តឹឡាមេឌ៏
តឹឡាមេឌ៏ တလေမေဒါ | |
---|---|
រាជិនីនៃប្រាសាទខាងជើង | |
រជ្ជកាល | ២ មករា ១៣៨៤ – រ. ខែកុម្ភៈ ១៣៩១ |
អង្គមុន | ចន្ទទេវី |
អង្គក្រោយ | សុធម្មមាយា |
ប្រសូត | រ. ១៣៦៨ |
សុគត | រ. ខែកុម្ភៈ ១៣៩១ (២២ វស្សា) បាគូ (បាហ្គោ) |
រាជពន្ធភាព | រាជាធិរាជ |
រាជបច្ឆាញាតិ | ប៊ល៏ត្ឆាន់ធ៏ |
បិតា | ពញាឧ |
មាតា | ចន្ទទេវី |
សាសនា | ពុទ្ធសាសនាថេរវាទ |
តឹឡាមេឌ៏ (ភូមា: တလေမေဒါ, បញ្ចេញសំឡេង [təla̰ mèdɔ́]; ១៣៦៨–១៣៩១) គឺជាព្រះមហេសីទី១នៃព្រះបាទរាជាធិរាជនៃហង្សាវត្តី កាលពេលព្រះអង្គជាព្រះអង្គម្ចាស់មួយអង្គនៅឡើយ។ ព្រះនាងត្រូវជាព្រះភគិនីរួមបិតានៃព្រះរាជាធិរាជ ដែលបិតាព្រះនាម ពញាឧ និងមាតាចន្ទទេវី។[១] នៅខែឧសភា ១៣៨៣ តឹឡាមេឌ៏បានពង្រត់អភិសេកជាមួយរាជាធិរាជទៅដល់ដាហ្កុន (យ៉ាងហ្កន)។ ពញាន្វេ (ព្រះនាមរាជាធិរាជមុនពេលអភិសេក) ត្រូវបានចាប់ឃុំឃាំងដោយសាររឿងនេះ ហើយត្រូវបានជួយរំដោះដោយមហាទេវី ជាព្រះភគិនីច្បង និងជាអ្នកអប់រំប្រៀនប្រដៅទ្រង់តាំងតែពីពេលព្រះមាតារបស់ទ្រង់សុគត ហើយព្រះនាងបានរៀបអភិសេកពញាន្វេនឹងតឹឡាមេឌ៏។ យ៉ាងណាក៏ដោយ មហាទេវីក៏បានចាប់ផ្ដើមព្រះតំរិះថាពញាន្វេជាសត្រូវរាជបល្លង្កនៅពេលពញាឧមានព្រះឈួន ហើយក៏បានសំរេចព្រះទ័យធ្វើគត់ព្រះអង្គ។ ពញាន្វេបានភៀសព្រះកាយទៅកាន់ដាហ្កុន ចាកចោលព្រះតឹឡាមេឌ៏ និង បុត្រ ប៊ល៏ត្ឆាន់ធ៏។ តឹឡាមេឌ៏ត្រូវបានកោះហៅឱ្យចូលព្រះរាជវាំង ជាទីដែលពញាឧបានសួរព្រះនាងហេតុអ្វី នាងនៅស្ងៀមស្ងាត់ ពេលដែលពញាន្វេកំពុងប៉ុនប៉ងបះបោរ ដូចដែលអ្វីមហាទេវីបានទូលប្រាប់ព្រះអង្គ។ ព្រះនាងបានឆ្លើយថា ព្រះនាងត្រូវបានបោះបង់ចោលដោយពញាន្វេអស់រយៈពេលយូរយារមកហើយ។ ខណៈនោះ នៅដាហ្កុន ពញាន្វេបានជួបនឹងម្វេម៉ាណាតេ ជាស្ត្រីម្នាក់លក់ប្រេងឆា និង ធ្លាប់បានរៀបការនឹងម៉ាឈុតស៊ុត ដែលគាត់ជាស្មៀនក្រោមបង្គាប់របស់ពញាន្វេ។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងម្វេម៉ាណាតេ នៅពេលដែលម៉ាឈុតស៊ុតរត់ទៅហង្សាវត្តី ហើយបានតាំងនាងជាព្រះមហេសីរបស់ទ្រង់។ ព្រះនាងតឹឡាមេឌ៏គ្រាំគ្រាព្រះទ័យ ហើយនៅពេលនោះម្ដាយចិញ្ចឹមពញាន្វេត្រូវបានគេបង្ខំឱ្យទៅដាហ្កុនដើម្បីទៅលួងលោមឱ្យពញាន្វេត្រឡប់មកហង្សាវត្តីវិញតាមបញ្ជារបស់មហាទេវី