Jump to content

បុព្វកថាដែនដីបរិសុទ្ធ

ពីវិគីភីឌា
ព្រះពុទ្ធសាសនា
មហាយាន


Pure Land Buddhism
ព្រះពុទ្ធសាសនាដីបរិសុទ្ធ

ដែនដីបរិសុទ្ធ

បុព្វកថាដែនដីបរិសុទ្ធ

ការបង្រៀនដែនដីបរិសុទ្ធ

មហាសុខាវតីវ្យូហសូត្រ

ព្រះពុទ្ធអាមីតាភៈ(កណ្តាល)
ព្រះពោធិសត្វអវលោកិតេស្វារៈ (ស្តាំ)
ព្រះពោធិសត្វមហាស្ថាមប្រាប្តៈ(ឆ្វេង)

EN: Pure Land Buddhism

បុព្វកថានៃដែនដីបរិសុទ្ធ

[កែប្រែ]

បន្ទាប់ពីបរិនិព្វាន របស់ព្រះពុទ្ធសក្យមុនីគោតម ការប្រៀនប្រដៅរបស់ព្រះអង្គ បានផ្សាយទៅទិសសំខាន់២ គឺទិសខាងត្បូង (ប្រពៃណីថេរវាទ) ហើយនិងទិសខាងកើត(ប្រពៃណីមហាយាន) ទៅកាន់ប្រទេសចិន វៀតណាម កូរ៉េ ជប៉ុន...។ ក្នុងអាស៊ីខាងកើត ការប្រៀនប្រដៅទាំងនេះ រីកចំរើនទៅក្នុង មណ្ឌលសិក្សាផ្សេងៗចំនួន១០ ហើយ១ភាគធំស្ថិតនៅសំខាន់ រហូតសព្វថ្ងៃនេះ- ហ្សេន តានត្រិក និងដែនដីបរិសុទ្ធ ។ ដែនដីបរិសុទ្ធជាបែបព្រះពុទ្ធសាសនា ដែលរីកចំរើនខ្លាំងបំផុត ក្នុងអាស៊ីខាងកើត ។

មណ្ឌលសិក្សាទាំងនេះ បង្រៀនគោលសំខាន់ នៃសេចក្តីពិតតែមួយដូចគ្នាគឺៈ កុំធ្វើអំពើបាប ចូរធ្វើអំពើបុណ្យ រក្សាចិត្តឲ្យបរិសុទ្ធ ។ ស្របតាមគំនិតនេះ របៀបដែនដីបរិសុទ្ធ ជារបៀបងាយស្រួលហើយត្រង់ ។ អ្នកបដិបត្តិអាចបានអារម្មណ៍ស្ងប់ តាមរយៈការផ្ចង់សតិលើព្រះពុទ្ធ (សូត្រព្រះនាមព្រះពុទ្ធ) ហើយសម្រេចនូវសមាធិ និងបញ្ញា ។ ដូច្នេះការទៅកើតក្នុង ដែនដីបរិសុទ្ធ (ក្នុងចិត្តបរិសុទ្ធ) អ្នកនោះគង់នឹងបានសម្រេច នូវពុទ្ធភូមិក្នុងទីបំផុត ។ នេះជាខ្លឹមសារនៃការបង្រៀន ដ៏សំខាន់តែមួយរបស់ហ្សេន និងមណ្ឌលសិក្សាឯទៀតទាំងអស់ នៃមហាយាន ។

យ៉ាងណាក៏ដោយ ចំណុចសំខាន់នៃការសិក្សា ដែនដីបរិសុទ្ធ ស្ថិតនៅក្នុងទីផ្សេង ។ ដែនដីបរិសុទ្ធផ្តល់ឲ្យ នូវរបងសន្តិសុខមួយ កន្លែងពឹងពាក់អាស្រ័យ ចុងក្រោយមួយ ដល់មនុស្សគ្រប់គ្នា ដោយសេចក្តីករុណា របស់ព្រះពុទ្ធ អាមិតាភៈ- ដោយអធិដ្ឋានរបស់ព្រះអង្គ ។ ទស្សនៈនៃដែនដីបរិសុទ្ធ ទាំង២រួមគ្នា គំនិតនិងទឹកដីរំដោះ ត្រូវផ្តល់ឲ្យដោយជាក់ច្បាស់ ដែលមនុស្សគ្រប់រូប អាចឈោងយកបាននូវការរំដោះ ដែលព្រះពុទ្ធសក្យមុនី បានត្រាស់សម្តែងហើយ ។

