គាថាសង្គណិកៈ
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
គាថាសង្គណិកៈ
[៩៩] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សួរព្រះឧបាលិត្ថេរដ៏មានអាយុថា អ្នកធ្វើចីវរឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលី ធ្វើហាក់ដូចជាមានបំណង (អ្វីមួយ) មកក្នុងទីនេះ ដើម្បីអ្វី។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទទាំងឡាយណា ដែលព្រះអង្គបានបញ្ញត្តទុក ក្នុងវិន័យទាំងពីរ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទទាំងនោះ មានប៉ុន្មាន ទ្រង់បញ្ញត្តក្នុងនគរណាខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា អ្នកមានប្រាជ្ញាមោះមុតល្អហើយ អ្នកសួរដោយឧបាយ ព្រោះហេតុនោះ តថាគតនឹងប្រាប់អ្នក តាមទំនងដែលតថាគតជាអ្នកឈ្លាសវៃ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបានបញ្ញត្តទុក ក្នុងវិន័យទាំងពីរ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទនោះ មាន៣៥០សិក្ខាបទ តថាគតបញ្ញត្តក្នុងនគរទាំង៧។
[១០០] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទដែលទ្រង់បញ្ញត្តក្នុងនគរទាំង៧នោះ តើនគរណាខ្លះ។ សូមព្រះអង្គដោះស្រាយនូវប្រាស្នានោះរបស់ខ្ញុំព្រះអង្គ យើងខ្ញុំទាំងឡាយ នឹងពិចារណា នូវគន្លងពាក្យរបស់ព្រះអង្គ ហើយប្រតិបត្តិតាម ការប្រតិបត្តិតាមនោះ នឹងជាប្រយោជន៍ ដល់យើងខ្ញុំទាំងឡាយ។ ឯសិក្ខាបទទាងឡាយ ដែលតថាគតបញ្ញត្ត (ក្នុងនគរទាំង៧នោះ) គឺ នគរវេសាលី១ រាជគ្រឹះ១ សាវត្ថី១ អាឡវី១ កោសម្ពី១ ដែនសក្កៈ១ ដែនភគ្គៈ។
[១០១] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរវេសាលី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគររាជគ្រឹះ សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរសាវត្ថី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរអាឡវី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគរកោសម្ពី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងដែនសក្កៈ សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងភគ្គជនបទ ខ្ញុំព្រះអង្គសួរនូវសេចក្តីណា សូមទ្រង់ព្រះមេត្តាប្រោស ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា តថាគតបញ្ញត្តសិក្ខាបទ១០ ក្នុងនគរវេសាលី តថាគតបញ្ញត្តសិក្ខាបទ២១ ក្នុងនគររាជគ្រឹះ តថាគតបញ្ញត្តសិក្ខាបទទាំងអស់២៩៤ក្នុងនគរសាវត្ថី តថាគតបញ្ញត្តសិក្ខាបទ៦ ក្នុងនគរអាឡវី តថាគតបញ្ញត្តសិក្ខាបទ៨ ក្នុងនគរកោសម្ពី តថាគតបញ្ញត្តសិក្ខាបទ៨ ក្នុងដែនសក្កៈ តថាគតបញ្ញត្តសិក្ខាបទ៣ ក្នុងដែនភគ្គៈ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគរវេសាលី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ មេថុនធម្មសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្តរិមនុស្សធម្មសិក្ខាបទ១ អតិរេកសិក្ខាបទ [បឋមកឋិនសិក្ខាបទ]១ កាឡកសិក្ខាបទ១ ភូតគាមសិក្ខាបទ១ បរម្បរាភត្តសិក្ខាបទ១ ទន្តបោណសិក្ខាបទ១ អចេលកសិក្ខាបទ១ ភិក្ខុនីសុអក្កោសកសិក្ខាបទ១ ទាំង១០សិក្ខាបទនេះ តថាគតបញ្ញត្តក្នុងនគរវេសាលី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគររាជគ្រឹះ អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ អទិន្នាទានសិក្ខាបទ១ (សញ្ញាចិកសិក្ខាបទ [ក្នុងទីនេះ មានកំណត់ថា សិក្ខាបទដែលទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះ ២១ សិក្ខាបទ តែបានរាប់តាមបាលីទៅឃើញតែ២០សិក្ខាបទ លុះពិនិត្យមើលក្នុងមហាវិភង្គ ឃើញថា សញ្ញាចិកសិក្ខាបទនេះ ក៏ទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះដែរ។]១) អនុទ្ធំសនសិក្ខាបទទាំងពីរ ភេទសិក្ខាបទទាំងពីរ អន្តរវាសកសិក្ខាបទ [ចីវរប្បដិគ្គហណសិក្ខាបទ។]១ រូបិយសិក្ខាបទ១ សុត្តវិញ្ញត្តិសិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ បាចិតបិណ្ឌសិក្ខាបទ [បរិបាចនសិក្ខាបទ]១ គណភោជនសិក្ខាបទ១ វិកាលភោជនសិក្ខាបទ១ ចារិត្តសិក្ខាបទ១ នហានសិក្ខាបទ១ ឩនវីសសិក្ខាបទ១ ចីវរទានសិក្ខាបទ [ខិយ្យធម្មសិក្ខាបទ]១ វោសាសន្តិសិក្ខាបទ [កុលេសុនិមន្តិតសិក្ខាបទ]១ សិក្ខាបទទាំងនេះ តថាគតបញ្ញត្ត ក្នុងនគររាជគ្រឹះ។ គិរគ្គសិក្ខាបទ១ ចារិកសិក្ខាបទ១ ឆន្ទទានសិក្ខាបទ [បីសិក្ខាបទខាងចុងនេះ ជាសិក្ខាបទភិក្ខុនី]១ (សិក្ខាបទទាំងនេះ រួមពីលើមក ត្រូវជា)២១សិក្ខាបទ តថាគតបញ្ញត្ត ក្នុងក្រុងរាជគ្រឹះនោះដែរ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគរសាវត្ថី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិកសិក្ខាបទ៤ សង្ឃាទិសេសសិក្ខាបទ១៦ អនិយតសិក្ខាបទ២ និស្សគ្គិយសិក្ខាបទ៣៤ [ឃើញក្នុងគម្ពីឱរុប និងគម្ពីរភូមាថា ២៤។ ឃើញក្នុងគម្ពីរ (ស្លឹករឹត) ខ្លះថា ៣៤។ ពាក្យថា ៣៤នេះ គួរជាង។ ដ្បិតចំនួនសិក្ខាបទទាំងអស់ក្នុងមហាវិភង្គ យើងបានជ្រើសរើសរួចហើយ។ សេចក្តីពិតថា ក្នុងមហាវិភង្គនោះ មាននិស្សគ្គិយសិក្ខាបទចំនួន៣៤ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងក្រុងសាវត្ថី។] សិក្ខាបទ ១៥៦ ដែលតថាគតហៅថា ខុទ្ទកសិក្ខាបទ គារយ្ហសិក្ខាបទ១០ និងសេក្ខិយវត្ត៧២។ រួមទាំងអស់ត្រូវជាសិក្ខាបទ២៩៤ ដែលតថាគតបញ្ញត្ត