ស្រីសុរិយោទ័យទី១

ពីវិគីភីឌា
Jump to navigation Jump to search
ស្រីសុរិយោទ័យ
ព្រះបាទ
រជ្ជកាល គ.ស ១៣៤៩-១៣៦២
រាជ្យមុន ព្រះបាទលំពង្សរាជា ព្រះចៅដំបងពិសី រឺ កំបង់ពិសី (ឯកសារមហាបុរសខ្មែរ)
រាជ្យបន្ត ព្រះចៅប៉ាសាត រឺ បរមរាមាធិបតី
បុត្រ ព្រះស្រីសុរិយោវង្ស
ព្រះនាមពេញ
​​​ព្រះបាទ​សម្ដេច​ព្រះស្រីសុរិយោទ័យ​ ​រាជាធិរាជ
សន្តតិវង្ស ព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ
បិតា ព្រះបាទនិព្វានបាទ រឺ ព្រះបាទសិទ្ធានរាជា (ឯកសារមហាបុរសខ្មែរ)
ប្រសូត គ.ស ១៣២៩
មហានគរ
សុគត គ.ស ១៣៦២
មហានគរ

ព្រះបាទ​ស្រីសុរិយោទ័យទី១ (សំស្ក្រឹត: ឝ្រីសូយ៌្យោទយ)(គ.ស ១៣២៩-១៣៦២) រជ្ជកាល (គ.ស ១៣៤៩-១៣៦២)​ ​បាន​ទទួល​ព្រះរាជា​ពិធី​អភិសេក​នៅ​ថ្ងៃ​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំឆ្លូវ​ ​ព.ស​១៨៩៣ ម.ស​១២៧១ ច.ស​៧១១ និង​ត្រូវជា​គ.ស​១៣៤៩ ដែល​បាន​ប្រារព្ធ​រៀបចំ​ធ្វើ​យ៉ាង​អឹកធឹក​នៅ​ក្នុង​ព្រះរាជ​ធានី​ មហានគរ ។​ ​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​ប្រទេស​កម្ពុជា​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​ក្នុង​ព្រះ​ជន្ម​២០​វស្សា។

ចូល​មក​ដល់​មហានគរ​វិញ​ ​នៅ​ថ្ងៃ​១៣​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំមមី​ ​ព.ស​១៨៩៨ ម.ស​១២២៦ ច.ស​៧១៦​ ​គ.ស​១៣៥៤​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​បាន​ទទួល​រាជាភិសេក​ម្ដងទៀត​នៅ​មហានគរ ។​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​២៥​វស្សា​ ​ព្រះ​អង្គ​បាន​មាន​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ព្រះស្រីសុរិយោទ័យ​ ​រាជាធិរាជ។​ ​ព្រះ​អង្គ​គង់នៅ​ព្រះ​មហានគរ​ដដែល ។​ ​ព្រះ​បរមរាមា​ ​និង​ធម្មសោករាជ​ ​ក៏​គង់​នៅ​មហានគរ​ដែរ ។​

ព្រះ ​ស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​សោយរាជ្យ​សម្បត្តិ​ប្រទេស​ខ្មែរ​បាន​១៤​ឆ្នាំ​ទើប​ព្រះ​អង្គ​ចាប់ផ្ដើម​មាន ​ជម្ងឺ​ឈឺ​ជា​ទម្ងន់ ។​ ​ពង្សាវតារ​ខ្មែរ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ ​អំពី​ឈ្មោះ​ជម្ងឺ​នេះ​ទេ ។​ ​ពេទ្យហ្ម​ ​គ្រូថ្នាំ​មក​ពី​គ្រប់​ទិសទី​ក្នុង​នគរ​ ​បាន​ខំប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ ​ពិនិត្យ​ព្យាបាល​ដាក់​ថ្នាំ​ ​ថែទាំ​ជម្ងឺ​ព្រះ​អង្គ​ដែរ​ ​តែ​អាការរោគ​ព្រះ​អង្គ​នៅ​តែ​មិន​បាន​ធូរស្រាល​ ​មើល​មិនជា​ ​មិន​បាន​សះស្បើយ​សោះឡើយ ។​ ​ព្រះ​អង្គ​ត្រូវ​អស់ព្រះជន្ម​ក្នុង​ឆ្នាំខាល​ ​ក្នុង​ព្រះ​ជន្ម​៣៣​វស្សា។

ព្រឹត្តិការណ៍[កែប្រែ]

បើ ​តាម​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​ ​គឺ​នៅ​ក្នុង​រាជ្យ​ស្ដេច​អង្គ​នេះ​ហើយ​ដែល​សៀម​លើកទ័ព​គគ្រឹកគគ្រេង​មក​ វាយប្រហារ​លុកលុយ​យក​មហានគរ។

កាលនោះ​នៅ​ឆ្នាំថោះ​ ​ព.ស​ ១៨៩៥, ម.ស​ ១២៧៣, ច.ស ​៧១៣, គ.ស​ ១៣៥១​ ​ស្ដេច​សៀម​ឧទង ​(ឧទង​ ​ជា​រាជធានី​យ៉ាង​ចំណាស់​មួយ​របស់​ប្រទេស​សៀម​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សុពណ៌បុរី។​ ​នៅ​គ.ស​ ១៣៤៧ ដោយ​មាន​ជំងឺ​អាសន្នរោគ​រាលដាល​ក្នុងនគរ ស្ដេច​សៀម​អង្គ​នេះ​ក៏​រើ​ព្រះរាជធានី​ ​ហើយ​មក​បង្កើត​ទីក្រុង​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ ​ស្រីអយុធ្យា។​ ​ស្ដេច​ឧទង​ ​ឬ​ព្រះ​រាមាធិបតី​បាន​ចូល​ទិវង្គត​ក្នុង​គ.ស ​១៣៦៩) ដែល​មាន​គោរម​នាម​ ​ព្រះរាមាធិបតី​ ​បាន​លើកទ័ព​យ៉ាង​ធំ​សម្បើម​អស្ចារ្យ​ ​ចេញ​មក​ចូល​វាយប្រហារ​ប្រទេស​ខ្មែរ។​ ​ស្ដេច​សៀម​បាន​តែងតាំង​ព្រះ​រាមេសូរ​ដែល​ជា​កូន​ ​ឲ្យធ្វើ​ជា​មេទ័ព​ធំ។​ ​ចៅ​របស់​ព្រះ​អង្គ​ ​ឈ្មោះ​ព្រះស្រីសុវត្ថិ​ ​ដែល​ជា​កូន​ព្រះ​រាមេសូរ​បាន​ទទួល​តំណែង​ជា​មេទ័ព​ស្រួច។​ ​ព្រះ​រាមេសូរ​បាន​នាំ​កងពល​សេនា​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​កាត់​ចុះ​ មក​តាម​នគររាជសីមា។​ ​ចៅហ្វាយខេត្ដខ្មែរ​នៅ​ទីនោះ​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ដឹងខ្លួន​ជា​មុន​ ​ហើយ​ដែល​មិន​បាន​ប្រុងប្រៀប​ប្រមូល​កងទ័ព​ទប់ទល់​សត្រូវ​ឲ្យទាន់​ពេលវេលា​ឡើយ​ ​ក៏​ត្រូវ​បង្ខំចិត្ដ​នាំ​ក្រុម​គ្រួសារ​ខ្មែរ​ និង​នាម៉ឺន​មន្ដ្រីរាជការ​ ​រត់​ចាកចោល​ទីកន្លែង​ដែន​សីមា។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​គេ​ក៏​បាន​ធ្វើ​ចុតហ្មាយ​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ​រៀបរាប់​គ្រប់​ព្រឹត្ដិការណ៍​ ​និង​កិច្ចការ​ទាំងឡាយ​ដែល​កំពុង​តែ​កើត​មាន​ឡើង។​

