Jump to content

ទុតិយគាថាសង្គណិក

ពីវិគីភីឌា

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ទុតិយគាថាសង្គណិកៈ

[៣២៥] សួរថា អាបត្តិដែលតាំងឡើងអំពីកាយ មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិប៉ុន្មាន ដែលត្រូវព្រោះបច្ច័យ គឺការប៉ះពាល់នូវកាយ។ ឆ្លើយថា អាបត្តិ ដែលតាំងឡើងអំពីកាយ មាន៦ អាបត្តិដែលតាំងឡើងអំពីវាចា មាន៦ អាបត្តិ៣មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិ៥ ដែលត្រូវព្រោះបច្ច័យ គឺការប៉ះពាល់នូវកាយ។

[៣២៦] អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មានប៉ុន្មាន អាបត្តិដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះបំពេញនូវវត្ថុគ្រប់ទាំង៨ មានប៉ុន្មាន ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសប៉ុន្មាន។ អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មាន៣ អាបត្តិដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មាន២ អាបត្តិដែលត្រូវ ព្រោះបំពេញនូវវត្ថុឲ្យគ្រប់ទាំង៨ មានតែ១ ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសតែ១ គឺនិទានុទ្ទេស។

[៣២៧] មូលរបស់វិន័យមានប៉ុន្មាន ដែលព្រះពុទ្ធទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុងវិន័យ មានប៉ុន្មាន ដែលព្រះអង្គទ្រង់ត្រាស់ទុកមក អាបត្តិដែលត្រូវ ព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មានប៉ុន្មាន។ មូលរបស់វិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុងវិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់ត្រាស់ទុកមក ដែលត្រូវព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មាន២ [អដ្ឋកថា អាបត្តិ២នោះ គឺអាបត្តិបារាជិក របស់ភិក្ខុនី ដែលត្រូវ ព្រោះជួយបិទបាំងទោសភិក្ខុនីផងគ្នា១ អាបត្តិបាចិត្តិយៈ របស់ភិក្ខុដែលត្រូវព្រោះជួយបិទបាំងអាបត្តិសង្ឃាទិសេស នៃភិក្ខុផងគ្នា១]។

[៣២៨] អាបត្តិប៉ុន្មាន ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះឆ្លងទៅកាន់ត្រើយស្ទឹង ជាបច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវថុល្លច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវទុក្កដ។ អាបត្តិ៤ ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិ៤ ដែលត្រូវព្រោះឆ្លងទៅកាន់ត្រើយស្ទឹង ជាបច្ច័យ សាច់មនុស្សតែម្យ៉ាង ដែលឆាន់ ត្រូវអាបត្តិថុល្លច្ច័យ សាច់៩ប្រការដែលភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។

[៣២៩] អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលទទួល។ អាបត្តិ២ប្រកបដោយវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិ២ ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិ៣ មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិ៤ មានដល់ឧបសម្បន្នដែលទទួល។

[៣៣០] អាបត្តិប៉ុន្មាន ដែលជាទេសនាគាមិនី អាបត្តិប៉ុន្មាន ដែលជាសប្បដិកម្ម [អដ្ឋកថា ថា សប្បដិកម្ម ប្រែថា អាបត្តិដែលកែបាន បានដល់អាបត្តិ៦កង តាំងពីសង្ឃាទិសេស រហូតដល់ទុព្ភាសិត។] ក្នុងសាសនានេះ មានអាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម [អប្បដិកម្ម ប្រែថា អាបត្តិកែលែងបាន បានដល់បារាជិក៤ ឬទាំង៨។] ក្នុងសាសនានេះ។ អាបត្តិ ដែលជាទេសនាគាមិនីមាន៥ អាបត្តិ ដែលជាសប្បដិកម្ម មាន៦ អាបត្តិ១ ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម ក្នុងសាសនានេះ។

[៣៣១] អាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចា រសស្រូវប៉ុន្មាន ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានប៉ុន្មាន។ អាបត្តិ២យ៉ាង ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទទាំងអស់ សុទ្ធតែតាំងឡើងអំពីកាយ និងវាចា រសស្រូវតែ១ គឺថ្នាំឈ្មោះ លោណសោចិរកៈ [អដ្ឋកថា ថា ត្រូវមើលនយលក្ខណៈ ក្នុងសៀវភៅទី៧ ក្នុងភេសជ្ជក្ខន្ធកៈ ទំព័រ២៥៦។] ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានតែ១។