ប៉ុន្តែហេតុអ្វីបានជាយើង ត្រូវសំអាតចិត្តឲ្យបរិសុទ្ធ ហើយស្វែងរកការរំដោះខ្លួន? ពីព្រោះនៅក្នុងដែនដី នៃការកើតស្លាប់ ក្រោមអំណាចនៃពិសពុល៣យ៉ាង គឺលោភៈ ទោសៈ មោហៈ យើងទាំងអស់គ្នា ត្រូវទទួលនូវទុក្ខ- ទុក្ខដែលធំបំផុតគឺមរណៈ ។

គឺមកអំពីហេតុនេះហើយ ទើបនៅពេលព្រះពុទ្ធសក្យមុនី សម្តែងអរិយសច្ចៈ៤ ដល់ព្រះកោណ្ឌិន្យនិងមិត្ត ព្រះអង្គបង្រៀនអំពី ទុក្ខអរិយសច្ចៈទី១ ។ លិខិត១របស់ព្រះមហាថេរៈយិនគង់ (សង្ឃរាជចិនទី១៣ នៃដែនដីបរិសុទ្ធ ១៨៦១-១៩៤០) មានសេចក្តីថាៈ ប្រសិនបើអ្នកកំពុងតែរងទុក្ខ ហើយអ្នកឃើញ ដោយពិតថា អ្នកមានការចង់ដឹងហេតុផល សេចក្តីអត់ធ្មត់ និងការគ្រប់គ្រងលើចិត្តរបស់ខ្លួន ក្នុងភាពជាមនុស្សសាមញ្ញ ធម្មតាតែប៉ុណ្ណោះ នោះដែនដីបរិសុទ្ធនេះ ជារបស់អ្នកហើយ! ដែនដីបរិសុទ្ធគឺ អំពីសេចក្តីទុក្ខ ហើយនិងការរំដោះខ្លួន អំពីទុក្ខ ។

ប្រពៃណីដែនដីបរិសុទ្ធ

[កែប្រែ]

គោលដៅនៃការបដិបត្តិ ព្រះពុទ្ធសាសនា គឺដើម្បីសម្រេចការត្រាស់ដឹង និងឆ្លងផុតការវិលកើតវិលស្លាប់- ពោលគឺសម្រេចនូវពុទ្ធភូមិ ។ ក្នុងប្រពៃណីមហាយាន ល័ក្ខខ័ណ្ឌដំបូងសម្រាប់ពុទ្ធភូមិ គឺពោធិចិត្ត អ្នកមានមហិច្ឆតា ប្រាថ្នាការត្រាស់ដឹង ដើម្បីផលប្រ យោជន៍នៃសត្វលោកទាំងអស់ រួមទាំងខ្លួនឯងផង ។

ដោយមកពីសត្វលោក មានកំរិតជំនឿនិងការទោរទន់ ផ្សេងៗគ្នា ថ្នាក់នៃការបង្រៀន និងវិធីនៃការបង្រៀនជាច្រើន បានត្រូវរៀបរៀងឡើង ដើម្បីឲ្យបានដល់គ្រប់គ្នា ។ ជាប្រពៃណី គម្ពីរទាំងឡាយនិយាយអំពី ព្រះធម៌៨ម៉ឺន៤ពាន់ គឺថាមានវិធីរាប់ពុំអស់ ទៅតាម ស្ថានភាព ពេលវេលា និងអ្នកស្តាប់ ។ វិធីទាំងនេះ ជាវិធីស័ក្តសិទ្ធិ- ឱសថខុសគ្នា ប្រើចំពោះបុគ្គល ដែលមានជម្ងឺខុសគ្នា នៅពេលផ្សេងគ្នា ប៉ុន្តែវាត្រូវតែល្អ ហើយពេញបរិបូណ៌ ។ ក្នុងវិធីនិមួយៗ ការធ្វើបានសម្រេច ឬមិនបានសម្រេច នៃការបដិបត្តិ របស់ បុគ្គលម្នាក់ៗ ស្ថិតនៅលើជំរៅ នៃការប្រតិបត្តិន៍ ហើយនិងចិត្តរបស់ខ្លួន គឺសេចក្តីយល់ដឹង ។

