Jump to content

ទីដំរីយំ

ពីវិគីភីឌា
Poster របស់​រ៉ុក​អូប៉េរា​ទី​ដំរី​យំ

ទី​ដំរី​យំ (អង់គ្លេស៖ Where Elephants Weep) គឺ​ជា​ទស្សនីយ​ភាព​ល្ខោន​បែបរ៉ុក​អូប៉េរាសហសម័យដំបូង​បំផុត​របស់​កម្ពុជា​ ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​ជនជាតិអាមេរិក លោក​ស្រី ឃេថ្រឹន-ផ្វឹល្លូ (Catherine Filloux)​។ ល្ខោន​បែប​បញ្ចឹម​ប្រទេស​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញកាល​ពី​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ដល់​ថ្ងទី ៨​ខែ​ធ្នូ ឆ្នាំ​២០០៨។ ទោះ​ជា​ទស្សនីយ៍ភាព​នេះ​ត្រូវ​បាន​ទទួល​នូវ​ការ​ពេញ​និយម​ និង​កោត​សរសើរពី​សំណាក់​ទស្សនិក​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​អំពី​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី​បុរាណខ្មែរ រួម​ជា​មួយ​តន្ត្រី​សម័យ​បែប​បញ្ចឹម​ប្រទេស​យ៉ាង​ណា​ក្ដី ក៍​ទីដំរីយំ​ត្រូវ​បាន​រង​នូវ​ការ​រិះ​គន់​នៅ​ត្រង់​ឈុត​ឆាក​មួយ​ចំនួន​[] ជា​ពិសេស​ប្រតិកម្ម​របស់​សម្ដេច​ព្រះ​សង្ឈរាជ​ ទេព វង្ស រហូត​មាន​ការ​សរសេរ​លិខិត​ផ្ញើ​ជូន​ទៅ​ក្រសួង​វប្បធម៌​ស្នើ​ឱ្យ​បញ្ឈប់​ការ​សម្ដែង​នេះ​ទៀត​ផង។

ទីដំរីយំ​និយាយ​ពី​សាច់​រឿង​ពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​ជនជាតិ​ខ្មែរ​ម្នាក់​មក​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្រោយ​ពី​សង្គ្រាម​ជាង​៣០​ឆ្នាំ​។ ល្ខោន​នេះ​មាន​បញ្ចូល​សាច់​រឿង​ស្នេហា​បុរាណ​ខ្មែរ (ទុំ​ទាវ)។ តួសំ​ដែលជា​​ជនភៀស​ខ្លួន​ពី​សម័យ​វាល​ពិឃាតខ្មែរ​ក្រហម​បាន​ចាក​ចេញ​ពី​ទឹក​ដី​អាមេរិក​ ត្រឡប់​ទៅមាតុភូមិ​ ដើម្បី​ស្វែង​រក​ប្រភព​ដើម​របស់​ខ្លួន។ សំ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​អ្នក​ចម្រៀង​ម្នាក់​ឈ្មោះ​បុប្ផាដោយ​មិនដឹង​ខ្លួន​។ ទី​ដំរី​យំបង្ហាញ​អំពី​ការ​វិល​ត្រលប់​ទៅ​រក​ប្រភព​ដើម​របស់​ខ្លួន ដែល​មាន​ស្ថាន​ភាព​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​ជួប នឹង​បាន​ឃើញ ហើយ​នេះ​ជា​លទ្ធផល​នៃ​សង្គ្រាម ក៍​ដូច​ជា​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​វប្បធម៌​បុរាណ និង​សម័យ​ទំនើប។

ខណៈ​ដែល​សាច់​រឿង​មាន​លក្ខណៈ​បែបបុរាណ ល្ខោន​អូប៉េរា​នេះ​ក៍​និយាយ​ផង​ដែរ​នូវ​បទ​ពិសោធន៍​ខ្លះ​ៗរបស់​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​មួយ​​​នេះ តួ​យ៉ាង​ដូច​ជា​លោក អាន ចន-ផន ស្ថាបនិក​សិល្បៈខ្មែរ​អមតៈ និង​អ្នក​និពន្ធ​សាច់​ភ្លេងលោក ហ៊ឹម សូភី។ ពួក​គាត់​ទាំង​ពីរសុទ្ធ​តែ​ជា​អ្នក​បាន​រួច​ជីវិត​ពី​សម័យខ្មែរ​ក្រហម។