[៣៣២] អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មានប៉ុន្មាន ភូមិនៃសំវាស មានប៉ុន្មាន រាត្រីដាច់ មានដល់ភិក្ខុប៉ុន្មានពួក ព្រះអង្គបញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មានប៉ុន្មានសិក្ខាបទ។ អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មាន២ ភូមិនៃសំវាស មាន២ រាត្រីដាច់ មានដល់ភិក្ខុ២ពួក (ភិក្ខុកំពុងនៅបរិវាស១ ប្រព្រឹត្តមានត្ត១) ព្រះអង្គ ទ្រង់បញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មាន២សិក្ខាបទ [ព្រះអង្គ ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុនីយកម្រាមដៃលាងអង្គជាតឲ្យហួសជាង២ថ្នាំងម្រាមដៃឡើងទៅ អនុញ្ញាតត្រឹមតែ២ថ្នាំងដៃ១ ទ្រង់បញ្ញត្ត មិនឲ្យទុកសក់វែងហួសជាង២ធ្នាប់ឡើងទៅ១។]។

[៣៣៣] ភិក្ខុនីវាយខ្លួនឯង ត្រូវអាបត្តិប៉ុន្មាន សង្ឃបែកគ្នា ដោយអាការប៉ុន្មាន អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មានប៉ុន្មាន ការធ្វើញត្តិមានប៉ុន្មាន។ ភិក្ខុនី វាយខ្លួនឯង ត្រូវអាបត្តិ២ សង្ឃបែកគ្នាដោយអាការ២ អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មាន២ ការធ្វើញត្តិមាន២។

[៣៣៤] ក្នុងបាណាតិបាត មានអាបត្តិប៉ុន្មាន អាបត្តិបារាជិក ដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាមដោយពាក្យអាក្រក់ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ។ ក្នុងបាណាតិបាត មានអាបត្តិ៣ អាបត្តិបារាចិក ដែលតាំងឡើងអំពីវាចា មាន៣ អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាម ដោយពាក្យអាក្រក់ មាន៣ អាបត្តិ៣ ត្រូវ (ព្រោះការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ)។

[៣៣៥] បុគ្គលដែលមិនត្រូវឲ្យឧបសម្បទា មានប៉ុន្មានពួក ការសង្គ្រោះកម្ម មានប៉ុន្មាន បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មានប៉ុន្មាន ជនប៉ុន្មានពួក ដែលត្រូវសូត្រកម្មវាចាតែម្តងបាន។ បុគ្គលដែលមិនត្រូវឲ្យឧបសម្បទា មាន៣ពួក ការសង្គ្រោះកម្ម មាន៣ បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មាន៣ពួក ជន៣ពួក ដែលត្រូវសូត្រកម្មវាចាតែម្តងបាន។

[៣៣៦] ក្នុងអទិន្នាទាន មានអាបត្តិប៉ុន្មាន អាបត្តិព្រោះមេថុនជាបច្ច័យ មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលកាត់ អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះចោលជាបច្ច័យ។ ក្នុងអទិន្នាទាន មានអាបត្តិ៣ អាបត្តិព្រោះមេថុនជាបច្ច័យ មាន៤ អាបត្តិ៣ មានដល់ភិក្ខុដែលកាត់ អាបត្តិ៥ ដែលភិក្ខុត្រូវ ព្រោះចោលជាបច្ច័យ។

[៣៣៧] ក្នុងភិក្ខុនោវាទកវគ្គ មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរឬទេ នវកៈក្នុងបឋមសិក្ខាបទនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះចីវរ មានដល់ភិក្ខុប៉ុន្មានពួក។ ក្នុងភិក្ខុនោវាទកវគ្គ ក៏មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរ ក្នុងបឋមសិក្ខាបទនេះ មាននវកៈ៤ ដែលព្រះអង្គ ទ្រង់ត្រាស់ទុកមកហើយ អាបត្តិដែលត្រូវ ព្រោះចីវរ មានដល់ភិក្ខុពីរពួក។

[៣៣៨] អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថាមានប៉ុន្មាន អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះសូមស្រូវស្រស់ យកមកឆាន់ មានដែរឬទេ។ អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថា មាន៨ អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះសូមស្រូវស្រស់ យកមកឆាន់ ក៏មានដែរ។

