប្រុសម្នាក់នៅស្រុកមួយ អ្នកស្រុកគេហៅថាចោរចិត្តចិត្តជា។ លុះក្មេងនោះចំរើនធំឡើង ឪពុកស្លាប់ទៅនៅតែម្ដាយ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា វាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួង។ មាតាទូន្មានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាម ទើបមាតាយកទៅអោយនៅវត្តរៀនអក្សរ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តិដើរតែ លួចទ្រព្យគេយកមកចិញ្ចឹមមាតា និង អាត្មា។ គ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់។
ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោង អោយសេនាបតីនាហ្មឺនសព្វមុខមន្រ្ដីចូលគាល់ ទ្រង់មានព្រះឱង្ការថា «មានខែត្រមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០កហាបន: មកដាក់ឃ្លាំង យើងនឹងអោយទៅឈរជាចៅហ្វាយស្រុករក្សាខែត្រនោះ»។ ស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញ ។
គ្រានោះមន្រ្ដីតូចម្នាក់វិលមកផ្ទះ ដេកកើតទុក្ខចង់ធ្វើចៅហ្វាយស្រុកពន់ពេក។ លុះដល់វេលាយប់ចូលដំនេកនិយាយនឹង ភរិយាថា «នាងអើយឥលូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០កហាបនៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់អោយធ្វើចៅហ្វាយស្រុករក្សាខេត្រមួយដែលទំនេរ» ភរិយាឆ្លើយថា «អ្នកអើយ! ចិត្តខ្ញុំចង់អោយអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃយើងក្រីក្រតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ» និយាយហើយបន់ទេវតាថា «សូមទេវតាជួយខ្ញុំអោយបានប្រាក់ ៤០កហាបនៈ ថ្វាយស្ដេច ខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកគ្រានោះ »។
ពេលនោះអាចោរចិត្តជា វាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្រ្ដីនោះ វាបានលឺដូច្នោះ មានចិត្តអានិតក៏យកប្រាក់ ៤០កហាបនៈពីផ្ទះវា វេចនឹងកំនាត់សំពត់ជាតិមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកអោយមន្រ្ដីនោះ រួចត្រលប់ទៅវិញ ។ លុះភ្លឺច្បាស់មន្រ្ដីនោះភ្ញាក់ឡើងក្រលេកទៅឃើញបង្វេចសំពត់ ក៏ចាប់លើកស្រាយមើល ឃើញប្រាក់ ៤០កហាបន: អរណាស់ប្រាប់ ប្រពន្ធថា «យើងបានប្រាក់ ៤០កហាបនៈហើយ គឺទេវតាអោយ » ។ ប្រពន្ធស្ទុះមកឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។លុះដល់ថ្ងៃរសៀលមន្រ្ដីនោះ យកប្រាក់៤០កហាបនៈទៅថ្វាយស្ដេចដាក់ឃ្លាំង។ ព្រះរាជាក៏តាំងមន្រ្ដីនោះអោយធ្វើជាចៅហ្វាយស្រុករក្សាខែត្រនោះតទៅ ។
