ពញាឧ
Mon flag |
---|
ពញាឧ ဗညာဥူ | |
---|---|
ព្រះមហាក្សត្រហង្សាវត្តី | |
រជ្ជកាល | ១៣៤៨ – ២ មករា ១៣៨៤ |
អង្គមុន | ពញាឯល៏ |
អង្គក្រោយ | រាជាធិរាជ |
ប្រសូត | ១៣២៣ មី.ស មុំហ៍ (មោត្តមៈ) |
សុគត | ២ មករា ១៣៨៤ (៦០ វស្សា) ថ្ងៃសៅរ៍ ១០ ខ្នើត ខែតាបូដ្វេ មី.ស ៧៤៥ បាគូ (បេហ្គោ) |
ជាយា | ចន្ទាមិនលុទី២ នីនអានដោង ចន្ទាទេវី សិរីរាជទេវី សិរីមាយាទេវីទី១ |
រាជបច្ឆាញាតិ | រាជាធិរាជ តឹឡាមេឌ៏ តឹឡាមេសិរី ប៊ង៉ានម៉ុន |
វង្ស | ហ្វារ្យូ |
បិតា | ចៅជេន |
មាតា | ចន្ទាមិនលុទី១[១] |
សាសនា | ពុទ្ធសាសនាថេរវាទ |
ពញាឧ (ភូមា: ဗညားဦး, បញ្ចេញសំឡេង [bəɲá ʔú]; ១៣២៣–១៣៨៤) ជាក្សត្រទីប្រាំបីនៃហង្សាវត្តីបាគូ ដែលទ្រង់បានសោយរាជ្យចាប់ពីឆ្នាំ១៣៤៨ ដល់ ១៣៨៣។ ចាប់ពីសោយរាជ្យបានបាន ៣៥ ឆ្នាំ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងជាច្រើនលើក និង ការលុកលុយពីខាងក្រៅ។ ព្រះអង្គបានព្យាយាមបង្កបង្កើតអំណាចឥទ្ធិពលនគរឡើងវិញចេញក្រៅពីរាជធានីបុរាណ មុំហ៍ ក៏ប៉ុន្តត្រូវបានបង្ខំឱ្យត្រឡប់មកបាគូវិញ ដែលចុងក្រោយបានសន្មតថាជាទីតាំងយុទ្ធសាស្ត្រមួយដើម្បីក្ដោបក្ដាប់ដែនដីដែលមានមនុស្សនិយាយភាសាមននៅភូមាក្រោម។[២]:២២៧ ប៉ុន្មានឆ្នាំចុងក្រោយនៃរជ្ជកាលរបស់ទ្រង់ពោរពេញដោយឧបាយកលទុច្ចរិតក្នុងរាជវាំងដណ្ដើមរាជបល្លង្កគ្នា។ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ១៣៨៤ ពេលដែលកំពុងប្រឈមមុខនឹងការបះបោរមួយដោយព្រះរាជបុត្រច្បងរបស់ទ្រង់ រាជាធិរាជ។
ពញាឧត្រូវបានគេស្គាល់ថាជា ហ៊្សិនប៊្យូឝ៊ិន (ស្ដេចដំរីស) ពីព្រោះទ្រង់មានដំរីសមួយក្បាល រាប់ថាជាគ្រឿងសំគាល់សំខាន់នៃស្ដេចពុទ្ធសាសនិក។ ពេលដែលដំរីសបានស្រុតស្លាប់ទៅ ទ្រង់បានចំណាយពេលជាច្រើនឆ្នាំដើម្បីរកដំរីសមួួយទៀត។ នៅឆ្នាំ១៣៦២ ពញាឧបានជួសជុលព្រះចេតិយមាសឝ្វេដាហ្កន ដោយបន្ថែមឱ្យមានកំពស់ដល់ទៅ ២០ មាត្រ។[៣]
ព្រះរាជជីវភាពដំបូង
