ផ្លូវទឹកកម្ពុជា
លក្ខណៈអាកាសធាតុ និងសណ្ឋានដីនៃប្រទេសកម្ពុជា នាំឲ្យប្រទេសកម្ពុជាសម្បូរផ្លូវទឹក ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ផ្លូវទឹកប្រទេសកម្ពុជាចែកចេញជាបីក្រុម៖
ប្រព័ន្ធទន្លេមេគង្គ
[កែប្រែ]ប្រព័ន្ធទន្លេមេគង្គជាផ្លូវនាវាចរណ៍ដ៏សំខាន់។ ទឹកហូរពីតំបន់ខ្ពង់រាបទីបេប្រទេសចិនតែងនាំមកនូវដីល្បាប់ដ៏មានជីជាតិ សម្រាប់ដាំដំណាំនានា ហើយពេលទឹកស្រកវាជាកន្លែងនេសាទដ៏សកម្ម។ ប្រព័ន្ធនេះជាប្រភពផ្ដល់ទឹកសម្រាប់បញ្ចូលស្រែចំការ និងអាចទាញយកថាមពលវារីអគ្គិសនីបានថែមទៀត ដូចជានៅល្បាក់ខោន និងស្ទឹងព្រែកត្នោតជាដើម។
ប្រព័ន្ធទន្លេមេគង្គ មានតួទន្លេមេគង្គ ទន្លេបាសាក់ ទន្លេតូច និងដៃរបស់វា។
ទន្លេមេគង្គ
[កែប្រែ]ទន្លេមេគង្គ មានប្រភពនៅខ្ពង់រាបទីបេ ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង (ប្រវែងសរុប៤២០០គីឡូម៉ែត)។ នៅលើទឹកដីកម្ពុជា ទន្លេនេះមានប្រវែង៥០០គីឡូម៉ែត ដោយហូរកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និងព្រៃវែង។
ទន្លេនេះមានរបបទឹកទៀងទាត់ណាស់ គឺរដូវទឹកតម្លើងផ្ដើមពីខែមិថុនា ដល់តុលា ហើយរដូវទឹកសម្រកផ្ដើមពីខែវិច្ឆិកា ដល់ឧសភា។
ទន្លេតូច
[កែប្រែ]បែកចេញពីទន្លេមេគង្គលើ ត្រង់ពាមប្រធ្នស់(កំពង់ចាម) រួចមកភ្ជាប់ ទន្លេមេគង្គក្រោម វិញត្រង់ពាមរក៍(ព្រៃវែង)។ ទន្លេនេះមានបណ្ដោយ១០០គីឡូម៉ែត។
ទន្លេបាសាក់
[កែប្រែ]ទន្លេបាសាក់ហូរកាត់ទីក្រុងតាខ្មៅ មានបណ្ដោយ១០០គីឡូម៉ែត គិតពីភ្នំពេញ ដល់ព្រំដែនវៀតណាម។ ដៃសំខាន់ៗរបស់វា ស្ទឹងព្រែកត្នោត និងស្ទឹងតាកែវ។
ប្រព័ន្ធទន្លេសាប
[កែប្រែ]ប្រព័ន្ធទន្លេសាបមាន ទន្លេសាប បឹងទន្លេសាប និងដៃរបស់វា។
ទន្លេសាបមានប្រវែងប្រហែល១០០គីឡូម៉ែត គិតពីភ្នំពេញដល់ទីរួមខេត្តកំពង់ឆ្នាំង។ វាប្រៀបបានជាព្រែកមួយដ៏ធំសម្រាប់នាំទឹកទន្លេមេគង្គទៅចាក់ក្នុងបឹងទន្លេសាប(រដូវវស្សា) និងហូរនាំទឹកត្រឡប់មកកាន់ទន្លេមេគង្គវិញ(រដូវប្រាំង)។
នៅរដូវប្រាំងបឹងទន្លេសាបមានរាងដូចជាវីយ៉ូឡុង និងមានបណ្ដោយប្រហែល១៥០គីឡូម៉ែត ទទឹងមធ្យម៣២គីឡូម៉ែត និងផ្ទៃ៣០០០គីឡូម៉ែតការេ ហើយនៅរដូវវស្សា វាមានទិដ្ឋភាពដូចជាកូនសមុទ្រមួយដែលមានផ្ទៃប្រមាណ១០០០០គីឡូម៉ែតការេ។
ប្រព័ន្ធនេះបង្កើតបានជាផ្លូវនាវាចរណ៍ដ៏សំខាន់។ បឹងទន្លេសាប ជាអាងស្រូបយកទឹកទន្លេមេគង្គ មិនឲ្យទំនាបកណ្ដាលទទួលការលិចលង់ខ្លាំង និងជាជង្រុកត្រីដ៏ធំបំផុតរបស់ប្រទេសយើង។
ក្រុមផ្លូវទឹកតាមមាត់សមុទ្រ
[កែប្រែ]ក្រុមផ្លូវទឹកតាមមាត់សមុទ្រមានលក្ខណៈជារបបទឹកជ្រោះ ព្រោះវាមានប្រភពនៅតាមភ្នំខ្ពស់ៗ នៃជួរភ្នំក្រវាញ ហើយបណ្ដោយខ្លីថែមទៀត។
ផ្លូវទឹកទាំងអស់នេះពុំសូវមានសារៈសំខាន់ប៉ុន្មានទេ ចំពោះវិស័យនាវាចរណ៍។ ប៉ុន្ដែវាជាប្រភពផ្ដល់ទឹកសាបដល់អ្នករស់នៅតំបន់ឆ្នេរ ផ្ដល់ទឹកសម្រាប់ស្រោចដំណាំ និងជាកន្លែងសម្រាប់ងូតទឹកកំសាន្ដ(ទឹកឈូ)។ គេអាចទាញយកថាមពលវារីអគ្គិសនីពីផ្លូវទឹកទាំងនោះ៕
ស្ថានីយជលសាស្ត្រ
[កែប្រែ]- ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង
- ស្ថានីយជលសាស្ត្រខេត្តក្រចេះ
- ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម
- ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ
- ស្ថានីយជលសាស្ត្រអ្នកលឿង
- ស្ថានីយកោះខែលទឹក
- ស្ថានីយជលសាស្ត្រព្រែកក្តាម
- ស្ថានីយជលសាស្ត្រកំពង់ហ្លួង
ឯកសារពិគ្រោះ
[កែប្រែ]- សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