ក្នុងនគរសាវត្ថី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងនគរអាឡវី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ កុដិការសិក្ខាបទ១ កោសិយសិក្ខាបទ១ បឋមសហសេយ្យសិក្ខាបទ១ បឋវីខណនសិក្ខាបទ១ ភូតគាមសិក្ខាបទ១ សប្បាណកសិក្ខាបទ១ សិក្ខាបទទាំង៦នេះ តថាគតបញ្ញត្ត ក្នុងនគរអាឡវី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងនគរកោសម្ពី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ មហល្លកសិក្ខាបទ [ក្នុងតេរសកណ្ឌ (សង្ឃាទិសេស)]១ ទុព្វចជាតិកសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ មហល្លកសិក្ខាបទ [ក្នុងបាចិត្តិយកណ្ឌ (ភូតគាមវគ្គ)]១ សុរាបានសិក្ខាបទ១ អនាទរិយសិក្ខាបទ១ សហធម្មិកសិក្ខាបទ១ សុរុសុរុការកសិក្ខាបទ១ ជាគំរប់៨។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងដែនសក្កៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ ឯឡកលោមធោវាបនសិក្ខាបទ១ បត្តសិក្ខាបទ [ឩនបញ្ចពន្ធនសិក្ខាបទ]១ ឱវាទសិក្ខាបទ [ភិក្ខុនូបស្សយសិក្ខាបទ]១ ភេសជ្ជសិក្ខាបទ [មហានាមសិក្ខាបទ]១ សូចិឃរសិក្ខាបទ១ អារញ្ញកសេនាសនសិក្ខាបទ១ ទាំង៦សិក្ខាបទនេះ តថាគតបញ្ញត្ត ក្នុងក្រុងកបិលព័ស្តុ។ ឧទកសុទ្ធិយសិក្ខាបទ និងឱវាទុបសង្កមនសិក្ខាបទ ក្នុងភិក្ខុនីវិភង្គ ក៏តថាគតបញ្ញត្ត (ក្នុងដែនសក្កៈដែរ)។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុង ដែនភគ្គៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ ជោតិសមាទហនវិសិព្វនសិក្ខាបទ១ សាមិសសិក្ខាបទ១ សសិត្ថកសិក្ខាបទ១។ បារាជិកសិក្ខាបទ៤ សង្ឃាទិសេសសិក្ខាបទ៧ និស្សគ្គិយសិក្ខាបទ៨ ខុទ្ទកសិក្ខាបទ៣២ បាដិទេសនីយសិក្ខាបទ២ សេក្ខិយសិក្ខាបទ៣ ទាំង៥៦សិក្ខាបទ (នេះ) ព្រះពុទ្ធដែលជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តក្នុងនគរទាំង៦ សិក្ខាបទទាំងអស់មាន២៩៤ ព្រះគោតមដ៏មានយស ទ្រង់បញ្ញត្តក្នុងនគរសាវត្ថី។
[១០២] ខ្ញុំព្រះអង្គបានសួរហើយ នូវប្រស្នាណា ព្រះអង្គក៏បានសំដែងហើយ ដល់ខ្ញុំព្រះអង្គ (១ទៀត) ពាក្យណាដែលខ្ញុំព្រះអង្គ បានទូលសួរហើយ ព្រះអង្គក៏បានព្យាករពាក្យនោះ ដោយមិនមានលើសខ្វះ។ ខ្ញុំព្រះអង្គ សូមសួរនូវប្រស្នាដោយឡែកទៀត សូមទ្រង់សំដែងនូវប្រស្នានោះមក។ សូមសួរថា គរុកាបត្តិក្តី លហុកាបត្តិក្តី សាវសេសាបត្តិក្តី អនវសេសាបត្តិក្តី ទុដ្ឋុល្លាបត្តិក្តី អទុដ្ឋុល្លាបត្តិក្តី ភិក្ខុទាំងឡាយ ដែលត្រូវអាបត្តិ ជាយាវតតិយកាក្តី (សិក្ខាបទ) ដែលជា សាធារណប្បញ្ញត្តិក្តី ជាអសាធារណប្បញ្ញត្តិក្តី វិបត្តិទាំងឡាយ តែងរម្ងាប់ ដោយសមថៈទាំងឡាយណាក្តី សូមព្រះអង្គព្យាករ នូវពាក្យទាំងឡាយ មានអាបត្តិជាដើមនេះ។ ហ៏ យើងទាំងឡាយ នឹងស្តាប់នូវព្រះពុទ្ធដីការបស់ព្រះអង្គ។ អាបត្តិទាំងឡាយ ដែលចាត់ជាគរុកាបត្តិ មាន៣១ [រាប់យកបារាជិកាបត្តិរបស់ភិក្ខុ៤ របស់ភិក្ខុនី៤ ទាំងរាប់សង្ឃាទិសេសាបត្តិ របស់ភិក្ខុ១៣ របស់ភិក្ខុនី១០ មកបូកផ្សំគ្នា ត្រូវជាគរុកាបត្តិមាន៣១។] អាបត្តិទាំងឡាយ ដែលចាត់ជាអនវសេសាបត្តិមាន៨ មកក្នុងទីនេះ អាបត្តិទាំងឡាយណា ជាគរុកាបត្តិក្តី អាបត្តិទាំងនោះ ហៅថា ទុដ្ឋុល្លាបត្តិ អាបត្តិទាំងឡាយណា ជាទុដ្ឋុល្លាបត្តិ អាបត្តិទាំងនោះ ហៅថា សីលវិបត្តិ។ បារាជិកាបត្តិ និងសង្ឃាទិសេសាបត្តិ ព្រះសម្មាសម្ពុទ្ធ ទ្រង់ហៅថា សីលវិបត្តិ។ ថុល្លច្ចយាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ និងទុព្ភាសិតាបត្តិ ដូចយ៉ាងភិក្ខុណា មានសេចក្តីប៉ុនប៉ងនឹងសើចលេងហើយជេរ។ អាបត្តិទាំងនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាអាចារវិបត្តិ។
[១០៣] ភិក្ខុទាំងឡាយ ដែលអសទ្ធម្មរួបរឹត ជាអ្នកអាប់ប្រាជ្ញា ដែលមោហៈបិទបាំង ប្រកាន់ទិដ្ឋិខុស តែងពោលបង្កាច់ នូវព្រះសម្មាសម្ពុទ្ធនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាទិដ្ឋិវិបត្តិ។
[១០៤] ភិក្ខុមានសេចក្តីប្រាថ្នាអាក្រក់ លុះក្នុងអំណាចសេចក្តីប្រាថ្នា ពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន (ក្នុងខ្លួន) ដែលមិនពិត ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ជាភិក្ខុប្រព្រឹត្តនិយាយដឹកនាំបុរសឲ្យស្រ្តី ដឹកនាំស្ត្រីឲ្យបុរស ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុពោលថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះឯង ជាព្រះអរហន្ត ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុសូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួន មកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុនីសូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួន យកមកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុដែលមិនមានជម្ងឺ សូមសំឡក្តី បាយក្តី ដើម្បីប្រយោជន៍ដល់ខ្លួន យកមកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ។ នេះព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាអាជីវវិបត្តិ។
