បន្ទុកអគ្គីសនី
អេឡិចត្រូម៉ាញ៉េទិច | ||||||||||
អគ្គីសនី · ម៉ាញ៉េទិច
| ||||||||||
បន្ទុកអគ្គីសនី គឺជាលក្ខណៈសំគាល់គ្រឹះរបស់រូបធាតុដែលអាចអោយយើងកំនត់អំពីលក្ខណៈអន្តរកម្មអេឡិចត្រូម៉ាញ៉េទិចរបស់វា។ បន្ទុកអគ្គីសនីបង្កើតនិងទទួលរងឥទ្ធិពលពីដែនអេឡិចត្រូម៉ាញ៉េទិច។ អន្តរកម្មរវាងបន្ទុកមានចលនានឹងដែនអេឡិចត្រូម៉ាញ៉េទិចបង្កើតជាកំលាំងអេឡិចត្រូម៉ាញ៉េទិចដែលជាកំលាំង១ក្នុងចំនោមកំលាំងគ្រឹះទាំង៤។ ចលនារបស់បន្ទុកអគ្គីសនីបង្កើតជាចរន្តអគ្គីសនី។
សេចក្ដីផ្ដើម
[កែប្រែ]បន្ទុកអគ្គីសនីជាសញ្ញាណអរូបី ប្រហាក់ប្រហែលគ្នានឹងម៉ាស់ដែរ ដែលអាចអោយយើងពន្យល់ពីបាតុភូតមួយចំនួន។ ខុសគ្នាពីម៉ាស់ បន្ទុកអគ្គីសនីអាចមានទំរង់២ផ្ទុយគ្នាគឺ វិជ្ជមាន និង អវិជ្ជមាន។ បន្ទុកអគ្គីសនីដែលមានធម្មជាតិដូចគ្នាច្រានគ្នាចេញ ហើយបន្ទុកដែលមានធម្មជាតិ(សញ្ញា)ផ្ទុយគ្នាទាញគ្នាចូល។ យើងហៅបាតុភូតនេះថា អន្តរកម្មអេឡិចត្រូម៉ាញ៉េទិច។ បាតុភូតនេះត្រូវបានពន្យល់ដោយរូបមន្តក្នុងច្បាប់គូឡុំ ដែលបានចែងថាកំលាំងអេឡិចត្រូស្ដាទិចរវាងបន្ទុកអគ្គីសនីទាំង២សមាមាត្រនឹងផលគុណបន្ទុកទាំង២និងច្រាស់សមាមាត្រនឹងការ៉េរបស់ចំងាយរបស់វាទាំង២។ អន្តរកម្មរវាងបន្ទុកអគ្គីសនីនិងដែនអេឡិចត្រូម៉ាញ៉េទិចបង្កើតបានជាកំលាំងអេឡិចត្រូម៉ាញ៉េទិច ដែលជាកំលាំង១ក្នុងចំនោមកំលាំងគ្រឹះទាំង៤។
បន្ទុកអគ្គីសនីអាចវាស់បានដោយផ្ទាល់ដោយប្រើអេឡិចត្រូម៉ែត្រ និងដោយប្រយោលដោយហ្គាល់វ៉ាណូម៉ែត្របាលីស្ទីក។ ខ្នាតរបស់វាគឺគូឡុំ។ ១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដែលឆ្លងកាត់ផ្ទៃមុខកាត់របស់ខ្សែចំលងដឹកនាំចរន្តអគ្គីសនី១អំពែរ ក្នុងរយៈពេល១វិនាទី។ គេនិយមប្រើអក្សរ Q ជានិមិត្តសញ្ញារបស់បន្ទុកអគ្គីសនី។ រូបធាតុទាំងអស់កើតឡើងពីបន្សំប្រូតុងនិងអេឡិចត្រុងដែលមានផ្ទុកបន្ទុកអគ្គីសនីស្មើគ្នាគឺបន្ទុកបឋមe តែមានសញ្ញាផ្ទុយគ្នា។ ខ្វក មានបន្ទុកអគ្គីសនីប្រភាគ −1⁄3 ឬ+2⁄3 e។ អង់ទីភាគល្អិតសមមូលនឹងភាគល្អិតទាំងនេះ(ប៉ូស៊ីត្រុង អង់ទីប្រូតុង អង់ទីខ្វក មានបន្ទុកផ្ទុយ។ ក្រៅពីនេះនៅមានភាគល្អិតផ្ទុកបន្ទុកអគ្គីសនីផ្សេងទៀតដែរ។