ក្រោយដែល​បាន​ទទួល​សារ​ ​ដឹង​ស្គាល់​អស់​គ្រប់​ហេតុការណ៍​ ​ព្រះ​ស្រីសុរិយោទ័យ​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​ប្រមែប្រមូល​កេណ្ឌ​កងទ័ព​ ​ពល​សេនា​តាម​ខេត្ដ​ខណ្ឌ​នានា​ក្នុង​ព្រះ​នគរ។​ ​ឧកញ៉ាចក្រីវង្ស​ ​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​មេទ័ព​ ​ទទួល​បេសកកម្ម​ ​ត្រូវ​លើក​កងពល​យោធា​ចេញ​ទៅ​ទប់ទល់​នឹង​ទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​បស្ចិមបុរី។​ ​តែបើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​និង​ពង្សាវតារ​គណៈកម្មការ​សម្ដេច​សង្ឃនាយក​ទៀង​មេទ័ព​ធំ​ ​ដែល​ព្រះមហាក្សត្រ​បាន​តែងតាំង​នោះ​ ​មាន​ឋានៈ​ជា​ឧបរាជ​ ​ហើយ​ត្រូវ​ជាប់​ជា​ព្រះ​ញាតិវង្ស​ទៀត​ផង។​

កងទ័ព​សៀម​ដែល​មើលងាយ​ទ័ព​ខ្មែរ​ ​បាន​ធ្វេសប្រហែស​ ​មិនសូវ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ឡើយ។​ ​ឆ្លៀតឱកាស​ដ៏​ល្អ​នេះ​ ​ព្រះ​ឧបរាជ​មេទ័ព​ខ្មែរ​ ​ក៏​បញ្ជា​កងពល​រេហ៍​ឲ្យ​វាយឆ្មក់​សន្ធប់​សម្រុក​បុក​យ៉ាង​ខ្លាំង​ទៅ​លើ​សៀម ​ ​បំបែក​បំបាក់​ធ្វើ​ឲ្យ​អស់​របៀបរៀបរយ​ ​ភ័យ​ស្លន់ស្លោ​រត់​ប្រសេកប្រសាច​ទៅ​គ្រប់​ទិសទី។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​យ៉ាង​សាហាវ​ខ្លាំងក្លា​គួរ​ឲ្យ​ រន្ធត់​តក់ស្លុត​ក្រៃ​លែង។​ ​គ្រានោះ​ឧបរាជ​ខ្លួនឯង​បាន​បំបោល​ដំរី​ ​រុលចូល​លុក​ទៅ​ច្បាំង​កាប់​ចាក់​តទល់​ផ្ទាល់​នឹង​ព្រះ​ស្រីសុវត្ថិ​ ​ព្រះចៅ​ស្ដេច​សៀម។​ ​នៅ​ទីបំផុត​ ​ព្រះ​ឧបរាជ​ក៏​បាន​កាប់​ចំ​ក​ព្រះ​ស្រីសុវត្ថិ​ មេទ័ព​សៀម​ ​ដាច់​ត្មិល​ធ្លាក់​ពីលើ​ខ្នង​ដំរី។​ ​ដោយ​កំពុង​តែ​បាន​ទទួល​ជោគជ័យ​ ​ព្រះ​ឧបរាជ​ខ្មែរ​ក៏​បញ្ជា​កង​យោធា​ឲ្យ​លុក​រុល​សម្រុក​តទៅ​មុខ​ដេញ​តាម​ កងទ័ព​សៀម។​ ​ដេញ​ទៅៗ​កងទ័ព​ខ្មែរ​បាន​ទៅ​ជួប​ប៉ះទង្គិច​គ្នា​ ​ជាមួយនឹង​កងទ័ព​ធំ​សៀម​ ​ដែល​ដឹកនាំ​ដោយ​ព្រះ​រាមេសូរ។​ ​ព្រះ​រាមេសូរ​រៀបចំ​ពល​សេនា​ទប់ទល់​មិន​ទាន់​ ​ក៏​បញ្ជា​ឲ្យ​វាយ​ដកថយ​រត់​យករួចខ្លួន​សិន។​ ​កងទ័ព​សៀម​ត្រូវ​ទទួល​បរាជ័យ​បាក់បែក​រត់​ខ្ចាត់ខ្ចាយ​អស់​ ​ហើយ​ត្រូវ​ដកឃ្លា​ត្រលប់​ចូល​នគរ​វិញ។​ ពលសេនា​សៀម​ជាច្រើន ត្រូវ​កងទ័ព​ខ្មែរ​ចាប់​បាន​យក​មក​ធ្វើ​ជា​ឈ្លើយ​ ​ហើយ​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ត្រូវ​រឹបអូស​យក​បាន។

កូនស្ដេច​សៀម​ ​ព្រះ​រាមេសូរ​ ​កាលបើ​រត់​បាន​ឆ្ងាយ​ចេញ​ផុត​ពី​ទឹកដី​ខ្មែរ​ហើយ​ ​ហើយដោយ​ពុំ​ឃើញ​មាន​ទ័ព​ខ្មែរ​ដេញ​តាម​ប្រកិត​ពីក្រោយ​ ​ក៏​បញ្ជា​ឲ្យ​ទ័ព​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ឈប់​សម្រាក​នៅ​នឹង​មួយ​កន្លែង។​ ​បន្ទាប់​មក​ព្រះ​អង្គ​បាន​រៀបចំ​ចុតហ្មាយ​មួយ​ ​ផ្ញើ​ថ្វាយ​ទៅ​ព្រះ​បិតា​ព្រះ​ឧទង​រាមាធិបតី​ ​ដែល​គង់នៅ​ទីក្រុង​ស្រីអយុធ្យា។​ ​ព្រះ​រាមាធិបតី​ឈឺ​ចុកចាប់​ខ្លាំង​ណាស់​ ​ក្រោយ​ដែល​ដឹង​ថា​ចៅ​ព្រះ​អង្គ​ ​ព្រះ​ស្រីសុវត្ថិ​ ​ត្រូវ​មេទ័ព​ខ្មែរ​ប្រហារជីវិត​កាត់​ក្បាល​លើ​សមរភូមិ។​ ​មិន​បង្អង់​យូរ​ ​ព្រះ​អង្គ​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ប្រមែប្រមូល​ ​បង្ហាត់បង្រៀន​កងពល​យោធា​ឲ្យ​បាន​ចំនួន​ច្រើន​កុះករ​ជាទី​បំផុត។​ ​ព្រះ​អង្គ​បាន​តែងតាំង​បងថ្លៃ​ព្រះ​អង្គ​ ​ព្រះ​នាម​ព្រះ​បរមរាជា​ ​ជា​ប្រមុខ​ទ័ព​ធំ​ដោយ​មានកូន​ប្រុស​ទាំង​បី​របស់​ព្រះ​អង្គ​ ​នៅ​អម​ធ្វើ​ជា​ជំនួយ​ផង។​ ​ស្ដេច​សៀម​ទាំង​បី​អង្គ​ ​ដែល​ត្រូវជា​ប្អូន​របស់​ព្រះ​រាមេសូរ​ ​មាន​ចៅប៉ាសាត​ ចៅប៉ាអាត​ ​និង​ចៅដំបងពិសី។​