កម្លាំងផ្ទាល់ខ្លួន កម្លាំងដទៃ

[កែប្រែ]

ចំណែកនៃវិធីរបស់ព្រះធម៌ និងសូត្រដែលវិធីត្រូវលើក យកមកពន្យល់ក្នុងនោះ មាន២គឺវិធីពឹងលើកម្លាំងផ្ទាល់ខ្លួន ហើយនិងវិធី ដែលពឹងលើជំនួយ របស់ព្រះពុទ្ធនិងព្រះពោធិសត្វ ។ ជាប្រពៃណី មណ្ឌលសិក្សា ព្រះពុទ្ធសាសនា ភាគច្រើន ប្រើវិធីពឹងកម្លាំង ផ្ទាល់ខ្លួនៈ សេចក្តីចំរើនក្នុងផ្លូវ នៃការត្រាស់ដឹង សម្រេចបានត្រឹមតែ ដោយសារការអត់ធ្មត់និងប្រឹងប្រែង ដ៏មោះមុតផ្ទាល់ខ្លួនឯង ។ ព្រោះតែមានការទាក់ទង នឹងការតម្រូវនិងការខិតខំ មណ្ឌលសិក្សា នៃប្រពៃណីកម្លាំងផ្ទាល់ខ្លួន ទាំងអស់ត្រូវមានការលំអៀង ក្នុងអារាម ។ ពួកគ្រហស្ថជាទូទៅ មានមុខងារត្រឹមតែ ជាអ្នកឧបត្ថម្ភ ឯអ្នកមានសទ្ធាជ្រាលជ្រៅ ចូលទៅកាន់ ក្រុមភិក្ខុឬភិក្ខុនី ។ ប្រពៃណីនេះ គឺថេរវាទហើយនិងហ្សេន ។

ស្របគ្នាជាមួយនេះ ជាពិសេសបន្ទាប់ពីការរីកចំរើន នៃមហាយាន ហើយនិងការកើនចំនួន នៃព្រះពុទ្ធសាសនាផ្នែកគ្រហស្ថ ប្រពៃណីទន់ភ្លន់ ក៏បានកើតឡើង បញ្ចូលកម្លាំងផ្ទាល់ខ្លួន ជាមួយនឹងកម្លាំងដទៃ- ជំនួយនិងការគាំទ្រ ដែលព្រះពុទ្ធនិងព្រះពោធិសត្វ ផ្តល់ឲ្យដល់ អ្នកស្វែងរកផ្លូវ ដែលស្មោះត្រង់ ។ តំណាងនៃប្រពៃណីនេះ ភាគច្រើនគឺ មណ្ឌលសិក្សា ក្រុមភាគតិចឯសោតេរិក ហើយនិងដែនដីបរិសុទ្ធ ។ យ៉ាងណាក៏ដោយខុសគ្នាពីហ្សេន ដែនដីបរិសុទ្ធ មិនយកចំណងទាក់ទង រវាងគ្រូនឹងសិស្ស និងសាលារងគុរុ និងពិធីបន់ស្រន់ ថាជាសំខាន់ទេ ។ ម៉្យាងទៀត ទិសដៅរបស់ដែនដីបរិសុទ្ធ- កំណើតក្នុងដែនដីសុខាវតី តាមរយៈឫទ្ធិបារមីនៃ អធិដ្ឋានរបស ព្រះពុទ្ធអាមិតាភៈ ជាគោលដៅពិតប្រាកដ ពិតមែនតែត្រូវឲ្យយល់ច្បាស់ ក្នុងកំរិតជាច្រើនថ្នាក់ ។ ក្នុងទីនោះហើយ ដែលមានការទាក់ទាញចិត្ត និងកម្លាំងនៃដែនដីបរិសុទ្ធ ។

ដែនដីបរិសុទ្ធពោលដោយសង្ខេប

[កែប្រែ]