ប្រវត្តិ​នៃ​ការ​បង្កើត​ស្នាដៃ

[កែប្រែ]
សំបុត្រ​ទស្សនា​​រ៉ុក​អូប៉េរា​ទី​ដំរី​យំ​នៅ​ភ្នំពេញ

ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សំណាក់​សិល្បៈ​ខ្មែរ​អមតៈ​ ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​គឺ​ចាប់​ពី​ខែកក្កដា ឆ្នាំ​២០០៥ រហូត​ដល់​ខែ​មិថុនា​ ឆ្នាំ​២០០៦ លោក ហ៊ឹម សូភី ត្រូវ​ទទួល​ភារកិច្ច​ចូល​រួម​ជា​មួយអ្នក​និពន្ធ​ល្ខោន​គឺ​លោក​ស្រី ខេធឺរីន ហ្វីឡក់ នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក។ ក្នុង​កំឡុង​​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ ២០០៦ មាន​សិក្ខាសាលា​ចំនួន​៤ បង្កើត​ឡើង​ក្រុម​អ្នក​ល្ខោន​អូប៉ែរ៉ា​ និង​តន្ត្រី​ករ​អាជីព​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញ៉ូវយ៉ក។ បន្ទាប់​ពី​មាន​សកម្មភាព​នានា​នៅ​ទី​ក្រុងញ៉ូវ​យ៉ក នៅ​ទីក្រុង​ភ្នំពេញ​ឯ​នេះ​វិញ សិក្ខាសាលា​ដើម្បី​ប្រគុំ​តន្ត្រី​ ដែល​រៀប​ចំដោយ​ សិល្បៈខែ្មរអមតៈមាន​រយៈពេលមួយ​ខែ​ពេញ​បាន​ប្រមូល​ផ្ដុំ​ផលិតករ​ សិល្បករ​ដើម្បី​សាកល្បង​ប្រគុំ​នូវ​ស្នាដៃ​តន្ត្រី​បុរាណ​បញ្ចូល​គ្នា​ជាមួយ​តន្ត្រី​សម័យ[]

រហូត​ដល់​ខែ​មេសា​ឆ្នាំ​២០០៧ ទើប​ចាប់​ផ្ដើម​មាន​ការ​សម្ដែងល្ខោន​នេះ​ឡើង​នៅ​ទីក្រុង​ឡូវែល រដ្ឋម៉ាសាឈូសេត ដោយ​មាន​ការ​សហការរួម​គ្នា​រវាង​សិល្បករ​ខ្មែរ រួម​ជា​មួយ​សិល្បករ​អន្តរជាតិ​ដ៏ទៃ​ ផ្ដល់​ឱកាស​ដល់​ពួក​គេ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរបទពិសោធន៍​វប្បធម៌រវាង​គ្នាទៅវិញ​ទៅ​មក​។ ការ​សម្ដែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រោង​មហោស្រព​ Cyrus W.Irish នា​វិទ្យាល័យ​ឡូវែល ដែល​ជា​ទីន្លែង​មាន​ប្រជាជន​ខ្មែរ​រស់​នៅ​ច្រើន​លំដាប់​ទី​ពីរ។

នៅ​ឆ្នាំ​២០០៨ ផ្ទាំង​ទស្សនីយ៍ភាព​នេះ​ត្រូវ​បាន​យក​មក​សម្ដែង​នៅ​ទីក្រុង​ភ្នំពេញ​រយៈពេល​១០​ថ្ងៃ ដោយ​សំបុត្រ​ទស្សនា​៦​យប់​លក់ដាច់​គ្មាន​សល់ និង​មាន​ការចាក់​ឡើង​វិញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃ​ទី ២៥​ ខែ​ធ្នូ​ ឆ្នាំ​២០០៨។ ស្ទើរ​តែ​មាន​ការ​ចាក់​ផ្សាយ​ទស្សនីយ៍ភាព​នេះ​ជា​លើក​ទី​២​ នៅ​លើ​កញ្ចក់ទូរទស្សន៍​ដដែល តែ​ក្រោយ​មក​ក៍​មាន​​ការ​អាក់​ខាន​ទៅ​វិញ។

ឈុត​នៃ​សាច់​រឿង​

[កែប្រែ]

ការ​ចាប់​ផ្ដើម៖

[កែប្រែ]

សាច់​រឿង​បាន​ចាប់​ផ្តើម​ដោយ​មាន​អ្នក​ចម្រៀង​ចាប៉ី​ច្រៀង​អំពី​កំណើត​របស់​កុមារា​សំ និង​កុមារី​បុប្ផា[]

ឈុត​ទី​១៖

[កែប្រែ]
ទី​ដំរី​យំ៖ តួ​សម្ដែង សំ និង​តារា

នៅ​ឆ្នាំ​១៩៩៥ ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំងឈ្មោះ សំ និង​តារាបាន​ត្រឡប់​មក​ទី​ក្រុង​ភ្នំពេញ​វិញ​ដើម្បី​បួស​ជា​សាមណេនៅ​វត្តមួយ​ក្បែរ​ទីក្រុង។ ទំនៀម​ទម្លាប់​ពុទ្ធសាសនា​ខ្មែរ យុវជន​ត្រូវ​បួស​ដើម្បី​សង​គុណ​ឳពុក​ម្ដាយ។ សំ​(ច្រៀង​បទ "Where Your Country Is" ) ធ្លាប់​ទទួល​ទារុណ​កម្មយ៉ាង​យ៉ង់​ឃ្នង​ បាន​រួច​ជីវិត​ពី​សម័យ​ប៉ុល​ពត​ក្នុង​នាម​ជាកងទ័ព​កុមារ។ ឥឡូវ​នេះ​គេ​បាន​ត្រឡប់​មក​មាតុភូមិ​វិញហើយ។ សំ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីព​ចម្រៀង​នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក​ ហើយ​បាន​បែក​ពី​តារា​កាល​នៅ​ជំរុំ​ជន​ភៀស​ខ្លួន​ តែ​ពួក​គេ​បាន​ជួប​គ្នា​វិញ​នៅ​សហរដ្ឋ​អាមេរិក។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពីតារា សំ​បាន​ត្រឡប់​ និង​ភ្ជាប់​​ទៅ​រក​ប្រភព​ដើម​របស់​ខ្លួន ហើយ​រូប​គេ​ត្រូវ​បាន​បញ្ជាក់​ដោយ​តារា​ដែរ​ថា​ការ​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក ទៅ​កម្ពុជា​វិញ​គឺត្រូវ​ការ​ពេល​វេលា។