រៀបចំ​កងពល​សេនា​បាន​ល្អិតល្អន់​ សព្វគ្រប់​កាលណា​ ​ស្ដេច​សៀម​ចេញ​បញ្ជា​ឲ្យ​លើកទ័ព​ចេញ​ទៅ​វាយប្រហារ​ស្រុក​ខ្មែរ​ម្ដងទៀត​ជា​ លើក​ទី​ពីរ។​ ​គឺ​នៅ​ក្នុង​ឆ្នាំរោង​ ​មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​លើក​ទី​១។​ ​នា​សម័យ​នោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​ទទួល​ដំណឹង​ ​ដឹង​អ្វី​ជា​មុន​សោះឡើយ។​ ​កាលបើ​កងទ័ព​សៀម​ ​បាន​វាយ​សម្រុកចូល​មក​ដល់​ខេត្ដ​បស្ចិមបូរី​ ​ទើប​ព្រះ​អង្គ​ចេញ​បញ្ជា​ឲ្យ​ព្រះ​មហាឧបរាជ​លើកទ័ព​ចេញ​ទៅ​ទប់ទល់​នឹង​ខ្មាំង។​ ​ការ​ប្រយុទ្ធ​គ្នា​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ ​មាន​មនុស្ស​ស្លាប់​ ​និង​របួស​ជា​ច្រើន​ ​ដេក​ដួល​រនាល​ពាសពេញ​ដី​ ​តែ​ម្ខាងៗ​ពុំ​ទាន់​មាន​ប្រៀប​ឈ្នះ​ ​ចាញ់​ស៊ីសង​លើ​គ្នា​ឡើយ។​ ​ជួន​ចំ​ជា​រដូវវស្សា​ ​បាន​ចូល​មក​ដល់។​ ​កងទ័ព​សៀម​បាន​បោះជំរំ​ការពារ​នៅ​ខេត្ដ​បស្ចិមបុរី។​ ​ចំណែក​ខាង​ខ្មែរ​វិញ​ ​កងទ័ព​ទាំងអស់​ត្រូវ​វិល​ត្រលប់​ចូល​ក្នុង​នគរ​វិញ។​ ​ពល​រេហ៍​ទាំង​ប៉ុន្មាន​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​តាម​គ្រួសារ​ ​ផ្ទះសម្បែង​ភូមិស្ថាន​រៀងៗ​ខ្លួន​ ​ដើម្បី​ប្រកប​របរ​កសិកម្ម​ ​ធ្វើស្រែ​ចម្ការ​ ​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី។​ ​ឯកសារ​ពង្សាវតារ​ខ្មែរ​បាន​បញ្ជាក់​ថា​ ​កាយវិការនេះ​ជា​ការ​ធ្វេសប្រហែស​ ​និង​ជា​កំហុស​មួយ​យ៉ាង​ធំ​របស់​ខ្មែរ​អ្នកដឹកនាំ​ប្រទេសជាតិ

ថ្ងៃ ​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំរោង​ ដដែល​ ​មេទ័ព​សៀម​ព្រះ​បរមរាជា​ ​បាន​លើកទ័ព​យ៉ាងច្រើន​មហិមា​ ​ចូល​មក​ស្រុក​ខ្មែរ​ម្ដងទៀត។​ ​កងទ័ព​ឈ្លានពាន​សៀម​ ​បាន​បោះ​ជំហាន​ជិត​មក​ដល់​មហានគរ​ហើយ​ ​ទើប​ដំណឹង​នេះ​ត្រូវ​បាន​គេ​យក​មក​ទូល​ព្រះមហាក្សត្រ។​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ក្សត្រ​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​ ​ភ័យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​ស្ថានការណ៍​ ​និង​ព្រឹត្ដិការណ៍​ដែល​មិន​បាន​ព្រាង​ទុក​មុខ​​នេះ។​ ​ពីព្រោះ​ចំ​ជា​រដូវវស្សា​ ​ប្រជានុរាស្ដ្រ​កំពុង​តែ​ជាប់ដៃ​ធ្វើស្រែ​ចម្ការ​ ​ព្រះ​អង្គ​ពុំ​មាន​លទ្ធភាព​អាច​នឹង​ប្រមូល​កេណ្ឌ​ទ័ព​បាន​ច្រើន​ដូច​បំណង​ ឡើយ។​ ​ទ័ព​ដែល​ប្រមែប្រមូល​រៀបចំ​បាន​ប៉ុន្មាន​ ​ព្រះរាជា​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជាកា​របស់​ព្រះ​មហាឧបរាជ​ ​ដោយ​មានឧកញ៉ា​ចក្រីវង្ស​ ​និង​ឧកញ៉ា​មហាសេនាសួស ជា​មេទ័ព​រង។​ ​បេសកកម្ម​ធំ​ដំបូង​ ​គឺ​ត្រូវ​ទៅ​ទប់ទល់​កងទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​នគររាជសីមា។​ ​នៅ​លើ​សមរភូមិ​ ​កងទ័ព​ខ្មែរ​ដែល​ហ្វឹកហ្វឺន​មិន​បាន​មាំមួន​ ​ពិតប្រាកដ​ពី​ដើម​ទី​ ​ហើយដោយ​មាន​ចំនួន​តិច​ជាង​សត្រូវ​ ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ​ ​បាក់ទ័ព​ដក​ឃ្លា​រត់​មក​បោះ​ជំរំ​នៅ​ខេត្ដ​នាងរោង។​ ​តែ​កងទ័ព​សៀម​បាន​ដេញ​ប្រកិត​ជាប់​ពីក្រោយ។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​សាហាវ​ឃោរឃៅ​អស្ចារ្យ។​ ​មនុស្ស​ស្លាប់​ និង​របួស​មាន​ច្រើន​ឥត​គណនា។​ ​ទ័ព​ខ្មែរ​មួយ​ចំនួន​ ​ដោយ​ដឹងខ្លួន​ថា​មិន​អាច​ឈ្នះសត្រូវ​ ​បាន​នាំ​គ្នា​រត់​ចាកចោល​ជួរ​ ​យក​ឲ្យ​រួច​តែ​ជីវិត។​ ​ទោះបីជា​ដូច្នេះ​ក៏​ដោយ​ ​ក៏​ទ័ព​ខ្មែរ​នៅ​តែ​គ្មាន​តក់ស្លុត​ ​ខំ​តស៊ូ​ប្រយុទ្ធ​ដោយ​អង់អាច​ក្លាហាន​ដដែល។​ មេទ័ព​ខ្មែរ​ពីរ​នាក់ ព្រះមហាឧបរាជ និង​ឧកញ៉ាចក្រី​វង្ស ត្រូវ​បាន​បូជា​ជីវិត​នៅ​លើ​សមរភូមិ។ ​ចំណែក​លោក​មេទ័ព​ឧកញ៉ា​មហាសេនា​សួស​ ​នៅ​តែ​ខំប្រឹង​តស៊ូ​ ​ច្បាំង​ទប់ទល់​នឹង​ខ្មាំង​ដោយ​ឥត​សំចៃ​ដៃ​ដដែល។​ ​ដោយ​ទ្រាំទ្រ​ទប់ទល់​បច្ចាមិត្ដ​តទៅ​ទៀត​មិន​បាន​ ​លោក​ឧកញ៉ា​មហា​សេនាសួស​ ​ក៏​ប្រមូលផ្ដុំ​ទ័ព​ ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ ​វាយ​ប្រយុទ្ធ​សម្រុក​ដកឃ្លា​នាំ​សាកសព​ព្រះ​មហាឧបរាជ​ ​និង​លោក​ឧកញ៉ាចក្រីវង្ស​ចូល​មហានគរ​វិញ។​ ​ទ័ព​សៀម​នៅ​តែ​វាយប្រហារ​កាប់សម្លាប់​យ៉ាង​សាហាវ​ ​ហើយ​ដេញ​តាម​ជាប់​ប្រកិត​ពីក្រោយ​ខ្នង​ជា​ដរាប។​ ​ទ័ព​ខ្មែរ​ចេះ​តែ​វាយ​ដកថយ​ចូល​មហានគរ​ជា​លំដាប់។​ ​នៅ​ទីបំផុត​ ​ទ័ព​សៀម​បាន​លើក​ចូល​មក​ដល់​ប្រឈមមុខ​ទល់​នឹង​មហានគរ។​ ​មេទ័ព​សៀម​បរមរាជា​បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​បញ្ឈប់​ដំណើរ​ ​ហើយ​បោះជំរំព័ទ្ធ​ជិតជុំ​វិញ​ព្រះ​មហានគរ។​ ​ក្រោយ​ដែល​បាន​ពិនិត្យ​ស្ថានការណ៍​សឹក​អស់​បី​ថ្ងៃ​មក​ ​ស្ដេច​សៀម​បរមរាជា​ក៏​ចេញ​បញ្ជា​ឲ្យ​ទ័ព​សៀម​តូច​ធំ​ ​រៀបចំ​ខ្លួន​ដើម្បី​ចូល​វាយ​សម្រុក​ ​លុកលុយ​ដណ្ដើម​យក​ព្រះរាជធានី​ខ្មែរ។​ ​កូន​ស្ដេច​សៀម​ ​ព្រះ​រាមេសូរ​ទទួល​បេសកកម្ម​វាយប្រហារ​ពី​ទិស​ខាងជើង​ ​ចៅប៉ាសាត​វាយ​ពី​ទិស​ខាងកើត​ ​ចៅប៉ាអាត​ពី​ទិស​ខាងត្បូង​ ​និង​ចៅដំបងពិសី​ពី​ទិស​ខាងលិច។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ ​មាន​សភាព​សាហាវ​ខ្លាំងក្លា​ជា​រៀងរាល់ថ្ងៃ។​ ​ពលទាហាន​ទាំង​សងខាង​មាន​របួស​ និង​ស្លាប់​ច្រើន​ពាសពេញ​ ​ដេក​រនាលរណែល​តាម​ជើង​កំពែង​មហានគរ។​ ​តែ​សៀម​នៅ​តែ​ដណ្ដើម​យក​មហានគរ​មិន​ទាន់​បាន។

