Jump to content

ប្រាសាទព្រហ្មកិល

ពីវិគីភីឌា
ប្រាសាទព្រហ្មកិល

ឈ្មោះ: ប្រាសាទព្រហ្មកិល
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: អង្គរ រាជធានីព្រះនគរ

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។ ប្រាសាទនេះត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ។ ប្រាសាទព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត។ ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី ១២ ដោយស្នាមព្រះហស្ត ព្រះបាទជ័យវរ្ម័នទី ៧ បច្ឆមរណៈព្រះនាម មហាបរមសំគតតបតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា[]។ ប្រាសាទនេះ បានទទួលការថែរក្សាដោយក្រសួងអភិរក្សអង្គរតាំងពីឆ្នាំ ១៩១៩។ ដោយសារការរុករកកាលពីឆ្នាំ ១៩២៨ គេបានរកឃើញ សិលាចារឹកមួយដែលមានចុះព្រះរាជបញ្ជាផ្សេងៗនៃព្រះបាទជ័យវរ្ម័នទី ៧ ដែលឆ្លាក់ជាប់នឹងមន្ទីរព្យាបាលរោគ ។ តាមសិលាចារឹកនៅប្រាសាទតាព្រហ្មប្រាប់ថា ប្រាសាទនេះជាធម្មមន្ទីរ សម្រាប់ស្វាធ្យាយន៍ធម៌ប៉ែកខាងព្រះពុទ្ធសាសនា។ នៅក្នុងប្រាសាទនេះ គេប្រទះឃើញរូបបដិមាព្រះពោធិសត្វ អវលោកកេស្វរៈដែលជាពោធិសត្វជួយព្យាបាលសត្វលោក។ ដើម្បីធ្វើដំណើរចូលក្នុងប្រាសាទគេត្រូវឆ្លងកាត់គោបុរៈមួយតូចសាងអំពីថ្មភក់ ទើបចូលដល់តួប្រាង្គប្រាសាទ ដែលស្ថិននៅលើថ្នាក់តូចៗបី។ ប្រាសាទនេះបែរមុខទៅទិសខាងកើត ដែលមានទ្វារបញ្ឆោតបី និងមានជើងទម្រមួយ ដែលមានក្បាច់រចនា និងសោមសូត្របង្ហូរទឹកមន្តមួយនៅប្រហោងប្រាសាទនៅទិសខាងជើង។ ការរចនាប្រាសាទមានលក្ខណៈមិនសូវផ្ចិតផ្ចង់នោះទេ ប៉ុន្តែមានទ្រង់ទ្រាយដូចប្រាសាទបាយ័នដែរ ព្រោះក្បាច់ចម្លាក់មានសភាពកោង និងឆ្លាក់ជារូបទេវតានៅតាមសសរជ្រុងប្រាសាទ។ នៅសសរមាត់ទ្វារចូល គេឃើញក្បាច់រចនាល្អឆើត។

ការជួសជុល

[កែប្រែ]

ការជួសជុលប្រាសាទព្រហ្មក្រិលចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺជាការសិក្សាស្រាវជ្រាវ គូសប្លង់ និងការធ្វើកំណាយស្រាវជ្រាវ។ ដំណាក់កាលទី២ គឺជាដំណាក់ការជួសជុលប្រាសាទ ដែលបានចាប់ផ្តើមជួសជុលចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជប់ការជួសជុលធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទមានភាពរឹងមាំ ដែលធ្លាប់តែទ្រេតបាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់។ ប្រាសាទនេះត្រូវបានជួសជុល និងអនុវត្តដោយនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅដើមកំណើតអង្គរ រៀបរៀងដោយ ម៉ារ បូ ឆ្នាំ១៩៦៩ ទំព័រទី៦២
  2. អត្តបទអាជ្ញាអរជាតិអប្សរា តាមផេកផ្លូវការ ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