ការបង្រៀនដែនដីបរិសុទ្ធ
ព្រះពុទ្ធសាសនា មហាយាន |
EN: Pure Land Buddhism
ការបង្រៀននៃដែនដីបរិសុទ្ធ
[កែប្រែ]ហ្សេន តៀនតៃ និងដែនដីបរិសុទ្ធ (Zen T’ien Tai and Pure Land) ជាការរៀនសូត្រ ខាងផ្នែកព្រះពុទ្ធសាសនាមហាយាន ដែលគេស្គាល់ច្រើនជាងគេ នៅក្នុងអាស៊ីភាគអាគ្នេយ៍ ។ ជាពិសេស ដែនដីបរិសុទ្ធ ជាផ្នែកដែលគេនិយមចូលចិត្តជាច្រើន ។ ប៉ុន្តែផ្លែកគ្នាពីហ្សេន និងតានត្រិកនិយម (ហិនឌូលាយពុទ្ធសាសនា) ដែលមានអ្នកគាំទ្រច្រើនក្នុងប្រទេសខាងលិច ដែនដីបរិសុទ្ធពុំសូវមានជនជាតិ នៃប្រទេសខាងលិចស្គាល់ទេ លើកលែងតែក្នុងចំណោមអ្នកចេះដឹងជ្រៅជ្រះ ។ ការបង្រៀនអំពីដែនដីបរិសុទ្ធ អាចលើកយកមកបង្ហាញ ដើម្បីជាប្រយោជន៍របស់អ្នកអាន ដូចតទៅ៖
គោលដៅនៃសាលាពុទ្ធសាសនា (មហាយាន) ទាំងអស់គឺ ដើម្បីអ្នកប្រតិបត្តិបានសម្រេចនូវពុទ្ធភូមិ មានន័យថា បានជាអ្នកត្រាស់ដឹងធម៌ (ព្រះពុទ្ធ) ។ ដូច្នេះអនុវត្តព្រះពុទ្ធសាសនា គឺសម្រេចការត្រាស់ដឹង បញ្ញាត្រាស់ដឹង ។ ពិតមែនតែមានផ្លូវជាច្រើន ដែលអាចនាំទៅដល់ទីដៅនេះ ផ្លូវទាំងអស់នោះទាក់ទង ទៅនឹងការកំចាត់លោភៈទោសៈមោហៈ ទាំងអស់ដូចគ្នា ដូច្នេះធ្វើអោយចិត្តបានបរិសុទ្ធ (បារមីតា) ។ គម្ពីរសូត្រពុទ្ធសាសនា តែងរាប់ជាទំនៀមនូវបារមីតា១០ ដែលសង្ខេបមកជា៣ គឺសីល-សមាធិ-បញ្ញា ។
ដែនដីបរិសុទ្ធ ឬថាការសូត្រព្រះនាមព្រះពុទ្ធ ជាវិធីរបស់មហាយាន ដែលប្រើបច្ចេកទេស នៃសមាធិនិងការរំពឹងមើលក្នុងចិត្ត (ព្រះពុទ្ធអាមិតាភៈ និងទឹកដីឋានរបស់ ព្រះអង្គ) ហើយនិងការសូត្រដោយមាត់ នូវព្រះនាមរបស់ព្រះពុទ្ធ ដើម្បីសម្រេចនូវបារមីតានេះ ។ គឺថា នៅពេលដែលអ្នកអនុវត្តរវល់តែស្មឹងស្មាធ រំពឹងមើលព្រះពុទ្ធក្នុងចិត្ត ឬសូត្រព្រះនាមព្រះពុទ្ធ គាត់ពុំអាចប្រព្រឹត្តកន្លង រំលោភលើសិក្ខាបទណាមួយឡើយ ។ ដូច្នេះគាត់បានបំពេញនូវបារមីតានៃសីល បានបរិបូរណ៍ ។ ដូចគ្នាយ៉ាងនេះដែរ ការសូត្រព្រះនាមព្រះពុទ្ធ ប្រកបដោយអារម្មណ៍មូលតែមួយ ក៏បំពេញបារមីតានៃសមាធិ ស្មើគ្នាដែរ ។ កាលបើបានសម្រេចសមាធិចិត្តហើយ ចិត្តរបស់យោគាវចរក៏ស្ងប់ស្ងៀមទទេ ដែលអាចអោយបញ្ញានៃកំណើតដើមបង្អស់កើតឡើង - គឺបញ្ញានៃព្រះពុទ្ធ១អង្គ ។
