Jump to content

អង់គ្លេស

ពីវិគីភីឌា

អង់គ្លេស (ភាសាអង់គ្លេស​៖ England) គឺជា​ប្រទេស​មួយ​នៃ​សហរាជាណាចក្រ​។ ប្រទេស​នេះ មាន​ប្រជាជន​ជាង ៨៣% នៃ​ប្រជាជន​សរុប​នៃ​សហរាជាណាចក្រ ដែល​មាន​ផ្ទៃដី​ប្រមាណ ២/៣ នៃ​កោះ "Great Britain" ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​កោះ​នេះ​។ អង់គ្លេស មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង ប្រទេស​ស្កុតឡែន និង ខាងលិច​ជាប់​ជាមួយ​ប្រទេស​វ៉ែល ក្រៅ​ពី​នេះ​គឺ​ជាប់​នឹង សមុទ្រ​ខាងជើង សមុទ្រ​អៀរឡង់ សមុទ្រ​សែលទិក ច្រកសមុទ្រ​ប្រ៊ីស្តុល និង ច្រកសមុទ្រ​អង់គ្លេស​។ ទីក្រុង​ឡុងដ៍ គឺជា​រាជធានី​របស់​អង់គ្លេស និង ជា​ទីក្រុង​ធំ​បំផុត​នៃ​សហរាជាណាចក្រ និង ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​សហភាពអឺរ៉ុប​។

អង់គ្លេស បាន​ក្លាយជា​រដ្ឋ​ឯកភាព​នៅ​ឆ្នាំ​៩២៧ ដែល​ជា​កុលសម្ព័ន្ធ​អាល្លឺម៉ង់​មួយ បាន​តាំងទី​លំនៅ​នៅ​ទីនោះ​ក្នុងកំលុង​សតវត្ស​ទី៥ និង ទី៦​។ ប្រទេស​នេះ បាន​ផ្សាយ​វប្បធម៌ និង ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន​ទៅ​ទូទាំង​ពិភពលោក​ទាំងមូល ដែល​ជា​ប្រភព​ដើម​នៃ ភាសាអង់គ្លេស វិហារ​គ្រិស្តសាសនា​អង់គ្លេស ប្រព័ន្ធ​ច្បាប់​អង់គ្លេស ដែល​បង្កើត​បាន​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ច្បាប់​ទូទៅ (Common Law) នៃ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ លើស​ពី​នេះ​ទៅទៀត អង់គ្លេស​គឺជា​ទីកន្លែង​កំណើត​នៃ​បដិវត្តន៍​ឧស្សាហកម្ម និង ជា​ប្រទេស​ទីមួយ​នៅ​លើ​ពិភពលោក​ដែល​បាន​ធ្វើ​ឧស្សាហូបនីយកម្ម​។ វា​គឺជា​មណ្ឌល​នៃ "សមាគម​ព្រះរាជា" (Royal Society) ដែល​ជា​កន្លែង​ស្ថាបនា​នូវ​ការ​ពិសោធ​វិទ្យាសាស្ត្រ​ទំនើប​។ អង់គ្លេស គឺជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​អាស្រ័យ​សភា​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហេតុ​ដូច្នេះ​ហើយ ច្បាប់ និង របៀប​គ្រប់គ្រង​រដ្ឋ​របស់​អង់គ្លេស ត្រូវ​បាន​ប្រជាជាតិ​ជាច្រើន​នៅលើ​ពិភពលោក​យក​គំរូ​តាម​។

នា​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​១៧០៧ "រាជាណាចក្រ​សហភាព​អង់គ្លេស" (Kingdom of Great Britain) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ឯកភាព​នយោបាយ រវាង​រាជាណាចក្រ​អង់គ្លេស (មាន​បញ្ចូល​ទាំង​ប្រទេស​វ៉ែល​ផង​ដែរ) និង រាជាណាចក្រ​ស្កុតឡែន​។