[១០៥] បុគ្គល១១រូប (ត្រូវអាបត្តិក្នុងខណៈ ដែលសង្ឃសូត្រសមនុភាសនកម្ម)ចប់ ជាគំរប់៣ដង ចូរអ្នកប្រុងស្តាប់ នូវសេចក្តីនៃបុគ្គលទាំងនោះ ដូចសំដែងតទៅនេះ គឺឧក្ខិត្តានុវត្តិកភិក្ខុមួយពួក ភិក្ខុដែលត្រូវអាបត្តិក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្ម) ចប់ ជាគំរប់៣ដង ៨រូប អរិដ្ឋភិក្ខុមួយរូប ចណ្ឌកាលីភិក្ខុនីមួយរូប បុគ្គលទាំងប៉ុណ្ណេះ (ត្រូវអាបត្តិក្នុងខណៈ ដែលសង្ឃសូត្រសមនុភាសនកម្ម) ចប់ ជាគំរប់៣ដង។
[១០៦] សួរថា ព្រះពុទ្ធដែលជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តថា សិក្ខាបទដែលមានកិរិយាកាត់ចេញ ជាវិនយកម្ម មានប៉ុន្មាន សិក្ខាបទដែលមានកិរិយាបំបែកចេញ ជាវិនយកម្ម មានប៉ុន្មាន សិក្ខាបទ ដែលមានកិរិយាកកាយចេញ ជាវិនយកម្ម មានប៉ុន្មាន អនញ្ញបាចិត្តិយសិក្ខាបទ គឺបាចិត្តិយៈ ដែលមានពាក្យថា មិនមែនហេតុដទៃ មានប៉ុន្មាន សិក្ខាបទ ដែលនិយាយពីការសន្មតិភិក្ខុ មានប៉ុន្មាន សិក្ខាបទដែលនិយាយពីសាមីចិកម្ម មានប៉ុន្មាន សិក្ខាបទដែលនិយាយពីកំណត់ មានប៉ុន្មាន សិក្ខាបទដែលមានពាក្យថាដឹង មានប៉ុន្មាន។ ឆ្លើយថា ព្រះពុទ្ធជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តថា សិក្ខាបទដែលមានកិរិយាកាត់ចេញ ជាវិនយកម្ម មាន៦ សិក្ខាបទដែលមានកិរិយាបំបែកចេញ ជាវិនយកម្ម មាន១ សិក្ខាបទ ដែលមានកិរិយាកកាយចេញ ជាវិនយកម្មមាន១ អនញ្ញបាចិត្តិយសិក្ខាបទមាន៤ សិក្ខាបទដែលនិយាយពីការសន្មតិភិក្ខុ មាន៤ សិក្ខាបទដែលនិយាយពីសាមីចិកម្ម មាន៧ សិក្ខាបទដែលនិយាយពីកំណត់ មាន១៤ សិក្ខាបទដែលមានពាក្យថាដឹង មាន១៦។
[១០៧] សិក្ខាបទរបស់ភិក្ខុ មាន២២០ ដែលមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទភិក្ខុនី មាន៣០៤ ដែលមកកាន់ឧទ្ទេស រាល់ៗថ្ងៃឧបោសថ។ សិក្ខាបទ៤៦របស់ភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនី សិក្ខាបទ១៣០ របស់ភិក្ខុនី មិនបានទួទៅដល់ពួកភិក្ខុ បូករួមត្រូវជា១៧៦សិក្ខាបទ ជាសិក្ខាបទមិនទួទៅ ដល់បុគ្គលទាំងពីរពួក គឺភិក្ខុ និងភិក្ខុនីទេ សិក្ខាបទ១៧៤ ដែលបុគ្គលទាំងពីរពួកត្រូវសិក្សាស្មើភាគគ្នា។
[១០៨] សិក្ខាបទរបស់ភិក្ខុមាន២២០ តែងមកកាន់ឧទ្ទេសក្នុងថ្ងៃឧបោសថទាំងឡាយ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១៣ អនិយត២ និស្សគ្គិយៈ៣០ ខុទ្ទកៈ (បាចិត្តិយៈ)៩២ បាដិទេសនីយៈ៤ សេក្ខិយៈ៧៥ ទាំង២២០នេះ ជាសិក្ខាបទរបស់ភិក្ខុ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ។
[១០៩] សិក្ខាបទរបស់ពួកភិក្ខុនីមាន៣០៤ តែងមកកាន់ឧទ្ទេស រាល់ៗថ្ងៃឧបោសថ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៨ សង្ឃាទិសេស១៧ និស្សគ្គិយៈ៣០ ខុទ្ទកៈ (បាចិត្តិយៈ)១៦៦ បាដិទេសនីយៈ៨ សេក្ខិយៈ៧៥ ទាំង៣០៤នេះ ជាសិក្ខាបទរបស់ភិក្ខុនី ដែលមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ។