លោកឧកញ៉ា​មហា​សេនាសួស​ ​បាន​ទ​ទួ​បញ្ជា​ចេញ​ទៅ​វាយឆ្មក់​សត្រូវ​សៀមពីរ​ដង​ដែរ​ ​តែ​មិន​បាន​ជោគជ័យ​ឡើយ​ ​នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​បាន​សរសេរ​បន្ថែម​ទៀត​ថា​ ​កងទ័ព​ខ្មែរ​បាន​បើកទ្វារ​ចេញពី​មហានគរ​ជា​ញឹកញាប់​ ​ដើម្បី​វាយឆ្មក់​ទ័ព​សៀម។​ ​ឯ​ចៅហ្វាយខេត្ដ​ ​និង​មេទ័ព​ខ្មែរ​ ​ដែល​ស្ថិត​នៅ​ខេត្ដ​ខណ្ឌ​ជិត​ឆ្ងាយ​ ​ក៏​បាន​លើកទ័ព​ពល​រេហ៍​ ​ចេញ​មក​ជួយ​វា​ប្រហារ​ទប់ទល់​ ​នឹង​ទ័ព​សៀម​ ​នៅ​មហានគរ​ដែរ។​ ​តែ​ប្រតិបត្ដិការ​សឹក​ទាំង​ប៉ុន្មាន​ មិន​បាន​ទទួល​ជ័យ​ជំនះ​ឡើយ។​ ​គ្រានោះ​កងទ័ព​សៀម​បាន​នាំ​គ្នា​ដើរ​លួច​ប្លន់​ទ្រព្យសម្បត្តិ​ ​ច្រូត​កាត់​ស្រូវ​ ដឹក​ជញ្ជូន​ភោគផល​កសិកម្ម​ ​និង​ដុត​បំផ្លាញ​ផ្ទះសម្បែង ​ភូមិស្ថាន​ប្រជាពលរដ្ឋ​ខ្មែរ។​ ​ប្រជានុរាស្ដ្រ​ខ្មែរ​ជា​ច្រើន​ ​ត្រូវ​ទ័ព​សៀម​ដេញ​តាម​កាប់​ចាក់​សម្លាប់​ ​ធ្វើបាប​ ​ចាប់​យក​ធ្វើ​ជា​ឈ្លើយ។​ ​ដើម្បី​ឲ្យ​រួច​រស់រាន​មានជីវិត​ ​ផុត​អំពី​ការ​ចាប់ចង​ ​កាប់សម្លាប់​ ​ធ្វើទុក្ខបុកម្នេញ​ជិះជាន់​របស់​ទ័ព​សៀម​ ​រាស្ដ្រ​ខ្មែរ​ស្លូតត្រង់​ ​ទាំងស្រី​ទាំងប្រុស​ ​ទាំង​ក្មេង​ទាំង​ចាស់​ ​នាំ​គ្នា​រត់​គេចវេះ​ ​លាក់ខ្លួន​ពួន​អាត្មា​ ​រស់នៅ​តាម​ព្រៃ​ភ្នំ​ក្រម​ថ្ម។

កងទ័ព ​សៀម​នៅ​តែ​ឡោមព័ទ្ធ​ព្រះ​មហានគរ​ដដែល។​ ​មេទ័ព​សៀម​ព្រះ​បរមរាជា​ ​ក្រោយ​ដែល​បាន​ត្រិះរិះ​ពិចារណា​យល់​អស់​គ្រប់​កិច្ចការ​ ​បាន​រៀបចំ​ចុតហ្មាយ​មួយ​ផ្ញើ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​សៀម​ ​ព្រះ​រាមាធិបតី​ ​ដោយ​មាន​ន័យ​ជា​អាទិ​ថា​ ​“ដើម្បី​វាយ​ដណ្ដើម​យក​ស្រុក​ខ្មែរ​ឲ្យ​បាន​ដូច​បំណង​ ​យើង​ត្រូវ​តែ​ចាត់ចែង​ធ្វើ​ប្រត្ដិបត្ដិការ​វាយប្រហារ​ឲ្យ​បាន​សម្រេច​ ​ក្នុង​ពេល​ឥឡូវ​នេះ។​ ​យើង​មិន​អាច​ដកទ័ព​ថយ​ក្នុង​ពេល​នេះ​ឡើយ។​ ​ពុំនោះសោត​ទេ​ ខ្មែរ​នឹង​មាន​ពេល​អាច​រៀបចំ​កងទ័ព​នៅ​ខេត្ដ​ក្រៅ​នានា​ ​វាយ​តបត​ប្រឆាំង​យើង​វិញ​ ​បានជា​មិន​ខាន។​ ​គ្រានោះ​ ​យើង​មិន​អាច​មាន​លទ្ធភាព​នឹង​វាយ​ដណ្ដើម​យក​មហានគរ​ ​និង​ស្រុក​ខ្មែរ​បាន​ឡើយ”។ ព្រះមហាក្សត្រ​សៀម​បាន​យល់​ស្រប​ទៅ​តាម​ទស្សនៈ​នេះ​ ​ហើយ​ក៏​បាន​បញ្ជា​ទៅ​មន្ដ្រី​តូច​ធំ​ជិត​ឆ្ងាយ​ ​ឲ្យ​រៀបចំ​ប្រមែប្រមូល​ផ្ដុំ​កងទ័ព​ពល​រេហ៍​គ្រប់​ទិស​ទី​ ​ព្រមទាំង​ស្បៀងអាហារ​ ​សម្រាប់​ចេញ​វាយប្រហារ​យក​ស្រុក​ខ្មែរ​ជា​ផ្ដាច់ព្រ័ត្រ។​

