ប្រាសាទត្រពាំងរពាក់
| ប្រាសាទត្រពាំងរពាក់ | |
|---|---|
| ឈ្មោះ: | ប្រាសាទត្រពាំងរពាក់ |
| អ្នកកសាង: | ព្រះបាទឥសានវរ្ម៏នទី១ |
| កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី៧ |
| ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
| ស្ថាបត្យកម្ម: | រចនាបថសំបូរព្រៃគុក |
| ទីតាំង: | ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ |
ប្រាសាទត្រពាំងរពាក់មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ត្រពាំងរពាក់ គឺជាឈ្មោះក្រុមប្រាសាទមួយស្ថិតនៅប៉ែកខាងលិចក្រុមប្រាសាទយាយព័ន្ធ ចម្ងាយប្រមាណ ៣៥០ ម៉ែត្រ ដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឈ្មោះ “ត្រពាំងរពាក់” គឺហៅសំដៅដល់ត្រពាំងបុរាណមួយដែលស្ថិតនៅប៉ែកអាគ្នេយ៍ក្រុមប្រាសាទនេះ ពោល គឺអ្នកស្រុកហៅឈ្មោះប្រាសាទភ្ជាប់ជាមួយត្រពាំងនេះតែម្តង។ នៅទសវត្សរ៍ ១៩១០ ក្នុងពេលដែលលោក Henri Parmentier (អ្នកស្រាវជ្រាវជនជាតិបារាំង) និងភរិយា ចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទសំបូរព្រៃគុក លោកមិនបានកត់ឈ្មោះប្រាសាទថា “ត្រពាំងរពាក់” ឡើយ ពោល គឺលោកតាងក្រុមប្រាសាទនេះជា “ក្រុម Z” ហើយប្រាសាទរាងប្រាំបីជ្រុងមួយដែលស្ថិតនៅខាងលិចក្រុមប្រាសាទនេះ (សំណង់ទោល) លោកតាងដោយអក្សរ “Y”។ ម្ល៉ោះហើយ យើងមិនអាចដឹងច្បាស់ថាអ្នកស្រុកហៅឈ្មោះក្រុមប្រាសាទនេះថា ដូច្នេះចាប់តាំងពីពេលណាមកនោះទេ។ តើក្រុមប្រាសាទរពាំងរពាក់ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?