កំបង់ពិសី

ពីវិគីភីឌា
កំបង់ពិសី
ព្រះចៅ
រជ្ជកាលគ.ស ១៣៥៩
រាជ្យមុនព្រះចៅបាសាត (ឯកសារមហាបុរសខ្មែរ) រឺ ព្រះចៅបាអាត
រាជ្យបន្តព្រះបាទស្រីសុរិយោទ័យទី១ រឺ ព្រះបាទស្រីសុរិយោវង្ស (ឯកសារមហាបុរសខ្មែរ)
ព្រះនាមពេញ
​​​
សន្តតិវង្សព្រះឧទង
បិតាព្រះចៅរាមេសូរ រឺ ព្រះចៅរាមាធិបតីទី១
ប្រសូតគ.ស ១២៩៤
អយុធ្យា
សុគតគ.ស ១៣៥៩
មហានគរ

ព្រះចៅកំបង់ពិសីឡើងសោយរាជ្យ ស្នងព្រះជេដ្ឋា ក្នុងឆ្នាំ កុរឯកស័ក ព.ស ១៩០៣,គ.ស ១៣៥៩, ម.ស ១២៨១, ច.ស ៧២១។ ស្ដេចថ្មីនេះ សោយរាជ្យបានមួយខែ ទទួលពេលនោះ ព្រះសុរិយោវង្ស ដែលស្ដេចបានប្រជុំទ័ពនៅខេត្តបាសាននោះ បានឫក្សហើយ ព្រះអង្គក៏លើកទ័ព ទាំងជើងទឹក ជើងគោក ចេញតាមរយៈ ផ្លូវទៅព្រះមហានគរ (អង្គរធំ)។ ចំណែក ឯសម្ដេចព្រះទេពី ស្ដេចបានចុះព្រះទីនាំងនាវា បណ្ដោយតាមក្រោយកងទ័ព ទៅដល់ទីមួយអន្លើហើយ ក៏សម្ដេចព្រះមហេសី ស្ដេចទតទៅឃើញភ្នំមួយ ឈ្មោះភ្នំព្រាយ មានទីរហោឋាន ល្អជាទីមនោរម្យ។ ស្ដេចចតព្រះទីនាំងនៅទីនោះ ហើយយាងឡើងទៅ លើកំពូល ស្ដេចទតឃើញមានសាលាទេវរុក្ខមួយស្ដុកស្ដម្ភប្រពៃណាស់។ ស្ដេចទ្រង់បន់ស្រន់បួងសួងថា : សូមឲ្យព្រះទេវរុក្ខ ដែលស្ថិតនៅក្នុងទី ភ្នំព្រាយនេះ ជួយបីបាច់ថែរក្សាកងទ័ព ព្រះស្វាមីរបស់ព្រះអង្គ ឲ្យបានជ័យជំនះផង។ ថាបើព្រះស្វាមីស្រេចការសង្គ្រាមហើយកាលណា ព្រះអង្គនឹងតាំងតែងសាងឋានទេវរុក្ខ ឲ្យប្រពៃថ្វាយ ជាពុំខាន។

លុះសម្រេចសង្គ្រាមហើយ សម្ដេចព្រះទេពី ក៏ឲ្យជាងធ្វើថ្វាយ តាមសេចក្ដីដែលបួងសួង ព្រោះហេតុនោះហើយ ទើបបានជាភ្នំព្រាយនោះ ប្រែឈ្មោះមកហៅថា ភ្នំព្រះទេពី រៀងមកវិញ។

កាលព្រះសុរិយោវង្ស ទ្រង់លើកទ័ពចូលទៅវាយព្រះនគរ ក្នុងគ្រានោះ មន្ត្រីខ្មែរដែលនៅក្នុងព្រះមហានគរ ដឹងថាអម្ចាស់របស់ខ្លួន លើកទ័ពមកដល់ហើយ ក៏ពុំបានយកចិត្តទុកដាក់ ជួយច្បាំងសៀមឡើយ គឺងាកចិត្តមករកអម្ចាស់របស់ខ្លួន។ កាលព្រះចៅកំបង់ពិសី លើកទ័ពចេញទៅតតាំងច្បាំងនឹងព្រះស្រីសុរិយោវង្សនោះ ទ័ពខ្មែរ ដែលនៅជាមួយសៀម ក៏ជួយវាយពីខាងក្រោយ ខ្ទប់កងទ័ពសៀម ឥតសំចៃដៃឡើយ។ កងទ័ពសៀម ដែលនៅជាកណ្ដាល នៃ កងទ័ពខ្មែរ ត្រូវកងទ័ពខ្មែរ បាញ់ ចាក់កាប់សម្លាប់ ស្លាប់ពលសៀមអស់ជាច្រើន ទាំងព្រះចៅកំបង់ពិសី ក៏សុគតក្នុងសង្គ្រាមដែរ។ ព្រះសុរិយោវង្ស ទ្រង់ឲ្យចាប់ឈ្លើយសៀម ក្នុង១០ភាគ បាន ៩ ភាគ រត់រួចតែមួយភាគប៉ុណ្ណោះ។ ព្រះអង្គយកនគរវិញបាន ក្នុងឆ្នាំកុរ ឯកស័ក ព.ស ១៩០៣, គ.ស ១៣៥៩។ ដោយព្រះតេជានុភាព ដែលទ្រង់បានជ័យជំនះ ហើយព្រះសុរិយោវង្ស ក៏ទ្រង់ឡើង រាជាភិសេក (អភិសេកក្សត្រិយ៍ដែលបានជ័យជំនះ លើសឹកសត្រូវ ហើយបានទទួលរាជ្យ) ជាក្សត្រ រក្សាវង្ស តព្រះមហាប្រយូរវង្សរៀងមក។

ឯកសារយោង[កែប្រែ]

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះចៅបាអាត រឺ ព្រះចៅបាសាត
ព្រះចៅនៃមហានគរ
គ.ស ១៣៥៩
តដោយ
ព្រះបាទស្រីសុរិយោវង្ស រឺ ព្រះបាទស្រីសុរិយោទ័យទី១