Jump to content

ធម្មនុញ្ញ​នៃ​ពុទ្ធសាសនា

ពីវិគីភីឌា

ធម្មនុញ្ញ​នៃ​ពុទ្ធសាសនា

រៀប​រៀង​ដោយ ឱម ខែមសុរីយាអាប់រស្មីបន្ត

សេចក្ដី​ផ្ដើម

[កែប្រែ]

ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​ធំ​មួយ ក្នុង​ចំណោម​សាសនា​ធំ​ៗ​ក្នុង​លោក កើត​ជា​យូរ​យារ​ណាស់​មក​ហើយ, មាន​ប្រជាជន​រាប់​លាន​នាក់ ជា​ពុទ្ធសាសនិក ។ ទី​តាំង​នៃ​សាសនា​នេះ​គឺ ប្រទេស​ឥណ្ឌា ។ ព្រះ​សមណគោតម ទ្រង់​ជា​មេ​ដឹក​នាំ​បង្កើត​ឡើង ។ ក្រោយ​ពី​ពេល​ដែល​ព្រះ​អង្គ​បាន​សំរេច​នូវ​ចំណែង​ជា​ព្រះ​ពុទ្ធ ដោយ​សេចក្ដី​ព្យាយាម​ដ៏​មោះ​មុត​របស់​ព្រះ​អង្គ​មក ទ្រង់​តែង​បំពេញ​ព្រះ​ករណីយ​កិច្ច​ជា​សាស្តា គឺ​សេចក្ដី​យាង​ទៅ​ប្រកាស​ផ្សាយ​ព្រះ​សាសនា​ក្នុង​ទី​កន្លែង​ផ្សេង​ៗ អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​ព្រម​ជឿ​បដិបត្តិ​តាម​ព្រះ​អង្គ មាន​ចំនួន​ច្រើន​ឡើង​ៗ ជា​លំដាប់ ។ អ្នក​ប្រព្រឹត្ត​តាម​រមែង​បាន​ទទួល​ផល គឺ​សេចក្ដី​សុខ សេចក្ដី​ចម្រើន តាម​សម​គួរ​ដល់​សេចក្ដី​ប្រតិបត្តិ

វិធី​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ​គឺ

  1. ទ្រង់​ប្រដៅ​ឲ្យ​ដឹង​ពិត ឃើញ​ពិត ក្នុង​សភាវៈ​ដែល​គួរ​ដឹង គួរ​ឃើញ ។
  2. ទ្រង់​ប្រដៅ​មាន​ហេតុ មាន​ផល ដែល​អ្នក​ស្ដាប់​អាច​ត្រិះ​រិះ​ពិចារណា​ឃើញ​ពិត​បាន ។
  3. ទ្រង់​ប្រដៅ​ជា​អស្ចារ្យ គឺ​អ្នក​បដិបត្តិ​តាម​រមែង​បាន​ប្រយោជន៍​តាម​សម​គួរ​ដល់​សេចក្ដី​បដិបត្តិ​របស់​ខ្លួន ។

ព្រះ​ពុទ្ធ

[កែប្រែ]

១-ឆាក​ជីវិត​និង​កាយ​វិការ​ព្រះ​ពុទ្ធ​អង្គ

មុន​និង​សិក្សា​ធម្មនុញ្ញ (គោល​ច្បាប់) នៃ​ព្រះ​ពុទ្ធ​សាសនា យើង​គួរ​ស្គាល់​តួ​អង្គ​ព្រះ​ពុទ្ធ​សិន ។ មាន​លក្ខណៈ​ ២ ​យ៉ាង​សំរាប់​សម្គាល់​គឺៈ

ក- ឆាក​ជីវិត​ព្រះ​ពុទ្ធ​អង្គ ទោះបី​យើង​ពុំ​បាន​រស់​នៅ​ក្នុង​សម័យ​ពុទ្ធកាល ប៉ុន្តែ​យើង​អាច​ស្គាល់​ឆាក​ជីវិត​ព្រះ​ពុទ្ធ​អង្គ​ដោយ​រូប​ចម្លាក់ និង​គំនូរ​ផ្សេង​ៗ ដែល​គេ​ឆ្លាក់ ឬ​គូរ​ផែ្នក​ណា​ដែល​សំខាន់​ដូច​ជា​៖

- ព្រះ​ពុទ្ធ​អង្គ​ប្រសូត្រ
- ការ​ជួប​ប្រទះ​នឹង​ទេវទូត (ភេទ) ទាំង​៤​គឺ មនុស្ស​ចាស់​ជរា ឈឺ ស្លាប់ និង​អ្នក​បួស,
- ការ​យាង​ចេញ​សាង​ព្រះ​ផ្នួស
- ការ​ធ្វើ​ទុក្ខ​កិរិយា
- ការ​ជួប​ប្រទះ​និង​ពួក​មារ
- ការ​សំរេច​ព្រះ​សម្ពោធិញ្ញាណ
- ការ​ចូល​បរិនិព្វាន,

ខ- កាយ​វិការ​ព្រះ​ពុទ្ធ​អង្គ ឬ​មុទ្រៈ

សព្វ​ថ្ងៃ​នេះ គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​នូវ​រូប​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​ច្រើន​បែប ប្រកប​ដោយ​ព្រះ​កាយ​វិការ​ប្លែក​ៗ​គឺ

-ឈានមុទ្រៈ ឬ​កាយ​វិការ​សមាធិ,
-ភូមិស្បសិមុទ្រៈ ឬ​កាយ​វិការ​យក​ព្រះ​ធរណី​ធ្វើ​ជា​សាក្សី,
-អភយមុទ្រៈ ឬ​កាយ​វិការ​អប់រំ​កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ៗ​ដែល​ពុំ​ទាន​បាន​ពិចារណា
-ធម្មចក្កមុទ្រៈ ឬ​កាយ​វិការ​កំពុង​ធ្វើ​អត្ថាធិប្បាយ​អំពី​អរិយ​សច្ចៈ បង្វិល​ដំណើរ​សេចក្ដី​ ដូច​ជា​កង​រទេះ,
-វរមុទ្រៈ ឬ​កាយ​វិការ​អប់រំ​ឲ្យ​មាន​ចិត្ត​សប្បុរស,
-វិតកមុទ្រៈ ឬ​កាយ​វិការ​កំពុង​ពិចារណា​រក​ខុស​ត្រូវ។

សង្កេតៈ លក្ខណៈ​ពិសេស​នៃ​ព្រះ​កាយ​វិការ​របស់​ព្រះ​ពុទ្ធ​អង្គ គួរ​កត់​សំគាល់​គឺ ទឹក​ព្រះ​ភក្ត្រ​ញញឹម​ជា​ដរាប ដូច​ជា​រក​ឃើញ​នូវ​អាថ៌កំបាំង​អ្វី​មួយ ដ៏​ដែន​ជ្រៅ ។

