ខេត្តបាត់ដំបង
ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ខេត្តបាត់ដំបងមានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់ខេត្តពោធិ៍សាត់ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី ប្រទេសសៀម។
ខេត្តបាត់ដំបង Battambong | |
---|---|
ខេត្ត | |
Battambang Province ខេត្តបាត់ដំបង | |
ផែនទីខេត្តបាត់ដំបង | |
ប្រទេស | Cambodia |
ទីរួមខេត្ត | ក្រុងបាត់ដំបង |
រដ្ឋបាល | ក្រុង ០១ និង ១៣ ស្រុក |
ផ្ទៃក្រឡា | |
• សរុប | ១១៧០២ គម2 (៤៥១៨ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ០៥ |
ប្រជាជន (ជំរឿនឆ្នាំ២០២៣)[១] | |
• សរុប | ១ ០៩៥ ៨៦២ នាក់ |
• ចំណាត់ថ្នាក់ | ០៥ |
• សន្ទភាព | ៩៣/km2 (២៤០/sq mi) |
• ចំណាត់ថ្នាក់សន្ទភាព | ១៦ |
ល្វែងម៉ោង | ICT (ម.ស.ស.+០៧:០០) |
ក្រមអ.ម.អ. ៣១៦៦ | KH-2 |
គេហទំព័រ | battambang.gov.kh |
អំពីឈ្មោះខេត្តបាត់ដំបង
[កែប្រែ]បើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាននិងបានរកឃើញរហូតមកដល់សព្វថ្ងៃនៅមុនសម័យនិងសម័យអង្គរគេពុំបានឃើញចែងឲ្យយើងដឹងទេថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានឈ្មោះបាត់ដំបងនោះទេ។ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងនេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ។ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារមហាជនខ្មែរមានប្រើឈ្មោះស្រុកបាត់ដំបង។ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបងប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយគឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូង'ដែលខ្មែរយើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុដែលនាំឲ្យយើងហៅឈ្មោះថាបាត់ដំបងឬអូរដំបង។ឯឈ្មោះថាព្រះដំបងស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជាព្រះដំបង។
ប្រវត្តិសាស្ត្រ
[កែប្រែ]កាលពីមុនសម័យអង្គរនិងសម័យអង្គរភាគខាងលិចនិងភាគពាយ័ព្យនៃបឹងទន្លេសាបគឺជាដែនដីអមោឃបុរៈនិងជាដែនដីភិមៈបុរៈ។នៅក្នុងសម័យអង្គរដែនដីឬភូមិភាគអមោឃបុរីមានការរីកចម្រើនខ្លាំងដោយសារដីមានជីវជាតិល្អអាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបានប្រកបដោយទិន្នផលល្អប្រសើរ។ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះច្រើនដែលជាភស្តុតាង បង្ហាញគឺមានប្រាសាទបុរាណជាច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់នេះ។ប៉ុន្តែប្រាសាទបុរាណទាំងនោះត្រូវបានរលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់លើកលែងតែតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្នឹងលិច-កើត ប្រាសាទបន្ទាយទ័យ ប្រាសាទដូនទ្រី។ល។ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើងសម្រាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងព្រះពោធិសត្វផ្សេងៗខាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។នៅសតវត្សរ៍ក្រោយមកទៀតដែនដីខេត្តបាត់ដំបងត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចម្បាំងរាំងជល់ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្សរ៍ ១៥-១៦-១៧-១៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស់និរាសគ្រួសារទ្រព្យសម្បត្តិផ្ទះសម្បែងគួរអោយខ្លោចផ្សាក្រៃលែង។
នៅចុងសតវត្សរ៍ទី ១៨ ដល់ដើមសតវត្សរ៍ទី ២០ ខេត្តបាត់ដំបងក៏ធ្លាក់នៅក្រោមអំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា " ត្រកូលអភ័យវង្ស "អស់ ០៦ តំណរហូតដល់ឆ្នាំ ១៩០៧ ។
តាមសន្ធិសញ្ញាបារាំង-សៀមចុះនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកឲ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាងមួយសតវត្សរ៍នោះគឺបាត់ដំបង សៀមរាប-អង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរនិងខេត្តត្រាចនិងតំបន់ដាច់សេឬប៉ាក់សេ (ដែនដីលាវ) ប៉ែកខាងលើនៃទន្លេមេគង្គ។ប៉ុន្មានខែក្រោយមកព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះរាជប្រកាសលេខ ៦៦ ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ១៩០៧ កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា ០៣ ខេត្តគឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តសិរីសោភ័ណ។
នៅឆ្នាំ ១៩២៥ ទឹកដីខេត្តបាត់ដំបងត្រូវបានបែងចែកសាជាថ្មីឲ្យទៅជា ខេត្តបាត់ដំបង និង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក ០២ គឺស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។នៅឆ្នាំ ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន ០៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកមង្គលបូរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និង ស្រុកបិត្បូង។
