Jump to content

គង់ ណៃ

ពីវិគីភីឌា
លោកគង់ណៃ កំពុងអង្គុយលេង ចាប៉ីដងវែង នៅរាជធានីភ្នំពេញ ឆ្នាំ២០០៧

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ( កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅខេត្តកំពត – មរណភាពនៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៤) គឺជាតន្ត្រីករខ្មែរម្នាក់ មកពីខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ដែលលេងភ្លេងបុរាណគឺចាប៉ីដងវែង។ លោកគឺជាអ្នកសិល្បៈករដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួនដែលបានរស់រានមានជីវិតពីសម័យ ខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថាជា រ៉ាយ ឆាលស៍នៃកម្ពុជា។[]

លោកបានទទួលរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគូអូកាឆ្នាំ២០១៧។[][]

នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៤ លោកគង់​ ណៃបានទទួលមរណភាពដោយរោគាពាធនៅឯស្រុកកំណើត ក្នុងជន្មាយុ ៨០ ឆ្នាំ។[]

ប្រវត្តិ​សង្ខេប

[កែប្រែ]

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ កើត​នៅ​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ១៩៤៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាង​ជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ស្ថិត​ក្នុង​វ័យ ៤ ឆ្នាំ ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ជំងឺ​អុតធំ។ មាន​គ្រួសារ​ជា​តន្ត្រី លោកតា គង់ ណៃ បាន​រៀន​ឧបករណ៍​ប្រភេទ​នេះ​ពី​លោក​ឪពុកមា​របស់​លោក​ឈ្មោះ គង់ ទិត ដោយ​បាន​ចាប់ផ្ដើម​ការ​សិក្សា​អំពី​ចាប៉ី​ដង​វែង​នៅ​អាយុ ១៣ ឆ្នាំ។[]

ក្នុង​យុវវ័យ​របស់​លោក គង់ ណៃ ជារឿយៗ តែងតែ​ប្រឈម​នឹង​ការ​សើចចំអក​ពី​មិត្តភ័ក្ដិ ព្រោះតែ​ពិការភាព​របស់​គាត់។ ទោះបី​ជា​ត្រូវ​បាន​គេ​មើលងាយ​ដោយ​ការ​រើសអើង​យ៉ាងណា លោកតា គង់ ណៃ បាន​ស្វែងរក​ចំណេះ​ជំនាញ​ប្រាកដ​មួយ​ជាប់​នឹង​ខ្លួន ដើម្បី​ទទួល​បាន​ជីវិត​ឯករាជ្យ​មួយ និង​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

រយៈពេល ២ ឆ្នាំ នៃ​ការ​ចាប់ផ្ដើម​សិក្សា​ចាប៉ី គឺ​មក​ដល់​អាយុ ១៥ ឆ្នាំ លោក គង់ ណៃ បាន​ចាប់ផ្ដើម​អនុវត្ត​វិជ្ជាជីវៈ​នេះ ហើយ​កេរ្តិ៍ឈ្មោះ​របស់​លោក​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ មិនយូរប៉ុន្មាន គាត់​បាន​ទទួល​ឈ្មោះ​ហៅ​ក្រៅ​ថា “​សង្ហា​” ណៃ​។ ចំពោះ​ការ​សម្ដែង​ផ្សេងៗ ជានិច្ចកាល គង់ ណៃ សម្តែង​កំណាព្យ​បុរាណ​ដូចជា​កំណាព្យ​របស់ ភីរម្យ​ង៉ុយ ជាដើម។

ប្រវត្តិ​គ្រួសារ

[កែប្រែ]

ស្ថិត​នៅ​ក្នុង​វ័យ ១៨ ឆ្នាំ លោកតា គង់ ណៃ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា គឺ​លោកយាយ តាត​ ឆេន ​ដែល​ជា​អ្នកស្រុក​ជាមួយគ្នា។ បន្ទាប់ពី​អាពាហ៍ពិពាហ៍ លោកតា គង់ ណៃ និង​ភរិយា​លោក​យាយ តាត ឆេន​ ទទួលបាន​ចំណងដៃ​កូន ១០ នាក់ ​(​ស្រី ៤ នាក់ និង​ប្រុស ៦ នាក់​)​។

ជ័យ​លាភី និង​ស្នាដៃ​ផ្សេងៗ

[កែប្រែ]