ដូច្នេះការសូត្រព្រះនាមព្រះពុទ្ធរបស់អ្នកអនុវត្ត តាមការប្រឹងប្រែងផ្ទាល់ខ្លួនរបស់គាត់ អាចអោយនាំទៅកាន់ពុទ្ធភូមិបាន ។ នេះជារបៀបងាយស្រួល ត្រង់ទៅមុខ ជំនួសការបួសជាភិក្ខុ (ថេរវាទ) ការសិក្សាជ្រាលជ្រៅនូវគម្ពីរបិដកនិងសូត្រ ការធ្វើយោគី ឬការធ្វើពិធីសាសនា (សាលាតានត្រិក) ជំនួសការអង្គុយចំរើនសមាធិដ៏ល្អិតល្អន់ ក្រោមការពិនិត្យអំពីគ្រូ ដែលមានសមត្ថភាពខ្ពង់ខ្ពស់ (ហ្សេន) ។ តាមទ្រឹស្តីនៃដែនដីបរិសុទ្ធ អ្នកអនុវត្តភាគច្រើន ក្នុងភាពចុះអន់ថយតាមអាយុ ឃើញថា ការពឹងពាក់លើកម្លាំងផ្ទាល់ខ្លួន ការជួយខ្លួនដោយខ្លួនឯង ជាការពិបាកនិងតឺងតែងហួសពេក ។ ព្រោះហេតុនោះហើយទើប ក្នុងការបង្រៀនអំពីដែនដីបរិសុទ្ធ ព្រះពុទ្ធសក្យមុនីគោតម ដោយសេចក្តីអាណិតករុណា បានបង្ហាញនូវសារៈសំខាន់ នៃកម្លាំង ជំនួយបន្ថែម ។ កម្លាំងបន្ថែមនោះគឺ ការអាស្រ័យពឹងពាក់លើអធិដ្ឋាន (ការប្រកាសបួងសួង) របស់ព្រះពុទ្ធជំនាន់ដើម ព្រះនាមអាមិតាភៈ (Amitabha) ដែលព្រះអង្គបានប្រកាស កាលពីច្រើនពាន់កោដិលាន កប្បកន្លងមកហើយ ថានឹងទទួលយកសត្វលោកមានវិញ្ញាណ (មនុស្ស) អោយទៅកើតក្នុងស្ថានបរមសុខ របស់ព្រះអង្គ (Land of Ultimate Bliss) ស្ថិតនៅទិសខាងលិច ដែលជាស្ថានប្រសើរក្រៃលែង ជាងស្ថានព្រះពុទ្ធឯទៀតទាំងអស់ សម្រាប់ហាត់រៀន ដើម្បីត្រាស់ដឹង ។ កាលណាបានទៅដល់ ដែនដីបរិសុទ្ធនេះ ហើយការហាត់រៀនបានដល់ទីបញ្ចប់ អ្នកអនុវត្តនឹងយល់ដឹងតាមសភាព ពិតថា ការហាត់រៀនគឺ មិនមែនជាការហាត់រៀន ហើយទីកន្លែងហាត់រៀន ដែនដីបរិសុទ្ធ គ្រាន់តែជាចិត្ត (Mind) ប៉ុណ្ណោះ ការកើតនៅពេលស្លាប់ គឺការកើតក្នុងចិត្តរបស់យើងប៉ុណ្ណោះឯង ។ ដូច្នេះការប្រតិបត្តិបែបដែនដីបរិសុទ្ធនេះ ដែលមានជំហ៊រមាំលើបញ្ញា និងសទ្ធា ជាវិធីជ្រាលជ្រៅ តែងាយស្រួល ហើយអាចអនុវត្តនៅពេលណា ទីកន្លែងណាក៏បាន ក្នុងស្ថានភាពបែបណាក៏បាន ដោយមិនចាំបាច់សិក្សាច្រើនឡើយ ។ វិធីដែនដីបរិសុទ្ធនេះ អាចអោយអ្នកអនុវត្តទូទៅ គ្រប់ជាន់ថ្នាក់នៃបញ្ញា និងការរីកចំរើន ធ្វើបានទាំងអស់ ។