[៣៣៩] អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដើរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលឈរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលអង្គុយ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដេក។ អាបត្តិ៤ មានដល់ភិក្ខុដែលដើរ ឯភិក្ខុដែលឈរ ក៏មានអាបត្តិប៉ុណ្ណោះដែរ អាបត្តិ៤ មានដល់ភិក្ខុដែលអង្គុយ ឯភិក្ខុដែលដេក ក៏មានអាបត្តិប៉ុណ្ណោះដែរ។

[៣៤០] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។

[៣៤១] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។

[៣៤២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាតែម្តងបាន។

[៣៤៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាតែម្តងបាន។

[៣៤៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់វត្ថុ ទើបសំដែងបាន។

[៣៤៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់វត្ថុ ទើបសំដែងបាន។

[៣៤៦] អាបត្តិប៉ុន្មានយ៉ាង ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះពោលជាបច្ច័យ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះទំពាស៊ី (សាច់) អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះភោជនជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង អាបត្តិ៦ ដែលត្រូវ ព្រោះពោលជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវ ព្រោះទំពាស៊ី (សាច់) អាបត្តិ៥ ដែលត្រូវ ព្រោះភោជនជាបច្ច័យ។

[៣៤៧] យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថានប៉ុន្មាន មួយទៀត អាបត្តិមានដល់បុគ្គលប៉ុន្មានពួក អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក។ យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថាន៥ អាបត្តិមានដល់បុគ្គល៥ពួក អធិករណ៍ មានដល់បុគ្គល៥ពួក។

[៣៤៨] ការវិនិច្ឆ័យ មានដល់បុគ្គលប៉ុន្មានពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក បុគ្គលរុងរឿងដោយស្ថានប៉ុន្មានយ៉ាង។ ការវិនិច្ឆ័យ មានដល់បុគ្គល៥ពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គល៥ពួក អនាបត្តិ មានដល់បុគ្គល៥ពួក បុគ្គលរុងរឿងដោយស្ថាន៣យ៉ាង។

[៣៤៩] អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលត្រូវព្រោះគយគន់ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ។ អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មាន២ អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មាន២ អាបត្តិតែ១ ដែលត្រូវព្រោះគយគន់ (មើលអង្គជាតមាតុគ្រាម ដោយតម្រេក) អាបត្តិតែ១ ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ [អដ្ឋកថាថា អាបត្តិតែ១ ដែលត្រូវព្រោះបិណ្ឌបាតជាបច្ច័យនោះគឺ ភិក្ខុសំឡឹងមើលមុខស្ត្រី ដែលប្រគេនចង្ហាន់ ត្រូវទុក្កដ។ ដោយហោចទៅ សូម្បីតែសំឡឹងមើលមុខសាមណេរ ដែលកំពុងប្រគេនបបរ ឬម្ហូបក្រៀម ក៏ត្រូវទុក្កដដែរ។ ប៉ុន្តែក្នុងកុរុន្ទី លោកកែក្នុងបទថា អាបត្តិតែ១ ដែលត្រូវព្រោះបិណ្ឌបាតជាបច្ច័យនោះ គឺភិក្ខុឆាន់បិណ្ឌបាត ដែលភិក្ខុនីចាត់ចែង ត្រូវបាចិត្តិយៈ។ (ពាក្យក្នុងកុរុន្ទីនេះ ត្រូវគ្នានឹងបរិបាចនសិក្ខាបទ ក្នុងមហាវិភង្គ)។]។

[៣៥០] ភិក្ខុឃើញអានិសង្សប៉ុន្មាន ទើបសំដែងធម៌ដល់អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ (ភិក្ខុដែលសង្ឃលើកវត្ត) ព្រះមានព្រះភាគ ត្រាស់ថាមានប៉ុន្មាន ការប្រព្រឹត្តវត្តដោយប្រពៃ មានប៉ុន្មាន។ ភិក្ខុឃើញអានិសង្ស៨យ៉ាង ទើបសំដែងធម៌ដល់អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ ព្រះមានព្រះភាគ ត្រាស់ថាមាន៣ពួក ការប្រព្រឹត្តវត្តដោយប្រពៃ មាន៤៣។

[៣៥១] មុសាវាទ ដល់នូវស្ថានប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិប៉ុន្មាន ដែលមានកំណត់ថ្ងៃ អាបត្តិបាដិទេសនីយៈមានប៉ុន្មាន មួយទៀត បុគ្គលប៉ុន្មានពួក ដែលគួរសំដែងទោស។ មុសាវាទ ដល់នូវស្ថាន៥យ៉ាង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិ ដែលមានកំណត់ថ្ងៃ (នោះ) មាន១៤ អាបត្តិបាដិទេសនីយៈមាន១២ (ដោយរួមទាំងភិក្ខុ ភិក្ខុនី) បុគ្គល៤ពួក ដែលគួរសំដែងទោស។