២-សិក្សា​ពុទ្ធប្បវត្តិ​សង្ខេប

- ព្រះ​សិទ្ធត្ថ គោតម ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ​ ១៥ កើត ខែ​វិសាខ​ឆ្នាំ​ច ក្រោម​ដើម​សាល​ព្រឹក្ស ក្នុង​ឧទ្យាន​លុម្ពិនី ក្បែរ​ក្នុង កបិលព័ស្ដុ និង​នគរ​ទេវទហៈ នៃ​ប្រទេស​ឥណ្ឌា មុន​ពុទ្ធ​សករាជ ៨០ ឆ្នាំ ។
- ព្រះ​បិតា​ព្រះ​នាម សុទ្ធោទនៈ ព្រះ​ចៅ​ក្រុង​កបិលព័ស្ដុ នៃ​ដែន​សក្យៈ, ព្រះ​មាតា​ព្រះ​នាម សិរីមហាមាយា (ក្សត្រីយ៍ នៃ​ក្រុង​ទេវទហៈ) ។
- បន្ទាប់​ពី​ប្រសូត​បាន ៧ ថ្ងៃ ព្រះ​មាតា​ក៏​ចូល​ទិវង្គត​ចោល ​សិទ្ធត្ថ​កុមារ​ ឲ្យ​នៅ​កំព្រា តែ​ព្រះ​រាជ​កុមារ​ត្រូវ​បាន​ទទួល​ការ​ចិញ្ចឹម​បី​បាច់​ថ្នាក់​ថ្នម​ពី​ព្រះ​បិតុច្ឆា (ម្ដាយ​មីង​ខាង​បិតា) របស់​ព្រះ​អង្គ​ព្រះ​នាម (មហាបជាបតិ​គោតមី រហូត​ដល់​ព្រះ​អង្គ​ធំ​ដឹង​ក្ដី ។
- ព្រះ​ជន្មាយុ​បាន​១៦ ព្រះ​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ទទួល​រាជា​ភិសេក​ជា​ព្រះ​ចៅ​ក្រុង​កបិលព័ស្តុ ដោយ​មាន​ព្រះ​នាង យសោធរាពិម្ពាទេវី ជា​អគ្គមហេសី (ព្រះ​រាជ​ធីតា​របស់​ព្រះ​បាទ សុប្បពុទ្ធ និង​ព្រះ​នាង អមិតា ក្សត្រ​សោយ​រាជ្យ​នៅ​នគរ​ទេវទហៈ ជា​ កោលិយវង្ស) ហើយ​ទ្រង់​មាន​ព្រះ​រាជ​បុត្រ​មួយ​អង្គ ព្រះ​នាម ​រាហុលកុមារ ។
- ព្រះជនាយុ​បាន ២៩ ព្រះ​វស្សា ក្រោយ​ពេល​ដែល​ទ្រង់​ទត​យល់​នូវ​ទេវទូត ​ទាំង​៤ ជរា-ព្យាធិ មរណៈ អ្នក​បួស ព្រះ​សិទ្ធត្ថ​ទ្រង់​នឿយ​ណាយ​ក្នុង​ភេទ​ជា​ឃរាវាស ក៏​ទ្រង់​យាង​ចេញ​ចាក​ព្រះ​រាជ​វាំង​ទាំង​កណ្ដាល​អធ្រាត្រ ទៅ​បំពេញ​បព្វជ្ជា ស្វែង​រក​សម្ពោធិ ។ លុះ​ទៅ​ដល់​មាត់​ស្ទឹង អនោមា ជា​ព្រំ​ដែន​នៃ​រដ្ឋសក្យៈ​ និង ​រដ្ឋមល្លៈ ព្រះ​សិទ្ធត្ថ​ក៏​ចូល​ទៅ​សិក្សា​ក្នុង​សំណាក់​តាបស ២​រូប ឈ្មោះ​អាលារ​តាបស​កាលាម​គោត និង ឧទកតាបស​រាម​បុត្រ ដែល​ជា​គ្រូ​ល្បី​ល្បាញ​មាន​សិស្ស​គណ​ជា​ច្រើន ដោយ​ទ្រង់​យល់​ថា ការ​សិក្សា និង​វិធី​ប្រតិបត្តិ​តាម​តាបស​ទាំង​ ២ ​នាក់​នេះ អាច​កំនត់​នូវ​សេចក្ដី​ទុក្ខ​បាន ។ តែ​ព្រះ​អង្គ​អស់​សង្ឃឹម ដោយ​ចំណេះ​ដឹង និង​វិធី​ប្រតិបត្តិ​ដែល​ព្រះ​អង្គ​ទទួល​ពី​តាបស​ទាំង ​២ នាក់​នោះ ពុំ​អាច​ឲ្យ​ព្រះ​អង្គ​ចេញ​ចាក​ពី​សេចក្ដី​ទុក្ខ​ដែល​រូប​រឹត​ក្នុង​សន្តាន​ចិត្ត​ព្រះ​អង្គ​បាន​ឡើយ ។ ទី​បំផុត​ព្រះ​អង្គ​ក៏​យាង​ចេញ​ចាក​ពី​ទី​នោះ ហើយ​សំរេច​ព្រះ​ទ័យ​ថា នឹង​ស្វែង​រក​ពោធិញ្ញាណ​នោះ​ដោយ​ខ្លួន​ឯង ។ លុះ​ទៅ​ដល់​ដំបន់​មួយ​ឈ្មោះ ឧរុវេលាសេនានិគម ទ្រង់​បាន​ទត​ឃើញ​ថា ភូមិ​ប្រទេស​ទី​នេះ មាន​ព្រៃ​ខៀវ​ខ្ចី មាន​ទឹក​ស្ទឹង​នេរញ្ជារា​ថ្លា​ដូច​កញ្ចក់​ជា​ទី​ស្ងប់​ស្ងាត់​គួរ​ដល់​ការ​ប្រកប​ព្យាយាម ដើម្បី​ស្វែង​រក​មោក្ខធម៌ (ធម៌​សំរាប់​ធ្វើ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ កើត ចាស់ ឈឺ ស្លាប់) ទើប​ទ្រង់​ជ្រើស​រើស​យក​ទី​នោះ ដើម្បី​បំពេញ​ភាវនា​ធម៌ ត​ទៅ ។
- ក្រោយ​បំពេញ​ភាវនា​ធម៌​ប្រកប​ដោយ​ព្យាយាម និង​ដោយ​ទុក្ករកម្ម​អស់​ពេល​៦ វស្សា ព្រះ​សមណ​សិទ្ធត្ថ​បាន​ទៅ​ដល់​គោល​ដៅ គឺ​យល់​ឃើញ​ច្បាស់​នូវ​សម្ពោធិញ្ញាណ​នោះ នៅលើ​រតន​បល្ល័ង្ក ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ឆ្នេរ​ស្ទឹង​នេរញ្ជរា ក្នុង​ដែន​មគធរដ្ឋ នៃ​ប្រទេស​ឥណ្ឌា ក្នុង​វេលា​ព្រះ​អាទិត្យ​រះ​បំព្រាង​ៗ នៃ​ថ្ងៃ​ ១៥ ​កើត ខែ វិសាខ ឆ្នាំ រកា មុន​គ្រឹស្ដសករាជ ៥៨៨ ។ ព្រះ​សមណ​សិទ្ធត្ថ​ទ្រង់​បាន​ព្រះ​នាម​ហៅ​ថា "ព្រះ​ពុទ្ធ" ចាប់​ពី​ថ្ងៃ​នោះ​រហូត​មក ។