ព្រះពុទ្ធសក្យមុនីគោតម បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ពុំមែនដោយសារការហាត់រៀន អំពីគ្រូអាចារ្យណាមួយឡើយ ។ ព្រះអង្គធ្លាប់មានព្រះបន្ទូលថា ធម៌ដែលតថាគតត្រាស់ដឹង ជាធម៌បូរាណដែលមានស្រាប់ មិនមែនតថាគតបង្កើតឡើងទេ តថាគតគ្រាន់តែរកឃើញ ធម៌ទាំងនោះប៉ុណ្ណោះ ។ អ្នកចេះដឹងខ្លះក្នុងនិកាយមហាយាន ពន្យល់ថា បញ្ញាព្រះពុទ្ធមានស្រាប់ របស់សត្វមានវិញ្ញាណនិមួយៗ តាំងពីកំណើតដើមដំបូង (រាប់ពាន់កោដិលានកប្បកន្លងមក)តែបានធ្លាក់ចុះក្នុងសង្សារវដ្ត (ការវិលកើតវិលស្លាប់) ព្រោះមានកម្មនិងផល ដែលគ្រាន់តែដូចសុបិន (ការយល់សប្តិ មិនពិត) ។ នៅពេលដែលសត្វមានវិញ្ញាណ ភ្ញាក់ពីសុបិនដ៏ជ្រៅនេះ គេនឹងឃើញអ្វីៗតាមការពិតទាំងអស់ គឺត្រាស់ដឹងជាព្រះពុទ្ធនោះឯង ។ ព្រះពុទ្ធសក្យមុនីបានភ្ញាក់ពីសុបិន ក្រោមដើមពោធិព្រឹក្ស ទើបព្រះអង្គមានងារថាព្រះពុទ្ធ The Awaken One ។ ដើម្បីបានភ្ញាក់ពីសុបិនដ៏ជ្រៅនេះ សត្វមានវិញ្ញាណត្រូវតែកំចាត់បង់ កម្មពីមុនចេញទាំងអស់ ។ ព្រះសិទ្ធត្ថគោតម បានផ្តាច់កម្មរបស់ព្រះអង្គ ដោយបារមី១០ រាប់កប្បអសង្ខ័យពុំអស់ ឯចំណែកយើងគ្រប់គ្នានេះ កុំថាឡើយកំចាត់កម្មអោយអស់ យើងចេះតែធ្វើកម្មបន្ថែមទៀត រៀងរាល់ថ្ងៃ តើកាលណាយើងនឹងអាច ភ្ញាក់ពីសុបិនដ៏ជ្រៅនេះបាន?
ក្នុងជំនាន់ព្រះពុទ្ធគង់នៅ ភិក្ខុក្នុងសាសនាព្រះអង្គ បានសម្រេចនិព្វាន រាប់ពាន់អង្គ ក៏ដោយសារបារមីព្រះពុទ្ធ ។ ឥឡូវនេះគ្មានបារមីព្រះតថាគត ជួយដូចកាលព្រះអង្គគង់នៅទេ ទើបគ្មាននរណាម្នាក់បានសម្រេច ជាព្រះអរហន្តឡើយ ។ ដោយសេចក្តីករុណាអាណិតអាសូរ ព្រះពុទ្ធសក្យមុនី បានទេសនាបង្ហាញផ្លូវ ដល់អ្នកដែលទន់ខ្សោយ អោយប្រតិបត្តតាម ដើម្បីអោយបានដល់ការត្រាស់ដឹងដូចព្រះអង្គផង ។ ធម្មទេសនានេះមានក្នុងគម្ពីរ សុខាវតីវ្យូហសូត្រ (Sukhavativyuha Sutra) (គម្ពីរមហាយាន) អំពីដែនដីបរិសុទ្ធ របស់ព្រះពុទ្ធជំនាន់ដើម ព្រះនាមអាមីតាភៈ ដែលកំពង់តែបង្រៀនធម៌សព្វថ្ងៃនេះ ។
សូមអានគម្ពីរ - មហាសុខាវតីវ្យូហសូត្រ