សំ​ស្វែង​រក​ការ​លើក​លែង​កំហុស​ដែល​ខ្លួន​មាន​ ដោយ​ការ​ភាវនា​ធម៌​នៅ​ក្នុង​វត្ត​អារាម។ គ្រាមួយ​នោះ​សំ​បានឮ​ការ​បន់​ស្រន់​នាង​ណាវី ជា​មួយ​ប្អូន​ស្រី​បុប្ផា និង​ប្អូន​ប្រុស​ឈ្មោះ​ខាន់ បន់​អំពី​ម្ដាយ​​ ដែល​បាន​ស្លាប់​ទៅ​។ នាង​បុប្ផា​គឺ​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប ដែល​ទាញ​ចំណាប់​អារម្មណ៍​របស់​សំ​ ហើយ​សំ​រក​ឃើញ​ថា​ខ្លួន​គាត់​ចាប់​ចិត្ត​លើ​បុប្ផា​ហើយ។

នាង​ណាវី​បាន​ទូល​សួរ​​លោក​ចៅ​អធិការ​អំពី​សាមនេ​រូប​ស​ង្ហា​ឈ្មោះសំ ហើយ​លោក​ចៅ​អធិការ​បាន​និយាយ​ថា​គាត់​ស្គាល់​ឪពុក​ម្ដាយ​សំ ដែល​ជា​អ្នក​សម្ដែង​ល្ខោន​បាសាក់ ហើយ​ពួក​គាត់​បាន​ស្លាប់​នៅ​ជំនាន់​ប៉ុល​ពត។ លោក​ចៅ​អធិការ​បាន​ប្រាប់​ទៅ​ណាវី​ថា សំ​ជា​អ្នក​ចម្រៀង​នៅ​ទីក្រុង​ញ៉ូយ៉ក ហើយ​រូប​គេ​មក​ទី​នេះ​ដើម្បី​សំអាត​ភាព​សៅម្មង​ក្នុង​អារម្មណ៍​របស់​ខ្លួន។ ខាន់​ដែល​ជា​អ្ន​កជំនួញ​ប្រកប​ដោយ​ភាព​សម្លឹង​ខ្ពស់​ក្នុង​រឿង​ឱកាស និង​ជា​អ្នក​គ្រប់​គ្រង​បុប្ផា​ មាន​បំណង​បង្ហាញ​ដល់​សំ​នូវ​ទឹក​ដម​សំនៀង​របស់​បុប្ផា​ដល់​សំ​ ដោយ​អញ្ជើញ​លោក​ចៅ​អធិការ និង​ព្រះ​សង្ឈ​ដ៏ទៃ​ទៀត​ទៅ​ចម្រើន​ព្រះ​បរិត្ត​នៅ​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន។ លុយ​ដែល​រក​បាន​ដោយ​សារ​បុប្ផា ខាន់​ទើប​តែ​ទិញ​បាន​នូវភូមិ​គ្រឹះមួយ​មាន​ទី​ធ្លា​ប្រកប​ដោយ​ផាសុភាព។​ ណាវី​ទាយ​ទុក​ជាមុន​ថា​គឺ​ជា​វាសនា​ដែល​សំ និង​បុប្ផា​នឹង​ត្រូវ​ជា​គូរ​នឹង​គ្នា។

ឈុត​ទី​២៖

[កែប្រែ]
ទី​ដំរី​យំ ត្រង់​ឈុត​ នៅ​ភូមិ​គ្រឹះ​របស់​ខាន់

អង្គរក្ស​របស់​ខាន់​នៅ​យាម​មាត់​របង​ភូមិ​គ្រឹះ ពួក​គេ​ច្រៀង​បទ​រ៉េប "Khan is Our Man" ខណៈ​ដែល​មាន​ព្រះ​សង្ឈ​អញ្ជើញ​មក​ដល់។ សំ និង​ព្រះ​សង្ឈ​ដទៃ​ទៀត​កំពុង​សូត្រ​ធម៌​ចម្រើន​ព្រះ​បរិត្ត​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ហើយ​ខាន់​បាន​ប្រាប់​បុប្ផា​ឱ្យ​ច្រៀង​ចម្រៀង​ទៅ​កាន់​ភ្ញៀវ​ចូល​រួម​ទាំង​អស់។ បុប្ផា​ច្រៀង​បទ "The Gate Will Shut" សម្រាប់​សំ ពេល​នោះ​ពួក​គេ​ហាក់​មាន​ទំនាក់​ទំនង​គ្នា និង​លង់​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ សំ​មិន​បាន​ដឹង​ជា​មុន​ថា​ បុប្ផា​បាន​ភ្ជាប់​ពាក្យ​រួច​ទៅ​ហើយ​ជា​មួយ​មិត្ត​ភក្តិ ដែល​ជា​ដៃ​គូរ​រក​ស៊ី​របស់​ខាន់​ឈ្មោះ​វិសាល ដែល​នេះ​​អាពាហ៍​ពិពាហ៍​ដោយ​មាន​ការ​រៀប​ចំ​ក្នុង​ទំលាប់​របស់​សង្គម​ខ្មែរ។​ សំ​បាន​បញ្ជាក់​ពី​ក្ដី​ស្នេហ៍​របស់​ខ្លួន​តាម​រយៈ​បទ​ចម្រៀង "Whoever Thought" ខណៈ​ដែល​តារាដាស់​តឿន​អំពី​អ្វី​ដែល​សំ​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​គេ​ត្រលប់​មក​មាតុភូមិ​វិញ ជា​ជាង​លង់​ស្រឡាញ់​ស្រី​ម្នាក់​នោះ។