ដែនដីបរិសុទ្ធ ដូចគ្នានឹងមណ្ឌលសិក្សា មហាយានទាំងអស់ដែរ តម្រូវជាដំបូង និងសំខាន់ជាងគេបំផុត ឲ្យចំរើនពោធិចិត្ត សេចក្តីប្រាថ្នាដ៏ខ្លាំងក្លា នូវពុទ្ធភូមិ ដើម្បីផលប្រយោជន៍ នៃសត្វលោកទាំងអស់ ។ ចាប់តាំងពីដើមទីទៅ គោលការណ៍សំខាន់ នៃការសិក្សាអាចយល់បាន តាមថ្នាក់សំខាន់២ ថ្នាក់លោកុត្តរៈ (ផុតពីត្រៃលោក) និងថ្នាក់ប្រជាប្រិយ- ទៅតាមការពិសោធន៍ និងសមត្ថភាព របស់អ្នកបដិបត្តិ ។

១- ក្នុងថ្នាក់ប្រជាប្រិយ ចំពោះអ្នកបដិបត្តិសាមញ្ញធម្មតា ក្នុងអារម្មណ៍ នៃការអន់ថយអាយុ ២៦សតវត្សកន្លងមក បន្ទាប់ពីព្រះពុទ្ធបរិនិព្វាន ដែនដីបរិសុទ្ធ ទាក់ទងទៅនឹងការស្វែងរកកំណើត ក្នុងដែនដីរបស់ ព្រះពុទ្ធអាមិតាភៈ ។ បំណងនេះអាចសម្រេច បានតែក្នុង១ជាតិ តាមរយៈការសូត្រ ព្រះនាមព្រះពុទ្ធ ប្រកបដោយសទ្ធាស្មោះត្រង់និងអធិដ្ឋាន ដែលនាំឲ្យបាននូវសមាធិចិត្ត ។ អ្នកដើរតាមការបង្រៀននេះ បានគោរពបូជា ព្រះពុទ្ធអាមិតាភៈ មិនស្វែងរកព្រះនិព្វានដាច់ខាតនោះទេ ប៉ុន្តែរកកំណើតក្នុង ដែនដីបរិសុទ្ធ របស់ព្រះពុទ្ធអាមីតាភា ដែលហៅម្យ៉ាងទៀតថា សុខាវតី ។ ក្នុងបរិយាកាសមនោរមនេះ គ្មានកម្មអកុសលថ្មី បង្កើតឡើងទេ ហើយកម្មដែលមានមកហើយ នឹងត្រូវសាបសូន្យទាំងអស់ ។ ដូច្នេះព្រះនិព្វាន នៅសល់តែ១ជំហានខ្លីប៉ុណ្ណោះ ។ ដូច្នេះក្នុងថ្នាក់ប្រជាប្រិយ ដែនដីបរិសុទ្ធ របស់ព្រះពុទអាមិតាភៈ ជាកន្លែងហាត់រៀន ដ៏ឧត្តម ជាបរិយាកាសដ៏ប្រសើរ ដែលអ្នកបដិបត្តិបានទៅកើត ដោយសារតែ ការប្រឹងប្រែងផ្ទាល់ខ្លួនផង (កម្លាំងផ្ទាល់ខ្លួន) ហើយនិងឫទ្ធិបារមី នៃអធិដ្ឋានរបស់ព្រះពុទ្ធ អាមីតាភាផង (កម្លាំងដទៃ) ។ លែងមានកិរិយាធ្លាក់ចុះ (ទៅកាន់ភពទាប) បានទុកការវិលកើតវិលស្លាប់ នៅខាងក្រោយរហូតតទៅ អ្នកបដិបត្តិឥឡូវនេះអាច ប្រមូលសេចក្តីប្រឹងប្រែងទាំងអស់ របស់ខ្លួន ទៅលើតែទិសដៅ នៃពុទ្ធភូមិដ៏ឧត្តម ។ ទិដ្ឋភាពនៃដែនដីបរិសុទ្ធ ជារូបរាងនៃការបង្រៀន ដែលមានប្រជាប្រិយភាព ។