[កែប្រែ]ជាព្រះរាជបុត្រនៃព្រះបាទចៅជេន និងជាព្រះនត្តាភាគិនេយ្យ នៃក្សត្រស្ថាបនិកនគរ ព្រះបាទហ្វារ្យូ ពញាឧបានចំរើនធំធាត់ឡើងនៅក្នុងរាជវាំងរបស់ព្រះបិតុលាទ្រង់ ព្រះបាទពញាឯល៏។ នៅក្នុងយុវវ័យរបស់ទ្រង់ ព្រះអង្គ និង ព្រះភាតាអយ្យកាមួយរបស់ទ្រង់ បុត្ររបស់ពញាឯល៏តែងតែមានជំលោះនឹងគ្នាដោយហេតុនេះទើបពួកគេត្រូវបានគេចាត់ទុកថាជាសត្រូវរាជល្លង្ក។ ព្រះភាតាអយ្យកាមួយរបស់ទ្រង់បានសោយទិវង្គតដោយព្រះរោគ ដូច្នេះទ្រង់ក៏បានក្លាយជាព្រះរជ្ជទាយាទជំនួសវិញ។[៤]
រជ្ជកាល
[កែប្រែ]ប៉ុន្មានឆ្នាំនៅមុំហ៍
[កែប្រែ]នៅពេលពញាឧបានអំណាចហើយ ព្រះអង្គបានរើរាជធានីត្រឡប់ទៅមុំហ៍វិញ (មោត្តមៈ) រាជធានីពេលកកើតរាជវង្ស។ (ព្រះបិតាទ្រង់បានរើរាជធានីទៅបាគូនៅឆ្នាំ១៣២៤។) នេះមិនមែនជាការរើរាជធានីដ៏សមស្របនោះទេ។ រីឯបាគូបានតាំងនៅក្នុងតំបន់យុទ្ធសាស្ត្រនៅកណ្ដាលចន្លោះ ដីសណ្ដឥរាវត្តី និង ឆ្នេរតនាវស្រីភាគខាងលើ មុំហ៍នៅចុងឆ្នេរតនាវស្រីដែលនៅខាងស្ដាំជាមាត់ច្រកឥទ្ធិពលអំណាចរបស់សៀម ហើយនៅឆ្ងាយពីមជ្ឈមណ្ឌលមនសំខាន់ទាំងពីរ។
ខណៈនោះ ព្រះរាជាប្រហែលជាកំពុងព្យាយាមយកតំរាប់តាមភាពជោគជ័យព្រះបិតុលារបស់ទ្រង់ចៅអក្នុងការសញ្ជ័យខ្សែឆ្នេរតនាវស្រីនៅទសវត្សឆ្នាំ១៣១០ តែព្រះអង្គមិនបានដូចបំណងឡើយ។ ជាដំបូង ឆ្នេរតនាវស្រីជាក់ស្ដែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រអយុធ្យាដែលជាអាណាចក្រទើបកកើតថ្មី។ នៅមុំហ៍ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងជាច្រើន ហើយនិងការវាយប្រហារពីខាងក្រៅដែលនៅទីបំផុតបានបង្ខំព្រះអង្គចាកចេញពីមុំហ៍។
នៅឆ្នាំ១៣៥៦ ទាហានលានស្រែដែលមានចំនួន ៨០០០០ នាក់ បានចូលមកលុកលុយស្រុកនៃមុំហ៍ ស៊ីត្តោង តាអ៊ិកក្លា ដុនវ៉ុន និង ឡាហ្គុនព្យី។ (ពង្សាវតារលានស្រែមិនបានកត់ត្រាអំពីការលុកលុយនេះឡើយ ដូច្នេះពួកអ្នកឈ្លានពានជាក់ស្ដែងអាចមកពីរដ្ឋទៃភាគខាងជើងផ្សេងមួយទៀត)។[៥] ព្រះអង្គក៏បានវាយបកការវាយប្រហារនេះវិញ។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៣៦០ ទ្រង់បានប្រឈមមុខនឹងការបះបោរមួយផ្សេងទៀត ពេលនោះបង្កឡើងដោយព្រះភាតារបស់ទ្រង់ មិនលិង្កា។ ព្រះអង្គបានបង្ក្រាបការបះបោរនេះបាន ហើយបានចេញរាជបញ្ជាប្រហារជីវិតមិនលិង្កា ហើយបានលើកមហេសីរបស់មិនលិង្កា ម្វេស៊ីន ជាព្រះម្ចាស់ក្សត្រី។ នៅខែមករា ១៣៦៨ ម្វេស៊ីនបានផ្ដល់កំណើតដល់ពញាន្វេ (ក្រោយមកហៅថា រាជាធិរាជ)។