[១១០] សិក្ខាបទរបស់ពួកភិក្ខុមាន៤៦ ដែលមិនបានទួទៅ ដល់ពួកភិក្ខុនី ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ សង្ឃាទិសេស៦ អនិយត២ ត្រូវជា៨សិក្ខាបទ និស្សគ្គិយៈ១២ទៀត ត្រូវជា២០សិក្ខាបទ ខុទ្ទកៈ២២ និងបាដិទេសនីយៈ៤ ទាំង៤៦នេះ ជាសិក្ខាបទរបស់ពួកភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនីទេ។
[១១១] សិក្ខាបទរបស់ពួកភិក្ខុនីមាន១៣០ ដែលមិនបានទួទៅ ដល់ពួកភិក្ខុ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១០ និស្សគ្គិយៈ១២ ខុទ្ទកៈ៩៦ បាដិទេសនីយៈ៨ ទាំង១៣០នេះ ជាសិក្ខាបទរបស់ពួកភិក្ខុនី មិនទួទៅ ដល់ភិក្ខុទាំងឡាយទេ។
[១១២] សិក្ខាបទ១៧៦ [សិក្ខាបទទាំង១៧៦នេះ មិនទួទៅដល់ជនទាំងពីរពួក គឺភិក្ខុ និងភិក្ខុនីទាំងអស់ទេ គឺទួទៅដល់ភិក្ខុ៤៦សិក្ខាបទ ទួទៅដល់ភិក្ខុនី១៣០សិក្ខាបទ។ នេះគ្រាន់តែបូករួមសេចក្តីក្នុងបព្វៈ១១០ និង១១១ ខាងដើមប៉ុណ្ណោះ។] ដែលមិនទួទៅដល់បុគ្គលទាំងពីរពួក ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១៦ អនិយត២ និស្សគ្គិយៈ២៤ ខុទ្ទកៈ១១៨ បាដិទេសនីយៈ១២ ទាំង១៧៦នេះ មិនបានទួទៅដល់បុគ្គលទាំងពីរពួកទេ។
[១១៣] សិក្ខាបទដែលបុគ្គលទាំងពីរពួក ត្រូវសិក្សាស្មើភាគគ្នា មាន១៧៤ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស៧ និស្សគ្គិយៈ១៨ ខុទ្ទកៈ៧០គត់ សេក្ខិយៈ៧៥ ដែលបុគ្គលទាំងពីរពួក ត្រូវសិក្សាស្មើភាគគ្នា។
[១១៤] បុគ្គល គឺភិក្ខុ និងភិក្ខុនីទាំងឡាយណា ត្រូវអាបត្តិបារាជិកទាំង៨ហើយ បុគ្គលទាំងនោះ ជាអ្នកមានកិត្តិសព្ទអាក្រក់ មិនបានលូតលាស់ចំរើនឡើងទេ ជននោះឧបមាដូចដើមត្នោត ដែលគេគាស់រំលើង ដូចស្លឹកឈើទុំ (ដែលជ្រុះចាកទង) ដូចថ្មតាន់ (ដែលបែកដាច់ពីគ្នា) ដូចមនុស្សកំបុតក្បាល ដូចដើមត្នោតកំបុតក។
[១១៥] សង្ឃាទិសេស២៣ អនិយត២ និស្សគ្គិយៈ៤២ បាចិត្តិយៈ១៨៨ បាដិទេសនីយៈ១២ សេក្ខិយៈ៧៥ រម្ងាប់ដោយសមថៈ៣យ៉ាង គឺសម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។
[១១៦] ឧបោសថមាន២យ៉ាង បវារណាមាន២យ៉ាង សង្ឃកម្មមាន៤យ៉ាង ដែលព្រះជិនស្រីទ្រង់សំដែងទុកមក ឧទ្ទេស (របស់ភិក្ខុ) មាន៥ ឧទ្ទេស (របស់ភិក្ខុនី) មាន៤ មិនមានក្រៅពីនេះទៅទៀតទេ ឯកងនៃអាបត្តិមាន៧។
[១១៧] អធិករណ៍ មាន៤យ៉ាង រម្ងាប់ដោយសមថៈ៧ គឺរម្ងាប់ដោយសមថៈ២ខ្លះ ៤ខ្លះ ៣ខ្លះ ឯកិច្ចាធិរណ៍ រម្ងាប់ដោយសមថៈ១។
[១១៨] សិក្ខាបទណា ដែលតថាគតហៅថា បារាជិក ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ បុគ្គលដែលឃ្លាតខុស ភ្លាត់របូត ចាកព្រះសទ្ធម្មទាំងឡាយហើយ សំវាស មិនមានក្នុងបុគ្គលនោះឡើយ ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា បារាជិក។