ឈុត​ទី​៣៖

[កែប្រែ]
ទី​ដំរី​យំ ត្រង់​ឈុត​ សំ​សុំ​លោក​គ្រូ​ចៅ​អធិការ​សឹក

ពេល​ត្រឡប់​មក​វត្ត​វិញ សំ​បាន​ស្នើ​សុំ​លោក​ចៅ​អធិការ​វត្ត​ដើម្បី​សឹក។ លោក​ចៅ​អធិការ​មាន​សង្ឈដីការ​ណែនាំ​ថា​វា​មិន​មែន​ជា​ពេល​សមរម្យ​សម្រាប់​ការ​លាចាកសិក្ខាបទនេះ​ឡើយ​ ព្រោះ​ជើង​លេខទាយ​ថា​​មិន​ល្អ ប៉ុន្តែ​តារា​អាច​សឹក​បាន​ ហើយ​អាច​ទៅ​ជួយ​ក្មេង​កំព្រា​តាម​អ្វី​ដែល​គេ​បាន​គ្រោង​ទុក។

ឈុត​ទី​៤៖

[កែប្រែ]

សំ​បាន​ល្មើស​នឹង​សំដី​លោក​ចៅ​អធិការ​ដោយ​លួច​សឹក​ដោយ​ខ្លួន​ឯង (តាម​រយៈ​បទ "What Another Wrong?") ។​ រូប​គេ​បាន​ចង​ចាំ​នូវ​ការ​បង្ខិត​បង្ខំ​ឱ្យ​គេ​ប្រើ​នូវ​អំពើ​ហឹង្សា​ជំនាន់​ខ្មែរ​ក្រហម។ នៅ​ពេល​ដែល​ខាន់​មិន​នៅ សំ​បាន​ត្រឡប់​មក​ជួប​បុប្ផា​នៅ​គេហដ្ឋាន​នោះ​វិញ។​ ពួក​គេ​បាន​ច្រៀង​ជាមួយ​គ្នា។ សំ និង​បុប្ផា​បាន​រួមរក្ស​ជាមួយ​គ្នា​ក្នុង​ផ្ទះ ខណៈ​ដែល​នៅ​ខាង​ក្រៅ​ពួក​អង្គរក្ស​នាំ​គ្នារ៉េប​បទ "Monk-Turned-To-Playboy"។ សំ និង​បុប្ផា​បាន​រក​ឃើញ​ថា​ពួក​គេ​មាន​ចំណុច​ដូច​គ្នា​ច្រើន។ ទោះ​ជា​យ៉ាង​ណនេះ​ក្ដី បុប្ផាក៍​មាន​ការ​សោក​ស្ដាយ​ និង​ភ័យ​ខ្លាច ដែល​បាន​ជ្រុល​ខ្លួន​ជា​មួយ​សំ​ខុស​ប្រពៃណី។ សំ​បាន​ឃើញ​​ស្នែង​ក្របីដែល​ព្យួរ​ក្នុង​ផ្ទះ​ ដូច​ស្នែង​ដែល​ឪពុក​របស់​ខ្លួន​ធ្លាប់​ប្រើ​ផ្លុំ​ហៅ​ដំរី​។ សំ​បាន​ផ្លុំ​​ឱ្យ​បុប្ផា​ស្ដាប់ ហើយ​ពួក​គេ​នាំ​គ្នា​ច្រៀង​បទ​បំពេរ "No Mothers"។ ខាន់មិន​ទាន់​​បាន​ដឹង​រឿង​ស្នេហា​របស់​អ្នក​ទាំង​ពីរ ហើយ​បាន​អញ្ជើញ​សំ​ទៅ​ចូល​រួម​ពិធី​របស់​ព្រះ​អង្គ​ម្ចាស់​មួយ ដែល​មាន​បុប្ផា​ជា​អ្នក​សម្ដែង​ជូន។ ខាន់​មាន​ជំនឿ​ថា​នេះ​ជា​ការ​សាង​ជំនឿ​ចិត្ត​របស់​សំ​ឱ្យ​យល់​ថា​បុប្ផា​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​បទ​ចម្រៀង។​

ឈុត​ទី​៥៖

[កែប្រែ]

