Jump to content

កោណ្ឌញ្ញៈ

ពីវិគីភីឌា

ជីវប្រវត្តិព្រះអញ្ញាកោណ្ឌញ្ញៈ

[កែប្រែ]

ជីវប្រវត្តិរបស់ព្រះអរហន្តសាវ័កអ្នកបានលំដាប់ជាសាវ័កទី១ ក្នុងព្រះពុទ្ធសាសនានេះ ត្រូវបានទៅលើព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ព្រោះមានជោគជាទី១ច្រើនប្រការក្នុងអត្តភាពនេះ ដែលភិក្ខុដទៃរកបានដោយកម្រ ព្រោះបុគ្គលមួយរូបបានទទួលការលើកតម្កើងច្រើនយ៉ាង។ គឺភាវៈជាកំពូលរបស់លោក បានដល់ការទាយគតិរបស់ព្រះសិទ្ធត្ថរាជកុមារ ថាមានគតិតែម្យ៉ាង​គឺស្តេចទ្រង់ចេញសាងផ្នួស មិនមែនជាអ្នកគ្រប់គ្រងផ្ទះ មួយទៀតការសម្រេចចិត្តចេញបួសតាមព្រះបរមពោធិសត្វ ការបានស្តាប់បឋមទេសនា គឺការសម្តែងធម៌ជាដំបូង ទាំងបានសម្រេចអរិយធម៌ ការបានជាបឋមសាវ័ក គឺសាវ័កមុនគេ និងការបានទទួលតែងតាំងអំពីព្រះដ៏មានព្រះភាគថាជាឯតទគ្គៈ ខាងមានវស្សាចាស់ជាងគេ [រត្តញ្ញូនំ យទិទំ អញ្ញាកោណ្ឌញ្ញោ]។ ក្នុងអដ្ឋកថាមនោរថបូរណី ដែលអធិប្បាយសេចក្តីនៃគម្ពីរអង្គុត្តរនិកាយ ថេរគាថា មានសេចក្តីថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ កើតជាបុត្ររបស់ព្រាហ្មណ៍មហាសាល ក្នុងព្រាហ្មណគ្រាមឈ្នោះថា ទោណវត្ថុ ដែលនៅជិតនឹងក្រុងកបិលព័ស្ថុពីដើមឡើយលោកមានឈ្មោះថា កោណ្ឌញ្ញៈ កាលលោកមានវ័យវឌ្ឍនាការចម្រើនឡើង បានសិក្សាវិជ្ជាចេះចប់ត្រៃវេទ ព្រមទាំងរៀនមន្តលក្ខណៈ គឺតម្រាទាយលក្ខណៈ ឬក្នុងសម័យនេះ ហៅថាតម្រា នរលក្ខណ៍ គឺក្បួនតម្រាមើលលក្ខណៈមនុស្ស វិជ្ជាទាយលក្ខណៈនេះឯង ជាវិជ្ជាជួយឲ្យលោកបានទទួលការអញ្ជើញរួមជាមួយព្រាហ្មណ៍ ១០៧នាក់ ចូលទៅក្នុងព្រះរាជវាំងរបស់ព្រះបាទសិរីសុទ្ធោទនមហារាជ ក្នុងគ្រាដែលព្រះពោធិសត្វប្រសូត្រហើយបានប្រមាណ ៥ ថ្ងៃ ព្រះបាទសុទ្ធោទនមហារាជ មានព្រះរាជបញ្ជាឲ្យអញ្ជើញព្រាហ្មណ៍មក១០៨នាក់ ដើម្បីទំនុកបម្រុងមធុបាយាសមានទឹកតិច ក្នុងថ្ងៃទាយព្រះលក្ខណៈ និងថ្វាយព្រះនាមតាមរាជប្រពៃណី លុះទំនុកបម្រុងអាហាររួចរាល់ហើយ ជ្រើសរើសព្រាហ្មណ៍ដែលឈ្លាសវៃក្នុងការមើលព្រះលក្ខណៈ ក្នុងចំណោមព្រាហ្មណ៍ទាំង១០៨នាក់នោះ ជ្រើសរើសយកត្រឹមតែ៨នាក់ប៉ុណ្ណោះដែលបានទទួលកិត្តិយស ឲ្យជាអ្នកទស្សន៍ទាយព្រះលក្ខណៈព្រះពោធិសត្វសិទ្ធត្ថរាជាកុមារ។ ព្រាហ្មណ៍ទាំង៨នាក់នោះមានឈ្មោះតាមដែលប្រកដក្នុងអដ្ឋកថាជាតក អវិទូរេនិទាន នៃព្រាហ្មណកថាគឺ រាមា១ ធជៈ១ លក្ខណៈ១ សុជាតិមន្តី១ ភោជៈ១ សុយាមៈ១ សុទត្ត១ កោណ្ឌញ្ញៈ១។ ចំណែកក្នុងបឋមពោធិកថា និងអដ្ឋកថាសារត្ថបកាសិនី