ឯអាចោរចិត្តជា កាលបើដឹងថាមន្រ្ដីនោះបានធ្វើចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខែត្រនោះ ធ្វើដំនើរអោយគេចាប់វាបានម្ចាស់ទ្រព្យនាំអាចោរចិត្តជានោះទៅជូនចៅហ្វាយស្រុក ចៅហ្វាយស្រុកបង្គាប់មេគុកអោយដាក់ច្រវាក់ឃុំទុក ក្រោមផ្ទះលោក។ វេលាយប់ស្ងាត់អាចោរចិត្តជានិយាយតែម្នាក់ឯងថា «ឱ! ហេតុតែឯងមានចិត្តអានិតគេ ៗចង់ ធ្វើចៅហ្វាយស្រុក ខ្លួនអែងប្រឹងយកប្រាក់ ៤០កហាបនៈវេចនឹងកំនាត់ជាតិ មកអោយគេទាំងយប់ អិលូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ឃុំឯងទុកអោយវេទនា»។ អាចោរចិត្តជានិយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុកនិង ប្រពន្ធ បានលឺចោរនិយាយដូច្នោះក៏ប្រឹក្សាគ្នាថា «ចោរវានិយាយនេះ ត្រូវដូចរឿងខ្លួនយើង គួរឆ្ងល់ណាស់គួរតែយើងចុះទៅសួរវាអោយជាក់ច្បាស់» ។ ទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចោរនោះថា «យើងលឺឯងនិយាយរឿងអី យើងស្ដាប់បានខ្លះ ចូរឯងនិយាយរឿងនោះអោយយើងស្ដាប់ក្នុង វេលានេះតាមពិត» ។ ទើបអាចោរចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិត កាលលោកនៅជាមន្រ្ដីតូច ពុំទាន់បានធ្វើចៅហ្វាយស្រុក វេលាយប់មួយនោះខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក លឺលោកនិយាយ នឹង ប្រពន្ធថា «យើងបានប្រាក់៤០កហាបនៈមកពីណាថ្វាយស្ដេច ៗអោយធ្វើចៅហ្វាយស្រុកខែត្រមួយ »។ ប្រពន្ធលោកថា «យើងក្រីក្រម្ល៉េះនឹងបានពីណា ?» ។ ខ្ញុំលឺដូច្នេះ មានចិត្តអានិតលោក ក៏ទៅយកប្រាប់ ៤០កហាបនៈពីផ្ទះ វេចនឹងកំនាត់ជាតី មកដាក់ជិតក្បាលដំនេកទុកជូនលោកខ្ញុំត្រលប់ទៅវិញ ថ្ងៃក្រោយលឺគេនិយាយថា លោកបានធ្វើចៅហ្វាយស្រុក ខ្ញុំក៏មកលួចក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកៗ ក៏ធ្វើទោសខ្ញុំមិនប្រណី »។
ចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យ ហើយថា «ឱ! អាសំលាញ់អើយ! ឱងនិយាយនេះពិតប្រាកដមែន ដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែអែងជួយ វេលានេះឯងកុំភ័យ កុំតូចចិត្ត ព្រឹកនេះអញ នឹងដោះលែងឯងអោយរួចចេញពីទោស មួយទៀតឯង និង អញយកគ្នាជាសំលាញ់តទៅ »។ ចៅហ្វាយស្រុកសួរថា «ឯងឈ្មោះអ្វី ? »។ បុរសនោះជំរាបថា « ខ្ញុំឈ្មោះអាចោរចិត្តជា »។ រួចចៅហ្វាយស្រុកក៏ឡើងលើផ្ទះវិញ ។
លុះភ្លឺច្បាស់ចៅហ្វាយស្រុកបង្គាប់មេគុកអោយដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា « អាសំលាញ់ឯងនៅ នឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត »។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនេះអញមិនឈប់ទេ ដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយ» ។ ចៅហ្វាយស្រុកក៏អោយប្រាក់ ៣០កហាបនៈយកទៅអោយមាតា។ អាចោរចិត្តជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា «ផ្ទះអាសំលាញ់ឯងនៅណា ? ចូរឯងប្រាប់អញអោយត្រង់ »។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ » ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះលោកយមរាជ និង មន្រ្ដីតូចម្នាក់ កើតសេចក្ដីវិវាទទាស់ទែងគ្នាជាយូរខែ ហើយមន្រ្ដីតូចនោះ គុំគិតសំលាប់លោកយមរាជនោះអោយបាន។ មន្រ្ដីតូចនោះមានស្រីបំរើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់។ ស្រីបំរើនខំផ្គាប់ផ្គន់ចៅហ្វាយមិនអោយទាស់ចិត្ត។ វេលាយប់ស្ងាត់មន្រ្ដីនោះនិយាយ នឹង ស្រីបំរើថា «វេលានេះ ចូរឯងអានិតអញពីព្រោះអញស្អប់លោក យមរាជណាស់អញចង់សំលាប់ចោល តែមិនដឹងរកអ្នកអែណាជួយរឿងនេះ សព្វថ្ងៃអញឃើញតែអែងមានប្រាជ្ញា» ហើយមន្រ្ដីនោះបង្គាប់ស្រីបំរើថា «ចូរអែងចេញពីអញទៅរកប្រាក់លោកយមរាជនៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេដូចកាលនៅនឹងអញបើឯងបំរើនខាងក្រៅ លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល អែងត្រូវចូលបំរើខាងក្នុងលុះបានហើយ ឯងចាំមើលរាល់វេលាយប់ស្ងាត់ កាលណាយមរាជនោះដេកលក់ ចូរឯងរំលាយសំណអោយពុះក្ដៅ រួចយកទៅចាក់ក្នុងមាត់ទៅ លោកយមរាជនឹងស្លាប់មិនខាន គ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដូចគំនិតនេះ អញនឹងចេញប្រាក់លួសឯងយកមកវិញអោយរួចពីខ្ញុំគេ »
ស្រីបំរើរនេះ ទទួលការសព្វគ្រប់ ។ វេលាយប់នោះអាចោរចិត្តជា ដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្រ្ដីនោះ កាលមន្រ្ដីនោះ និយាយបង្គាប់ស្រីបំរើអោយសំលាប់លោកយមរាជដូចម្ដេច ក៏វាស្ដាប់បានការណ៍ទាំងអស់ ។ ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះ លោកយមរាជក៏ទទួលចេញប្រាក់លួងអោយនៅបំរើរៀងមក។ នាងនោះផ្គាប់ផ្គុនខំបំរើ លោកយមរាជ និង លោកជំទាវមិនអោយទាស់ចិត្ត។ លោកយមរាជ និង លោកជំទាវក៏ទុកចិត្តសិ្នទ្ធស្នាលអោយចេញចូលខាងក្នុងបំរើជិតដិតរៀងមក។ វេលាមួយនោះពេលយប់ស្ងាត់ ស្រីបំរើនោះវាដឹងថា លោកយមរាជ និងលោកជំទាវសំរាន្ដលក់ហើយ វាដុតភ្លើងរំលាយសំណអោយពុះក្ដៅ ហើយវាលើកសំណនោះ ចាក់ក្នុងមាត់លោកយមរាជ ៗស្លាប់ទៅរួចវាត្រលប់ទៅដេកតាមកន្លែងវិញ ។
លុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថា ប្ដីស្លាប់ក៏ស្រែកទ្រហ៊ោយយំ មនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអ្វី ដោយគ្មានស្នាក់ស្នាមបន្តិចសោះ។ លោកជំទាវនោះទៅក្រាបបង្គំទូលស្ដេចតាមរឿងដែលស្លាប់។ ព្រះរាជាទ្រង់ក៏ចាត់មន្រ្ដីអោយមកមើល តែមិនដឹងស្លាប់ពីរឿងអ្វី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង។ ព្រះរាជាទ្រង់អោយយកសពទៅបញ្ចុះទុកតាមគួរ។
ក្រោយនោះជារដូវបុណ្យទ្វារទសមាស នាហ្មឺនសព្វមុខមន្រ្ដីចូលគាល់ព្រះមហាក្សត្រៗ ទ្រង់មានព្រះរាជអោង្ការថា «បើអ្នកឯណា រកឈ្មោះមនុស្សដែលសំលាប់យមរាជបានដឹងច្បាស់ប្រាកដ យើងអោយធ្វើទីយមរាជ» រួចទ្រង់ស្ដេចយាងចូលខាងក្នុងវិញ ។ សេនាបតីនាហ្មឺនសព្វមុខមន្រ្ដី ក៏ទៅផ្ទះរៀងខ្លួនវិញ ។ គ្រានោះចៅហ្វាយស្រុកដែលជា សំលាញ់អាចោរចិត្តជា ចង់ធ្វើ យមរាជណាស់ បានទៅរកអាចោរចិត្តជា ៗសួរថា «អាសំលាញ់ ឯងមករកអ្វី? »។ ចៅហ្វាយស្រុកប្រាប់ថា «អញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ពីរោគអ្វី ឥលូវស្ដេចមានព្រះរាជឱង្ការថា «បើអ្នកឯណារកឈ្មោះមនុស្សដែលសំលាប់លោកយមរាជឃើញពិតប្រាកដ ទ្រង់ នឹង អោយធ្វើទីយមរាជ រឿងនេះអាសំលាញ់ឯង បានដឹងរឺទេ ? ត្បិតអញចង់ធ្វើយមរាជណាស់ » អាចោរចិត្តជាឆ្លើយថា «រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនេះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្រ្ដីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច មន្រ្ដីនោះប្រាប់ស្រីបំរើម្នាក់ថា « អញស្អប់លោកយមរាជពេក ចង់សំលាប់ចោល ព្រោះជាសត្រូវ នឹង អញ ក្នុងគ្រានេះត្រូវឯងជួយអញជាប្រាកដ ដូច្នោះត្រូវឯងចេញពីផ្ទះអញ ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលអោយនៅត្រូវឯងខំបំរើគេអោយត្រូវចិត្តបើគេទុកចិត្តស្និទ្ធស្នាល ប្រើចេញចូលនៅខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយ សំណអោយពុះ ក្ដៅហើយយកទៅចាក់ក្នុងមាត់ លោកយមរាជកំពង់ដេកលក់ គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រាកដ សំលាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែអោយគាស់ខ្មោចលោកយមរាជនោះមកវះមើល បើឃើញសំណនៅក្នុង ពោះខ្មោចនោះមែនអាសំលាញ់ឯង នឹង បានធ្វើយមរាជមិនខាន »។
ចៅហ្វាយស្រុកស្ដាប់បានការហើយត្រលប់ទៅផ្ទះវិញ ។ ថ្ងៃក្រោយចៅហ្វាយស្រុកទៅទូលស្ដេចតាមរឿង ស្ដេចទ្រង់អោយភ្ជាក់ងារទៅចាប់មន្រ្ដីនោះ និងមេស្រីនោះយកមកឃុំទុក ទ្រង់អោយគាស់ខ្មោចលោកយមរាជ មកវះមើលឃើញសំណនៅក្នុងពោះមែន ទ្រង់អោយជំនុំរឿងនោះ មេនោះឆ្លើយថា «ខ្ញុំសំលាប់លោកយមរាជពិតប្រាកដ »ទ្រង់អោយប្រហារជីវិតទាំងពីរនាក់ ចោលទៅ ទ្រង់ក៏តាំងចៅហ្វាយស្រុកនោះអោយធ្វើទីយមរាជ ។ អែចៅហ្វាយស្រុកកាលបើធ្វើទីយមរាជហើយ អោយបំរើទៅហៅអាចោរចិត្ដជា ជាសំលាញ់មក លុះមកដល់ប្រាប់ថា «អាសំលាញ់អើយ! ឯងមានគុណ នឹងអញច្រើនណាស់ ឥលូវនេះអញបានធ្វើយមរាជហើយ ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចគេទៀត អញចិញ្ចឹម មាតាឯង នឹងសំលាញ់ឯងលុះអស់ជីវិត » ។ អាចោរចិត្តជាឆ្លើយថា « អញសុំលួចតែម្ដងទៀត» រួចត្រលប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់ និង សំពត់អាវជាច្រើនយកទៅជូនមាតា។
លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថា «អាសំលាញ់យប់មិញអញចូលលួចគេបានប្រាក់ និងសំពត់អាវច្រើនណាស់ ពីថ្ងៃនោះតទៅ អញលះបង់ចោលរឿងរកស៊ីលួចគេហើយ អាសំលាញ់ឯងជឿចុះ»។ លោកយមរាជតបថា « បើឯងឈប់រកស៊ីលួចគេនេះអញអរណាស់បើខ្វះខាតអ្វីមករកអញៗ អោយឯងកុំទើសទាល់ អញចិញ្ចឹមលុះអស់ជីវិត ។ អាចោរចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ។ លោកយមរាជ និងអាចោរចិត្តជាស្រលាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដូចបានសន្យាគ្នាមក។
សុភាសិតទាំងទងនឹងរឿងនេះ
[កែប្រែ]មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែររបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស[តំណភ្ជាប់ខូច]