នៅខែឧសភា ឆ្នាំ ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះឲ្យស្រុកសិរីសោភ័ណ។នៅខែកក្កដា ឆ្នាំ ១៩៥៧ ស្រុកទឹកជោរ ត្រូវបានបែងចែកទៅជា ០២ ស្រុកគឺ ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក។ស្រុកសិរីសោភ័ណត្រូវបានបែងចែកទៅជា ០២ ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មារ។នៅខែមីនា ឆ្នាំ ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅឆ្នាំ ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថាស្រុកអូរជ្រៅ។នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឫស្សី(ស្រុកមោងឬស្សី)មួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ក្រឡ(ស្រុកគាស់ក្រឡ)។នៅខែមីនា ឆ្នាំ ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំងនៅថ្មពួក។ជាមួយគ្នានោះស្រុកបន្ទាយឆ្មារត្រូវបានដកចេញពីខេត្តបាត់ដំបងឲ្យចំណុះខេត្តឧត្តរមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន ០២ បានបង្កើតឡើងគឺ ស្រុកបាណន់ និង ស្រុកគាស់ក្រឡ។សរុបមកដល់ត្រឹមនេះខេត្តបាត់ដំបងមានស្រុកចំនួន ០៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ក្រឡ និងតំបន់រដ្ឋបាលចំនួន ០២ គឺ តំបន់រដ្ឋបាលបាក់ព្រា និង តំបន់រដ្ឋបាលល្វា។ក្នុងរបបវាលពិឃាត ០៣ ឆ្នាំ ០៨ ខែ ២០ ថ្ងៃនៅខេត្តបាត់ដំបងក៏ដូចជាខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ។ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅជាតំបន់ទទួលទារុណកម្មកាប់សម្លាប់និងបង្អត់អាហារពេលនោះខេត្តពុំមានព្រំប្រទល់ច្បាស់លាស់ទេដោយសារអង្គការដឹកនាំពេលនោះបានដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិ ភាគពាយ័ព្យហើយមានតំបន់ ០១ តំបន់ ០៣ តំបន់ ០៤ និង តំបន់ ០៥ ។ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង ស្រុកមង្គលបូរី ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុក៤១-ស្រុក៤២។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧៩។ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍ (ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់)។គណៈកម្មាធិការប្រជាជនឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅក្នុងឆ្នាំ ១៩៨៣។ពីឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន ០៩ ទីរួមខេត្តចំនួន ០១ ។
នៅឆ្នាំ ១៩៨៦ ស្រុកថ្មី ០៣ ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់ ស្រុកបវេល និង ស្រុកឯកភ្នំ។ត្រឹមតំណាក់កាលនេះខេត្តបាត់ដំបងមាន ១២ ស្រុកនិងទីរួមខេត្ត ០១ គឺ ស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកបាត់ដំបង ស្រុករតនៈមណ្ឌល ស្រុកមង្គលបូរី ស្រុកសិរិសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកភ្នំស្រុក និង ស្រុកបវេល។
នៅឆ្នាំ ១៩៨៨ ស្រុកចំនួន ០៥ គឺស្រុកមង្គលបូរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក ត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយទៀតគឺខេត្តបន្ទាយមានជ័យ។ ចាប់ពីពេលនោះរហូតដល់ឆ្នាំ ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន ០៧ ទីរួមខេត្ត ០១ និងឃុំចំនួន ៥៣ និងសង្កាត់ចំនួន ១០ ។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរឈ្មោះមកជាស្រុកស្វាយប៉ោវិញ។ចំណែកសង្កាត់ទាំង ១០ ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបងមានស្រុកចំនួន ០៨ និងឃុំចំនួន ៤៧ ។
នៅឆ្នាំ ១៩៩៨ ក្រោយសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើតក្រុងប៉ៃលិនហើយស្រុកចំនួន ០៤ ត្រូវបានបង្កើតថែមមាន ស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។នៅឆ្នាំ ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ក្រឡដែលមាន ០៦ ឃុំ។ចំណែកឯស្រុកស្វាយប៉ោត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ។រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជាស្រុកថ្មគោលវិញ។
ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នខេត្តបាត់ដំបងមានស្រុកចំនួន ១៣ ឃុំចំនួន ៩៦ និងភូមិចំនួន ៧៤១។ [២]
លក្ខណៈភូមិសាស្ត្រ