នៅពេល​ដែល​រដូវប្រាំង​ចូល​មក​ដល់​ភ្លាម​ ​ម្ដងនេះ​ ​ស្ដេច​សៀម​ខ្លួនឯង​ផ្ទាល់​ នាំមុខ​កងពល​រេហ៍​ទាហាន​សេនា​យ៉ាងច្រើន​សម្បើម​អស្ចារ្យ​ ​ធ្វើ​ដំណើរ​ជាន់​ទន្ទ្រាន​លើ​ដី​ខ្មែរ​ ​ចេញ​ទៅ​វាយប្រហារ​មហានគរ។​ ​ប្រាំបី​ខែ​កន្លង​ផុត​ទៅ​ហើយ​ ​កងទ័ព​សៀម​នៅ​តែ​វាយលុក​យក​មហានគរ​ពុំ​ទាន់​បាន។​

ចំណែក ​នៅ​ក្នុង​មហានគរ​វិញ​ ​ស្បៀង​ចេះ​តែ​ស្បើយ​ ​រលួស​ទៅៗ​ជា​រៀង​រាស់​ថ្ងៃ។​ ​នៅ​ចំពោះ​មុខ​ស្ថានការណ៍​ដ៏​សែន​មហា​គ្រោះថ្នាក់​នេះ​ ​មេទ័ព​នាម៉ឺន​មន្ដ្រី​ ​បាន​ទៅ​គាល់​ទូល​ថ្វាយ​ព្រះរាជា​ព្រះ​ស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ទី​២៩​ ​ថា​ ​“ដោយ​មានការ​ខ្វះខាត​ស្បៀងអាហារ​ ​និង​មាន​កើត​ទុរ្ភិក្ស​ ​យើង​មិន​អាច​ទប់ទល់​ ​ការពារ​មហានគរ​តទៅ​ទៀត​បាន​ឡើយ។​ ​ដូច្នេះ​ ​យើង​ត្រូវ​តែ​វាយប្រហារ​ ​វាយ​សម្រុក​បំបែក​ទ័ព​ខ្មាំង​ ​បើកផ្លូវ​រត់​ចេញ​ទៅ​ក្រៅ​មហានគរ។​ ​បន្ទាប់​មក​ចាំ​យើង​រៀបចំ​កងទ័ព​ប្រមែប្រមូល​គ្នីគ្នា​គ្រប់​ខេត្ដ​ខណ្ឌ​ ​មក​វាយ​កម្ទេច​ពួក​សត្រូវ​សៀម​ជា​ក្រោយ”។​ ​សេចក្ដី​សុំ​ស្នើ​នេះ​ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ ​យល់​ស្រប​គ្រប់​ចំណុច។​ ​យប់​កណ្ដាល​អធ្រាត្រ​ ​ថ្ងៃ​ ១២​កើត​ ​ខែ​អាសាធ​ ​ឆ្នាំម្សាញ់​ ​មេទ័ព​ខ្មែរ​ទាំងអស់​រៀបចំ​ដាក់​បញ្ជា​ចាត់ចែង​ ​ប្រមូល​ម្ដុំ​ព្រះរាជ​វង្សានុវង្ស​ ​ស្រីស្នំ​ ​មីនុំមីនាង​ ​បរិវារ​ ​សមាជិក​ក្រុម​គ្រួសារ​ញាតិសន្ដាន​មន្ដ្រី​សេនាបតី​ ​អ្នកបម្រើ​រាជការ​ ​និង​ខ្ញុំកំដរ​ស្រី​ប្រុស​ ​ហើយ​ក៏​បើកទ្វារ​មហានគរ​ខាងត្បូង​ ​វាយប្រហារ​សន្ធាប់​ ​សម្រុក​លុក​យ៉ាង​គគ្រឹកគគ្រេង​ ​ទៅ​លើ​ទ័ព​សៀម។​ ​កណ្ដាល​អធ្រាត្រ​យប់​ស្ងាត់​ ​ដោយ​កំពុង​លង់លក់​ក្នុង​និទ្រា​ កងទ័ព​សៀម​មិន​បាន​ប្រុង​ប្រយ័ត្ន​ ​ប្រុងប្រៀប​រៀបចំ​ខ្លួន​ ​អាច​ហាមឃាត់​ឃាំង​រារាំង​ដំណើរការ​វាយ​ប្រយុទ្ធ​បើកផ្លូវ​នេះ​បាន​ឡើយ។​ ​ព្រះមហាក្សត្រ​ព្រះ​ស្រីសុរិយោទ័យ​ ​ព្រមទាំង​ព្រះរាជ​វង្សានុវង្ស​ ​បរិវារ​ ​នាម៉ឺន​មន្ដ្រី​ ​កងពល​រេហ៍​ ​បាន​ចេញ​ផុត​ពី​មហានគរ​ដោយ​សុវត្ថិភាព​ ​ហើយ​បាន​ទៅ​គង់នៅ​ឯ​ស្រុក​​ស៊ីសត្ដណាគុណហ៊ុត​ ​ទឹកដី​ជាយ​ដែន​ខ្មែរ​ ​ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ប្រទេស​លាវ។​ ​ព្រះ​បរមរាជា​ ​បុត្រ​ច្បង​របស់​ព្រះបាទ​លំពង្សរាជា​ ​បាន​ទទួល​បេសកកម្ម​ទៅ​តាំងទី​ ​រៀបចំ​ទ័ព​នៅ​ក្នុង​ខេត្ដ​បាសាក់។​ ​ចំណែក​ព្រះ​ធម្មសោករាជ​ ​ជា​ប្អូន​ ​ត្រូវ​ថយ​ទៅ​បោះជំរំរៀបចំ​កងទ័ព​ដែរ​ ​នៅ​ក្នុង​ខេត្ដ​ទ្រាំង​ ​និង​បាទី។​

កាលបើ​ដឹង​ថា​ព្រះមហាក្សត្រ​ខ្មែរ​ បោះបង់​ចោល​មហានគរ​ហើយ​ ​ស្ដេច​សៀម​មិន​បង្អង់​យូរ​ឡើយ​ ​នាំ​កងទ័ព​យោធា​ចូល​កាន់កាប់​ត្រួតត្រា​ភ្លាម។​ ​សៀម​បាន​ចូល​លួច​ប្លន់​ ​កាប់​គាស់​ ​ប្រមែប្រមូល​ដឹក​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​ ​ភោគផល​ខ្មែរ​អស់​គ្មាន​សេសសល់។​

