ការសម្លាប់ខ្លួនរបស់លោកខឺត កូបេន

ពីវិគីភីឌា
ផ្ទះរបស់លោកខឺត កូបេន នៅទីក្រុងស៊ីតថល (Seattle) ដែលជាទីតាំងគាត់សម្លាប់ខ្លួន (រូបភាពក្នុងឆ្នាំ 2010)

លោកខឺត កូបេន (Kurt Cobain) ដែលជាអ្នកច្រៀងប្រចាំក្រុមនើវ៉ាណា (Nirvana) បានស្លាប់នៅថ្ងៃទី05 ខែមេសា ឆ្នាំ1994 នៅក្នុងផ្ទះចាស់របស់គាត់នៅទីក្រុងស៊ីតថល (Seattle) រដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ហើយក៏ត្រូវបានជាងភ្លើងម្នាក់ឃើញសពគាត់បីថ្ងៃក្រោយមក។

ព្រឹត្តិការណ៍មុននឹងការសម្លាប់ខ្លួន[កែប្រែ]

បើសិនជាយើងបកមកប្រហែលមួយខែមុនពេលដែលលោកខឺត កូបេន (Kurt Cobain) សម្លាប់ខ្លួននោះ គាត់កំពុងតែធ្វើដំណើរកម្សាន្តប្រគំតន្ត្រីនៅប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប។ នៅទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់ គាត់បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី01 ខែមីនា ឆ្នាំ1994 រួចក៏ឡើងយន្តហោះទៅទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី (Italy) ដើម្បីទៅព្យាបាលនៅថ្ងៃទី03។[១] ព្រឹកស្អែកឡើង ខតនី ឡូហ្វ (Courtney Love) ដែលជាប្រពន្ធលោក និងបានអមតាមដំណើរគាត់ ឃើញថាខឺតមិនងើប ពីព្រោះគាត់បានផឹកស្រាជាមួយនឹងថ្នាំបំបាត់ការឈឺចាប់រ៉ូហ៊ីបណុល (Rohypnol) លើសកម្រិត។ ខឺតត្រូវបានគេជូនទៅមន្ទីរពេទ្យភ្លាមសន្លប់ស្ទើរតែមួយថ្ងៃពេញតែម្ដង រួចត្រូវបានគេឱ្យចេញ និងត្រឡប់ទៅទីក្រុងស៊ីតថល (Seattle) វិញប្រាំថ្ងៃក្រោយ។ យោងតាមប្រពន្ធរបស់លោក នេះជាលើកដំបូងហើយ ដែលគាត់រកសម្លាប់ខ្លួន។[២]

ការធ្វើអត្តឃាត[កែប្រែ]