[កែប្រែ]ខេត្តបាត់ដំបងគឺជាខេត្តដែលមានស្ថេរភាពសន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត ០៣ ទសវត្សរ៍។ប៉ុន្តែទោះបីជាយ៉ាងណាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅតែជួបការលំបាកនៅឡើយដោយហេតុថា ការរកចំណូលតាមគ្រួសារនីមួយៗនៅមានកម្រិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាង។ប៉ុន្តែក្នុងឆ្នាំ ២០០៧ យើងឃើញថាខេត្តនេះមានសន្ទុះអភិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំងព្រោះថាជីវភាពប្រជាជនធូរធារគ្រាន់បើបើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ហេតុដូច្នេះហើយបានជាកន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ចសង្គម ថ្នាក់ជាតិសម្រាប់ឆ្នាំ ២០០១ ២០០៥។ម៉្យាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រល្អក្នុងកិច្ចការអភិវឌ្ឍន៍។ខេត្តនេះមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ ០៥ ដែលមានចម្ងាយ ២៩១ គម ពីរាជធានីភ្នំពេញ។មានភូមិសាស្ត្រខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យខាងកើតជាប់នឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់និងខាងលិចជាប់នឹងខេត្តច័ន្ទបុរី ប្រទេសសៀម។ ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរមានរដូវ ០២ សំខាន់ៗគឺរដូវវស្សានិងរដូវប្រាំង។រដូវវស្សាចាប់ផ្តើមពីខែមិថុនាដល់ខែវិច្ឆិកាចំណែកឯរដូវប្រាំងចាប់ផ្តើមពីខែធ្នូដល់ខែឧសភា។អាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២ អង្សាសេ ហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗ។
រដ្ឋបាល
[កែប្រែ]ខេត្តបាត់ដំបងចែកចេញជា ១៣ ស្រុក ក្រុង ០១ ក្នុងនោះមាន ៩៦ ឃុំ និង ៧៤១ ភូមិ។ [៣][៤]
លេខកូដ | ស្រុក | ជាអក្សរឡាតាំង | ចំនួនឃុំ |
---|---|---|---|
០២០១ | ស្រុកបាណន់ | Banan | ០៨ |
០២០២ | ស្រុកថ្មគោល | Thma Koul | ១០ |
០២០៣ | ក្រុងបាត់ដំបង | Bat Dambang | ១០(សង្កាត់) |
០២០៤ | ស្រុកបវេល | Bavel | ០៦ |
០២០៥ | ស្រុកឯកភ្នំ | Aek Phnum | ០៧ |
០២០៦ | ស្រុកមោងឫស្សី | Moung Ruessei | ១១ |
០២០៧ | ស្រុករតនៈមណ្ឌល | Rotanak Mondol | ០៤ |
០២០៨ | ស្រុកសង្កែ | Sangkae | ១០ |
០២០៩ | ស្រុកសំឡូត | Samlout | ០៧ |
០២១០ | ស្រុកសំពៅលូន | Sampov Lun | ០៦ |
០២១១ | ស្រុកភ្នំព្រឹក | Phnum Proek | ០៥ |
០២១២ | ស្រុកកំរៀង | Kamrieng | ០៦ |
០២១៣ | ស្រុកគាស់ក្រឡ | Koas Krala | ០៦ |
០២១៤ | ស្រុករុក្ខគិរី | Rukhakiri | ០៥ |
តំបន់ទេសចរណ៍
[កែប្រែ]ខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំមានភោគសម្បត្តិធម្មជាតិនិងសំណល់វប្បធម៌បុរាណជាច្រើន។ប្រាសាទបុរាណជាច្រើនស្ថិតនៅរាយប៉ាយលើភ្នំលើទួលនិងតំបន់លិចទឹកទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនាខេត្តនេះ។
ប្រាសាទបាណន់ជារចនាបថកណ្តាលសតវត្សរ៍ទី ១១ និង ចុងសតវត្សរ៍ទី ១២។ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់ ១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៩)។ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង ១០០ម ដោយមានកាំជណ្តើរចំនួន ៣៥២ កាំស្ថិតនៅក្នុង ឃុំកន្ទឺ២ ស្រុកបាណន់ មានចម្ងាយ ២៥ គម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។នៅជើងភ្នំបាណន់មានគូទឹកនិងល្អាងសំខាន់ពីរគឺល្អាងព្រះទឹកនិងល្អាងបិទមាស។រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផងនិងជារមណីយដ្ឋានធម្មជាតិផងពីព្រោះវាកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាលព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ភូមិសាស្ត្រ និងបរិស្ថានជុំវិញបានផ្តល់អំណោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសម្បូរទៅដោយភោគផលដំនាំកសិកម្មដូដូចជាស្រូវជាពិសេសចម្ការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាមានរសជាតិឆ្ងាញ់។ដំណាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ០២ ដងហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញផងដែរ។
ប្រាសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងសតវត្សរ៍ទី ១១ កសាងឡើងនៅក្នុងឆ្នាំ ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០)។ប្រាសាទឯកភ្នំ មានទីតាំងស្ថិតនៅក្នុង ឃុំពាមឯក ស្រុកឯកភ្នំ មានចម្ងាយ ១៥ គម ពីទីរួមខេត្ត។នៅជុំវិញប្រាសាទមានគូទឹកមួយសព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយសារធម្មជាតិនិងការជីកកកាយពីមនុស្សប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះគួរឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាផងដែរ។
ប្រាសាទបាសែត
[កែប្រែ]ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ១២ម លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
ប្រាសាទស្នឹង