សំ​ឃើញ​តារា​សំណាក់​នៅ​ក្នុង​ផ្ទះ​នា​មាត់​ស្ទឹង​មួយ​ ពួក​គេ​បាន​រួម​គ្នា​ទម្លាយ​ភាព​ស្ងប់​ស្ងាត់​តាម​រយៈ​បទ "The Place I want To Stay" ដោយ​តារា​ជា​អ្នក​ផ្លុំ​ខ្លុយ។ សំ​សួរ​ថា​តើ​គេ​អាច​យក​បុប្ផា​ទៅ​ទី​នោះ​បាន​ឬ​អត់។ តារា​វាយ​ប្រហារ​អត្តចរិតមិន​ចេះ​ប្រយ័ត្ន​ប្រយែង​របស់​សំ​តាម​រយៈ​បទ "Lost & Found" ហើយ​សំ​ក៍ទទួល​ស្គាល់​នូវ​អារម្មណ៍​កណ្ដោច​កណ្ដែង​របស់​ខ្លួន​ដែរ។ តារា​អញ្ជើញ​សំ​ទៅ​សំណេះ​សំណាល​ជា​មួយ​ក្មេងៗ​កំព្រា​ នៅ​ទី​កន្លែង​ដែល​ខ្លួន​ធ្វើ​ការ ហើយ​សំ​ក៍​យល់​ព្រម​នូវ​ការ​អញ្ជើញ​នេះ។

ឈុតទី​៦៖

[កែប្រែ]

នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គម្ចាស់ អង្គរក្ស​របស់​ខាន់​ច្រៀង​បទ​រ៉េប "The Prince"។ សំ និង​បុប្ផា​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ច្រៀង​រួម​គ្នា​នូវ​ចម្រៀង "Duet of Tum Teav" ដែល​យក​លំនាំ​តាម​​ស្នាដៃ​កំណាព្យ​បែប​បុរាណ​ រឿងទុំទាវ។ តារា​ក៍​ចូល​រួម​ក្នុង​ការ​សម្ដែង​នោះ​ដែរ​ជា​មួយ​នឹង​គ្រូ​ខ្លុយ​របស់​គាត់។ ខាន់​ និង​វិសាល​ក្រេវ​ក្រោធ​យ៉ាង​ខ្លះ​នៅ​ពេល​ដែល​សំ និង​បុប្ផា​បង្ហាញ​ពី​ក្ដី​ស្នេហា​របស់​ខ្លួន​តាម​រយៈ​បទ​ចម្រៀង​។ ខាន់​ព្យាយាម​បញ្ឈប់​ពួក​គេ តែ​ត្រូវ​បាន​រាំង​ស្កាត់​ដោយ​ណាវី ពី​ព្រោះ​ពួក​គេ​កំពុង​នៅ​ក្នុង​ពិធី​ដែល​មាន​វត្តមាន​របស់​ព្រះ​អង្គម្ចាស់។ ព្រះ​អង្គម្ចាស់​ដែល​នៅ​ចាំ​ឪពុក​ម្ដាយ​របស់​សំ​ កាល​ដែល​ពួក​គាត់​ធ្លាប់​បាន​សម្ដែង​ថ្វាយ​នៅមុន​សម័យ​ប៉ុល​ពត បាន​ចាប់​អារម្មណ៍​ឃើញ​សំ​ និង​បុប្ផា​ជា​មនុស្ស​ប្រកប​ដោយ​មន្ដ​ស្នេហ៍។ ខាន់​ទាញ​ដៃ​បុប្ផា​ចេញ ហើយ​ក៍​ចាប់​ផ្ដើម​មាន​ហឹង្សា​កើត​ឡើង ខណៈ​ដែល​សំ​ព្យាយាម​ការ​ពារ​បុប្ផា។ ព្រះ​អង្គម្ចាស់​ក៍​ទត​នូវ​ពួក​គេ​ទាំង​បី​ច្រៀង "A Strange Family" បុប្ផា​ប្រកែក និង​​បរិហា​អំពី​បង​ប្រុស​របស់​ខ្លួន ចំណែក​ណាវីជជែក​ជា​មួយ​ខាន់​ឱ្យ​គិត​គូរ​ឡើង​វិញ​នូវ​ការ​រៀប​ចំ​អាពាហ៍​ពិពាហ៍​នេះ តែ​ខាន់​ព្យាយាម​ការពារ​នូវ​ការ​សម្រេច​ចិត្ត​នេះ។

ឈុត​ទី​៧៖

[កែប្រែ]

នៅ​ក្នុង​ផ្ទះ​របស់​តារា សំ​ និង​បុប្ផា​បាន​សច្ចា​នូវ​ក្ដី​ស្នេហា​របស់​ខ្លួន​ទៅ​វិញ​ទៅ​មកក្នុង​បទ "Spiritual Vows"​។ ខាន់​មាន​គម្រោង​បញ្ជោតបុប្ផា​ដើម្បី​មក​រៀបការ​ជា​មួយ​វិសាល​ ដោយ​កុហក​ថា​ណាវី​មាន​ជម្ងឺ​ជា​ទម្ងន់ បង្ខំ​ចិត្ត​ត្រូវ​តែ​ឱ្យ​បុប្ផា​ត្រឡប់​មក​ផ្ទះ។ សំ​ដឹង​ថា​ខាន់​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ក៍​សុំ​រួម​ដំណើរ​ជាមួយ​បុប្ផា​ដើម្បី​ការពារ​នាង តែ​បុប្ផាមិន​ស្ដាប់​តាម​ហើយ​បដិសេធ។ នាង​នៅ​តែ​ខ្លាច​ឥទ្ធិពល​របស់​ខាន់ រី​ឯ​សំ​មាន​ភាព​ឈឈ​ចាប់ និង​ខឹង​នូវ​ការ​បដិសេធ​នេះ។

ឈុត​ទី​៨៖

[កែប្រែ]

សំ និង​តារា​អង្គុយ​ផឹក​នៅ​ហាង​ផឹក​ស៊ី​មួយ ដែល​ពេល​នោះ​នារី​ស្រាបៀ​បាន​សម្ដែង​បទ "All Night Long"។ ខណៈ​នោះ​ខាន់​បាន​វាយ​បុប្ផា​ ព្រោះ​នាង​ទៅ​ជួប​សំ ដោយ​បាន​ច្រៀង​បទ "Erase Me" ។ សំ​រំសាយ​កំហឹង​របស់​ខ្លួន​តាម​រយៈ​បទ "Forget" ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ជប់​លាង​នៅ​ក្លិប។ ជាមួយ​នឹង​ភាព​ឈឺ​ចាប់ សំ​បាន​ចាក​ចេញ​ពី​ហាង​ផឹក​ស៊ី​ជាមួយនារី​ស្រាបៀ ABC ។ ដោយ​មាន​ការ​យល់​ព្រម​ពី​ណាវី បុប្ផា​បញ្ជុះ​បញ្ជូល​អង្គរក្ស​របស់​ខាន់​ហើយ​លួច​រត់​ចេញ​ពី​ផ្ទះ។ ណាវី​ច្រៀង​បទ "What Could I Tell Her?" ហើយ​បង​ប្អូន​ស្រី​ទាំង​ពីរ​បាន​ច្រៀង "Forget & Party"។

ឈុត​ទី​៩៖

[កែប្រែ]

សំ​គេង​ជា​មួយ​នារី​ស្រាបៀ ABC ហើយ​នាង​បាន​បង្ហើរ​សំនៀង​ម្ដង​ទៀត​នូវ​បទ "All Night Long"។

ឈុត​ទី​១០៖

[កែប្រែ]

សំ​ឃើញ​តារា​នៅ​តំបន់​ជន​បទ​មួយ​ ដែល​ជា​ទី​របស់​តារា​រៀន​ផ្លុំ​ខ្លុយ​ជា​មួយ​គ្រូ​នូវ​បទ "Just one Leaf" ។​ លោក​គ្រូ​បង្រៀន​ខ្លុយ​ឃើញ​សំ​ប្រកប​ដោយ​ភាព​អស់​សង្ឈឹម គាត់​ចាប់​ផ្ដើម​ច្រៀង "Our Land's Compassion" ដើម្បី​ជួយ​ឱ្យ​សំ​រម្លឹក​មក​វិញ​នូវ​ដួង​ព្រលឹង​នៃ​ប្រទេស​របស់​គាត់​តាម​រយៈ​ក្ដី​ចង់​ចាំ​ដ៍​រីក​រាយ​ ហើយ​ដើម្បី​ឱ្យ​រូប​គេ​អាច​អភ័យ​ទោស​ឱ្យ​ខ្លួន​ឯង​ផង។ ក្នុង​បទ "Spirit Dance" គ្រូ​បង្ហាត់​ខ្លុយ​ជម្រុញ​ឱ្យ​សំ​អាច​ជ្រះ​ស្រឡះ​ឡើង​វិញ​នៅ​ពេល​ដែល​សំ​បាន​ស្រម៉ៃឃើញ​ខ្លួន​ឯង​កាល​ពី​ក្មេង​ ដែល​សម្ដែង​ល្ខោន​បាសាក់​ជាមួយ​គ្រួសារ​របស់​គាត់​នៅ​ជនបទ។

ឈុត​ទី​១១៖

[កែប្រែ]

អង្គរក្ស​របស់​ខាន់​រ៉េបបទ​ "This Wedding" នៅ​ពេល​ដែល​សំ​ និង​តារា​ចូល​មក​រក​បុប្ផា​កំឡុង​ពេល​ដែល​ពិធី​មង្គល​ការ​ចាប់​ផ្ដើម។ ក្នុង​បទ "I Took Her in My Arms" ណាវី​ប្រាប់​សំ​ឱ្យ​ដឹង​ថា​បុប្ផា​បាន​រត់​ចោល​រោង​ការ​ ហើយ​កំពុង​លាក់​ខ្លួន តែ​នាង​បាន​ទុក​របស់​អនុសាវរីយ៍​ឱ្យ​គេ។ ខាន់​ឃើញ​សំ និង​តារា​និយាយ​ជាមួយ​ណាវី ពេល​នោះ​ការ​ប្រទុស្ដរាយ​ក៍​បាន​ចាប់​ផ្ដើម​ឡើង ដោយ​គេ​បាន​បញ្ជា​ឱ្យ​អង្គរក្ស​សម្លាប់​សំ។ តារា​បាន​ចូល​ទៅ​រង​ជំនួស​ធ្វើ​ឱ្យ​រូប​គេ​មាន​របួស។ សំ និង​តារា​រួម​គ្នា​ច្រៀង​ម្ដង​ទៀត​បទ "Where You Country Is" ហើយ​តារា​ស្លាប់​លើ​ដៃ​សំ​។