ក៏សម្តែងដែរ តែមានការខុសប្លែកគ្នាដោយឈ្មោះខ្លះៗ។ ក្នុងចំនួនព្រាហ្មណ៍ទាំង៨នាក់ដែលបានជ្រើសរើសទុកនោះ មានកោណ្ឌញ្ញព្រាហ្មណ័ ជាព្រាហ្មណ៍ដែលនៅក្មេងជាគេទាំងអស់ និងឆ្លាតឈ្លាសជាងគេ។​ កាលជ្រើសរើសព្រាហ្មណ៍អ្នកពិចារណាមើល ព្រះមហាបុរិសលក្ខណៈទាំង៣២ប្រការ ក៏បានអញ្ជើញឲ្យឡើងទៅអង្គុយលើអាសនៈក្នុងផ្ទៃព្រះរោងហើយ ទើបតាក់តែងព្រះពោធិសត្វសិទ្ធត្ថរាជកុមារឲ្យផ្ទុះលើសំពត់កម្ពលយ៉ាងល្អ ហើយនាំចេញមកដើម្បីឲ្យព្រាហ្មណ៍ទាំង៨នាក់បានពិចារណាមើល ព្រះលក្ខណៈ និងទាយឲ្យបានដឹងថា តើល្អ ឬអាក្រក់យ៉ាងណា? ព្រាហ្មណ័ទាំង៨នាក់ ពិនិត្យមើលព្រះលក្ខណៈរបស់មហាបុរសហើយ ព្រហ្មណ៍៧នាក់លើកម្រាមដៃឡើង២ ព្រោះថាឃើញមានគតិ២យ៉ាងដោយ ក្រាបបង្គំទូលទាយថា បើព្រះរាជកុមារនេះនៅសោយរាជសម្បត្តិ នឹងបានជាស្តេចចក្រពត្តិ បើស្តេចចេញបព្វជា នឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ រីឯកោណ្ឌញ្ញព្រាហ្មណ៍ ឃើញមានគ្រប់តាមតម្រាមហាបុរិសលក្ខណៈ៣២ប្រការ របស់ព្រះមហាបុរស និងពិចារណាដល់ទីកន្លែងដែលទ្រង់ប្រសូត្រ យល់ឃើញថា ជានិម្មិតនៃការចេញបួស ដោយកោណ្ឌញ្ញៈបាន កសាងបុណ្យបារមីគ្រប់បរិបូណ៌ហើយ ធ្វើឲ្យលោកមានបញ្ញាពិចារណាឃើញគតិតែម្យ៉ាងរបស់ព្រះពោធិសត្វ ទើបលើកម្រាមដៃតែមួយឡើង ក្រាមបង្គំទូលទាយថា ព្រះលក្ខណៈដ៏ប្រសើរដូច្នេះ មិនមែនជាលក្ខណៈនៃអ្នកគ្រប់គ្រងផ្ទះទេ​ ព្រះរាជកុមារនេះនឹងចេញបព្វជាបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធដោយពិតប្រាកដ ពាក្យទំនាយរបស់កោណ្ឌញ្ញៈ មិនមានព្រហ្មណ៍ណាម្នាក់ហ៊ានជំទាស់ឡើយ។ កាលពួកព្រាហ្មណ៍ត្រឡប់មកផ្ទះរៀង៊២ខ្លួន ក៏បានផ្តាំកូនៗ របស់ខ្លួនថា កូនអើយ ឪពុកចាស់ហើយ នឹងមានជីវិតរស់នៅមិនបានយូរ និងមិនទាន់ ឃើញព្រះរាជឱរសព្រះបាទសុទ្ធោទនមហារាជ ដែលនឹងបានសម្រេច ព្រះសព្វញ្ញុត្តញ្ញាណ ដូច្នេះហើយ បើព្រះរាជកុមារនោះទ្រង់បានត្រាស់ជា ព្រះសម្មាសម្ពុទ្ធហើយ ពួកកូនៗ ចូរបួសក្នុងសាសនារបស់ព្រះអង្គចុះ។ ចំណែកព្រះបាទសុទ្ធោទនមហារាជទ្រង់ស្តាប់ទំនាយដូច្នោះហើយ ទើបទ្រង់ទំនុកបម្រុងព្រះពោធិសត្វសិទ្ធត្ថកុមារយ៉ាងល្អក្រែលែង ធ្វើឲ្យព្រះសិទ្ធត្ថកុមារបានសោយសម្បត្តិដូចជាទេវបុត្រ ព្រោះមានប្រាសាទប្រថាប់​ ៣ ខ្នង សម្រាប់៣រដូវ មានពួកស្រ្តីស្រីស្នំ រងចាំគាល់បម្រើគ្រប់ពេល ធ្វើដូច្នេះព្រោះព្រះបាទសុទ្ធោទនមហារាជ ទ្រង់ប្រាថ្នាឲ្យព្រះសិទ្ធត្ថកុមារនៅសោយរាជ្យសម្បត្តិជាស្តេចចក្រពត្តិ