បឋមទេសនា (ការ​សំដែង​ធម៌​លើក​ដំបូង

[កែប្រែ]

ក្រោយ​ពី​បាន​ការ​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ហើយ ព្រះ​អង្គ​បាន​រៀបចំ​ផែន​ការ​ផ្សព្វ​ផ្សាយ​នូវ​អ្វី​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង ដល់​អ្នក​ដែល​ពុំ​ទាន់​ដឹង​ដទៃ​ទៀត ក្នុង​ជម្ពូទ្វីប ។ ព្រះ​អង្គ​ទ្រង់​បាន​យាង​ចេញ​ពី​ស្ទឹង​នេរញ្ជរា​ឆ្ពោះ​ទៅ​កាន​ដំបន់​មួយ​ឈ្មោះ​ព្រៃ ឥសិបតនមិគទាយវ័ន ដែល​ជា​ទី​ស្នាក់​អាស្រ័យ​របស់​បញ្ចវគ្គីយ៍ ក្រុម​អ្នក​បួស ៥ នាក់ គឺ​កោណ្ឌញ្ញៈ, វប្បៈ, ភទ្ធិយៈ, មហានាម, អស្សជិ ដែល​ធ្លាប់ តាម​បម្រើ​ព្រះ​អង្គ កាល​ដែល​កំពុង​ប្រព្រឹត្ត​ទុក្ក​កិរិយា ហើយ​ដែល​ចេញ​ចោល​ព្រះអង្គ​ក្នុង​ពេល ដែល​ព្រះ​អង្គ​ងាក​ទៅ​ឆាន់​ចង្ហាន់​ដែល​ជា​ផ្លូវ​កណ្ដាល​វិញ ។ ទី​នោះ ព្រះ​សម្មាសម្ពុទ្ធ​បាន​បង្ហាញ​ដល់​អ្នក​បួស​ទាំង​៥ អំពី​សច្ចធម៌​ដែល​ព្រះអង្គ​បាន​រក​ឃើញ និង​កើត​ឡើង​ដល់​ព្រះ​អង្គ​ក្រោយ​អ្នក​បួស​នោះ​ចេញ​ចោល ។ ព្រះអង្គ​បាន​ឲ្យ​ឈ្មោះ​សច្ចធម៌​របស់​ព្រះ​អង្គ​ដែល​រក​ឃើញ​នោះ​ថា អរិយសច្ចៈ ប្រែ​ថា ការ​ពិត​ដ៏​ប្រសើរ​បំផុត ។ ន័យ​សំខាន់​ៗ របស់​ការ​សំដែង​ធម៌​លើក​ដំបូង ដែល​ព្រះអង្គ​បាន​សំដែង​ប្រាប់​ដល់​អ្នក​បួស​ទាំង​ ៥ នោះ​មានៈ

១-ទ្រង់​ចាប់​ផ្ដើម​និទាន​ពី​ផ្លូវ​ចាស់ ២ យ៉ាង ដែល​គេ​ធ្លាប់​ដឹង​ថា​ផ្លូវ​ពុំ​អាច​រក​និព្វាន គឺ​ការ​រំលត់​ទុក្ខ​បាន ព្រោះ​ជា​ផ្លូវ​ឆ្វេង និង​ស្ដាំ​និយម​ជ្រុល​ពេក (អន្តធម៌ ) គឺ​បើ​តឹង​ពេក ក៏​ធូរ​រលុង​ពេក ។
២-ទ្រង់​បង្ហាញ​ពី​ផ្លូវ​ថ្មី ដែល​ទើប​តែ​រក​ឃើញ ឈ្មោះ មជ្ឈិម​បដិមាទា ជា​ផ្លូវ​កណ្ដាល មិន​ធូរ​ពេក ជា​ផ្លូវ​អាច​ឲ្យ​កើត​បញ្ញា ធ្វើ​ឲ្យ​កើត​​សេចក្ដី​ដឹង​ប្រាកដ ធ្វើ​ឲ្យ​កើត​ការ​ស្ងប់ ធ្វើ​ឲ្យ​រំលត់​ទុក្ខ​បាន ។
៣-ទ្រង់​បញ្ជាក់​ថា ផ្លូវ​កណ្ដាល​ដ៏​ប្រសើរ​នោះ​មាន ៨ ប្រការ​គឺៈ

- សម្មាទិដ្ឋិ ត្រូវ​មាន​ប្រាជ្ញា​យល់​ត្រូវ
- សម្មាសង្កប្បៈ ត្រូវ​មាន​សេចក្ដី​ត្រិះ​រិះ​ត្រូវ
- សម្មាវាចា ត្រូវ​មាន​ការ​និយាយ​ស្ដី​ត្រឹម​ត្រូវ
- សម្មាកម្មន្តៈ ត្រូវ​មាន​អំពើ​ត្រូវ
- សម្មាអាជីរៈ ត្រូវ​មាន​ការ​ចិញ្ចឹម​ជីវិត​ត្រូវ
- សម្មាវាយាមៈ ត្រូវ​មាន​សេចក្ដី​ព្យាយាម​ត្រូវ
- សម្មាសមាធិ ត្រូវ​មាន​ការ​តម្កល់​ចិត្ត​ឲ្យ​បាន​ត្រូវ