ខាងក្រៅមុំហ៍
[កែប្រែ]នៅឆ្នាំ១៣៦៩ ព្រះអង្គនៅតែប្រឈមមុខនឹងការបះបោរផ្សេងមួយទៀតដោយព្រះភាតាអយ្យកាមួយរបស់ទ្រង់ ប្យ៉ាត្តាបា ហើយត្រូវបានបង្ខំឱ្យចាកចេញពីមុំហ៍។ បន្ទាប់ពីកំណត់បំព្រួញព្រំដែននៅត្រឹមដុនវ៉ុន ទីកំណើតនៃបុព្វបុរសរបស់រាជវង្សរបស់ទ្រង់ នៅភាគខាងជើងមុំហ៍ ពញាឧបានឃ្លាតកាន់តែឆ្ងាយទៅដល់បាគូដើម្បីប្រមូលផ្ដុំកំលាំងឡើងវិញ។ បាគូមិនមែនជារាជធានីមនសំខាន់ទៀតទេចាប់ពីឆ្នាំ១០៥៧ នៅពេលដែលវាធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សបាកាន និងនៅឆ្នាំ១៣៦៩ វាមានទំហំត្រឹមតែភូមិដ៏ធំមួយប៉ុណ្ណោះ។[៥] ព្រះអង្គក៏អាចពង្រឹងការគ្រប់គ្រងរបស់ទ្រង់ចាប់ពីបាគូ ក៏ប៉ុន្តែមិនអាចសញ្ជ័យមុំហ៍បានមកវិញឡើយ។[៤] ព្រះអង្គបានបញ្ជូនបុត្រីព្រះអង្គមួយអង្គ តឹឡាមេសិរីទៅថ្វាយព្រះចៅលានស្រែដើម្បីទទួលបានជំនួយពីព្រះអង្គមកវិញ។ (ព្រះនាងមនអង្គនេះត្រូវបានយាងត្រឡប់មកវិញនៅប៉ុន្មានឆ្នាំក្រោយមកទៀត ព្រោះតែព្រះនាងមិនទទួលបានការថ្នាក់ថ្នមដោយស្ដេចលានស្រែឡើយ។)[៣]
ការបះបោរពញាន្វេ
[កែប្រែ]នៅបាគូ ពញាឧបានប្រឈមនឹងជំលោះទាស់ទែងបន្ថែមទៀតនៅក្នុងព្រះរាជវង្ស។ បុត្រាច្បងរបស់ទ្រង់ ព្រះអង្គម្ចាស់ពញាន្វេល្បីថាមិនចុះសំរុងគ្នានឹងព្រះអគ្គមហេសី ដែលព្រះបុត្រារបស់ព្រះអគ្គមហេសី ត្រូវបានព្រះបាទពញាឧតែងតាំងជារជ្ជទាយាទ។ ព្រះភគិនីរបស់ពញាឧ មហាទេវី និងព្រះភាតារបស់ទ្រង់លោកពញា ព្រះចៅនៃម្ចោនម្ចាបានឃ្លាំមើលរាជបល្លង្ក ហើយមានគំនិតសង្ស័យជាមួយពញាន្វេ។[៦] នៅឆ្នាំ១៣៨៣ ពញាន្វេព្រះជន្ម១៦វស្សា បានពង្រត់ជាមួួយព្រះភគិនីបិតាតែមួយ តឹឡាមេឌ៏របស់ទ្រង់ ភៀសព្រះកាយទៅកាន់ដាហ្កូន (ឥឡូវយ៉ានហ្កូន) ហើយបានបង្កការបះបោរមួយឡើង។ ព្រះមហាក្សត្រទ្រង់មានព្រះប្រឈួនខ្លាំង និងជិតសោយទិវង្គត។ នៅខែឧសភា ១៣៨៣ ព្រះអគ្គមហេសីរបស់ទ្រង់បានបញ្ជូនកងទ័ពមួយកងទៅកាន់ដាហ្កូន។ ពញាន្វេបានបង្ក្រាបកងទ័ពទ្រង់នៅដាហ្កន ហើយបរពលទៅកាន់បាគូ។ ព្រះមហាក្សត្រក៏បានសោយទិវង្គតកំឡុងពេលវាយប្រយុទ្ធគ្នា ហើយពញាន្វេបានក្លាយជាព្រះមហាក្សត្រ ដោយបានហៅព្រះអង្គឯងថាជា រាជាធិរាជ មានន័យថា ស្ដេចលើស្ដេច។[៣][៤]
