ប្រាសាទវត្តឯកភ្នំ

ពីវិគីភីឌា
ប្រាសាទវត្តឯកភ្នំ

ឈ្មោះ: ប្រាសាទវត្តឯកភ្នំ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រាហ្មញ្ញណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទវត្តឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ចំងាយ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង និងមានចំងាយ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២ - ១០៥០) នាសម័យមហានគរ ដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉ម នៃប្រាសាទនិងកំពែងធ្វើពីថ្មបាយកៀ្រម ហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។ នៅទីនោះមានដើមពោធិ៍១៨ដើម ដុះព័ទ្ធជុំវិញប្រាសាទ បង្កើតអោយមានជាម្លប់យ៉ាងត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ នៅខាងត្បូងប្រាសាទនៅសល់គូទឹក ដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់។ សងេ្កតឃើញមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនា នៅសេសសល់តាមផែ្នកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿ ក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផង។ ចម្លាក់ទាំងនោះរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទអង្គុយលើដំរីរឿងកូរសមុទ្រទឹកដោះដែលបង្អាញពីតួអង្គជាច្រើនក្រុមមានទេវតា យក្សទាញពស់ នាគដណើ្តមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈ លែងជួបនឹងទុក្ខព្រួយ កើតចាស់ឈឺស្លាប់ ទៀតហើយ។ ចំណេរកាលក្រោយមកព្រះមហាក្សត្រនាម៉ឺនសព្វមុខមន្រ្តី និង ប្រជារាស្រ្តងាកមកគោរពចំពោះព្រះពុទ្ធសាសនាហើយកេរដំណែលក្នុងលទ្ធិទេវរាជ មួយចំនួនត្រូវបោះចោលលែងមានអ្នកចាប់អារម្មណ៍ដែលជាហេតុនាំឲ្យខូចខាតប្រេះស្រាំដោយសារធម្មជាតិ ជនទុច្ចរិត និងសង្រ្គាមជាបន្តបន្ទាប់។ ចំណែកនៅបរិវេណប្រាសាទវត្តឯកភ្នំនោះត្រូវបានអាជ្ញាធរ និងអ្នកស្រុកស្រុះស្រួលគ្នាកសាងសំណង់វត្តអារាម ព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅឈ្មោះថា "វត្តឯក" ហើយអ្នកស្រុកជិតឆ្ងាយក៏បាននាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែ។ ដោយសារតែនៅកែ្បរប្រាសាទនោះមានសំណង់វត្តអារាមបែបនេះហើយ ទើបប្រាសាទនេះហៅថា "ប្រាសាទវត្តឯកភ្នំ" ។វត្តនេះស្ថិតនៅប្រហែលប្រាំបីគីឡូម៉ែត្រទៅភាគខាងជើងនៃក្រុងបាត់ដំបង។ បើជិះពីក្រុងតាមមាត់ស្ទឹងសង្កែងាយជាងផ្លូវលំមួយទៀតដែលមានសភាពមិនល្អ។​ បើជិះតាមផ្លូវលំអាចមកដល់បឹងមួយធំចម្ងាយប្រហែល២០០មពីប្រាសាទ។ បឹងនោះមានបណ្តោយប្រវែង៤០០ម(កើតលិច)និងទទឹង២០០ម(ជើងត្បូង)។ស្ថានភាពនៃប្រាសាទនេះទ្រុឌទ្រោមខ្លាំងណាស់​។​ សព្វថ្ងៃមានការថែរក្សាទល់ទ្រច្រើននៅផ្នែកដែលស្ទើរតែរលំ។


សិលាចារឹក[កែប្រែ]

តាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា នរេន្ទ្រគ្រាម ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ភូមិមនុស្សរបស់អ្នកធំលើសគេនៅលើផែនដីគឺព្រះរាជា បានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) តាមសិលាចារឹកលេខ K-២១១[១]។ តាមសិលាចារឹក K.211 ជាភាសាសំស្ក្រឹត និងភាសាខ្មែរ សរសេរថាប្រាសាទនេះសាងនៅឆ្នាំ១០៣៧ ក្នុងរាជ្យព្រះបាទសូរ្យរម្ម័នទី១ ដោយស្ថាបនាលឹង្គមួយឈ្មោះសូរ្យវរ្មេស្វរ (Sūryavarmesvara) នៅនរេន្ទគ្រាម (Narendragrāma)។រីឯនៅក្នុងសៀវភៅរបស់លោក E. Aymonier, Le Cambodge, II, p. 301 គាត់ប្រែសិលាចារឹកថាប្រាសាទនេះសាងនៅឆ្នាំ១០២៧ ខុសគ្នា១០ឆ្នាំទៅនឹងការប្រែរបស់លោក Cœdès (ដូច្នេះគ្រាន់តែចង់បញ្ជាក់ថាសូមឲ្យមានការផ្ទៀងផ្ទាត់)។។

ឯកសារយោង[កែប្រែ]

  1. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១០