ឈុត​ទី​១២៖

[កែប្រែ]
ទី​ដំរី​យំ ត្រង់​ឈុត​ សំ​ត្រឡប់​សាង​ផ្នួស​វិញ

តួ​អង្គ​សំ​កាល​ពី​ក្មេង​បាន​លេច​ចេញ​មក​ហើយ​និយាយ​ទៅ​កាន់​គេ​ថា "​តើ​ឯង​នឹង​ត្រឡប់​តាម​ការ​អំពាវ​នាវ​ឬទេ?" សំ​ក៍ត្រឡប់​ទៅ​កាន់​ព្រះ​វិហារ​វិញ​ហើយ​បាន​សាង​ផ្នួស​ម្ដង​ទៀត។ ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ ព្រះ​ចៅ​អធិការ​បាន​បង្ហាញ​តាម​រយៈ "Our Land's Compassion" ។ នា​ទី​ដ៍​ស្ងាត់​មួយ សំ​បាន​ដក​ចេញ​មក​នូវ​របស់​ដែល​បុប្ផា​ឱ្យ​គឺ​ជា​ស្នែង​ក្របី ហើយ​គេ​អធិដ្ឋាន​ដល់​អស់​វត្ថុ​សក្កិសិទ្ធ​ក្នុង​ប្រទេស​ និង​អស់​ទាំង​ខ្លួន​របស់​គេ​តាម​រយៈ "Where Elephants Weep"។ បុប្ផា​ចូល​មក​ព្រះ​វិហារ​រក​សំ​។ សំ​ និង​បុប្ផា​នៅ​ចង​ចាំ​ពាក្យ​សច្ចា​របស់​ពួក​គេ​ដោយ​រួម​គ្នា​ក្នុង​បទ "Always Remember This"។ ដោយ​ខ្លាច​បង​ប្រុស​របស់​នាង បុប្ផា​រស់​នៅ​ដោយ​លាក់​ខ្លួន​ជា​មួយ​បង​ស្រី។ ទោះ​ជា​យ៉ាង​នេះ បុប្ផា​មាន​សេរីភាព​ដើម្បី​និពន្ធ​បទ​ចម្រៀង​របស់​នាង​សម្រាប់​សំ។ នាង​បាន​ច្រៀង​នូវ​បទ ​ដែល​និពន្ធ​សម្រាប់​សំ "Between the Earth and Sky"។ បទ​នេះ​មាន​ប្រភព​ពី​របស់​ដែល​ជា​ទី​សក្ការៈ​ក្នុង​ប្រពៃ​ណី​របស់​ប្រទេស​នាង។ ចាប់​ពី​ពេល​នេះ​ត​ទៅ សំ និង​បុប្ផា​រស់​នៅ​ទីទៃ​ពី​គ្នាដើម្បី​ស្វែង​រក​ផ្លូវ​ស្ងប់​នៃ​ព្រលឹង និង​អនាគត​នៃ​ប្រទេស​កម្ពុជា​។ ពួក​គេ​ទាំង​ពី​បាន​ច្រៀង​រួម​គ្នា​ក្នុង​បទ "That We Might Leave A Trace" ។

ក្រុម​អ្នក​ផលិត

[កែប្រែ]

ក្រុម​ច្នៃ​ប្រឌិត៖ បណ្ឌិត ហ៊ឹម សូភី (អ្នក​និពន្ធ​សាច់​ភ្លេង), លោក​ស្រី ឃេថ្រឹន-ផ្វឹល្លូ (Catherine Filloux អ្នក​និពន្ធ​ល្ខោន), លោក​ ស្កុត ស្តេន​ហ្វ័ត (អ្នក​ប្រឹក្សា​តន្ត្រី និង​ដឹកនាំ​វង់​ភ្លេង), លោក រ៉ូបឺត ម៉ាក​ខ្វីន (អ្នក​គ្រប់​គ្រង​ឆាក), លោក សៀន គូរ៉ាន (ដឹក​នាំ​ក្រុម​សិល្បករ), លោក អៀង ស៊ីធុល (ប្រឹក្សា​ផ្នែក​សិល្បៈ), អ្នក​នាង ជ័យ ច័ន្ទកិត្យា (ជំនួយ​ផ្នែក​របាំ), លោក ចន ប៊័ត (ផលិត​ករ), ម៉ាគូស ដូស៊ី (រៀប​ចំ​ឆាក និង​ភ្លើង), កាមីល អាសសាហ្វ (រចនា​សំលៀក​បំពាក់)។

ក្រុម​អ្នក​តន្ត្រីបុរាណ៖ លោក កែវ ដូរីវ៉ាន់ (ខ្លុយ), លោក កែវ សុណនកវី(ខ្សែ​ឯក), លោក កែវ សុភី(គងធំ), លោក ហ៊ឹម សារិន(ចាប៉ីដងវែង), លោក សាយ តុលា(ទ្រ)។

ក្រុម​តន្ត្រី​រ៉ុក៖ លោក ឆេង​សារ៉ាត់(ហ្គីតា), លោក ស៊ីណា(ហ្គីតាអេឡិចទ្រិក), លោក​ មាស សុគន្ធ(ឃីប៊័ត), លោក រ៉ុង សិរីវ៉ាន់(ឃីប៊័ត), លោក សុខ សារ៉ាដេត(ស្គរ)។

តួ​សម្ដែង

[កែប្រែ]

ការ​ប្រតិកម្ម​

[កែប្រែ]

