វណ្ណ មូលីវណ្ណ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| វណ្ណ មូលីវណ្ណ | |
| កើត | ២៣ វិច្ឆិកា ១៩២៦ ស្រុករាម ខេត្តកំពត កម្ពុជា |
| សញ្ជាតិ | |
| ផ្នែក | ស្ថាបត្យកម្ម |
| ការសិក្សា | សាលាវិចិត្រសិល្បៈជាតិជាន់ខ្ពស់ (École nationale supérieure des Beaux-Arts),ប៉ារីស,បារាំង |
| ចលនា | ស្ថាបត្យកម្មខ្មែរទំនើប |
| ស្នាដៃល្បីៗ | សាលសន្និសិទចតុមុខ វិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិអូឡាំពិច |
លោក វណ្ណ មូលីវណ្ណ គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេស កម្ពុជា។ លោកបានរួចចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមានការរីកចំរើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។
លោក វណ្ណ មួលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ ដើមឡើយ លោកសិក្សាផ្នែកនីតិសាស្ត្រទេ។ លោកបានទទួលអាហារូបករណ៍ទៅរៀននៅទីក្រុងប៉ារីស ប្រទេសបារាំង។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំនេះដឹងនិងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។ មួយឆ្នាំក្រោយមក ក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងអាគារបុរាណៗ វត្តអារាម និងសំនង់សំនល់ពីសម័យអាណានិគម។ ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសិទចតុមុខ អាគារគណរដ្ឋមន្ត្រី។ លោកក៏បានគូរប្លង់វត្តអារាម និង ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ ១៩៦៣ លោកបានគូរប្លង់ពហុកីឡាដ្ឋានជាតិអូឡាំពិច ដែលអាចទទួលទស្សនិកជនបានប្រហែល ៤ម៉ឺននាក់។ នៅឆ្នាំដដែល លោកបានស្ថាបនា សាលមហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា)។ លោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរ។
នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណនិងគ្រួសារបានភៀសខ្លួនទៅរស់នៅប្រទេសស្វីស។ លោកធ្វើការអោយ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ ១៩៩៣។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។