២- ក្នុងថ្នាក់ឧត្តម (លោកុត្តរៈ) អ្នកបដិបត្តិ ដែលមានសមត្ថភាពខ្ពស់ វិធីដែនដីបរិសុទ្ធ ដូចគ្នានឹងវិធីដទៃទៀត ប្រែចិត្តធម្មតា ចិត្តល្ងង់ខ្លៅ ឲ្យទៅជាចិត្ត របស់ធម្មជាតិខ្លួនពិត ។ ក្នុងដំណើរប្រព្រឹត្តទៅ បញ្ញានិងពុទ្ធភូមិ នឹងត្រូវបាននៅទីបំផុត ។ ន័យនេះ មានឱវាទពីព្រះគ្រូហ្សេនដ៏ល្បី ជូហុង (សតវត្សទី១៦-១៧ ប្រទេសចិន) ជាតួយ៉ាងដូចតទៅៈ

/ ឥឡូវនេះ អ្នកត្រូវសូត្រព្រះនាម របស់ព្រះពុទ្ធប៉ុណ្ណោះ ដោយសេចក្តីបរិសុទ្ធ និងភ្លឺច្បាស់ ។ បរិសុទ្ធ មានន័យថា សូត្រព្រះនាមព្រះពុទ្ធ ដោយគ្មានគិតអ្វីផ្សេង ។ ភ្លឺច្បាស់មានន័យថា មានសតិដឹងច្បាស់ នៅពេលសូត្រព្រះនាមព្រះពុទ្ធ ។ បរិសុទ្ធគឺសមថៈ (បញ្ឈប់ចិត្តមិនឲ្យគិត) ភ្លឺច្បាស់គឺវិបស្សនា (ពិនិត្យសកម្មភាព) ។ ប្រមូលសតិលើព្រះពុទ្ធ តាមរយៈការសូត្រព្រះនាម ហើយការបញ្ឈប់គំនិត និងការពិនិត្យ ទាំង២យ៉ាងក៏កើតមានឡើង ។ /

សៀវភៅព្រះពុទ្ធសាសនា បញ្ញានិងសទ្ធា វគ្គទី១៨ បានបញ្ជាក់ថាៈ
/ ប្រសិនបើយើងមានឫស និងចរិត ជាអ្នកដើរតាមមហាយាន យើងប្រាកដជាយល់ថាគោលដៅនៃការសូត្រ ព្រះនាមព្រះពុទ្ធ គឺដើម្បីសម្រេចនូវពុទ្ធភូមិ ។ តើព្រោះហេតុអ្វី បានជាគោលដៅ នៃការសូត្រព្រះនាមព្រះពុទ្ធ គឺដើម្បីត្រាស់ដឹងជាព្រះពុទ្ធ? គឺមកអំពីនៅពេលដែលយើង ចាប់ផ្តើមសូត្រ អតីត-បច្ចុប្បន្ន-អនាគត ត្រូវបាត់បង់ការសំគាល់ ឯលក្ខណៈ (ត្រៃលក្ខណ៍ អនិច្ចំទុក្ខំអនត្តា) នៅមាន ប៉ុន្តែត្រូវបានបោះបង់ចោល ទៅខាងក្រោយ រូបជាភាពសូន្យទទេ មានគំនិតក៏ដូចគ្នា នឹងគ្មានគំនិត ភពនៃធម្មជាតិដើមផុតចាកគំនិត ដែលជារបស់ព្រះតថាគត បានជ្រួតជ្រាបខាងក្នុង ។ ស្ថានភាពបែបនេះ គឺជាពុទ្ធភូមិ តើមានអ្វីក្រៅពីនេះ? /

ថ្នាក់ឧត្តមនៃដែនដីបរិសុទ្ធនេះ អនុវត្តិបានដោយអ្នក ដែលមានសមត្ថភាពខ្ពស់ និងជ្រាលជ្រៅ កាលណាចិត្តបរិសុទ្ធ ដែនដីព្រះពុទ្ធក៏បរិសុទ្ធ ...សូត្រព្រះនាមព្រះពុទ្ធ គឺសូត្រចិត្ត ។ ដូច្នេះនៅថ្នាក់ឧត្តម ដែនដីបរិសុទ្ធជាហ្សេន ហ្សេនជាដែនដីបរិសុទ្ធ ។