ព្រះនាងតឹឡាមេឌ៏ទ្រង់បានផ្ញើរជញ្ជីង និង ក្រឡប្រេងទៅជាមួយគាត់។ នៅពេលដែលគេថ្វាយម្វេម៉ាណាតេនូវក្រឡប្រេង ព្រះនាងក៏ទទួលវាទុកដោយមានព្រះបន្ទូលថា "ខ្ញុំមិនខ្មាសអៀនទេនឹងទទួលរបស់នេះ ដោយហេតុថាវាជាការពិតថាខ្ញុំធ្លាប់ជាអ្នកលក់ប្រេងកាលពីមុន។" ពញាន្វេបានទ្រង់ព្រះសិតាការៈ (ញញឹម) នៅពេលទ្រង់បានឃើញជញ្ជីង ដែលវាមានន័យថាក្ដីស្នេហាររបស់តឹឡាមេឌ៏មកកាន់ទ្រង់នៅដដែលទោះបីព្រះអង្គបានប្រែប្រួលព្រះទ័យហើយក៏ដោយ។ ព្រះបាទពញាឧបានសោយទិវង្គតកំឡុងពេលមានការបះបោរ ហើយរាជបល្លង្កក៏ត្រូវដណ្ដើមបានដោយពញាន្វេ បន្ទាប់ពីបង្ក្រាបព្រះនាងមហាទេវី និង គូស្នេហ៍របស់ព្រះនាង ថាមិនម៉ារុ ដែលលោកក៏ត្រូវជាព្រះស្វាមីនៃព្រះភគិនីរួមបិតារបស់ពញាន្វេ ព្រះនាងតឹឡាមេសិរី លោកបានប្រឆាំងនឹងបំណងព្រះបាទពញាឧ ដែលជាក្សត្រសោយទិវង្គត ព្រះអង្គចង់អោយព្រះរាជបុត្រនៃព្រះអគ្គមហេសីឡើងសោយរាជ្យ។ ទោះបីយ៉ាងណា គឺតឹឡាមេឌ៏ទេដែលត្រូវជាអគ្គមហេសី ប៉ុន្តែពញាន្វេបានរៀបផែនការដើម្បីប្រទានគោរម្យងារនេះទៅឱ្យម្វេម៉ាណាតេវិញ ហើយកោះហៅឱ្យតឹឡាមេឌ៏ឱ្យមានវត្តមានក្នុងពិធីអភិសេកជាព្រះមហេសីមួយអង្គ។ តឹឡាមេឌ៏បានប្រឆាំងនឹងពញាន្វេដោយមិនចូលរួមក្នុងពិធីអភិសេក ដែលពញាន្វេបានយកគោរម្យងារជា រាជាធិរាជ។ ព្រះរាជបុត្ររបស់ព្រះនាងត្រូវបានបញ្ជូនទៅឱ្យឆ្ងាយពីទ្រង់ ហើយរាជាធិរាជបានទាមទាររតនសម្បត្តិ ដែលព្រះនាងទទួលបានពីព្រះបិតារបស់ពួកទ្រង់ ព្រះបាទពញាឧ។ ដោយមានអារម្មណ៍អាម៉ាស់មុខ ព្រះនាងតឹឡាមេឌ៏បានធ្វើអត្តឃាតដោយសោយទឹកក្រូចឆ្មារពុល។ រាជាធិរាជបានប្រគល់រតនសម្បត្តិទាំងនេះទៅម្វេម៉ាណាតេ ដែលក្រោយមកក្លាយជាព្រះអគ្គមហេសីរបស់ទ្រង់។ [២] រាជាធិរាជក្រោយមកបានចេញរាជបញ្ជាប្រហារជីវិតបុត្រារបស់ពួកទ្រង់ដោយសារការភ័យខ្លាចការសងសឹក។ ពាក្យសម្បថរបស់រាជបុត្រវ័យក្មេងអង្គនេះ បានស្បថស្បែមុនពេលសោយថ្នាំពុលរបស់ពួកពេជឃាត បានក្លាយជាសាច់រឿងនៃព្រេងនិទានក្នុងប្រវត្តិសាស្ត្រភូមា។ តាមរយៈពង្សាវតារមន និងភូមា ប៊ល៏ត្ឆាន់ធ៏បានស្បថស្បែថា:
- ទូលព្រះបង្គំមិនបានរៀបចំឧបាយប្រឆាំងនឹងព្រះបិតារបស់ទូលព្រះបង្គំឡើយ។ មិនមានកំហុសមួយណាចោទប្រកាន់ទូលព្រះបង្គំបានឡើយ។ ព្រះបិតា និង មាតាទូលបង្គំក៏ធ្លាប់ជាបុត្រាបុត្រីដែរ។ នៅពេលទ្រង់បានចំរើនវ័យក្លាយជាស្ត្រីពេញវ័យ ព្រះបិតាបានស្រវាយកសំរស់របស់ទ្រង់ ហើយក្រោយមកបានបោះបង់ទ្រង់ចោល។ ទ្រង់ធ្លាប់ជាបុត្រីរបស់ព្រះមហាក្សត្រ ប៉ុន្តែបិតាបានបណ្ដេញទ្រង់ចាកចេញដូចជាទាសករ និង បាននាំទ្រង់ទៅកាន់ក្ដីមរណៈដ៏អកុសល។ បើសិនជាទូលបង្គំមានកំហុសដោយសារអំពើក្បត់ដោយការគិត ពាក្យសំដី រឺ ទង្វើ សូមឱ្យទូលបង្គំរងទុក្ខវេទនាក្នុងភ្លើងនរករាប់ពាន់ដង។ បើសិនជាទូលបង្គំគ្មានទោសពៃទេ សូមទូលបង្គំកើតក្នុងរាជវង្សនៃព្រះមហាក្សត្រអវៈ ហើយសូមទូលបង្គំក្លាយជាក្ដីវិនាសនៃពួកមន។[៣][៤]
រាជាធិរាជបានរុកគួនយ៉ាងខ្លាំងនៅពេលទ្រង់បានព្រះសណ្ដាប់លឺនូវពាក្យសម្បថយ៉ាងអស្ចារ្យនេះ។ ក្នុងពិភពជំនឿឆ្វេងនៃនយោបាយភូមា ព្រះអង្គត្រូវបានពញ្ញាក់នៅពេលអគ្គមហេសីនៃព្រះអង្គម្ចាស់មិនហ្កោននៃអវៈបានចាញ់គភ៌សោយម្ហូបចំណីផ្សេងៗពីភូមាក្រោមមុនពេលព្រះនាងមានព្រះគភ៌។ ព្រះនាងបានផ្ដល់កំណើតដល់មិនយ៉ឺទ្ជ៏ហ្ស្វា មួយឆ្នាំបន្ទាប់ពីការចូលទិវង្គតរបស់ប៊ល៏ត្ឆាន់ធ៏។ ពិតមែនហើយ មិនយ៉ឺទ្ជ៏ហ្ស្វាក្រោយមកចំរើនវ័យក្លាយជាហាយនកររបស់រាជាធិរាជ។[៣]
ឯកសារយោង
[កែប្រែ]- ↑ Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2005 រ.រ.). Yangon. p. 161.
- ↑ Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2005 រ.រ.). Yangon. pp. 65, 104–120.
- ↑ ៣,០ ៣,១ GE Harvey (1925). "Shan Migration (Pegu)". History of Burma (2000 រ.រ.). Asian Educational Services. pp. 111–116. ល.ស.ប.អ. 9788120613652.
- ↑ Maung Htin Aung (1967). "Ava against Pegu; Shan against Mon". A History of Burma. New York and London: Cambridge University Press. pp. 88–93.
តឹឡាមេឌ៏ ប្រសូត/កើត: រ. ១៣៦៨ សុគត/ស្លាប់: រ. ខែកុម្ភៈ ១៣៩១
| ||
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ ចន្ទទេវី |
ព្រះមហាក្សត្រីនៃប្រាសាទខាងជើងនៃហង្សាវត្តី ២ មករា ១៣៨៤ – រ. កុម្ភៈ ១៣៩០ |
តដោយ សុធម្មមាយា |