ប្រវត្តិដែនដីសុខោទ័យ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ដីសុខោទ័យ)

អ្នកប្រាជ្ញជាតិ-អន្តរជាតិនានាអះអាងថាព្រះបាទជ័យវរ្ម័នទី៧ ជាមហាវីរក្សត្រដ៏អង់អាច ក្លាហានគួរឲ្យ គោរពស្រលាញ់ ហើយក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេស​ជាតិ​មាន​ការរីកចំរើន​រុងរឿង​ដល់​កំរិត​​កំពូល នា​សម័យមហានគរ​​ដែល​គ្រងរាជ្យ​សម្បត្តិ​ពី​គស ១១៨១​ដល់​១២២០។ ប៉ុនែ្ត​លោកអតីតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ក្នុង​បទ​សំភាសន៍​តាម​វិទ្យុអាស៊ីសេរី​ថា​ ព្រះបាទជ័យវរ័្មនទ៧បាន​ប្រគល់​ដីសុខោទ័យឲ្យ​សៀម លុះ​ពេល​ព្រះអង្គ​សោយ​ទិវង្គត ដែនដី​នេះ​ក៏​ប្រកាស​ផ្តាច់ខ្លួន​ចេញពីកម្ពុជា​តែម្តង ។ បញ្អានេះ បើ​ផែ្អក​ទៅ​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​​របស់​លោក​រស់ ចន្រ្តាបុត្រ បញ្ជាក់ថា បន្ទាប់​ពី​ព្រះបាទជ័យវរ័្មនទី៧សោយទិវង្គត បុត្រារបស់ព្រះអង្គគឺព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត ប្រទេស​​ជាតិ​មាន​ការរីក​ចំរើន​រុងរឿង និង​គ្មាន​ព្រឹត្តិការណ៍​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ ។ លុះ​ចូល​មក​​ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គស​១២៤៣​-១២៩៥​) មាន​ការចលាចល​រង្គោះ​រង្គើ​អាណាចក្រខែ្មរ ដោយ​សារ​ព្រះអង្គ​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនាជ្រុលពេក រហូតបញ្ជា​ឲ្យ​គេ​កំទេច​ព្រះពុទ្ធ​រូប​តាមប្រាសាទនិងវត្តអារាម ដែល​បន្សល់​ទុក​ពី​សម័យ​មុនចោល​ ធ្វើ​ឲ្យ​នា​ម៊ឺន​សព្វ​មុខ​មន្រ្តី និង​រាស្រ្ត​មិន​សូវ​សប្បាយ​​ចិត្ត បង្កើត​ជាបក្សពួក ប្រឆាំង​ដោយកនែ្លង ។ ចំណែក​ពួកថៃ ខែ្មរ​ហៅថាសៀម​ ដែលធ្លាប់រស់នៅខេត្តយូណាន់ប្រទេសចិន ហើយ​ដែលបានមកជ្រកកោន​លើទឹក​ដី​ខែ្មរ ក៏ផ្សំគំនិត រួម​ដៃ​​ជា​មួយ​នាម៊ឺន​មុខមន្រ្តី និងមេទ័ពខែ្មរខ្លះ រៀបចំជាកងទ័ពក្បត់ ធ្វើសង្រ្គាមប្រកាសឯករាជ្យនៅសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះ​ណាន់​ឆាវ​ស្ថិត​នៅ​ពាយ័ព្យ​នៃ​​ប្រទេសភូមា ដោយមានសង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃក៏បានធ្វើដំណើរចុះបន្តិចម្តងៗទៅទិសខាងត្បូង ដោយ​មួយ​ពួក​សំដៅ​មក​ប្រទេសភូមា និង​មួយ​ពួក​សំដៅ​មក​ប្រទេសខ្មែរ ។ ដំណើរ​សន្សឹមៗ​វាតទី​របស់ថៃ​មក​លើ​ទឹកដីខែ្មរ និង​ភូមា​បាន​ចាប់ផ្តើម​ក្នុង​សតវត្សទី​១២ ។ ​ក្នុងភូមិ​ភាគ​អាស៊ីអាគេ្នយ៍​នៅ​មាន​ដំណើរ​ចុះ​មក​ទិស​ខាងត្បូង​ទីបី​មួយ​ទៀត គឺ​ការវាត​​ទឹកដី​របស់​យួន​សំដៅយក​ប្រទេសចាម ។ ដំណើរ​ថៃ​ចុះ​មក​វាត​ទី​លើ​ទឹកដី​ខែ្មរ មាន​សភាព​ដូច​ជាស៊ីសង្វាក់​គ្នា​រវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយជនជាតិថៃ​បាន​ដាក់​ខ្លួនទទួល​យកវប្បធម៌‌ និង​អរិយធម៌‌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្ត​ជាតិសាសន៍ខ្លួន ។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម ។ ក្នុងសតវត្សទី១៣ សង្រ្គាម​ប្រយុទ្ធ​គ្នា​រវាង​ខែ្មរ និង​សៀមចាប់ផ្តើមមានជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើនដល់ប្រទេសជាតិ ហើយកាលនោះស្តេចត្រាញ់ខ្មែរមួយអង្គ ព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយកទៅបង្កើតនគរជាមួយសៀម និង​បាន​យក​​ទីក្រុងខែ្មរឈ្មោះ សុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ បុត្រីព្រះអង្គបានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ឲ្យ​ស្វាមី​ជា​មេទ័ព​ដ៏​សំខាន់​ក្នុងនគរ ​ឯព្រះខ័ន​តំណាង​ឲ្យ​អំណាច និងរាជ្យសម្បត្តិ ។ ដូចេ្នះរាជបុត្រារបស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្ក ក៏លែងមានសិទ្ធិគ្រប់គ្រងនគរដែរ ចំណែក​បុគ្គល​មាន​​ព្រះខ័ន​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់ ។ ហើយព្រះបាទជ័យវរ្ម័នទី៨​ក៏សំរេច​ព្រះទ័យ​ដាក់រាជ្យ​ក្នុង គ្រិស្តសករាជ​១២៩៥ រីឯបុត្រាព្រះអង្គក៏បង្ករទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែ​ត្រូវ​បរាជ័យ​ដោយ​ត្រូវ​​​ព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានហើយធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំង​ប្រចាំ​ប្រទេសកម្ពុជា​បញ្ជាក់​​ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុក​លាវ ត្រង់ហ្លួងប្រាបាង នៅឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់ខែ្មរ មាន​រាជធានី​នៅ​ស័ង្ខ​លោក​នា​ពាក់​កណ្តាលសតវត្ស​ទី១១ បន្ទាប់មកនៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ មនខែ្មរ ។ ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មកនៅ​អយុធ្យា​​ដែល​ពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម ហើយលើករាជធានីពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ ចិន​ហៅ​រដ្ឋ​ខាង​ជើង​ថា សៀន​ឡូមាន​រាជធានីនៅឡាហ្វាង និងរដ្ឋខាងត្បូងថា ឡូហ៊ូ ហើយក្រោយមកប្រទេសថៃ គឺសៀន ឬសៀម បានឯករាជ្យពីកម្ពុជា ក៏ប៉ុនែ្តឡូហ៊ូស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរដដែល ។ នៅ​សម័យ​​នោះ​ហើយ​ដែលលេចព្រះរោង ឬរាមាកំហែង ចេញមកជាមេ ឬចៅហ្វាយនៃទឹកដីសុខោទ័យ ដែលមិនដឹងថាជ្រែករាជ្យ ឬយ៉ាងណានោះទេ តែជាអ្នកកសាងសន្តិវង្ស​សេ្តច​ស្រី​សញ្ជនា​លយៈ​សុខោទ័យ ។ ព្រះរោង​នេះបើតាមរឿងនិទានខែ្មរចាត់ទុកថា ជាមេកងខាងដឹកជញ្ជូនទឹកសុទ្ធចេញពីល្អាងភ្នំស័ក្តិសិទ្ធិមួយកនែ្លង មកកាន់រាជធានីយសោធរៈបុរៈ និងជាអ្នកនាំគេឯងធ្វើកញើ្ជល្អី លាបល័ក្ខ ប៉ុនែ្ត​​ក្រោយ​មក​ក៏​គេច​ខ្លួនទៅសៀន រឺសៀម ។ នៅឯសៀនគឺជាមេបះបោរ ហើយក្រោយមក មានឋានៈជាចៅហ្វាយ បន្ទាប់ពីបានជ័យជំនះលើទ័ពសៀន និងខែ្មរ ហើយក៏ឡើងសោយរាជ្យ ។ ចំណែក​រឿង​សៀមវិញថា ព្រះអង្គ​​ជាបុត្រាសេ្តច ឬ​បុត្រាចិញ្ចឹម ហើយបានរៀបអភិសេកជាមួយក្សត្រីរជ្ជទាយាទរបស់នគរសុខោទ័យ ម៉្លោះហើយក៏ក្លាយជាព្រះរាជានៃសុខោទ័យ ។ តាម​សិលាចារឹក​សុខោទ័យ​បញ្ជាក់​ថា បើសិនជា​មាន​ការ​ប្រដូចព្រះរាមាកំហែងទៅនឹងព្រះរោងពិតប្រាកដមែននោះ ព្រះអង្គគឺជាបុត្រារបស់មេទ័ព ជាមេក្រុម និងជាសេ្តច។ ព្រះអង្គ​គឺ​ជា​អ្នក​រំដោះ​ប្រទេស​ឲ្យ​បាន​ឯករាជ្យ ទ្រង់ឡើងសោយរាជ្យនៅ ឆ្នាំ១២៩៦ ត្រូវនិង មហាសករាជ១២១៨ ។

យោងតាមឯកសារប្រវត្តិសាស្រ្តនានា ក៏ដូចសិលាចារឹក និងរឿងព្រេងនិទានអាចសន្និដ្ឋានថា ទឹកដីសុខោទ័យ មិនបានបាត់បង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ទេ ពីព្រោះ​ក្នុង​សម័យ​ព្រះអង្គ​មាន​អំណាចខ្លាំងក្លា ហើយប្រទេសជាតិមានការរីកចំរើនរុងរឿងដល់កំរិតកំពូលទៀត ការបាត់បង់ទឹកដីនោះវាកើតមាននៅក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៨ ដែល​កាល​នោះ​មាន​ចលាចល​ខ្លាំង​ ពេលដែលបុត្រីលួចព្រះខ័នរាជ្យឲ្យទៅស្វាមី ហើយចំពេលដែលពួកថៃប្រកាសឯករាជ្យ ទាមទារដីសុខោទ័យធ្វើរាជាណាចក្រ ម៉្លោះហើយគ្មានលទ្ធភាពត្រួតត្រាទឹកដីសាមន្តរាជរបស់ខ្លួនបាន ។