ក្រុមប្រឹក្សាខេត្ត
៣.១ សមាសភាពក្រុមប្រឹក្សាខេត្ត
៣.១ សមាសភាពក្រុមប្រឹក្សាខេត្ត
[កែប្រែ]ក្រុមប្រឹក្សាខេត្តមានសិទ្ធិអំណាចពីរ គឺ ៖
- សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ និង
- សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិ
ក្រុមប្រឹក្សាខេត្តត្រូវប្រើប្រាស់អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានា។
ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន មានសិទ្ធិចុះហត្ថលេខា និងប្រថាប់ត្រារដ្ឋបាលខេត្តលើ ៖
- ដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាខេត្តបានអនុម័តរួច
- សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារតាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាខេត្ត
- កំណត់ហេតុប្រជុំដែលអង្គប្រជុំក្រុមប្រឹក្សាខេត្ត បានអនុម័តរួច
- សំណើដកហូតអភិបាល ឬអភិបាលរងខេត្តចេញពីមុខតំណែង តាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាខេត្ត
- លិខិតអញ្ជើញប្រជុំក្រុមប្រឹក្សាខេត្ត
- ប្រតិទិនប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ
- សំណើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាខេត្ត
- កិច្ចការដទៃទៀតដែលតម្រូវដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា។
គណៈអភិបាលខេត្ត ត្រូវជួយក្រុមប្រឹក្សាខេត្តរបស់ខ្លួន ក្នុងការរៀបចំឯកសារខាងលើនេះ លើកលែងតែឯកសារសម្រាប់រៀបចំកិច្ចប្រជុំ ទាក់ទងនឹងសំណើដកហូតអភិបាល ឬអភិបាលរងខេត្តចេញពីមុខតំណែង។
របៀបរបបការងាររបស់ក្រុមប្រឹក្សាខេត្ត
[កែប្រែ]ក្នុងការអនុវត្ដសិទ្ធិអំណាចរបស់ខ្លួន ក្រុមប្រឹក្សាខេត្តត្រូវពិនិត្យ ពិចារណាលើចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងរបៀបរបបអនុវត្ដការងារ ដូចខាងក្រោម ៖
- ក្រុមប្រឹក្សាខេត្តត្រូវបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដោយធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិតាមរយៈដីកា និងសេចក្ដីសម្រេចខាងប្រតិបត្ដិ។ រាល់សេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដីសម្រេចខាងប្រតិបត្ដិ ត្រូវធ្វើឡើងក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តរបស់ខ្លួន ហើយត្រូវធានាថា សេចក្ដីសម្រេចទាំងនោះ ត្រូវបានអនុវត្ដដោយមានការតាមដាន និងវាយតម្លៃជាប្រចាំ
- ក្រុមប្រឹក្សាខេត្តអាចចាត់ឱ្យគណៈកម្មាធិការណាមួយ ឬមួយចំនួន ដែលតម្រូវឱ្យបង្កើតឡើង ដោយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឬអាចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានា ដើម្បីស្រាវជ្រាវរៀបចំសេចក្ដីព្រាងដីកា ឬសេចក្ដីព្រាងសេចក្ដីសម្រេចតាមការចាំបាច់។ គណៈអភិបាលខេត្ត ត្រូវដឹកនាំនាយករដ្ឋបាលសាលាខេត្ត និងទីចាត់ការពាក់ព័ន្ធនៃសាលាខេត្ត ដើម្បីផ្ដល់ការគាំទ្រផ្នែកច្បាប់បច្ចេកទេស និងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារខាងលើ ព្រមទាំងធ្វើការសម្របសម្រួល ណែនាំដល់ ទីចាត់ការនានានៃសាលាខេត្ត ក្នុងការរៀបចំសេចក្ដីព្រាងដីកា ឬ សេចក្ដីព្រាងសេចក្ដីសម្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័ត។ លើសពីនេះទៀត អភិបាលខេត្តត្រូវណែនាំនាយករដ្ឋបាលសាលាខេត្តឱ្យរៀបចំដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាខេត្តបានអនុម័តរួច ឱ្យស្របតាមទម្រង់ ដែលបានកំណត់ ដើម្បីដាក់ជូនប្រធានក្រុមប្រឹក្សាខេត្តចុះហត្ថលេខា ក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន និងត្រូវប្រថាប់ត្រារដ្ឋបាលខេត្ត
- ក្រុមប្រឹក្សាខេត្ត ត្រូវចាត់ឱ្យអភិបាលខេត្តចាត់ចែងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់នូវដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាខេត្តបានអនុម័តរួច លើកលែងតែមានការកំណត់ផ្សេងពីនេះ ព្រមទាំងចាត់ចែងអនុវត្ដឱ្យមានប្រសិទ្ធភាព