ចាប់ពីពេលនោះមក ខឺតតែងតែចាក់សោក្នុងបន្ទប់ខ្លួន ជាមួយកាំភ្លើងរកតែសម្លាប់ខ្លួន តែប្រពន្ធខ្លួនតែងតែជួយទាន់ ដូចជានៅថ្ងៃទី18 ខែមីនា ឆ្នាំ1994 នៅពេលដែលខតនីហៅប៉ូលិសមកដើម្បីមើល និងដកហូតកាំភ្លើង ព្រមទាំងដបថ្នាំរបស់គាត់ទៀតផង។ នៅថ្ងៃទី25 ខែមីនា ប្រពន្ធលោកបានហៅមិត្តភក្ដិ និងអ្នកធ្វើការជាមួយខឺតក្នុងវិស័យចម្រៀង ដើម្បីជួយឱ្យខឺតទៅបណ្ដាច់ការញៀនគ្រឿងញៀន។ ខឺតខឹងខ្លាំង ស្រែកជេរបញ្ចោរគ្រប់គ្នា ប៉ុន្តែចុងក្រោយ គាត់ក៏យល់ព្រមទៅនៅកន្លែងបណ្ដាច់ការញៀនថ្នាំរបស់គាត់។ អំឡុងថ្ងៃទី30 ខែមីនា ឆ្នាំ1994 លោកខឺត កូបេន (Kurt Cobain) បានមកមណ្ឌលព្យាបាលអ៊ិចសូដុស (Exodus Recovery Center) ដោយក្នុងរយៈពេលគាត់នៅនោះ មិត្ត និងគ្នាគាត់ជាច្រើនបានមកលេង ហើយនេះក៏ជាលើកចុងក្រោយដែលគាត់ឃើញកូនស្រីរបស់គាត់ ហ្វ្រង់ស៊ីស ប៊ីន កូបេន (Frances Bean Cobain) ផងដែរ។ យប់ស្អែកឡើង គាត់ទៅក្រៅដើម្បីជក់បារី រួចឡើងផ្លោះរបងកម្ពស់ពីរម៉ែត្រមណ្ឌលព្យាបាលគេចខ្លួន និងឡើងយន្តហោះទៅទីក្រុងស៊ីតថល (Seattle) វិញ រួមទាំងអង្គុយជិតលោកដឺហ្វ មីកខេហ្កាន (Duff McKagan) នៃក្រុមចម្រៀងហ្កាន់ស៍ អិន រ៉ូសិ៍ (Guns N' Roses) ដែលខឺតតែងស្អប់។[៣] តែលើកនេះ ខឺតនិយាយជាមួយដឺហ្វយ៉ាងធម្មតា ប្រៀបដូចស្គាល់គ្នាប៉ុន្មានឆ្នាំដូច្នឹង។ ឯពីខាងដឺហ្វវិញ គាត់ដឹងមុនថាខឺត “មិនដូចមុន”។ នៅថ្ងៃទី02 ខែមេសា ឆ្នាំ1994 គាត់ទិញគ្រាប់កាំភ្លើងរះ និងបានប្រាប់ពូតាក់ស៊ីដែលជូនគាត់នោះថា ផ្ទះគាត់មានចោរលួច។[៤] ពីថ្ងៃទី02 និងទី03 ខែមេសា គេបានឃើញខឺតទៅគ្រប់កន្លែងជុំវិញទីក្រុងស៊ីតថល (Seattle) ហើយនៅថ្ងៃទី03 នោះផងដែរ ខតនីបានទូរស័ព្ទទៅអ្នកស៊ើបអង្កេតឯកជនលោក ថម ហ្ក្រាន (Tom Grant) ដើម្បីរកលោកខឺត កូបេន។ បើក្រឡេកមើលក្រុមនើវ៉ាណា (Nirvana) វិញ គេបានដកខ្លួនចេញពីពិធីតន្ត្រីឡូលឡាប៉ាលូហ្សា (Lollapalooza Festival) នៃឆ្នាំនោះ លាយឡំនឹងការសង្ស័យថាក្រុមភ្លេងនោះបែកបាក់។ នាថ្ងៃទី08 ខែមេសា ឆ្នាំ1994 ផ្ទះកញ្ចក់ពីលើកន្លែងទុករថយន្តមួយនៅទីក្រុងស៊ីតថល (Seattle) រដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ត្រូវបានក្លាយជាកន្លែងដែលគេរកឃើញសាកសពរបស់លោកខឺត កូបេន (Kurt Cobain) ដែលបានស្លាប់បីថ្ងៃមុន ពីការបាញ់កាំភ្លើងរះចូលមាត់។ សាកសពគាត់ត្រូវបានជាងភ្លើងម្នាក់ ដែលគាត់មកផ្ទះនោះដើម្បីដាក់ភ្លើងសុវត្ថិភាពបន្ថែម។ គាត់ស្មានតែលោកកំពុងគេងលក់ ក៏ស្រាប់តែឃើញឈាមចេញពីត្រចៀកគាត់ រួចឃើញមានកាំភ្លើងរះមួយនៅពីលើគាត់​ ដោយដៃឆ្វេងរបស់គាត់ចាប់នឹងដងកាំភ្លើងនោះ។[៥][៦] កាំភ្លើងរះដែលខឺតប្រើសម្រាប់សម្លាប់ខ្លួននោះ ជាកាំភ្លើងដែលមិត្តល្អរបស់គាត់ ឌីឡាន ខាលសុន (Dylan Carlson) ទិញឱ្យ[៧][៨] ដោយសារបើគាត់ទៅទិញកាំភ្លើងជាប់ឈ្មោះគាត់ នោះប៉ូលិសនឹងដកហូតជាមិនខាន។[៩][១០] ប៉ូលិសបានដកកាំភ្លើងរបស់គាត់ពីរដងហើយក្នុងរយៈពេល 10ខែនោះ។ គាត់ក៏បានឃើញក្រដាសសារចុងក្រោយរបស់គាត់ សរសេរផ្ញើជូនចំពោះមិត្តភក្ដិក្នុងការគិតរបស់លោកឈ្មោះបូដា (Boddah) ចាក់ចូលដីផើងផ្កាដោយប៊ិកក្រហមផងដែរ។ អ្នកដែលគាំទ្រលោកខឺត កូបេន (Kurt Cobain) ថ្ងៃនោះបានភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍នេះ ព្រមទាំងប្រពន្ធ និងគ្នាគាត់ក្នុងវិស័យចម្រៀង ដូចជាគ្នាក្រុមនើវ៉ាណា (Nirvana) ជាដើម។