នៅក្នុងទំហ៊ុំរបស់វា ដែនដីបរិសុទ្ធ បញ្ចាំងការបង្រៀនព្រះពុទ្ធសាសនា ខ្ពស់បំផុត ដូចមានសេចក្តីបញ្ជាក់ ក្នុងអវតំសកសូត្រថាៈ ការសំគាល់គ្នាទៅវិញទៅមក និងការជ្រែកចូលកណ្តាល វិធីដែលងាយបំផុត មានទុកវិធីខ្ពស់បំផុត ហើយវិធីខ្ពស់បំផុត រកឃើញនៅក្នុងវិធីងាយបំផុត ។

សទ្ធា អធិដ្ឋាន និងការអនុវត្តន៍

[កែប្រែ]

កត្តាទាំង៣នេះ ជាជើងទ្រ នៃព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ ។ កាលណាជើងទ្រ ទាំង៣នេះមាន ការយកកំណើតក្នុងដែនដីបរិសុទ្ធ នឹងបានសម្រេច ។ សទ្ធាគឺជំនឿទៅលើអធិដ្ឋានរបស់ព្រះពុទ្ធអាមីតាភៈ (សុខាវតីវ្យូហសូត្រ) ដើម្បីជួយស្រោចស្រង់ សត្វ លោកទាំងអស់ ដែលសូត្រព្រះនាមព្រះអង្គ ហើយនិងជំនឿទៅលើ ធម្មជាតិដើមរបស់ខ្លួន ដែលជាធម្មជាតិដូចគ្នា ជាមួយនឹងធម្មជាតិព្រះអង្គដែរ (សូត្រព្រះនាមព្រះពុទ្ធ គឺសូត្រចិត្ត) ។ អធិដ្ឋានគឺការប្តេជ្ញាចិត្ត ដើម្បីឲ្យបានទៅកើត ក្នុងដែនដីបរិសុទ្ធ- ក្នុងចិត្តបរិសុទ្ធរបស់ខ្លួន ថាឲ្យបានរឹងជំហរ នឹងជួយស្រោចស្រង់ ខ្លួនឯងនិងជួយអ្នកដទៃ ។ ការអនុវត្តន៍ ជាទូទៅគឺ ការសូត្រព្រះនាមរបស់ព្រះពុទ្ធ ដរាបដល់ចិត្តរបស់ខ្លួន ស្រុះស្រួលគ្នាជាមួយនឹង ព្រះពុទ្ធអាមិតាភៈ មានន័យថា ដរាបដល់ចិត្តបានអារម្មណ៍ មូលតែមួយ ។ សមាធិនិងបញ្ញា ក៏កើតឡើងបានក្នុងពេលនោះ ។

សទ្ធា អធិដ្ឋាន និងការអនុវត្តន៍ ទាំងអស់មាន៣ ប៉ុន្តែតាមពិតរាប់តែមួយ ។ គេអាចនិយាយថា កំណើតក្នុងដែនដីបរិសុទ្ធ អាស្រ័យដោយល័ក្ខខ័ណ្ឌ ១(សទ្ធា) ឬ២(សទ្ធានិងអធិដ្ឋាន) ឬ៣(សទ្ធា អធិដ្ឋាន និងការអនុវត្តន៍) ព្រោះល័ក្ខខ័ណ្ឌមួយៗ មានទាំងអស់ នៅក្នុងនោះស្រាប់ ។ គេយកវាមកប្រើ ទៅតាមក្រុមអ្នកស្តាប់ និងពេលវេលា ជួយឲ្យសត្វមានជីវិត បានទៅកើតក្នុងដែនដីបរិសុទ្ធ ដែលជាឈ្នាន់ ឡើងទៅកាន់ពុទ្ធភូមិ ។

ការផ្ទេរបុណ្យកុសល

[កែប្រែ]

បណ្តូលនៃប្រពៃណីដែនដីបរិសុទ្ធ គឺរូបភាពនៃព្រះពោធិសត្វធម្មការា អនាគតព្រះពុទ្ធអាមិតាភៈ ដែលជាតួយ៉ាងសម្រាប់បង្ហាញ នូវឧត្តមគតិនៃព្រះពោធិសត្វ និងទ្រឹស្តីនៃការឧទ្ទិសបុណ្យកុសល ។ ការឧទ្ទិសបុណ្យកុសលនេះ ជាប្រភពនៃអធិដ្ឋានបារមី ឬបារមីដទៃ ក្នុងព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ ។