៤-ព្រះអង្គ​បាន​បង្ហាញ​ថា ជីវិត​មនុស្ស​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​វេទនា និង​បញ្ហា​គ្រប់​បែប​យ៉ាង ។ កើត​មក​ក៏​ទុក្ខ, ជរា​ក៏​ទុក្ខ, ឈឺ​ក៏​ទុក្ខ, ស្លាប់​ក៏​ទុក្ខ, ជួប​នឹង​មនុស្ស​ជា​ទី​សំអប់​ក៏​ទុក្ខ, បែក​ពី​អ្នក​ជា​ទី​ស្រឡាញ់​ក៏​ទុក្ខ, មិន​អាច​បំពេញ​បំណង​បាន​ក៏​ទុក្ខ... ។ រួម​សេចក្ដី​ឲ្យ​ខ្លី​ទៅ ព្រះ​អង្គ​ទ្រង់​សំដែង​ថា​សេចក្ដី​ទុក្ខ​ទាំង​ឡាយ​នេះ កើត​ឡើង​ព្រោះ​តែ​ការ​ប្រកាន់​ភ្ជាប់​ថា នេះ​ជា​អញ​នោះ​ជា​របស់​អញ ។ ព្រះ​អង្គ​បាន​ហៅ​ធាតុ​ពិត​របស់​ទុក្ខ ដែល​មាន​ទាំង​អស់​នេះ​ថា​ទុក្ខ​អរិយសច្ចៈ ប្រែ​ថា ទុក្ខ​គឺ​ជា​សច្ច​ធម៌​ដែល​គួរ​ដឹង​ជា​ទី​បំផុត ។ ទ្រង់​បង្ហាញ​ឲ្យ​ដឹង​ទៅ​ដល់​ជម្រៅ​របស់​ទុក្ខ​នេះ​ថា កើត​ឡើង​ព្រោះ​ហេតុ​ដែល​មាន​ឈ្មោះ​ថា តណ្ហា គឺ​សេចក្ដី​ប្រាថ្នា, ចំណង់, ។ ព្រះ​អង្គ​ហៅ​ការ​ពិត ​នៃ​ហេតុ​របស់​ទុក​នេះ ​ថា​ ទុក្ខ​សមុទយ​អរិយសច្ចៈ​ ប្រែ​ថា ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ជា​សច្ចធម៌​ដែល​គួរ​ដឹង​ជា​ទី​បំផុត ។ ទ្រង់​បង្ហាញ​ឲ្យ​ដឹង​ថា មាន​សភាវធម៌​មួយ​ឈ្មោះ ​និរោធ ដែល​ជា​សភាវៈ​ប្រាសចាក​ទុក្ខ គ្មាន​ទុក្ខ ដែល​គេ​អាច​ទៅ​ដល់​បាន និង​សម្រេច​បាន ។ ព្រះ​អង្គ​ហៅ​ការ​ពិត​នេះ​ថា ទុក្ខ​និរោធ​អរិយសច្ចៈ ប្រែ​ថា ការ​រំលត់​ទុក្ខ​ជា​សច្ចធម៌​ដែល​គួរ​ដឹង​ជា​ទី​បំផុត ។ ជា​ចុង​ក្រោយ ទ្រង់​ក៏​បង្ហាញ​ពី​វិធី​សម្រាប់​ទៅ​ឲ្យ​ដល់​សភាវធម៌ ដែល​ហៅ​ថា​និរោធ ឬ​សភាវៈ​ដែល​មិន​មាន​ទុក្ខ​នោះ ។ វិធី​នោះ​គឺ អរិយមគ្គ ទាំង​៨ ។ ព្រះ​អង្គ​បាន​ហៅ​ផ្លូវ​នេះ​ថា ទុក្ខ​និរោធ​គាមិ​នីបដិបទា​អរិយសច្ចៈ ប្រែ​ថា បដិបត្តិ​ដែល​ជា​ផ្លូវ​សម្រាប់​ទៅ​កាន់​ទី​រំលឹក​ទុក្ខ ជា​សច្ចធម៌​ដែល​គួរ​ដឹង​ជា​ទី​បំផុត ។ នៅ​ចុង​ក្រោយ​នៃ​ធម្មទេសនា កោណ្ឌញ្ញៈ បាន​ត្រាស់​ដឹង​នូវ​លោកុត្តរធម៌​ថ្នាក់​សោតាបត្តិ​ផល​ជា​ដំបូង​ក្នុង​លោក ដែល​ជា​ការ​បញ្ជាក់​ថា​ការ​ត្រាស់​ដឹង​ដែល​ព្រះ​អង្គ​ទទួល​បាន​នោះ ជា​សច្ចធម៌​ដ៏​ពិត​មែន ។ ធម៌ទេសនា​លើក​ដំបូង​នេះ ត្រូវ​បាន​អ្នក​ប្រាជ្ញ​លោក​ហៅ​ថា ធម្មចក្កប្បវត្តនសូត្រ គឺ​ព្រះ​សូត្រ​ដែល​ប្រព្រឹត្ត​ទៅ​ដូច​ជា​កង​វិល​ទៅ​មុខ ហើយ​ចាប់​ពី​ពេល​នោះ​ឯង ដែល​ព្រះ​ធម៌​របស់​ព្រះ​ពុទ្ធ​អង្គ​វិល​ទៅ​មុខ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

ពុទ្ធសាវ័ក និង ​បេសកកម្ម​របស់​លោក

[កែប្រែ]

ក- ពុទ្ធសាវ័ក​ដំបូង​ៗ

នៅ​ពេល​សំដែង​ធម្មចក្កប្បវត្តន​សូត្រ​ចប់ អ្នក​បួស​ទាំង ​៥ ក៏​បាន​សុំ​បួស​ជា​មួយ​ព្រះ​សម្មាសម្ពុទ្ធ ។ ​ព្រះ​អង្គ​បាន​ហៅ​អ្នក​បួស​ទាំង ​៥​ នោះ​ថា ភិក្ខុ ដែល​ប្រែ​ថា" អ្នក​ឃើញ​ភ័យ​នៅ ក្នុង​វដ្ដសង្សារ" ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​នៅ​ជា​មួយ​ភិក្ខុ​សង្ឃ​ទាំង ​៥ ​អង្គ អស់​រយៈ​ពេល​មួយ​រដូវ​វស្សា (៣ ខែ) ព្រម​ទាំង​បាន​ប្រោស​សំដែង​ធម៌​ អប់រំ​ដល់​ភិក្ខុ​ទាំង ​៥ ​នោះ រហូត​បាន​សំរេច​ជា​ព្រះ​អរហន្ត ។ ក្នុង​វស្សា​នោះ​ផង​ដែរ ព្រះ​អង្គ​បាន​បំបួស​បុរស ៥៥ រូប​ថែម​ទៀត ឲ្យ​ទៅ​ជា​ភិក្ខ​សង្ឃ​នឹង​បង្រៀន​អប់រំ​ហ្វឹក​ហាត់​ឲ្យ​ចេះ​ដឹង​ក្នុង​ព្រះ​ធម៌ ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​រហូត​ដល់​បាន​សំរេច​ជា​ព្រះ​អរហន្ត​គ្រប់​អង្គ​ទាំង​អស់ ព្រម​ទាំង​បាន​ទទួល​គ្រហស្ថ​មួយ​គ្រួសារ​ជា​សាវ័ក​ព្រះ​អង្គ​ទៀត​ផង ។ ទ្រង់​បាន​ហៅ​សាវ័ក ដែល​ជា​គ្រហស្ថ​នោះ​ថា ឧបាសក សម្រាប់​បុរស និង​ឧបាសិកា​សំរាប់​ស្ត្រី ប្រែ​ថា អ្នក​ដែល​ចូល​ជិត​ព្រះ​រតនត្រ័យ​គឺ ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ ។ ពេល​នោះ ព្រះ​អង្គ​មាន​ភិក្ខុ​សង្ឃ​ជា​ព្រះ​អរហន្ត​ចំនួន ៦០ រូប (៦១ និង​ព្រះ អង្គ​ផង ) ។

ខ- បេសកកម្ម​របស់​ពុទ្ធសាវ័ក

លុះ​ផុត​រដូវ​វស្សា​ហើយ ព្រះ​សម្មាសម្ពុទ្ធ​បាន​កោះ​ប្រជុំ​ភិក្ខុ​ទាំង​៦០ រូប​ហើយ​បាន​ណែ​នាំ​ភិក្ខុ​សង្ឃ​ទាំង ៦០ រូប ជា​សិស្ស​ដ៏​ចំណាន​ទាំង​នោះ​ឲ្យ​ចេញ​ប្រកាស​ផ្សាយ​ពុទ្ធវចនៈ ដើម្បី​ជា​ប្រយោជន៍ និង​សេចក្ដី​សុខ​ដល់​ជន​ជា​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្ដី​សុខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។ ព្រះ​អង្គ​បាន​រំលឹក​ថា អ្នក​ទាំង​ឡាយ កុំ​ទៅ​ពីរ​នាក់​តាម​ផ្លូវ​ជា​​មួយ​គ្នា, ចូរ​សំដែង​ធម៌​ឲ្យ​ពិរោះ​បទ​ដើម បទ​កណ្ដាល និង​បទ​ចុង , ចូរ​ប្រកាស​នូវ​ព្រហ្មចិរយាធម៌​ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ឲ្យ​ពេញ​បរិបូណ៌ ។

ក្រោយ​ពី​បាន​ផ្ដល់​ឱវាទ ដល់​ភិក្ខុ​ដែល​ជា​បរិស័ទ​ ទាំង​ ៦០ រូប​ហើយ ព្រះ​សម្មាសម្ពុទ្ធ​​ ក៏​បាន​យាង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋមគធៈ ដែល​ជា​រដ្ឋ​មួយ​មាន​ការ​រីកចម្រើន​ និង​ សំបូរ​ទៅ​ដោយ​បញ្ញាវ័ន្ត មេសាសនា និង​លទ្ធិ​ផ្សេង​ៗ ។ ទី​នោះ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​មេ​លទ្ធិ​ដ៏​មាន​ឥទ្ធិពល ​៣​ នាក់ និង​សាវ័ក​របស់​គេ​ចំនួន ​១០០០ នាក់​លះ​បង់​លទ្ធិ​បូជា​ភ្លើង​របស់​ខ្លួន​ចេញ ហើយ​ស្ម័គ្រ​ចិត្ត​មក​បួស​ជា​មួយ​ព្រះ​អង្គ​ទាំង​អស់​គ្នា ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​ក្រើក​រំពើ​ដល់​មជ្ឈដ្ឋាន​មហាជន ក្សត្រ ព្រាហ្មណ៍ មេ​សាសនា និង​ សាសនិក​សាសនា​ដទៃ​យ៉ាង​ខ្លាំង ។ ពួក​គេ​ទាំង​អស់​នោះ បាន​នាំ​គ្នា​និយាយ​គ្នា​ដោយ​រំភើប​ថា មាន​ព្រះ​អរហន្ត​កើត​ឡើង​ក្នុង​លោក​ហើយ លោក​ជា​ព្រះ​ពុទ្ធ ​ដែល​ត្រាស់​ដឹង​ដោយ​ព្រះ​អង្គ​ឯង ជា​អ្នក​បរិបូណ៌​ដោយ​ពហុវិជ្ជា និង ​មាន​ការ​ប្រព្រឹត្ត​ល្អ​ឥត​ខ្ចោះ, លោក​ជា​អ្នក​មាន​ដំណើរ​ជីវិត​ដ៏​ល្អ​ប្រពៃ ជា​អ្នក​ប្រាជ្ញ​ប្រចាំ​ពិភព​លោក ជា​អ្នក​ពូកែ​ក្នុង​ការ​ប្រៀនប្រដៅ​អប់រំ​មនុស្ស​ដោយ​គ្មាន​គ្រូ​ប្រៀប ។ ទាំង​មនុស្ស​ទាំង​ទេវតា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ បាន​ចូល​មក​ថ្វាយ​បង្គំ​សុំ​លោក​ធ្វើ​ជា​គ្រូ ។

ជោគជ័យ​ដ៏​ធំ​របស់​ព្រះងង្គ លើ​មេ​លទ្ធិ​បូជា​ភ្លើង​ទាំង ​៣ ​នាក់​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​ពិម្ពិសារ ក្សត្រ​ក្នុង​រដ្ឋ​មគធៈ​ក្លាយ​ទៅ​ជា​ពុទ្ធបរិស័ទ​ដ៏​មាន​កម្លាំង​មួយ​អង្គ ក្នុង​ការ​ ជួយ​ផ្សព្វ​ផ្សាយ​ពុទ្ធសាសនា ។ ក្នុង​រយៈ​ពេល​ត្រឹម​តែ ៦ ខែ ប៉ុណ្ណោះ​ព្រះ​អង្គ​បាន​ទទួល​បេក្ខជន​មក​បួស​ជា​ព្រះ​សង្ឃ​ដល់​ទៅ​ជាង ១០០០ អង្គ និង​ឧបាសក​ឧបាសិកា ដល់​ទៅ​រាប់​ពាន់​នាក់ ។

រី​ឯ​សារីបុត្ត និង ​មោគ្គល្លាន ដែល​សិក្សា​ប្រតិបត្តិ​តបធម៌ ក្នុង​សំណាក់​គ្រូ​ឈ្មោះ សញ្ជ័យ អស់​ពេល​ដ៏​យូរ​នោះ ពុំ​បាន​រក​ឃើញ​ពន្លឺ​ត្រាស់​ដឹង​អ្វី​ឡើយ ។ ថ្ងៃ​មួយ ​សារី​បុត្ត​បាន​ជួប​នឹង​ព្រះ​អស្សជិត្ថេរ ជា​សាវ័ក​របស់​ព្រះ​សម្មាសម្ពុទ្ធ ។ ក្រោយ​ពី​បាន​ស្ដាប់​នូវ​ធម្មបរិយាយ​របស់​ព្រះ​អស្សជិត្ថេរ​រួច​មក ក៏​កើត​មាន​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ទៅ​បបួល​មោគ្គល្លាន​ជា​មិត្ត ទៅ​សុំ​ចូល​បួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ​បរមគ្រូ ។ ៧ ថ្ងៃ​ក្រោយ​ពី​បួស​មក មោគ្គល្លាន​បាន​សំរេច​សាវ័ក​បារមី​ញាណ ។ ឯ​ព្រះ​សារីបុត្ត កន្លង​កន្លះ​ខែ​ពី​ថ្ងៃ​បួស​មក ក៏​បាន​សំរេច​នូវ​សាវកបារមីញាណ ។