អ្នកខ្លះគិតថាការស្លាប់នេះគឺជាអំពើសម្លាប់ដោយអ្នកណាម្នាក់ ប៉ុន្តែនាយកដ្ឋានប៉ូលិសទីក្រុងស៊ីតថល (Seattle Police Department) នោះថាគាត់សម្លាប់ខ្លួន នឹងបានបង្ហោះរូបថតចំនួន 30សន្លឹកជាង កាលនៅឆ្នាំ2014 ជាភស្តុតាងបញ្ជាក់។ ទោះយ៉ាងណា ក៏នៅតែមិនទាន់ដឹងប្រាកដឡើយ។ [១១]

កេរដំណែលរបស់ខឺត[កែប្រែ]

ចំណងជើងបទមួយរបស់លោក និងក្រុមនើវ៉ាណាឈ្មោះ “សូមមកជាខ្លួនប្រាកដ” (Come As You Are) ត្រូវបានគេដាក់ជាពាក្យបាវចនាផ្លូវការរបស់ទីក្រុងអាប៊ែដិន (Aberdeen) រដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក។[១២]

គាត់ក៏ជាសមាជិកដ៏ល្បីនៃក្រុម27 (27 Club) ដែលជាក្រុមតារាទាំងឡាយដែលស្លាប់ក្នុងវ័យអាយុ 27 ឆ្នាំ។

ឯកសារយោង[កែប្រែ]

  1. Harper, Marla. "NAMES & FACES." The Washington Post. N.p., March 5, 1994. Web. February 20, 2015. .
  2. Libby, Brian. "Even in His Youth". Consumer.HealthDay.com. Archived from the original on September 3, 2014. Retrieved August 28, 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. Nierenberg, Jacob (April 3, 2019). "Revisiting the Tragic Last Days of Kurt Cobain". Consequence of Sound. https://consequenceofsound.net/2019/04/revisiting-the-tragic-last-days-of-kurt-cobain/. 
  4. "New clues emerge in police review of Cobain suicide file". April 28, 2014. https://www.cbsnews.com/news/new-clues-emerge-in-police-review-of-cobain-suicide-file/. 
  5. "Kurt Cobain – Suicide Gun Unveiled (PHOTOS)". TMZ. Archived from the original on May 17, 2017. Retrieved June 25, 2017.
  6. "Photos: Pictures of Kurt Cobain's Browning Auto-5 Released for the First Time – OutdoorHub". outdoorhub.com. Archived from the original on October 12, 2016. Retrieved June 25, 2017.
  7. "Where'd They Get Their Guns? An Analysis of the Firearms Used in High-Profile Shootings, 1963 to 2001". Violence Policy Center. Retrieved May 14, 2018.
  8. Thompson, Dave (June 1994). Never Fade Away: The Kurt Cobain Story. St. Martin's. 
  9. Goldsmith, Steven; Raley, Dan (April 15, 1994). Friend Innocently Bought Shotgun For Cobain. Seattle Post-Intelligencer. 
  10. Goldsmith, Steven; Maier, Scott (April 16, 1994). At War With Himself: Cobain Endured Intense Physical Pain, Which Resulted in Self-Destruction. Seattle Post-Intelligencer. 
  11. McNerthney, Casey; Clancy, Amy (March 20, 2014). "Seattle police re-examine Cobain suicide, develop scene photos". kirotv.com. Cox Media Group. Archived from the original on March 26, 2014. Retrieved March 27, 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  12. Azerrad, Michael (2001). Come As You Are: the Story of Nirvana. Broadway Books/Random House: New York. p. 350