ថ្ងៃ​ ១​កើត​ ​ខែភទ្របទ​ ​ឆ្នាំម្សាញ់​ ​ស្ដេច​សៀម​ព្រះ​រាមាធិបតី​ ​បាន​ប្រារព្ធ​អភិសេក​តែងតាំង​កូនប្រុស​ទី​២​ ​ឈ្មោះ​ចៅប៉ាសាត​ ​ឲ្យធ្វើ​ជា​ស្ដេច​សោយរាជ្យ​ ​គ្រប់គ្រង​ទឹកដី​ខ្មែរ​​នៅ​មហានគរ។​ ​មេទ័ព​ និង​នាម៉ឺន​សៀម​ជា​ច្រើន​ត្រូវ​បាន​តែងតាំង​ជា​ចៅហ្វាយខេត្ដ​ ​ត្រួតត្រា​ខេត្ដ​ខណ្ឌ​ដី​ខ្មែរ​ ​មាន​ដូចជា​ ​ខេត្ដ​នគររាជសីមា​បស្ចិមបូរី​ ​ចន្ទបុរី​ ​និង​នាងរោង​ ដែល​ច្រើន​តែ​ស្ថិត​នៅ​ក្នុង​រង្វង់​ជិតជុំ​វិញ​មហានគរ។​ ​មុន​នឹង​ត្រលប់​ទៅ​ក្រុង​អយុធ្យា​វិញ​ ​ស្ដេច​សៀម​បាន​ទុក​កងទ័ព​មួយ​ចំនួន​ធំ​ឲ្យ​នៅ​ចាំ​ការពារ​រក្សា​សន្ដិសុខ​កូន។​ ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ប្រាំបួន​ម៉ឺន​នាក់​ ​ត្រូវ​សៀម​កេណ្ឌ​កៀរ​ជា​ឈ្លើយ​យក​ទៅ​ស្រុក​សៀម។​

កូនស្ដេច​សៀម​ ​ចៅប៉ាសាត​ ​សោយរាជ្យ​នៅ​លើ​ទឹកដី​ខ្មែរ​បាន​តែ​មួយ​ឆ្នាំ​ ​ក៏​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ទៅ។​ ​ពង្សាវតារ​ខ្មែរ​មិន​បាន​បញ្ជាក់​អំពី​បុព្វហេតុ​នៃ​មរណភាព​នេះ​ឲ្យ​បាន​ ច្បាស់លាស់​ទេ។​ ​កូន​ស្ដេច​សៀម​បន្ទាប់​មួយទៀត​ ​ឈ្មោះ​ចៅប៉ាអាត​ ​ត្រូវ​ឡើង​គ្រងរាជ្យ​កាន់កាប់​ស្រុក​ខ្មែរ​ជា​បន្ដ។​ ​បាន​តែ​បី​ខែ​ប៉ុណ្ណោះ​ ​ចៅប៉ាអាត​ ​ត្រូវ​បាត់​រលត់​អស់​សង្ខារ​ទៀត។ ​បើ​តាម​ឯកសារ​ខ្មែរ​ខ្លះ​ថា​ ​ស្ដេច​សៀម​អង្គ​នេះ​ស្លាប់​ដោយ​ជំងឺ​ទាន់ហន់។​ ​ចៅដំបងពិសី​ ​កូនប្រុស​ពៅ​របស់​ស្ដេច​សៀម​ព្រះ​រាមាធិបតី​ ​ត្រូវ​បាន​ទទួល​តំណែង​ជា​ស្ដេច​សោយរាជ្យ​ស្រុក​ខ្មែរ​បន្ដ​ពី​បង។

នឹង ​ដំណាល​ពី​ស្ដេច​ខ្មែរ​ម្ដង​វិញ​ ​កាលបើ​បាន​ដកឃ្លា​ចេញ​រួច​អំពី​ការ​ឡោម​ព័ទ្ធ​របស់ទ័ព​សៀម​ហើយ​ ​បាន​នាំ​គ្នា​ទៅ​រៀបចំ​ប្រមូល​កេណ្ឌ​កងពល​រេហ៍​គ្រប់​ទិស​ទី​តាម​ខេត្ដ​ ខណ្ឌ​នានា​ ​បង្ហាត់បង្រៀន​ ​ហ្វឹកហ្វឺន​គ្រប់មុខ​វិជ្ជា​ក្បួនខ្នាត​ធ្វើ​ចម្បាំង​ ​រង់ចាំ​ថ្ងៃជា​ពា​លា​ល្អ​ ​ដើម្បី​នឹង​ចេញ​ខ្លួន​ទៅ​រំដោះជាតិ​មាតុភូមិ​ ​ពី​កណ្ដាប់ដៃ​សៀម។​ ​ក្រោយ​ដែល​បាន​ចាត់ចែង​រៀបចំ​សេនា​យោធា​បាន​ល្អ​ត្រឹមត្រូវ​ខ្លាំងក្លា​ មាំមួន​ ​សង្ឃឹមថា​អាច​នឹង​យកជ័យ​ជំនះ​ឈ្នះ​លើស​ត្រូវ​បាន​ ​ព្រះ​បរមរាជា​ ​និង​ព្រះ​ធម្មាសោករាជ​ ​ដែល​មាន​ទីតាំង​មូលដ្ឋាន​រៀងៗ​ខ្លួន​ ​បាន​តាក់តែង​ចុតហ្មាយ​ផ្ញើ​ដំណឹង​ ​និង​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ដើម្បី​កំណត់​ថ្ងៃ​បើក​ការ​វាយលុក​រំដោះទឹកដី​ខ្មែរ​ពី​ការ​ឈ្លានពាន​ ជិះជាន់​សង្កត់សង្កិន​ត្រួតត្រា​របស់​សៀម។​

ថ្ងៃ​ កំណត់​មក​ដល់​ ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​ស្រីសុរិយោទ័យ​ ​បញ្ជា​ឲ្យ​លើក​សេនា​ពល​រេហ៍​ធ្វើ​ដំណើរ​តម្រង់​ទៅ​វាយប្រហារ​ទ័ព​សៀម​ដែល​ តាំងទី​នៅ​ក្នុង​ខេត្ដ​នគររាជសីមា។​ ​ព្រះ​បរមរាមា​លើកទ័ព​ចេញពី​កោះ​បាសាន្ត​ ​តាម​ត្រើយ​ខាងកើត​ទន្លេធំ ​(ទន្លេ​ច្រាប​ឈាម​ ​ឬ​ទន្លេមេគង្គ​) ចាក់​ទៅ​ខេត្ដ​កំពង់ធំ។​ ​មក​ដល់ស្រុក​ជីក្រែង​ ព្រះ​អង្គ​បាន​ឈប់​ ​បោះជំរំរៀប​ទីតាំង​ ​ប្រុងប្រៀប​ចាំ​ប្រយុទ្ធ​នឹង​ទ័ព​ខ្មាំង​នៅ​ទីនោះ។​ ​ចំណែក​ព្រះ​ធម្មាសោករាជ​ ​ព្រះ​អង្គ​លើកទ័ព​ចេញពី​ខេត្ដ​ទ្រាំង​ ​និង​បាទី​ធ្វើ​ដំណើរ​ ​តម្រង់​ទៅ​ស្ទាក់​វាយ​ផ្ទប់​កាត់​ផ្ដាច់​សត្រូវ​សៀម​នៅ​ក្នុង​ខេត្ដ​បាត់ដំបង។​ ​ព្រះ​អង្គ​បាន​បញ្ជា​ទ័ព​ឲ្យ​រុល​បុក​ទៅ​មុខ​ ​រហូត​ទៅ​ដល់​ស្រុក​សំណាត​ ​ដែល​ក្រោយមក​គេ​ដាក់​ឈ្មោះ​ថា​ ​ស្រុក​ទឹកជោរ។​