សំណួរ​សំខាន់​ៗត្រូវ​ដោះ​ស្រាយ​

[កែប្រែ]
  1. ហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​គម្ពីរ​ព្រះត្រៃបិដក ​លើក​យក​រឿង​លក្ខណៈ​ពិសេស​ខាង​រាង​កាយ ​របស់​ព្រះ​សិទ្ធត្ថកុមារ​ មក​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ?
  2. ហេតុអ្វី​បាន​ជា​អ្នក​និពន្ធ​លើក​តម្កើង​ព្រាហ្មណ៍​ក្មេង​ម្នាក់​ឲ្យ​មាន​ប្រាជ្ញា​លើស​ព្រាហ្មណ៍​ចាស់​ៗ​ដទៃ​ទៀត​ ?
  3. នគរ​សក្យ​របស់​បិតា​របស់​ព្រះ​សិទ្ធត្ថ​កុមារ និង នគរ​កោលិយ​របស់​បិតា​​ព្រះ​នាង​ពិម្ពា​យសោធរា (មហេសី​របស់​ព្រះ​សិទ្ធត្ថកុមារ) គឺជា​​នគរ​ចំណុះ​ក្រោម​នឹម​អាណានិគម​របស់​នគរ​កោសល​ ។ ចុះ​ហេតុអ្វី​បាន​ជា​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ហ៊ាន​ទស្សន៍​ទាយ​ថា​ព្រះ​សិទ្ធត្ថ​កុមារ​នឹង​ក្លាយ​ជា​​ស្តេច​ចក្រពត្តិ​បើសិន​ព្រះ​អង្គ​គង់​នៅ​សោយរាជ​ជា​ស្តេច ?
  4. ម្យ៉ាង​ទៀត​នគរ​របស់​បិតា​ព្រះ​ពុទ្ធ​មាន​របៀប​ដឹកនាំ​ប្រទេស​បែប​​សាធារណៈរដ្ឋ ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ។ ប្រសិន​បើ​​ព្រះ​សិទ្ធត្ថ​សុខចិត្ត​​ចូលរួម​ក្នុង​ការ​ដឹកនាំ​ប្រទេស​មែន នោះ​ព្រះ​អង្គ​ប្រហែល​ជា​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​មេ​កុលសម្ព័ន្ធ​សក្យ​ប៉ុណ្ណោះ ដែល​មាន​លំនាំ​ដូច​ជា​ប្រធានាធិបតី​ គឺ​មិន​មែន​ស្តេច​ចក្រពត្តិ​ទេ ។ ស្តេច​​នគរ​កោសល​ដែល​ជា​ម្ចាស់​លើ​នគរ​សក្យ​នឹង​មិន​ឈរ​អោប​ដៃ​បណ្តោយ​ឲ្យ​កូន​ប្រទេស​តូចតា​ច​ទាំង​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ។ ប្រសិន​បើ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ជា​មនុស្ស​ចេះ​ដឹង​ប្រាកដ​ខាង​នយោបាយ​និង​ការ​គ្រប់គ្រង​ប្រទេស​មែន នោះ​ពួក​គេ​ច្បាស់​ជា​ពុំ​ហ៊ាន​ហើប​មាត់​ទស្សន៍ទាយ​នូវ​អ្វី​ដែល​មិន​មែន​ជា​ការពិត​សោះ​ឡើយ ។ ប្រហែល​ជា​ពួក​គេ​ធ្វើ​ដូច្នោះ​គ្រាន់​តែ​ជា​ការ​អែបអប​យក​​លាភសក្ការៈ​ ឬ​អាច​ជា​សង្គ្រាម​ចិត្តសាស្ត្រ​ដើម្បី​ជំរុញឲ្យ​ប្រជាជន​នគរ​សក្យ​ដ៏​តូចល្អិត​នោះ​ឲ្យ​មាន​​​សេចក្តី​ក្លាហាន​ងើប​ឈរ​ប្រឆាំង​ការ​ជិះជាន់​របស់​នគរ​កោសល​ទេដឹង ។
  5. តើ​និកាយ​ណា​ជា​អ្នក​សរសេរ​បញ្ចូល​ក្នុង​ព្រះ​ត្រៃបិដក​នូវ​បណ្តា​លក្ខណៈ​អស្ចារ្យ​ទាំង​ឡាយ​របស់​ព្រះ​ពុទ្ធ​ឬ​សាវ័ក​របស់​ព្រះ​ពុទ្ធ ? ប្រហែល​ជា​ពួក​មហាយាន​ ឬ ពួក​ព្រាហ្មណ៍​ដែល​ចូល​បួស​ក្នុង​ពុទ្ធសាសនា​ ដែល​ចង់​អួត​បំប៉ោង​​​​នូវ​លទ្ធភាព​គ្មាន​កម្រិត​របស់​ព្រះ​ពុទ្ធ​ដើម្បី​វាយ​បំបាក់​​អំនួត​គ្មាន​ទី​បំផុត​របស់​ពួក​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍​ ដែល​តែង​អួត​ពី​ព្រះ​អាទិទេព​របស់​ពួក​គេ​ថា​ គ្មាន​នរណា​ខ្លាំង​ដូច ។ ​

ពន្យល់​ពាក្យ​សំខាន់ៗ

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក សៀវភៅ​លេខ ........... ទំព័រ​ទី ................