សម្ដេច​សង្ឈ​រាជ្យ​ ទេព វង្ស​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្ដែង​ល្ខោន​ទី​ដំរី​យំ​នេះ។ សារ​លិខិត​មួយ​បាន​ផ្ញើ​ទៅកាន់​កស្រួង​វប្បធម៌​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សម្ដែង និង​តម្រូវ​ឱ្យ​តួ​សម្ដែង​ទាំង​អស់​ធ្វើ​ការ​សុំ​ទោស​ ព្រោះ​ព្រះ​អង្គ​មើល​ឃើញ​ថា​ឈុត​ឆាក​មួយ​ចំនួន​របស់​ល្ខោន​បាន​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​ព្រះ​សង្ឈ​ជាង​ ៥​ម៉ឺន​អង្គ​ទូទាំង​ប្រទេស[]។ ឆ្លើយ​តប​នឹង​ប្រតិកម្ម​នេះ​លោក អៀង ស៊ីធុល ដែល​ជា​តួ​អង្គ​មួយ​រូប​ក្នុង​ល្ខោន​ដែរ បាន​និយាយ​ថា​វណ្ណ​កម្ម​ថ្មី​នេះ​ជា​ការ​ប្រឹង​ប្រឹង​ឱ្យ​មាន​ការ​កកើត​ល្ខោន​បែប​ថ្មី​នេះ​ក្នុង​ប្រទេស​យើង។ រឿង​នេះ​យក​លំនាំ​តាម​ស្នាដៃអក្សរសិល្ប​ខ្មែរ​រឿង​ទុំទាវ ហើយ​បើ​និយាយ​ពី​ឈុត​ដែល​ព្រះ​សង្ឈជាប់​ជំពាក់​សេ្នហា​ជា​មួយ​នារី​នោះ រឿង​ទុំ​ទាវ​ក៍​មាន​ឈុត​នេះ​ដែរ។ លោក​បាន​ឱ្យ​ដឹង​ថា​រឿង​នេះ​គ្រាន់​តែ​ចង់​ឆ្លុះ​បញ្ចាំង​ពី​តថៈភាព​ក្នុង​សង្គម ព្រោះ​ថា​យើង​មាន​ទាំង​ព្រះ​សង្ឈ​ល្អ និង​អាក្រក់។ នៅ​ប្រទេស​កម្ពុជា សាសនា​ព្រះ​ពុទ្ធ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​សាសនា​របស់​រដ្ឋ​ដោយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​បើ​មាន​ការ​សម្ដែង​ណា​មួយ​ ឬ​មាន​កាយ​វិការ​ណា​មួយ​មិន​សម​រម្យ​អាច​នាំឱ្យ​មាន​ការ​ប៉ះពាល់​ នឹង​មាន​ប្រតិម្ម​ពី​សំណាក់​មហាជន ឬ​ព្រះ​សង្ឈ​នានា។ លោក​រដ្ឋមន្ត្រី​ ហុន សែន ធ្លាប់​បាន​ព្រមានស្ថានីយ៍​ទូរទស្សន៍​មុន​នឹង​ចាក់​ផ្សាយ​រឿង ឬ​ការ​សម្ដែង​ណា​ដែល​មាន​ទាក់​ទង​នឹង​សាសនា​ព្រះពុទ្ធ​ ត្រូវ​​មាន​ការ​ពិនិត្យ​ជា​មុន​សិន​ពី​ក្រសួង​ធម្មការ[]

ឯកសារ​យោង​

[កែប្រែ]
  1. Ban 'insult' opera: monks, 5/1/2009, Phnom Penh Post http://www.phnompenhpost.com/national/ban-insulting-opera-monks ទាញ​យក​ថ្ងៃ​ទី​៣១/១/១៤
  2. Where Elephants Weep - Production history, http://www.whereelephantsweep.com/inner/production_timeline.html[តំណភ្ជាប់ខូច] ទាញ​យក​ថ្ងៃ​ទី ៣១/១/១៤
  3. Where Elephan Weep, Plot​ synopsis, http://www.whereelephantsweep.com/inner/production_plot.html[តំណភ្ជាប់ខូច] ទាញ​យក​ថ្ងៃ​ទី ៤/២/១៤
  4. សម្ដេច​ព្រះសង្ឈរាជ​ ទេព វង្ស​ប្រតិកម្ម​ចំពោះ​ល្ខោន​អូប៉េរា​ទីដំរី​យំ, ហ៊ុយ វណ្ណៈ, 04/01/2009, វិទ្យុអាស៊ី​សេរី http://www.rfa.org/khmer/indepth/TepVong-reaction-2first-rock-opera-01042009063613.html?searchterm:utf8:ustring=%E1%9E%91%E1%9E%B8%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%9A%E1%9E%B8%E2%80%8B%E1%9E%99%E1%9F%86[តំណភ្ជាប់ខូច] ទាញ​យក​ថ្ងៃ​ទី​ ៣១/១/១៤
  5. នាយក​រដ្ឋមន្ត្រី​ព្រមាន​ស្ថានីយ​ទូរទស្សន៍​ពី​ការផ្សាយ​រឿង​ទាក់​ទង​ព្រះពុទ្ធ​សាសនា, ០៨/០២/២០០៩, វិទ្យុ​អាស៊ី​សេរី http://www.rfa.org/khmer/indepth/pm-warns-tv-stations-02082009211758.html?searchterm:utf8:ustring=%E1%9E%91%E1%9E%B8%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%9A%E1%9E%B8%E2%80%8B%E1%9E%99%E1%9F%86 Archived 2016-03-17 at the វេយប៊ែខ ម៉ាស៊ីន. ទាញ​យក​ថ្ងៃ​ទី ៦/២/២០១៤