កោះស៊ូម៉ាត្រា

ពីវិគីភីឌា
ទីតាំងកោះស៊ូម៉ាត្រា
ផែនទីកោះស៊ូម៉ាត្រា

កោះស៊ូម៉ាត្រា (Sumatra) ជាកោះធំជាងគេលំដាប់ទី៦នៅលើពិភពលោក និងមានផ្ទៃដីសរុប ៤៧០ ០០០គ.ម

ភូមិវិទ្យា[កែប្រែ]

ផែនទីបង្ហាញពីកំនរកំនើត​សណ្ឋានដីកោះស៊ូម៉ាត្រា

អ័ក្សវែងជាងគេរបស់កោះរត់ពីពាយ័ព្យទៅអាគ្នេយ៍ មានប្រវែង១៧៩០គ.ម។ ទទឹងវែងជាងគេរបស់កោះមានប្រវែង៤៣០គ.ម។ សណ្ឋានដីរបស់កោះចែកចេញជា២គឺ តំបន់ជួរភ្នំបារីសាន នៅខាងលិច និងតំបន់ខ្ពង់រាបនៅខាងកើត។ នៅភាគអាគ្នេយ៍កោះស៊ូម៉ាត្រាគឺកោះជ្វា ហើយកោះទាំង២នេះខ័ណ្ឌចែកពីគ្នាដោយច្រកស៊ុនដា។ នៅខាងជើងកោះស៊ូម៉ាត្រាគឺឧបទ្វីបម៉ាឡេ ដែលខ័ណ្ឌចែកគ្នាដោយច្រកម៉ាឡាកា។ នៅខាងកើតឆ្លងរំលងច្រកកាលីម៉ាតា គឺកោះបរនេអូ។ នៅខាងលិចគឺមហាសមុទ្រឥណ្ឌា

ជួរភ្នំបារីសានគឺជាឆ្អឹងខ្នងរបស់កោះស៊ូម៉ាត្រា ដែលនៅក្នុងនោះមានភ្នំភ្លើងរស់ឈ្មោះ ភ្នំកេរីនស៊ី (កំពស់ ៣៨០៥ម ខ្ពស់ជាងគេក្នុងជួរភ្នំនេះ) ស្ថិតនៅចំកណ្ដាល។ សកម្មភាពភ្នំភ្លើងក្នុងតំបន់នេះបានផ្ដល់នូវដីមានជីជាតិ ទេសភាពស្អាតៗដូចជានៅជុំវិញបឹងតូបា។ តំបន់នេះក៏មានស្រទាប់រ៉ែធ្យូងថ្មនិងមាសផងដែរ។

តំបន់ភាគខាងកើតនៃកោះជាទីទំនាបនិងតំបន់ដីសើមដ៏ល្វឹងល្វើយដែលកកើតពីដីល្បាប់ហូរនាំ​មកពីតំបន់ភ្នំដោយទន្លេនានា។ ទោះបីជាដីមិនអំណោយផលដល់ការដាំដុះក៏ដោយ តំបន់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចឥណ្ឌូនេស៊ី។ ផលិតផលសំខាន់ពីតំបន់នេះមាន ប្រេងដូង និង ប្រេងកាត

ផ្ទៃដីភាគច្រើនរបស់កោះនេះធ្លាប់ត្រូវបានគ្របដណ្ដប់ដោយព្រៃរងទឹកភ្លៀងត្រូពិច។ ប៉ុន្តែការអភិវឌ្ឈន៍សេដ្ឋកិច្ចរួមផ្សំនឹងអំពើពុករលួយនិងការកាប់ឈើខុសច្បាប់ បានគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃទាំងនេះ។


ប្រជាសាស្ត្រ[កែប្រែ]

កោះស៊ូម៉ាត្រាមិនមានដង់ស៊ីតេប្រជាជនកុះករណាស់ណាទេ។ កោះនេះមានប្រជាជនប្រហែល ៤៥លាននាក់ (៩៦នាក់/គ.ម) ជាកោះដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤លើពិភពលោក។ តំបន់ដែលមានប្រជាជនរស់នៅកកកុញជាងគេគឺនៅតំបន់ស៊ូម៉ាត្រាខាងជើង និងតំបន់ខ្ពង់រាបកណ្ដាលនៃស៊ូម៉ាត្រាខាងលិច។

ប្រជាជនជាបណ្ដុំនៃជនជាតិច្រើនអំបូរប្រហែល៥២ដែលនិយាយភាសាខុសៗគ្នា។ ប៉ុន្ដែភាគច្រើននៃក្រុមទាំងនេះមានប្រពៃណីនិងភាសាប្រហាក់ប្រហែលគ្នា។ ប្រជាជននិយាយភាសាម៉ាឡេសំបូររស់នៅឆ្នេរភាគខាងកើត ចំនែកប្រជាជននៅភាគខាងត្បូងនិងកណ្ដាលនិយាយភាសាអំបូរម៉ាឡេ ដូចជាជនជាតិឡាំពុងនិងជនជាំតិមីណាងកាបាវជាដើម។ តំបន់ខ្ពង់រាបភាគខាងជើងមានជនជាតិបាតាក់រស់នៅ ហើយភាគខាងជើងបំផុតមានជនជាតិអាសេរស់នៅ។ ជនជាតិចិនភាគតិចប្រមូលផ្ដុំគ្នារស់នៅទីប្រជុំជន។ កាលវិភាគការប្រកួតបាល់ទាត់ពិភពលោក Archived 2022-11-14 at the វេយប៊ែខ ម៉ាស៊ីន.

ភាគច្រើនលើសលប់នៃប្រជាជនស៊ូម៉ាត្រាកាន់សាសនាឥស្លាម (៨៧%)។ ក្រៅពីនេះកាន់សាសនាគ្រឹស្ត (១០%) សាសនាព្រះពុទ្ឋ (២%) និងសាសនាព្រាហ្ម (១%)។