- ក្នុងករណីកិច្ចការណាមួយដែលជាតម្រូវការចាំបាច់នៃមូលដ្ឋាន ហើយដែលកិច្ចការនោះ ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ មិនបានចែងអំពីបែបបទ និងនីតិវិធីក្នុងការប្រើប្រាស់អំណាចបញ្ញត្ដិ ឬអំណាចប្រតិបត្ដិរបស់ខ្លួន ក្រុមប្រឹក្សាខេត្តត្រូវចាត់ឱ្យអភិបាលខេត្ត ធ្វើការសិក្សាស្រាវជ្រាវ រៀបចំបែបបទ និងនីតិវិធីសមស្រប ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត ឬអាចស្នើសុំយោបល់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នពាក់ព័ន្ធនានា ធ្វើការបញ្ជាក់នូវបែបបទ នីតិវិធីដើម្បីដោះស្រាយកិច្ចការទាំងនោះ
- ក្នុងករណីកិច្ចការណាមួយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដបានកំណត់អំពីបែបបទ និងនីតិវិធីដែរ ប៉ុន្ដែបែបបទ និងនីតិវិធីនោះ ចែងមិនច្បាស់លាស់ ឬមិនស្របនឹងស្ថានភាពជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួន ហើយដែលក្រុមប្រឹក្សាខេត្តមិនអាចអនុវត្ដបាន ក្រុមប្រឹក្សាខេត្ត ត្រូវចាត់ឱ្យគណៈអភិបាលខេត្ត ធ្វើសំណើមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជាបន្ទាន់។ ផ្អែកតាមយន្ដការ គ.ជ.អ.ប រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃធ្វើការសម្របសម្រួលជាមួយរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយករណីនេះ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត
[កែប្រែ]កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តមានពីរប្រភេទ ៖
- កិច្ចប្រជុំសាមញ្ញ ៖ ក្រុមប្រឹក្សាត្រូវប្រជុំសាមញ្ញយ៉ាងហោចណាស់ចំនួន១២ដងក្នុងមួយឆ្នាំ
- ការប្រជុំវិសាមញ្ញ ៖ ក្រុមប្រឹក្សាអាចប្រជុំវិសាមញ្ញ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬពិសេស។
កិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាចយកជាការបាន លុះត្រាតែកិច្ចប្រជុំទាំងនេះ ប្រព្រឹត្ដទៅត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។ សេចក្ដីសម្រេចណាដែលធ្វើឡើងមិនស្របនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត ឬរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ សេចក្ដីសម្រេចនោះពុំមានសុពលភាពឡើយ។
រាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សាខេត្តត្រូវធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ ឬធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិដែលជាគោលការណ៍ គោលនយោបាយរបស់រដ្ឋបាលខេត្ត និងជាវិធានការ បែបបទ នីតិវិធីចាត់ចែងការងារតាមការចាំបាច់ដែលទាក់ទងទៅនឹង ៖
- ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មី ដែលស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ
- ការអនុវត្ដមុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- ការអនុវត្ដមុខងារជាជម្រើសរបស់ក្រុមប្រឹក្សាខេត្ត
- ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ រួមទាំងសមាសភាគនៃផែនការដែលស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រភេទរួមគ្នា ប្រភេទក្រុមប្រឹក្សាផ្សេងៗគ្នា ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា
- ថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលខេត្ត
- បញ្ហាហិរញ្ញវត្ថុផ្សេងទៀតរបស់ក្រុមប្រឹក្សាខេត្ត
- ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន រួមទាំងការរៀបចំគណៈកម្មាធិការ ទីចាត់ការ និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
- ការបែងចែកភារកិច្ចដល់សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងទទួលតាមដានការងារនានាតាមតម្រូវការរបស់ក្រុមប្រឹក្សាខេត្ត
- ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្ដិរបស់រដ្ឋបាលខេត្ត
- ដំណើរការពិគ្រោះយោបល់ជាមួយសាធារណជន ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- សមិទ្ធផល បញ្ហាប្រឈមនៃកិច្ចការនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- កិច្ចការផ្សេងៗទៀតដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ដនានា។
ក្រៅពីកិច្ចការដែលក្រុមប្រឹក្សាខេត្តត្រូវធ្វើការសម្រេចដូចរៀបរាប់ខាងលើ ក្រុមប្រឹក្សាខេត្តអាចធ្វើការសម្រេចក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ខ្លួននូវកិច្ចការផ្សេងៗទៀតរួមមាន ៖