សាវកសន្និបាត​ប្រគល់​ដំណែង​អគ្គសាវ័ក និងប្រកាស​ធម្មនុញ្ញ​ពុទ្ធសាសនា

[កែប្រែ]

ដោយ​ឃើញ​ចំនួន​បរិស័ទ​កាន់​តែ​មាន​ច្រើន​ឡើង​ៗ ដូច្នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​រៀបចំ​ធ្វើ​មហាសន្និបាទ​មួយ​ឡើង ដើម្បី​ប្រកាស​ធម្មនុញ្ញ​នៃ​សាសនា​ព្រះ​អង្គ​ដល់​មនុស្ស​ជាតិ​ទាំង​ពួង​ជា​ផ្លូវ​ច្បាប់ និង​ជា​សាកល​ថា ពុទ្ធសាសនា​បាន​កើត​មាន​ក្នុង​លោក​ហើយ ។ មហាសន្និបាត​នោះ ធ្វើ​នៅ​ថ្ងៃ ១៥ កើត ខែ ​មាឃ (កុម្ភៈ) ឆ្នាំ​រកា ក្រោយ​ពេល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ហើយ​ចំនួន​៩​ខែ នៅ​វត្ត​វេឡុវ័ន (វត្ត​ ព្រៃ​ឫស្សី) ជិត​ក្រុង ​រាជ​គ្រឹះ ​នៃ​រដ្ឋមគធៈ ហើយ​មាន​ព្រះ​ភិក្ខុ​សង្ឃ​បួស​ផ្ទាល់​នឹង​ព្រះ​អង្គ​ចំនួន ១២៥០ រូប ដែល​សុទ្ធ​សឹង​ជា​ព្រះ​អរហន្ត ចូល​រួម​ជា​សមាជិក​មហាសន្និបាទ ។

ក្នុង​ឱកាស​នៃ​មហាសន្និបាត​នោះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រកាស​ប្រគល់​ដំណែង​អគ្គសាវ័ក​ដល់​ព្រះ​ថេរៈ​ ២ ​អង្គ​គឺ ៖

-អគ្គសាវ័ក​ទី​១ ដល់​ព្រះ​សារីបុត្ត ជា​ឯតទគ្គៈ​ខាង​បញ្ជា -អគ្គសាវ័ក​ទី​២ ដល់​ព្រះ​មោគ្គល្លាន ជា​ឯតទគ្គៈ​ឫទ្ធិ ហើយ​ទ្រង់​ប្រកាស​ពុទ្ធ​ធម្មនុញ្ញ គឺ​គោល​ច្បាប់​នៃ​ពុទ្ធ​សាសនា ដល់​សមាជិក​សាវក​សន្និបាត​ទាំង​អស់ សម្រាប់​ធ្វើ​ជា​ក្រឹត្យ​ក្រម​អនុវត្ត និង​​ ដើម្បី​ប្រកាស​ផ្សព្វ​ផ្សាយ​ដល់​មហាជន​ទាំង​ពួង ឲ្យ​បាន​ដឹង​អំពី​គោលការណ៍ ដែល​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​ប្រកាន់​យក ។ ធម្មនុញ្ញ​នៃ​ពុទ្ធសាសនា​នេះ ព្រះ​អង្គ​ឲ្យ​ឈ្មោះ​ថា ឱវាទ​បាដិមោក្ខ មាន​ទាំង​អស់​ ១១​ មាត្រា​ ២ -”មាត្រា" ក្នុង​សៀវភៅ ឱវាទ​បាដិមោក្ខ​ថា "ក័ណ្ឌ" ។

១-សព្វបាបស្ស អករណ៍ មិន​ធ្វើ​បាប​ទាំង​ពួង​ជា​ដាច់​ខាត,
២-កុសល​ស្សូបសម្បទា បំពេញ​កុសល​ឲ្យ​បរិបូណ៌,
៣-សចិត្ត​បរិយោទប​នំ ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ស្អាត​ល្អ,
៤-និព្វានំ បរមំ វទន្តិ ពុទ្ធា និព្វាន​ជា​របស់​ដ៏​ឧត្តម​ដែល​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ ត្រាស់​ដំដែង,
៥-ខន្តិ បរមំ តបោតីតិក្ខា ការ​អត់​ធន់​ជ​តប​ធម៌​ដ៏​ឧត្តម,
៦-ន ហិ បព្វជិតោ បរូបឃាតិ សមណោ ហោតិ បរំ វិមោទយន្តោ អ្នក​បួស​ណា​ដែល​សម្លាប់​ សត្វ អ្នក​បួស​នោះ​មិន​មែន​ជា​សមណៈ​ក្នុង​ពុទ្ធសាសនា​ទេ,
៧-មត្តញ្ញុតា ច ភត្តស្មឹ បរិភោគ​អាហារ​ដោយ​ស្គាល់​ប្រមាណ,
៨-បន្តញ្ច សយ​នាសនំ ពេញ​ចិត្ត​កន្លែង​ដេក និង​ទី​អង្គុយ​ដែល​ស្ងប់​ស្ងាត់,
៩-អធិចិតេ ច អាយោគោ ព្យាយាម​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ទៅ​ជា​អធិចិត្ត,
១០-អនបវាទោ អនុបឃាតោ កុំ​តិះ​ដៀល​គេ កុំ​ប្រៀត​បៀន​គេ,
១១-បាដិមោក្ខេ ច សំវរោ ចូរ​សង្រួម​នៅ​ក្នុង​ច្បាប់ គោការណ៍​របស់​ខ្លួន ។

ឱវាទ​ដែល​ព្រះ​អង្គ​បាន​សំដែង​ទាំង​១១ មាត្រា​នេះ គឺ​ជា​ធម្មនុញ្ញ​មួយ​ដែល​មាន​លក្ខណៈ​សំបូរ​គ្រប់​គ្រាន់​ទាំង​អស់ ដែល​អាច​ឲ្យ​សមាជិក​ម្នាក់​ៗ បង្ហាញ​នូវ​ភាព​រួម​របស់​សាសនា​ខ្លួន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត សម្រាប់​អ្នក​ដែល​ចង់​ដឹង និង​ជា​រង្វាស់​សម្រាប់​វាស់​ថា អ្នក​ណា​មួយ​ជា​សមាជិក​របស់​ពុទ្ធ​សាសនា​ពិត​ប្រាកដ ។

៤៥ ឆ្នាំ នៃ​ព្រះ​ករណីយកិច្ច​ជា​សាស្ដា

[កែប្រែ]