[១១៩] សិក្ខាបទណា ដែលតថាគតហៅថា សង្ឃាទិសេស ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ សង្ឃឲ្យបរិវាសទាញមក ដាក់ក្នុងមូលាបត្តិ ឲ្យមានត្ត ឲ្យអព្ភាន ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា សង្ឃាទិសេស។
[១២០] សិក្ខាបទណា ដែលតថាគតហៅថា អនិយត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ពាក្យថា អនិយត បានសេចក្តីថា មិនទៀង មានចំណែកមិនតែមួយទេ បណ្តាអាបត្តិទាំង៣យ៉ាង (វិន័យធរគប្បីកាត់តាម) អាបត្តិណាមួយ ដែលតថាគតហៅថា អនិយត។
[១២១] សិក្ខាបទណា ដែលតថាគតហៅថា ថុល្លច្ច័យ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ភិក្ខុណាសំដែង (អាបត្តិ) ក្នុងទីជិតភិក្ខុមួយរូប ឬក៏ភិក្ខុណាទទួលអាបត្តិនោះ ទោស (របស់ភិក្ខុអ្នកទទួល) មិនមែនមានដូចជាភិក្ខុអ្នកសំដែងនោះឡើយ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ ទើបតថាគតហៅថា ថុល្លច្ច័យ។
[១២២] សិក្ខាបទណា ដែលតថាគតហៅថា និស្សគ្គិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ភិក្ខុលះបង់ (វត្ថុណាមួយ) ក្នុងកណ្តាលជំនុំសង្ឃ ឬកណ្តាលគណៈ ពុំនោះសោត ចំពោះបុគ្គលមួយរូប ក្នុងទីជាមួយគ្នា រួចហើយទើបសំដែងអាបត្តិចេញ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា និស្សគ្គិយៈ។
[១២៣] សិក្ខាបទណា ដែលតថាគតហៅថា បាចិត្តិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ សិក្ខាបទណា ញុំាងកុសលធម៌ឲ្យធ្លាក់ចុះ ប្រទូស្តចំពោះអរិយមគ្គ ជាហេតុធ្វើចិត្តឲ្យវង្វេង ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា បាចិត្តិយៈ។
[១២៤] សិក្ខាបទណា ដែលតថាគតហៅថា បាដិទេសនីយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ភិក្ខុមិនមែនជាញាតិ ទទួលភោជនខ្លួនឯង (អំពីដៃភិក្ខុនី) ដែលរកបានដោយកម្រ ហើយបរិភោគ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ (បាដិទេសនីយៈ)។ ភិក្ខុកំពុងឆាន់ក្នុងទីដែលគេនិមន្ត បើមានភិក្ខុនីបង្គាប់គេ ឲ្យចាត់ចែង (ភោជន) តាមសេចក្តីពេញចិត្ត (ខ្លួន) ក្នុងទីនោះ ហើយភិក្ខុមិនហាមឃាត់ ចេះតែឆាន់ក្នុងទីនោះ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ។ ភិក្ខុមិនមានជម្ងឺ ទៅកាន់ត្រកូល ដែលមានចិត្តសទ្ធា តែមានភោគៈតិច ដែលគេមិនមានសេចក្តីខ្វល់ខ្វាយ ហើយបរិភោគក្នុងផ្ទះ នៃត្រកូលនោះ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ។ បើភិក្ខុ (មិនមានជម្ងឺ) នៅក្នុងព្រៃ ដែលប្រកបដោយរង្កៀស ប្រកបដោយភ័យ (ទទួលខាទនីយភោជនីយាហារ) ដែលគេមិនបានឲ្យដំណឹងជាមុន ហើយបរិភោគក្នុងទីនោះ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ។ ភិក្ខុនីមិនមែនជាញាតិ ទៅសូមវត្ថុ ដែលពួកជនដទៃ តែងរាប់អានថា ជារបស់អញ ទោះជាទឹកដោះថ្លាក្តី ប្រេងក្តី ទឹកឃ្មុំក្តី ទឹកអំពៅក្តី ត្រីសាច់ក្តី ទឹកដោះស្រស់ ឬទឹកដោះជូរក្តី ដោយខ្លួនឯង ភិក្ខុនី (នោះ) ដល់ហើយនូវសេចក្តីតិះដៀល ក្នុងសាសនាព្រះសុគត គឺត្រូវបាដិទេសនីយៈ។
[១២៥] សិក្ខាបទណា ដែលតថាគតហៅថា ទុក្កដ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ អំពើអាក្រក់ណា ទោះខុសក្តី ឆ្គាំឆ្គងក្តី ភ្លាំងភ្លាត់ក្តី មនុស្សធ្វើអំពើបាបណាមួយ ទោះក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី អ្នកប្រាជ្ញទាំងឡាយ តែងហៅថា អំពើអាក្រក់ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុក្កដ។
[១២៦] សិក្ខាបទណា ដែលតថាគតហៅថា ទុព្ភាសិត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ បទណា ដែលបុគ្គលពោលអាក្រក់ក្តី ភ្លាំងភ្លាត់ក្តី សៅហ្មងក្តី អ្នកប្រាជ្ញទាំងឡាយ តែងតិះដៀលនូវបទ (ទាំងនោះ) ណាមួយ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុព្ភាសិត។
[១២៧] សិក្ខាបទណា ដែលតថាគតហៅថា សេក្ខិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ការប្រព្រឹត្តជាដើមអាទិនុ៎ះក្តី សេចក្តីសង្រួមប្រយ័ត្នមុខមាត់ក្តី រមែងជារបស់បុគ្គល ដែលសិក្សាហើយ ដែលកំពុងសិក្សា កំពុងប្រព្រឹត្តតាមលំអានផ្លូវត្រង់ តែការសិក្សាប្រាកដដូច្នោះ មិនមាន ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា សេក្ខិយៈ។ ភិក្ខុដែលបិទបាំង (មូលាបត្តិ) ទុក នឹងត្រឡប់ត្រូវអាបត្តិថ្មីទៀត ភិក្ខុដែលបើក (ប្រាប់មូលាបត្តិ) នឹងមិនត្រូវអាបត្តិថ្មីទៀតឡើយ ព្រោះហេតុដូច្នោះ គួរបើកនូវមូលាបត្តិ ដែលខ្លួនបិទបាំងទុក ធ្វើយ៉ាងនេះ ទើបបានមិនត្រូវអាបត្តិថ្មីនោះទៀត។ ព្រៃជាដំណើររបស់ពួកម្រឹគ អាកាស ជាដំណើររបស់ពួកបក្សី សេចក្តីវិនាស ជាដំណើររបស់សង្ខតធម៌ទាំងឡាយ ព្រះនិព្វាន ជាដំណើររបស់ព្រះអរហន្ត។
ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា)។
ឧទ្ទាន គឺបញ្ជីរឿង នៃគាថាសង្គណិកៈនោះ ដូច្នេះ
[១២៨] សំដែងអំពីសិក្ខាបទទាំងឡាយ ដែលទ្រង់បញ្ញត្តក្នុងនគរទាំងប្រាំពីរ១ សំដែងអំពីវិបត្តិ៤យ៉ាង របស់ភិក្ខុ និងភិក្ខុនី១ សំដែងអំពីសិក្ខាបទជាសាធារណៈ និងអសាធារណៈ របស់ពួកភិក្ខុ និងភិក្ខុនី១ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) នេះ លោកសំដែង ដើម្បីអនុគ្រោះដល់ព្រះសាសនា។