ពេលគេសិក្សាពីអង្គធាតុផ្ទុកបន្ទុកអគ្គីសនីនៅនឹងថ្កល់មួយ គេនិយាយពីអេឡិចត្រូស្តាទិច។ ពេលដែលបន្ទុកសរុបរបស់វាសូន្យ វាអាចមានរាយប៉ាយមិនស្មើសាច់(ឧទាហរណ៍ដោយសារដែនអគ្គីសនីខាងក្រៅ ឬចលនាម៉ូលេគុល) គេនិយាយថាអង្គធាតុនោះរងប៉ូលកម្មអេឡិចត្រូស្តាទិច។ បន្ទុកដែលកើតឡើងពីប៉ូលកម្មនេះត្រូវបានគេស្គាល់ថាជាសំព័ន្ធបន្ទុកអគ្គីសនី។ ចលនារបស់បន្ទុកអគ្គីសនី(ឧទាហរណ៍ចលនារបស់អេឡិចត្រុងក្នុងលោហៈ)តាមទិសដៅកំនត់មួយត្រូវបានគេអោយឈ្មោះថាចរន្តអគ្គីសនី។ ធម្មជាតិពិតរបស់បន្ទុកអគ្គីសនីត្រូវបានស្នើដោយម៉ៃឃើល ហ្វារ៉ាដេយ នៅក្នុងពិសោធអគ្គីសនីវិភាគរបស់គាត់ និងត្រូវបានស្រាវបញ្ជាក់ដោយលោក រ៉ូបឺត អាន់ឌ្រូ មីលីខាន់(Robert Andrews Millikan) នៅក្នុងពិសោធន៍របស់គាត់ (ពិសោធន៍លើតំនក់ខ្លាញ់)។
ប្រវត្តិ
[កែប្រែ]បន្ទុកអគ្គីសនីត្រូវបានរកឃើញដោយជនជាតិក្រិចបុរាណ ដែលបានសង្កេតឃើញថាការកកិតរបស់រោមសត្វ ជាមួយសារធាតុផ្សេងៗ បង្កើតជាភាពអលំនឹងរបស់បន្ទុកអគ្គីសនី (បាតុភូតអគ្គីសនីកម្មដោយកកិត) ។ ជនជាតិក្រិចក៏បានសំគាល់ឃើញថាឡេវធ្វើអំពីអំប៊្រឹ ផ្ទុកបន្ទុកអគ្គីសនីអាចឆក់ទាញវត្ថុស្រាលៗដូចជាសរសៃសក់បាន។ ពួកគេក៏ឃើញផងដែរថាបើសិនជាគេកកិតអំប៊្រឹ រយៈពេលយូរ គេអាចបានបន្សាយផ្កាភ្លើង។
នៅឆ្នាំ១៦៧៥ រ៉ូបឺត បូយ(Robert Boyle) បានពោលថាមានការទាញចូលរឺច្រានដោយអគ្គីសនីអាចឆ្លងកាត់សុញ្ញកាស។ នៅឆ្នាំ១៧២៩ ស្ទេហ្វិន ហ្គ្រេយ(Stephen Gray) បានចាត់ថ្នាក់រូបធាតុជាកុងឌុចទ័រនិងអ៊ីសូឡង់។ នៅឆ្នាំ១៧៣៣ សាល ហ្វ្រង់ស័រ ឌុយ ហ្វាយ(Charles François du Fay) បានលើកសំនើថាអគ្គីសនីមាន២ប្រភេទដែលអាចលុបគ្នាទៅវិញទៅមក។ នៅឆ្នាំ១៨៣៨ ម៉ៃឃើល ហ្វារ៉ាដេយបានបង្ហាញថា ការបែកចែកប្រភេទអគ្គីសនីជា អគ្គីសនីស្តាទិច អគ្គីសនីចរន្ត និង ជីវអគ្គីសនី មិនត្រឹមត្រូវទេ និងបានថាអ្វីៗទាំងអស់នោះមានបុព្វហេតុពីអគ្គីសនីតែមួយប្រភេទ ដែលមានប៉ូលកម្មផ្ទុយគ្នា២៖ វិជ្ជមាន និង អវិជ្ជមាន។ បាតុភូតប្រចាំថ្ងៃ យកក្រាសជ័រទៅសិតសក់(ស្ងួត) នៅពេលមានអាកាសធាតុស្ងួត ក្រាសនោះនឹងផ្ទុកបន្ទុកអគ្គិសនី។ នៅពេលដែលអ្នកដោះស្បែកជេីង(ជេីងស្ងួត) ចេញរួចដេីរកាត់កម្រាលព្រំនីឡុង ជេីងរបស់អ្នកនឹងផ្ទុកបន្ទុកអគ្គិសនី។
នៅស.វទី១៨ អគ្គីសនីត្រូវបានគេនិយមសិក្សា។។