ស្ដេចដំរីស
[កែប្រែ]ពញាឧត្រូវបានគេស្គាល់ថាជា ហ៊្សិនប្យូឝ៊ិន (ស្ដេចដំរីស) ពីព្រោះទ្រង់មានដំរីសមួយក្បាល ដែលបានចាត់ទុកជាគ្រឿងសំគាល់សំខាន់នៃស្ដេចពុទ្ធសាសនិក។ ពេលដែលដំរីសបានស្រុតស្លាប់ទៅ ព្រះអង្គបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកដំរីសមួយទៀត។ នៅឆ្នាំ១៣៦២ ពញាឧបានជួសជុលព្រះចេតិយមាសឝ្វេដាហ្កន ដោយការបន្ថែមកំពស់វារហូតទៅដល់ ២០ មាត្រ។[៣]
ពញាឧបានបញ្ជូនគណបេសកទូតមួយទៅសីហលៈ ហើយបានទទួលមកវិញនូវព្រះសារីរិកធាតុ ដែលចេតិយតំកល់សារីរិកធាតុមួយត្រូវបានកសាងឡើងនៅក្បែរ កន្លែងទទួល "ជ័យជំនះ" របស់ទ្រង់លើកងទ័ពលានស្រែ។[៤]
ឯកសារយោង
[កែប្រែ]- ↑ Pan Hla 2005: 43
- ↑ Coedès, George (1968). Walter F. Vella. រៀ. The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ល.ស.ប.អ. 978-0-8248-0368-1.
- ↑ ៣,០ ៣,១ ៣,២ ៣,៣ Harvey 1925: 111–112
- ↑ ៤,០ ៤,១ ៤,២ ៤,៣ Phayre 1967: 67
- ↑ ៥,០ ៥,១ Fernquest 2006: 4–5
- ↑ Htin Aung 1967: 80
គន្ថនិទ្ទេសន៍
[កែប្រែ]- Jon Fernquest (Spring 2006). "Rajadhirat’s Mask of Command: Military Leadership in Burma (c. 1384–1421)" 4 (1). Retrieved on 2015-11-14.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2005 រ.រ.). Yangon: Armanthit Sarpay.
- Phayre, Major Gen. Sir Arthur P. (1873). "The History of Pegu" 42.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Royal Historical Commission of Burma (1832) (ជាភូមា). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar.
- Shorto, H.L. (1963). "The 32 "Myos" in the Medieval Mon Kingdom" 26. DOI:10.1017/s0041977x00070336.
ពញាឧ ប្រសូត/កើត: ១៣២៣ សុគត/ស្លាប់: ២ មករា ១៣៨៤
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ពញាឯល៏ |
ក្សត្រនៃហង្សាវត្តី ១៣៤៨ – ២ មករា ១៣៨៤ |
តដោយ រាជាធិរាជ |
ព្រះរាជគោរម្យងារ | ||
មុនដោយ ចៅជេន |
រជ្ជទាយាទហង្សាវត្តី ១៣?? – ១៣៤៨ |
តដោយ ប៊ង៉ានម៉ុន |