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បរម គ្រូ បើក​មហាសន្និបាត​នោះ​មក គោល​មាគ៌ា​ធម្មនុញ្ញ​នៃ​ពុទ្ធ​សាសនា ក៏​បាន​រីកសាយ​ភាយ​ទូទាំង​ជម្ពូទ្វីប​ដ៏​ឆាប់​រហ័ស ។ នៅ​ទី​ណា​ក៏​តែង​តែ​សូរ​មាត់​អួរ​សរសើរ​អំពី​ការ​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ សរសើរ​អំពី​ធម៌​ដែល​មាន​សច្ចភាព និង​អួត​នូវ​គុណ​របស់​ព្រះ​សង្ឃ ដែល​បរិស័ទ្ធ​គ្រប់​ទី​កន្លែង​ឯ​ចំនួន​ពុទ្ធ​បរិស័ទ​ក៏​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ។ ពេល​នោះ​ឯង​ដែល​កិត្តិ​គុណ​១០ យ៉ាង​របស់​ព្រះ​សម្មាសម្ពុទ្ធ បាន​កើត​ឡើង​ដោយ​ការ​ប្រសិទ្ធិនាម​របស់​ពុទ្ធ​បរិស័ទ​និង​ជន​ជាតិ​ជម្ពូ​ទ្វីប​ទាំង​មូល ។ ពុទ្ធ​សាសនិក​ជន​ទាំង​នោះ បាន​ហៅ​ព្រះ​អង្គ​ថា​ជាៈ

១-អរហំ គឺ​អ្នក​ដែល​មាន​ដួង​ចិត្ត​បរិសុទ្ធ​ស្អាត គ្មាន​កិលេស គ្មាន​រោគៈ​ ទោសៈ មោហៈ ។
២-សម្មាសម្ពុទ្ធោ គឺ​អ្នក​ដែល​បាន​ត្រាស់​ដឹង​រក​ឃើញ​នូវ​អរិយសច្ច​ទាំង​៤​ដោយ​ព្រះ​អង្គ​ឯង​មុន​គេ ដោយ​ពុំ​មាន​អ្នក​ណា​គ្រប់​ណែ​នាំ​ឡើយ ។
៣-វិជ្ជាចរណសម្បន្នោ គឺ​ជា​អ្នក​ប្រាជ្ញ​មាន​ចំណេះ​វិជ្ជា​ច្រើន ខ្ពង់​ខ្ពស់​គ្មាន​នរណា​ប្រៀប​និង​មានការ​ប្រព្រឹត្តិ​កិរិយា​មារយាទ​ដ៏​ល្ង​ឥត​ខ្ចោះ ។
៤-សុគតោ គឺ​អ្នក​ដែល​មាន​ដំណើរ​ជីវិត​ដ៏​ល្អ និង​បាន​សំរេច​នូវ​គោល​ដៅ​ជីវិត គឺ​ផុត​ទុក្ខ​ដោយ​ជោគ​ជ័យ ។
៥-លោក​វិទូ គឺ​ជា​អ្នក​ជ្រាប​ច្បាស់​ត្រៃ​លោក ជា​អ្នក​ដឹង​រឿង​រ៉ាវ និង​ដំណើរ​របស់​ជីវិត​សង្គម ពិភព​លោក និង​វដ្ដ​សង្សារ ដោយ​ជាក់​ច្បាស់ ។
៦-អនុត្តរោ ជា​អ្នក​ប្រសើរ​ដោយ​សីលា​ទិគុណ រក​បុគ្គល​ណា​ស្មើ​គ្មាន ។
៧-បរិសទម្មសារថិ គឺ​អ្នក​ហ្វឹក​ហាត់​ថ្នាក់​ខ្ពស់ ដែល​ពូកែ​អប់​រំ ហ្វឹក​ហ្វឺន បុរស​ស្ត្រី​ទាំង​ឡាយ​ឲ្យ​ក្លាយ​ទៅ​ជា​បណ្ឌិត និង​សំរេច​នូវ​និព្វាន ដោយ​ពុំ​អាច​រក​នរណា​មក​ប្រៀបធៀប​បាន​ឡើយ ។
៨-សត្ថា​ទេវ​មនុស្សនំ គឺ​ជា​សាស្ដា ជា​គ្រូ​របស់​មនុស្ស​សាមញ្ញ របស់​ពួក​អ្នក​មន្ត្រី រាជការ ព្រះ​មហាក្សត្រ ទេវតា ឥន្ទ​ព្រហ្ម​ទាំង​ឡាយ ។
៩-ពុទ្ធោ គឺ​ជា​ព្រះ​ពុទ្ធ​ជា​អ្នក​ដឹង​អំពី​អ្វី​ដែល​ហៅ​ថា​ទុក្ខ​របស់​ជីវិត មូល​ហេតុ​របស់​ទុក្ខ​នោះ ការ​រំលត់​ទុក្ខ និង​វិធី​សម្រាប់​រំលត់​ទុក្ខ​ទាំង​នោះ ។
១០-ភគវា គឺ​ជា​អ្នក​ពូកែ​វែក​ញែក​ធម៌ បែង​ចែក​ធម៌ ឲ្យ​ទៅ​តាម​ពួក​តាម​ក្រុម តាម​ប្រភេទ និង​ជា​អ្នក​ធ្វើ​ការ​អ្វី​ដែល​តែង​មាន​ជោគ​ជ័យ មាន​គេ​ជ្រោម​ជ្រែង គាំ​ទ្រ គ្រប់​ទី​កន្លែង​ទាំង​អស់ ។

ពុទ្ធ​គុណ​ទាំង​១០ ព្រះ​នាម​នេះ លោក​អាច​សង្ខេប​ឲ្យ​មក​នៅ​ត្រឹម​តែ ​៣​ យ៉ាង​គឺ

[កែប្រែ]
  1. បញ្ញាគុណ ព្រះ​អង្គ​ជា​បញ្ញា​ជន ជា​អ្នក​ប្រាជ្ញ ជា​បណ្ឌិត មាន​បញ្ញា​ចេះ​ដឹង​សព្វ​សារ​ពើរ ជា​សព្វញ្ញូ ជា​អ្នក​ដឹង​នូវ​អ្វី​ដែល​ជា​បញ្ញា​ជីវិត និង​វិធី​រំលត់​នូវ​ហេតុ​នៃ​បញ្ហា​នោះ ។
  2. ករុណា​គុណ ព្រះ​អង្គ​ជា​អ្នក​ដែល​មាន​ព្រះ​ទ័យ​ពោរ​ពេញ​ទៅ​ដោយ​មេត្តា​ គឺ​ស្រឡាញ់ អាណិត​ដល់​មនុស្ស​សត្វ​ទាំង​អស់ និង​ករុណា គឺ​មាន​ព្រះ​ទ័យ​ជួយ​សង្គ្រោះ​មនុស្ស​សត្វ​ ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​ដោយ​ព្រះ​ធម៌​ទេសនា អស់​រយៈ​ពេល​ ៤៥ ឆ្នាំ​គត់ ។
  3. វិសុទ្ធិគុណ ព្រះ​អង្គ​ជា​មនុស្ស​បរិសុទ្ធ គ្មាន​កិលេស ។ ជន​ណា​ដែល​នឹក​រលឹក​ព្រះ​អង្គ យក​ព្រះ​អង្គ​ជា​ទី​ពឹង បាន​ធ្វើការ​បូជា ធ្វើ​បុណ្យ​នឹង​ព្រះ​អង្គ​អ្នក​នោះ​រមែង​បាន​នូវ​សេចក្ដី​សុខ​ដ៏​លើស​លប់ ។

