ពញារាជ រជ្ជកាលបទុមសុរិយវង្ស ទ្រង់ក្រោយពីព្រះបាទកំជិលផេះឡើងសោយរាជ្យមក ទ្រង់ក៏បានទទួលទៅគ្រប់គ្រងខេត្តកោះឫស្សីកែវ ហើយទទួលគោរម្យនាមគ្រងខេត្តនោះថា ចៅពញារាជមេត្រី។ អនុលោមតាម ឯកសារពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ថា ព្រះបទុមសុរិយវង្សជាកូនរបស់ព្រះបាទអាទិត្តវង្ស។ ព្រះបទុមសុរិយវង្សជាមួយស្នំឯកអ្នកព្រះម៉ែនាងបទុមកេសរ បានព្រះរាជបុត្រស្ដេចកំជិលក្នុងឆ្នាំវក។ ហើយក្នុងឆ្នាំច ព្រះនាងប្រសូតបានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេចកំជិលផេះនេះខ្ជិលណាស់ គឺខ្ជិលតាំងតែពីដើរ ពីដេក ពីរៀនសូត្រ៘ និង ៘ ធំឡើងកាលណា ថ្ងៃមួយ ពួកមីនុំមីនាងបរិវារបាននាំទៅលេងក្រសាលក្នុងព្រៃ។ អស់កំលាំង ព្រះអង្គបានឈប់សំរាកផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង។ ហេតុតែព្រះអង្គមានបុណ្យ ត្រូវឡើងគ្រងរាជ្យប្រទេសកម្ពុជា ទេពតាក៏ជប់ដំណែងឲ្យចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ។ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចាប់សត្វនោះជាប់ ហើយហុចឲ្យក្រុមស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណា ក្នុងពេលជាមួយគ្នានោះដែរ ទេវតាធ្វើឲ្យស្រក់ទឹកអម្រឹតមកលើព្រះអង្គ។ ភ្លាមមួយរំពេចនោះដែរ ពញាកំជិលផេះក៏ចេះចាំស្ទាត់ គ្មានភ្លេចភ្លាត់អ្វីទាំងអស់ នូវគ្រប់ចំណេះវិជ្ជា ដោយមិនបាច់ខំប្រឹងប្រែងរៀនសូត្រ។ រីឯ ពញារាជ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងឲ្យទៅគ្រប់គ្រងទឹកដីនៅកោះឫស្សីកែវ។ ព្រះអង្គមានព្រះគោរមនាម ចៅពញារាជមេត្រី ដោយទទួលភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះ ត្រូវថែរក្សាទំនុកបម្រុងផ្គត់ផ្គង់វត្ដអារាមទាំងប្រាំ និងព្រះចេតិយដែលតម្កល់ទុកព្រះឧណ្ណាលោម។