[កែប្រែ]ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុងសតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង មួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ៥៧ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន។
ភ្នំសំពៅ
[កែប្រែ]ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿងព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
អាងកំពីងពួយ
[កែប្រែ]អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុងទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱ្យវិស័យទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទត្រី។
សេកសក
[កែប្រែ]សេកសកគឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួមខេត្ត ក្នុងភូមិសាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
ស្ទឹងចំលងគួយ
[កែប្រែ]រមនីយដ្ឋានស្ទឹងចំលងគួយ គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែ មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅមាត់ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរតំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
បន្ទាយសត្វ
[កែប្រែ]បន្ទាយសត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិកោះជីរាំង និងភូមិព្រែកទាល់ ឃុំកោះជីរាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចំងាយ ១០៥ គ.ម ពីទីរួមខេត្តបាត់ដំបង។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាប គឺគេអាចទៅទស្សនាបានដោយធ្វើដំនើរតាមផ្លូវទឹកមានកាណូតទូកជាដើម នៅរដូវវស្សាតាមដងស្ទឹងសង្កែ។
រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង
[កែប្រែ]រមណីយដ្ឋានសេកសក
[កែប្រែ]សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
រមណីយដ្ឋានពពុះពេជ្រចិន្តា
[កែប្រែ]ពេជ្រចិន្តា គឺជាឈ្មោះរម្មណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ៃលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
រមណីយដ្ឋានស្ទឹងចំលងគួយ
[កែប្រែ]រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែមានទេសភាពគួរជាទី ត្រេកត្រអាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗបញ្ជេញសំលេងខ្ទ័រខ្ទារ នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។ ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រ កបរបរធ្វើស្រែ ។
រមណីយដ្ឋានបន្ទាយសត្វ
[កែប្រែ]បន្ទាយ សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិ កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា បាន ដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។[៥]
ឯកសារពិគ្រោះ
[កែប្រែ]- ↑ "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Retrieved 3 February 2021.
- ↑ ប្រវត្តិសាស្ត្រខេត្តបាត់ដំបងពីអតីតកាលរហូតបច្ចុប្បន្ន[តំណភ្ជាប់ខូច]
- ↑ "វិទ្យាស្ថានជាតិស្ថិតិកម្ពុជា អំពីស្រុកក្នុងខេត្តបាត់ដំបង". Archived from the original on 2008-07-14. Retrieved 2008-02-29.
- ↑ "www.cambodia.gov.kh". Archived from the original on 2009-02-26. Retrieved 2008-07-25.
- ↑ រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង[តំណភ្ជាប់ខូច]
តំណភ្ជាប់ក្រៅ
[កែប្រែ]- គេហទំព័ររដ្ឋាភិបាលខ្មែរ http://www.cambodia.gov.kh/unisql1/egov/english/province/battambang.html Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន. (ភាសាអង់គ្លេស)
- http://www.cambodia.gov.kh/unisql1/egov/khmer/province/battambang.html Archived 2009-02-26 at the វេយប៊ែខ ម៉ាស៊ីន. (ភាសាខ្មែរ)
- វិផតថលរបស់ស្រុកបាត់ដំបង http://www.battambang-town.gov.kh/ Archived 2007-10-18 at the វេយប៊ែខ ម៉ាស៊ីន.
- ប្លក់បាត់ដំបង http://battambanglife.wordpress.com/ (ភាសាខ្មែរ)
ខេត្តសាកែវ, ប្រទេសថៃ | ខេត្តបន្ទាយមានជ័យ | ខេត្តសៀមរាប | ||
ខេត្តប៉ៃលិន ខេត្តច័ន្ទបុរី, ប្រទេសថៃ |
ខេត្តសៀមរាប | |||
បាត់ដំបង | ||||
ខេត្តត្រាត, ប្រទេសថៃ | ខេត្តពោធិ៍សាត់ | ខេត្តពោធិ៍សាត់ |
|
- Pages with non-numeric formatnum arguments
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទ with short description
- Short description is different from Wikidata
- Articles containing explicitly cited Khmer-language text
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ខេត្តបាត់ដំបង
- ខេត្តក្រុងខ្មែរ