គ្រានោះ​ នៅ​មហានគរ​ ​កាលបើ​ដឹង​ថា​ព្រះមហាក្សត្រ​ខ្មែរ​លើកទ័ព​ ​ចែក​ចេញ​ជា​បី​ទិស​ ​មក​ឡោម​ព័ទ្ធ​ ​កូន​ស្ដេច​សៀម​ចៅដំបងពិសី​ ​ក៏​ធ្វើ​ចុតហ្មាយ​ផ្ញើ​ទៅ​ថ្វាយ​ឪពុក​ ​ដើម្បី​សុំ​ជំនួយ​មក​ទប់ទល់​នឹង​កងទ័ព​ខ្មែរ។​ ​ស្ដេច​សៀម​ព្រះ​រាមាធិបតី​ ​មិន​បង្អង់​យូរ​ ​ចាត់ចែង​ឲ្យ​បញ្ជូន​កងទ័ព​យ៉ាងច្រើន​អស្ចារ្យ​ ​ឲ្យទៅ​ជួយ​កូន។​ ​តែ​ក្នុង​សម័យ​នោះ​ ​ប្រទេស​សៀម​កំពុង​តែ​ជួប​ប្រទះ​ទុរ្ភិក្ស​ ​អត់បាយ​ក្រហាយ​ទឹក​ ​ស្រេកឃ្លាន​ ​កើត​មានជំងឺ​ឈឺ​ថ្កាត់​គ្រប់​ទិស​ទី​ក្នុង​នគរ​ ​ដែល​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​សៀម​ទន់ខ្សោយ។​ ​ការ​ប្រយុទ្ធ​ដេញ​កាប់​ចាក់​សម្លាប់​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​ ​មាន​សភាព​ខ្លាំងក្លា​សាហាវ​ជា​អនេក។​ ​ពល​រេហ៍​ទាហាន​ទាំង​សងខាង​ ​ងាប់​រេល​ ​ហាល​ដេក​ដួល​មីរដេរដាស​លើ​សមរភូមិ។​ ​នៅ​ពេល​ដែល​ព្រះ​ស្រីសុរិយោទ័យ​វាយ​ផ្ដាច់​ទ័ព​សៀម​ ​ឯ​នគររាជសីមា​ ​ព្រះ​បរមរាជា​ ​និង​ព្រះ​ធម្មសោករាជ​ ​បាន​លើកទ័ព​វាយលុក​ឡោម​ព័ទ្ធ​សៀម​ដែល​តាំងទី​ការពារ​ក្នុង​មហានគរ។​ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​នៅ​ក្នុង​កំពែង​មហានគរ​ ​ប្រជានុរាស្ដ្រ​ខ្មែរ​ ​តូច​ធំ​ក្មេង​ចាស់​ ​ប្រុស​ស្រី​ ​ក៏​បាន​នាំ​គ្នា​បះបោរ​ងើបឈរ​ឡើង​ ​ជួយ​វាយ​ប្រយុទ្ធ​ផ្ទប់​ពី​ក្នុង​ ​កាប់​ចាក់​សម្លាប់​ ​កម្ចាត់​កងទ័ព​ឈ្លានពាន​សៀម។​

ស្ដេចសៀម​ដំបងពិសី​ ​ដោយ​ដឹង​ជាក់ច្បាស់​ថា​ ​ខ្លួន​មិន​អាច​តតាំង​ទប់ទល់​នឹង​ទ័ព​ខ្មែរ​បាន​ ​ក៏​សម្រេចចិត្ដ​វាយប្រហារ​បើកផ្លូវ​ញែក​រត់​ថយ​ចេញពី​មហានគរ។​ ​កងទ័ព​សៀម​បាន​កៀរ​ចាប់​គ្រួសារ​ខ្មែរ​ប្រមាណ​ជា​ប្រាំបួន​ម៉ឺន​នាក់​យក​ទៅ​ជាមួយ។​ ​កងទ័ព​ខ្មែរ​បាន​ដេញ​តាម​វាយប្រហារ​ ​តាម​ជាប់​កិត​ពីក្រោយ​ ​ហើយ​បាន​កាប់សម្លាប់​កម្ទេច​បំផ្លាញ​ពល​រេហ៍​ទ័ព​សៀម​អស់​ជា​ច្រើន។​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​បាន​ដេញ​ទ័ព​សៀម​ ​រហូត​ដល់​ព្រំដែន​ខេត្ដ​នគររាជសីមា។​ ​ព្រះ​អង្គ​រំដោះ​គ្រួសារ​ខ្មែរ​ ​បាន​ប្រាំបី​ម៉ឺន​នាក់​មក​វិញ។​ ​ក្នុង​ការ​ប្រយុទ្ធ​តទល់​គ្នា​រវាង​ខ្មែរ​ ​និង​សៀម​លើក​នេះ​ ​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​មិន​បាន​បញ្ជាក់​អំពី​ជោគវាសនា​របស់​ចៅដំបងពិសី​ ​កូនពៅ​របស់​ព្រះមហាក្សត្រ​សៀម​ទេ។​ ​ផ្ទុយ​ទៅ​វិញ​ឯកសារ​ពង្សាវតារ​ខ្មែរ​ខ្លះ​បាន​សរសេរ​ថា​ ​ស្ដេច​អង្គ​នេះ​ត្រូវ​បាត់​ខ្លួន​នៅ​ពេល​ប្រយុទ្ធ​គ្នា។​ ​ចំណែក​ពង្សាវតារ​វត្ដ​ទឹកវិល​វិញ​ ​បាន​អះអាង​ថា​ ​ស្ដេច​សៀម​ចៅដំបងពិសី​ ​ត្រូវ​អស់​ជីវិត​ក្នុង​ពេល​សង្គ្រាម​នោះ។​ ​ស្ដេច​សៀម​ចៅដំបងពិសី​ ​សោយរាជ្យ​នៅ​ស្រុក​ខ្មែរ​ ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ។

