នំអន្សម

ពីវិគីភីឌា
Jump to navigation Jump to search

មាតិកា

នំអន្សម

នំអន្សម គឺជា​នំ​ដែល​ប្រជាជន​ខ្មែរ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ តែងតែ​រៀបចំ​វេច​នំអន្សម ជា​រៀងរាល់​ឆ្នាំ មិន​ដែល​ខាន ឲ្យតែ​ដល់​រដូវ​បុណ្យ​ចូលឆ្នាំខ្មែរ ឬ​រដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​ម្ដងៗ ជាពិសេស គឺ​រដូវ​បុណ្យភ្ជុំបិណ្ឌ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​វេច​នំអន្សម​នេះ ស្ទើរ​គ្រប់​ផ្ទះ។ យើង​តែង​សម្គាល់​ឃើញ ប្រជាពលរដ្ឋ​ខ្មែរ​វេច​នំ នៅ​មុន​ថ្ងៃបុណ្យ​ភ្ជុំ មួយ​ឬ​ពីរ​ថ្ងៃ គឺ​គ្រប់​ផ្ទះ​ញាប់ដៃញាប់ជើង ម្នីម្នា​រៀបចំ​វេច​នំ​ដើម្បី​ទុក​ចូលរួម​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ។ នំ​ដែល​យើង​វេច​រួមមាន​ដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។



​វិធី​វេច​នំអន្សម

ដំបូង យើង​ត្រូវ​ហែក​ស្លឹក​ចេក ឬ ស្លឹក​ផ្អាវ ហើយ​ហាល​ថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹក​ចេក។ បន្ទាប់​មក​ត្រូវ​យក​វា​មក​ជូត​ឲ្យ​ស្អាត​និង​ត្រូវ​ត្រៀម​ខ្សែ សម្រាប់​ចង។ គេ​អាច​យក​ដើម​ចេក​មក​ធ្វើ​ជា​ខ្សែ​ក៏​បាន ឬ​ខ្សែ​ចង​ធម្មតា​ក៏​បាន។ បន្ទាប់​មក​ទៀត ត្រូវ​លាង​អង្ករ​ដំណើប​ទុក​ឲ្យ​ស្ងួត ហើយ​ទឹក​អង្ករ​ដំណើប​នោះ​ត្រូវ​លាយ​អំបិល​តិចៗ​ដើម្បី​បង្កើន​ឱជារស ហើយ​ត្រូវ​លាង​សណ្ដែក​លឿង​ទុក​ឲ្យ​ស្រស់​ទឹក។ បន្ទាប់​ពី​នោះ យើង​ត្រូវ​ហាន់​សាច់​ជ្រូក​ជា​ចង្វាយ​វែង​ល្មម (ភាគច្រើន​គេ​យក​សាច់​ជ្រូក​បី​ជាន់ ដោយសារ​វា​មាន​ជាតិ​ខ្លាញ់​តិចៗ) ដោយ​លាយ​គ្រឿង​ដូចជា ម្រេច អំបិល មើម​ខ្ទឹមស ជាដើម។


ក្រោយមក យើង​អាច​វេច​បាន​ហើយ។ ការ​វេច​យើង​ត្រូវ​ចំណាយ​ពេល​ពី ១ ទៅ ២ ម៉ោង​អាស្រ័យ​ទៅ​លើ​ចំនួន​អង្ករ​ដែល​យើង​វេច។ ដំបូង​យើង​ត្រូវ​លា​ស្លឹក​ចេក​ទ្រាប់​លើ​គ្នា​ឲ្យ​ក្រាស់​ល្មម ហើយ​ត្រូវ​ដាក់​អង្ករ​រាយ​លើ​ស្លឹក​ចេក បន្ទាប់​មក​រោយ​សណ្ដែក​លឿង​ពី​លើ​រួច​ដាក់​សាច់​ជ្រូក​ពី​លើ ហើយ​បត់​ចុង​នៃ​ស្លឹក​ទាំងពីរ​ចូល​គ្នា។


បន្ទាប់ពី​វេច ហើយ​យើង​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ទៀត​គឺ ចង។ ការ​ចង​នំ​មិនមែន​ជា​ការ​ងាយ​នោះ​ទេ។ យើង​ត្រូវ​ចង​ឲ្យ​ណែន​ល្អ បើ​មិន​ដូច្នេះ​ទេ​នៅ​ពេល​ស្ងោរ ទឹក​អាច​ចូល​ក្នុង​នំ ដែល​អាច​ធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ។ បន្ទាប់​ពី​ចង​ហើយ​យើង​ត្រូវ​យក​ទៅ​ស្ងោរ។


ការ​ស្ងោរ​យើង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ពី ៥ ទៅ ៦ ម៉ោង ទម្រាំ​តែ​ឆ្អិន​ល្អ។ យើង​ត្រូវ​នៅ​ចាំ​មើល​ជាប់​ជានិច្ច យើង​ត្រូវ​មើល​ភ្លើង​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​ឆ្អិន​បាន​ល្អ៕


ចំណាត់ថ្នាក់:សាលាដុនបូស្កូ