/ គំនិតមហាយាន ដែលព្រះពុទ្ធអាច ចែករំលែកបារមី ដល់អ្នកដទៃ ជាសញ្ញានៃការផ្លាស់ប្តូរនៃសម័យប្រវត្តិសាស្រ្ត ដែលបង្កើតមហាយាន អំពីអ្វីដែលគេហៅថា...ព្រះពុទ្ធសាសនាដើម...។ អ្នកកាន់សាសនាមហាយាន សន្សំបុណ្យកុសល មិនគ្រាន់តែសំរាប់ជាសម្ភារៈ នៃការត្រាស់ដឹងផ្ទាល់ខ្លួន ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការបណ្តុះកុសល ជាទូទៅដែលអាចចែករំលែកស្មើគ្នា ដោយជនដទៃ ។ នេះគឺជាន័យពិត នៃបរិណាមនា (ការ ផ្ទេរកុសល) គឺថាបង្វិលបុណ្យកុសលរបស់ខ្លួន ទៅឲ្យអ្នកដទៃ ដើម្បីផលប្រយោជន៍របស់អ្នកនោះ ។ មូលហេតុនៃការប្រព្រឹត្តិនេះ ដែលហាក់ដូចជាផ្ទុយ នឹងច្បាប់នៃកម្មផល អាចយកមកពន្យល់ ក្នុងវគ្គបន្ទាប់នេះ ដែលទាក់ទងទៅនឹង ព្រះ១អង្គក្នុងចំណោម៣អង្គ នៃដែនដីបរិសុទ្ធ គឺព្រះពោធិសត្វអវលោកិតេស្វារៈ (គន់ យីន)...

អ្នកខ្លះក្នុងចំណោមពួកយើង អាចសួរថា តើឥទ្ធិពលនៃកម្ម អាចកែប្រែបានដោយការសូត្រទន្ទេញព្រះនាម របស់ព្រះពោធិសត្វគន់យីន? សំនួរនេះជាប់ទាក់ទងនឹង ការកើតក្នុង សុខាវតី (ដែនដីបរិសុទ្ធ) ហើយគេអាចឆ្លើយថា ការបួងសួងដោយសូត្រ ព្រះនាមគន់យីន ជាការបង្កើតហេតុមួយ ដែលទៅរុញច្រានកម្មពីមុនភ្លាម ។ យើងដឹងថា ឧបមាមេឃងងឹត មានពពកក្រាស់នៅខាងលើ អាចមានភ្លៀងធ្លាក់ចុះមក ។ ប៉ុន្តែយើងក៏ដឹងដូច្នេះទៀតថា ប្រសិនបើមានខ្យល់ខ្លាំងបក់មក ពពកក៏ត្រូវខ្យល់ផាត់ទៅទីឆ្ងាយ ហើយយើងក៏គ្មានភ្លៀងដែរ ។ ដូចគ្នានឹងការប្រៀបធៀបនេះដែរ ការបន្ថែមកត្តា ធំមួយ អាចផ្លាស់ប្តូរទិស របស់កម្មទាំងមូលបាន ។

អ្នកកាន់សាសនាថេរវាទ និងមហាយាន អាចគាំទ្រការអនុវត្តន៍ នៃការផ្ទេរកុសល ទៅឲ្យអ្នកដទៃ ដោយគ្រាន់តែ ទទួលយល់ព្រមនូវគំនិត ថាជារបស់តែមួយ ។ ក្នុងរឿងព្រះពោធិសត្វគន់យីន ដោយការហៅព្រះនាម របស់ព្រះនាង យើងបង្ហាញខ្លួនយើងដល់ព្រះនាង ហើយដោយសារការបង្ហាញខ្លួននេះ បុណ្យកុសលរបស់ព្រះនាង ក៏ហូរចុះមកដល់យើង ។ បុណ្យកុសល ដែលបានពីព្រះនាង ក៏បណ្តេញកម្មអាក្រក់ របស់យើង ចេញ ហើយយើងក៏បានរួចខ្លួន អំពីវិបត្តិភ័យ ។ ច្បាប់នៃកម្មផល នៅតែមានដដែល ។ អ្វីដែលបានកើតឡើងនោះ គឺកម្មល្អដ៏ខ្លាំងក្លា និងធំធេងមួយ គ្របសង្កត់លើកម្មអាក្រក់ មួយទៀត ដែលខ្សោយជាង ។