ពុទ្ធ​គុណ​ទាំង ​១០ ឬ ​ទាំង ​៣​ នេះ បាន​ធ្វើ​ឲ្យ​ពិភព​លោក​យើង​កែ​ប្រែ​ នូវ​មុខ​មាត់​របស់​ខ្លួន​ពី​បាត​ដៃ​មក​ខ្នង​ដៃ ។ ជន​ទាំង​ឡាយ​ដែល​គ្មាន​ជំនឿ​លើ​ខ្លួន​ឯង​ថា អាច​កំណត់​នូវ​ជតា​ជីវិត​របស់​ខ្លួន ​ព្រោះ​ជីវិត​នេះ​ត្រូវ​បាន​លិខិត​មក​ជា​ស្រេច​ហើយ​ដោយ​ព្រហ្ម ដោយ​អាទិទេព​ផ្សេង​ៗ ​នៃ​សាសនា​ទេវ​និយម​ដទៃ​នោះ បាន​ភ្ញាក់​បើក​ភ្នែក ក្រោក​ឈរ កម្រើក​ដៃ​ជើង និង​ជឿ​ច្បាស់​លើ​ខ្លួន​ឯង​ថា ខ្លួន​គេ​អាច​ឆ្លង​ផុត​ពី​បញ្ហា​ជីវិត និង ​សេចក្ដី​ទុក្ខ​ទាំង​នោះ​បាន ដោយ​សេចក្ដី​ព្យាយាម​របស់​គេ និង​តាម​ការ​ណែ​នាំ​របស់​ព្រះ​ពុទ្ធ ​ដែល​ជា​គ្រូ និង​ជា​អ្នក​ហ្វឹក​ហាត់​ដោយ​ពិត​ប្រាកដ ។

បច្ឆិមវាចា

[កែប្រែ]

គួរ​ស្ដាយ​ណាស់ ដែល​ធម្មជាតិ​មិន​អាច​មិន​ប្រែ​ប្រួល ។ ជីវិត​ដែល​កើត​ឡើង​ត្រូវ​តែ​ស្លាប់ ។ ជីវិត​ព្រះ​សម្មាសម្ពុទ្ធ ក៏​មិន​អាច​មាន​ករណី​ពិសេស ​ដែល​ធម្មជាតិ​លើក​លែង​បាន​ដែរ ព្រះ​អង្គ​បាន​ចាក​លោក​នេះ​ទៅ​ដោយ​ស្ងៀម​ស្ងាត់ បន្ទាប់​ពី​បំពេញ​ករណីយកិច្ច​ក្នុង​ឋានៈ​ជា​ព្រះ​ពុទ្ធ ដើម្បី​សត្វ​លោក​អស់​រយៈ​កាល ៤៥ ឆ្នាំ ។ នៅ​ចុង​ឆ្នាំ​ទី ​៨០ នៃ​ព្រះ​ជន្មាយុ ដែល​ត្រូវ​នឹង​ថ្ងៃ ១៥ កើត​នៃ ​វិសាខ ឆ្នាំ​ម្សាញ់ ត្រូវ​ពុទ្ធ​បរម​គ្រូ ​របស់​ពិភព​លោក​យើង ក៏​យាង​ចូល​បរិនិព្វាន​នៅ​ចន្លោះ​ក្រោម​ដើម សាល​ព្រឹក្ស​ទាំង​គូ ដែល​មាន​មែក​ទោរ​ទន់​ដោយ​ផ្កា​រយីង​រយោង នា​វេលា​ទៀប​ភ្លឺ​ក្រោយ​ពី​បាន​ផ្ដាំ​ជា​ចុង​ក្រោយ​បង្អស់​ថា ៖

- យោ វោ អាន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញតោ លោ វោ មមច្ចយេន សត្ថា ម្នាលអានន្ទ, ធម៌​ក្ដី វិន័យ​ក្ដី ដែល​តថាគត​បាន​សំដែង​ហើយ​បាន​បញ្ញត្តិ​ហើយ​ចំពោះ​អ្នក​ទាំង​ឡាយ លុះ​អំណឹះ​ឥត​ពិត​តថាគត​ទៅ ធម៌ និង ​វិន័យ​នោះ​ឯង​ជា​គ្រូ​របស់​អ្នក​ទាំង​ឡាយ​ហើយ​​
- វយធម្មោ សង្ខារា សង្ខារ​ទាំង​ឡាយ មាន​ការ​វិនាស​សោះ​សូន្យ​ជា​ធម្មតា,
- អប្បមាទេន សម្បាទេថា អ្នក​ទាំង​ឡាយ, ចូរ​ញ៉ាំង​ករណីយ​កិច្ច​ទាំង​ពួង​ឲ្យ​សំរេច ដោយ​សេចក្ដី​មិន​ប្រមាទ​ចុះ​!

ឯកសារ​ជំនួយ​ស្មារតី

[កែប្រែ]
- ពុទ្ធប្បវត្តិកថា (ឈឹម ស៊ុមន៍) បោះ​ពុម្ព​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ
- ឱវាទ​បាដិមោក្ខ (ចាប ពិន) បោះ​ពុម្ព​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ
- មគ្គទ្ទេសក៍​ជីវិត ឥន្ទ​បញ្ញោ​ភិក្ខុ ហ. មណី​ចិន្តា
- គិហិបដិបត្តិ (ជួន​ណាត) បោះ​ពុម្ព ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ
- ប្រស្នា​ត្រៃ​គុន (ឈឹម ទូច) បោះ​ពុម្ព ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ
- មហាបរិនិព្វានកថា (សូ ហាយ, ផល ទិត) ពុទ្ធសាសនបណ្ឌិត្យ
- វចនានុក្រម​ខ្មែរ របស់​ពុទ្ធសាសនបណ្ឌិត្យ

ពាក្យ​គន្លឹះ

[កែប្រែ]

ឱវាទ​បាដិមោក្ខ, គោល​ច្បាប់​នៃ​ពុទ្ធសាសនា