- ការកោះអញ្ជើញអភិបាលខេត្ត ឬអភិបាលរងខេត្ត ឬគណៈអភិបាលខេត្ត ឬបុគ្គលដែលពាក់ព័ន្ធ មកសាកសួរអំពីការអនុវត្ដសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាខេត្ត ឬហេតុការណ៍ណាមួយដែលកើតមានក្នុងខេត្ត ឬការដោះស្រាយបញ្ហាបន្ទាន់ និងពិសេសណាមួយ ព្រមទាំងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធ
- ការសម្រេចឱ្យសិក្សាស្រាវជ្រាវ ឬការស៊ើបអង្កេតលើករណីទាំងឡាយណាដែលក្រុមប្រឹក្សាខេត្តយល់ថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ដែលខ្លួនជាតំណាង និងសម្រេចឱ្យធ្វើការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ឬការធ្វើអង្កេតនេះ ព្រមទាំងណែនាំដល់គណៈអភិបាលខេត្តអំពីវិធានការដោះស្រាយតាមលទ្ធផលនៃការធ្វើអង្កេតនេះ
- ការពិនិត្យស្រាវជ្រាវ និងធ្វើសេចក្ដីរាយការណ៍ទៅក្រសួងមហាផ្ទៃ ក្នុងករណីមានការរំលោភអំណាចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ការពិនិត្យ និងដោះស្រាយចំពោះទង្វើមិនស្របច្បាប់ ដែលប្រព្រឹត្ដិដោយក្រុមប្រឹក្សាខេត្ត ឬសមាជិកក្រុមប្រឹក្សាខេត្ត ឬគណៈអភិបាលខេត្ត ឬអភិបាលខេត្ត ឬអភិបាលរងខេត្ត ឬដោយបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
- ការពិនិត្យ និងចាត់វិធានការដោះស្រាយវិវាទនៅមូលដ្ឋាន ស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាន
- ការពិនិត្យ និងដោះស្រាយឱ្យបានសមស្របអំពីសំណូមពរ ឬការតវ៉ារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដែលរៀបចំដោយគណៈអភិបាលខេត្ត
- បញ្ហាផ្សេងៗទៀតដែលតម្រូវដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ព្រមទាំងបញ្ហានានាដែលក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តយល់ឃើញថាចាំបាច់។
ទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
[កែប្រែ]ទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត មានដូចខាងក្រោម ៖
- អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិទាំងអស់ ដែលក្រុមប្រឹក្សាខេត្តបានសម្រេចរួចហើយ គណៈអភិបាលខេត្តត្រូវទទួលខុសត្រូវក្នុងការចាត់ចែងអនុវត្ដក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន។ ដូច្នេះ គណៈអភិបាលខេត្ត គឺជាអ្នកអនុវត្ដទាំងសេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដីសម្រេចខាងប្រតិបត្ដិរបស់ក្រុមប្រឹក្សាខេត្ត
- ក្រុមប្រឹក្សាខេត្តត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចការដែលអនុវត្ដដោយគណៈអភិបាលខេត្ត ដើម្បីធានាថា គណៈអភិបាលខេត្តអនុវត្ដកិច្ចការទាំងនោះ បានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា និងការសម្រេចរបស់ក្រុមប្រឹក្សាខេត្ត
- គណៈអភិបាលខេត្ត ត្រូវធ្វើសេចក្ដីរាយការណ៍ជូនក្រុមប្រឹក្សាខេត្តរបស់ខ្លួនរៀងរាល់កិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។ គណៈអភិបាលខេត្ត ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាខេត្តរបស់ខ្លួនអំពីការអនុវត្ដសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាខេត្ត និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការអនុវត្ដតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ដនានា
- អភិបាលខេត្តដោយមាននាយករដ្ឋបាលសាលាខេត្តជាជំនួយការ ត្រូវធ្វើសេចក្ដីរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការអនុវត្ដតួនាទីជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័ននានា ព្រមទាំងស្ថានភាពនៃការងារទាំងនោះក្នុងរបាយ ការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- ក្នុងករណីមានបញ្ហាណាមួយ ដែលពាក់ព័ន្ធដល់ការអនុវត្ដតួនាទីរបស់អភិបាលខេត្ត ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយដែលមានការប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ឬមានការទាមទារតវ៉ាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្តអាចតម្រូវឱ្យអភិបាលខេត្តធ្វើសេចក្ដីរាយការណ៍ជាពិសេសជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- ក្រុមប្រឹក្សាខេត្តអាចផ្ដល់អនុសាសន៍ និងការណែនាំដល់អភិបាលខេត្តអំពីការអនុវត្ដតួនាទីខាងលើនេះ ដើម្បីឆ្លើយតបតម្រូវការជាអាទិភាព និងបញ្ហាប្រឈមនានារបស់មូលដ្ឋាន។ អភិបាលខេត្តត្រូវទទួលយកអនុសាសន៍ និងការណែនាំពីក្រុមប្រឹក្សាខេត្តរបស់ខ្លួន ដើម្បីធ្វើការណែនាំ សម្របសម្រួល និងតម្រង់ទិសដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ក្នុងការឆ្លើយតបតម្រូវការទាំងនោះ ហើយត្រូវរាយការណ៍ជូនក្រុមប្រឹក្សាខេត្តវិញ។
ការបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
[កែប្រែ]ក្រុមប្រឹក្សាខេត្ត មានកាតព្វកិច្ចបង្កើតគណៈកម្មាធិការពិគ្រោះយោបល់ចំនួនបី ដែលរួមមាន ៖
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ
- គណៈកម្មាធិការលទ្ធកម្ម។
ក្រៅពីគណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើនេះ ក្រុមប្រឹក្សាខេត្តអាចបង្កើតគណៈកម្មាធិការបន្ថែមផ្សេងទៀតតាមការចាំបាច់។ គណៈកម្មាធិការដែលបង្កើតបន្ថែមមិនត្រូវមានតួនាទី និងភារកិច្ចត្រួតគ្នា ជាមួយនឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើឡើយ។ ជាមួយនេះដែរ ក្រុមប្រឹក្សាខេត្តអាចបង្កើតអនុគណៈកម្មាធិការ ឬក្រុមការងារផ្សេងៗទៀត តាមការស្នើសុំរបស់គណៈកម្មាធិការនានា ឬគណៈអភិបាលខេត្ត។ អនុគណៈកម្មាធិការ ឬក្រុមការងារខាងលើនេះត្រូវមានគណនេយ្យភាពជាបឋមជាមួយគណៈកម្មាធិការ ឬគណៈអភិបាលខេត្ត។
ក្នុងការរៀបចំបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្តត្រូវពិនិត្យពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖
- ក្រុមប្រឹក្សាខេត្តអាចតែងតាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត តំណាងក្រុមប្រឹក្សាប្រភេទផ្សេងទៀតក្នុងដែនសមត្ថកិច្ចរបស់ខេត្ត តំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាតាមការចាំបាច់ ជាសមាជិកគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារដែលខ្លួនបានបង្កើតឡើង
- ក្រុមប្រឹក្សាខេត្ត ត្រូវសម្រេចពីចំនួនសមាជិកគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ការតែងតាំងប្រធាន អនុប្រធាន និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានាដែលខ្លួនបានបង្កើតឡើង
- គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ត្រូវមានតំណាងស្ដ្រីសមស្រប រួមទាំងតំណែងប្រធាន ឬអនុប្រធានគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារផង
- ក្រុមប្រឹក្សាខេត្តអាចរំសាយគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ និងអាចបញ្ឈប់សមាជិកណាម្នាក់ពីគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារដែលខ្លួនបានបង្កើតឡើងតាមការចាំបាច់ ឬតាមសំណើរបស់គណៈកម្មាធិការ ឬគណៈអភិបាលខេត្ត
- គណៈអភិបាលខេត្តអាចស្នើសុំក្រុមប្រឹក្សាខេត្ត ដើម្បីឱ្យគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារណាមួយ ដែលក្រុមប្រឹក្សាខេត្តបានបង្កើតឡើង រួមទាំងគណៈកម្មាធិការជាកាតព្វកិច្ចទាំងបី ជួយសិក្សាផ្ដល់យោបល់លើបញ្ហាណាមួយ ឬមួយចំនួនដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈអភិបាលខេត្ត
- ក្រុមប្រឹក្សាខេត្តត្រូវទទួលខុសត្រូវរាល់ការសម្រេច និងសកម្មភាពរបស់គណៈកម្មាធិការនានា និងទទួលខុសត្រូវចំពោះផលវិបាកនានា ដែលកើតចេញពីសកម្មភាពរបស់គណៈកម្មាធិការទាំងនោះ
- ក្រុមប្រឹក្សាខេត្ត ត្រូវណែនាំឱ្យគណៈអភិបាលខេត្តឱ្យផ្ដល់ការគាំទ្រកិច្ចការផ្នែកលេខាធិការដ្ឋាន ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេស ព្រមទាំងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការជាកាតព្វកិច្ចទាំងបី ឬដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារដែលក្រុមប្រឹក្សាខេត្តបានបង្កើតឡើង
- គណៈកម្មាធិការដែលបានបង្កើតឡើង ត្រូវមានសេចក្ដីរាយការណ៍ប្រចាំត្រីមាស ឆមាស ឆ្នាំ និងតាមតម្រូវការចាំបាច់នានា។ សេចក្ដីរាយការណ៍ទាំងនេះ ត្រូវចម្លងជូនគណៈអភិបាលខេត្ត ដើម្បីធ្វើការបូកសរុប និងរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត
- ក្រុមប្រឹក្សាខេត្ត អាចតម្រូវឱ្យគណៈកម្មាធិការណាមួយធ្វើសេចក្ដី រាយការណ៍ដោយផ្ទាល់អំពីកិច្ចការពិសេស និងបន្ទាន់ណាមួយក្នុងកិច្ចប្រជុំរបស់ខ្លួនតាមការចាំបាច់។