សទ្ធានិងចិត្ត

[កែប្រែ]

សទ្ធាជាគ្រឿងសំខាន់ នៃព្រះពុទ្ធសាសនា ដែនដីបរិសុទ្ធ ។ យ៉ាងណាក៏ដោយ បញ្ញាឬចិត្ត ក៏មានមុខងារសំខាន់ដែរ តែមើលពុំសូវឃើញ ។ ការទាក់ទងគ្នាទៅវិញទៅមក នេះបានបង្ហាញច្បាស់លាស់ ក្នុងគម្ពីរសូត្រសមាធិថាៈ អ្នកធ្វើអំពើបាបធ្ងន់បំផុត ដូចជាសម្លាប់ម្តាយ-ឪពុករបស់ខ្លួនជាដើម នៅតែអាចទៅកើត ក្នុងដែនដីបរិសុទ្ធបាន ប្រសិនបើនៅពេលរៀបនឹងស្លាប់ អ្នកនោះផ្ចង់ចិត្តចំពោះទៅលើ ព្រះនាមរបស់ព្រះពុទ្ធ មួយទៅ១០ដង ដោយជំនឿនិងសេចក្តីស្មោះ យ៉ាងខ្លាំងបំផុត ។

វគ្គនេះអាចយល់បាន នៅថ្នាក់២ ។ ថ្នាក់ទី១ គឺថ្នាក់នៃការរស់នៅរាល់ថ្ងៃ ដូចជាជនឧក្រិដ្ឋអាក្រក់បំផុត កាលណាបានកែខ្លួនឲ្យល្អ ដូចដើមវិញហើយ លែងមានគ្រោះកាចដល់សង្គមមនុស្សទៀតហើយ ជននោះអាចត្រូវគេ អភ័យទោសឲ្យបាន ។ ជនមានបាប កាលណាបានស្តាយក្រោយ និងខមាទោសដោយពិតហើយ ក៏អាចតាមរយៈអធិដ្ឋានបារមីរបស់ ព្រះពុទ្ធអាមិតាភៈ ទៅកើតក្នុងដែនដីបរិសុទ្ធ ទោះបីក្នុងថ្នាក់ទាបបំផុតក៏ដោយ ។ ដូច្នេះ ដែនដីបរិសុទ្ធ ផ្តល់សេចក្តីសង្ឃឹម ដល់មនុស្សគ្រប់គ្នា ហើយជាមួយគ្នានេះ ច្បាប់នៃកម្មផល នៅតែមានដដែល ។ ថ្នាក់ទី២គឺថ្នាក់នៃចិត្ត ដូចព្រះសង្ឃរាជទី៦ បានបង្រៀនថាៈ គំនិតចោលម្សៀត១កើតឡើង ធ្វើឲ្យគេមានភាពជាមនុស្សសាមញ្ញ រីឯគំនិតទី២ ដែលជាគំនិតត្រាស់ដឹង កើតឡើង ធ្វើឲ្យគេក្លាយទៅជាព្រះពុទ្ធ ។

អាស្រ័យហេតុនេះ នៅពេលដែលជនមានបាប សុំខមាទោសចំពោះអំពើបាបរបស់ខ្លួនហើយផ្ចង់ស្មារតីចំពោះទៅលើ ព្រះនាមរបស់ព្រះពុទ្ធ ដោយសេចក្តីស្មោះបំផុត ហើយដោយអារម្មណ៍មូលតែមួយ ក្នុងខណៈនោះ ជននោះក្លាយជាអ្នកដឹងខ្លួន ចូលទៅកាន់ខ្សែនៃអរិយបុគ្គល ដោយស្ងាត់ស្ងៀម ។ នៅពេលនោះ តើការត្រាស់ដឹងនិងពុទ្ធភូមិ អាចនៅឆ្ងាយយ៉ាងណា? គម្ពីរសូត្រសមាធិ បានប្រកាសថាៈ ដែនដីរបស់ព្រះពុទ្ធអាមីតាភា នៅមិនឆ្ងាយពីទីនេះទេ! ។

(ដោយព្រះគ្រូថេរៈ ធិច តៀន តាំ - បកប្រែជាភាសាខ្មែរដោយ ហេង ជា. ២០១២)