ជំងឺដុំពកស្បែក
ជំងឺដុំពកស្បែកគឺជាជំងឺមួយប្រភេទ របស់ គោ ក្របី បង្កឡើងដោយវីរុសក្នុងគ្រួសារ Poxviridae ក្រុម Capripoxvirus។ វីរុសនេះមានភាពធន់ជាមួយនឹងបរិស្ថាន ហើយអាចរស់បានយូរចាប់ពី ៣ខែឡើង នៅលើកំណកកមរមាស់លើស្បែកស្ងួតនិងយ៉ាងយូរ ៦ ខែចំពោះស្បែកប្រឡូកប្រឡាក់កខ្វក់។
ការឆ្លង
[កែប្រែ]ជំងឺនេះឆ្លងតាមរយៈវ៉ិចទ័រ ដែលអាចសម្គាល់តាមរយៈការលេចឡើងជាដុំពកស្បែក និងបង្កឡើងដោយវីរុសដែលមានសេនេទិច ស្រដៀងបំផុតទៅនឹងវីរុសអុត និងកញ្រ្ចិល ដែលបង្កនៅលើជៀម និងពពែ បណ្តាលឲ្យមានដុំពកស្បែកនៅលើរាងកាយរបស់សត្វ។
រោគសញ្ញា
[កែប្រែ]មានរោគសញ្ញាលើសត្វដូចជា៖ គ្រុនក្តៅ (កំដៅកើនឡើងដល់ ៤១ អង្សាសេ ស្រងូតស្រងាត់ អត់ស៊ីចំណី រលាកប្រហោងច្រមុះ ហៀរសំបោរ និងទឹកមាត់ ជាដើម ដែលសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។
ជំងឺនេះបានបង្កឱ្យសត្វគោ ក្របីឈឺ ពី ៥-៤៥% និងស្លាប់តិចជាង១០% ដែលមានរោគសញ្ញាលើសត្វដូចជា៖
- គ្រុនក្តៅ
- កំដៅកើនឡើងដល់ ៤១ អង្សាសេ
- ស្រងូតស្រងាត់
- អត់ស៊ីចំណី
- រលាកប្រហោងច្រមុះ
- ហៀរសំបោរ និងទឹកមាត់
- សត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។[១]
ជំងឺរាតត្បាតឆ្នាំ ២០២១
[កែប្រែ]នៅ ព្រះរាជាណាចក្រកម្ពុជា មានករណីគោឈឺចំនួន ៦ ៨០៤ករណី បន្ទាប់ពីមានការផ្ទុះនូវជំងឺដុំពកស្បែកគោក្របីនៅដើមខែមិថុនា ឆ្នាំ ២០២១ ដែលករណីដំបូងកើតមាននៅខេត្ត ព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀត ខណៈមិនទាន់មានថ្នាំព្យាបាល។[២]
ជំងឺដុំពកស្បែកបង្កឱ្យមានផលប៉ះពាល់លើសុខុមាលភាពសត្វនិងខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមគោក្របីជាលក្ខណៈគ្រួសារពាក់កណ្តាលពាណិជ្ជកម្មនិង ប្រភេទពាណិជ្ជកម្មប៉ុន្តែមិនឆ្លងកាត់មនុស្សទេ។[៣]
ការរីរាលដាលនៃជំងឺឆ្លងនេះបានរាលដាលយ៉ាងលឿនពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់និងធ្វើឲ្យសត្វគោឈឺចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោបានងាប់មួយចំនួនផងដែរ។[៤]
ឯកសារយោង
[កែប្រែ]- ↑ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ↑ ស៊ុល រ៉វី, ជាតិជំងឺដុំពកស្បែកគោ-ក្របី កំពុងរាតត្បាតក្នុងខេត្តពោធិ៍សាត់ ខណៈមិនទាន់មានថ្នាំព្យាបាល, ថ្មីៗ, ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១
- ↑ អោម ប៊ុនធឿន, គោកើតជំងឺដុំពកស្បែកមានចំនួន ៦ ៨០៤ករណីក្នុងរយៈពេលជិត ២ខែ, ភ្នំពេញប៉ុស្តឹម, ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១
- ↑ "យុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) នៅកម្ពុជា, RVA Khmer, ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១". Archived from the original on 2021-09-18. Retrieved 2021-09-18.