[៣៥២] មុសាវាទ ប្រកបដោយអង្គប៉ុន្មាន ឧបោសថ មានអង្គប៉ុន្មាន អង្គរបស់ភិក្ខុដែលគួរដល់នូវទូតកម្ម មានប៉ុន្មាន ការប្រព្រឹត្តតិត្ថិយវត្ត មានប៉ុន្មាន។ មុសាវាទ ប្រកបដោយអង្គ៨ ឧបោសថ ប្រកបដោយអង្គ៨ អង្គរបស់ភិក្ខុដែលគួរដល់នូវទូតកម្ម មាន៨ ការប្រព្រឹត្តតិត្ថិយវត្ត មាន៨ប្រការ។

[៣៥៣] ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចាប៉ុន្មាន ភិក្ខុនីត្រូវក្រោកទទួល ចំពោះភិក្ខុនីប៉ុន្មានពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនីប៉ុន្មានពួក ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបគួរប្រដៅភិក្ខុនីបាន។ ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចា៨ ភិក្ខុនីត្រូវក្រោកទទួល ចំពោះភិក្ខុនី៨ពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនី៨ពួក ភិក្ខុប្រកបដោយអង្គ៨ ទើបគួរប្រដៅភិក្ខុនីបាន។

[៣៥៤] ឆេជ្ជវត្ថុ (វត្ថុជាហេតុឲ្យដាច់ចាកភិក្ខុភាវៈ) មានដល់បុគ្គលប៉ុន្មានពួក អាបត្តិថុល្លច្ច័យ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក អាបត្តិ និងអនាបត្តិទាំងអស់ (នេះ) មានវត្ថុតែមួយទេឬ។ ឆេជ្ជវត្ថុ មានដល់បុគ្គល១ពួក អាបត្តិថុល្លច្ច័យ មានដល់បុគ្គល៤ពួក អនាបត្តិ មានដល់បុគ្គល៤ពួក អាបត្តិ និងអនាបត្តិទាំងអស់ (នេះ) មានវត្ថុតែ១។

[៣៥៥] អាឃាតវត្ថុ (វត្ថុជាហេតុឲ្យកើតចិត្តគុំគួន) មានប៉ុន្មាន សង្ឃបែកគ្នាដោយភិក្ខុប៉ុន្មានរូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មានប៉ុន្មាន កិច្ចដែលធ្វើដោយញត្តិមានប៉ុន្មាន។ អាឃាតវត្ថុ មាន៩យ៉ាង សង្ឃបែកគ្នាដោយភិក្ខុ៩រូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មាន៩យ៉ាង កិច្ចដែលធ្វើដោយញត្តិមាន៩យ៉ាង។

[៣៥៦] បុគ្គលដែលមិនគួរអភិវាទ និងបុគ្គលដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មានប៉ុន្មានពួក អាបត្តិទុក្កដ មានដល់បុគ្គលប៉ុន្មានពួក ការទុកអតិរេកចីវរ បានប៉ុន្មានថ្ងៃ។ បុគ្គលដែលមិនគួរអភិវាទ និងបុគ្គលដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មាន១០ពួក អាបត្តិទុក្កដ មានដល់បុគ្គល១០ពួក ការទុកអតិរេកចីវរ បាន១០ថ្ងៃ។

[៣៥៧] ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គលប៉ុន្មានពួក ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរហើយ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គលប៉ុន្មានពួក មិនត្រូវឲ្យដល់បុគ្គលប៉ុន្មានពួក។ ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គល៥ពួក [អដ្ឋកថា ថា សហធម្មិកទាំង៥។] ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គល៧ពួក មិនត្រូវឲ្យដល់បុគ្គល១៦ពួកទេ។

[៣៥៨] ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាប៉ុន្មានរយអាបត្តិ ហើយចូលបរិវាស នៅប៉ុន្មានរាត្រី ទើបរួច (ចាកអាបត្តិ)បាន។ ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាមួយពាន់ [រាត្រីទី១ ភិក្ខុត្រូវអាបត្តិមួយរយ ហើយក៏បិទបាំងទុកអស់១០រាត្រី លុះដល់ថ្ងៃទី១១ ទើបត្រូវអាបត្តិមួយរយ១លើកទៀត ហើយក៏បិទបាំងទុកអស់១០រាត្រី ទើបត្រូវអាបត្តិមួយរយ១លើកទៀត ត្រូវនឹងបិទបាំងយ៉ាងនេះ ដរាបដល់១០លើក រួមរាត្រីទាំងអស់ មួយរយរាត្រី រួមអាបត្តិជា១ពាន់។] អាបត្តិ ហើយចូលបរិវាស នៅ១០រាត្រី ទើបរួច (ចាកអាបត្តិនោះ)បាន។