ទ័ពសៀម​ប្រឹង​វាយ​ប្រយុទ្ធ​ ​ទប់ទល់​ដកថយ​រត់​តម្រង់​ចូល​មក​ដី​សៀម​វិញ។​ ​មក​ដល់​ខេត្ដ​នគររាជសីមា​ ​ទ័ព​សៀម​ឈប់​លែង​រត់​តទៅ​ទៀត​ ​ហើយ​ក៏​បោះទីតាំង​មូលដ្ឋាន​យ៉ាង​រឹង​មាំ​ដែល​ធ្វើ​ឲ្យ​ទ័ព​ខ្មែរ​ ​មិន​អាច​នឹង​វាយ​កម្ចាត់​ដេញ​បាន។​ព្រះបាទ​ស្រីសុរិយោទ័យ​ ​ក៏​បោះជំរំ​ទ័ព​នៅ​ប្រឈម​មុខ​តទល់​នឹង​ទ័ព​សៀម​វិញ​ដែរ។​ ​សភាពការណ៍​ ​ប្រឈម​មុខ​តទល់​គ្នា​នេះ​ ​មិន​បាន​មាន​រយៈ​យូរយារ​ទេ។​ ​ដោយ​រដូវវស្សា​ឈាន​ជើង​មក​ដល់​ ​នាំ​មក​នូវ​ខ្យល់​ភ្លៀង​ធ្លាក់​ជោកជាំ​ពាសពេញ​លើ​ព្រះ​ធរណី​ ​ហើយដោយ​ស្ថានការណ៍​ទឹកដី​តំបន់​តាំងទ័ព​មិនសូវ​ល្អ​សម្រាប់​ទ័ព​ខ្មែរ​ ​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​បញ្ជា​ឲ្យ​ដកទ័ព​ថយ​វិល​ត្រលប់​ចូល​ទៅ​មហានគរ​វិញ។​ ​ចាប់ពី​ថ្ងៃ​នោះ​ត​មក​ ​ទឹកដី​ខ្មែរ​ខេត្ដ​នគររាជសីមា​ ​ខេត្ដ​បស្ចិមបូរី​ ​និង​ច័ន្ទបូរី​ ​ត្រូវ​សៀម​លួច​យក​កាន់កាប់​ត្រួតត្រា​បន្លំ​ធ្វើ​ជា​ទឹកដី​សៀម​រៀង​រហូត​មក ​ដល់​បច្ចុប្បន្ន។ ​

រជ្ជកាលទីពីរ[កែប្រែ]

ចូល​មក​ដល់​មហានគរ​វិញ​ ​នៅ​ថ្ងៃ​ ១៣​កើត​ ​ខែផល្គុន​ ​ឆ្នាំមមី​ ​ព.ស​ ១៨៩៨, ម.ស ១២២៦, ច.ស​ ៧១៦,​ ​គ.ស ​១៣៥៤​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​បាន​ទទួល​រាជាភិសេក​ម្ដងទៀត​នៅ​មហានគរ។​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ២៥ ​វស្សា​ ​ព្រះ​អង្គ​បាន​មាន​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ព្រះស្រីសុរិយោទ័យ​ ​រាជាធិរាជ។​ ​ព្រះ​អង្គ​គង់នៅ​ព្រះ​មហានគរ​ដដែល។​ ​ព្រះ​បរមរាមា​ ​និង​ធម្មសោករាជ​ ​ក៏​គង់​នៅ​មហានគរ​ដែរ។​

ឆ្នាំមមី​ ​ព្រះ​អង្គ​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ព្រះ​នាមស្រីសុរិយោវង្ស

ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ ​ទឹកដី​ខ្មែរ​នៅ​ធំ​ទូលំទូលាយ​នៅឡើយ​ ​ទោះបីជា​សៀម​បាន​លើកទ័ព​មក​វាយប្រហារ​ ​លួច​ប្លន់​យក​បាន​ខេត្ដ​ខណ្ឌ​ខ្មែរ​ខ្លះៗ​ក៏​ដោយ។​ ​ព្រំប្រទល់​ដែនដី​ខ្មែរ​ ​ទិស​ខាងលិច​ ​លាតសន្ធឹង​ទៅ​ដល់​ខេ​ត្ដ​បស្ចិមបូរី​ ​និង​ច័ន្ទបូរី​ ​ខាងជើង​ឆៀង​ខាងលិច​ ​ជាប់​នឹង​ខេត្ដ​នគររាជសីមា​ ​ខាងជើង​ទៅ​ដល់​ស្នាមខ្សាច់​ ​ខាងជើង​ឆៀង​ខាងកើត​ ​ជាប់​និង​ស្រុក​​គោកខណ្ឌ​ ​ខាងកើត​លាត​ទៅ​ដល់​បារា​ ​និង​ដូនណយ​ ​ហើយ​និង​ទិស​ខាងត្បូង​ទឹកដី​ខ្មែរ​ជាប់​នឹង​សមុទ្រ

ព្រះស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​សោយរាជសម្បត្តិ​ប្រទេស​ខ្មែរ​បាន​ ១៤ ​ឆ្នាំ​ទើប​ព្រះ​អង្គ​ចាប់ផ្ដើម​មាន ជំងឺ​ឈឺ​ជា​ទម្ងន់។​ ​ពង្សាវតារ​ខ្មែរ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ ​អំពី​ឈ្មោះ​ជំងឺ​នេះ​ទេ។​ ​ពេទ្យហ្ម​គ្រូថ្នាំ​មក​ពី​គ្រប់​ទិសទី​ក្នុង​នគរ​ ​បាន​ខំប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ ​ពិនិត្យ​ព្យាបាល​ដាក់​ថ្នាំ​ ​ថែទាំ​ជម្ងឺ​ព្រះ​អង្គ​ដែរ​ ​តែ​អាការរោគ​ព្រះ​អង្គ​នៅ​តែ​មិន​បាន​ធូរស្រាល​ ​មើល​មិនជា​ ​មិន​បាន​សះស្បើយ​សោះឡើយ។​ ​ព្រះ​អង្គ​ត្រូវ​អស់ព្រះជន្ម​ក្នុង​ឆ្នាំខាល​ ​ក្នុង​ព្រះ​ជន្ម​៣៣ ​វស្សា។

ក្រោយ​ដែល​ព្រះ​ ស្រីសុរិយោទ័យ​បាន​ចូល​ទិវង្គត​ ​នាម៉ឺន​មុខមន្ដ្រី​ទាំងឡាយ​ ​នាំ​គ្នា​ទៅ​សុំ​យាង​ព្រះ​បរមរាមា​ ​ដែល​ត្រូវជា​បុត្រ​ព្រះបាទ​លំពង្សរាជា​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៨​ ​ឲ្យ​ឡើង​សោយរាជ្យ​សម្បត្តិ​ប្រទេស​កម្ពុជា​ជា​បន្ដ។​

ស្រីសុរិយោទ័យទី១ និង លំពង្សរាជា[កែប្រែ]

ស្ដេចទាំងពីរអង្គនេះថ្វីត្បិតតែព្រះនាម ខុសគ្នា ក៏ប៉ុន្តែព្រឹត្តិការណ៍ក្នុងរាជ្យឃើញមានលំនាំដើមចមប្រហែលគ្នាបើសិនជាយើងយកសំណរតាមពង្សាវតារផ្សេងមក ប្រៀបធៀប យើងអាចសន្និដ្ឋានថាស្ដេចទាំងពីរអង្គអាចជាស្ដេច តែមួយ ព្រោះអ្វី? ព្រោះព្រះរាជាខ្មែរតែងមានព្រះនាមច្រើន ដូចជាព្រះនាមដើម ព្រះនាមសម្រាប់រាជ្យ គោរម្យនាមដែលជាព្រះនាមវែង ពេលឡើងសោយរាជ្យ និងព្រះបច្ឆារណនាមដែលជានាមក្នុងពេលចូលទិវង្គត។

ឯកសារយោង[កែប្រែ]

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទកំបង់ពិសី
ព្រះបាទ​សម្ដេច ​ព្រះស្រីសុរិយោទ័យ
គ.ស ១៣៤៩-១៣៦២
តដោយ
ព្រះបាទបរមរាមាធិបតី
ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
ឧបរាជនៃកម្វុជទេឝ
១៣៤៦-១៣៤៩
តដោយ
ឧបរាជ