ក្នុង​ឆ្នាំ ១៩៩១ លោកតា គង់ ណៃ បាន​ប្រឡង​ជាប់​ជ័យ​លាភី​លេខ ១ ផ្នែក​ចម្រៀង​ចាប៉ី​ដងវែង​ទូទាំង​ប្រទេស​នៅ​រាជ​ភ្នំពេញ ហើយ​ក្លាយ​ជា​សិល្បករ​ចាប៉ី​ដងវែង​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រហូត​ដល់​ចូលនិវត្តន៍​នា​ឆ្នាំ ២០០៧។

ក្នុង​ឆ្នាំ ២០០៣ លោក​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ នៃ​អង្គការ​ខ្មែរ​អមត និង​បាន​បង្ហាត់បង្រៀន​សិស្ស​បន្ត​ជា​ច្រើន​ជំនាន់​រហូតដល់​ជរា​ខ្លាំង និង​ចូលនិវត្តន៍​ម្ដងទៀត​នា​ឆ្នាំ ២០០៧។

នៅ​ឆ្នាំ ១៩៨២ លោក​ទទួល​បាន​ជ័យ​លាភី​លេខ ១ ផ្នែក​ចម្រៀង​ចាប៉ី​ប្រចាំ​ខេត្ត។

ឆ្នាំ ២០០១ លោក​ទទួល​បាន​វិញ្ញាបនបត្រ​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​គ្រឿង​ឥស្សរិយយស​ថ្នាក់​មុនីសារាភ័ណ្ឌ​ពី​រាជរដ្ឋាភិបាល។

ឆ្នាំ ២០០២ លោក​ទទួល​បាន​វិញ្ញាបនបត្រ​កិត្តិយស​វីរ​សិល្បៈ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ឆ្នាំ ២០០៧ ទទួល​គ្រឿង​ឥស្សរិយយស​ម្ដងទៀត​ពី​រដ្ឋាភិបាល និង​ឆ្នាំ ២០១២ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ថ្នាក់​ជាតិ​ជា​មត៌ក​មនុស្ស​រស់​ដែល​មាន​នាម​ថា​កោសល្យ​វោហារ គង់ ណៃ។

នៅ​ឆ្នាំ ២០១៧ លោក​ទទួល​បាន​ពានរង្វាន់​សិល្បៈ និង​វប្បធម៌ ហ្វូ​គុ​អុ​កា (Fukuoka Prize) ជា​ពានរង្វាន់​ដែល​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ ១៩៩០ នៅ​ទីក្រុង​ហ្វូ​គុ​អុ​កា ប្រទេស​ជប៉ុន សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក​អប់រំ សិល្បៈ និង​វប្បធម៌។ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺជា​បុគ្គល​ទី ៣ របស់​កម្ពុជា ដែល​បាន​ទទួល​ពានរង្វាន់​នេះ បន្ទាប់ពី លោក ឆេង ផុន និង​លោក អាំង ជូលាន។

គួរ​បញ្ជាក់​ថា មរណភាព​របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​បំផុត​ផ្នែក​ចាប៉ី​ដង​វែង​ដ៏​កម្រ​ប្រកប​ដោយ​សមត្ថភាព ទេពកោសល្យ ដែល​ធ្លាប់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ទាំង​នៅ​ឆាក​ជាតិ និង​តំបន់ ក៏ដូចជា​ការ​លើក​កម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តជាតិ​ផង​ដែរ៕

មើលផងដែរ

[កែប្រែ]

វណ្ណដា

ឯកសារយោង

[កែប្រែ]
  1. Naren, K & Michelle, V. "Cambodian Arts Legend Kong Nay Receives Asian Art Prize". The Cambodia Daily. https://www.cambodiadaily.com/culture/cambodian-arts-legend-kong-nay-receives-asian-art-prize-131235/. 
  2. Sotheary, Pech. "Music legend Kong Nay wins Japan arts prize". Khmer Times. https://www.khmertimeskh.com/5083257/music-legend-kong-nay-wins-japan-arts-prize/។ បានយកមក 10 May 2018. 
  3. "Arts and Culture Prize 2017 - 28th - KONG Nay". Fukuoka Prize. https://fukuoka-prize.org/en/laureates/detail/d56501b7-202f-4a4d-84fd-11b457c196a2។ បានយកមក 10 Jan 2021. 
  4. រស្មី, ជួន. "ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ". ស៊ីស៊ី ថាមស៍. https://kh.cc-times.com/posts/20027។ បានយកមក 29 June 2034. 
  5. ពិសី, អ៊ិន (2024-06-29). "ប្រវត្តិសង្ខេបរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងស្នាដៃធំៗ បន្សល់ទុកកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ". Kampuchea Thmey Daily (in American English). Retrieved 2025-03-15.