[៣៥៩] ទោសរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌ឬអ្វី។ ទោសរបស់កម្ម (មានអបលោកនកម្មជាដើម) មាន១២ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌មែនហើយ។

[៣៦០] សម្បត្តិរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌ឬអ្វី។ សម្បត្តិរបស់កម្ម មាន៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌មែនហើយ។

[៣៦១] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្មមាន៦ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៦នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៥។

[៣៦២] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្ម៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៤នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៣។

[៣៦៣] ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិទាំងឡាយណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ កងនៃអាបត្តិប៉ុន្មាន ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយ បពិត្រលោកអ្នកឈ្លាសវៃក្នុងវិភង្គ ខ្ញុំសូមសួរនូវកងនៃអាបត្តិនោះ សូមលោកឆ្លើយមក។ ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ មានតែកងអាបត្តិ១ គឺបារាជិក ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយទេ បពិត្រលោកអ្នកឈ្លាសវៃ ក្នុងវិភង្គ ខ្ញុំប្រាប់នូវកងនៃអាបត្តិនោះ ចំពោះលោក។

[៣៦៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលទៅកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គល១៤៤ពួក [អដ្ឋកថា ថា បុគ្គល១៤៤ពួកនោះ គឺយកបុគ្គល៨ពួក ទៅគុណនឹងភេទករវត្ថុ១៨យ៉ាង ត្រូវជា១៤៤ពួក ៗទី១ គឺភិក្ខុសំដែងនូវអធម៌ ថាជាធម៌ មាន៨យ៉ាងទៀត គឺបុគ្គលយល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន យល់ឃើញក្នុងការបំបែក ថាជាអធម៌ដែរ១ យល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន តែយល់ឃើញក្នុងការបំបែក ថាជាធម៌ទៅវិញ១ យល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន តែសង្ស័យក្នុងការបំបែក១ យល់ឃើញក្នុងអធម៌នោះ ថាជាធម៌ទៅវិញ តែយល់ឃើញក្នុងការបំបែក ថាជាអធម៌១ យល់ឃើញក្នុងអធម៌នោះ ថាជាធម៌ទៅវិញ តែសង្ស័យក្នុងការបំបែក១ សង្ស័យក្នុងអធម៌នោះ យល់ឃើញក្នុងការបំបែក ថាជាអធម៌មែន១ សង្ស័យក្នុងអធម៌នោះ យល់ឃើញក្នុងការបំបែក ថាជាធម៌ទៅវិញ១ សង្ស័យក្នុងអធម៌នោះ និងសង្ស័យក្នុងការបំបែក១។ នេះជាបុគ្គលពួកទី១ ឯបុគ្គលពួកទី២ រហូតដល់១៤៤នោះ ក៏មានសេចក្តីប្រហែលៗគ្នាដែរ (សេចក្តីពិស្តារ មានក្នុងសង្ឃភេទក្ខន្ធកៈ)។] ដែលបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប ចូរលោកស្តាប់វិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលមិនកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គល១៨ពួក ដែលមិនទៅកើតក្នុងអបាយ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៦] ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែងប៉ុន្មានលើក ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែង មាន១៨លើក ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន១៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្ម មាន១២យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៩] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្ម មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧០] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧១] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិមាន៨ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មាន២៣ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មាន២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មាន៤២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៦] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាចិត្តិយាបត្តិ មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាចិត្តិយាបត្តិ មាន១៨៨ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាដិទេសនីយាបត្តិ មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាដិទេសនីយាបត្តិមាន១២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៧៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សេក្ខិយៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សេក្ខិយៈ មាន៧៥ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។ ពាក្យដែលអ្នកសួរមកដោយប្រពៃត្រឹមណា ខ្ញុំក៏បានវិស្សជ្ជនា ដោយប្រពៃត្រឹមនោះហើយ ពាក្យបន្តិចបន្តួច ដែលមិនមែនជាខ្សែបន្ទាត់ មិនមានក្នុងពាក្យបុច្ឆាវិស្សជ្ជនានោះឡើយ។

ចប់ ទុតិយគាថាសង្គណិកៈ។

ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